ទីក្រុងភ្នំពេញទទួលគម្រោងវិនិយោគចំនួន ២៥តម្លៃជាង ២៧០លានដុល្លារ ក្នុងរយៈពេលជាង ៥ខែ

ដោយ៖​វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងរយៈពេលជាង៥ខែកន្លងមក ភ្នំពេញទទួលបានគម្រោងវិនិយោគចំនួន២៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគសរុបចំនួន២៧១លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយចាប់តាំងពីខែមករា ដល់ពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២២។

របាយការណ៍បង្ហាញថា គម្រោងវិនិយោគមានទឹកប្រាក់ច្រើនជាងគេ ក្នុងរាជធានីភ្នំពេញ ក្នុងរយៈពេលជាង៥ខែក្នុងឆ្នាំ២០២២នេះ គឺទឹកប្រាក់១២៩លានដុល្លារអាមេរិកជាគម្រោងសាងសង់សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង និងបង្កើតការងារបានចំនួន៧៣៧កន្លែង​។

ក្រៅពីនេះ ក៏មានគម្រោង ដែលមានទឹកប្រាក់១៥លានដុល្លារអាមេរិក ដែលចាត់ទុកជាគម្រោងធំទី២នៅភ្នំពេញ គឺជាគម្រោងវិនិយោគលើអគារមន្ទីរពេទ្យពហុព្យាបាល Phnom Penh General Hospital នៅសង្កាត់វាលវង់ ខណ្ឌ៧មករា និងអាចបង្កើតការងារបានចំនួន ៤៥៨នាក់។

ក្រៅពីគម្រោងទាំងនេះ គម្រោងវិនិយោគផ្សេងទៀតភាគច្រើន មានទឹកប្រាក់ក្រោម១០លានដុល្លារអាមេរិក និងភាគច្រើនជាគម្រោងវិនិយោគលើរោងចក្រឧស្សាហកម្ម នៅតំបន់ជាយក្រុង ដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតនូវសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាបានលើកឡើងថា ក្រោយវិបត្តិកូវីដ១៩ ប្រទេសកម្ពុជាចាប់ផ្ដើមទទួលបានសកម្មភាពវិនិយោគថ្មីៗឡើងវិញហើយ ជាពិសេសនោះ ក្នុងវិស័យឧស្សាហកម្មរោងចក្រ សម្រាប់ផលិតនូវទំនិញ សម្រាប់បម្រើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើង ថា ផែនការពង្រីកទីក្រុងភ្នំពេញ បាននិងកំពុងជះឥទ្ធិពលដល់វិស័យដីធ្លី និងការវិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ។ មានក្រុមហ៊ុននិងអ្នកអភិវឌ្ឍន៍ជាច្រើនបានទៅកាន់តំបន់ទាំងនោះ ដើម្បីស្វែងរកការវិនិយោគទៅតាមជំនាញរបស់ខ្លួន។ ក្នុងនោះ មានខ្លះក៏អភិវឌ្ឍន៍ទៅជាលំនៅឋាន ខ្លះសង់ឃ្លាំង សង់រោងចក្រដើម្បីទុកជួលពេលមានតម្រូវការលើវិស័យឧស្សាហកម្ម និងវិស័យមួយចំនួនទៀត។

លោកបន្តថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាចាប់ផ្ដើមទទួលបានការវិនិយោគពីបរទេសវិញបណ្ដើរៗតែក្នុងបរិមាណតិចតួចនៅឡើយ ដោយរំពឹងថានៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២៣ខាង វិនិយោគិនបរទេសនឹងត្រលប់មកកាន់កម្ពុជា ដើម្បីស្វែងរកការវិនិយោគឡើងវិញ ស្របពេលនឹងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៍វិនិយោគិនទាំងនោះ៕

ប្រទេសកម្ពុជា ខ្លាថ្មីនៅអាស៊ី ប្រកាសឡើងវិញនូវច្បាប់អន្តោប្រវេសន៍ដែលមានភាពពេញលេញ 

នៅទសវត្សរ៍៩០ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាបានបង្កើតច្បាប់អន្តោប្រវេសន៍ ដើម្បីទាក់ទាញនូវការវិនិយោគក្រៅប្រទេសចូលមកប្រទេសកម្ពុជា។ នាពេលនោះផែនការដែលបង្កើតឡើងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្លាយជាកម្លាំងស្រូបទាញនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងស្រុក និងបានបង្កើននូវកម្រិត GDP នៃប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ 1994-2018 លទ្ធផលគួរឲ្យភ្ញាក់ផ្អើល។ ដោយសារតែប្រព័ន្ធគ្រប់គ្រងនាពេលនោះមិនទាន់មានភាពប្រសើរ ក្រុមហ៊ុនមិនត្រឹមត្រូវជាច្រើនបានឆ្លៀតឳកាសឆបោកចំពោះការរត់ការអន្តោប្រវេសន៍ បណ្ដាលឲ្យមានករណីឆបោកអន្តោប្រវេសន៍ជាច្រើននាពេលនោះ។

ដើម្បីកែតម្រូវ និងជម្រុញនូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងប្រទេស និងក្រៅប្រទេស នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកច្បាប់អន្តោប្រវេសន៍ លែងផ្ដល់លិខិតឆ្លងដែនចំពោះជនបរទេស ដោយមិនស្ទាក់ស្ទើរក្នុងការបោះបង់មូលនិធិបរទេសមួយចំនួន ដើម្បីការពារអ្នកដែលមានបំណងមកអភិវឌ្ឍនៅកម្ពុជាពិតប្រាកដ។
ដូចការបង្ហាញនៅក្នុងតារាងខាងក្រោម ក្នុងឆ្នាំ២០១៩ ការវិនិយោគផ្ទាល់ពីបរទេសមានចំនួន 349លានដុល្លារ។ នៅក្នុងឆ្នាំ២០២០ ការវិនិយោគផ្ទាល់ពីបរទេសមានការកើនឡើងរហូតដល់ 759លានដុល្លារ។ នៅក្នុងអំឡុងពេលដែលបណ្ដាប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ពីការរីករាលត្បាតនៃជម្ងឺកូវីត-១៩ ប៉ុន្តែប្រទេសកម្ពុជាមិនត្រឹមតែមិនទទួលនូវផលប៉ះពាល់ប៉ុណ្ណោះទេ ប៉ុន្តែបានទាក់ទាញនូវការវិនិយោគពីបរទេសកាន់តែច្រើន។ ជាពិសេសនៅក្នុងអំឡុងពេល២ឆ្នាំនេះ ធនាគារបរទេស និងក្រុមហ៊ុនផលិតផលម៉ាកល្បីៗជាច្រើនក៏បានពង្រីកខ្លួនមកកាន់ប្រទេសកម្ពុជាដែលជាទឹកដីសុវណ្ណភូមិនេះផងដែរ។ ដូច្នេះហើយ លំហូរចូលនៃកំណើនប្រជាជននៅក្នុងទីក្រុងភ្នំពេញមានការកើន ឡើង ដែលជម្រុញឲ្យវិស័យអចលនទ្រព្យ និងវិស័យហិរញ្ញវត្ថុមានការរីកចម្រើនខ្លាំង។

បន្ទាប់ពីឆ្លងកាត់ការពិភាក្សា និងត្រួតពិនិត្យយ៉ាងលម្អិត រាជរដ្ឋាភិបាលប្រទេសកម្ពុជាបានយល់ថានេះជាពេលវេលាដ៏សាកសមបំផុត ក្នុងការអនុវត្តន៍ជំហានដំបូងនៃច្បាប់អន្តោប្រវេសន៍ថ្មី។ ក្រសួងមហាផ្ទៃបានសម្រេចប្រកាសនូវគម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលជាគម្រោងវិនិយោគអន្តោប្រវេសន៍ ដើម្បីបើកចំហរសារជាថ្មីសម្រាប់ការអន្តោប្រវេសន៍មកកាន់ប្រទេសកម្ពុជា។ គម្រោងទាំងមូលបានផ្ដោតសំខាន់ទៅលើវិស័យជាច្រើន រួមទាំងការលុបបំបាត់ក្រុមហ៊ុនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាត ការចាប់ផ្ដើមសេដ្ឋកិច្ចឡើងវិញ និងការជម្រុញការវិនិយោគបរទេសមកកាន់ប្រទេសកម្ពុជា។
គម្រោង “កម្ពុជាផ្ទះទី២របស់ខ្ញុំ” បានទាក់ទាញភ្ញៀវវិនិយោគបរទេសជាច្រើនចូលមកប្រទេសកម្ពុជាដែលផ្ដល់នូវឳកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា និងជួយគាំទ្រការអភិវឌ្ឍន៍នៅក្នុងប្រទេសស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានពិធីប្រគល់លិខិតគាំទ្រ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងពិធីសំណេះសំណាលនោះផងដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ ៖
១. គាំទ្រដល់កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានទិសដៅស្របនឹងផែនការរបស់ក្រសួងមហាផ្ទៃ។
២. លើកទឹកចិត្តអោយអនុវត្ត កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” អោយបានឆាប់រហ័ស។
៣. តាងនាមអោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជូនពរអោយសមាគមមូលនិធិគ្រួសារខ្មែរ និង កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ទទួលបានជោគជ័យ។

លោកអ្នកដែលបានចុះឈ្មោះជាមួយនឹងគម្រោង ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” នឹងទទួលបានសេវាកម្មពិសេសៗជាច្រើនសម្រាប់ការរស់នៅ និងអាជីវកម្មរបស់លោកអ្នក រួមមានទិដ្ឋាការពិសេសរយៈពេល១០ឆ្នាំ លើសពីនេះយើងនឹងជួយសម្របសម្រួលក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់អ្នក ការប្រឹក្សាយោបល់ផ្នែកច្បាប់ ពន្ធ និងការចុះបញ្ជីពាណិជ្ជកម្ម-ល-។ បន្ទាប់ពីចូលជាសមាជិក ”កម្ពុជាផ្ទះទី២របស់ខ្ញុំ” លោកអ្នកអាចស្នើសុំលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជា។
ប៉ុន្តែហេតុអ្វីបានជាយើងគួរពិចារណាទៅលើប្រទេសកម្ពុជា?
1. ទសវត្សរ៍ឆ្នាំ៩០រហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ការរីកចម្រើនប្រចាំឆ្នាំមានការកើនឡើងជាមធ្យម 7%
2. រយៈពេល១០ឆ្នាំកន្លងទៅ ការវិនិយោគបរទេសមានការកើនឡើង 138ដង
3. គ្មានការហាមឃាត់ទៅលើការប្ដូរ ឬបញ្ញើរប្រាក់បរទេស អ្នកវិនិយោគអាចបញ្ចូល ឬផ្ទេរប្រាក់បានដោយសេរី
4. គឺជាប្រទេសដែលមានទ្រព្យសកម្មជាប្រាក់ដុល្លារធំជាងគេទី៣ នៅលើពិភពលោក បញ្ញើរប្រាក់ទូទាំងពិភពលោកដោយសេរី
5. ប្រជាជនមានអាយុជាមធ្យម ២៧ឆ្នាំ កម្លាំងពលកម្ម និងផលិតកម្មមានការកើនឡើង នៅក្នុងរយៈពេលខ្លីលោកអ្នកពុំចាំបាច់បារម្ភពីបញ្ហាកម្លាំងពលកម្ម និងភាពចាស់នៃប្រជាជនឡើយ។
6. មិនមែនជាប្រទេសសមាជិក CRS អ្នកវិនិយោគអាចទទួលបានសេរីភាពនៃផ្នែកហិរញ្ញវត្ថុកាន់តែច្រើន
7. លំហូរចូលនៃបណ្ដាប្រទេសខ្លាំងៗទាំង៥០០ទូទាំងពិភពលោក បានជម្រុញឲ្យល្បឿននៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាមានការរីកចម្រើនជាលំដាប់

ចំពោះវិស័យអប់រំ ដោយសារតែប្រទេសកម្ពុជាបានទាក់ទាញអ្នកវិនិយោគបរទេសជាច្រើននៅក្នុងសតវត្សចុងក្រោយនេះ ដូច្នេះភាសាអង់គ្លេសត្រូវបានទទួលស្គាល់ជាភាសាសម្រាប់ប្រើប្រាស់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ បឋមសិក្សា និងមធ្យមសិក្សាត្រូវមានរយៈពេល 12ឆ្នាំ 6-3-3 សិក្សាដោយឥតគិតថ្លៃសម្រាប់សាលារដ្ឋ ក៏មានសាលាបឋមសិក្សា និងមធ្យមសិក្សាឯកជនក្នុងស្រុក និងសាលាអន្តរជាតិល្បីជាច្រើនបានផ្ដល់នូវបរិយាកាសសិក្សាយ៉ាងប្រសើរ ដើម្បីបណ្ដុះចក្ខុវិស័យ និងសមត្ថភាពរបស់សិស្សានុសិស្សឲ្យស្របតាមស្ដង់ដារអន្តរជាតិ។ ចំពោះសាកលវិទ្យាល័យ ក្រៅពីសាកលវិទ្យាល័យល្បីរបស់កម្ពុជាគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមានសាកលវិទ្យាល័យអន្តរជាតិល្បីៗនៃប្រទេសផ្សេងៗជាច្រើនទៀតដូចជា ចក្រភពអង់គ្លេស និងសិង្ហបុរី ដែលធ្វើឲ្យកម្រិតសិក្សារបស់សិស្សានុសិស្សនៅកម្ពុជាអាចផ្សារភ្ជាប់ជាមួយនឹងកម្រិតអន្តរជាតិ។ ក្រៅពីសាលាអន្តរជាតិ Northbridge International School សាលាអន្តរជាតិ Canadian International School និងសាលាអន្តរជាតិ Australian International School នៅមានសាលា Shrewsbury School ដែលជាសាលាមួយក្នុងចំណោមសាលារដ្ឋធំៗទាំងប្រាំបួននៅចក្រភពអង់គ្លេសមានវត្តមាននៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្រិតអប់រំក្នុងស្រុកកាន់តែមានភាពល្អប្រសើរ។


កម្ពុជាមានប្រព័ន្ធវេជ្ជសាស្រ្ដពេញលេញ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ២០១៥ បានបង្ហាញថាបច្ចុប្បន្ននៅកម្ពុជាមានមន្ទីរពេទ្យរដ្ឋប្រមាណ1400 និងមន្ទីរពេទ្យឯកជនប្រមាណ5500 រួមមានមន្ទីរពេទ្យដែលមានឈ្មោះល្បីនៅភ្នំពេញ គឺមន្ទីរពេទ្យភ្នំពេញរ៉ូយាល់ និងមន្ទីរពេទ្យជប៉ុនសាន់រាយស៍ដែលមានបរិក្ខារពេទ្យនាំចូលពីប្រទេសជប៉ុន។ យើងអាចសង្កេតឃើញថាបច្ចុប្បន្នសេវាព្យាបាលនៅកម្ពុជាមានការរីកចម្រើនឈានដល់កម្រិតអន្តរជាតិ និងមានឧបករណ៍ទំនើបៗជាច្រើន។ ក្នុងឆ្នាំ2015 ការចំណាយលើផ្នែកថែទាំសុខភាពរបស់កម្ពុជាមានចំនួនរហូតដល់ 5.98% នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ាន។ យើងអាចសង្កេតឃើញថា ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើវិស័យសុខាភិបាលមិនចាញ់បណ្ដាប្រទេសលោកខាងលិចឡើយ។
ទន្ទឹមនឹងនេះកម្ពុជាក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។ កំពង់ផែក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវគោកក្នុងតំបន់ ហើយអាកាសយានដ្ឋានអន្តរជាតិធំជាងគេទី ១០ លើពិភពលោក គ្រោងនឹងសាងសង់ ដែលគ្រោងនឹងដាក់មូលដ្ឋានគ្រឹះដ៏ល្អសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។

សេដ្ឋកិច្ចពិភពលោកត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយការរាតត្បាតនៃជម្ងឺកូវីត-១៩ ប្រទេសអភិវឌ្ឍន៍នៃលោកខាងលិចពឹងផ្អែកខ្លាំងលើសេវាហិរញ្ញវត្ថុ និងត្រូវការរយៈពេលយូរដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ។ មានតែប្រទេសកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះដែលអាចបង្ហាញពីសន្ទុះនៃការស្ដារសេដ្ឋកិច្ចឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” តាមរយៈគេហទំព័រ https://www.facebook.com/CambodiaMySecondHome ឬមកកាន់ការិយាល័យ កម្មវិធី “កម្ពុជាផ្ទះទី២របស់ខ្ញុំ” ដែលមានអស័យដ្ឋាន #១៩៩ ផ្លូវ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ។
លេខទូរស័ព្ទទំនាក់ទំនង ៖ 011 30 15 00

ប៉េង ហួត គ្រុប បរិច្ចាគថវិកា ២ម៉ឺនដុល្លារ បន្ថែមពីលើការបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុន កៀរគរថវិកា ជូនដល់មន្ទីរពេទ្យ កុមារអង្គរ ដើម្បីលើកកម្ពស់វិស័យសុខាភិបាល និងបន្តបេសកកម្មគាំពារសុខភាពសម្រាប់កុមារ

(ភ្នំពេញ)៖ ប្រព័ន្ធសុខាភិបាលគឺដើរតួនាទីសំខាន់ណាស់ ដើម្បីធានាបាននូវសុខុមាលភាពរបស់ប្រជាជនក្នុងប្រទេសមួយ ទាំងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍខិតខំធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខាភិបាលរបស់ពួកគេ ខណៈនៅពេលណាប្រព័ន្ធសុខាភិបាលល្អគឺធានាបាននូវធនធានមនុស្ស ដូចគ្នាដែលនៅពេលណាមានធនធានមនុស្សល្អ នោះនឹងមានការ អភិវឌ្ឍប្រទេសជាតិបានល្អផងដែរ ។ ជាពិសេសការយកចិត្តទុកដាក់ ទៅលើសុខុមាលភាពរបស់កុមារ ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសុខុមាលភាពរបស់ពួកគេ ដែលនេះក៏ជាផ្នែកមួយមិនអាចមើលរំលងបានទេ ពីព្រោះពួកគេគឺជាទំពាំងស្នងឬស្សី នៃការអភិវឌ្ឍប្រទេសជាតិ ។

ដើម្បីបន្តបេសកកម្មលើកកម្ពស់ និងគាំពារវិស័យសុខាភិបាននេះឱ្យប្រសើរឡើង ក៏មិនពឹងផ្អែកតែទៅលើក្រសួងសុខាភិបាល ឬក្រសួងពាក់ព័ន្ធផ្សេងៗទៀតតែប៉ុណ្ណោះទេ ពោលគឺត្រូវការចូលរួមតាមរយៈកិច្ចការងារទំនួលខុសត្រូវសង្គមរបស់ ស្ថាប័ន ក្រុមហ៊ុនឯកជន អង្គការនានា ដើម្បីជម្រុញបេសកកម្មគាំពារសុខុមាលភាពសម្រាប់ប្រជាជនទូទាំងប្រទេស ជានិរន្តរ៍ទៅមុខទៀត ។

 

ជាក់ស្ដែងក្រុមហ៊ុន ប៉េង ហួត គ្រុប បន្ទាប់ពីបានសហការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ដើម្បីសប្បុរសធម៌ និងសហគមន៍ ក្នុងគោលដៅកៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ រួចមក នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រុមហ៊ុន ក៏បានបរិច្ចាគថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លារអាមេរិក) បន្ថែមទៀត ជូនដល់មន្ទីរពេទ្យ កុមារអង្គរ ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងបន្តបេសកកម្មគាំពារសុខភាពសម្រាប់កុមារ ដោយផ្ដល់នូវសេវាថែទាំសុខភាពដោយក្តីមេត្តាករុណាដល់កុមារកម្ពុជាទូទាំងប្រទេស ។

នៅក្នុងជំនួបសំណេះសំណាលក្នុងពិធីទទួលសែកប្រាក់ លោកវេជ្ជបណ្ឌិត ងួន ចាន់ភ័ត្រ្តា តំណាងមន្ទីរពេទ្យ កុមារអង្គរ បានសំដែងនូវអំណរគុណថា «សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន ប៉េង ហួត គ្រុប នូវទឹកចិត្តដ៏ជ្រះថ្លា ដែលក្រុមហ៊ុនទើបតែបានបង្កើតព្រឹត្តិការណ៍រត់ម៉ារ៉ាតុន កៀរគរថវិកាជូនមន្ទីរពេទ្យកុមារអង្គរ និងជាពិសេសគឺការយកចិត្តទុកដាក់ និង ចូលរួមក្នុងបេសកកម្មគាំពារសុខុមាលភាពសម្រាប់កុមារមកលើមន្ទីរពេទ្យកុមាអង្គររបស់យើងខ្ញុំ ដែលការចូលរួមនេះគឺពិតជាជួយទៅដល់កុមារដែលកំពុងតែទទួលការព្យាបាលទាំងជំងឺធ្ងន់ និង ស្រាល់ក្នុងពេលបច្ចុប្បន្ននេះរាប់រយនាក់ ឱ្យបានធូស្បើយ និងបន្តររស់រានទៅថ្ងៃមុខទៀត ខណៈមន្ទីរពេទ្យក៏បានព្យាយាមប្រឹងប្រែងប្រើប្រាស់នូវធនធាន សមត្ថភាព ជំនាញ ក្នុងគោលដៅរួមគឺជួយសង្រោះជីវិតរបស់កុមារទូទៅ ពីព្រោះពួកគេគឺជាធនធានដ៏មានតម្លៃសម្រាប់ដឹកនាំអនាគតប្រទេសជាតិ ដែលយើងគ្រប់គ្នាគួរតែគិតគូរ និងយកចិត្តទុកដាក់ទៅលើការរស់រាន និងសុខុមាលភាពរបស់ពួកគេ»

ទន្ទឹមគ្នានោះដែរ លោកក៏បានសូមអំពាវនាវទៅដល់ស្ថាប័ន ក្រុមហ៊ុនឯកជន ឬអង្គការនានាផ្សេងទៀត ចំពោះទឹកចិត្តចូលរួមក្នុងការងារសប្បុរសធម៌ ចែករំលែកនូវធនធានផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីបន្តបេសកកម្មជួយដល់ជីវិតរបស់កុមាររាប់ពាន់នាក់ ដែលកំពុងតែសម្រាក់ព្យាបាលជំងឺនៅក្នុងមីន្ទីរពេទ្យកុមារអង្គរ ។

 

លោកស្រី ហុង ដានី អគ្គនាយិការ បុរី ប៉េង ហួត បានលើកឡើងយ៉ាងដូច្នោះផងដែរថា «ក្រុមហ៊ុន ប៉េង ហួត គ្រុប ពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងបេសកកម្មលើកកម្ពស់វិស័យសុខាភិបាល និងការគាំពារសុខុមាលភាពកុមារជាមួយនឹងមន្ទីរពេទ្យកុមារអង្គរ ដែលទាំងអស់នេះគឺជាយុទ្ធសាស្រ្តការងារទំនួលខុសត្រូវសង្គមដែលក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំ លើវិស័យសុខាភិបាល មិនត្រឹមតែមន្ទីរពេទ្យកុមារអង្គរនោះទេ ប៉ុន្តែក៏មានមន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដែលក្រុមហ៊ុនតែងតែចូលរួមជួយកន្លងមក»

លោកស្រីបន្តថា «ខ្ញុំពិតជាមានការអាណិតអាសូរដល់កុមាដែលកំពុងតែមានជំងឺកាចសាហាវ មានដូចជាជំងឺពិការរភាព ជំងឺមហារីកភ្នែក ច្រមុះ ឬផ្នែកណាមួយនៃរាងកាយរបស់ពួកគេ ដោយចង់ឃើញពួកគេមានកាយសម្បទារគ្រប់គ្រាន់ រឹងមាំ និងមានសុខភាពល្អ ដើម្បរស់នៅបំពេញក្ដីស្រមៃ និងគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត ។ សង្ឃឹមថាការចូលរួមចែករំលែកនូវធនធាន ដែលក្រុមហ៊ុនមានទាំងប៉ុន្មាននេះ គឺបានជួយស្រោចស្រង់ជំងឺរបស់ពួកគេឆាប់ជាសះស្បើយ»

 

មន្ទីរពេទ្យ កុមារអង្គរ គឺជាអង្គការថែទាំសុខភាពកុមារឈានមុខគេដែលផ្តល់សេវាថែទាំពិសេស និងសំខាន់សម្រាប់កុមារកម្ពុជាទាំងអស់ឱ្យមានលទ្ធភាពទទួលបានការ ថែទាំសុខភាព ដោយក្តីមេត្តាករុណា មិនថាជាអ្នកមាន ឬ អ្នកក្រឡើយ ដោយបានបើកដំណើរការតាំងពីឆ្នាំ១៩៩៩ មន្ទីរពេទ្យ កុមារអង្គរបានផ្តល់ការព្យាបាលជាង ២.៥ លានករណីដល់កុមារកម្ពុជាទូទាំងប្រទេស ។

សូមបញ្ជាក់ផងដែរ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុងការងារសង្គមជាច្រើន ក្នុងនោះទាក់ទងនឹងវិស័យសុខាភិបាល ក្រុមហ៊ុន បានចូលរួមបរិច្ចាគថវិការៀងរាល់ឆ្នាំដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ បរិច្ចាគថវិកាទិញវ៉ាក់សាំង ផ្ដល់ជាទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បរិច្ចាគថវិកាសាងសង់មន្ទីរពេទ្យ កាល់ម៉ែត ចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម ៕

លោក ខូល័រ តាន់៖ ការអភិវឌ្ឍដីឡូតិ៍ដែលផ្ដោតតែលើតម្លៃនឹងសម្លាប់អាជីពមួយនៅពេលអនាគត

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការអភិវឌ្ឍដីឡូតិ៍នៅក្នុងប្រទេសកម្ពុជាបានកើតឡើងជាយូរមកហើយ តែមកដល់ពេលនេះអាជីវកម្មមួយនេះ ​កាន់តែមានភាពប្រកួតប្រជែងខ្លាំងឡើងៗ និងធ្វើឱ្យអ្នកអភិវឌ្ឍន៍ដីឡូតិ៍មួយចំនួន ផ្ដោតតែលើតម្លៃ ដើម្បីលក់ចេញបានច្រើន ជាជាងគិតគូរពីគុណភាព។

លោក ខូល័ រតាន់ ម្ចាស់គម្រោងដីឡូតិ៍លំហែកាយបូកគោលែន ក្នុងខេត្តកំពត បានលើកឡើងពីអាជីពមួយនេះនឹងជួបបញ្ហា ឬអាចនឹងបាត់ទំនុកចិត្តពីអ្នកទិញ បើសិនជាអ្នកអភិវឌ្ឍន៍ផ្ដោតតែលើតម្លៃដោយមិនគិតគូរពីគុណភាព។

លោកបន្តថា ការអភិវឌ្ឍដីឡូតិ៍ដោយគិតតែតម្លៃវាមិនពិបាកទេ គ្រាន់តែពុះជាឡូតិ៍ៗបោះបង្គោលឈូសឆាយបន្តិចបន្តួចនោះ តែអ្វីដែលពិបាកគឺគុណភាពនៃការអភិវឌ្ឍដីឡូតិ៍នោះ ។ ក្រុមហ៊ុនខ្លះលក់ត្រឹមតែប៉ុន្មានពាន់ដុល្លារ ហើយអតិថិជនបង់ផ្ដាច់គេមានបញ្ចុះតម្លៃថែមទៀត។ តែពេលសួរថាតើពេលអនាគត អតិថិជនចង់សង់ផ្ទះ មានប្រព័ន្ធលូហើយ ឬនៅមានប្រព័ន្ធទឹកស្អាតដែរ មានផ្លូវចូលហើយឬនៅ ដូច្នេះប្រសិនជាអ្នកអភិវឌ្ឍន៍គិតគូរពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងមិនអាចលក់ក្នុងតម្លៃទាបបាននោះឡើយ។

សម្រាប់លោកនឹងមិនអភិវឌ្ឍន៍ដីឡូតិ៍ ដែលផ្ដោតទៅលើតែតម្លៃមួយមុខនោះទេ គឺត្រូវគិតគូរពីគុណភាពជូនអតិថិជន ជាក់ស្ដែងសម្រាប់គម្រោងលោកវិញ រហូតមកដល់ពេលនេះ ទោះបីជាលក់ជូនអតិថិជនអស់ក៏ពិតមែន តែលោកនៅតែបន្តអភិវឌ្ឍន៍ផ្លូវ សួនច្បារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតតាមការសន្យា ដោយមិនមែនលក់អស់ហើយដើរចេញនោះឡើយ។

លោកបញ្ជាក់ថា ការអភិវឌ្ឍបែបគិតតែពីតម្លៃប្រកួតប្រជែង វានឹងសម្លាប់អាជីពមួយនេះ នៅពេលអនាគត ហើយប្រជាពលរដ្ឋនឹងខ្លាចរអារ នៅពេលលឺពីដីឡូតិ៍ ដូច្នេះអ្នកអភិវឌ្ឍន៍ដីឡូត៏ទាំងឡាយត្រូវគិតគូរឱ្យច្បាស់លាស់ មុននឹងសម្រេចអភិវឌ្ឍន៍ដីឡូតិ៍ ដែលគិតតែពីចំណេញ៕

ក្រុមហ៊ុនផលិតទឹកដោះគោលំដាប់ពិភពលោកមួយគ្រោងបង្កើតរោងចក្រផលិតនៅក្នុងប្រទេសកម្ពុជា

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ក្រុមហ៊ុន Nestlé ដែលមានមូលដ្ឋាននៅក្រុង Vevey ប្រទេសស្វីស បានបង្ហាញពីបំណងក្នុងការបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីផលិតនិងនាំចេញទៅកាន់ទីផ្សារក្នុងតំបន់វិញ​។

ការបង្ហាញពីបំណងរបស់ក្រុមហ៊ុននេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងក្រុមហ៊ុន Nestlé Switzerland នៅប្រទេសស្វីស កាលពីពេលថ្មីៗនេះ។

ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជាផងដែរ។

តាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជាក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ​។

លោក ប៉ាន សូរស័ក្តិ លើកឡើងពីវឌ្ឍនភាព និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងសក្ដានុពលវិនិយោគនៅកម្ពុជា ដោយថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនានា និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត។

ជាក់ស្ដែង ដូចជា ច្បាប់ស្តីពីការគ្រប់គ្រងគុណភាពសុវត្ថិភាពផលិតផលទំនិញ និងសេវាច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀត នៅកម្ពុជា។

លោកក៏បានស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីរួមគ្នាដោះស្រាយអំពីក្ដីព្រួយបារម្ភរបស់ប្រជាពលរដ្ឋលើបញ្ហាអាហាររូបត្ថម្ភ (Nutrition) និងការដាក់សារធាតុអាហាររូបត្ថម្ភក្នុងអាហារ (Fortifications) បញ្ហាសុវត្ថិភាពម្ហូបអាហារ និងការក្លែងបន្លំផលិតផល ជាដើម។

ភាគីតំណាងក្រុមហ៊ុន Nestlé Switzerland បានបង្ហាញពីការប្ដេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដោះស្រាយបញ្ហាខាងលើ ឱ្យមានប្រសិទ្ធភាពបំផុត៕

មហាយក្សចិនសាងសង់បញ្ចប់ជាស្ថាពរនូវគម្រោងផ្លូវដែកប្រវែងជិត៣.០០០គីឡូម៉ែត្រកាត់សមុទ្រខ្សាច់

ដោយសុខុម

ប៉េកាំង: កំណាត់ចុងក្រោយនៃផ្លូវដែកប្រវែងរហូតដល់ទៅ២.៧១២គីឡូម៉ែត្រដែលក្រវិលជុំវិញតំបន់វាលខ្សាច់ Taklamakan ដែលជាវាលខ្សាច់ធំបំផុតនៅប្រទេសចិន ត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការ។

កំណាត់ចុងក្រោយប្រវែង៨២៥គីឡូម៉ែត្រនៃផ្លូវដែកដ៏សែនវែងខាងលើនេះ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២ ក្នុងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) ដែលសម្បូរដោយជនជាតិភាគតិចវីហ្គួ (Uygur) កាន់សាសនាអ៊ិស្លាមរស់នៅ បន្ទាប់ពីការសាងសង់ចាយពេលអស់៣ឆ្នាំកន្លះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ឱ្យដឹងថា កំណាត់ផ្លូវដែកនេះភ្ជាប់ទីក្រុងហូថាន (Hotan) និងតំបន់យួឈាំង (Ruoqiang) តាមបណ្តោយជាយភាគខាងត្បូងនៃវាលខ្សាច់ Taklamakan។

ប្រតិបត្តិករផ្លូវដែកជាតិនៃប្រទេសចិន China State Railway Group និយាយថា ផ្លូវដែកនេះអាចឱ្យរថភ្លើងរត់ក្នុងល្បឿនរហូតដល់ទៅ១២០គីឡូម៉ែត្រក្នុងមួយម៉ោង និងជាផ្លូវដែកទី១ ក្នុងពិភពលោកដែលអនុញ្ញាតឱ្យធ្វើដំណើរជារង្វង់ព័ទ្ធជុំវិញវាលខ្សាច់បែបនេះ។

ការដាក់ឱ្យដំណើរការកំណាត់ផ្លូវដែក Hotan-Ruoqiang នេះធ្វើឡើង ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង ប្ដេជ្ញាចិត្តធ្វើសមាហរណកម្មតំបន់ភាគខាងលិចនេះបញ្ចូលគ្នាជាមួយនឹងតំបន់ផ្សេងៗទៀត នៃប្រទេសចិន ទាំងមូល និងខណៈក្រុមហ៊ុនលោកខាងកិចកាន់តែច្រើនឡើងៗព្យាយាមធ្វើពិពិធកម្ម ឬផ្ដាច់ខ្លួនចេញពីខ្សែសង្វាក់ផ្គត់ផ្គង់នៅតំបន់ស៊ីនជាំង ដែលបានទទួលរងទណ្ឌកម្មអន្តរជាតិដោយសារការចោទប្រកាន់ថាមានការរំលោភបំពានសិទ្ធិមនុស្សនៅក្នុងតំបន់នោះ៕

វិភាគៈ តើសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែន នឹងបញ្ចប់ដោយវិធីណា និងនៅពេលណា?

ដោយៈ សុខុម

អន្តរជាតិ: សង្គ្រាមរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី១១៤ហើយគិតត្រឹមថ្ងៃទី១៧ ខែមិថុនាម្សិលម៉ិញនេះ ប៉ុន្តែភ្លើងសង្គ្រាមនេះ នៅតែបន្តឆាបឆេះកាន់តែខ្លាំងឡើងៗ ដោយបង្ហូរឈាមគ្នាទៅវិញទៅមកកាន់តែស៊ីសាច់ហត់ឈាម។

ទោះបីជាភ្លើងសង្គ្រាមនេះ ត្រូវបានបញ្ឆេះដោយរុស្ស៊ី ដោយសំអាងលើហេតុផលផ្សេងៗយ៉ាងណាក្ដី ក៏មិនច្បាស់ថាអ្នកណាជាអ្នកទទួលជ័យជម្នះពិតប្រាកដនោះឡើយ។ រុស្ស៊ី បាននិងកំពុងបាញ់គ្រាប់ផ្លោង ទៅលើប្រទេសអ៊ុយក្រែន ឥតឈប់ឈរ ដែលធ្វើឱ្យអ៊ុយក្រែន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទីក្រុងមួយចំនួនរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញបំផ្លាញខ្ទិចខ្ទី ប៉ុន្តែរុស្ស៊ី ក៏ត្រូវបង្ខំចិត្តដកថយ និងបោះបង់ក្តីស្រមៃដណ្ដើមកាន់កាប់រដ្ឋធានីគៀវ ខណៈការប្រយុទ្ធគ្នានៅតែកើតមាននៅតាមទីក្រុងនានា។

នៅក្នុងសង្គ្រាមនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទទួលបានអាវុធទំនើបៗយ៉ាងច្រើន សន្ធឹកសន្ធាប់ពីលោកខាងលិច បន្ទាប់ពីមានការអំពាវនាវជាច្រើនលើកច្រើនសា សុំឱ្យជួយគាំទ្រដល់អ៊ុយក្រែន ខណៈមេដឹកនាំរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងបង្កើនការបាញ់គ្រាប់ផ្លោង ដើម្បីបង្កការខូចខាតឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។

ភាគីរុស្ស៊ី បានទម្លាក់គ្រាប់បែកលើតំបន់ផ្សេងៗ ហើយមិនលើកលែងសូម្បីតែជនស៊ីវិល។

រុស្ស៊ី ក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្ម សង្គ្រាមជាច្រើនករណីផងដែរ។ ភាគីទាំងសងខាងបានធ្វើការចោទប្រកាន់គ្នា ទៅវិញទៅមកឥតឈប់ឈរ។ ហើយភាគីទាំងពីរក៏បានធ្វើសេចក្តីថ្លែងការណ៍ និងការអះអាងផ្សេងៗ
ដែលពិបាកនឹងផ្ទៀងផ្ទាត់ដឹងថាមួយណាពិត មួយណាមិនពិតណាស់។

ទន្ទឹមនោះ ក៏មានពាក្យចចាមអារ៉ាមជាច្រើន ត្រូវបានបង្កើតឡើងជុំវិញសង្គ្រាមឈ្លានពាននេះ និយាយរួមប្រទេសទាំងពីរ មិនត្រឹមតែប្រយុទ្ធគ្នាលើសមរភូមិនោះទេ សូម្បីលើប្រព័ន្ធផ្សព្វផ្សាយក៏ពួកគេប្រយុទ្ធគ្នាដែរ។ ហេតុដូច្នេះហើយ បានជាពិភពលោកទាំងមូល កំពុងចោលក្រសែភ្នែកតាមដានស្ថានការណ៍សង្គ្រាម ដែលបានអូសបន្លាយជាង៣ខែនេះ យ៉ាងយកចិត្តទុកដាក់បំផុត។

ពិភពលោកមានមន្ទិលជាច្រើន ចំពោះអនាគតនៃសង្គ្រាមនេះ។ សំណួរជាច្រើនបាន និងកំពុងចោទសួរជុំវិញសង្គ្រាមនេះ។ សំណួរទាំងនោះមានដូចជា៖ តើរុស្ស៊ី នឹងបញ្ចប់សង្គ្រាមនេះដោយខ្លួនឯង? តើអ៊ុយក្រែន អាចយកឈ្នះសង្រ្គាមនេះ ដោយអាវុធដែលលោកខាងលិច បញ្ជូនទៅឱ្យខ្លួនដែរទេ? តើសង្គ្រាមនេះនឹងបញ្ចប់ដោយរបៀបណា និងនៅពេលណា?។

ប៉ុន្តែអ្វីៗ វាស្ថិតនៅលើការសម្រេចរបស់មេដឹកនាំនៃប្រទេស២ ហើយមានតែពេលវេលាទេ ទើបអាចឆ្លើយសំណួរទាំងនេះបាន។

ទោះជាយ៉ាងណា ឧត្តមសេនីយ៍ឯក Konstantinos Loukopoulos ដែលជាអតីតមេបញ្ជាការ នៃអង្គការបក្សសម្ព័ន្ធយោធា NATO ធ្លាប់បានធ្វើការសន្និដ្ឋានថា រុស្ស៊ី មានឱកាស៩ខែដើម្បីយកឈ្នះ សង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែបើបន្តអូសបន្លាយយូរជាងនេះ គឺពិបាកហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា។

ទន្ទឹមនេះ មន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិក និងអង្គការបក្សសម្ព័ន្ធយោធា NATO បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន ទំនងជាបញ្ចប់នៅលើតុចរចា ប៉ុន្តែអ៊ុយក្រែន ត្រូវតែមានសមត្ថភាពការពារខ្លួន ដើម្បីពង្រឹងជំហររបស់ខ្លួន នៅក្នុងកិច្ចចរចាសន្តិភាព។ នេះបើយោងតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី០១ ខែមិថុនា៕

ស្វែងងយល់ពីនិតិវិធីសំខាន់ៗចំនួនបីទាក់ទងនឹងការសាងសង់សំណង់នានា

ដោយៈគង់ សូរិយា

ភ្នំពេញៈ លិខិតអនុញ្ញាត្តិសាងសង់របស់ក្រសួង ស្ថានប័នពាក់ព័ន្ឋ មានភាពស្មុគ្រស្មាញ និងចំណាយពេលវេលាច្រើនអាស្រ័យលើទំហំសំណង់ និងនិតិវិធីពាក់ព័ន្ឋ។

តើអ្វីជានិតិវិធី និងមានដំណើរការយ៉ាងដូចម្តេច? គេហទំព័រ Property area សូមលើកយកនិតិវិធីសំខាន់ៗចំនួន៣ ដើម្បីផ្តល់ជូនអ្នកអានបានសិក្សាស្វែងយល់។

តើលិខិតអនុញ្ញាតសាងសង់មានប៉ុន្មានប្រភេទ?

លិខិតអនុញ្ញាតសាងសង់ចែកចេញជា៣ថ្នាក់ផ្សេងគ្នា ទៅតាមទំហំនៃការសាងសង់ គម្រោងនីមួយៗ។
• ទី១ គឺថ្នាក់ក្រុង ស្រុក ខណ្ឌៈ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាង ឬស្មើ ៥០០ ម៉ែត្រការ៉េ និងមានកម្ពស់ទាបជាង ឬស្មើ៤ជាន់ (គិតទាំងជាន់ផ្ទាល់ដី និងគ្មានជាន់ក្រោមដី)។
• ទី២ គឺថ្នាក់រាជធានី ខេត្តៈ ចំពោះសំណង់ ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង៥០០ម៉ែត្រការ៉េ ដល់៣,០០០ ម៉ែត្រការ៉េ ទាបជាងឬស្មើ១១ជាន់ (គិតទាំងជាន់ផ្ទាល់ដី និងគ្មានជាន់ក្រោមដី)។

• ទី៣ គម្រោងសាងសង់ណា ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង៣,០០០ម៉ែត្រការ៉េ ត្រូវមកសុំការអនុញ្ញាតសាងសង់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ទាល់តែម្តង។

រយៈពេលនៃការស្នើសុំ
បើយោងតាមអនុក្រឹត្យខាងលើនេះដដែល
• សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីរដ្ឋមន្រ្តីក្រសួងដែនដី ត្រូវចំណាយពេលអតិបរមា៤៥ថ្ងៃ នៃថ្ងៃធ្វើការ។
• សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលរាជធានី-ខេត្ត ត្រូវចំណាយពេលអតិបរមា២៥ថ្ងៃ នៃថ្ងៃធ្វើការ។

• សម្រាប់លិខិតអនុញ្ញាតសាងសង់ ដែលត្រូវការអនុញ្ញាតពីអភិបាលក្រុង-ស្រុក-ខណ្ឌ ត្រូវចំណាយពេលអតិបរមា ១៥ថ្ងៃ នៃថ្ងៃធ្វើការ។
⦁ តើមានបញ្ហាអ្វីកើតឡើង បើសាងសង់ដោយមិនសុំការអនុញ្ញាត?

រាល់សំណង់ដែលសាងសង់ ដោយគ្មានលិខិតអនុញ្ញាត សំណង់នោះនឹងនឹងត្រូវចាត់ទុកជាសំណង់ ខុសច្បាប់ ហើយការដ្ឋានសាងសង់នឹងត្រូវបានបញ្ឈប់ជាបន្ទាន់។

តើក្នុងលក្ខខណ្ឌណាខ្លះ ដែលពុំចាំបាច់ស្នើសុំលិខិតសាងសង់ដែរទេ?

ពិតជាមាន! គឺសំណង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅទីជនបទឬតំប​ន់ឆ្ងាយពីផ្លូវជាតិ ឆ្ងាយពីផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិ​កភណ្ឌជាតិ ឬតំបន់អភិរក្សជាដើម គឺមិនតម្រូវឲ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ៕

រដ្ឋាភិនាលអនុម័តគម្រោងវិនិយោគនានាក្នុងខេត្តកំពង់ស្ពឺ ២០គម្រោង មានទឹកប្រាក់ជាង ១៥០លានដុល្លារ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងឆ្នាំ ២០២២នេះ កម្ពុជាចាប់ផ្ដើមទទួលបានការវិនិយោគឡើងវិញជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានភាព សេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាចាប់ផ្ដើមរើបៗឡើងវិញបន្តបន្ទាប់ដែរ។

ជាក់ស្ដែងតាមការប្រកាស របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយបន្តបន្ទាប់ឃើញថា មានគម្រោងជាច្រើនបានអនុម័តឱ្យវិនិយោគ ក្នុងនោះដែរ ខេត្តកំពង់ស្ពឺទទួលបានគម្រោងចំនួន២០គម្រោង មានទឹកប្រាក់វិនិយោកជាង១៥០លានដុល្លារអាមេរិក ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ។

យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបូកសរុបដោយ Property Area បានបង្ហាញថាគម្រោងវិនិយោគទាំង២០ គម្រោងក្នុងរយៈពេលជាង៥ខែក្នុងឆ្នាំ២០២២ ភាគច្រើនគឺជាគម្រោងវិនិយោគទៅលើរោងចក្រឧស្សាហកម្ម ខណៈខេត្តមួយនេះទាក់ទាញខ្លាំង លើរោងចក្រឧស្សាហកម្មនេះផងដែរ ។

ថ្មីៗនេះដែរគម្រោង២ ដែលចាត់ទុកជាគម្រោង ដែលមានទឹកប្រាក់ច្រើនជាងគេ នៅក្នុងខេត្តកំពង់ស្ពឺ គឺគម្រោងបង្កើតរោងចក្រផលិតសំបកកំប៉ុង នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានទឹកប្រាក់៥០,៧លានដុល្លារអាមេរិក និងបង្កើតការងារបានជាង១៥០នាក់។

គម្រោងមួយទៀត ដែលមានទឹកប្រាក់ច្រើនដែរនោះ គឺគម្រោងរោងចក្រដំឡើងរថយន្ត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺមានទុនវិនិយោគ១៥,៦លានដុល្លារអាមេរិក ព្រមទាំងបង្កើតការងារបានជាង៧៣០នាក់ ។

លោកប៊ូ សេងហូប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានលើកឡើងថា កំណើននៃរោងចក្រឧស្សា​ហកម្មនៅក្នុងខេត្តកំពង់ស្ពឺ បានជំរុញឱ្យតម្រូវការដីធ្លីក្នុងខេត្តនេះ កាន់តែច្រើន និងបានជំរុញឱ្យតម្លៃដីធ្លីនៅកំពង់ស្ពឺ មានកំណើនមួយកម្រិតទៀតផងដែរ ។

លោកបន្តថា តំបន់ដែលមើលឃើញថា មានការចាប់អារម្មណ៍វិនិយោគច្រើននៅតំបន់នេះ មាននៅតាមបណ្ដោយផ្លូវ៥១ និងផ្លូវ៤២ ហើយ ថ្មីៗនេះដែរ ក៏មានក្រុមហ៊ុនជាច្រើន មកបណ្ដាក់ទុនវិនិយោគសង់រោងចក្រ សង់ឃ្លាំងសម្រាប់ និងដំណើរការរោងចក្រ ។

អ្នកជំនាញអចលនទ្រព្យមើលឃើញថា ខេត្តកំពង់ស្ពឺ ជាខេត្តដែលទាក់ទាញ ការវិនិយោគលើឧស្សាហកម្មខ្លាំងជាង គេក្នុងចំណោមខេត្តផ្សេងៗ ដោយសារតែតំបន់នេះងាយស្រួល ក្នុងការដឹកជញ្ជូនទៅកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ និងតំបន់ព្រំដែនកម្ពុជាថៃផងដែរ៕

យល់ដឹងផ្នែកច្បាប់ៈ កាធ្វើលទ្ធកម្មនៃកម្មសិទ្ធិតាមរយៈការទិញ-លក់ត្រូវធ្វើដូចម្តេចខ្លះ?

ដោយៈ សហការី

ភ្នំពេញៈ យោងតាមស្មារតីក្រមរដ្ឋប្បវេណីលទ្ធកម្ម នៃកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវធ្វើលទ្ធកម្មដោយ កិច្ចសន្យា សន្តតិកម្ម និងហេតុដែល​កំណត់ក្នុងផ្នែកទី៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះ ព្រមទាំងបញ្ញត្តិនៃក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេង ។

ដោយហេតុថា ក្នុងស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើន​យ៉ាងខ្លាំង ​ដែលគួឲ្យ​កត់សម្គាល់ហើយបញ្ហា​ពាក់ព័ន្ធ​នឹងការ​ធ្វើ លទ្ធកម្ម​នៃកម្មសិទ្ធិ​លើអចលនទ្រព្យ ក៏បានចោទជាបញ្ហាឡើងផងដែរ។

ក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកនូវ​ប្រធានបទស្តីពី “ការធ្វើ​លទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិ​តាមរយៈ​ការ​លក់ទិញ” មកធ្វើ​ការ​បកស្រាយ ។

សម្រាប់ការបកស្រាយលើប្រធានបទនេះ កម្មវិធីយើងខ្ញុំសូមលើកយកតែ​​ការធ្វើលទ្ធកម្ម(ផ្ទេរ)​ កម្មសិទ្ធិតាម​រយៈ​ការទិញ លក់ ​ចំពោះអចលនវត្ថុ​ ដែលមាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (ប្លង់រឹង​) តែប៉ុណ្ណោះ។

កិច្ចសន្យាទិញ លក់ ដែលកើតចេញពីការ​ព្រមព្រៀង​របស់គូភាគី គឺជាប្រភេទ​កិច្ចសន្យា​ឯកជន ដើម្បីធ្វើ​ការធានាអំពីការ​អនុវត្ត​សិទ្ធិ និង​កាតព្វកិច្ច រប​ស់​​គូភាគី​នៃកិច្ច​សន្យា ជាពិសេស​ផ្តោត​ទៅលើករណីយ​កិច្ច ក្នុង​ការធ្វើលទ្ធកម្ម(ផ្ទេរ )កម្មសិទ្ធិ ឬសិទ្ធិ​ផ្សេងទៀត​លើអចលនទ្រព្យ​ឲ្យទៅ​ភាគីអ្នកទិញ។

យោងតាមស្មារតី​មាត្រា១៣៥ នៃក្រមរដ្ឋប្បវេណីបញ្ញត្តិថា ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ ដោយ​ការព្រម​ព្រៀង មិនមានអានុភាព​នោះទេបើមិ​នបានចុះ​បញ្ជីដោយ​យោងតាម​បទបញ្ញត្តិ​ស្តីការចុះបញ្ជី ។

ពោលគឺ ដើម្បីអាចចាត់ចែង​ផ្ទេរ​កម្មសិទ្ធិ​បាន ​លុះត្រា​តែគូភាគី​ត្រូវទៅបំពេញទម្រង់​បែបបទ ដែល​ហៅថា​ទម្រង់​លិខិត​លក់ផ្តាច់ ​នៅរដ្ឋបាល​សុរិយោ​ដី និងផ្តិត​ស្នាមមេដៃ​នៅចំពោះមុខមន្រ្តី មានសមត្ថកិច្ចនៃអង្គភាព​សុរិយោ​ដីដែលអចលនវត្ថុ​ស្ថិតនៅ ។

ឯកសារចាំបាច់ដើម្បីដំណើរការផ្ទេរសិទ្ធិនៃកម្មសិទ្ធិរួមមាន៖
ទី១ ពាក្យសុំចុះបញ្ជី (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់
ទី២ កិច្ចសន្យាទិញលក់ធ្វើដោយលិខិតយថាភូត ។ បើពុំមានកិច្ចសន្យា​ទិញ​លក់​ដោយ​លិខិត​យថាភូតទេ គូភាគីត្រូវ​មានសាក្សី​២ (ពីរ)​នាក់ អមជាមួយ​ហើយអាច​ស្នើសុំ ​ឲ្យមន្រ្តី​សុរិយោ​ដី​ជួយ​រៀបចំ ដើម្បីធ្វើ​នីតិវិធី​នៃកា​រចុះបញ្ជី​ផ្ទេរបាន (ច្បាប់ដើម) ចំនួន​០២ (ពីរ)​ច្បាប់។

ទី៣ កិច្ចសន្យាហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគ ក្នុងករណីជាទ្រព្យអវិភាគ ហើយពាក្យ​សុំចុះបញ្ជីអំពី កិច្ចសន្យា​ហាមមិន​ឲ្យបែង​ចែក​អចល​នវត្ថុអវិភាគ​ត្រូវបាន ធ្វើឡើង​ព្រមគ្នា​ជាមួយ​ពាក្យសុំ​ចុះបញ្ជី ផ្ទេរ (ច្បាប់ដើម)ចំនួន០១ (មួយ)ច្បាប់ និងច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យា​នុកូល​កម្មចំនួ​ន​០២ (ពីរ)ច្បាប់។

ទី៤ ឯកសារបញ្ជាក់ការទទួលបាន ការអនុញ្ញាតពីតុលាការ​ក្នុងករណី​អចលនវត្ថុ​ដែលជា កម្មវត្ថុនៃការ​លក់ទិញ​ជារបស់​អនីតិជន ជនស្ថិត​នៅក្រោម​អាណា​ព្យាបាលទូទៅ ឬជននៅ​ក្រោមហិតូបត្ថម្ភ ហើយ​កំពុង​ប្រើប្រាស់​លំនៅឋាន​របស់ជននោះ (ច្បាប់ដើម ឬច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យានុកូលកម្ម)។
ទី៥ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរចំនួន០៣ (បី)ច្បាប់ របស់បុគ្គលដាក់ពាក្យសុំចុះបញ្ជី៖

• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន (បើជារូបវន្តបុគ្គល) លក្ខន្តិកៈ និងឯកសារបញ្ជាក់ការចុះបញ្ជី (បើជានីតិបុគ្គល) ឬឯកសារផ្សេងទៀត (ច្បាប់ចម្លង​ដែលបាន​ធ្វើ​នីត្យានុកូល​កម្ម លើក​លែងតែ​សេចក្តីច​ម្លង​សំបុត្រ​កំណើត ឬសេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត ​ដែលត្រូវ​យក​ច្បាប់ដើម) ចំនួន​០៣ (បី)​ច្បាប់។

ទី៦ ឯកសារបញ្ជាក់ទ្រព្យសម្បត្តិរបស់បុគ្គលមានសិទ្ធិចុះបញ្ជី ដែលជារូបវន្តបុគ្គល៖
• បើជាទ្រព្យរួមប្តី ប្រពន្ធត្រូវមាន៖ សេចក្តីចម្លង​សំបុត្រ​អាពា​ហ៍ពិពា​ហ៍ ឬសេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​អាពា៍ពិពាហ៍ កិច្ចសន្យា​ទ្រព្យ​សម្បត្តិប្តី ប្រពន្ធ (ប្រសិន​បើមាន)។

• បើជាទ្រព្យដោ​យ​ឡែក៖ ឯកសារ​បញ្ជាក់​អំពីស្ថានភាព​ស៊ីវិល (សេចក្តីច​ម្លងសំបុត្រ​អាពាហ៍​ពិពាហ៍ ឬសេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​អាពាហ៍​ពិពាហ៍ ឬលិខិត​បញ្ជាក់​ភាពនៅលីវ ឬមេម៉ាយឬពោះម៉ាយ ឬសេចក្តី​សម្រេ​ចរ​បស់តុលាការ​អំពីអវត្តមាន ឬការ​បាត់ខ្លួន​របស់​សហព័ទ្ធ​ម្ខាងទៀត) (កិច្ចសន្យា​ទ្រព្យ​សម្បត្តិ​ប្តីប្រពន្ធ (ប្រសិន​បើមាន) ឬឯកសារ​បញ្ជាក់ពីការ​ទទួលបាន​ទ្រព្យសម្បត្តិ​ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ឬទទួលបានពី​ការបែងចែ​កទ្រព្យសម្បត្តិ​ដោយ​ឡែកជាអាទិ៍។

• ឯកសារបញ្ជាក់ពីចំណែករបស់ម្ចាស់សិទ្ធិម្នាក់ៗ (ប្រសិនបើមាន) ក្នុងករណីទ្រព្យនោះជាកម្មសិទ្ធិអវិភាគ។
ទី៧ ឯកសារបញ្ជាក់ពីសិទ្ធិតំណាងរបស់អភិបាល តំណាងឲ្យនីតិបុគ្គល​ក្នុងករណី​អ្នក ដាក់​ពាក្យសុំចុះ​បញ្ជីជា​នីតិបុគ្គល (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថ​តចម្លង​ ដែលបាន​ធ្វើនីត្យានុកូល​កម្មចំនួន​០២ (ពីរ)ច្បាប់។

ទី៨ ឯកសារបញ្ជាក់សិទ្ធិ​តំណាង​ក្នុងករណី អ្នកដាក់​ពាក្យ​សុំចុះបញ្ជីជា​ជន នៅក្រោម​អ្នកតំណាង​ដែលកំណត់​ដោយច្បាប់ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យានុកូលកម្មចំនួន​០២ (ពីរ)ច្បាប់។

ទី៩ ឯកសារប្រគល់សិទ្ធិតំណាងក្នុងករណី ពាក្យសុំចុះបញ្ជីធ្វើឡើងដោយ​អ្នកតំណាង​ដោយអាណត្តិ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថត​ចម្លង​ ដែល​បានធ្វើ​នីត្យានុកូលកម្ម​ចំនួន០២ (ពីរ)ច្បាប់។
ទី១០ ប័ណ្ណអចលនវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ (ច្បាប់ដើម)។

នៅពេលដំណាក់កាល នៃការបំពេញបែបបទ និងនីតិវិធីនៃការ​ស្នើសុំធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិនៅរដ្ឋបា​ល​សុរិយោដី ហើយ​មន្រ្តីមាន​សមត្ថកិច្ច​នៃ អង្គភាព​សុរិយោ​ដីបានពិនិត្យ​ចប់សព្វ​គ្រប់រួច​រាល់ អំពី​ភាពច្បាស់លាស់​នៃអចលនវត្ថុ​ដែលជា កម្មវត្ថុនៃការផ្ទេរ​កម្មសិទ្ធិ ក៏ដូចជាអត្តសញ្ញាណ​របស់​គូភាគី​រួចរាល់ ​ពេលនោះរដ្ឋបាលសុរិយោដីនឹង ជូនដំណឹង​អំពីការបង់ពន្ធប្រថាប់ត្រាចំនួន៤% ដែលធ្វើការ​​វាយតម្លៃ​ដោយ មន្រ្តីបច្ចេកទេស​​របស់អគ្គនាយ​​កដ្ឋាន​​ពន្ធដារ។

ក្រោយពីបា​នបំពេញកាតព្វកិច្ច បង់ពន្ធប្រថាប់ចំនួន៤% រួចរាល់ពេល នោះរដ្ឋបាលសុរិយោដីនឹងបញ្ច​ប់នីតិវិធី​ នៃការផ្ទេរកម្ម​សិទ្ធិពី​អ្នកលក់​ទៅឲ្យអ្នកទិញ ដោយ ធ្វើការចុះបញ្ជីផ្ទេរ​កម្មសិទ្ធិ​នេះ ក្នុង​កំណត់ត្រា​ផ្លូវការ និងចារ​និទ្ទេស​សម្គាល់ ​នូវការ​ផ្ទេរកម្មសិទ្ធិ​លើប័ណ្ណ​កម្មសិទ្ធិ​ ដែលជា​នីតិវិធី​ចុងក្រោយ នៃការបញ្ចប់​ការ​ផ្ទេរកម្មសិទ្ធិ​ជាស្ថាពរ និងស្រប​តាមនីតិ​ច្បាប់៕