ដោយៈ សុផារី
បាត់ដំបងៈ ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជាហ្សាក់ ប៉ឺឡេបានបង្ហាញចំណាប់អារម្មណ៍ ទៅលើគម្រោងដាក់ឱ្យដំណើរការឡើងវិញអាកាសយានដ្ឋានបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប។
លោកបានបង្ហាញការចាប់អារម្មណ៍ នៅក្នុងជំនួបការងារជាមួយលោក សុខ លូ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមកថា គម្រោង ដែលដាក់ឱ្យដំណើរការឡើងវិញ អាកាសយានដ្ឋានបាត់ដំបងនេះ គឺជាផ្លូវមួយឈានទៅរកដឹកជញ្ជូនកាន់តែមានភាពងាយស្រួល និងបង្កឱ្យមានការលើកស្ទួយ នៅក្នុងវិស័យដឹកជញ្ជូន នៅខេត្តបាត់ដំបង កាន់តែមានការរីកចម្រើន។
លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ ដល់អាការចរស៊ីវិល ឱ្យធ្វើការកែលំអអាកាសយានដ្ឋានបាត់ដំបង ឱ្យក្លាយទៅជាអាកាសយានដ្ឋានប្រភេទ4C ដែលមានកម្រិតស្មើនឹងខេត្តសៀមរាប ហើយបច្ចុប្បន្នក្រុមការងារកំពុងតែរៀបចំលើគម្រោងមួយនេះ។
លោកហ្សាក់ ប៉ឺឡេ បានបន្តទៀតថា ប្រទេសបារាំងនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងន័យធ្វើការអភិវឌ្ឍឱ្យកាន់តែមានការរីកចម្រើន និងបន្តផ្សព្វផ្សាយដល់ភ្ញៀវទេសចរ និងអ្នកវិនិយោគឱ្យមកខេត្តបាត់ដំបងកាន់តែច្រើនឡើងៗ។
បើតាមរដ្ឋបាលខេត្តបាត់ដំបង អាកាសយានដ្ឋាននេះមានចម្ងាយ៣គីឡូម៉ែត្រពីក្រុងបាត់ដំបង និងមានផ្ទៃដីសរុបទំហំ១២៨,៦៨ហិកតា។ ផ្លូវរត់មានប្រវែងជា១,៦០០ម៉ែត្រ ដែលមានទទឹង៣៤ម៉ែត្រ។
អាកាសយានដ្ឋាននេះ ត្រូវបានចាប់ផ្តើមដំណើរការដំបូងក្នុងឆ្នាំ១៩៦៨ សម្រាប់បម្រើជើងហោះហើរ ក្នុងស្រុកខ្នាតតូច ហើយបានបិទដំណើរការនៅឆ្នាំ១៩៧៥។ ក្រោយមកត្រូវបានបើកជាថ្មី និងត្រូវបានប្រើសម្រាប់យន្តហោះស៊ីវិល រហូតដល់ចុងទសវត្សឆ្នាំ១៩៩០៕