ប្រទេសចិនសហការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរថភ្លើងដឹកទំនិញទៅកាន់បណ្តាប្រទេសអឺរ៉ុប

ដោយ:លាងហួរ

ប្រទេសចិន: របាយការណ៍ថ្មីមួយ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនមានឆន្ទៈក្នុងការសហការជាមួយបណ្តាប្រទេស នៅតាមបណ្តោយខ្សែរថភ្លើង China-Europe Railway Express ដើម្បីរួមគ្នាលើកកម្ពស់ការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីបង្កើនសមត្ថភាពកាន់តែប្រសើរឡើង ក្នុងការធានានូវប្រតិបត្តិការប្រកបដោយរលូន នៃសេវាកម្មរថភ្លើងដឹកទំនិញ។

របាយការណ៍អភិវឌ្ឍន៍រថភ្លើង ដែលចងក្រងដោយការិយាល័យនៃក្រុមឈានមុខគេ សម្រាប់ការលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងក្រុមហ៊ុន China State Railway Group Co Ltd បានបង្ហាញថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយប្រទេសទាំងនោះ ដើម្បីសិក្សារួមគ្នាលើការបង្កើតយន្តការសហប្រតិបត្តិការអន្តររដ្ឋាភិបាលសម្រាប់ចិន-អឺរ៉ុប។

រថភ្លើងដឹកទំនិញ កសាងប្រព័ន្ធសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងឧស្សាហកម្មអន្តរជាតិប្រកបដោយស្ថិរភាព ក៏ដូចជាអនុវត្តការស្រាវជ្រាវលើបច្ចេកវិទ្យា និងឧបករណ៍ថ្មីៗ។

ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការអភិវឌ្ឍន៍ឌីជីថល និងឆ្លាតវៃនៃរថភ្លើងដឹកទំនិញចិន-អឺរ៉ុប រួមគ្នាលើកកំពស់ការអនុវត្ត និងស្តង់ដារបទប្បញ្ញត្តិ គោលនយោបាយ និងស្តង់ដារបច្ចេកទេស។

ប្រទេសចិននឹងបន្តដើរតួនាទីយ៉ាងពេញលេញ ក្នុងគម្រោងផ្តល់ប្រាក់កម្ចីពិសេសខ្សែក្រវ៉ាត់ និងផ្លូវ មូលនិធិផ្លូវសូត្រ និងមូលនិធិវិនិយោគពិសេស ក្នុងការជំរុញការតភ្ជាប់រវាងទ្វីបទាំងពីរ។

កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក៏នឹងត្រូវបានធ្វើឡើងផងដែរ ក្នុងការអភិវឌ្ឍចំណងដៃលើផ្លូវសូត្រ និងគាំទ្រដល់ប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាព នៃមជ្ឈមណ្ឌលសហប្រតិបត្តិការពហុភាគី សម្រាប់ការអភិវឌ្ឍហិរញ្ញវត្ថុ ដែលជាយន្តការហិរញ្ញវត្ថុរួមគ្នា ដែលត្រូវបានរចនាឡើង ដើម្បីលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធគុណភាពខ្ពស់ និងការវិនិយោគ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តាមរយៈភាពជាដៃគូ៕

ហាងកញ្ឆាថ្មីៗរីកច្រើនដូចផ្សិតនៅថៃ ក្រោយរដ្ឋាភិបាលអនុញ្ញាតឱ្យធ្វើអាជីវកម្មកញ្ឆាដោយស្របច្បាប់

ដោយសុខុម

បាងកក: កញ្ឆាគឺជាគ្រឿងញៀនម្យ៉ាងដែលមានផលប៉ះពាល់ដល់សុខភាពខ្លាំងមិនចាញ់អាភៀនប៉ុន្មានឡើយ ហេតុដូច្នេះហើយបានជាវាត្រូវបានច្បាប់ហាមឃាត់ក្នុងប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក រួមទាំងកម្ពុជា យើងផងដែរ។


ទោះជាយ៉ាងណា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា កាលពីពេលថ្មីៗនេះបានអនុញ្ញាតឱ្យធ្វើអាជីវកម្មកញ្ឆាដោយស្របច្បាប់គួរឱ្យភ្ញាក់ផ្អើល ដើម្បីទាញទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលរដ្ឋ។

ក្រោយត្រូវបានអនុញ្ញាតដោយច្បាប់ ហាងកញ្ឆាថ្មីៗត្រូវបានបើកជាបន្តបន្ទាប់ រីកដូតផ្សិតយ៉ាងឆាប់រហ័ស។ តួយ៉ាង ក្រុមហ៊ុន Siam Cannaverse Co ដែលជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន Pethlanna Organic និងក្រុមហ៊ុនកែច្នៃកញ្ឆា Raggan 420 Co កំពុងមានគម្រោងបង្កើនចំនួនហាងកញ្ឆារបស់ខ្លួនយ៉ាងច្រើនក្នុងពេលឆាប់ៗនេះដើម្បីកើបលុយពីអាជីវកម្មនេះ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឱ្យដឹងថា ក្រុមហ៊ុនខាងលើនេះមានគម្រោងបើកហាងកញ្ឆាថ្មីៗ រហូតដល់ទៅ២០សាខានៅគោលដៅទេសចរណ៍សំខាន់ៗចំនួន១០ដូចជានៅកោះភូកេត (Phuket) ខេត្តក្របី (Krabi) ខេត្តផាង ង៉ា (Phang Nga) ខេត្តរ៉ាក់យ៉ង (Rayong) ខេត្តឈុនប៊ូរី (Chon Buri) ហួហ៊ីន (Hua Hin) ក្រុងឈៀងម៉ៃ (Chiang Mai) ក្រុងផាត់តយ៉ា (Pattaya) និងកោះសាមួយ (Samui) ២ទីតាំង។

ហាងមួយចំនួននឹងត្រូវដំណើរការដោយក្រុមហ៊ុន Siam Cannaverse ចំណែកឯហាងខ្លះទៀតនឹងស្ថិតក្រោមប្រព័ន្ធហ្វ្រែនឆាយ (Franchise)។

វិនិយោគិនដែលចាប់អារម្មណ៍ចង់បោះទុន ត្រូវបានតម្រូវឱ្យវិនិយោគក្នុងទំហំទឹកប្រាក់១លានបាត (២៨.០០០ដុល្លារអាមេរិក) សម្រាប់ថ្លៃហ្វ្រែនឆាយ និង៨០០.០០០បាត (២២.៥០០ដុល្លារអាមេរិក) សម្រាប់ការធានាលើអាជីវកម្មសម្រាប់កិច្ចសន្យារយៈពេល២ឆ្នាំ៕

កំណើនផ្ទះសម្រាប់ធ្វើអាជីវកម្មកាន់តែមានសន្ទុះខ្ពស់ខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ៥

ដោយ៖ សុផារី

ភ្នំពេញ៖ ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នា រវាងរាជធានីភ្នំពេញទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន។​

ប្រធានគ្រប់គ្រងសាខារបស់ក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌឬស្សីកែវ កញ្ញាសូ សុគុណឌឿន បានលើកឡើងថា រំហូរចរាចរណ៍ដែលឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅបណ្តាខេត្តនានានឹងកាន់តែល្អប្រសើរ និងមមាញឹកជាងមុ​ន។ កត្តានេះនឹងជួយជំរុញសក្តានុពលតំបន់ដែលចេញពីរាជធានីភ្នំពេញ ដូចជាកំណាត់ផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវ ដោយបង្កើនតម្រូវការផ្ទះសម្រាប់ធ្វើអាជីវកម្មកាន់តែច្រើន។​

កញ្ញាបន្តថា “បើធៀបនឹង ៣ ឆ្នាំមុន​ ទីតាំងមួយចំនួននៅតាមបណ្តោយផ្លូវជាតិលេខ ៥ ហាក់មានការអភិវឌ្ឍតិចតូច។ ប៉ុន្តែបច្ចុប្បន្ន សហគមន៍ផ្សារទំនើប និងលំនៅឋានដ្ឋានបែបអាជីវកម្មនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខណ្ឌឬស្សីកែវមានការអភិវឌ្ឍជាបន្តបន្ទាប់ ដោយសារតំបន់នេះមានទំហំដីធំៗច្រើន និងតម្លៃដីមានលក្ខណៈប្រកួតប្រជែង បើធៀបនឹងតំបន់សក្តានុពលផ្សេងៗទៀត”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានលើកឡើងថា ម្ចាស់គម្រោង​ធំៗមួយចំនួនបានទិញដីនៅតំបន់ចន្លោះផ្លូវជាតិលេខ៥ និងផ្លូវ៦A ហើយលាតសន្ទឹងដល់ផ្លូវ៦១ ក្នុងគោលដៅអភិវឌ្ឍន៍ជាអគារពាណិជ្ជកម្ម និងសំណង់លំនៅដ្ឋាននាពេលអនាគត។

លោកថ្លែងថា ​”ជាពិសេសក្រវាត់ក្រុងផ្លូវជាតិលេខ៥​ ផ្លូវជាតិ​៦A នឹងមានកំណើនសន្ទុះនៃការអភិវឌ្ឍ ព្រោះ ម្ចាស់បុរី​ធំៗកំពុង​អភិវឌ្ឍរួមគ្នានៅតំបន់ផ្លូវជាតិទាំងពីរនេះ។ គាត់ទិញដីធំៗច្រើនណាស់ អ៊ីចឹងពេលក្រោយទៅអគារណិជ្ជកម្មខ្ពស់ៗ នឹងទៅប្រមូលផ្តុំនៅតំបន់នោះ”។

ផ្លូវជាតិលេខ៥ តភ្ជាប់ភ្នំពេញជាមួយខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នផ្លូវជាតិមួយខ្សែនេះកំពុងអភិវឌ្ឍដោយពង្រីកពី២គន្លង ទៅ៤កន្លង គិតចាប់ពីចំនុចព្រែក្តាម រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងផ្លូវជាតិនេះ មានប្រវែងសរុប៣៦៦គីឡូម៉ែត្រ គ្រោងចំណាយប្រមាណ​៥០០លានដុល្លារអាមេរិក ដែលជាកម្ចីឥណទានរបស់រដ្ឋាភិបាលជប៉ុន៕

កម្ពុជាទទួលបានទេសចរអន្តរជាតិជាង៧៤ម៉ឺននាក់កើនឡើង៥៦០ភាគរយក្នុងរយៈពេល៧ខែដើមឆ្នាំនេះ

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ នៅទូទាំងប្រទេសកម្ពុជា ទទួលបានទេសចរអន្តរជាតិជាង ៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ។


នេះបើតាមលោក ថោង ខុន រដ្ឋម ន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែង ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលដល់អ្នកជំនាញទេសចរណ៍ នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ការបើកដំណើរការសេដ្ឋកិច្ច សង្គមឡើងវិញនេះ បានជំរុញឱ្យមានការកម្សាន្តទេសចរណ៍ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាក្នុងខេត្តសៀមរាប រាជធានីភ្នំពេញ ក៏ដូចជាខេត្តព្រះសីហនុ និងគោលដៅទេសចរណ៍មួយចំនួនទៀត មានសកម្មភាពទេសចរណ៍ជាច្រើនឡើងវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថា “ក្នុងរយៈពេល៧ខែដើម ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិ ប្រមាណជាង៧៤ម៉ឺននាក់ កើនឡើង៥៦០%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងដំណាក់កាលវិបត្តិកន្លងទៅ”។

ដោយឡែក សម្រាប់ខេត្តសៀមរាប រយៈពេល៧ខែដើមឆ្នាំ២០២២ មានទេសចរផ្ទៃក្នុង១.២៤២.៨៥៤នាក់ កើនឡើង៨៩០%ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ដែលក្នុងនោះទេសចរជាតិមាន ១.១៥៩.០០០នាក់ កើនឡើង៧៩៩% និងទេសចរបរទេសផ្ទៃក្នុង ៨៣.៨៥៤នាក់ កើនឡើង១៣៥២%។

លោក ថោង ខុន បានបន្តថា ក្នុងបរិការណ៍នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍នេះ ក្រសួងទេសចរណ៍បានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងគុណភាព សេវាកម្មប្រកបដោយគុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរតាមគន្លងថ្មី និងបន្តជំរុញផ្សព្វផ្សាយទាក់ទាញទេសចរណ៍ ទាំងទេសចរណ៍អន្តរជាតិ និងទេសចរណ៍ក្នុងស្រុក ដែលជាទិសដៅយុទ្ធសាស្រ្តក្នុងដំណាក់កាលទី២ នៃផែនការស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍ ក្នុងនិងក្រោយដំណាក់កាលកូវីដ-១៩ ឆ្នាំ២០២០-២០២៥៕

បុរី GB Residence កែប្រែសក្តានុពលតំបន់ផ្លូវក្រវាត់ក្រុងទី៣ក្លាយជាទីតាំងវិនិយោគល្អបំផុតសម្រាប់គម្រោងបុរី

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងធំៗជាច្រើនបានឈានជើងចូលទៅវិនិយោគ នៅក្នុងតំបន់ផ្លូវក្រវាត់ក្រុងទី៣ ហើយបាន និងកំពុងធ្វើឱ្យទីតាំងនេះក្លាយជាទីតាំងវិនិយោគល្អបំផុត សម្រាប់គម្រោងលំនៅឋានប្រភេទបុរី។ ជាក់ស្តែង បុរី GB Residence ជាបុរីធំមួយដែលបានហ្នឹងកំពុងបោះទុនវិនិយោគលើផ្ទៃដីជាង១០ហិចតា រួមជាមួយហ្នឹងគុណតម្លៃពិសេសៗជាច្រើន។

លោក តាំង កៅគៀត នាយកប្រតិបត្តិ របស់បុរី GB Residence បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសន៌ជាមួយគេហទំព័រ Property Area Asia ថាគម្រោងបុរី GB ជ្រើសរើសទីតាំងផ្លូវក្រវាត់ក្រុងទី៣ សម្រាប់ការអភិវឌ្ឍន៌បុរី ដោយសារហេតុផលសំខាន់ៗមួយចំនួន។
លោក តាំង កៅគៀត បានឱ្យដឹងថា ហេតុផលទី១ តំបន់ខាងលើនេះជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍន៌ខ្លាំង ទោះបីជាទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ក៏ដោយ ការអភិវឌ្ឍន៌លើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការអភិវឌ្ឍន៌ព្រលានយន្តហោះថ្មី នៅតែបន្តដំណើរការយ៉ាងសកម្ម។

លោកបានបន្តថា ជាពិសេសតំបន់នេះមានទីតាំងជិតគម្រោងអភិវឌ្ឍន៍ធំៗ មជ្ឈមណ្ឌលសេដ្ឋកិច្ច ផ្សារទំនើបៗ សាលារៀនអន្តរជាតិផ្សេងៗ ដែលនឹងធ្វើឱ្យតំបន់នេះក្លាយជាទីតាំងល្អបំផុតសម្រាប់ការរស់នៅ។ បន្ថែមលើសនេះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅទីនេះមានភាពប្រទាក់ក្រឡាគ្នា ដែលអាចភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗ ដែលជាសរសៃឈាមសេដ្ឋកិច្ច ហើយភ្ជាប់ទៅកាន់កំពង់ផែស្វយ័តក្រុងភ្នំពេញ។

លោកបន្ថែមទៀតថា ជាពិសេសព្រះលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលគ្រោងនឹងចាប់ផ្តើមដំណើរការនាពេលឆាប់ៗនេះ ក៏នឹងនាំមកនូវទេសចរណ៌ ព្រមទាំងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនផងដែរ។

បើយោងតាម នាយកប្រតិបត្តិ ជាន់ខ្ពស់ខាងលើ បានឱ្យដឹងថាគម្រោងបុរី GB Residence ត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង១០ហិចតា ដោយបែងចែកចេញជាដំណាក់កាល ក្នុងនោះដំណាក់កាលទី១ សម្រេចការសាងសង់បានចំនួន២០ភាគរយហើយ។
លោក កៅគៀត បានបញ្ជាក់ថា ទោះបីជាប្រឈមនឹងផលប៉ះពាល់ពីកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចសកលក្តី គម្រោងបុរី GB នៅតែបន្តទទួលបានការគាំទ្រពីសំណាក់អតិថិជនជាបន្តបន្ទាប់។
មូលហេតុ ដែលបណ្តាលឲ្យបុរី GB នៅតែពេញនិយម ក្នុងចំណោមអ្នកទិញ ព្រោះបុរីស្ថិតនៅផ្លូវក្រវាត់ក្រុងទី៣ត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ ហើយជាប់នឹងផ្លូវរដ្ឋ៥០ម៉ែត្រ ដែលអនុញ្ញាតឱ្យអ្នកទិញប្រកបរបររកស៊ីបានយ៉ាងងាយស្រួល។ បន្ថែមលើសនេះ គុណភាពខ្ពស់នៃផ្ទះក្នុងបុរី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដូចជាសួនច្បារ ការរចនាឌីហ្សាញ ជាដើមត្រូវបានគិតគូរដល់សុខុមាលភាពនៃការរស់នៅរបស់ប្រជាជន។
លោកបញ្ជាក់ថា “ប្លង់ផ្ទះត្រូវបានគូរប្លង់ ដោយស្ថាបត្យករលំដាប់អន្តរជាតិ ធ្លាប់ឈ្នះរង្វាន់ជាច្រើននៅទីក្រុងឌូបៃ។ ប្លង់ដែលត្រូវបានគូរចេញមក ត្រូវបានគិតគូរអំពីភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ ម៉ូតទាន់សម័យ និងប្រកបដោយគុណភាពផងដែរ”។

លោកបញ្ជាក់ថា បុរី GB បានព្យាយាមធ្វើឱ្យប្រសើរលើភាពបៃតង ដូចជា ការប្រើប្រាស់ឧបករណ៍សន្សំសំចៃថាមពលខ្ពស់ ដែលរួមចំណែកដល់ការកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការឡើងកំដៅពិភពលោក។ ពិសេសជាងនេះទៅទៀត បុរីបានរៀបចំសាងសង់សួនច្បារទំហំប្រហែល ១០០ម៉ែត្រគុណនិង២០ម៉ែត្រ ហើយគ្រប់ផ្ទះទាំងអស់អាចភ្ជាប់ទៅកាន់សួនច្បារនេះបាន ដើម្បីជាទីកន្លែងកំសាន្ត និងហាត់ប្រាណបាន។
បុរី GB មាន២ប្រភេទផ្ទះធំៗ រួមមាន ផ្ទះអាជីវកម្ម (Shop house) និងវីឡាភ្លោះ (Twin Villa) ប្រកបដោយលក្ខខណ្ឌបង់ប្រាក់ល្អបំផុត។ តម្លៃផ្ទះមានតម្លៃចាប់ផ្ដើមពី ៨០.០០០ដុល្លារឡើងទៅជាមួយនឹងការបញ្ចុះតម្លៃជាច្រើនផងដែរ៕

ប្រធានាធិបតីឥណ្ឌូនេស៊ីកំពុងតាមចែចូវក្រុមហ៊ុន Tesla ឱ្យមកផលិតរថយន្តអគ្គិសនីនៅប្រទេសខ្លួន

ដោយ៖ សុខុម

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla មកផលិតរថយន្ត និងអាគុយរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃសុក្រ ទី១៩ ខែសីហា នេះ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានដ៏ល្បីល្បាញ Bloomberg News កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា លោក Joko Widodo បានបង្ហើបឱ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីចង់ បាន “ប្រព័ន្ធអេកូឡូស៊ីយ៉ាងធំនៃរថយន្តអគ្គិសនី” ជាជាងគ្រាន់តែទាញយកធនធានធម្មជាតិរបស់ខ្លួនដើម្បីផលិតអាគុយ។

លោកក៏បានលើកឡើងដែរថា ប្រទេសឥណ្ឌូនេស៊ី កំពុងពិចារណាកំណត់ពន្ធលើការនាំចេញរ៉ែនីកែល (Nickel) នៅឆ្នាំនេះដើម្បីបង្កើនប្រាក់ចំណូលរបស់រដ្ឋ។ ក្រុមមន្ត្រីឥណ្ឌូនេស៊ី បាននិយាយថា ការកំណត់ពន្ធនេះអាចនឹងធ្វើឡើងនៅក្នុងត្រីមាសទី៣ ឆ្នាំនេះ។

ប្រធានាធិបតីដ៏មានប្រជាប្រិយភាពរូបនេះ និងក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ កាលពីដើមឆ្នាំនេះ បានជួបជាមួយលោក Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ហើយពេលនោះពួកលោកបានស្នើសុំឱ្យកំពូលមហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតរបស់ពិភពលោករូបនេះ ពិចារណាចាត់ទុកប្រទេសឥណ្ឌូនេស៊ី ជាមជ្ឈមណ្ឌលផលិតរថយន្តបន្ថែមពីលើការផលិតអាគុយ។

ទោះជាយ៉ាងណា ពេលភ្នាក់ងារព័ត៌មានទាក់ទងទៅ តំណាងក្រុមហ៊ុន Tesla មិនបានឆ្លើយបំភ្លឺទេជុំវិញបញ្ហានេះ។ ចំណែកឯក្រសួងវិនិយោគរបស់ឥណ្ឌូនេស៊ី ក៏មិនបានឆ្លើយតប នឹងសំណួរទាក់ទងនឹងវឌ្ឍនភាពលើកិច្ចព្រមព្រៀង ដែលអាចកើតមានឡើងជាមួយក្រុមហ៊ុន Tesla នោះដែរ៕

គម្រោងវិនិយោគថ្មីៗចំនួន៤​ក្រោមទុនវិនិយោគ១៧លានដុល្លារត្រូវបានអនុម័តឱ្យដំណើរការ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៤ទៀត សរុបទុនវិនិយោគ១៧លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។

តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់រោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៣២៨កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- “Xing Gang Wood Industry (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមបង្គុំ និងសម្ភារៈតុបតែងលំអធ្វើពីឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២៥០នាក់។

២- “Zhejiang Jeni Furniture Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងស្រោមសាឡុង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជឺ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៤០០នាក់។

៣- “FF.LL (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨៣០នាក់៕

ទីផ្សារអចលនទ្រព្យបែបទេសចរណ៍នៅមិនទាន់ស្រូបយកការផ្គត់ផ្គង់ មានស្រាប់នៅឡើយទេ

ដោយៈ សុផារី

ភ្នំពេញៈ ទោះបីស្ថានភាពលំហូរទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរបរទេ​ស បានចាប់ផ្តើមបង្ហាញសញ្ញាល្អប្រសើរក្តី ប៉ុន្តែទីផ្សារអចលនទ្រព្យទេសចរណ៍ ហាក់នៅមិនទាន់មានច្រើនឡើយ បើប្រៀបធៀបជាមួយការផ្គត់ផ្គង់ ដែលមានស្រាប់នៅក្នុងទីផ្សារ។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia កាលពីព្រឹកថ្ងៃទី១៩ សីហាននេះថា ចរន្តទេសចរផ្ទៃក្នុង ដែលចាប់ផ្តើមកម្រើកឡើងវិញនាពេលថ្មីៗនេះ បានស្រូបយកការផ្គត់ផ្គង់នៅក្នុងទីផ្សារមួយនេះ បានត្រឹមប្រមាណ២០ភាគរយតែប៉ុណ្ណោះ ខណៈតម្រូវការពីទេសចរបរទេសហាក់នៅមានកម្រិត។

លោកឧកញ៉ាបន្តថា “សម្រាប់អចលនទ្រព្យទាំងឡាយណា ដែលបម្រើឱ្យវិស័យទេសចរណ៍នាពេលសព្វថ្ងៃនេះ នៅមិនទាន់មានភាពល្អប្រសើរណាស់ណានោះទេ ដោយសារទីផ្សារមួយនេះពឹងផ្អែកសំខាន់លើលំហូរចេញចូលនៃទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក”។ លោកបន្តថា “ទីផ្សារនៅក្នុងស្រុកនៅបន្តមានការគាំទ្រ ប៉ុន្តែវាមិនទាន់ឆ្អែតជាមួយការផ្គត់ផ្គង់ ដែលមានស្រាប់នៅឡើយទេ”។

ក្នុងចំណោមការផ្គត់ផ្គង់ចំនួន១០០ ការស្រូបយកការផ្គត់ផ្គង់ទើបតែទទួលបានត្រឹមតែ១០ ទៅ២០ទេ”។

លោកឧកញ៉ានួន រិទ្ឋីបានលើកឡើងបន្តថា យ៉ាងណាក្តី ក្រោយស្ថានភាពកូវីដ១៩មានភាពល្អប្រសើរ លំហូរទេសចរបរទេសមកពីសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ជាដើម ចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមាន។ ជាក់ស្តែង នៅក្នុងខេត្តសៀមរាប ចាប់ផ្តើមមានភាពល្អប្រសើរឡើង ចំណែកភូមិភាគឦសាន មានភាពអ៊ូអរនៅក្នុងរដូវកាលបុណ្យទានធំៗ។

លោកបន្ថែមថា ចំណែកស្ថានភាពទេសចរណ៍ក្រៅប្រទេស ទីផ្សារប្រភេទចិន នៅមិនទាន់មានភាពល្អប្រសើរឡើយ ព្រោះការរឹតបន្តឹងខ្លាំង ដោយសារស្ថានភាពកូវីដ១៩ ក្នុងប្រទេសចិន។ ចំណែកភ្ញៀវទេសចរពីទ្វីបអឺរ៉ុប ក៏ហាក់នៅមិនទាន់មានការកើនឡើងច្រើនដែរ ដោយសារគ្រប់គ្នាពិចារណាលើការចំណាយ ជាពិសេសក្នុងវិបត្ដិអតិផរណា ដែលបណ្តាលមកពីសង្រ្គាមរុស្ស៊ីនិងអ៊ុយក្រែន។

លោកឧកញ៉ាបានបញ្ជាក់ថា “ប្រភពមានបញ្ហានៅទីណា នោះយើងក៏មានបញ្ហាដែរ”។

លោកប៊ឹក ពោធិ៍ ប្រធានសាខាក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចំាខេត្តពោធិ៍សាត់ បានប្រាប់គេហទំព័រ Property Area Asia នៅក្នុងសប្តាហ៍នេះថា ការវិនិយោគដីធ្លីសម្រាប់ការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍ ចាប់ផ្តើមមានសន្ទុះខ្ពស់ឡើងវិញ តាមរយៈការស្វែងរកទិញដី នៅតាមបណ្តាខេត្តសំខាន់ៗ ក្នុងគោលបំណងសាងសង់ជាអចលនទ្រព្យ បែបអេកូទេសចរណ៍ មាន បឹងកាឡូ រីសត សណ្ឋាគារ កន្លែងកំសាន្ត ជាដើម។

ជាក់ស្តែង នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់គោលដៅ ដែលមានសក្តានុពលខ្លាំងមួយ ដែលបានស្រូបយកការដោះដូរ និងអភិវឌ្ឍន៍អចលនទ្រព្យទេសចរណ៍ថ្មី។

យ៉ាងណាក្តី លោកលើកឡើងថា ទេសចរ ដែលបានមកកំសាន្តនៅក្នុងតំបន់ខាងលើភាគច្រើន ជាភ្ញៀវទេសចរផ្ទៃក្នុង មិនសូវជាមានទេសចរបរទេ​សប៉ុន្មានទេ៕

រដ្ឋមន្រ្តីសាធារណៈការអំពាវនាវឱ្យប្រជាជនប្រើប្រាស់រថយន្តអគ្គិសនី

ដោយ: លាងហួរ

ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី (EVs) ខណៈដែលរថយន្ត EV ថ្មីចំនួន១៥៥ត្រូវបានចុះបញ្ជីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។

លោកបានមានប្រសាសន៍ថា ការប្រើប្រាស់រថយន្តEV នៅក្នុងប្រទេ​សកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងខែមករា ដល់ខែកក្កដា ឆ្នាំ២០២២។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះបញ្ជីរថយន្តEV ចំនួន១៥៥គ្រឿង ដែលកើនឡើងគួរឱ្យកត់សម្គាល់ពីរថយន្តEV ត្រឹមតែ១១គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបានមានប្រសាសន៍ថា លោកចង់អំពាវនាវឱ្យប្រជាជនរបស់យើងលើកកម្ពស់ការប្រើប្រាស់ EVs និងម៉ូតូអគ្គិសនី លោកបន្ថែមថាការប្រើប្រាស់ EVs ក៏ជួយកាត់បន្ថយការចំណាយ ដោយសារការបញ្ចូលភ្លើង EV មានតម្លៃថោកជាងការចាក់ប្រេងសាំង ឬម៉ាស៊ូត ហើយនិងមិនប៉ះពាល់ដល់បរិស្ថាន។

លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា បច្ចុប្បន្នស្ថានីយ៍សាក EV មាននៅ៤ទីតាំងក្នុងប្រទេសកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា ទីតាំងមួយគឺនៅក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និង៣ទីតាំងទៀតនៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង៕

បុរីវិមានសំណាងត្រៀមបង្ហាញផ្ទះវីឡាគំរូនិងកំពុងពន្លឿនការសាងសង់វីឡាជាច្រើនប្រភេទសម្រាប់អតិថិជន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ បុរីវិមានសំណាងបាន និងកំពុងសម្រេចបានតាមវឌ្ឈនភាពនិងផែនការរបស់ខ្លួន ដោយបច្ចុប្បន្នការសាងសង់ផ្ទះគំរូ និងវីឡាជាច្រើនប្រភេទបានចាប់ផ្តើមនិងត្រៀមបញ្ចប់បណ្តើរ។

ជាមួយនឹងទីតាំងអំណោយផល ស្ថិតនៅជាប់ដងព្រែកធម្មជាតិ និងជាតំបន់សម្រាប់រស់នៅរបស់ក្រុមអភិជន បុរីវិមានសំណាងដំណាក់កាលទី១ បាននិងកំពុងសាងសង់លើផ្ទៃដី១០ហិកតា លើទំហំផ្ទៃដីសរុប២៥ហិកតា។

លោកជំទាវឧកញ៉ាគង់ សំណាងអគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម នាព្រឹកថ្ងៃទី១៩ សីហានេះថា បច្ចុប្បន្នការសាងសង់ផ្ទះគំរូបានជិតបញ្ចប់ហើយ និងត្រៀមបង្ហាញជូនអតិថិជនចូលទស្សនានាពេលឆាប់ៗខាងមុខនេះ។ លោកជំទាវបន្តថា ចំនែកវីឡាព្រីន និងវីឡាឃ្វីនបាន និងកំពុងសាងសង់ជូនដល់អតិថិជន ដែលបានជាវផ្ទះក្នុងបុរីនេះផងដែរ។

លោកជំទាវបន្តថា “ក្រុមហ៊ុនរបស់យើង កំពុងបុកគ្រឹះសាងសង់វីឡាជាច្រើន សម្រាប់បំពេញតម្រូវការ និងអតិថិជនដែលបានជាវលំនៅដ្ឋានក្នុងបុរីនេះ”។ លោកជំទាវបន្តថា  “ផ្ទះគំរូប្រភេទព្រីន និងវីឡាឃ្វីនសាងសង់បានប្រមាណ៥០ភាគរយហើយ ហេតុនេះអតិថិជន ដែលកំពុងរង់ចាំមើលផ្ទះគំរូ និងអាចបានទស្សនាឆាប់ៗនេះ”។

បុរីវិមានសំណាង ផ្តោតលើរចនាបទលំនៅដ្ឋានបែបក្លាសិក និងផ្តោតទីផ្សារលើក្រុមអភិជន ដែលលំនៅដ្ឋាននេះផ្តោតលើគុណភាព ផ្តោតលើការសន្សំសំចៃអគ្គិសនី និងភាពមនោរម្យសម្រាប់អ្នករស់នៅក្នុងបុរីនេះ។ ផ្ទះវីឡា និងផ្ទះអាជីវកម្មទាំងអស់ ត្រូវបានសាងសង់ឡើងដោយប្រើឥដ្ឋ២០ មានបង្អួចច្រើនដែលផ្តល់ឲ្យពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ មានការចាក់បេតុងនៅជាន់ដំបូល ដើម្បីការពារជម្រាបទឹកជាដើម។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា “ការវិនិយោគរបស់ក្រុមហ៊ុន​មិនផ្តោតលើប្រាក់ចំណេញជាអាទិភាពទី១ទេ ប៉ុន្តែយើងផ្តោតលើផា​សុខភាព ប្រណីតភាព ព្រោះរចនាបទនិងម៉ូតផ្ទះរបស់យើង មានតម្លៃខ្ពស់ចន្លោះពី២០ទៅ៣០ភាគរយ ធៀបនឹងសំណង់លំនៅដ្ឋានឬប្រភេទវីឡាធម្មតា”៕