ដោយៈគង់ សូរិយា
ភ្នំពេញៈ ការអនុម័តគំរោងGrand City Siem Reapរបស់សម្តេចតេជោបាននិងកំពុងធ្វើឲ្យប្រជាពលរដ្ឋនៅក្បែរតំបន់នេះ ទទួលបានផលប្រយោជន៍រួចទៅហើយ បើទោះបីជាទីក្រុងនេះមិនទាន់លេចចេញជារូបរាងក្តី។
ប៉ុន្តែចំណុចសំខាន់នៃគំរោងនេះ ស្ថិតនៅលើផ្លូវវែងឆ្ងាយនៅឡើយ បើទោះបីជាព្រលានយន្តហោះថ្មីកំពុងសាងសង់យ៉ាងសកម្ម ដែលរំពឹងនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខនេះក្តី។
អ្នកជំនាញនិងវិភាគពីអចលនទ្រព្យលំដាប់អន្តរជាតិ លោកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ការកសាងទីក្រុងថ្មីនេះជារឿងល្អ ដែលការរៀបចំតំបន់ថ្មីបែបនេះ រដ្ឋាភិបាលមានភាពងាយស្រួល ក្នុងការរៀបចំហេដ្ឋារចនាស ម្ព័ន្ឋបែបSmart City ប៉ុន្តែការរៀបចំបែបនេះវាត្រូវចំណាយដើមទុនច្រើន និងងាយស្រួលរៀបចំបើធៀបនឹងរាជធានីភ្នំពេញ។
លោកស្រីបន្តថា “ដើម្បីអភិវឌ្ឍន៍ទីក្រុងនេះបានលឿន កម្ពុជាត្រូវការធនធានបីសំខាន់ដូចជា ធនធានមនុស្ស បច្ចេកវិទ្យា និងធនធានហិរញ្ញវត្ថុ”។
បច្ចុប្បន្នតំបន់ស្ថិតក្នុងប្លុកទីក្រុងថ្មីនេះ ជាដីទំនេរ វាលស្រែ ប៉ុន្តែតំបន់ជុំវិញមានគំរោងអភិវឌ្ឍន៍លំនៅដ្ឋានមួយចំនួនបណ្តើរៗហើយ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានអនុម័តរួចហើយ នូវគម្រោងបង្កើតទីក្រុងGrand City Siem Reap ដែលមានទីតាំងជិតព្រលានយន្តហោះអ្តរជាតិថ្មី នៃខេត្តសៀមរាប។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ឲ្យដឹង ថា Master Planរបស់ទីក្រុងថ្មីនេះ ត្រូវបានសម្តេចតេជោអនុម័តរួចហើយ ស្របពេលក្រសួងបាននិងកំពុងផ្ញើរឯកសារ និងផែនការអភិវឌ្ឍន៍ទីក្រុងនេះ ទៅកាន់ស្ថាប័នពាក់ព័ន្ឋពិនិត្យ ព្រោះការងារនេះត្រូវធ្វើជាអន្តរក្រសួង។លោកបន្តថា ទីក្រុងថ្មីនេះ មានទីតាំងនៅក្បែរព្រលានយន្តហោះថ្មី ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាតំបន់មិនស្ថិតក្រោមការការពាររបស់់អាជ្ញាធរអប្សរានោះទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ទីក្រុងថ្មីនេះមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ជាដុំកំភួនអ្វីនៅឡើយទេ ខណៈការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ពីផែនការនេះត្រូវបានផ្អាក ដោយសារវិបត្តិកូវីដ១៩”។ លោកបន្តថា “ទោះជាយ៉ាងណា យើងមិនទាន់អាចបញ្ជាក់ពីទំហំផ្ទៃដី និងផែនការលំអិតរបស់ទីក្រុងនេះបាននៅឡើយទេ ប៉ុន្តែអ្វីៗបានរៀបចំរួចរាល់ហើយ ព្រោះសម្តេចបានអនុម័តរួចហើយ”។
លោករដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នការងារស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាប បាននិងកំពុងជម្រុញយ៉ាងសកម្ម ដើម្បីលើកកំពស់សោភ័ណភាពក្រុង ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ។
រដ្ឋាភិបាលបាន និងកំពុងសហការជាមួយក្រុមហ៊ុនយូណាន មានមូលដ្ឋាននៅប្រទេសចិន ដើម្បីដំណើរការសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិ នៅក្នុងស្រុកសូទ្រនិគម ដែលស្ថិតនៅលើផ្ទៃដី៧០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៩០០លានដុល្លារអាមេរិក។ តាមផែនការព្រលានយន្តហោះនេះ នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៣ខាងមុខនេះ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ផ្អែកលើបទពិសោធន៍នៃការសាងសង់ទីក្រុង នៃខេត្តត្បូងឃ្មុំ ដែលជាខេត្តថ្មីមួយបានបង្ហាញថា ការសាងសង់ទីក្រុងថ្មីនៅកម្ពុជាទំនងមិនហុចផលជាដុំកំភួន និងមានល្បឿនលឿននោះទេ ដោយសារកត្តាជាច្រើនដូចជាកត្តាប្រជាសាស្រ្ត នគរូបនីយកម្ម និងសេដ្ឋកិច្ចមូលដ្ឋាន។
លោកបន្តថា “ការសាងសង់ទីក្រុងមួយមិនពិបាកពេកទេ ប៉ុន្តែដើម្បីឲ្យទីក្រុងមានការអភិវឌ្ឍន៍លឿន និងមានសភាពរសរវើក មានមនុស្សរស់នៅច្រើន វាត្រូវការពេលវេលា និងកត្តាជាច្រើនទៀត”។លោកបន្តថា “ជាក់ស្តែងទីក្រុងនៃទីរួមខេត្តត្បូងឃ្មុំនៅមានសភាពស្ងប់ស្ងាត់ ដោយសារអ្នកអភិវឌ្ឍន៍រង់ចាំប្រជាជន ប្រជាជនមិនទាន់សម្រេចចិត្តទៅរស់នៅ ដោយសារមានតែហេដ្ឋារចនាសម្ព័ន្ឋ ប៉ុន្តែមិនមានសេវាកម្មចាំបាច់ ដែលផ្តល់ឲ្យពួកគេអាចរស់នៅ និងប្រកបរបរទទួលទានបាន”។
អ្នកឧកញ៉ាលី ហួរអគ្គនាយកក្រុមហ៊ុនបុរីវិមានភ្នំពេញ ដែលមានដីជាច្រើនហិកតា នៅទីរួមខេត្តត្បូងឃ្មុំ បានផ្អាកគំរោងសាងសង់លំនៅដ្ឋាន និងផ្សារនៅទីរួមខេត្តត្បូងឃ្មុំ ដោយសារបញ្ហាមនុស្ស និងទីផ្សារមិនទាន់មានអំណោយផល៕