លោកវ៉ាងយី:គម្រោងឡានឆាង-មេគង្គបានប្រែក្លាយជាគម្រូមាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់

ដោយ: លាងហួរ

ប្រទេសចិន: ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយីបានមនាប្រសាសន៍កាលពីថ្ងៃចន្ទថា កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ(LMC) ត្រូវបានប្រែក្លាយទៅជា “គំរូមាស” នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់រយៈពេលប្រាំមួយឆ្នាំក្រោយ ពីគម្រោងនេះបានចាប់ផ្តើមជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កា។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា  លោក U Wunna Maung Lwin ដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស LMC លើកទី៧ នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ នៅទីក្រុងBagan ប្រទេសមីយ៉ាន់ម៉ា លោកវ៉ាង យីបានថ្លែងថា ប្រទេសទាំងប្រាំមួយនៅតាមបណ្តោយទន្លេឡានឆាង -មេគង្គ នឹងបន្តសហការចំពោះគ្នាទៅវិញទៅមកដោយស្មើភាព និងសហការយ៉ាងជិតស្និទ្ធ ដើម្បីជំរុញការអភិវឌ្ឍន៍ និងការងារសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវយន្តការLMC។

លោកវ៉ាង យីបានបន្តថា “កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មី ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស រួមមានទី១ កិច្ចប្រជុំបានកំណត់ទិសដៅអនាគត សម្រាប់កិច្ចសហប្រតិបត្តិការ LMC ពោលគឺពង្រឹងការណែនាំជាយុទ្ធសាស្ត្រ ធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ ពង្រីកកិច្ចសហប្រតិបត្តិការកសិកម្ម លើកកម្ពស់ការអភិវឌ្ឍន៍បៃតង ជំរុញកិច្ចសហប្រតិបត្តិការឌីជីថល និងរក្សាទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូរវប្បធម៌។

ទី២ កិច្ចប្រជុំនេះបានប្រកាសផែនការចំនួនប្រាំមួយ ដែលត្រូវអនុវត្តន៍នៅដំណាក់កាលបន្ទាប់ សម្រាប់កិច្ចសហប្រតិបត្តិការ LMC ដែលរួមមានផែនការសកម្មភាពស្តីពី កិច្ចសហប្រតិបត្តិការកសិកម្មមេគង្គ-ឡានឆាង,ផែនការអត្ថប្រយោជន៍ឡានឆាង -មេគង្គស្តីពីធនធានទឹក ផែនការសហប្រតិ​​បត្តិការលើសេដ្ឋកិច្ចឌីជីថល។ ផែនការសហប្រតិបត្តិការអវកាស,ផែនការទេពកោសល្យ និងផែនការកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលសារធារណៈ។

ទី៣ អង្គប្រជុំបានអនុម័តលើផែនការសកម្មភាព រយៈពេលប្រាំឆ្នាំស្តីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (២០២៣-២០២៧) និងបានចេញឯកសាររួមទាំងសេចក្តីប្រកាសព័ត៌មានរួម និងសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងសន្តិសុខ-ពាណិជ្ជកម្ម និងការសម្របសម្រួលការបោសសំអាតគយកសិកម្ម  កិច្ចសហប្រតិបត្តិការ និងការធានាសន្តិសុខស្បៀង កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ និងការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រទៅវិញទៅមក ក្នុងចំណោមអរិយធម៌ប្រទេសនីមួយៗ។

លោកវ៉ាង យីបានបន្ថែមថា ប្រទេសចិននឹងបន្តការទូតមួយ ដែលបង្ហាញពីមិត្តភាព ភាពស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបរិយាប័ន្ន ហើយប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែកភាគលាភនៃកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសមេគង្គ ដើម្បីបន្ថែមភាពរឹងមាំ និងសក្ដានុពលបន្ថែមទៀត ដល់គម្រោងLMC និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសក្នុងតំបន់៕

ក្រុមហ៊ុនចិន Evergrande រងបណ្ដឹងរំលាយចោលក្នុងតុលាការនៅទីក្រុងហុងកុង

ដោយៈ សុខុម

ហុងកុង: ប្រភពទម្លាយថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande Group កំពុងទាក់ទងម្ចាស់បំណុលរបស់ខ្លួន នៅឯនាយសមុទ្រ ឱ្យជួយគាំទ្រខ្លួនទប់ទល់ នឹងបណ្តឹងក្នុងតុលាការនៅក្រុងហុងកុង ដែលដាក់ប្ដឹងក្នុងគោលបំណងរំលាយក្រុមហ៊ុននេះចោល។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា ឱ្យដឹងថា ក្រុមហ៊ុន Evergrande ដែលខកខានទូទាត់បំណុលរបស់ខ្លួននៅឯនាយសមុទ្រ រហូតដល់ទៅជិត២៣ពាន់លានដុល្លារ និងកំពុងខ្នះខ្នែងរៀបចំឥណទានឡើងវិញ មានបំណងដាក់ញត្តិសុំការជួយគាំទ្រ ពីម្ចាស់បំណុលរបស់ខ្លួន ដើម្បីទុកធ្វើជាភ័ស្តុតាងបង្ហាញដល់តុលាការ នៅមុនសវនាការដំបូងនៅថ្ងៃទី៣១ ខែសីហា ខាងមុខនេះ។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Top Shine Global Ltd ជាវិនិយោគិនមួយ នៅក្នុងក្រុមហ៊ុនFangchebao ដែលជាបុត្រសម្ព័ន្ធរបស់ Evergrande បានអះអាងថា ខ្លួនបានដាក់ពាក្យបណ្ដឹងប្ដឹង ក្រុមហ៊ុនអភិវឌ្ឍន៍នេះ ដោយសារតែក្រុមហ៊ុននេះ មិនគោរពតាមកិច្ចសន្យាទិញយកវិញ នូវភាគហ៊ុនពីក្រុមហ៊ុនTop Shine ដែលមាននៅក្នុងក្រុមហ៊ុន Fangchebao។

ប្រសិនបើពាក្យបណ្ដឹងនេះ ទទួលបានលទ្ធផលជោគជ័យ វាអាចបង្កផលប៉ះពាល់ដល់ ផែនការរៀបចំឥណទានឡើងវិញ របស់ក្រុមហ៊ុន Evergrande ដែលធ្វើឱ្យចុះនូវតម្លៃទ្រព្យសកម្មនៅបរទេស ដែលមានសារៈសំខាន់ ចំពោះផលប្រយោជន៍របស់ម្ចាស់បំណុលនៅឯនាយសមុទ្រ។

ប្រភពដដែលនិយាយថា ក្រុមហ៊ុនអភិវឌ្ឍន៍នេះ មិនបានពិចារណាការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាមួយក្រុមហ៊ុន Top Shine នោះទេនៅពេលនេះ។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលសរុបរហូតដល់៣៥០ពាន់លានដុល្លារអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយក្រុមហ៊ុនTop Shine ក៏មិនអាចទាក់ទង ដើម្បីសុំការឆ្លើយបំភ្លឺបានទេ៕ Reuters៕

អ៊ុយក្រែនត្រូវការលុយ៧៥០ពាន់លានដុល្លារ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ

ដោយៈ សុខុម

គៀវ: ប្រទេសអ៊ុយក្រែន ត្រូវការរហូតដល់ទៅ៧៥០ពាន់លានដុល្លារអាមេរិក សម្រាប់ផែនការស្តារប្រទេសឡើងវិញជា៣ដំណាក់កាល បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី ត្រូវបានបញ្ចប់។ នេះបើយោងតាមអ្វីដែលនាយករដ្ឋមន្រ្តីអ៊ុយក្រែន បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី៤ ខែកក្កដា។

នាយករដ្ឋមន្ត្រី Denys Shmygal ក៏បានថ្លែងទៅកាន់សន្និសីទស្តីពីការស្ដារប្រទេសអ៊ុយក្រែនឡើងវិញ (Ukraine Recovery Conference) ដែលរៀបចំដោយប្រទេសស្វីសថា ហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលរងការបំផ្លិចបំផ្លាញ ដោយសារសង្គ្រាមឈ្លានពានរបស់រុស្ស៊ី នៅពេលនេះមានទំហំជាង១០០ពាន់លានដុល្លាររួចទៅហើយ។

លោកគូសបញ្ជាក់ថា “បច្ចុប្បន្ន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្ទាល់របស់អ៊ុយក្រែន មានទំហំជាង១០០ពាន់លានដុល្លារ។ តើអ្នកណានឹងរ៉ាប់រងការចំណាយ សម្រាប់ផែនការស្ដារប្រទេសឡើងវិញ ដែលពេលនេះមានទំហំ៧៥០ពាន់លានដុល្លាររួចទៅហើយនោះ”?។

លោកបានបន្ថែមទៀតថា រដ្ឋាភិបាលអ៊ុយក្រែន យល់ថា ប្រភពហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់ផែនការស្ដារប្រទេសឡើងវិញនេះ គឺគួរតែចេញពីទ្រព្យសម្បត្តិ ដែលរឹបអូសបានពីក្រុមមហាសេដ្ឋីរុស្ស៊ី។

លោកថ្លែងថា ផែនការស្តារប្រទេសអ៊ុយក្រែន ឡើងវិញមាន៣ដំណាក់កាលដូចជា ទី១ ផ្តោតលើការជួសជុលអ្វីៗ ដែលសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនដូចជាការផ្គត់ផ្គង់ទឹក ដែលកំពុងដំណើរការ ទី២ “ការស្តារឡើងវិញយ៉ាងឆាប់រហ័ស” ដែលនឹងត្រូវអនុវត្តន៍ភ្លាមៗ ក្រោយពីសង្គ្រាមបញ្ចប់ រួមមានទាំងលំនៅដ្ឋានបណ្តោះអាសន្ន មន្ទីរពេទ្យ និងសាលារៀនផងដែរ ហើយទី៣ គឺការស្ដារប្រទេសរយៈពេលវែង៕ Reuters៕

ទីក្រុងរាមតម្លៃ១៦ពាន់លានដុល្លារដំណាក់កាលទី១នឹងសាងសង់លើផ្ទៃដី៥០ហិកតា

ដោយៈ ជេស៊ីកា

ព្រះសីហនុៈ ទីក្រុងរាមដែលមានផ្ទៃដី៨៨០ហិកតា និងគ្រោងបោះទុន​វិនិយោគតម្លៃ១៦ពាន់លានដុល្លារ ដោយក្រុមហ៊ុនPrince Holding Group បាននិងកំពុងចាក់បំពេញខ្សាច់ និងត្រៀមបញ្ចប់ដំណាក់កាលទី១។

គំរោងដែលបាន និងកំពុងចាក់ខ្សាច់ដំណាក់កាលទី១នេះ មានទំហំផ្ទៃដីសរុប៥០ហិកតា ដែលទីក្រុងនេះត្រូវបានចាក់ខ្សាច់បំពេញ នៅលើផ្ទៃសមុទ្រ ក្នុងតំបន់រាម ដែលជាទីតាំងមួយ ស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិកងកេង ក្រុងព្រះសីហនុ។

ស្ថាបត្យករលំដាប់អន្តរជាតិមួយរូប បានមានប្រសាសន៍ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាកិច្ចការផ្ទៃក្នុងរបស់ក្រុមហ៊ុនបានឲ្យដឹងកាលពីសប្តាហ៍មុនថា ការចាក់ខ្សាច់បំពេញផ្ទៃដីទីក្រុងនេះ បាននិងកំពុងបន្តធ្វើយ៉ាងសកម្ម ដោយជំហ៊ានដំបូងក្រុមហ៊ុន នឹងធ្វើការអភិវឌ្ឍ​លើផ្ទៃដីក្នុងទំហំនេះជាមុនសិន ប៉ុន្តែការចាក់ខ្សាច់បំពេញគំរោងដំណាក់កាលបន្ទាប់នៅតែបន្តធ្វើ។

លោកបន្តថា “ខ្ញុំមិនអាចនិយាយបានថា តើគំរោងនេះនឹងអភិវឌ្ឍន៍អ្វីខ្លះនោះទេ ដោយសារវាជារឿងសំងាត់នៅឡើយ”។

យោងតាមផែនការមេរបស់ក្រុមហ៊ុនPrince Holding Groupបាន ឲ្យដឹងកន្លងមកថា ទីក្រុងរាមនឹងសាងសង់ឡើង ជាទីក្រុងលំដាប់អន្តរជាតិ ដែលអាចឲ្យប្រជាពលរដ្ឋរស់នៅរាប់ម៉ឺននាក់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋដ៏សម្បូរបែប ស័ក្តិសមជាទីក្រុងដ៏ស៊ីវិល័យមួយនាពេលអនាគត ដែលមិនត្រឹមតែទាក់ទាញ លំហូរទុនវិនិយោគពីបរទេសនោះទេ ប៉ុន្តែវានឹងក្លាយជាទីតាំងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកកំសាន្ត​និងស្នាក់នៅរយៈពេលវែងនៅកម្ពុជាផងដែរ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យធ្លាប់បានមានប្រសាសន៍ឲ្យដឹងកន្លងមកថា តាមអ្វីដែលលោកបានដឹង និងទទួលព៌តមានគឺគំរោងនេះបាន និងកំពុងបន្តវិវត្តន៍ទៅមុខយ៉ាងប្រសើរ ព្រោះក្រុមហ៊ុន វិនិយោគសាងសង់ទីក្រុងនេះ មិនប្រឈមបញ្ហាកង្វះទុនវិនិយោគឡើយ៕

រដ្ឋាភិបាល និងទីភ្នាក់ងារ UN ចំនួន៥ កំពុងសិក្សាលើការអភិវឌ្ឈសេដ្ឋកិច្ចបៃតងនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួន៥ បានឯកភាពឱ្យមានការសិក្សា ស៊ីជម្រៅអំពីការអភិវឌ្ឍន សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភាព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង។

ការសម្រេចនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៤ កក្កដាកន្លងមកនេះកិច្ចប្រជុំនេះត្រូវបានដឹកនាំលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវ​ឌ្ឍនដោយចីរភាព។ កិច្ចប្រជុំនេះ​បានពិភាក្សាជាមួយលោក Asad Naqvi ប្រធានលេខាធិការដ្ឋាន កម្មវិធីភាពជាដៃគូ សម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតង (Partnership for Action on Green Economy-PAGE) ដោយមានការចូលរួមពីថ្នាក់ដឹកនាំប្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ តំណាងនាយកដ្ឋានជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នជំនាញចំនួន០៥ របស់អង្គការសហប្រជាជាតិរួមមាន៖ UNEP, ILO, UNDP, UNIDO និងUNITAR។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការ លើបរិវត្តកម្មសេដ្ឋកិច្ចបៃតង (Green Economy Transformation) សម្រាប់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំថា សុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញឆ្នាំ១៩៩៨ បាននាំឱ្យកម្ពុជាស្គាល់កំណើនសេដ្ឋកិច្ចខ្ពស់ជាប្រចាំ មុនការមកដល់នៃជំងឺកូវីដ-១៩។

លោកសាយ សំអាល់បានមានប្រសាសន៍ថា “កម្ពុជាចាប់អារម្មណ៍ ក្នុងការជំរុញឱ្យមានសេដ្ឋកិច្ចបៃតង ហើយការពិភាក្សាស៊ីជម្រៅជាមួយអ្នកជំនាញជាតិ និងសិក្សាឱ្យបានច្បាស់ពីអ្វីដែលកម្ពុជាត្រូវ ឬគួរធ្វើដើម្បីជំរុញឱ្យមានបរិវត្តកម្មសេដ្ឋកិច្ចបៃតង ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា”។

ក្នុងឱកាសនោះដែរ តំណាង PAGE បានជម្រាបជូនពីបទពិសោធន៍សកលមួយចំនួន ក្នុងការជំរុញវិស័យផ្សេងៗនៃសេដ្ឋកិច្ច ដើម្បីជំរុញការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចបៃតង ដូចជា ការដោះស្រាយបញ្ហាប្រែប្រួលអាកា​សធាតុ ការអភិរក្សជីវៈចម្រុះ ប្រសិទ្ធភាពថាមពល ការប្រើប្រាស់ធនធាន ប្រកបដោយប្រសិទ្ធភាព ក្នុងផលិតផលក្នុងស្រុកសរុប (GDP) ជាដើម ដែលនឹងបង្កើតឱ្យមានប្រាក់ចំណូល ការងារ ភាពក្រីក្រ និងពង្រឹងមូលដ្ឋានគ្រឹះអេកូឡូស៊ីសេដ្ឋកិច្ច។

ជាលទ្ធផលចម្បងៗនៃកិច្ចប្រជុំនេះ ឯកភាពឱ្យមានការសិក្សាស៊ីជម្រៅអំពីការអភិវឌ្ឍន សេដ្ឋកិច្ចបៃតងនៅកម្ពុជា ដើម្បីកំណត់រកសកម្មភា​ព និងអនុសាសន៍គោលនយោបាយ សម្រាប់សេដ្ឋកិច្ចបៃតង ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍ ដោយចីរភាពជាអ្នកសម្របសម្រួលជាមួយ PAGE និង២) ការជួបពិភាក្សាកម្រិតនយោបាយ សម្រាប់កំណត់យុទ្ធសាស្រ្ត ចំណុចចាប់ផ្តើម និងការសម្របសម្រួលក្នុងការអនុវត្តសេដ្ឋកិច្ចបៃតង៕

តើហេតុផលអ្វីខ្លះដែលវិស័យសំណង់ងើបឡើងយឺតជាងការរំពឹងទុក?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការមិនទាន់ផុតរលត់នៃវិបត្តិជំងឺកូវីដ១៩ ការកើនឡើងថ្លៃប្រេងឥន្ឋនៈ សម្ភារៈសំណង់បណ្តាលមកពីសង្រ្គាមរុស្ស៊ី អ៊ុយក្រែនទំនងមិនជាជាហេតុផលគ្រប់គ្រាន់ទេ ដែលធ្វើឲ្យវិស័យសំណង់ងើបឡើងយឺត។

លំហូរចូលនៃវិនិយោគិនបរទេសពីប្រទេសចិន ដោយសារការរឹតបន្តឹងលំហូរទុនវិនិយោគ គោលនយោបាយកូវីដសូន្យ និងវិបត្តិអចលនទ្រព្យនៅប្រទេសសេដ្ឋកិច្ចធំទី២លើពិភពលោកនេះ ក៏ជាមូលហេតុចម្បងធ្វើឲ្យវិស័យនេះងើបឡើងក្នុងល្បឿនយឺតៗផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២២  គម្រោងសំណង់ដែលទទួលបានការអនុម័តមានសរុប១,០០១គម្រោង ធ្លាក់ចុះ៦,១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំមុន

ល្បឿនយឺតយ៉ាវនេះ គឺគ្របដណ្តប់គ្រប់់ទិដ្ឋភាពសាងសង់សំណង់ដូចជា សំណង់សាធារណៈ សំណង់លំនៅឋាន ភូមិគ្រឹះ សំណង់ពាណិជ្ជកម្ម សំណង់ឧស្សាហកម្ម និងសំណងស់ទេសចរណ៍ជាដើម។

ក្រសួងសេដ្ឋកិច្ចរំពឹងថា វិស័យសំណង់អាចនឹងងើបឡើងវិញ ក្នុងអត្រា២,៨ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំនេះនិងរំពឹងកើនខ្ពស់ជាងនេះ នៅឆ្នាំបន្ទាប់​ខាងមុខ។

យ៉ាងណាក៏ដោយ វិស័យសំណង់ក៏នៅតែមានសក្ដានុពល សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចផងដែរ ដោយកំណើនឥណទានផ្ដល់ឱ្យវិស័យនេះ មានទំហំទឹកប្រាក់១៣,៧ពាន់លានដុល្លារ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ កាលពីថ្មីៗនេះ បានកែប្រែខ្លឹមសារមួយចំនួននៃបែបបទ ក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់។

អ្នកជំនាញអន្តរជាតិ លោកTom Osuliivanនាយកប្រតិបត្តិគេហ​ទំព័រ ដែលផ្តល់សេវាកម្មទិញលក់អចលនទ្រព្យពីកម្ពុជា ទៅកាន់ពិភពលោកRealestate.com.khបានមានប្រសាសន៍ថា បើទោះជាវិស័យនេះងើបឡើងយឺតបន្តិចក្តី ប៉ុន្តែស្ថានភាពទីផ្សារក្នុងឧស្សាហកម្មនេះ នៅតែមានភាពរ៉ឹងមាំ ធៀបជាមួយនឹងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន។

លោកបន្តថា “កម្ពុជានៅតែជាប្រទេសទាក់ទាញ ការវិនិយោគច្រើនពីបរទេស ដោយសារពួកគេអាចរកប្រាក់ចំណេញពីទីនេះ ខុសពីប្រទេសមួយចំនួន អ្នកទិញអចលនទ្រព្យគឺផ្តោតសំខាន់តែលើការស្នាក់នៅ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងផងដែរថា កម្ពុជានៅតែទទួលបានផលចំណេញពីការវិនិយោគខ្ពស់ បើធៀបនឹងប្រទេសដទៃក្នុងតំបន់ ហេតុនេះវិស័យនេះ នឹងងើបឡើងវិញលឿននាពេលខាងមុខ ព្រោះតម្លៃអចលនទ្រព្យនៅទីនេះទាប ធៀបនឹងប្រទេសក្នុងតំបន់ ការគាំទ្រគោលនយោបាយពីរដ្ឋាភិបាល និងការលើកទឹកចិត្តជាច្រើនទៀត កម្ពុជានៅតែជាដែនដីដែល​បន្តទាក់ទាញ។

លោកបន្តថា “ដោយសារយើងជាប្រទេសកំពុងអភិវឌ្ឍន៍ ដីធ្លីនៅមានតម្លៃទាប កំលាំងពលកម្មនៅមានតម្លៃទាប ប្រជាជនវ័យក្មេងច្រើន ការចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយ ជាហេតុផលសំខាន់ដែលធ្វើឲ្យវិស័យនេះនឹងងើបឡើងវិញក្នុងរយៈពេលវែងបន្តទៀត”៕

និយ័តករអចលនទ្រព្យនិងបញ្ចាំផ្ដល់អាជ្ញាបណ្ណ ជូនក្រុមហ៊ុនជាង ២៧០ក្រុមហ៊ុន

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានសន្ទុះក្នុងរយៈពេលជាងទសវត្សរ៍ចុងក្រោយនេះ ហើយកម្ពុជាក៏ចាប់ផ្ដើមរៀបចំច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ពាក់ព័ន្ធនឹងវិស័យនេះផងដែរ។

រដ្ឋាភិបាលបានបង្កើតនិយ័តករ ដើម្បីគ្រប់គ្រងប្រតិបត្តិករវិស័យមួយនេះឱ្យបានត្រឹមត្រូវផងដែរ ។ គិតត្រឹមត្រីមាសទី២ឆ្នាំ២០២២នេះ និយ័តករអចលនទ្រព្យ និងបញ្ចាំ បានផ្ដល់អាជ្ញាប័ណ្ណជូនក្រុមហ៊ុនចំនួន២៧០ក្រុមហ៊ុន ដើម្បីធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

លោកជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនទ្រព្យវត្ថុ និងបញ្ចាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាន៍ថា នៅក្នុងពិធីបើកពិព័រណ៍អចលនទ្រព្យ កាលពីដើមសប្តាហ៍នេះថា គិតត្រឹមត្រីមាសទី ២ ឆ្នាំ២០២២នេះ និយ័តករអចលនវត្ថុ និងបញ្ចាំបានផ្ដល់អាជ្ញាបណ្ណជូនក្រុមហ៊ុនវាយតម្លៃ និងសេវាកម្មចំនួនជាង២៧០ក្រុមហ៊ុន។

ក្នុងនោះមានក្រុមហ៊ុនភ្នាក់ងារ អចលនវត្ថុមានចំនួន១៦៨ ក្រុមហ៊ុន ក្រុមហ៊ុនវាយតម្លៃមានចំនួន៧ក្រុមហ៊ុន ក្រុមហ៊ុនជាភ្នាក់ងារនិងវាយតម្លៃផងមានចំនួន៤២ក្រុមហ៊ុន។ ក្រុមហ៊ុនគ្រប់គ្រងអចលនវត្ថុមានចំនួន១៧ក្រុមហ៊ុន ក្រុមហ៊ុនភ្នាក់ងារ និងអចលនវត្ថុមានចំនួន១០ក្រុមហ៊ុន និងក្រុមហ៊ុនភ្នាក់ងារ វាយតម្លៃនិងគ្រប់គ្រងអចលនវត្ថុមានចំនួន៥ក្រុមហ៊ុន។

លោកជូ វណ្ណៈបានបន្តថា ក្រៅពីនេះដែរ និយ័តករក៏បានចេញអាជ្ញាបណ្ណធ្វើអាជីវកម្ម ដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនវត្ថុ ចំនួន១២ក្រុមហ៊ុន ដែលមានគម្រោងអភិវឌ្ឍន៍ចំនួន៤៣៦គម្រោង ដោយក្នុងនោះមានផ្ទះល្វែងចំនួន២៦គម្រោង បុរីមានចំនួន២៣៣គម្រោង អគារសហកម្មសិទ្ធិខុនដូ មានចំនួន១៥៤គម្រោង ផ្សារមានចំនួន២គម្រោង គម្រោងចំរុះមានចំនួន២៤គម្រោង និងគម្រោងដីឡូត៏មានចំនួន២គម្រោង ។

លោកបន្ថែមថា អស់រយៈពេលជាង២ឆ្នាំមកហើយ ដែលកម្ពុជាបានជួបនឹងវិបត្តិកូវីដ១៩ និងបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច និងអាជីវកម្មមួយចំនួន រួមទាំងអចលនវត្ថុផងដែរនោះត្រូវថមថយល្បឿន។ តែដោយមានការដាក់ចេញនូវវិធានការ ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យរដ្ឋភិបាលគ្រប់គ្រងស្ថានភាពកូវីដ១៩ បានល្អឡើងវិញ និងបានជំរុញឱ្យវិស័យអចលនវត្ថុ ក៏ចាប់ផ្ដើមមានសកម្មភាពវិនិយោគជាបន្តបន្ទាប់វិញផងដែរ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ក្នុងប្រទេសកម្ពុជា មានភ្នាក់ងារអចលនវត្ថុច្រើនណាស់ ប៉ុន្តែក្នុងចំណោមភ្នាក់ងារទាំងនោះ ភាគតិចណាស់ ដែលមានអាជ្ញាប័ណ្ណ និងចុះបញ្ជីនៅក្រសួងបានត្រឹមត្រូវ។

លោកបន្តថា “ដូច្នេះដើម្បីឱ្យការរកស៊ីដោយស្មើភាពគ្នា អ្នកកំពុងរកទទួលទានរបរនេះ គួរតែចុះបញ្ជីឱ្យបានត្រឹមត្រូវ និងទទួលបានការបណ្ដុះបណ្ដាលពីក្រមសីលធម៌នេះ ត្រឹមត្រូវផងដែរ។ ធ្វើដូចនេះ គឺអាចទាក់ទាញនិងផ្ដល់ទំនុកចិត្តដល់អ្នកវិនិយោគមកពីបរទេសផងដែរ”៕

ក្រសួងសាធារណៈការបើកកិច្ចប្រជុំលើគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋឆ្នាំ២០២៣ ២០២៥

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមមន្រ្តីជំនាញបានដឹកនាំ កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងឆ្នាំ២០២២ និងគម្រោងឆ្នាំមុនៗ ព្រមទាំងការងាររៀបចំបញ្ជី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្នើសុំស្ថាបនា ស្តារ និងជួសជុលសម្រាប់ផែនការវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥។

កិច្ចប្រជុំដ៏សំខាន់នេះ ដឹកនាំដោយលោកហេង រត្ន ពិសិដ្ឋ អគ្គនាយកសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពការងារ គម្រោងឆ្នាំ២០២២ និងគម្រោងឆ្នាំមុនៗ ព្រមទាំងការងាររៀបចំបញ្ជី គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ស្នើសុំស្ថាបនា ស្តារ និងជួសជុល សម្រាប់ផែនការវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋក្រសួង និងមកពី២៥រាជធានី ខេត្ត។

អង្គប្រជុំបានពិភាក្សាលើវឌ្ឍនភាពការងារ របស់អង្គភាពអនុវត្តគម្រោង ដែលបានអនុវត្តក្នុងឆ្នាំ២០២២ ឥណទានថវិកាឆ្នាំ២០២២ ស្ថានភាពទូទាត់ថវិកាឆ្នាំ២០២២ និងស្ថានភាពទូទាត់ថវិកាឆ្នាំ២០២២ ប្រៀបធៀបនឹងឆ្នាំ២០២១កន្លងទៅ ជាពិសេសការងារអន្តរាគមន៍ជួសជុលបន្ទាន់ គម្រោងថែទាំខួប គម្រោងថែទាំប្រចាំ ការងារគាំទ្រ ការងារថែទាំ គម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ស្ពាន គម្រោងជួសជុលខួប ការងារអង្កេតនិងត្រួតពិនិត្យ ជាទៀងទាត់ស្ពានធំៗ ការត្រួតពិនិត្យវាយ តម្លៃផ្លូវជាតិ ការបង្កើតប្រព័ន្ធ គ្រប់គ្រងទិន្នន័យប្រព័ន្ធចម្រោះទឹកកខ្វក់ និងការគាំទ្រប្រតិបត្តិការគណៈកម្មាធិការការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ផងដែរ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកអគ្គនាយកហេង រ័ត្នពិសិដ្ឋ បានជំរុញលើកទឹកចិត្តឱ្យអង្គភាពអនុវត្ត គម្រោងទាំងអស់ស្វែងរកមធ្យោ​បាយ សហការគ្នាឱ្យបានជិតស្និទ្ធ ធ្វើយ៉ាងណាបំពេញចំណុចខ្វះខាតក្នុង ការអនុវត្តគម្រោងឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព និងតម្លាភាព ដើម្បីធ្វើយ៉ាងឱ្យផ្លូវមានគុណភាពរឹង មាំ អាចប្រើប្រាស់បានយូរអង្វែងស្របតាមស្តង់ដារបច្ចេកទេស និងកាត់បន្ថយថវិកាជាតិក្នុងការជួលជុល ថែទាំតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕

រាជរដ្ឋាភិបាលចាប់ផ្តើមប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរីផ្លូវការហើយ

ដោយៈ ជេស៊ីកា

មណ្ឌលគិរីៈ បន្ទាប់ពីផ្សព្វផ្សាយសមាសភាព នៃគណៈកម្មាធិការដឹក​នាំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) រួចមក រាជរដ្ឋាភិបាលកម្ពុជាដែលមាន គ.ដ.ផ.ម ជាសេនាធិការថ្មីនោះ បានប្រកាសដាក់ចេញ ផែនការសកម្មភាពនៃផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី។

ការប្រកាសនេះ រួមបញ្ចូលទាំងកំណត់ចក្ខុវិស័យរយៈពេលវែង និងទិសដៅយុទ្ធសាស្រ្តអាទិភាព ដើម្បីរួមចំណែកអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជាតំបន់ភាគឦសានទាំងមូលផងដែរ។

ពិធីផ្សព្វផ្សាយសមាសភាព នៃគណៈកម្មាធិការដឹកនាំផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (គ.ដ.ផ.ម) អមជាមួយការប្រកាសផែនការសកម្មភាព នៃផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តមណ្ឌ​លគិរី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.ដ.ផ.ម លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធាន គ.ដ.ផ.ម លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងជាអនុប្រធាន គ.ដ.ផ.ម រួមទាំងសមាជិក គ.ដ.ផ.ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជន។

លោកជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.ដ.ផ.ម បានធ្វើបទបង្ហាញអំពីបំណងប្រាថ្នាសំខាន់របស់ផែនការមេ គឺជំរុញការអភិវឌ្ឍខេត្តមណ្ឌលគិរីជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស។

លោកបានបន្តថា “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌ​លគិរីត្រូវបានកំណត់ក្នុងចក្ខុវិស័យ ក្របខណ្ឌអនុវត្តរយៈពេលវែង (២០២១​-២០៣៥”។

ផែនការអភិវឌ្ឍន៍នេះ ឈរលើចក្ខុវិស័យសំខាន់ចំនួន៤ រួមមានទី
១ ខេត្តមណ្ឌលគិរី ត្រូវកំណត់ជាគោលដៅអេកូទេសចរណ៍ លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញ ទៅទីផ្សារក្រៅប្រទេស។
ទី២ ឆ្នាំ២០៣៥ ចំនួនភ្ញៀវទេសចរអន្តរជាតិ មកកាន់ខេត្តមណ្ឌលគិរីនឹងកើនឡើងដល់ប្រមាណ៩០ម៉ឺននាក់ ខណៈដែលចំនួនភ្ញៀវទេសចរក្នុងស្រុក នឹងកើនឡើងដល់ប្រមាណ២លាននាក់ បង្កើតការងារប្រមាណ៨ម៉ឺនកន្លែង និងបង្កើតចំណូលដោយផ្ទាល់ ប្រមាណ៥០០លានដុល្លារ និងដោយប្រយោលប្រមាណ១,០០០លានដុល្លារ ជាមួយមេគុណប្រសិទ្ធភាពចំនួន២ដង ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចខេត្តមណ្ឌលគិរី។

ទី៣ រួមចំណែកធ្វើឲ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីតំបន់រាជធានីភ្នំពេញ តំបន់ឆ្នេរ និងតំបន់សៀមរាប និងធ្វើសមាហរណកម្មខេត្តមណ្ឌលគិរី ជាមួយតំបន់ផ្សេងៗក្នុងប្រទេស និងក្នុងតំបន់។

ទី៤ រក្សាតុល្យភាពឲ្យបានម៉ឺងម៉ាត់ រវាងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរ​ណ៍ និងអន្តរវិស័យគាំទ្រ ជាមួយការអភិរក្សធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ជនជាតិដើមភាគតិច ធានាបានផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាអតិបរមា ឈរលើគោលការណ៍ នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌ទៅដល់ភាគីពាក់ព័ន្ធ។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងដែរថា ផែនការមេនេះ នឹងក្លាយជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក៏ដូចជា តំបន់ភាគឦសានទាំងមូល ពិសេសរួមចំណែកធ្វើឲ្យតំបន់ភាគឦសាន ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយភូមិភាគឥសាន្តនេះ ជាប៉ូលសេដ្ឋកិច្ចទី៤ ពិសេសពាក់ព័ន្ធនឹងបញ្ហាកសិ-ឧស្សាហកម្ម និងធនធានរ៉ែ ដែលបន្តិចទៀតនេះលេខាធិការ ដ្ឋាន នឹងរំលេចលម្អិតបន្ថែមក្នុងបទបង្ហាញ។

បើគិតត្រឹមតែវិស័យទេសចរណ៍ ខេត្តមណ្ឌលគិរីមានភាពខ្លាំង និងអំណោយផល ដល់ការអភិវឌ្ឍជាគោលដៅអេកូទេសចរណ៍ លំដាប់ខ្ពស់ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ មកកម្សាន្តឲ្យបានច្រើន និងមកច្រើនដង បង្កើតនិងបង្កើនការងារ បង្កើនចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

សក្តានុពលនៃតំបន់អភិរក្ស និងដែនជម្រកសត្វព្រៃទាំង៥ ក្នុងខេត្តមណ្ឌលគិរី ដែលមានទំហំជាង១លានហិកតា គឺជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ការអភិវឌ្ឍអេកូទេសចរណ៍ និងដែលមានលក្ខណៈប្រហាក់ប្រហែលនឹងតំបន់អារ៉ែង នៃជួរភ្នំក្រវាញខាងត្បូង (ភាគនិរតីនៃប្រទេស) ដែលត្រូវបានចាត់ទុក “ជាតំបន់ព្រៃត្រូពិក”ចុងក្រោយ ដ៏សំខាន់របស់តំបន់អាស៊ីអាគ្នេយ៍។

លោកថោង ខុនបានបន្តថា ខេត្តមណ្ឌលគិរីក៏មានសក្ដានុពលធំធេងសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសការអភិវឌ្ឍកសិដ្ឋានផ្កា បន្លែ ផ្លែឈើ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចឈានដល់ការនាំចេញនៅបណ្ដាប្រទេសផ្សេងៗផងដែរ ខណៈដែលសក្តានុពលនេះ នៅមិនទាន់ត្រូវបានអភិវឌ្ឍឲ្យបានពេញលេញនៅឡើយ។ លើសពីនេះទៅទៀត ការអនុញ្ញាតឲ្យមានការសាងសង់ ព្រលានយន្តហោះខេត្តមណ្ឌលគិរី នឹងទាក់ទាញភ្ញៀវទេសចរ និងការតភ្ជាប់ពីគោលដៅទេសចរណ៍ ខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ឆ្នេរមកកាន់ខេត្តមណ្ឌលគិរី និងភូមិភាគឦសាន្តទាំ​ងមូលឲ្យមានភាពកាន់តែងាយស្រួល។

ទៅថ្ងៃអនាគត ព្រលានយន្តហោះខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ជាព្រលានយន្តហោះក្នុងតំបន់ តភ្ជាប់ខេត្តមណ្ឌលគិរីទៅគោលដៅទេសចរណ៍ជិតខាង រួមមានប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗរបស់អាស៊ាន និងប្រទេសផ្សេងទៀត ដូចជាប្រទេសជប៉ុន កូរ៉េ អូស្ត្រាលី និងតំបន់មជ្ឈិមបូព៌ាជាដើម ដែលប្រើរយៈពេលហោះហើរចន្លោះពី៥-៧ម៉ោង។

ដើម្បីជំរុញការអនុវត្តផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដោយស្នើដល់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងសមាជិក គ.ដ.ផ.ម មេត្តាយកខ្លឹមសារនិងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងដែលបានកំណត់ក្នុងផែនការមេ បញ្ចូលទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ដើម្បីរួមចំណែកសម្រេចឲ្យបានលទ្ធផលដូចបានកំណត់ក្នុងផែនការមេ ដោយឈរលើស្មារតីបុរេសកម្ម និងការទទួលខុសត្រូវខ្ពស់ ពីព្រោះក្រសួងទេសចរណ៍ម្នាក់ឯង ពិតជាមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសម្រេចឲ្យបានលទ្ធផល តាមផែនការដែលមានលក្ខណៈសមាហរណកម្មនេះទេ។

លោកបានណែនាំឱ្យលេខាធិការដ្ឋាន គ.ដ.ផ.ម បន្តរៀបចំយន្តការការងារឲ្យបានច្បាស់លាស់ ពិសេសកិច្ចសហការស្អិតរមួតរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីរាយការណ៍ជាប្រចាំជូនរាជរដ្ឋាភិបាល។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានស្នើឲ្យរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ចាត់តាំង ឲ្យមានមន្រ្តីបង្គោល ដើម្បីធ្វើការជាមួយលេខា​ធិការដ្ឋាន និងរាយការណ៍អំពីវឌ្ឍនភាពការងារ តាមវិស័យរៀងៗខ្លួន ដើម្បីធ្វើការបូកសរុបជូនរាជរដ្ឋាភិបាល៕

ប.ស.ស. គ្រោងប្រមូលភាគទានផ្នែករបបប្រាក់សោធនពីថ្ងៃទី១ខែតុលា

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អ្នកនាំពាក្យបេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស. បានមានប្រសាសន៍ឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខតទៅ នឹងចាប់ផ្តើមឲ្យសហគ្រាស គ្រឹះស្ថាន បង់ជាភាគទានក្នុងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។

ការផ្តល់ប្រាក់សោធននិវត្តន៍នេះ ធ្វើឡើងសម្រាប់បុគ្គលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ ខណៈដែលរបបនេះបានដាក់ឲ្យអនុវត្តនៅដើមខែកក្កដានេះ។

លោក ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងនាថ្ងៃទី៤ កក្កដានេះថា អនុក្រឹត្យថ្មីដែលមាន១០ជំពូក និង៤០មាត្រា ដែលបានអនុម័តកាលពីដើមខែមីនា ក្នុងការផ្តល់ប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយនាំឲ្យបុគ្គលិកក្នុងវិស័យឯកជន អាចទទួលបានអត្ថប្រយោជន៍នេះ ដូចនឹងបុគ្គលិកក្នុងវិស័យរដ្ឋដែរ។

អនុក្រឹត្យនេះមានវិសាលភាព អនុវត្តន៍ចំពោះបុគ្គលទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការងារ ដោយរាប់បញ្ចូលទាំងបុគ្គលដែលធ្វើការចាប់ពី ២កន្លែងឡើងទៅ។

លោកបានឲ្យដឹងទៀតថា ប ស ស ជាស្ថាប័នប្រតិបត្តិករតែមួយគត់ ដែលមានសមត្ថកិច្ចក្នុងការគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះ។

លោកហេង សុផាន់ណារិទ្ធ បានលើកឡើងថា “ការប្រកាសក្នុងកក្កដា គឺដាក់ឲ្យអនុវត្តន៍ នៅពេលដែលដាក់ឲ្យសហគ្រាស គ្រឹះស្ថាន បង់ភាគទានគឺយើងនឹងមានចេញ ប្រកាសមួយទៀតនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ គឺចាប់ផ្តើមឲ្យសហគ្រាស គ្រឹះស្ថានបង់ភាគទាន ដូច្នេះសម្រាប់សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពកន្លងមក គឺអូតូម៉ាទិច ត្រូវបង់ភាគទានបន្ថែមលើប្រាក់សោធននុវត្តមួយទៀត។

លោកបន្តថា សម្រាប់ចន្លោះពេលពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ យើងនឹងចុះផ្សព្វផ្សាយសហគ្រាស នៅទូទាំងប្រទេសតែម្តង ដើម្បីចុះទៅពន្យល់សហគ្រាស គ្រឹះស្ថាន ដើម្បីឲ្យគាត់យល់ក៏ដូចជាកម្មករ និយោជិត ឲ្យគាត់យល់ពីកាតព្វកិច្ចគាត់ត្រូវបង់ភាគទានមក ប.ស.ស ដើម្បីទទួលបានប្រាក់សោធននិវត្តន៍នៅពេលអនាគត ហើយយើងគិតថារបបប្រាក់សោធននេះ មានផលចំណេញដល់កម្មករនិយោជិត ដោយសា​រមានបង់ជាភាគរយ នៃប្រាក់មធ្យមដូចនឹងរបបប្រាក់សង្គមកន្លងមក ប៉ុន្តែនិយោជកជួយបង់២ភាគរយ (សន្សំ)។

លោកបន្ថែមថា ដូចនេះយើងគិតថានឹងមិនមានបញ្ហាអ្វីទេ ដោយសារច្បាប់នេះ គ្រោងដាក់ឲ្យអនុវត្តឆ្នាំ២០១៩ ប៉ុន្តែដោយសារការរាតត្បាតជំងឺកូវីដ១៩ ធ្វើឲ្យពន្យារហូតមកដល់ពេលនេះ។ លោកបន្ថែមថា សម្រាប់ការអនុវត្តប្រាក់សោធននេះដែរ នឹងចាប់ពីអាយុ៦០ឆ្នាំ អញ្ចឹងប្រសិនបើគាត់អាយុ ៥០ឆ្នាំជាង នៅពេលគាត់ធ្វើការបានបន្តិចដល់អាយុ៦០ឆ្នាំចូលនិវត្តន៍ គាត់ក៏អាចទទួលបានរបបនេះបានដូចគ្នាដែរ៕