យល់ដឹងផ្នែកច្បាប់ៈ កាធ្វើលទ្ធកម្មនៃកម្មសិទ្ធិតាមរយៈការទិញ-លក់ត្រូវធ្វើដូចម្តេចខ្លះ?

ដោយៈ សហការី

ភ្នំពេញៈ យោងតាមស្មារតីក្រមរដ្ឋប្បវេណីលទ្ធកម្ម នៃកម្មសិទ្ធិលើអចលនទ្រព្យអាចត្រូវធ្វើលទ្ធកម្មដោយ កិច្ចសន្យា សន្តតិកម្ម និងហេតុដែល​កំណត់ក្នុងផ្នែកទី៤ (លទ្ធកម្មនៃកម្មសិទ្ធិ) នេះ ព្រមទាំងបញ្ញត្តិនៃក្រមរដ្ឋប្បវេណី ឬច្បាប់ផ្សេង ។

ដោយហេតុថា ក្នុងស្ថានភាពបច្ចុប្បន្ន វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើន​យ៉ាងខ្លាំង ​ដែលគួឲ្យ​កត់សម្គាល់ហើយបញ្ហា​ពាក់ព័ន្ធ​នឹងការ​ធ្វើ លទ្ធកម្ម​នៃកម្មសិទ្ធិ​លើអចលនទ្រព្យ ក៏បានចោទជាបញ្ហាឡើងផងដែរ។

ក្រុមមេធាវីកម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូមលើក​យកនូវ​ប្រធានបទស្តីពី “ការធ្វើ​លទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិ​តាមរយៈ​ការ​លក់ទិញ” មកធ្វើ​ការ​បកស្រាយ ។

សម្រាប់ការបកស្រាយលើប្រធានបទនេះ កម្មវិធីយើងខ្ញុំសូមលើកយកតែ​​ការធ្វើលទ្ធកម្ម(ផ្ទេរ)​ កម្មសិទ្ធិតាម​រយៈ​ការទិញ លក់ ​ចំពោះអចលនវត្ថុ​ ដែលមាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ (ប្លង់រឹង​) តែប៉ុណ្ណោះ។

កិច្ចសន្យាទិញ លក់ ដែលកើតចេញពីការ​ព្រមព្រៀង​របស់គូភាគី គឺជាប្រភេទ​កិច្ចសន្យា​ឯកជន ដើម្បីធ្វើ​ការធានាអំពីការ​អនុវត្ត​សិទ្ធិ និង​កាតព្វកិច្ច រប​ស់​​គូភាគី​នៃកិច្ច​សន្យា ជាពិសេស​ផ្តោត​ទៅលើករណីយ​កិច្ច ក្នុង​ការធ្វើលទ្ធកម្ម(ផ្ទេរ )កម្មសិទ្ធិ ឬសិទ្ធិ​ផ្សេងទៀត​លើអចលនទ្រព្យ​ឲ្យទៅ​ភាគីអ្នកទិញ។

យោងតាមស្មារតី​មាត្រា១៣៥ នៃក្រមរដ្ឋប្បវេណីបញ្ញត្តិថា ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុ ដោយ​ការព្រម​ព្រៀង មិនមានអានុភាព​នោះទេបើមិ​នបានចុះ​បញ្ជីដោយ​យោងតាម​បទបញ្ញត្តិ​ស្តីការចុះបញ្ជី ។

ពោលគឺ ដើម្បីអាចចាត់ចែង​ផ្ទេរ​កម្មសិទ្ធិ​បាន ​លុះត្រា​តែគូភាគី​ត្រូវទៅបំពេញទម្រង់​បែបបទ ដែល​ហៅថា​ទម្រង់​លិខិត​លក់ផ្តាច់ ​នៅរដ្ឋបាល​សុរិយោ​ដី និងផ្តិត​ស្នាមមេដៃ​នៅចំពោះមុខមន្រ្តី មានសមត្ថកិច្ចនៃអង្គភាព​សុរិយោ​ដីដែលអចលនវត្ថុ​ស្ថិតនៅ ។

ឯកសារចាំបាច់ដើម្បីដំណើរការផ្ទេរសិទ្ធិនៃកម្មសិទ្ធិរួមមាន៖
ទី១ ពាក្យសុំចុះបញ្ជី (ច្បាប់ដើម) ចំនួន០២ (ពីរ)ច្បាប់
ទី២ កិច្ចសន្យាទិញលក់ធ្វើដោយលិខិតយថាភូត ។ បើពុំមានកិច្ចសន្យា​ទិញ​លក់​ដោយ​លិខិត​យថាភូតទេ គូភាគីត្រូវ​មានសាក្សី​២ (ពីរ)​នាក់ អមជាមួយ​ហើយអាច​ស្នើសុំ ​ឲ្យមន្រ្តី​សុរិយោ​ដី​ជួយ​រៀបចំ ដើម្បីធ្វើ​នីតិវិធី​នៃកា​រចុះបញ្ជី​ផ្ទេរបាន (ច្បាប់ដើម) ចំនួន​០២ (ពីរ)​ច្បាប់។

ទី៣ កិច្ចសន្យាហាមមិនឲ្យបែងចែកអចលនវត្ថុអវិភាគ ក្នុងករណីជាទ្រព្យអវិភាគ ហើយពាក្យ​សុំចុះបញ្ជីអំពី កិច្ចសន្យា​ហាមមិន​ឲ្យបែង​ចែក​អចល​នវត្ថុអវិភាគ​ត្រូវបាន ធ្វើឡើង​ព្រមគ្នា​ជាមួយ​ពាក្យសុំ​ចុះបញ្ជី ផ្ទេរ (ច្បាប់ដើម)ចំនួន០១ (មួយ)ច្បាប់ និងច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យា​នុកូល​កម្មចំនួ​ន​០២ (ពីរ)ច្បាប់។

ទី៤ ឯកសារបញ្ជាក់ការទទួលបាន ការអនុញ្ញាតពីតុលាការ​ក្នុងករណី​អចលនវត្ថុ​ដែលជា កម្មវត្ថុនៃការ​លក់ទិញ​ជារបស់​អនីតិជន ជនស្ថិត​នៅក្រោម​អាណា​ព្យាបាលទូទៅ ឬជននៅ​ក្រោមហិតូបត្ថម្ភ ហើយ​កំពុង​ប្រើប្រាស់​លំនៅឋាន​របស់ជននោះ (ច្បាប់ដើម ឬច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យានុកូលកម្ម)។
ទី៥ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរចំនួន០៣ (បី)ច្បាប់ របស់បុគ្គលដាក់ពាក្យសុំចុះបញ្ជី៖

• អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន (បើជារូបវន្តបុគ្គល) លក្ខន្តិកៈ និងឯកសារបញ្ជាក់ការចុះបញ្ជី (បើជានីតិបុគ្គល) ឬឯកសារផ្សេងទៀត (ច្បាប់ចម្លង​ដែលបាន​ធ្វើ​នីត្យានុកូល​កម្ម លើក​លែងតែ​សេចក្តីច​ម្លង​សំបុត្រ​កំណើត ឬសេចក្តីចម្លង​សំបុត្រ​បញ្ជាក់​កំណើត ​ដែលត្រូវ​យក​ច្បាប់ដើម) ចំនួន​០៣ (បី)​ច្បាប់។

ទី៦ ឯកសារបញ្ជាក់ទ្រព្យសម្បត្តិរបស់បុគ្គលមានសិទ្ធិចុះបញ្ជី ដែលជារូបវន្តបុគ្គល៖
• បើជាទ្រព្យរួមប្តី ប្រពន្ធត្រូវមាន៖ សេចក្តីចម្លង​សំបុត្រ​អាពា​ហ៍ពិពា​ហ៍ ឬសេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​អាពា៍ពិពាហ៍ កិច្ចសន្យា​ទ្រព្យ​សម្បត្តិប្តី ប្រពន្ធ (ប្រសិន​បើមាន)។

• បើជាទ្រព្យដោ​យ​ឡែក៖ ឯកសារ​បញ្ជាក់​អំពីស្ថានភាព​ស៊ីវិល (សេចក្តីច​ម្លងសំបុត្រ​អាពាហ៍​ពិពាហ៍ ឬសេចក្តី​ចម្លងសំបុត្រ​បញ្ជាក់​អាពាហ៍​ពិពាហ៍ ឬលិខិត​បញ្ជាក់​ភាពនៅលីវ ឬមេម៉ាយឬពោះម៉ាយ ឬសេចក្តី​សម្រេ​ចរ​បស់តុលាការ​អំពីអវត្តមាន ឬការ​បាត់ខ្លួន​របស់​សហព័ទ្ធ​ម្ខាងទៀត) (កិច្ចសន្យា​ទ្រព្យ​សម្បត្តិ​ប្តីប្រពន្ធ (ប្រសិន​បើមាន) ឬឯកសារ​បញ្ជាក់ពីការ​ទទួលបាន​ទ្រព្យសម្បត្តិ​ នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ឬទទួលបានពី​ការបែងចែ​កទ្រព្យសម្បត្តិ​ដោយ​ឡែកជាអាទិ៍។

• ឯកសារបញ្ជាក់ពីចំណែករបស់ម្ចាស់សិទ្ធិម្នាក់ៗ (ប្រសិនបើមាន) ក្នុងករណីទ្រព្យនោះជាកម្មសិទ្ធិអវិភាគ។
ទី៧ ឯកសារបញ្ជាក់ពីសិទ្ធិតំណាងរបស់អភិបាល តំណាងឲ្យនីតិបុគ្គល​ក្នុងករណី​អ្នក ដាក់​ពាក្យសុំចុះ​បញ្ជីជា​នីតិបុគ្គល (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថ​តចម្លង​ ដែលបាន​ធ្វើនីត្យានុកូល​កម្មចំនួន​០២ (ពីរ)ច្បាប់។

ទី៨ ឯកសារបញ្ជាក់សិទ្ធិ​តំណាង​ក្នុងករណី អ្នកដាក់​ពាក្យ​សុំចុះបញ្ជីជា​ជន នៅក្រោម​អ្នកតំណាង​ដែលកំណត់​ដោយច្បាប់ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់​ថតចម្លង​ដែលបាន​ធ្វើនីត្យានុកូលកម្មចំនួន​០២ (ពីរ)ច្បាប់។

ទី៩ ឯកសារប្រគល់សិទ្ធិតំណាងក្នុងករណី ពាក្យសុំចុះបញ្ជីធ្វើឡើងដោយ​អ្នកតំណាង​ដោយអាណត្តិ (ច្បាប់ដើម) ចំនួន០១ (មួយ)ច្បាប់ និងច្បាប់ថត​ចម្លង​ ដែល​បានធ្វើ​នីត្យានុកូលកម្ម​ចំនួន០២ (ពីរ)ច្បាប់។
ទី១០ ប័ណ្ណអចលនវត្ថុដែលជាកម្មវត្ថុនៃការលក់ទិញ (ច្បាប់ដើម)។

នៅពេលដំណាក់កាល នៃការបំពេញបែបបទ និងនីតិវិធីនៃការ​ស្នើសុំធ្វើលទ្ធកម្ម(ផ្ទេរ) កម្មសិទ្ធិនៅរដ្ឋបា​ល​សុរិយោដី ហើយ​មន្រ្តីមាន​សមត្ថកិច្ច​នៃ អង្គភាព​សុរិយោ​ដីបានពិនិត្យ​ចប់សព្វ​គ្រប់រួច​រាល់ អំពី​ភាពច្បាស់លាស់​នៃអចលនវត្ថុ​ដែលជា កម្មវត្ថុនៃការផ្ទេរ​កម្មសិទ្ធិ ក៏ដូចជាអត្តសញ្ញាណ​របស់​គូភាគី​រួចរាល់ ​ពេលនោះរដ្ឋបាលសុរិយោដីនឹង ជូនដំណឹង​អំពីការបង់ពន្ធប្រថាប់ត្រាចំនួន៤% ដែលធ្វើការ​​វាយតម្លៃ​ដោយ មន្រ្តីបច្ចេកទេស​​របស់អគ្គនាយ​​កដ្ឋាន​​ពន្ធដារ។

ក្រោយពីបា​នបំពេញកាតព្វកិច្ច បង់ពន្ធប្រថាប់ចំនួន៤% រួចរាល់ពេល នោះរដ្ឋបាលសុរិយោដីនឹងបញ្ច​ប់នីតិវិធី​ នៃការផ្ទេរកម្ម​សិទ្ធិពី​អ្នកលក់​ទៅឲ្យអ្នកទិញ ដោយ ធ្វើការចុះបញ្ជីផ្ទេរ​កម្មសិទ្ធិ​នេះ ក្នុង​កំណត់ត្រា​ផ្លូវការ និងចារ​និទ្ទេស​សម្គាល់ ​នូវការ​ផ្ទេរកម្មសិទ្ធិ​លើប័ណ្ណ​កម្មសិទ្ធិ​ ដែលជា​នីតិវិធី​ចុងក្រោយ នៃការបញ្ចប់​ការ​ផ្ទេរកម្មសិទ្ធិ​ជាស្ថាពរ និងស្រប​តាមនីតិ​ច្បាប់៕

គំរោងសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវជាតិលេខ៥១ តម្លៃរាប់រយលានដុល្លារពង្រីកដល់ផ្ទៃដី ៧០០ហិកតា

ដោយៈជេស៊ីកា

កំពង់ស្ពឺៈ សួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវជាតិលេខ៥១ បាននិងកំពុងពង្រីកសក្តានុពលតំបន់នេះ ជាមួយនឹងការពង្រីកផ្ទៃដីរហូតដល់ប្រមា​ណ៧០០ហិកតា។

ប្រធានគ្រប់គ្រងគំរោងសួនឧស្សាហកម្មកានាឌីយ៉ា ផ្លូវជាតិលេខ៥១ លោកគូ បូរិនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនារសៀ​លថ្ងៃទី១៧ មិថុនាម្សិលម៉ិញថា រហូតមកទល់ពេលនេះ ការសាងសង់សួនឧស្សាហកម្មនេះ កំពុងសម្រេចបានវឌ្ឍនភាពយ៉ាងល្អប្រសើរ ដោយបច្ចុ​ប្បន្នការ​សាងសង់ខ្លោងទ្វារ សួនឧស្សាហកម្មនេះ និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀតបានបញ្ចប់ហើយ។

លោកបន្តថា “បច្ចុប្បន្ននេះមានអ្នកវិនិយោគចិន កូរ៉េមួយចំនួនបាននិងកំពុងសាងសង់រោងចក្រ ក្នុងសួនឧស្សាហកម្មនេះ ស្របពេលក្រុមហ៊ុន​ត្រៀមសាងសង់រោងចក្រ សម្រាប់ជួលផងដែរ”។ លោកបន្តថា “លើសពីនេះក្រុមហ៊ុននឹងរៀបចំសាងសង់សួនច្បារ ផ្សារ និងបុរីនៅក្នុងគំរោងនេះនា ពេលខាងមុខ ដើម្បីបំរើសេចក្តីត្រួវការរបស់វិនិយោគិន និងប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នេះផងដែរ”។

សួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវជាតិលេខ៥១ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកគូ បូរិនបានបន្តថា ប្រសិនជាគិតពីទុនវិនិយោគលើគំរោងនេះ មានតម្លៃចូលពាន់លានដុល្លារអាមេរិក ព្រោះគ្រាន់តែតម្លៃដីមានតម្លៃរាប់រយលានដុល្លាររួចទៅហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតរបស់គំរោងនេះ គឺនឹងផ្តល់ការងារដល់ប្រជាពលរដ្ឋ រស់នៅតំបន់នេះរាប់ពាន់នាក់ និងជួយលើកកំពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ពិសេសវិស័យអចលនទ្រព្យនៅតំបន់នេះផងដែរ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាធ្លាប់បានមានប្រសា​សន៍ក្នុងពិធីសម្ភោធផ្លូវជាតិលេខ៥១ កាលពីពេលកន្លងមកថា ផ្លូវជាតិលេខ៥១ អាចនឹងក្លាយជាតំបន់ផ្លូវក្រវ៉ាត់ក្រុងនាពេលអនាគត៕

ក្រុមហ៊ុនជាតិ អន្តរជាតិ ១៤,៦៧៦ បានចុះបញ្ជីរនៅកម្ពុជា ដោយបោះទុនវិនិយោគជិត ៤៧០០លានដុល្លារក្នុងរយៈពេលពីរឆ្នាំ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលបានអនុម័តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិចំនួនហូតដល់១៤,៦៧៦ក្រុមហ៊ុនធ្វើអាជីវកម្មនៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំនេះ ពោលគឺចាប់ពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២២ កម្ពុជាសម្រេចបានទំហំទុនវិនិយោគ និងក្រុមហ៊ុនដូចរៀបរាប់ខាងលើនេះ។ ក្រុមហ៊ុនទាំងនោះបាន​ចុះបញ្ជី​តាម​វិស័យ ​អាហរ័ណនីហរ័ណ​ ទិញលក់ ជួសជុលយានយន្ត និងទោចចក្រយានយន្តគ្រប់​ប្រភេទ​មាន​ជាង ៣៩%, សកម្មភាពសេវាកម្ម​ស្នាក់នៅ និងអាហារជាង១០%, ​សកម្មភាពអចលនទ្រព្យជិត ៩%, កម្មន្តសាលជាង​៨% ព័ត៌មានវិទ្យា និងទូរគមនាគមន៍ជាង៦%, និងវិស័យផ្សេងៗទៀតជិត២៧%។

ចំណែកទំហំវិនិយោគនៅតាមវិស័យវិញ រួមមានក្រុមហ៊ុនសាងសង់គ្របដណ្តប់ជាង២១% កម្មន្តសាលជាង១៨% អាហរ័ណនីហរ័ណ ទិញលក់​ ជួសជុលយានយន្ត​ និងទោចចក្រយានយន្តគ្រប់ប្រភេទជាង១៥% សកម្មភាព​អចលនទ្រព្យជាង១៤% សកម្មភាព​​ហិរញ្ញវត្ថុ ​និងធានារ៉ាប់រងជាង ៧% និង​វិស័យផ្សេងៗទៀតជិត២៣%ផងដែរ។

ការរៀបចំប្រព័ន្ធចុះបញ្ជីអាជីវកម្ម​ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺមាន២ដំណាក់កាល​ ក្នុងនោះសម្រាប់ដំណាក់កាលទី១ បានដាក់ឱ្យដំណើរការជាផ្លូវការ ​អស់រយៈពេល២ឆ្នាំកន្លង​មកហើយ ​គឺជាការចុះបញ្ជីជាខ្សែច្រវ៉ាក់ជាមួយ ​ក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំណែកដំណាក់កាលទី២ បានដាក់ឱ្យដំណើរ​ការនៅ​ថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២១ ​ផ្តោតលើការ​ផ្តល់​អាជ្ញាប័ណ្ណ​ជំនាញ ​ពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងទេសចរណ៍ ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និង​និយ័តករ​អាជីវកម្មអចលនទ្រព្យ ​និង បញ្ចាំ​នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​គ្រោងនឹងដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន​ ដំណាក់កាលទីបី​ នៅពេលខាងមុខ ​ដែលមានក្រសួង ​និងស្ថាប័នជាច្រើនផ្សេង៕

កម្ពុជាស្នើឱ្យបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ផ្លូវ​ហាយវេយត្រីភាគី ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​-​ថៃ ភ្ជាប់មកកាន់កម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោក​ ប្រាក់ សុខុន បាន​អំពាវនាវ​ឱ្យធ្វើ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​នូវ​ផ្លូវ​ហាយវ៉េ​ត្រីភាគី​ឥណ្ឌា​-​មី​យ៉ាន់​ម៉ា​-​ថៃ ដោយមាន​ការពង្រីក​ប​ន្ថែ​ម​ដល់​កម្ពុជា ឡាវ និង​វៀតណាម។

គម្រោងនេះ មាន​សារសំខាន់​ក្នុងការ​ធ្វើ​សំយោគ​គ្នា រវាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​អាស៊ាន (MPAC) ឆ្នាំ​២០២៥ និង​ការតភ្ជាប់​របស់​ឥណ្ឌា ក្រោម​ក្របខ័ណ្ឌ​គោលនយោបាយ​ធ្វើ​សកម្មភាព​ទិសខាងកើត។

ការ​អំពាវនាវ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ឥណ្ឌា ដើម្បី​រំលឹក​ខួប​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ឥណ្ឌា និង​កិច្ចសន្ទនា​ដែ​លី្ល​លើក​ទី​១២ ក្រោម​មូលបទ “​ការកសាង​ស្ពាន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​” ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីក្រុង​ញូ​វ​ដេលី​។

កាលពីពេលថ្មីៗនេះ លោក នរិន្ទត្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា បានប្រកាសថា ឥណ្ឌានឹងផ្ដល់ឥណទានចំនួន១ពាន់លានដុល្លារដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងគម្រោងតភ្ជាប់ផ្លូវល្បឿនលឿន ឥណ្ឌា មីយ៉ាន់ម៉ា ថៃ ដែលជាការតភ្ជាប់ដ៏សំខាន់មកកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់អំពីសារៈសំខាន់ក្នុងការបញ្ចប់ឲ្យបានឆាប់រហ័សនៅផ្លូវហាយវេត្រីភាគី ឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយការពង្រីកបន្ថែមដល់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញឱ្យមានប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងតំបន់ទាំងពីរ ឲ្យកើនឡើងកាន់តែច្រើនថែមទៀត៕

បញ្ចុះតម្លៃ $13,000ភ្លាមៗ​សម្រាប់ការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី តែ $79,999 ប្រូម៉ូសិន1សប្តាហ៍ប៉ុណ្ណោះពី គម្រោងដឹអាណាចក្រ

ដោយៈ សហការី

       ភ្នំពេញៈ កាន់តែថ្មីបន្ថែមលើសមុន​ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត បានបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មីប្រភេទD បញ្ចុះតម្លៃរហូតដល់$13,000ភ្លាមៗ ដោយលក់ក្នុងតម្លៃពិសេសត្រឹមតែ $79,999 ដែលមិនធ្លាប់មាន ដោយបង់ប្រាក់ប្រចាំខែទាបតែ $333 មិនគិតការប្រាក់មានរយៈពេលវែង។

ការផ្តល់ជូននេះមានរយៈពេលតែ1សប្តាហ៍ប៉ុណ្ណោះ ដោយនឹងចាប់ផ្តើមពីថ្ងៃទី17 ខែមិថុនា នេះតទៅ ជាមួយការដាក់តាំងបង្ហាញគម្រោង ដឹ អាណាចក្រ នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ចាប់ពីថ្ងៃទី 17 ដល់ 19 ខែមិថុនា ខាងមុខនេះ។

ពិតជាឱកាសដ៏ពិសេស​ ជាមួយការបើកលក់ផ្ទះអាជីវកម្មម៉ូតថ្មី សុវណ្ណប្រភេទ ឌី (SOVANN Shophouse D) ដ៏ស្រស់ស្អាតនេះ ជាប្រភេទផ្ទះ E0 និង E1 មានបន្ទប់គេង២ និងចង្ក្រាន្តបាយ១ រួមជាមួយនឹងលម្ហអាជីវកម្មដ៏ធំទូលាយ សាងសង់នៅតាមបណ្តោយផ្លូវមេទីពីរនៃគម្រោង ផ្តល់ភាពងាយស្រួលទាំងការប្រកបអាជីវកម្ម និងការរស់នៅ ។

គម្រោងដឹ អាណាចក្រ ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន នៅលើផ្ទៃដីទំហំជាង300ហិកតា បានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្សារសេនត្រល ផ្លូវសម្រាប់ជិះកង់ ផ្លូវរត់ហាត់ប្រាណ ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកម្សាន្ត សួនផ្កាចម្រុះ៤រដូវ មានទំហំផ្ទៃដីសរុបជាង១៥ហិកតា ព្រមទាំងការដាំដើមឈើធំតូចអមសងខាងផ្លូវ បង្កខ្យល់អាកាសស្រស់ស្រាយជាមួយនឹងទេសភាពតាមដងព្រែកធម្មជាតិ និងដងទន្លេសាប ដែលនឹងធ្វើអោយបរិយាកាសរស់នៅ ប្រកបដោយផាសុកភាព និងភាពសុខដុមរមនាដល់ក្រុមគ្រួសារលោកអ្នក។

គម្រោង ដឹ អាណាចក្រ នឹងធ្វើឲ្យលោកអ្នកទទួលបានបទពិសោធន៍រស់នៅថ្មី និងសម្បូរបែបក្នុងតំបន់សក្តានុពល នាទិសខាងជើងនៃទីក្រុងភ្នំពញ ដោយចំណាយពេលត្រឹមតែ25នាទី ពីវត្តភ្នំ និងត្រឹមតែ៥នាទីប៉ុណ្ណោះ ហួសពីផ្សារព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ5។

សូមរួសរាន់សាកសួរព័ត៌មានឥឡូវនេះ រឺចុះឈ្មោះតាមរយៈ៖
https://forms.gle/oAzbQfgew8YoauVYA  ទូរស័ព្ទលេខ៖ 095 339 339 / 098 339 339 ៕

 

 

CLDAរៀបចំវេទិកាចែករំលែកការរៀបចំប្រព័ន្ឋគ្រប់គ្រងផ្ទៃក្នុងនិងឱកាសទាក់ទាញការវិនិយោគពីបរទេស

ដោយៈគង់ សូរិយា

       ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា (CLDA) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការរៀបចំប្រព័ន្ធគ្រប់គ្រងការងារផ្ទៃក្នុង ស្រ បតាមស្តង់ដារ និងឱកាសបណ្ដាក់ទុនវិនិយោគពីក្រៅប្រទេស” ដែលកម្មវិធីនេះ បានប្រារព្ធឡើងនៅទីស្នាក់ការសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជា។

កម្មវិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគ មគឺ លោកឧកញ៉ា ម៉ន សុខា ប្រធានសមាគម លោកឧកញ៉ាម៉ាន់ ច័ន្ទឌី ទីប្រឹក្សាសមាគម និងជាអគ្គនាយកក្រុមហ៊ុនIQI CAMBODIA លោក រស់ សុវណ្ណថា អគ្គលេខាធិការសមាគម និងជាស្ថាបនិកក្រុមហ៊ុន NSO TECHNOLOGY ព្រមទាំងបងប្អូនសមាជិក សមាជិកា ជាច្រើនរូបទៀត។

សកម្មភាពចម្បងនៃសិក្ខាសាលានេះ គឺធ្វើយ៉ាងណាអោយសិក្ខាកាម និងសមាជិក សមាជិកា ដែលចូលរួម មានឱកាសកសាងបណ្តាញទំនាក់ទំនង (Networking) ការជជែកដេញដោលដើម្បីស្វែងរកបញ្ហា និងដំ​ណោះ​ស្រាយ ការរៀបចំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ស្របតាមស្តង់ដារបច្ចេក ទេស និងឱកាស ក្នុងការគៀងគរបណ្តាវិនិគិនពីក្រៅប្រទេស ដែលជា” វេទិកាប្រឹក្សាយោបល់ និងផ្ដល់ដំណោះស្រាយអាជីវកម្ម អចនវត្ថុ៣៦០ដឺក្រេ” ដើម្បីចែកជូនដល់សិក្ខាកាម ដែលបានអញ្ជើញចូលរួម។

លោកឧកញ៉ា ម៉ាន់ ច័ន្ទឌី ទីប្រឹក្សាសមាគមបានមានប្រសាសន៍ថា អ្នកធុរកិច្ចនានាគួរដើរចេញក្រៅផ្ទះ (ចេញទៅបរទេស)ឲ្យបានច្រើន ដើម្បីសិក្សារៀនសូត្រ យកបទពិសោធន៍ និងបង្កើតមិត្តល្អៗនៅក្រៅប្រទេ​ស និងពង្រឹងការងារផ្ទៃក្នុងក្រុមហ៊ុនរបស់យើង ឲ្យមានស្តង់ដាជាក់លាក់ ដើម្បីយើងអាចទាក់ទាញការវិនិយោគពីបរទេសបាន ពិសេសទាក់ទាញក្រុមហ៊ុនអ​ន្តរជាតិនានាមកចាប់ដៃគូជាមួយយើង។

លោកបន្តថា “ខ្ញុំទទួលបានវិនិយោគិនពីបរទេស ជាដៃគូលើក្រុមហ៊ុនមួយចំនួន ដើម្បីពង្រីកផែនការវិនិយោគ ប៉ុន្តែមុនសម្រេចបាននូវលទ្ឋផលទាំងនេះ ខ្ញុំបានចេញសិក្សាស្វែងយល់ពីការងារ និងរៀនសូត្រនៅបរទេសតាំងពីឆ្នាំ២០១៦”។

ជាមួយគ្នានេះ លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ថា សមាគមបាននិងកំពុងដើរតួនាទីកាន់តែមានសារៈសំខាន់ ដើម្បីផ្តល់ឱកាសចែករំលែកចំណេះដឹង បទពិសោធន៍ដល់សមាជិកសមាគម ដើម្បីពួកគាត់អាចពង្រីកមូលដ្ឋាននៃការវិនិយោគរបស់ខ្លួនកាន់តែធំ និងទទួលបានជោគជ័យថ្មីៗទៀត។

លោកបន្តថា “ជាមួយគ្នានេះ សមាគមក៏បាននិងកំពុងចូលរួមផ្សព្វ​ផ្សាយច្បាប់ បទបញ្ញត្តិនានា ដល់សមាជិកសមាគម ដោយសហការជាមួយ​ស្ថាប័នពាក់ព័ន្ឋ ដើម្បីឲ្យអ្នកអភិវឌ្ឍន៍នានាដើរស្របតាមគន្លង និងផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា”៕

 

ទុនវិនិយោគ៤៦៧០លានដុល្លារត្រូវបានចុះបញ្ជីរនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បានអនុម័តពាក្យស្នើសុំអាជីវកម្មលើទុនវិនិយោគសរុប៤,៦៧០លានដុល្លារអាមេរិក

ការចុះបញ្ជីរនេះ បានធ្វើឡើងក្នុងរយៈពេលពីរឆ្នាំ នៃការដាក់ដំណើរការ ប្រព័ន្ឋនេះដែលមានក្រុមហ៊ុនចុះបញ្ជីរសរុប រហូតដល់ចំនួន១៤,៦៧៦ក្រុមហ៊ុន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា ក្នុងចំណោមទុនវិនិយោគទាំងនោះ ទុនវិនិយោគតាមវិស័យសំណង់មាន២១.៦ភាគរយ ឬប្រមាណ​១០០០លានដុល្លារ នៃទំហំវិនិយោគចុះបញ្ជីសរុប។​

ចំណែកក្រុមហ៊ុនទាក់ទង នឹងសកម្មភាពអចលនទ្រព្យ មានទំហំវិនិយោគសរុប៦៨១​លានដុល្លារ ឬស្នើនឹង១៤.៦ភាគរយនៃទំហំវិនិយោគចុះបញ្ជីសរុប។ផងដែរ។​

រដ្ឋាភិបាល បានដាក់ដំណើរការប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី១ នៅថ្ងៃទី១៥ ខែមិថុនា ២០២០ និងដំណាក់កាលពីទីពីរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

សេចក្តីប្រកាសព័ត៌មានដដែលបានឲ្យដឹងទៀតថា ភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យ សកម្មភាពអចលនទ្រព្យ មានប្រមាណ៨.៧ភាគរយ នៃចំនួនក្រុមហ៊ុនចុះបញ្ជីសរុប១៤,៦៧៦ ក្រុមហ៊ុន។​

ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន គឺជាវិធានការកែទម្រង់មុតស្រួចជាកញ្ចប់​ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើស្ទួយភាពប្រកួតប្រជែង និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឲ្យកាន់តែមានភាពប្រសើរឡើង៕

 

រុស្ស៊ីអាចបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការOPEC រហូតហួសឆ្នាំ២០២២

ដោយ:លាងហួរ

រុស្ស៊ីៈ លោកAlexander Novakឧបនាយករដ្ឋមន្រ្តីរុស្ស៊ី បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីថាមពលរបស់ ប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃព្រហ​ស្បតិ៍នេះ បន្ទាប់ពីកិច្ចប្រជុំមួយដោយលោកបាន​ថ្លែងថា ប្រទេសរុស្ស៊ីអាចបន្តកិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចព្រមព្រៀងផលិតកម្មប្រេងរបស់អង្គការOPEC+លើសពីឆ្នាំ២០២២។

ព្រះអង្គម្ចាស់ Abdulaziz bin Salman បានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅឯវេទិកាសេដ្ឋកិច្ចអន្តរជាតិ St Petersburg ខណៈពេលដែលឈ្មោះរបស់ព្រះអង្គ មិនត្រូវបានចុះបញ្ជីក្នុងកាលវិភាគផ្លូវការ ហើយខណៈដែលភ្ញៀវជាច្រើនផ្សេងទៀត មិនបានចូលរួមក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ល្បីនេះ។

កិច្ចប្រជុំដ៏ល្បីនេះ កើតឡើងនៅពេលដែលរុស្ស៊ី កំពុងបូមប្រេងតិចជាងការអំពាវនាវរបស់អង្គការOPEC+ នាពេលបច្ចុប្បន្ន បន្ទាប់ពីមានទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់លើរុស្ស៊ីត្រូវគេមើលឃើញថា អ្នកទិញមួយចំនួនបានបដិសេធ ឬពន្យារពេលទទួលទិញប្រេងរុស្ស៊ី។

ផលិតកម្មប្រេងឆៅរបស់រុស្ស៊ី បានកើនឡើងដល់៩,២៧៣លានបារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែឧសភា ចាប់ពី៩,១៥៩លានបារ៉ែល ក្នុងមួយថ្ងៃក្នុងខែមេសា។

លោកNovak បានសន្យាថា រុស្ស៊ីនឹងផ្គត់ផ្គង់ប្រេងបន្ថែមទៀតនៅខែក្រោយ ខណៈដែលប្រទេសឥណ្ឌា និងប្រទេសចិនត្រូវការប្រេងយ៉ាងច្រើនពីរុស្ស៊ី។

ប្រទេសរុស្ស៊ីបានផលិតប្រេង១,២លាន បារ៉ែលក្នុងមួយថ្ងៃកាលពីខែមុន តិចជាងកូតាផលិត១០,៥៥លានបារ៉ែល ក្នុងមួយថ្ងៃរបស់ខ្លួន។

ជំនួបរវាងព្រះអង្គម្ចាស់ Abdulaziz bin Salman និងលោកNovak មានរយៈពេលជាងមួយម៉ោង។

ឆ្លើយតបទៅនឹងសំណួរថា តើដៃគូរបស់អង្គការOPEC  កំពុងត្អូញត្អែរអំពីការផលិតរបស់រុស្ស៊ីតិចឬអត់នោះ លោកNovak បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា យើងមើលឃើញស្ថានភាពបច្ចុប្បន្ន នៅលើទីផ្សារប្រេងពិភពលោក មានតុល្យភាពទោះបីជាមានភាព មិនច្បាស់លាស់មួយចំនួនក៏ដោយ។

លោកNovak បានបន្តថា “ប្រទេសរុស្ស៊ីអាចបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គការOPEC + ទោះបីជាកិច្ចព្រមព្រៀងបច្ចុប្បន្នផុតកំណត់នៅចុងឆ្នាំ២០២២នេះក៏ដោយ៕

អ្នកជំនាញបង្ហើបពីតិចនិកក្នុងការវិនិយោគដីធ្លីឱ្យទទួលបានផល ចំណេញលឿន

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ការវិនិយោគដីធ្លី ក៏ដូចជាអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជានៅបន្តហុចផលដល់អ្នកវិនិយោគនានា ប៉ុន្តែដើម្បីឱ្យការវិនិយោគនោះកាន់តែឆាប់ទទួលបានផលចំណេញ ដោយប្រើពេលខ្លីនោះ អ្នកជំនាញ បានបង្ហើបតិចនិកមួយចំនួនដល់វិនិយោគិនដីធ្លី។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជាបានថ្លែងប្រាក់គេហទំព័រ Property area កាលពីពេលថ្មីៗ ថា ការវិនិយោគអចលនទ្រព្យមានច្រើនផ្នែក មានដូចជាផ្នែកអគារខ្ពស់ លំនៅឋាននិងដីធ្លី ហើយពេលនេះ យើងនឹងលើកពីប្រធានបទដីធ្លី ថាតើត្រូវធ្វើដូចម្ដេចដើម្បីវិនិយោគទទួលបាននូវប្រាក់ចំនេញខ្ពស់ ។

លោកបន្តថា “អ្វីដែលប្រជាពលរដ្ឋ វិនិយោគិនដីធ្លីត្រូវធ្វើមុនពេលវិនិយោគដីធ្លីនោះគឺ ត្រូវតាមដានពីការអភិវឌ្ឍរបស់រដ្ឋាភិបាល ថាតើរាជរដ្ឋាភិបាលមានយន្តការក្នុងការអភិវឌ្ឍទៅទិសខាងណា”។ លោកបន្តថា “ការអភិវឌ្ឍនេះដែរ គឺធ្វើឡើងតាមរយៈការសាងសង់ផ្លូវក្រវាត់ក្រុងទី៣ទី៤ ឬមួយក៏តំបន់នោះ រដ្ឋាភិបាលនឹងត្រូវសាងសង់អ្វី ធ្វើផ្លូវថ្មី ការបង្កើតរដ្ឋបាលសង្កាត់ ឬខណ្ឌថ្មីជាដើម ។ នៅពេលដែលមានការអភិវឌ្ឍទាំងអស់នោះ ទៅកាន់តំបន់ណាមួយនឹងធ្វើឱ្យដីធ្លីមានកំណើនឡើង”។

លោកច្រឹក សុខនីមបានបន្ថែមថា នៅក្នុងប្រទេសកម្ពុជាមានផែនការអភិវឌ្ឍន៍របស់ខ្លួន ក្នុងរយៈពេល១០ឆ្នាំម្ដង ដូច្នេះអ្នកវិនិយោគដីធ្លីគួរតែតាមដានពីព័ត៌មាននេះជាប់ផងដែរ ហើយរដ្ឋាភិបាលក៏មិនមានអ្វីជាអាថ៌កំបាំងដែរ ដោយលោកតែងតែធ្វើទៅតាមផែនរបស់ខ្លួនជានិច្ច លើកលែងតែមានការប្រែប្រួល ទៅតាមលក្ខខណ្ឌចាំបាច់គឺកែតម្រូវ។

លោកបន្តថា “បងប្អូនអាចអញ្ជើញទៅមើលផែនការ ការអភិវឌ្ឍ១០ឆ្នាំម្ដងរបស់ខេត្តស្រុក ឃុំឬក៏ភូមិតំបន់ណាមួយ”។ លោកបន្ថែមថា “បើសិនជាបងប្អូនចង់អភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញ ក៏អាចទៅមើលផែនការអភិវឌ្ឍទីក្រុង១០ឆ្នាំថា តើគេធ្វើអ្វីខ្លះក្នុងអំឡុងពេល១០ឆ្នាំនោះ ហើយក្នុងផែនការលម្អិតគឹនឹងសរសេរ ពីការអភិវឌ្ឍដែលធ្វើឱ្យតម្លៃដីធ្លីនៅជាយៗក្រុងឡើងថ្លៃ”។

ជាមួយគ្នានេះ លោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុន Lucky ក៏បានលើកឡើងផងដែរ ការវិនិយោគដីធ្លីនៅតំបន់ជាយក្រុង នឹងមានឱកាសក្នុងការឡើងថ្លៃបន្តទៀត និងទទួលបានប្រាក់ចំណេញលឿន ។ បើសិនជាទិញដីនៅតំបន់ជាយក្រុងហើយ នៅពេលគម្រោងណាមួយរបស់រដ្ឋ បានទៅដល់នោះ ម្ចាស់ទ្រព្យនឹងអាចលក់ដីនោះចេញ ដោយទទួលបានផលចំណេ​ញខ្ពស់ ឬក៏អាចអភិវឌ្ឍន៍ខ្លួនគាត់ផ្ទាល់ក៏បាន។

លោកបន្តថា “ជាទូទៅការអភិវឌ្ឍអ្វីមួយរបស់រដ្ឋ តែងតែនាំមកនូវផលចំណេញទៅលើដីធ្លី ដូច្នេះទើបយើងឃើញរដ្ឋាភិបាល បានបន្តការអភិវឌ្ឍជាបន្តបន្ទាប់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានាជាដើម ក្នុងនោះក៏មានការចូលរួមពីវិស័យឯកជនមួយចំនួនផងដែរ”៕

គំរោងឆ្នេរសមុទ្រកោងកាងទាក់ទាញទេសចរណ៍អ៊ុំទូកកំសាន្ត ខណៈហេដ្ឋារចនាសម្ព័ន្ឋនានាកំពុងពន្លឿន

ដោយៈគង់ សូរិយា

       ខេត្តកែបៈ ឆ្នេរសមុទ្រកោងកាង” បាននិងកំពុងក្លាយជាផលិតផលទេសចរណ៍ថ្មីបណ្តើរៗសម្រាប់ខេត្តកែប ដោយបច្ចុប្បន្ននេះសាធារណៈជនជាតិជាច្រើន បានចូលទស្សនានិងអ៊ុំទូកកាយ៉ាក់កំសាន្ត នៅតាមដងព្រែកក្នុងគំរោងនេះ។

ជាមួយនឹងគោលដៅប្រែក្លាយខេត្តកែប និងគាំទ្រគោលនយោបាយអភិវឌ្ឍន៍ខេត្តកែប ជាតំបន់លំហែរកាយកម្រិតខ្ពស់ ម្ចាស់គំរោងអភិវឌ្ឍន៍ “ឆ្នេរសមុទ្រកោងកាង” បានទិញទូកកាយ៉ាក់ចំនួន៣០ និងតង់សម្រាប់បោះស្នាក់នៅក្នុងគំរោងនេះចំនួន៣០ ដើម្បីឲ្យសាធារណៈជនអាចជិះ និងសំរាកកំសាន្តក្នុងគំរោងនេះដោយឥតគិតថ្លៃ។

អ្នកនាងឆយ ហ្រ្វីដានាយិកាគ្រប់គ្រងទូទៅនៃគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១៧ មិថុនានេះថា ជាមួយនឹងទស្សនទាន នៃការអភិវឌ្ឍន៍ដោយចីរភាព បានធ្វើឲ្យគំរោងឆ្នេរសមុទ្រកោងកាង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណៈជន ក៏ដូចជាអ្នកវិនិយោគ និងអ្នកស្វែងរកដីលំហែរកាយ សម្រាប់​សាងសង់លំនៅដ្ឋានសម្រាកចុងសប្តាហ៍។

អ្នកនាងបន្តថា “រហូតមកទល់ពេលនេះ ការលក់របស់យើងសម្រេចបានតាមផែនការ ស្របពេលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ ក្នុងគំរោងនេះកំពុងសាងសង់យ៉ាងសកម្ម”។ អ្នកនាងបន្តថា “ម្ចាស់គំរោងនេះកំពុងប្រែក្លាយគំរោងនេះ ជាគំរោងគំរូនិងធំជាងគេមួយនៅក្នុងខេត្តកែប ដែលជាការគាំទ្រដល់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជា រាជរដ្ឋាភិបាលដើម្បីពន្លឿន និងអភិវឌ្ឍន៍ខេត្តនេះកាន់តែរីកចម្រើនបន្ថែមទៀត”។

ជាមួយគ្នានេះ លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateបានមានប្រសាសន៍ឲ្យដឹងផងដែរថា ការចូលរួមអភិវឌ្ឍដោយចីរភាពជាមួយនឹងរាជរដ្ឋាភិបាល ជាអ្វីដែលយើងយកចិត្តទុកដាក់បំផុត ហេតុនេះទើបគំរោងនិមួយៗរបស់យើង ផ្តោតលើការអភិវឌ្ឍដោយចីរភាព និងទំនួលខុសត្រូវផ្នែកសង្គម ដើម្បីធ្វើយ៉ាងណាឲ្យអ្នកវិនិយោគ ឬអ្នកទិញគំរោងរបស់យើងទទួលបានផលចំណេញ និងទទួលបានទីតាំងលំហែរពិតប្រាកដ។

លោកបន្តថា “យើងកំពុងប្រែក្លាយគំរោង “ឆ្នេរសមុទ្រកោងកាង”ជាផលិតផលទេសចរណ៍ថ្មី សម្រាប់ខេត្តកែប ដោយយើងដាំផ្កាសាគូរ៉ាចំនួន៣០០ដើម រៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ មានដងព្រែកដែលអាចជិះទូកកំសាន្ត ស្ទូចត្រី មានទេសភាពស្រែអំបិល និងជួរភ្នំវែងអន្លាយ”។លោកបន្តថា “ជាមួយគ្នានេះ គំរោងនេះក៏លំអរដោយដើមកោងកាង ខៀវស្រងាត់ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតផងដែរ”។

អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋបានស្វាគមន៍ និងគាំទ្រគំរោងនេះ ដែលវានឹងផ្តល់ទំនុកចិត្ត និងទាក់ទាញអ្នក​វិនិយោគដទៃទៀតមកកាន់ខេត្តកែបកាន់តែច្រើននាពេលខាងមុខ៕