សហភាពអឺរ៉ុបនិងមហាយក្សចិនគ្រោងជួបចរចាពាណិជ្ជកម្មស្របពេលភាពតានតឹងកំពុងឡើងកម្ដៅ

សុខុម

ប៉េកាំង: សហភាពអឺរ៉ុប និងមហាយក្សចិន នឹងបើកកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់មួយ នៅថ្ងៃអង្គារ ទី១៩ ខែកក្កដានេះ ស្របពេលភាពតានតឹងកំពុងឡើងកម្ដៅលើបញ្ហាមួយចំនួន រួមទាំងសង្រ្គាមនៅអ៊ុយក្រែន បញ្ហានៅតំបន់ស៊ីនជាំង និងកិច្ចព្រមព្រៀងវិនិយោគ ដែលមិនទាន់បានអនុម័តនៅឡើយផងដែរ។

លោក Valdis Dombrovskis អនុប្រធាននាយកប្រតិបត្តិ នៃគណៈកម្មការសហភាពអឺរ៉ុប (EU Commission) បានសរសេរបង្ហោះលើគណនីបណ្ដាញទំនាកទំនងសង្គម Twitter របស់លោក កាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដាថា “កិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្រិតខ្ពស់ #EUChina លើកទី៩ នឹងប្រព្រឹត្តទៅនៅថ្ងៃស្អែកថ្ងៃទី១៩ ខែកក្កដា”។

 

លោកបានលើកឡើងបន្ថែមទៀតថា “ខ្ញុំទន្ទឹងរង់ចាំធ្វើជាសហប្រធានក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ  រួមគ្នាជាមួយឧបនាយករដ្ឋមន្ត្រីចិន Liu He”។

ប្រភពការទូតលោកខាងលិច បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កិច្ចចរចានេះនឹងធ្វើឡើងតាម Video Conference នាពេលរសៀលម៉ោង នៅក្រុងប៉េកាំង ថ្ងៃអង្គារ ទី១៩ ខែកក្កដានេះ។

 

ជុំចុងក្រោយ នៃការចរចាបែបនេះត្រូវបានធ្វើឡើង កាលពីខែកក្កដា ឆ្នាំ២០២០ ហើយក៏ត្រូវបានដឹកនាំដោយលោក Valdis Dombrovskis និងលោក Liu He ដូចគ្នាដែរ៕

អ្នកជំនាញសេដ្ឋកិច្ចបង្ហាញកត្តាជំរុញឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពរឹងមាំនិងមានភាពធន់ខ្ពស់

ដោយ៖ សុផារី

 

ភ្នំពេញ៖ ទោះប្រឈមឥទ្ធិពលកូវីដ-១៩ក្តី វិស័យអចលនទ្រព្យកម្ពុជា នាពេលបច្ចុប្បន្ននេះ នៅបន្តទទួលបានការវិនិយោគ និងមានភាពរីកចម្រើន។ អ្នកជំនាញលើកឡើងថា ការរីកចម្រើននេះអាស្រ័យដោយកត្តាសំខាន់ៗចំនួនពីរ។

 

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាបានគូសបញ្ជាក់ថា វិស័យអចលនទ្រព្យមានភាពរីកចម្រើននិងរឹងមាំ អាស្រ័យដោយកត្តាការវិនិយោគនៅក្នុងប្រទេសផ្ទាល់ និងការវិនិយោគរបស់បរទេសចូលមកកាន់កម្ពុជា។

 

សម្រាប់កត្តាផ្ទៃក្នុង លោកបណ្ឌិតលើកឡើងថា វិស័យមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការរីកចម្រើន នៃវិស័យអាទិភាពសំខាន់ៗផ្សេងៗទៀត រួមមាន វិស័យទេសចរណ៍ ពាណិជ្ជកម្ម ជាដើម។ លោកបណ្ឌិតថា “វិស័យអចលនទ្រព្យ គឺជាវិស័យមួយ ដែលមិនមែនដើរដោយខ្លួនឯងទេ ជាទូទៅកម្រើកបានដោយសារវិស័យផ្សេងទៀត ដែលមានការរីកចម្រើន ទើបជំរុញឱ្យវិស័យនេះមានការកម្រើកទាំងអស់”។

លោកបណ្ឌិតបានបន្តថា “ប៉ុន្តែប្រសិនបើវិស័យផ្សេងៗទៀត ដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម ការវិនិយោគ វិស័យឧស្សាហកម្ម មិនមានសកម្មភាពខ្លាំង នោះវិស័យអចលនទ្រព្យមិនសូវកម្រើកខ្លាំងនោះទេ គ្រាន់តែកម្រើកទៅតាមតំបន់ តាមកន្លែង ដែលមានតម្រូវការជាក់លាក់ និងសម្រាប់តែអ្នកមានលទ្ធភាព និងមិនច្រើនភាគរយនោះទេ”។

 

ជាមួយគ្នានេះ ស្របពេលមានវិបត្តិ អ្នកវិនិយោគខ្លះបានឆ្លៀតឱកាសប្រមូលទិញដីធ្លី ខណៈមានចំនួនការលក់ចេញច្រើនរបស់អ្នកលក់ ដើម្បីបង្វិលលំហូរសាច់ប្រាក់ ឬយកថវិកាប្រើប្រាស់។  ប្រជាជននៅតាមបណ្តាខេត្តនានាក៏មានចំណាប់អារម្មណ៍វិនិយោគលើអចលនទ្រព្យនៅតាមទីប្រជុំជននានាផងដែរ។ ប្រជាពលរដ្ឋខ្លះទៀត ចេញធ្វើការងារ ឬទើបរៀបការថ្មី ក៏ចាប់ផ្តើមវិនិយោគលើអចលនទ្រព្យ ដូចជា ដីឡូត៍ ផ្ទះល្វែង ។ល។ ដែលធ្វើមានចរន្តសេដ្ឋកិច្ច។

លោកបណ្ឌិតបញ្ជាក់ថា “ចរន្តនៅក្នុងស្រុក វិនិយោគិនមួយចំនួនមិនចង់ទុកលុយនៅក្នុងផ្ទះ គាត់បានបញ្ចេញលុយរបស់ទិញដីទុក ដើម្បីចំណេញ។ នេះហើយដែលធ្វើឱ្យមានភាពរឹងមាំក្នុងវិស័យអចលនទ្រព្យ”។

 

ចំណុចមួយទៀត លោកបណ្ឌិតអះអាងថា វិនិយោគិនបរទេស មើលឃើញជារួមថា ប្រទេសកម្ពុជាជាប្រទេសមានស្ថានភាពលក្ខខណ្ឌនយោបាយល្អ សេដ្ឋកិច្ចល្អ លក្ខខណ្ឌភូមិសាស្ត្រល្អ មានដីជីវជាតិល្អ រួមទាំងវប្បធម៌ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើឱ្យមានភាពទាក់ទាញ។

 

លោកបណ្ឌិតថា “ការវិនិយោគពីបរទេសបានចាក់ចូលក្នុងវិស័យផ្សេងៗ នៃសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យវិស័យអចលនទ្រព្យ វិស័យសំណង់ វិស័យធនាគារ វិស័យមីក្រូហិរញ្ញវត្ថុ ។ល។ បានជ្រាបចូលក្នុងសេដ្ឋកិច្ចសង្គម”។

 

ជារួម លោកបណ្ឌិតលើកឡើងថា វិស័យអចលនទ្រព្យមានការរីកចម្រើនអាស្រ័យការគួបផ្សំរវាងចរន្តវិនិយោគលើវិស័យនានា ទាំងចរន្តវិនិយោគផ្ទៃក្នុង និងលំហូរវិនិយោគពីក្រៅប្រទេសផង៕

ប្រទេសថៃអនុម័តគម្រោងកំពង់ផែតម្លៃជាង៨៧លានដុល្លារអាមេរិកក្នុងខេត្តរះយ៉ង

ដោយ៖ លាងហួរ

ប្រទេសថៃ៖ គណៈរដ្ឋមន្ត្រីបានអនុម័តកិច្ចព្រមព្រៀងភាពជាដៃគូសាធារណៈ និងឯកជន ដែលមានតម្លៃ៣,២២ពាន់លានបាត(ប្រមាណជាង៨៧លានដុល្លារអាមេរិក) ដើម្បីគ្រប់គ្រងកំពង់ផែឧស្សាហកម្ម Map Ta Phut ក្នុងខេត្តរះយ៉ង។

លោកស្រី Rachada Dhnadirek អ្នកនាំពាក្យរងស្តីទីរបស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ដើម្បីដំណើរការកំពង់ផែឧស្សាហកម្ម Map Ta Phut នឹងត្រូវគ្រប់គ្រងដោយអាជ្ញាធរឧស្សាហកម្មនៃប្រទេសថៃ (IEAT) និងស្ថានីយតភ្ជាប់ថៃ (TCT)។  សម្បទានជាមួយប្រតិបត្តិករបច្ចុប្បន្ន គ្រោងនឹងផុតកំណត់ ត្រឹ​មថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ។

ក្រោមកិច្ចព្រមព្រៀងវិនិយោគរួមថ្មី IEAT នឹងអនុញ្ញាតឱ្យ TCT ដំណើរការ និងប្រើប្រាស់ទ្រព្យសម្បត្តិ ដែលមានស្រាប់របស់កំពង់ផែឧស្សាហកម្ម Map Ta Phut ដែលមានតម្លៃ៩៦៣លានបាតសម្រាប់រយៈពេល៣០ឆ្នាំ ខណៈក្រុមហ៊ុន TCT បានសន្យាថានឹងវិនិយោគចំនួន២,២៥ពាន់លានបាត ​ដើម្បីអភិវឌ្ឍកំពង់ផែ និងប្រតិបត្តិការសេវាកម្មបន្ថែមទាក់ទងនឹងកុងតឺន័រ ដូចជាការដំឡើងស្ទូច ដើម្បីលើកកុងតឺន័រ ការជួសជុលកុងតឺន័រ សេវាសម្អាត និងការអភិវឌ្ឍន៍ទីធ្លាកុងតឺន័រ។

កាលពីថ្ងៃច័ន្ទ អាជ្ញាធរដឹកជញ្ជូនសាធារណៈទីក្រុងបាងកក (BMTA) ត្រូវបានអនុញ្ញាតឱ្យស្វែងរកប្រាក់កម្ចីថ្មីចំនួន៧,៥១ពាន់លានបាតដើម្បីបង្កើនសាច់ប្រាក់ងាយស្រួល និងបង់ថ្លៃប្រេងឥន្ធនៈ ជួសជុល និងថែទាំ ដោយក្រសួងហិរញ្ញវត្ថុដើរតួជាអ្នកធានាប្រាក់កម្ចី។

យោងតាមអ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាល លោកស្រី Traisuree Taisaranakul ប្រាក់ចំនួន២,២៥ពាន់លានបាតនឹងត្រូវប្រើប្រាស់សម្រាប់ចំណាយលើថ្លៃប្រេងឥន្ធនៈ ១,៤២ពាន់លានបាតនឹងត្រូវចំណាយលើការជួសជុល និងថែទាំ ហើយនៅសល់៣,៨៤ពាន់លានបាតនឹងត្រូវចំណាយលើការជំរុញលំហូរសាច់ប្រាក់ឱ្យមានងាយស្រួល៕

ក្រុមហ៊ុនហុងកុងSwireចំណាយជាង១ពាន់លានដុល្លារទិញយកប្រតិបត្តិការវេចខ្ចប់ដបក្រុមហ៊ុន Coca-Cola ក្នុងប្រទេសកម្ពុជា និងវៀតណាម

ដោយ៖ សុផារី

ហុងកុង៖ ក្រុមហ៊ុន Swire Pacific បានប្រកាស កាលពីថ្ងៃចន្ទម្សិលមិញថា ខ្លួននឹងចំណាយប្រាក់ ១,០១ពាន់លានដុល្លារ ដើម្បីពង្រីកអាជីវកម្មវេចខ្ចប់ និងចែកចាយនៃរោងចក្រផលិតដបក្រុមហ៊ុនភេសជ្ជៈ Coca-Cola នៅក្នុងប្រទេសវៀតណាម និងកម្ពុជា។

បច្ចុប្បន្ន ប្រតិបត្តិការវេចខ្ចប់ និងចែកចាយរបស់ក្រុមហ៊ុន Coca-Cola ក្នុងប្រទេសទាំងពីរ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Coca-Cola ជប៉ុនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Coca-Cola អាមេរិក។

សារព័ត៌មាន Nikkei ចេញផ្សាយនៅនៅថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២​ដោយស្រង់សម្តីរបស់លោក លោក Patrick Healy ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Swire ថា “ការទិញភាគហ៊ុននេះ គឺជាព្រឹត្តិការណ៍សំខាន់ដ៏ធំមួយសម្រាប់ក្រុមហ៊ុន Swire Coca-Cola ក្នុងការពង្រីកប្រតិបត្តិការ និងបម្រើសេវាដល់ប្រជាជនក្នុងតំបន់ថ្មី មួយ”។

លោកបន្ថែមថា ការពង្រីកវិសាលភាពជំនួញនេះដែរ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដើម្បីពង្រីកការផលិតជាសកល និងបង្កើនប្រាក់ចំណូលនៃមុខជំនួញខាងភេសជ្ជៈរបស់ក្រុមហ៊ុន។

Swire គឺជាក្រុមហ៊ុនដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក និងជាក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង។ ក្រុមហ៊ុននេះទទួលបានសិទ្ធិប្រើយីហោ Coca-Cola អាមេរិកចាប់តាំងពីឆ្នាំ១៩៦៥មក៕

ក្រសួងដែនដីចេញប្រកាសឲ្យមន្ទីរក្រោមឱវាទកែប្រេនិតិវិធីការងារចាស់

ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានប្រកា​សឱ្យមន្ទីរក្រោមឱវាទរបស់ខ្លួនទាំងអស់ ឈប់ប្រើប្រាស់លិខិត​លក់ផ្តាច់ (VENTE DEFINITIVE) និងលិខិតអំណោយផ្តាច់ (DONATION DEFINITIVE) ដែលមានបោះ​ត្រាហត្ថលេខាដោយលោកលឹម វាន់​ កន្លងមក។

យោងតាមសេចក្តី​ប្រកាស ដែលបានចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា លិខិតលក់ផ្តាច់ និងលិខិតអំណោចផ្តាច់ថ្មីនេះ ត្រូវប្រើត្រារបស់អគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រជំនួសវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ តទៅ។

ការសម្រេចបញ្ឈប់នេះ គឺដើម្បីធានាការប្រើប្រាស់លិខិតចាស់ទាំងពីរខាងលើនេះ សម្រាប់បម្រើ​ឱ្យការ​ចុះ​បញ្ជីបន្តឱ្យមានប្រសិទ្ធិភាព និងស្របតាមបច្ចុប្បន្នភាពនៃមុខងាររដ្ឋបាល៕​

រដ្ឋាភិបាលកូរ៉េប្ដេជ្ញាជួយក្រុមហ៊ុនសាងសង់ក្នុងស្រុកឱ្យទទួលបានកិច្ចសន្យាក្រៅប្រទេស៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

ដោយៈ សុខុម

សេអ៊ូល: ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់កូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ថា រដ្ឋាភិបាលនឹងជួយបណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក ឱ្យទទួលបានកិច្ចសន្យាសាងសង់ក្រៅប្រទេស ដែលមានទំហំទឹកប្រាក់សរុប៥០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។

ការជួយជ្រោមជ្រែងនេះ គឺជាផ្នែកនៃគំនិតផ្តួចផ្តើមគោលនយោបាយដ៏ទូលំទូលាយ ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មក្នុងស្រុក ដែលមិនទាន់បានស្ទុះងើបឡើងវិញជាច្រើនឆ្នាំមកហើយ។

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននិយាយថា បណ្ដាក្រុមហ៊ុនសាងសង់ក្នុងស្រុក ដែលមានសមត្ថភាពខ្ពស់ និងទំនើបកម្មកម្មជាងគេនឹងអាចបំពេញតម្រូវការ សំណង់នៅក្រៅប្រទេសបាន ជាពិសេសតម្រូវការពីប្រទេសអ៊ុយក្រែន និងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានហែកហួរដោយសង្រ្គាម ក្នុងចំណោមប្រទេសផ្សេងទៀត ដែលត្រូវការការរៀបចំផែនការក្រុងកម្រិតខ្ពស់។

ក្រសួងនិយាយថា ខ្លួនអាចផ្តល់ “កញ្ចប់សាងសង់” ដែលគ្របដណ្តប់លើការស្ថាបនាផ្លូវដែក អាកាសយានដ្ឋាន និងទីក្រុងនានា។ ក្រសួងបានបន្ថែមថា ការធ្វើផែនការទីក្រុង ដោយប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ និងបង្កើតទេសភាពស្រស់ស្អាត សុទ្ធតែមានតម្រូវការខ្ពស់ ហើយវាជាវិស័យមួយដែលប្រទេសកូរ៉េខាងត្បូង មានជំនាញច្បាស់លាស់ជាច្រើនឆ្នាំមកហើយ។

រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងស្វះស្វែងស្តារឡើងវិញនូវឧស្សាហកម្មសំណង់ក្នុងស្រុក ដែលការបញ្ជាទិញពីក្រៅប្រទេស បានធ្លាក់ចុះពី៧១,៦ពាន់លានដុល្លារ មកនៅត្រឹម៣០,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១។

ក្រសួងនេះ បានសុំផ្ដល់ជំនួយដល់ប្រទេសអ៊ុយក្រែន នៅក្នុងការកសាងប្រទេសឡើងវិញ បន្ទាប់ពីលោក Won Hee-ryong រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនបានជួបជាមួយក្រុមសមាជិកសភា និងឯកអគ្គរដ្ឋទូតនៃប្រទេសអឺរ៉ុបខាងកើតមួយនេះ៕ Korea Times៕

រដ្ឋាភិបាលដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យាចំនួន១០ដើម្បីអនុវត្តន៍បច្ចេកវិទ្យាមេត្រីភាពបរិស្ថានៅខេត្តព្រះសីហនុ

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ រដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា១០ចំណុច ដើម្បីអនុវត្តន៍គម្រោងវាយ​តម្លៃតម្រូវ​ការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ច​ពិសេស​នៅខេត្តព្រះសីហនុ។

ផែនការសកម្មភាពនេះ ត្រូវបានដាក់ចេញសិក្ខាសិក្ខាសាលាស្តីពី ការផ្តល់សុពលភាពលើផែនការ សកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពី​ថ្ងៃ​​ទី១៥ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ក្រុមមន្រ្តីបានសម្រេចផ្តល់សុពលភាព លើផែនការសកម្មភាពបច្ចេកវិទ្យាទាំង ១០ រួមមានដូចជា ទី១ ​ការប្រើប្រាស់​អំពូល​​ភ្លើងសន្សំសំចៃអគ្គិសនី (LED) ទី២ ការកែលម្អការគ្រប់គ្រងអគ្គិសនីតាមប្រព័ន្ធ ISO50001 ទី៣ ការប្រើប្រាស់​សូឡា​ PV នៅលើដំបូលអគារ ទី៤ ការដុតជីវម៉ាសដើម្បីបង្កើតកំដៅ ទី៥ ការបម្លែងសំណល់ប្លាស្ទិកទៅជាឥន្ធនៈ។

ទី៦ ការ​ធ្វើ​​ជីកំប៉ុស្ត ទី៧ ការប្រើប្រាស់ឡើងវិញនូវទឹកកខ្វក់ ដែលបានឆ្លងកាត់អាងប្រព្រឹត្តកម្មគីមី ទី៨ ការបំពាក់នាឡិកា​ទឹក និងបរិក្ខារលាងសម្អាតដែលសន្សំសំចៃទឹក ទី៩ ការត្រងទឹកភ្លៀងពីដំបូលអគារ និងទី១០ ផែនការគ្រប់គ្រង​គ្រោះ​​មហន្តរាយ។

គម្រោង TNA បានទទួល​​ការគ្រាំអនុវត្ត ​និងបច្ចេកទេស​ដោយមូលនិធិអាកាស​ធាតុបៃតង​(GCF) ​និងក្រុមហ៊ុន​ទីប្រឹក្សា​ (Climate Smart Initiative)។

អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្ថាន លោកវ៉ាន់ មុនីនាថ បានឱ្យដឹងថា គម្រោង TNA នេះនឹងផ្តល់ឱកាសដ៏ល្អសម្រាប់ប្រទេសកម្ពុជា ក្នុងការកៀរគរថវិកាស​ម្រាប់អនុវត្ត​សកម្ម​ភាព​ឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមចំណែកដល់​ការអភិវឌ្ឍខេត្តព្រះសីហនុ ​ប្រកបដោយ​ចីរភាព និងប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថានផងដែរ៕

មហាយក្សចិនដាក់ឱ្យដំណើរការអាកាសយានដ្ឋានថ្មីជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញអាជីពដំបូងបង្អស់នៅអាស៊ី

ដោយៈ សុខុម

ប៉េកាំង: យន្តហោះដឹកទំនិញប្រភេទ Boeing 767-300 បានហោះចេញពីអាកាសយានដ្ឋាន Ezhou Huahu ក្នុងខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន កាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកក្កដា នៅពេលអាកាសយានដ្ឋាន ដែលជាមជ្ឈមណ្ឌលដឹកទំនិញអាជីពដំបូងគេរបស់ប្រទេសនេះ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ។

ដោយមានទីតាំងស្ថិតនៅក្នុងទីក្រុងអឺចូវ (Ezhou)អាកាសយានដ្ឋានក្រោមទុនវិនិយោគ៥,៩ពាន់លានដុល្លារអាមេរិក នេះក៏ជាមជ្ឈមណ្ឌលដឹកទំនិញអាជីពដំបូងគេនៅអាស៊ី និងជាព្រលានយន្តហោះប្រភេទនេះទី៤ ក្នុងពិភពលោកផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៨ ខែកក្កដា។

អាកាសយានដ្ឋានថ្មីនេះ មានចំណតដឹកទំនិញទំហំ២៣.០០០ម៉ែត្រការ៉េ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញមួយ ដែលមានទំហំជិត៧០០.០០០ម៉ែត្រការ៉េ បង្គោលចំណត (Parking Stand) ចំនួន១២៤បង្គោល និងផ្លូវយន្តហោះរត់ចំនួន២។

តាមការរំពឹងទុក អាកាសយានដ្ឋានថ្មីនេះ នឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព នៃការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងលើកកម្ពស់បន្ថែមទៀតនូវការបើកទូលាយរបស់ប្រទេសចិន។

លោក Su Xiaoyan នាយកជាន់ខ្ពស់ផ្នែកផែនការ និងអភិវឌ្ឍន៍នៃអាកាសយានដ្ឋាននេះបាននិយាយថា ប្រតិបត្តិការនៃអាកាសយានដ្ឋាន Ezhou Huahu គឺស្របតាមតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសចិន។

យោងតាមការិយាល័យប្រៃសណីយ៍រដ្ឋ (State Post Bureau) របស់ចិន ឱ្យដឹងថា ចំនួនកញ្ចប់ទំនិញដែលទទួលរ៉ាប់រង ដោយបណ្ដាក្រុមហ៊ុនដឹកជញ្ជូននានារបស់ប្រទេសចិន បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺរហូតដល់ទៅជាង១០៨ពាន់លានកញ្ចប់ ហើយតាមការរំពឹងទុកកំណើននេះ នឹងរក្សាបានដដែលនៅក្នុងឆ្នាំ២០២២នេះ៕ The Nation៕

តម្លៃដីធ្លីក្នុងខេត្តកំពង់ស្ពឺបន្តកើនឡើងស្របនឹងសន្ទុះនៃការវិនិយោគថ្មីៗ

ដោយៈវឌ្ឍនៈ

កំពង់ស្ពឺៈ ក្នុងឆ្នាំ ២០២២នេះការវិនិយោគគម្រោងថ្មីៗ នៅក្នុងខេត្តកំពង់ស្ពឺឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ដោយភាគច្រើនជាងគម្រោងឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ក៏ដូចជាទេសចរណ៍។

កំណើននៃការវិនិយោគទាំងនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំព​ង់ស្ពឺបន្តកើនឡើងបន្ថែមទៀត ក្នុងរង្វង់១៥ភាគរយ ក្នុងរយៈពេល៦ខែនេះ ។ នេះ បើតាមអ្នកជំនាញប្រចាំខេត្តកំពង់ស្ពឺ បានប្រាប់គេហទំព័រ Property Area នៅរសៀលថ្ងៃទី១៨ កក្កដា ២០២២នេះ។

លោកបូ សេងហូ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ តម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ឃើញថានៅតែបន្តកើនឡើងបន្ថែមទៀត ស្របជាមួយនឹងកំណើន នៃការវិនិយោគនៅក្នុងខេត្តមួយនេះ ។

លោកបន្តថា “តំបន់ដែលសង្កេតឃើញថា មានការទិញលក់និងមានតម្រូវការខ្ពស់ សម្រាប់អភិវឌ្ឍន៍នានា ស្ថិតនៅតាមបណ្ដោយផ្លូវ៤១ ក្នុងស្រុកគងពិសី និងបណ្ដាផ្លូវសំខាន់ៗដូចជាផ្លូវ៤៤ ផ្លូវ៥១ ក្នុងស្រុកឧត្តុងជាដើម”។

លោកបន្តថា “ប្រជាពលរដ្ឋជាម្ចាស់ដីនៅតំបន់ទាំងនោះ ប្រកាសលក់ដីតាំងពីឆ្នាំមុន ហើយតម្លៃដីវិញ ក៏ពួកគាត់បានដំឡើងខ្ពស់ជាងកាលពីឆ្នាំមុនដែរ ដែលធ្វើឱ្យការដោះដូរមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ តែសម្រាប់អ្នកដែលទិញហើយអភិវឌ្ឍន៍តែម្ដង ដូចជាមិនសូវពិបាកក្នុងការចរចាឡើយ”។

លោកបន្ថែមថា នៅឆ្នាំក្រោយៗនៅក្នុងខេត្តកំពង់ស្ពឺ នឹងកាន់តែមានការវិនិយោគខ្លាំងបន្ថែមទៀត ហើយលឺដំណឹងថានឹងមានវិនិយោគិនបរទេ​សជាច្រើនចូលមកកាន់ខេត្តនេះ ដើម្បីស្វែងរកការវិនិយោគទៅលើវិស័យកសិកម្មផងដែរ ខណៈកម្ពុជាទទួលបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ជាមួយនឹងប្រទេសជាដៃគូ។

ដូច្នេះវិនិយោគិននឹងចូលមកវិនិយោគកសិកម្ម ហើយនាំចេញទៅកាន់ប្រទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។

លោកបន្ថែមទៀតថា សម្រាប់អ្នកមានលុយ អាចទិញដីនៅកំពង់ស្ពឺទុក សម្រាប់ត្រៀមផ្ដល់ជូនវិនិយោគិនបរទេសនៅពេលអនាគត ដើម្បីរកប្រាក់ចំណេញនៅពេលវិនិយោគិនទាំងនោះ ចូលទៅកាន់ខេត្តកំពង់ស្ពឹជាពិសេសវិនិយោគិនចិន ដែលនឹងត្រលប់ចូលមកកម្ពុជាឡើងវិញ ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា យ៉ាងយូរនៅដើមឆ្នាំក្រោយលោករំពឹងថាវិនិយោគិនបរទេស នឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគទៅតាមបទពិសោធន៍ និងផែនការរបស់ពួកគេ ហើយពេលនោះដែរខេត្តកំពង់ស្ពឺ ក៏នឹងទទួលបានការវិនិយោគច្រើន នៅពេលបរទេសចូលមកកម្ពុជាឡើងវិញ៕

រដ្ឋាភិបាលអនុម័តគំរោងវិនិយោគថ្មីតម្លៃជិត១០០លានដុល្លារអាមេរិក

ដោយៈ សុផារី

ភ្នំពេញ: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បានសម្រេចអនុម័តគម្រោងវិនិយោគចំនួន៤ បន្ថែមទៀត ដែលមានទឹកប្រាក់សរុបចំនួន៩៦,៨លានដុល្លារអាមេរិក។

តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញា​បនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១-ក្រុមហ៊ុន “L-Q New Energy CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបន្ទះសូឡា ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ មានទុនវិនិយោគចំនួន៨៤,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១.០០០នាក់។

ទី២-ក្រុមហ៊ុន “Eastcam Casting Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតនិងកែច្នៃបំពង់ទីបដែក និងកែច្នៃដំណរបំពង់ទីបដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន៥,៨លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ២០០នាក់។

ទី៣ ក្រមហ៊ុន- “MEGA HARDWOOD CO., LTD” គម្រោងបង្កើតរោងចក្រផលិតក្តាប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។

ទី៤-ក្រុមហ៊ុន “XIN JIN WEI GARMENT (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន១,៥លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៥៥០នាក់៕