ធនាគារអាមេរិកមួយព្យាករថាតម្លៃផ្ទះនៅក្រុងហុងកុងនឹងធ្លាក់ចុះរហូតដល់២០ភាគរយ

ដោយ៖ សុខុម

ហុងកុង: ធានាគារអាមេរិក Goldman Sachs បានព្យាករថា តម្លៃអចលនទ្រព្យប្រភេទលំនៅដ្ឋាននៅក្រុងហុងកុង អាចនឹងធ្លាក់ចុះរហូតដល់ទៅ២០%នៅត្រឹមឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី៣០ ខែមីនា។

ការព្យាករនេះធ្វើឡើងនៅពេលប្រាក់ចំណូលរបស់ពលរដ្ឋ និងតម្រូវការរបស់អ្នកទិញផ្ទះដែលបង្កឡើងដោយសាររលកចុងក្រោយនៃការរីករាលដាលវីរុសកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់របស់បណ្ដាធនាគារអន្តរជាតិ។

ធនាគារវិនិយោគដ៏ធំមួយនេះបានទម្លាក់ការព្យាករអំពីតម្លៃលំនៅដ្ឋានសម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៥ មកនៅត្រឹមធ្លាក់ចុះ៥%ជារៀងរាល់ឆ្នាំបើធៀបនឹងការព្យាករមុននេះថា តម្លៃនឹងនៅទ្រឹងសម្រាប់ទាំងពីរឆ្នាំ។ សម្រាប់ឆ្នាំ២០២៣ និង២០២៤ ធនាគារនេះបានរក្សាការព្យាកររបស់ខ្លួន គឺធ្លាក់ចុះ៥%។

ទីក្រុងហុងកុង ដែលត្រូវបានក្រុមហ៊ុនស្ទង់មតិ Demographia ដាក់ចំណាត់ថ្នាក់ថាជាទីផ្សារលំនៅដ្ឋានថ្លៃបំផុតរបស់ពិភពលោករយៈពេល១២ឆ្នាំជាប់ៗគ្នា បានប្រកាសពីការធ្លាក់ចុះ២,៩%នូវតម្លៃផ្ទះមកទល់ពេលនេះនៅឆ្នាំនេះ ដោយតម្លៃបានធ្លាក់ចុះលឿនក្នុងខែកុម្ភៈ ដែលជាការធ្លាក់ចុះខ្លាំងបំផុតចាប់តាំងពីខែមករា ឆ្នាំ២០២១។

តម្លៃផ្ទះបានហក់ឡើងលើសទ្វេដងក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ និងបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងខែកញ្ញា ឆ្នាំ២០២១។

ទីផ្សារលំនៅដ្ឋាននេះនៅតែមានភាពធន់ទ្រាំគួរឱ្យកត់សម្គាល់អំឡុងមហាបាតុកម្ម ដែលបានធ្វើឱ្យក្រុងនេះ ធ្លាក់ចូលក្នុងស្ថានភាពចលាចលក្នុងឆ្នាំ២០១៩ និងបានឆ្លងកាត់វិបត្តិរីករាលដាលវីរុសកូវីដ-១៩ យ៉ាងស្វាហាប់រយៈពេល២ឆ្នាំមកនេះ។ នោះក៏ដោយសារទីផ្សារនេះទទួលបានកំណើនរឹងមាំ និងអត្រាការប្រាក់ចុះថោកជាងមុន៕

តើកត្តារយៈចម្ងាយមានឥទ្ធិពលដល់ការសម្រេចចិត្តលើសកម្មភាពវិនិយោគផ្ទះលំហែពិតឬ?

ដោយ៖ សុផារី

ភ្នំពេញ៖ ដោយសារតែស្ថានភាពទីក្រុងភ្នំពេញមានការប្រែប្រួលខ្លាំង ជាពិសេសអគារពាណិជ្ជកម្មធំៗ បណ្តុំសកម្មភាពសេដ្ឋកិច្ច មានប្រជាពលរដ្ឋរស់នៅច្រើន ដែលធ្វើឱ្យពលរដ្ឋបែងចែកផ្ទះស្នាក់នៅជា២ផ្សេងគ្នា មួយសម្រាប់ធ្វើការ និងមួយទៀតសម្រាប់លំហែកាយពេលឈប់សម្រាក។

អ្នកជំនាញមើលឃើញប្រជាពលរដ្ឋខ្មែរភាគច្រើន ជាពិសេសអ្នកមានលំនៅឋានរួចហើយនៅទីក្រុងភ្នំពេញ នឹងងាកមករស់នៅលំនៅឋានបែបធម្មជាតិបន្ថែមទៀត។ យ៉ាងណាក្តី ដើម្បីធ្វើដំណើរទៅកាន់ទីតាំងទាំងនោះ រយៈចម្ងាយនិងពេលវេលានៃការធ្វើដំណើរអាចជាកត្តាដែលពិចារណា និងមានឥទ្ធិពលដល់ការសម្រេចចិត្តសកម្មភាពវិនិយោគផ្ទះលំហែពិតឬទេ?

លោក Cooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate និងជាម្ចាស់អាជីវកម្មដីឡូតិ៍លំហែបូកគោលែននៅក្នុងខេត្តកំពត មានប្រសាសន៍នៅក្នុងថ្ងៃទី៣០ ខែមីនា ថា សម្រាប់ទីផ្សារដីឡូត៍និងផ្ទះលំហែ បណ្តាខេត្តជាប់សមុទ្រនិងបណ្តាខេត្តជាប់ភ្នំ ជាតំបន់ដែលមានសក្តានុពល។ ប៉ុន្តែខេត្តនៅឆ្ងាយពេកក៏មិនសូវមានសក្តានុពលដែរ។

លោក Cooler Tan បន្តថា ខេត្តដែលល្អជាងគេ គឺខេត្តជាប់សមុទ្រនិងមានចម្ងាយជិតក្រុងភ្នំពេញ ក្នុងនោះមានខេត្តកំពតនិងខេត្តកែប។

យ៉ាងណាក្តី លោកក៏មើលឃើញថា អ្នកអភិវឌ្ឍន៍ខ្លះបង្វែរទិសដៅ ឱ្យស្របតាមតម្រូវការរបស់អតិថិជនរបស់គាត់ ព្រោះអ្នកខ្លះមានតម្រូវការមធ្យមចុះក្រោម ថោកៗ ជាដើម ដោយសារដីធ្លីនៅក្នុងបណ្ដាខេត្តសក្តានុពលខ្ពស់មានតម្លៃខ្ពស់ខ្លាំង ដែលបណ្តាលឱ្យអ្នកអភិវឌ្ឍន៍បង្វែរទិសដៅអភិវឌ្ឍន៍របស់ខ្លួនទៅកាន់បណ្តាខេត្តផ្សេងៗ ដូចជា ខេត្តជាប់តំបន់ភ្នំ មានទេសភាពស្អាតដូចគ្នា។


លោកឧកញ៉ា តេង ឬទ្ធី អគ្គនាយកក្រុមហ៊ុន R Investment Group បានប្រាប់គេហទំព័រ propertyarea.asia តាមប្រព័ន្ធទូរស័ព្ទថា កាលណាចម្ងាយឆ្ងាយ ភ្ញៀវទេសចរនិងអ្នកវិនិយោគទុនពិចារណាមើលទីតាំងជិតនិងមានសក្តានុពលមុនហើយ។

ជាក់ស្តែង លោកឧកញ៉ាបន្តថា បើប្រៀបធៀបនឹងខេត្តផ្សេងៗទៀត ខេត្តកំពតជាទីតាំងមួយដែលខ្លាំង ដោយសារតែរយៈចម្ងាយជិតក្រុងភ្នំពេញនិងអំណោយផលនិងភាពងាយស្រួលពីផ្លូវថ្នល់ស្អាត សុវត្ថិភាពក្នុងការធ្វើដំណើរទៅមក ទាំងយប់និងថ្ងៃ។

លោកឧកញ៉ាបានអះអាងថា “ចំណែកខេត្តមួយចំនួនទៀត ដែលមានរយៈចម្ងាយឆ្ងាយពីក្រុងភ្នំពេញ ដូចជាខេត្តមណ្ឌលគិរី ពិតមែនតែជាខេត្តមួយដែលមានបរិយាកាស អាកាសធាតុល្អ តែចម្ងាយផ្លូវឆ្ងាយ អាចទាក់ទងបានការវិនិយោគតិចជាង”៕

ផ្សារទំនើបធំៗកាន់តែច្រើនបានប្រមូលផ្ដុំគ្នានៅតំបន់សែនសុខ

      ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តំបន់ជាច្រើននៃខណ្ឌសែន សុខរាជធានីភ្នំពេញ បាននិងកំពុងទទួលបានការចាប់អារម្មណ៍ លើការវិនិយោគផ្សារទំនើបធំៗ ហើយបច្ចុប្បន្ននេះផ្សារទំនើបធំៗជាច្រើន បានបង្ហាញខ្លួនជាបន្តបន្ទាប់ ដែលធ្វើឱ្យតំបន់មួយផ្នែកនៃខណ្ឌសែនសុខ ក្លាយជាតំបន់លក់រាយទំនិញម៉ាកយីហោល្បីៗជាច្រើន ។

នៅថ្ងៃទី៣១ខែ មីនា ២០២២នេះផងដែរផ្សារទំនើប ក្នុងស្រុកធំមួយបានបើកសម្ពោធដំណើរការជាផ្លូវការ នៅក្នុងតំបន់នៃខណ្ឌសែនសុខរាជធានីភ្នំពេញ គឺផ្សារទំនើបជីបម៉ុង នៅតាមបណ្ដោយផ្លូវម៉ុងឬទ្ធី និងជាទីតាំងដែលពោរពេញទៅដោយសក្ដានុពលលើផ្សារទំនើប ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើន បានមើលឃើញថា តំបន់ខណ្ឌសែនសុខ បានក្លាយជាតំបន់ដែលប្រមូលផ្ដុំ ដោយហាងលក់ទំនិញដ៏ពេញនិយម ហើយតំបន់នេះដែរក៏ឃើញ មានផ្សារទំនើបល្បីៗជាច្រើនរួមមានផ្សារទំនើបអ៊ីអនរបស់ជប៉ុន ផ្សារទំនើបម៉ាក្រូរបស់ប្រទេសថៃ ផ្សារទំនើបGlobal House ផ្សារទំនើបជីបម៉ុងជាផ្សារទំនើបក្នុងស្រុក និងផ្សារទំនើបតូចៗជាច្រើន រួមជាមួយផ្សារបោះដុំមួយចំនួនផងដែរ ។

លោកឧកញ៉ាបណ្ឌិតគីមហ៊ាង ប្រធានក្រុហ៊ុនអចលនទ្រព្យ KW Cambodia ក៏បានឱ្យដឹងផងដែរថា ខណ្ឌសែនសុខប៉ែកខាងជើងឈៀងខាងលិច មានការអភិវឌ្ឍខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ពីមុនតម្លៃដីធ្លី នៅក្នុងតំបន់ខណ្ឌសែនសុខ ក្នុងកម្រិតមួយទាបសមរម្យប៉ុន្តែបច្ចុប្បន្ននេះ តំបន់នៃខណ្ឌសែនសុខបានហក់ឡើង និងសម្រាប់អភិវឌ្ឍន៍ជាលំនៅឋានតម្លៃខ្ពស់ និងផ្សារទំនើបៗ ។

តាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យមួយ ក៏បានបង្ហាញផងដែរថា តំបន់សែនសុខជាតំបន់ ដែលមានការឆ្លងកាត់ពីមនុស្សជាច្រើន នៅក្នុងរាជធានិភ្នំពេញ រហូតដល់៧០ម៉ឺននាក់ក្នុងមួយថ្ងៃ  ។ កត្តាទាំងនេះហើយ ដែលធ្វើឱ្យតំបន់សែនសុខ បានក្លាយជាតំបន់ដែលមានសក្ដានុពលនិងកន្លែងលក់រាយទំនិញ ដ៏ពេញនិយមមួយនៅក្នុងរាជធានីភ្នំពេញ ។

តំបន់ខណ្ឌសែនសុខ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនផងដែរហើយតំបន់នេះ ក៏មានផ្ទៃដីទូលាយសម្រាប់ការអភិវឌ្ឍបន្ថែម ហើយវិនិយោគិនក៏អាចវិនិយោគតំបន់បន្ថែមទៀតផងដែរ៕

ដំណឹងល្អៈតម្លៃប្រេងធ្លាក់ចុះខ្លាំង ស្របប្រធានាធិបតីចូ បៃឌិន ពិចារណាបញ្ចេញស្តុកប្រេងរាប់រយលានបារ៉ែល

ដោយៈសុខុម

អន្តរជាតិ: តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីធ្លាយដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងចាត់វិធានការថ្មីៗដើម្បីបញ្ចុះតម្លៃប្រេងដែលហក់ឡើងខ្ពស់។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា នេះ។

ផ្អែកតាមសេចក្ដីរាយការណ៍បង្ហាញថា រដ្ឋាភិបាលរបស់លោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេង រហូតដល់ទៅ១៨០លានបារ៉ែល នៅប៉ុន្មានខែខាងមុខនេះ ពីប្រេងបម្រុងជាយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក។

ប្រសិនបើជាការពិតដូចការអះអាងមែន វានឹងក្លាយជាការបញ្ចេញស្តុកប្រេងដ៏ធំបំផុត មិនធ្លាប់មានចាប់តាំងប្រេងបម្រុង ជាយុទ្ធសាសត្រត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧៤។

សង្គ្រាមឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ទៅប្រទេសអ៊ុយក្រែន បានធ្វើឱ្យកក្រើក ទីផ្សារថាមពលពិភពលោក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះជុំវិញក្តីបារម្ភថា ការផ្គត់ផ្គង់នឹងត្រូវបានកាត់បន្ថយ។

នៅក្នុងការជួញដូរពេលរសៀលនេះ នៅតំបន់អាស៊ី សន្ទស្សន៍តម្លៃប្រេងរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ៥,៤% មកនៅត្រឹម១០២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅលើទីផ្សារអង់គ្លេស បានធ្លាក់ចុះ៤,៦%មកនៅត្រឹមប្រមាណ១០៨ដុល្លារក្នុងមួយបារ៉ែល។

ការហក់ឡើងនូវតម្លៃប្រេងឥន្ធនៈ បានក្លាយជាបញ្ហានយោបាយដ៏សំខាន់នៅក្នុងសហរដ្ឋអាមេរិក នៅមុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងធ្វើឡើងនៅខែវិច្ឆិកា។

សេតវិមាននិយាយថា លោក ចូ បៃឌិន នឹងថ្លែងសុន្ទរកថា នៅរសៀលថ្ងៃព្រហស្បតិ៍ នេះស្តីពីចំណាត់ការរបស់រដ្ឋាភិបាលលោក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការដំឡើងថ្លៃថាមពល និងឧស្ម័នហ្គាស។  ទោះជាយ៉ាងណា សេតវិមានមិនបានផ្តល់ព័ត៌មាន លម្អិតបន្ថែមទៀតឡើយជុំវិញរឿងនេះ។

ដំណឹងស្ដីពីបញ្ចេញប្រេងយ៉ាងច្រើន សន្ធឹកសន្ធាប់ពីសំណាក់សហរដ្ឋអាមេរិក នេះធ្វើឡើងស្របពេលក្រុមប្រទេសនាំចេញប្រេង OPec+ គ្រោងជួបប្រជុំនៅថ្ងៃព្រហស្បតិ៍ នេះ៕ BBC៕

អ្នកជំនាញរំពឹងថាទីផ្សារខុនដូនឹងមានភាពប្រសើរឡើងវិញនៅឆ្នាំ២០២២នេះ

ដោយ: ម៉ាលីស

ភ្នំពេញ: បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកប្រទេស បើកសេដ្ឋកិច្ច និងអនុញ្ញាតឱ្យជនបរទេសចូលមកកម្ពុជា បានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនិងសកម្មភាពទេសចរណ៍ ក្នុងនិងក្រៅប្រទេសបានប្រសើរឡើងវិញតែយ់ាងណាក្ដីសម្រាប់វិស័យខុនដូ ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងមានការប្រសើរឡើងវិញ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ DNZ Realty លោករិន ច័ន្ទរឹទ្ធបានថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសមួយជាមួយគេហទំព័រ Property Area នៅក្នុងសប្តាហ៍នេះថា រហូតមកដល់ចុងត្រីមាសទី១ឆ្នាំ២០២២នេះ ការទិញលក់ ខុនដូនៅក្នុងប្រទេសកម្ពុជាមិនទាន់ប្រសើរឡើងវិញនៅឡើយទេ ដោយសារតែអតិថិជនដែលមានលទ្ធភាពទិញខុនដូបានរងផលប៉ះពាល់ពីកូវីដ១៩ ដែលធ្វើពួកគេមិនអាចទិញខុនដូបាននៅក្នុងបរិបទមួយនេះ ។

តែលោកនៅបន្តមានសុទិដ្ឋិនិយម និងរំពឹងថា ក្នុងឆ្នាំ២០២២នេះវិស័យនេះនឹងប្រសើរឡើងវិញ ស្របពេល វិស័យមួយចំនួនបានប្រសើរឡើងវិញផងដែរ ដូច្នេះទាំងការជួល ការទិញ លក់លើអចលនទ្រព្យនឹងអាចវិលត្រលប់ទៅកាន់ប្រក្រតីភាពទៅស្ថានភាពដើមវិញ។

បើយើងធ្វើការប្រៀបធៀបរវាងត្រីមាសទី១ ឆ្នាំ២០២២នេះទៅនឹងត្រីមាសទី១ឆ្នាំ២០២១កន្លង យើងឃើញថា កាលពីត្រីមាសទី១ឆ្នាំ២០២១កន្លងទៅ មានការលក់ដាច់ច្រើនជាងត្រីមាសទី១ឆ្នាំនេះផង ដោយសារតែពេលនោះគាត់នៅមានលុយមានលទ្ធភាព ហើយមកដល់ពេលនេះទោះបីជាបើកប្រទេសភ្លាមៗ  បើកសេដ្ឋកិច្ចភ្លាមៗគាត់ក៏ពិបាកក្នុងការរកលុយបានមកទិញភ្លាមៗដែរ។

លោករិន ច័ន្ទរិទ្ឋបានបន្ថែមថា អ្នកទិញខុនដូកន្លងមក ដែលមានបំណងជាអ្នកវិនិយោគ ក៏ពិបាកក្នុងការរកអ្នកជួល ឬលក់បន្តណាស់ ដូច្នេះហើយទើបធ្វើឱ្យចរន្តនៃការទិញលក់ខុនដូ នៅកាន់តែពិបាកជាងកាលពីឆ្នាំ២០២១កន្លងទៅ។

ទោះជាយ៉ាងណាក្ដី គម្រោងខុនដូមួយចំនួនបានបន្ធូរបន្ថយ ទៅលើលក្ខខណ្ឌនៃការបង់ប្រាក់ ដើម្បីឱ្យការលក់គម្រោងខុនដូនោះឆាប់ដាច់ ជាក់ស្ដែងដូចជាខុនដូ Urban Village ដែលលោកទទួលលក់ជាដើម បានបន្ធូរបន្ថយលក្ខខណ្ឌមួយចំនួនផងដែរ ដល់អតិថិជនដែលទិញខុនដូរបស់ខ្លួន។

លោកបន្តថា យោងតាមលក្ខ័ណ្ឌបន្ធូរបន្ថយ នៃការបង់ប្រាក់នឹងប្រម៉ូសិននានារបស់គំរោងខុនដូរនីមួយៗ ក៏ដូចជាការបើកដំនើរការឡើងវិញនូវទេសចរណ៍ និងសេដ្ឋកិច្ចនេះ នឹងធ្វើអោយ ប្រជាពលរដ្ឋមានស្ថិរភាពហិរញ្ញវត្ថុដូចដើម ដែលវិស័យនេះរពឹងនឹងមានការប្រសើរឡើងវិញផងដែរ៕

អ្នកជំនាញៈវិស័យអចលនទ្រព្យដល់ដំណាក់កាលមួយស្រួលទិញ តែពិបាកលក់?

        ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យកម្ពុជាបាន និងកំពុងបន្តជួបផលលំបាកពោលគឺតំបន់ខ្លះ បានជួបតាំងពីមុនកូវីដ១៩មកម្លេះ គឺចាប់តាំងពីការចាកចេញរបស់ចិនពីកម្ពុជា ក្រោយការបិទហ្គេមអនឡាញ ហើយក្រោយមកទៀត ក៏បានជួបផលលំបាកដោយសារតែកូវីដ១៩។

រហូតមកដល់ពេលនេះ វិស័យមួយនេះវាបានដល់ដំណាក់កាលមួយគឺស្រួលទិញតែពិបាកលក់ចេញវិញ។

លោកប៉ូ អ៊ាវគង់ ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនAdvance Realty បានថ្លែងនៅក្នុង កម្មវិធី “ការផ្ដល់ប្រឹក្សាអាជីវកម្មអចលនវត្ថុ” នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ តាមរយៈ ZOOM ឱ្យដឹងថា ដំណាក់កាលនេះអចលនទ្រព្យ ជាដំណាក់កាលមួយ ដែលងាយស្រួលទិញណាស់ តែពិបាកលក់ចេញវិញ ដែលមានន័យថាការផ្គត់ផ្គង់មានច្រើន អ្នកលក់អចលនទ្រព្យមានច្រើន ប៉ុន្តែអ្នកទិញអចលនទ្រព្យ នៅមិនទាន់មានកំណើនឡើងវិញនៅឡើយទេ ដូច្នេះហើយទើបធ្វើឱ្យតម្រូវអ្នកទិញនៅតែមានកម្រិតនៅឡើយ។

លោកបន្តថា “តាមពិតទៅ វិនិយោគិនចិនមួយចំនួន បានចាកចេញពីកម្ពុជា ក្រោយពេលកម្ពុជាបានប្រកាសបិទហ្គេមអនឡាញ ដែលធ្វើឱ្យតម្រូវការជួលអចលនទ្រព្យ ពីសំណាក់ជនជាតិចិន ក៏បានធ្លាក់ចុះជាបន្តបន្ទាប់និងជំរុញឱ្យតម្លៃដីធ្លី នៅតំបន់មួយចំនួនបានធ្លាក់ចុះទៅតាមនោះដែរ”។

រហូតដល់កម្ពុជាជួបវិបត្តិកូវីដ១៩ រឹតតែធ្វើឱ្យរំហូរវិនិយោគិននិងវិនិយោគទុន មកពីប្រទេសនៅតែបន្តធ្លាក់បន្ថែមទៀត ។ មកដល់បច្ចុប្បន្ននេះ អ្នកវិនិយោគបរទេស នៅតែមិនទាន់ចូលមកកម្ពុជាច្រើន ដូចកាលពីមុនៗនៅឡើយ ហើយអចលនទ្រព្យក៏មានតម្រូវការតែពីអ្នកក្នុងស្រុកដែរ ។

ចំណែកលោក គាម សៀកឡុង ទីប្រឹក្សាគាំទ្រអាជីវកម្មអចលនវត្ថុនៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាក៏បានថ្លែងថា ថ្វីត្បិតកូវីដ១៩ នៅកម្ពុជាសឹងតែលែងប៉ះពាល់ដល់សេដ្ឋកិច្ច និងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ច អាជីវកម្មនានា ក្នុងប្រទេសបានងើបឡើងវិញក៏ពិតមែន ប៉ុន្តែភ្លាមប្រជាពលរដ្ឋ នឹងមិនយកទុនឬលុយ ដែលខ្លួនរកស៊ីចំណេញមកបណ្ដាក់ទុនអចលនទ្រព្យនោះទេ ដូច្នេះហើយទើបយើងមើលឃើញថា អចលនទ្រព្យមួយចំនួនមិនមានតម្រូវការដូចជាខុនដូជាដើម ។

លោកបន្តថា “សម្រាប់អ្នកប្រថុយអ្នកមានទុន មានលុយច្រើនអាចចាប់ឱកាស ក្នុងការយកចំណេញពីជំនួញអចលនទ្រព្យ ពីព្រោះអចលនទ្រព្យពេលគឺងាយស្រួល ក្នុងការចរចាជាមួយអ្នកលក់ និងអាចរកទិញអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដែលជាហេតុអាចរកចំណេញវិញនៅពេលស្ថានភាពបានល្អប្រសើរឡើងវិញផងដែរ”៕

សម្ដេចតេជោពិចារណាឱ្យក្រសួងសេដ្ឋកិច្ចរៀបចំស្តុកប្រេងឥន្ធនៈទុកដើម្បីឆ្លើយតបតម្រូវការជាក់ស្តែង

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចកំពុងពិចារណាឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំដាក់យុទ្ធសាស្ត្របន្ថែមទៅលើបញ្ហាប្រេងឥន្ធនៈ ដោយចង់ឱ្យមានរៀបចំស្តុកយុទ្ធសាស្ត្រលើបញ្ហាប្រេង ដើម្បីឆ្លើយតបសេចក្តីត្រូវការ។

សម្ដេចតេជោថ្លែងឱ្យដឹងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា “ខ្ញុំកំពុងតែគិតថា ឲ្យក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ រៀបចំស្ដុកយុទ្ធសាស្រ្ដបន្ថែមទៀត ទៅលើបញ្ហាប្រេង ក្រែលោពេលណាមួយនោះ ពីមុនមកយើងផ្អែកទៅលើក្រុមហ៊ុនឯកជន ដើម្បីស្ដុកយុទ្ធសាស្រ្ដ”។

សម្តេចបន្តថា “ឥឡូវយើងនៅតែស្ដុកយុទ្ធសាស្រ្ដ ដោយពឹងពាក់លើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្ដុកទុកនូវប្រេងឥន្ធនៈ ព្រោះឧទាហរណ៍ថា ស្រាប់តែវារីអគ្គិសនីរបស់យើង ឬក៏ម៉ាស៊ីនភ្លើងដើរដោយធ្យូងថ្មរបស់យើង រត់វាមិនគ្រប់ដូចនៅឆ្នាំ២០១៨”។

សម្ដេចតេជោបានថ្លែងបន្ថែមថា ក្នុងនាមរាជរដ្ឋាភិបាលត្រូវគិតគូរជុំវិញការបច្ឆេះម៉ាស៊ីនភ្លើងដែលដើរដោយប្រេងឥន្ធនៈ ប្រសិនបើជូបបញ្ហាប្រឈមភ្លើងប្រើប្រាស់មិនគ្រប់ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ហើយកន្លងមករាជរដ្ឋាភិបាល ក៏បានទិញម៉ាស៊ីនភ្លើងមកដាក់នៅក្បែររាជធានីភ្នំពេញ ដែលមានកម្លាំងរហូតដល់៤០០មេហ្គាវ៉ាត់ រួចទៅហើយដែរ។

សម្ដេចតេជោលើកឡើបន្តថា “អញ្ចឹងវាមានតម្រូវការប្រេង ដើម្បីនឹងៗបច្ឆេះម៉ាស៊ីនហ្នឹងឱ្យវាដើរ។ អញ្ចឹងពីដំណាក់កាលមួយទៅដំណាក់កាលមួយ តម្រូវវាខុសគ្នា ដូចជាយុទ្ធសាស្រ្ដចតុកោណអញ្ចឹង កាលពីមុនទឹក ផ្លូវ ភ្លើង មនុស្ស ឥឡូវយើងដាក់ទៅជា មនុស្សមុន”៕

សម្ដេចតេជោ៖ ការរុករកប្រេងរបស់កម្ពុជាជួបបញ្ហាជីកមិនបានផលហើយបាត់កប៉ាល់ទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែង ថា ការរុករកប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជាបាននិងកំពុងជួបបញ្ហាមិនមានលទ្ធផល ហើយត្រូវបានគេលួចកប៉ាល់ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២នេះ។

សម្ដេចតេជោបានថ្លែងថា “អារឿងបញ្ហា ការជីកប្រេងនៅឯសមុទ្រនោះ វាបង្កើតបានជាបញ្ហាហើយ ព្រោះអាជីកនោះ វាអត់ផល ថែមទាំងគេលួចអាកប៉ាល់ហ្នឹងថែមទៀត”។

តែទោះជាយ៉ាងណាក្តី កម្ពុជាបែរជាបាននិងកំពុងទទួលលទ្ធផលពីការរុករករ៉ែមាសយ៉ាងច្រើនវិញ ដោយក្នុងរយៈពេល៩ខែ កម្ពុជារុករករ៉ែមាសបានដល់ទៅចំនួន២ ២៧៥គីឡូ។

ប្រទេសកម្ពុជាបានចាប់ផ្តើមទទួលដំណក់ប្រេងលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតំបន់ប្លុកA នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រទឹកដីកម្ពុជា ក្នុងខេត្តព្រះសីហនុ៕

សម្តេចតេជោ៖ កម្ពុជាផលិតមាសបាន២២៧៥គីឡូក្រាមត្រឹមរយៈពេល៩ខែ

ដោយ៖ សុផារី

មណ្ឌលគិរី ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គ្រាន់តែរយៈពេលប្រមាណ៩ខែកន្លងមកនេះ ក្រុមហ៊ុន អូស្ត្រាលី បានរុករកមាសនៅខេត្តមណ្ឌលគិរី បាន២ ២៧៥គីឡូក្រាម។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ការបូមប្រេងរបស់កម្ពុជានៅសមុទ្រនោះគឺមានបញ្ហា ហើយមានការលួចប្រេងរបស់កម្ពុជាទៅទៀត។

សម្តេចបន្តថា “ប៉ុន្តែកម្ពុជាបែរជាមកកាក់កប់នឹងការជីករ៉ែមាសទៅវិញ។ ជាក់ស្តែង នៅក្នុងរយៈពេល៩ខែមកនេះ កម្ពុជាទទួលបានមាសចំនួន២ ២៧៥គីឡូក្រាម”។

សម្តេចបានបន្ថែមថា ការប្រើប្រាស់ធនធានធម្មជាតិ របស់ប្រទេសកម្ពុជា គឺជាបម្រើប្រយោជន៍ជាតិ ខណៈដែលប្រទេសផ្សេងទៀតក៏កំពុងប្រើធនធានធម្មជាតិជាច្រើនដូចគ្នាដែរ៕

អ្នកជំនាញព្រមានពីហានិភ័យនៃការចូលរួមពាក់ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យក្នុងស្ថាប័នធនាគារនានា

ដោយៈសុខុម

អន្តរជាតិ: ក្រុមអ្នកជំនាញបានសម្ដែងការព្រួយបារម្ភ កាន់តែខ្លាំងឡើងអំពីការចូលរួមពាក់ព័ន្ធ របស់ក្រុមហ៊ុនអចលនទ្រព្យក្នុងធនាគារពាណិជ្ជ ហើយព្រមានថាវាអាចបង្កហានិភ័យខ្ពស់ដល់ប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូល។ នេះបើយោងតាមសារព័ត៌មាន Vietnamnet ចុះផ្សាយនៅថ្ងៃពុធ ទី៣០ ខែមីនា។

ក្រុមអ្នកជំនាញនិយាយថា ការចូលរួមពាក់ព័ន្ធរបស់ក្រុមហ៊ុនអចលនទ្រព្យ ក្នុងធនាគារអាចមានឥទ្ធិពលអាក្រក់ ដល់ការអនុវត្តនៅក្នុងការផ្តល់ប្រាក់កម្ចីរបស់ធនាគារទាំងនេះ។ យោងតាមការចុះផ្សាយរបស់កាសែតអនឡាញ bnews.vn ឱ្យដឹងថា បណ្ដាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ ដែលក៏ជាម្ចាស់ធនាគារមួយចំនួនដែរនោះ អាចទទួលបានប្រាក់កម្ចីច្រើនជាងធម្មតា សម្រាប់គម្រោងអចលនទ្រព្យរបស់ពួកគេ។

លោក Nguyen Tri Hieu ដែលជាអ្នកជំនាញជនជាតិវៀតណាម បានលើកឡើងថា ភាគច្រើនក្រុមហ៊ុនអចលនទ្រព្យ ដែលមានទំនាក់ទំនងពិសេសបែបនេះ ជាមួយធនាគារនានា ច្រើនតែបោះផ្សាយសញ្ញាប័ណ្ណ ឬមូលបត្របំណុល ហើយលក់វាឱ្យទៅធនាគារទាំងនោះ។

នេះក៏ជាទម្រង់នៃការផ្តល់ប្រាក់កម្ចីមួយផងដែរ ហើយត្រូវបានប្រើប្រាស់ជាឧបករ​ណ៍ហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាពមួយ ដើម្បីជួយឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទទួលបានប្រាក់កម្ចីពីធនាគារ ប៉ុន្តែហានិភ័យនៃការផ្តល់ប្រាក់កម្ចីបែបនេះ ត្រូវបានបិទបាំង។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាម នៅក្នុងការលើកកម្ពស់ការអភិវឌ្ឍ ទីផ្សារមូលធនរបស់ប្រទេសនេះ ក្រុមហ៊ុនអចលនទ្រព្យជាច្រើនចូលចិត្តទម្រង់ នៃការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្ម។

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា ធនាគារ និងក្រុមហ៊ុនមូលបត្រគឺជាអ្នកទិញមូលបត្របំណុលច្រើនជាងគេបំផុត។

យោងតាមស្ថិតិថ្មីៗរបស់ក្រុមហ៊ុនមូលបត្រឈានមុខគេនៅវៀតណាម Saigon Securities Incorporation បានបង្ហាញថា ក្រុមហ៊ុននានាបានបោះផ្សាយមូលបត្របំណុល ដែលមានតម្លៃសរុបរហូតដល់ ទៅជាង ៣១,៦ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយកើនឡើង៥៦%បើធៀបនឹងឆ្នាំ២០២០។ ក្នុងចំណោមនោះ ក្រុមហ៊ុនអចលនទ្រព្យ ជាអ្នកបោះផ្សាយមូលបត្រធំជាងគេបង្អស់ ដែលគ្របដណ្ដប់ដល់ទៅ៤៤%នៃចំនួនមូលបត្រសរុប និងកើនឡើង៦៦,៣%បើធៀបនឹងឆ្នាំ២០២០។

លោក Le Xuan Nghia នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ធុរកិច្ច (Institute of Business Research and Development) ក៏បានសម្តែងការព្រួយបារម្ភដែរថា ប្រាក់កម្ចីរបស់ធនាគារ បានហូរចូលក្នុងក្រុមហ៊ុនអចលនទ្រព្យតាមរយៈការទិញសញ្ញាប័ណ្ណសាជីវកម្ម។ វាពិតជាគួរឱ្យបារម្ភណាស់ ព្រោះទំហំប្រាក់កម្ចីទាំងនោះគឺធំណាស់។

យោងតាមលោក Dinh Trong Thinh សាស្ត្រាចារ្យជាន់ខ្ពស់នៃបណ្ឌិត្យសភាហិរញ្ញវត្ថុ (Academy of Finance) ឱ្យដឹងថា ទំនាក់ទំនងបែបនេះរវាងក្រុមហ៊ុនអចលនទ្រព្យ និងធនាគារ អាចធ្វើឱ្យធនាគារផ្តល់អាទិភាព ក្រុមហ៊ុនទាំងនោះទទួលបានប្រាក់កម្ចីក្នុងករណីខ្លះ។ បែបនេះនឹងបង្កឱ្យមានផលវិបាកជាច្រើន នៅក្នុងការផ្តល់ប្រាក់កម្ចីរបស់ធនាគារ និងបង្កើតឱ្យមានការមិនស្មើភាពគ្នា ក្នុងចំណោមក្រុមហ៊ុននៅក្នុងការទទួលបានប្រាក់កម្ចីពីធនាគារ។

អ្នកជំនាញរូនេះបានបន្ថែមទៀតថា ទោះបីជាធនាគារកណ្ដាលវៀតណាម (State Bank of Vietnam) មានបទប្បញ្ញត្តិស្តីពី ការកំណត់ចំនួនប្រាក់កម្ចីសម្រាប់វិស័យអចលនទ្រព្យក្ដី ក៏បណ្ដាធនាគារិក ឬសមាជិកក្រុមប្រឹក្សាភិបាលធនាគារ នៅតែមានមធ្យោ​បាយជាច្រើន ដើម្បីជួយក្រុមហ៊ុនអចលនទ្រព្យរបស់ពួកគេ ឱ្យទទួលបានប្រាក់កម្ចីពីធនាគារ៕ Vietnamnet៕