ដោយៈវឌ្ឍនៈ
កំពង់ស្ពឺៈ ក្នុងឆ្នាំ ២០២២នេះការវិនិយោគគម្រោងថ្មីៗ នៅក្នុងខេត្តកំពង់ស្ពឺឃើញថា មានកំណើនគួរឱ្យកត់សម្គាល់ ដោយភាគច្រើនជាងគម្រោងឧស្សាហកម្ម និងកសិ-ឧស្សាហកម្ម ក៏ដូចជាទេសចរណ៍។
កំណើននៃការវិនិយោគទាំងនេះ បានជំរុញឱ្យតម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺបន្តកើនឡើងបន្ថែមទៀត ក្នុងរង្វង់១៥ភាគរយ ក្នុងរយៈពេល៦ខែនេះ ។ នេះ បើតាមអ្នកជំនាញប្រចាំខេត្តកំពង់ស្ពឺ បានប្រាប់គេហទំព័រ Property Area នៅរសៀលថ្ងៃទី១៨ កក្កដា ២០២២នេះ។
លោកបូ សេងហូ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ស្ពឺបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងមកនេះ តម្លៃដីធ្លីនៅក្នុងខេត្តកំពង់ស្ពឺ ឃើញថានៅតែបន្តកើនឡើងបន្ថែមទៀត ស្របជាមួយនឹងកំណើន នៃការវិនិយោគនៅក្នុងខេត្តមួយនេះ ។
លោកបន្តថា “តំបន់ដែលសង្កេតឃើញថា មានការទិញលក់និងមានតម្រូវការខ្ពស់ សម្រាប់អភិវឌ្ឍន៍នានា ស្ថិតនៅតាមបណ្ដោយផ្លូវ៤១ ក្នុងស្រុកគងពិសី និងបណ្ដាផ្លូវសំខាន់ៗដូចជាផ្លូវ៤៤ ផ្លូវ៥១ ក្នុងស្រុកឧត្តុងជាដើម”។
លោកបន្តថា “ប្រជាពលរដ្ឋជាម្ចាស់ដីនៅតំបន់ទាំងនោះ ប្រកាសលក់ដីតាំងពីឆ្នាំមុន ហើយតម្លៃដីវិញ ក៏ពួកគាត់បានដំឡើងខ្ពស់ជាងកាលពីឆ្នាំមុនដែរ ដែលធ្វើឱ្យការដោះដូរមិនសូវត្រូវរ៉ូវគ្នាប៉ុន្មានទេ តែសម្រាប់អ្នកដែលទិញហើយអភិវឌ្ឍន៍តែម្ដង ដូចជាមិនសូវពិបាកក្នុងការចរចាឡើយ”។
លោកបន្ថែមថា នៅឆ្នាំក្រោយៗនៅក្នុងខេត្តកំពង់ស្ពឺ នឹងកាន់តែមានការវិនិយោគខ្លាំងបន្ថែមទៀត ហើយលឺដំណឹងថានឹងមានវិនិយោគិនបរទេសជាច្រើនចូលមកកាន់ខេត្តនេះ ដើម្បីស្វែងរកការវិនិយោគទៅលើវិស័យកសិកម្មផងដែរ ខណៈកម្ពុជាទទួលបានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីជាបន្តបន្ទាប់ជាមួយនឹងប្រទេសជាដៃគូ។
ដូច្នេះវិនិយោគិននឹងចូលមកវិនិយោគកសិកម្ម ហើយនាំចេញទៅកាន់ប្រទេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
លោកបន្ថែមទៀតថា សម្រាប់អ្នកមានលុយ អាចទិញដីនៅកំពង់ស្ពឺទុក សម្រាប់ត្រៀមផ្ដល់ជូនវិនិយោគិនបរទេសនៅពេលអនាគត ដើម្បីរកប្រាក់ចំណេញនៅពេលវិនិយោគិនទាំងនោះ ចូលទៅកាន់ខេត្តកំពង់ស្ពឹជាពិសេសវិនិយោគិនចិន ដែលនឹងត្រលប់ចូលមកកម្ពុជាឡើងវិញ ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា យ៉ាងយូរនៅដើមឆ្នាំក្រោយលោករំពឹងថាវិនិយោគិនបរទេស នឹងចូលមកកម្ពុជាឡើងវិញ ដើម្បីស្វែងរកការវិនិយោគទៅតាមបទពិសោធន៍ និងផែនការរបស់ពួកគេ ហើយពេលនោះដែរខេត្តកំពង់ស្ពឺ ក៏នឹងទទួលបានការវិនិយោគច្រើន នៅពេលបរទេសចូលមកកម្ពុជាឡើងវិញ៕