រដ្ឋមន្រ្តីក្រសួងទេសចរណ៍ជម្រុញជាថ្មីឲ្យឥណ្ឌូនេស៊ីភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា

ដោយៈជេស៊ីកា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានស្នើ ឲ្យឥណ្ឌូនេស៊ី តភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីជម្រុញការលើកកំពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់អនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកន្លងមក តាមរយៈប្រព័ន្ធវីដេអូខនហ្វើរិន ក្នុងអំឡុងវេទិកាទេសចរណ៍អាស៊ាន ២០២២ ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២នៅខេត្តព្រះសីហនុ។

លោកថោង ខុន ក៏បានស្នើដល់លោក Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឲ្យជួយជំរុញឲ្យមានជើងហោះហើរត្រង់ រវាងគោលដៅទេសចរ​ណ៍ កម្ពុជា-ឥណ្ឌូនេស៊ី ស្របតាមស្មារតី អនុស្សារណៈយោគយល់គ្នាខាងលើនេះផងដែរ។

អនុស្សរណៈនេះ ធ្វើឡើងក្រោមអធិបតីភាព លោកថោង ខុន រដ្ឋមន្រ្តី ទេសចរណ៍កម្ពុជា និងឯកឧត្តម Y.M. Sudirman Haseng ដែលជាតំណាង លោក Sandiaga Salahudin Uno រដ្ឋមន្រ្តីទេសចរណ៍ និងសេដ្ឋកិច្ចច្នៃប្រឌិតឥណ្ឌូនេស៊ី បានប្រគល់ជូន តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ផ្តល់ឱកាសកាន់តែច្រើន ក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការ ទេសចរណ៍ រវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើង ជាពិសេស ការធ្វើឲ្យប្រសើរឡើងនូវការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងការផ្លាស់ប្តូរការអភិវឌ្ឍទេសចរណ៍ប្រកបដោយ ចីរភាពរសម្រាប់កម្ពុជា-ឥណ្ឌូនេស៊ីផងដែរ។

លោកថោង ខុន បានកោតសរសើរ ចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានខិតខំប្រឹងប្រែង ដើរនាទីយ៉ាងសំខាន់ ក្នុងឆាកអន្តរជាតិ ក្នុងបរិបទវិបត្តិកូវីដ-១៩ និងសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២ ព្រមទាំង ធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាទេសចរណ៍ អាស៊ាន២០២៣ (ATF-2023) និងកិច្ចប្រជុំ កំពូលអាស៊ាន ២០២៣ផងដែរ។

លោកបន្តថា ឆ្នាំនេះ ជាខួបទី៦៣ នៃទំនាក់ទំនង ការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ព្រមទាំង បានថ្លែងអំណរគុណដល់ ទូតឥណ្ឌូនេស៊ី ដែលបានសហការ ជាមួយក្រសួងទេសចរណ៍កម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ក្នុងការរៀបចំ កម្មវិធី Batik Kroma ដែលជាព្រឹត្តិការណ៍ ជិះកង់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅរមណីយដ្ឋាន អង្គរវត្ត ក្នុងគោលបំណងនេះ ដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើង ព្រមទាំងបង្កើនការផ្សព្វផ្សា​យទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកY.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជាបានសន្យាបន្ត និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍទេសចរណ៍ ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរ ថែមទៀត។

លោកបន្ថែមទៀតថា តាមរយៈអនុស្សារណៈយោគយល់គ្នានេះ ស្ថានទូតឥណ្ឌូនេស៊ី បានរៀបចំ សិក្ខាសាលាវគ្គបណ្តុះបណ្តាល មូលដ្ឋានស្តីពី ទេសចរណ៍ហាឡាល់ (Tourism Halal) សម្រាប់មន្ត្រី ក្រសួងទេសចរណ៍កម្ពុជា ផងដែរក្នុងគោលដៅទាក់ទាញទេសចរ ម៉ូស្លីមនៅលើសាកលលោកជាពិសេសប្រជាជនឥណ្ឌូនេស៊ី មកទស្សនា នៅកម្ពុជាផងដែរ។

លោកY.M. Sudirman Haseng ក៏បានស្តែងការកោតសរសើរ ចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ប្រកប​ដោយភាពជោគជ័យ ភាពរលូន សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ៕

ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ១របស់កម្ពុជាប្រចាំឆ្នាំ២០២២ត្រលប់មកវិញ

ដោយ៖សុផារី

ភ្នំពេញ៖ បន្ទាប់ពីត្រូវរងចាំអស់រយៈពេល២ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ១ របស់កម្ពុជាបានត្រលប់មកវិញហើយ នោះគឺព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះហើយ។

Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នា ដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះតម្លៃពិសេសជាច្រើននៅកន្លែងតែមួយ។

កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំ មានទីតាំងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារទំនើបដ៏ធំបំផុតក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។ ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជានឹងធ្វើឡើងនៅថ្ងៃទី០២-០៣ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង០៩ព្រឹកតទៅ។

លោក Tom OSullivan នាយកប្រតិបត្តិគេហទំព័រRealestate.com.kh បានមានប្រសាសន៍ប្រាប់ក្នុងកិច្ចសម្ភាសពិសេសជាមួយProperty Area Asia នៅក្នុងសប្តាហ៍នេះថា អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ២០២២ ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide Creed Group The Flora Morgan group Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យដ៏អស្ចារ្យនេះ ថែមទាំងមានការផ្តល់ជូននូវអចលនទ្រព្យ ដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង។

លោកបានបន្តថា ព្រឹត្តិការណ៍នេះក៏នឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អ្នក ដែលកំពុងស្វែងរកអចលនទ្រព្យនានា ក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញវត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ ២០២២ នឹងអាចជួយលោកអ្នកបាន ដោយមានធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវប្រាក់កម្ចី និងការធានារ៉ាប់រងដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក។

ក្រៅពីនេះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car B2B Cambodia និងបច្ចេកវិទ្យា Realsee 360។

លោកបន្តថា អ្នកចូលរួមអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅដោយអ្នកដឹកនាំ នៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ គន្លឹះនៅពេលទិញផ្ទះលើកដំបូង បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត។

ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមក្នុងពិព័រណ៍នេះដើម្បីអាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ៕

អ្នកភ្នំពេញស្វែងរកទិញដីនៅខេត្តកែបកាន់តែច្រើនសម្រាប់ទុកចំណេញ ពេលអនាគត

  ដោយៈវឌ្ឍនៈ

ភ្នំពេញៈ  ស្របនឹងការអភិវឌ្ឍ នៅក្នុងខេត្តកែបកំពុងមានភាពមមា​ញឹក និងមានគម្រោងជាច្រើនបាន និងកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់នោះ អ្នកមានលុយនៅរាជធានីភ្នំពេញជាច្រើន បាននិងកំពុថនាំគ្នាទៅទិញដីនៅក្នុងខេត្តកែប ដើម្បីទុកបន្តយកចំណេញ និងខ្លះទៀតទិញដើម្បីទុកអភិវឌ្ឍន៍ពេលតំបន់នេះ កាន់តែមានការរីកចម្រើនថែមទៀត។

លោកងិន ភារម្យ ជាភ្នាក់ងារដីធ្លីមួយរូបនៅខេត្តកែប និងកំពតបានមានប្រសាសន៍តាមទូរសព្ទនៅរសៀលថ្ងៃទី២៤ មិថុនា ២០២២នេះឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកមកពីភ្នំពេញកាន់តែច្រើនបានស្វែងរកទិញដីធ្លី ដែលមានទំហំតូចតម្លៃត្រឹម៣ម៉ឺន ទៅ៥ម៉ឺនដុល្លារ នៅក្បែរៗឆ្នេរ និងតំបន់ដែលពួកគេគិតថា នឹងមានសក្ដានុពលនិងអាចចំណេញនៅពេលអនាគត ។

លោកបន្តថា ដីធំៗសម្រាប់អ្នកមានលុយច្រើនៗ មកទិញនិងអភិវឌ្ឍន៍ជាសណ្ឋាគារ រីសត និងគម្រោងធំៗផ្សេងៗទៀត។ ចំណែកដីមានទំហំតូចៗរបស់ប្រជាពលរដ្ឋ គេទិញទុកសម្រាប់យកចំណេញ នៅពេលអនាគតនិងមួយចំនួនទិញទុក ដើម្បីអភិវឌ្ឍន៍ផ្ទាល់ខ្លួន ជាផ្ទះលំហែឬក៏កូនរីសតតូចៗល្មម​សម្រាប់សម្រាកកម្សាន្ត នៅពេលឈប់សម្រាកឬថ្ងៃចុងសប្ដាហ៍ជាដើម ។

លោកបន្តថា ខេត្តកែបពេលនេះ មានការអភិវឌ្ឍយ៉ាងមមាញឹក ដូចជាកោះទន្សាយ ឆ្នេរកែប និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលជំរុញឱ្យវិនិយោគិនជាតិ និងអន្តរជាតិមួយចំនួន បានសម្លឹងមើលពីសក្ដានុពលនៃការវិនិយោគ នៅខេត្តមាត់សមុទ្រមួយនេះកាន់តែច្រើនផងដែរ ។

ចំណែកលោកលឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យមួយរូបនៅខេត្តកំពតនិងកែបក៏បានឱ្យដឹងថា ភ្ញៀវទិញដីនៅខេត្តកែបភាគច្រើន ជាអ្នកភ្នំពេញ ហើយកាលពីពេលបិទខ្ទប់ ក៏មានអ្នកមករកទិញដែរ តែមានចំនួនតិចតួច ប៉ុន្តែបន្ទាប់ពីបើកប្រទេសឡើងវិញឃើញថា អ្នករកទិញនៅតំបន់នេះ កាន់តែមានច្រើនឡើងៗ ជាមួយនឹងការអភិវឌ្ឍក៏ចាប់ផ្ដើមសន្សឹមៗដែរ។

លោកបន្តថា “នៅពេលអនាគត ខេត្តកែបអាចនឹងមានការអភិវឌ្ឍខ្លាំងជាងនេះបន្តទៀត ហើយសន្ទុះនៃការវិនិយោគក៏ត្រូវបានរំពឹងថា នឹងមានសន្ទុះកាន់តែខ្លាំងបន្ថែមទៀត”។ លោកបន្តថា “ដូច្នេះអ្នកទិញដីទុកនៅពេលនេះ បើចង់លក់ក៏ចំណេញ ហើយបើទុកអភិវឌ្ឍន៍ក៏កាន់តែល្អ”។

រដ្ឋាភិបាល បានកំណត់យកតំបន់ឆ្នេរជាទិសដៅ នៃការអភិវឌ្ឍមួយក្នុងចំណោម ទិសដៅផ្សេងទៀត ដោយរដ្ឋាភិបាលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ ទៅកាន់តំបន់សមុទ្រ កាន់តែមានភាពងាយស្រួល ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជា វិនិយោគិនទៅកាន់តំបន់នោះកាន់តែច្រើនផងដែរ៕

អ្នកអភិវឌ្ឍន៍លំនៅឋានតម្លៃខ្ពស់កាន់តែច្រើនងាកទៅកាន់តំបន់ប៉ែក ខាងត្បូងឈៀងខាងលិច

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូង ឈៀងខាងលិចភ្នំពេញ ដែលសំដៅដល់តំបន់ព្រៃស នៃខណ្ឌដង្កោនាពេលបច្ចុប្បន្ននេះ ហាក់ទទួលបានការអភិវឌ្ឍទៅលើលំនៅឋានដែលមានតម្លៃខ្ពស់ រាប់ម៉ឺនដុល្លារអាមេរិកឡើងទៅហើយនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងប្រទេសកម្ពុជាជាច្រើនផងដែរ ។

តើអ្វីទៅជាសក្ដានុពលនិងជំរុញឱ្យតំបន់នេះ មានការអភិវឌ្ឍលំនៅឋានតម្លៃខ្ពស់ៗបែបនេះ។

លោកជា ស៊ីមុយប្រធានក្រុមផ្នែកលក់នៃបុរីភ្នំពេញថ្មី បាឱ្យដឹងតាមទូរស័ព្ទកាលពីម្សិលម៉ិញថា ទីតាំងនៃគម្រោងបុរីភ្នំពេញថ្មី ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ពោលគឺនៅលើផ្លូវក្រវ៉ាត់ក្រុងទី២ ដែលតភ្ជាប់ពីផ្លូវ៦០ម៉ែត្រមកដល់តំបន់ទួលពង្រ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អតិថិជន។ ជាក់ស្ដែងចាប់តាំងពីគម្រោងលំនៅឋានមួយនេះ បានសម្រេចការលក់របស់ខ្លួនជាង៣០ភាគរយហើយ ដោយអតិថិជនភាគច្រើនជ្រើសរើសយកលំនៅឋានពាណិជ្ជកម្មនៅជាប់ផ្លូវធំតែម្ដង ។

លោកបន្តថា “អ្វីដែលធ្វើឱ្យពលរដ្ឋ ក៏ដូចជា អ្នកអភិវឌ្ឍន៍លំនៅឋានចូលមកកាន់តំបន់នេះកាន់តែច្រើន ព្រោះមើលឃើញថាតំបន់នេះជាតំបន់ដែលមានការអភិវឌ្ឍថ្មីមួយ ដោយមានផ្លូវខ្វាត់ខ្វែង តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ លេខ៣”។ លោកបន្តថា “នៅជុំវិញតំបន់នេះដែរ ក៏មានសក្ដានុពលជាច្រើន ក្នុងនោះមានផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនម៉ល៣ និងមានផ្សារទំនើបជាច្រើន នៅតាមបណ្ដោយផ្លូវវេងស្រេងជាដើម”។

ដោយសម្លឹងឃើញសក្តានុពលតំបន់នេះ អ្នកអភិវឌ្ឍន៍បុរីបុស្បាបាននិងកំពុងសាងសង់លំនៅដ្ឋានរបស់ខ្លួនយ៉ាងលឿនផងដែរ បន្ទាប់ពីទទួល​បានការគាំទ្រច្រើនពីអតិថិជន។

លំនៅដ្ឋានរបស់បុរីបុស្បាបាន និងកំពុងផ្តោតជាពិសេសលើគុណតម្លៃចំនួន៥ រួមមាន ទី១  គុណភាព និងសោភ័ណភាពសំណង់ ទី២ លំនៅដ្ឋានប្រណីតតែមានតម្លៃទាបជាងទីផ្សារ២០ទៅ៣០ភាគរយ ទី៣ ជាគំរោងលំនៅដ្ឋានផ្សារភ្ជាប់ជាមួយធម្មជាតិ និងការរស់នៅបែបសហគមន៍ ទី៤ ការរចនាសំណង់ធ្វើឡើងដោយស្ថាបត្យករជំនាញ ដែលផ្តោតលើលំនៅដ្ឋានបែបឆ្លាតវៃ និងទី៥ គ្រប់លំនៅដ្ឋានត្រូវបានគិតគូពីផាសុខភាព នៃការរស់នៅ ដោយមានពន្លឺ ខ្យល់ចេញចូលគ្រប់គ្រាន់ សមស្របតាមបរិបទនៃការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងផងដែរថា ខណ្ឌដង្កោជាខណ្ឌ មួយដែលមានការទាក់ទាញ លើគម្រោងអភិវឌ្ឍន៍លំនៅឋានច្រើន ជាងគេមួយក្នុងចំណោមតំបន់ផ្សេងទៀតក្នុងរាជធានីភ្នំពេញ។ កត្តាដែលជំរុញឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានចាប់អារម្មណ៍ និងបណ្ដាក់ទុនវិនិយោគនៅតំបន់នោះ ដោយសារតែតម្លៃនៅមានកម្រិតនៅឡើយ ហើយជាតំបន់ដែលភ្ជាប់ពីភ្នំពេញ ងាយស្រួ​លមានផ្លូវខ្វាត់ខ្វែង មានផ្សារទំនើប និងផ្លូវក្រវ៉ាត់ក្រុងច្រើន ។

អ្នកស្រីអាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើផងដែរថា ប៉ែកខាងត្បូងភ្នំពេញ ពិតជាមានសក្ដានុពលក្នុងការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ដោយមើលឃើញថាអ្នកវិនិយោគជាច្រើនបានអភិវឌ្ឍន៍ផ្សារទំនើប ហើយរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរ៕

រដ្ឋាភិបាលកម្ពុជាកំពុងសម្លឹងមើលការតភ្ជាប់ផ្លូវដែកជាមួយប្រទេសឡាវ

ដោយ: លាងហួរ

ភ្នំពេញ: សមាជិកនៃសមាគមភស្តុភារកម្ពុជា(CLA) បានបំពេញទស្សនកិច្ច ទៅប្រទេសឡាវចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី ២៣ ខែមិថុនា ដើម្បី ផ្តួចផ្តើ​មគំនិត នៃការបង្កើតផ្លូវរថភ្លើងតភ្ជាប់ពីប្រទេសកម្ពុជា ជាមួយប្រទេ​សឡាវ ដើម្បីសន្សំសំចៃពេលវេលានិងថ្លៃដឹកជញ្ជូន។

យោងតាមសារព័ត៌មានThe Starបានរាយការណ៍ថា ក្រុមការងារនេះត្រូវបានចូលរួមដោយតំណាង នៃផ្នែកភស្តុភារវៀតណាម និងឡាវ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅចម្បងចំនួនបី រួមជាមួយនឹងកិច្ចប្រជុំដើម្បីពិភាក្សាអំពីគម្រោងច្រករបៀងភាគខាងត្បូង នៃគម្រោងផ្លូវដែកអន្តរអាស៊ី (TAR) និងការផ្តួចផ្តើមស្រដៀងគ្នាផ្សេងទៀត ដើម្បីភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសតាមតំបន់មេគង្គ។

គោលដៅចម្បងសំខាន់ៗចំនួនបីនោះ រួមមាន ទី១ គឺផ្លូវដែកឡាវ-ចិន ដែលរត់ពីទីក្រុងវៀងច័ន្ទ ទៅកាន់ទីក្រុងគុនមីងក្នុងប្រទេសចិន។ ទី២ ឧទ្យានភ័ស្តុភារទីក្រុងវៀងចន្ទន៍ (VLP) 382ha ដែលជាផ្នែកសំខាន់នៃផែនការមហិច្ឆិតារបស់ប្រទេសឡាវ ដើម្បីយកឈ្នះលើស្ថានភាពលំបាកដែលគ្មានផ្លូវគោករបស់ខ្លួន គោលដៅទី៣គឺទីតាំងមួយ នៅព្រំដែនឡាវ ជាមួយ ប្រទេស វៀតណាម។

មុនពេលចេញដំណើរទៅប្រទេសឡាវ នៅល្ងាចថ្ងៃទី ២១ ខែមិថុនាលោក ស៊ិន ចន្ធី ប្រធានសមាគមដឹកជញ្ជូនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ក្រុមការងាររបស់លោក នឹងស្វះស្វែងរៀនសូត្រពីបទពិសោធន៍ជុំវិញផ្លូវដែកដ៏មានសក្តានុពល ពីទស្សនៈផ្នែកភស្តុភារ និងប្រមូលព័ត៌មាន និងព័ត៌មានលម្អិតពាក់ព័ន្ធ។

លោក គង់ វិមានអ្នកនាំពាក្យក្រសួងការងារ និងដឹកជញ្ជូនបានប្រាប់ឲ្យសារព៌តមានដឹងផងដែរថា ក្រសួងរបស់លោក នឹងសហការជាមួយក្រុមហ៊ុនចិននាពេលបច្ចុប្បន្ន ដើម្បីខិតខំស្វែងរកផ្លូវដែលមានសក្តានុពលសម្រាប់សាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវនាពេលខាងមុខ៕

វិភាគៈតើឆ្នាំ២០២៣ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងវិវត្តន៍បែបណា ខណៈសេដ្ឋកិច្ចកម្ពុជាកំពុងបង្ហាញកំនើនរ៉ឹងមាំជាថ្មី?

ដោយៈ វឌ្ឍនៈ/ជេស៊ីកា

       ភ្នំពេញៈ ផែនទីកម្ពុជា នឹងបង្ហាញទៅកាន់ពិភពលោក កាន់តែចែងចាំងម្តងទៀត ខណៈប្រទេសនេះ កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំាំអាស៊ាននៅចុងឆ្នាំនេះ និងការរៀបចំព្រឹត្តិការណ៍ធំៗចំនួនពីរនៅឆ្នាំ២០២៣ខាងមុខ។

ជាមួយនឹងការព្យាករណ៍ ដោយសុទិដ្ឋិនិយមរបស់រដ្ឋាភិបាល និងស្ថាប័នអន្តរជាតិធំៗដូចជា ADB, World Bank, IMFជាដើមបានបបង្ហាញថា​សេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានកំនើនក្នុងរង្វង់៥,៤ភាគរយ នៅឆ្នាំនេះ និងអាចសម្រេចបានកំណើន៦ភាគរយនៅឆ្នាំក្រោយ។

ការរៀបចំព្រឹត្តិការណ៍ដ៏ធំស៊ីហ្គេម នឹងធ្វើឲ្យកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ ជាមួយនឹងការមកដល់របស់កីឡាករ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិរាប់ម៉ឺននាក់នឹងចូលរួមអមអរសាទរ និងរីករាយក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលកម្ពុជាមិនធ្លាប់បានប្រារពកន្លងមក។

ជាមួយគ្នានេះ ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ក៏ជាព្រឹត្តិការណ៍ធំមួយទៀត ដែលកម្ពុជានឹងបង្ហាញពិភពលោក ពីភាពចាស់ទុំខាងនយោបាយរបស់ខ្លួន ពិសេសការដើរត្រឹមត្រូវលើគន្លងប្រជាធិបតេយ្យមួយ ស្របតាមបរិបទសង្គម វប្បធ៌មកម្ពុជា។

អ្នកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនៅដើមសប្តាហ៍នេះថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយក៏ជាពេលវេលាល្អ របស់វិនិយោគិនទេសចរបរទេសចូលមកកម្ពុជា ទស្សនាការប្រកួតកីឡាផង និងសិក្សាពីសក្ដានុពលវិនិយោគនៅកម្ពុជាផង។

ជាមួយនឹងលក្ខខ័ណ្ឌអំណោយផលនៃប្រជាសាស្រ្ត (ប្រជាជនវ័យក្មេងច្រើន) តម្លៃអចលនទ្រព្យមានតម្លៃទាប ស្ថេរភាពនយោបាយ និងកំនើន​សេដ្ឋកិច្ចរ៉ឹងមាំ បានធ្វើឲ្យកម្ពុជាមានឱកាសទាក់ទាញ ការវិនិយោគពីអន្តរជាតិកាន់តែច្រើននាពេលអនាគត ដោយសារផលចំណេញពីការវិនិយោគនៅកម្ពុជា នៅតែមានកម្រិតខ្ពស់ធៀបជាមួយប្រទេសក្នុងតំបន់។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុនProPNex Cambodiaដែលបានសិក្សា និងវិភាគលើវិស័យនេះជាយូរមកហើយបានថ្លែងថា “កម្ពុជានៅតែជាប្រទេស ដែលទទួលបានផលចំណេញ ពីការវិនិយោគខ្ពស់ ធៀបជាមួយប្រទេសក្នុងតំបន់អាស៊ី”។ អ្នកស្រីបន្តថា “ផលចំណេញពីការ​វិនិយោគនៅទីនេះ សម្រេចបានក្នុងចន្លោះ៥ទៅ៦ភាគរយ ខណៈប្រទេសក្នុងតំបន់មានកម្រិតត្រឹម២ទៅ៤ភាគរយប៉ុណ្ណោះ”។

យ៉ាងណាក៏ដោយ មិនមែនគ្រប់គ្នាសុទ្ឋតែយល់ឃើញបែបនេះឡើយ។

លោក ព្រាប កុល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century 21 Zillion Holding បានមានប្រសាសន៍ឱ្យដឹងថា មកដល់ពាក់កណ្ដាលឆ្នាំ២០២២ទៅហើយ តែវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា មិនទាន់ប្រសើរនៅឡើយទេ ទោះបីជាស្ថានភាពកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានធូរស្រាលក្ដី ។

លោកបន្តថា បន្ទាប់ពីកូវីដ១៩បានប្រសើរ ពិភពលោកក៏បានជួបប្រទះនឹងវិបត្តិបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងបណ្ដាល ឱ្យជួបបញ្ហាមួយបន្ថែមទៀត ដូច្នេះហើយទើបក្នុងឆ្នាំ២០២២នេះ ស្ថានភាពនៃវិស័យអចលនទ្រព្យមិនទាន់ច្បាស់លាស់ តែយ៉ាងណាក៏មិនអាក្រក់ដូចឆ្នាំ២០២០និងឆ្នាំ២០២១ដែរ។

លោកព្រាប កុលបានបន្តដោយបង្ហាញភាពប្រុងប្រយ័ត្នថា សម្រាប់ឆ្នាំ២០២៣ខាងមុខ ក៏មិនទាន់ប្រាកដថាវិស័យនេះ នឹងវិលទៅរកដូចមុនវិបត្តិដែរ យើងមានតែរង់ចាំអ៊ុតមើលបន្ត។

លោកបន្ថែមថា ឆ្នាំ២០២៣ យើងមិនទាន់ដឹងថា នឹងជួបនូវអ្វីដែលថ្មី ខណៈសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនក៏មិនទាន់ដឹងថា មានការប្រែប្រួលយ៉ាងម៉េចនៅឡើយ។ ដូច្នេះហើយទើបលោកបញ្ជាក់ថា ឆ្នាំ២០២៣មិនទាន់ហ៊ានព្យាករណ៍ និងនៅចាំអ៊ុតមើល ប៉ុន្តែវានឹងមិនអាក្រក់ជាងបច្ចុប្បន្ននោះទេ ហើយក៏មិនអាចអាក្រក់ជាងឆ្នាំកន្លងទៅដែរ ។

ជាមួយនឹងការលើកកំពស់បរិយាកាស វិនិយោគកាន់តែប្រសើរ ច្បាប់វិនិយោគថ្មី បានផ្តល់ការលើកទឹកចិត្តកាន់តែច្រើន ដល់វិនិយោគិនជាតិ អន្តរជាតិ ពិសេសការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ(RCEP) បាននិងកំពុងជម្រុញកម្ពុជា កាន់តែទាក់ទាញការវិនិយោគកាន់តែច្រើនពីវិនិយោគិនជាតិ អន្តរជាតិ ដើម្បីនាំទំនិញចេញដោយរួចពន្ឋទៅកាន់ប្រទេសចិន និងបណ្តាប្រទេសជាច្រើនទៀត ដែលជាសមា​ជិកRCEP។

លោកTom Osullivanនាយិកប្រតិបត្តិសារព៌តមានអចលនទ្រព្យRealestate.com.kh ដែលផ្តោតលើទីផ្សារពិភពលោកបានយល់ឃើញថា កម្ពុជានឹងទាក់ទាញការវិនិយោគកាន់តែច្រើន នៅពេលអនាគត ដោយ​សារភាពរ៉ឹងមាំាំនៃស្ថេរភាពនយោបាយ កំនើនសេដ្ឋកិច្ចកម្ពុជា និងកម្ពុជាចាយវាយប្រាក់ដុល្លារយ៉ាងទូលំទូលាយលើទីផ្សារ ដែលផ្តល់នូវទំនុកចិត្តដល់វិនិយោគិនអន្តរជាតិ។

លោកបន្តថា “វិបត្តិកូវីដ១៩ ទីផ្សារអចលនទ្រព្យកម្ពុជាទោះជារងផលប៉ះពាល់ក្តី ប៉ុន្តែនៅតែមានភាពរ៉ឹងមាំ ធៀបជាមួយប្រទេសក្នុងតំបន់”។​លោកបន្តថា “ឆ្នាំ២០២៣កម្ពុជានឹងទាក់ទាញ ការវិនិយោគកាន់តែច្រើន ដោយសារកម្ពុជារៀបចំកីឡាស៊ីហ្គេម ដែលធ្វើឲ្យផែនទីកម្ពុជាត្រូវបានដាក់ទៅក្នុងក្រសែភ្នែកពិភពលោក”៕

 

ទីបំផុតសហភាពអឺរ៉ុប ព្រមទទួលយកអ៊ុយក្រែនឱ្យចូលជាសមាជិក របស់ខ្លួនជាផ្លូវការហើយ

ដោយៈ សុខុម

គៀវ: ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelenskiy និយាយថា បេក្ខភាពផ្លូវការរបស់អ៊ុយក្រែន សម្រាប់ការចូលជាសមាជិករបស់សហភាពអឺរ៉ុប គឺជាការបោះជំហានទៅមុខ ដ៏ធំមួយឆ្ពោះទៅរកការពង្រឹងឥទ្ធិពលអឺរ៉ុប ក្នុងគ្រាដែលរុស្ស៊ីកំពុងសាកល្បងសេរីភាព និងសាមគ្គីភាពរបស់ខ្លួន។

គិតត្រឹមថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះវាមានរយៈពេល៤ខែហើយចាប់តាំងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនកងកម្លាំងឆ្លងកាត់ព្រំដែន ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលជាដើមហេតុបង្កឱ្យមានជម្លោះដ៏ធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២ ដោយធ្វើឱ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត រាប់លាននាក់រត់ចោលផ្ទះសម្បែង ហើយទីក្រុងជាច្រើនត្រូវបានបំផ្លាញខ្ទេចខ្ទី។

ទន្ទឹមនឹងនេះ ភ្លើងសង្គ្រាមឈ្លានពាននេះ ក៏បានបង្កឱ្យមានវិបត្តិថាម​ពល និងស្បៀងអាហារទូទាំងពិភពលោកផងដែរ។

បន្ទាប់ពីបរាជ័យ នៅក្នុងវាយដណ្ដើមកាន់កាប់រដ្ឋធានីគៀវ ដើម្បីប្រ​កា​សជ័យជម្នះភ្លាមៗ កងកម្លាំងរបស់បុរសខ្លាំង ពូទីន ពេលនេះបានងាកទៅផ្តោតលើការវាយដណ្ដើម កាន់កាប់ភាគខាងកើតរបស់អ៊ុយក្រែន។ សង្គ្រាមនេះគ្មានសញ្ញាថា នឹងបញ្ចប់នៅពេលណាឡើយ ហើយវានឹងរីករាលដាលកាន់តែធំឡើងៗនៅអឺរ៉ុប។

លោក Zelenskiy បានថ្លែងទៅកាន់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ថា ការសម្រេចចិត្តរបស់ពួកគេ ក្នុងការទទួលយកបេក្ខភាពរបស់រដ្ឋធានីគៀវ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតសម្រាប់អ៊ុយក្រែន ចាប់តាំងពីខ្លួនបានបំបែកខ្លួនចេញពីសហភាពសូវៀត កាលពី៣១ឆ្នាំមុន។

លោកបានលើកឡើងថា “ប៉ុន្តែការសម្រេចចិត្តនេះ មិនមែនធ្វើឡើងដើម្បីតែផលប្រយោជន៍ របស់អ៊ុយក្រែនមួយប៉ុណ្ណោះទេ វាគឺជាការបោះជំហានដ៏ធំបំផុតឆ្ពោះ ទៅរកការពង្រឹងឥទ្ធិពលអឺរ៉ុប ផងដែរនៅពេលនេះ ខណៈសង្រ្គាមរុស្ស៊ី កំពុងសាកល្បងសមត្ថភាពរបស់យើង ក្នុងការការពារសេរីភាព និងសាមគ្គីភាព”។

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter បន្ទាប់ពីសេចក្ដីសម្រេចនេះថា “វាជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ”។ លោកបានបន្ថែមថា “អនាគតរបស់យើងគឺនៅជាមួយគ្នា រួបរួមគ្នា”៕ Reuters៕

ដំណឹងល្អៈបារាំងចាប់អារម្មណ៍វិនិយោគគម្រោងលើកកម្រិតអាកាសយានដ្ឋានបាត់ដំបងជាប្រភេទ4C

ដោយៈ សុផារី

បាត់ដំបងៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាហ្សាក់ ប៉ឺឡេបានបង្ហាញចំណាប់អារម្មណ៍ ទៅលើគម្រោងដាក់ឱ្យដំណើរការឡើងវិញអាកាសយានដ្ឋានបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប។

លោកបានបង្ហាញការចាប់អារម្មណ៍ នៅក្នុងជំនួបការងារជាមួយលោក សុខ លូ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមកថា គម្រោង ដែលដាក់ឱ្យដំណើរការឡើងវិញ អាកាសយានដ្ឋានបាត់ដំបងនេះ គឺជាផ្លូវមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួល  និងបង្កឱ្យមានការលើកស្ទួយ នៅក្នុងវិស័យដឹកជញ្ជូន នៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ ដល់អាការចរស៊ីវិល ឱ្យធ្វើការកែលំអអាកាសយានដ្ឋានបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។

លោកហ្សាក់ ប៉ឺឡេ បានបន្តទៀតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ។

បើតាមរដ្ឋបាលខេត្តបាត់ដំបង អាកាសយានដ្ឋាននេះមានចម្ងាយ៣គីឡូម៉ែត្រពីក្រុងបាត់ដំបង និងមានផ្ទៃដីសរុបទំហំ១២៨,៦៨ហិកតា។ ផ្លូវរត់មានប្រវែងជា១,៦០០ម៉ែត្រ ដែលមានទទឹង៣៤ម៉ែត្រ។

អាកាសយានដ្ឋាននេះ ត្រូវបានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ១៩៦៨ សម្រាប់បម្រើជើងហោះហើរ ក្នុងស្រុកខ្នាតតូច ហើយបានបិទដំណើរការនៅឆ្នាំ១៩៧៥។ ក្រោយមកត្រូវបានបើកជាថ្មី និងត្រូវបានប្រើសម្រាប់យន្តហោះស៊ីវិល រហូតដល់ចុងទសវត្សឆ្នាំ១៩៩០៕

សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ពិភពលោក “BRICS Plus” នៅយប់នេះតាមប្រព័ន្ធអនទ្បាញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ “BRICS Plus” ក្រោមមូលបទ “លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព”។

កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកលនេះ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនទ្បាញ នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ការអញ្ជើញចូលរួមនេះ ឆ្លើយតបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។

សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ក្រសួងការបរទេស បានចាត់ទុកថា ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនាខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

រដ្ឋាភិបាលកែសម្រួលលើនិតិវិធីមួយចំនួនទាក់ទងនឹងការអនុញ្ញាត្ត សាងសង់

ដោយៈគង់ ជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកែប្រែចំនុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ០១៣ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។

យោងតាមប្រកាសលេខ០៩៦ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា ការកែសម្រួលនិតិវិធីថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិត អនុញ្ញាតសាងសង់ ដូចជា លិខិតបញ្ជាក់ព័ត៌មានសុរិយោដី សំដៅដល់ឯកសារ ដែលផ្តល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែលមានបង្ហាញទីតាំងក្បាលដី និងព័ត៌មានផ្សេងៗនៃក្បាលដី មានជាអាទិ៍ ប្រភេទ ស្ថានភាពគតិយុត្ត លក្ខណៈរូប និងបន្ទុកនៃក្បាលដី ដោយផ្អែកលើឯកសារ និងសៀវភៅគោលបញ្ជីដីធ្លី។

ជាមួយគ្នានេះ សលាកបត្រក្បាលដី សំដៅដល់ឯកសារផ្ដល់ដោយអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ ដែល បង្ហាញប្លង់ដីឡូតិ៍ ប្លង់តំបន់ កម្មសិទ្ធិករនៃដី ទីតាំងនៃដី ទំហំដី និយាមកាចំណុចព្រំដី៕