ព្រមានៈការទិញលក់ដីនៅលើកោះទទឹងខេត្តកោះកុងត្រូវបាន ប្រកាសមោឃភាព

        ដោយៈគង់ សូរិយា

        កោះកុងៈ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសហាមឃាត់ការលក់ទិញ និងផ្ទេរកម្មសិទ្ធិដី នៅលើកោះទទឹង ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។

ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានប្រកាសឯកសារពាក់ព័ន្ធនឹងការផ្ទេរ ឬទិញលក់ ត្រូវចាត់ទុកជាមោឃៈទាំងអស់។

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២ កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី។

រដ្ឋបាលខេត្ត បានបញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុតតាមដែលអាចធ្វើទៅបាន។

សេចក្តីជូនដំណឹងដដែលបានព្រមាន ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន៕

 

ក្រុមហ៊ុនសុខាអូតែលស្វាគមន៍ក្នុងការផ្តល់ព៌តមានដល់ភ្ញៀវទេសចរណ៍ដែលចង់ស្វែងយល់ពីតំបន់ទេសចរណ៍លើភ្នំបូកគោ

        ដោយៈគង់ សូរិយា

        កំពតៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងត្រៀមខ្លួនស្វាគមន៍ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិនានា ដែលចង់ស្វែងយល់ពីទីតាំងរម​ណីយដ្ឋានភ្នំបូកគោ ដែលកំពុងអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ។

ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនសុខាអូតែល សាយ សុភ័ត្រាបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កន្លងមកភ្ញៀវទេស​ចរណ៍ ពិសេសភ្ញៀវទេសចរណ៍ជាតិ ពេលឡើងមកកំសាន្តនៅលើរមណីយ      ដ្ឋានភ្នំបូកគោ ពួកគាត់បើករថយន្ត និងដើរក្រវិលចុះ ក្រវិលឡើង និងពេលខ្លះវង្វេងផ្លូវបន្តិចក៏បានធ្វើដំណើរចុះទៅវិញ ដោយមិនបានធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋានបែបវប្បធ៌ម សាសនា ប្រវត្តិសាស្រ្ត និងធម្មជាតិនៅលើភ្នំនេះនៅឡើយទេ។

លោកបន្តថា “នៅលើរមណីយដ្ឋានភ្នំបូកគោ បើចង់ដើរសព្វកន្លែង និងអាចរីករាយជាមួយទេសភាពធម្មជាតិ និងអាកាសធាតុដ៏ត្រជាក់នេះ ភ្ញៀវទេសចរណ៍ អាចចំណាយពេលពីរថ្ងៃ ទើបអាចដើរកំសាន្តបានសព្វកន្លែង”។លោកបន្តថា “រមណីយដ្ឋាននេះ មានរមណីយដ្ឋានជាច្រើន រួមមាន វាលស្រែ១០០ វាលស្រែ៥០០ ព្រះវិហារសំពៅប្រាំ ទឹកជ្រោះពពកវិល កាស៊ីណូ ព្រះវិហារសាសនាគ្រឹះ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមជាដើម”។

លោកសាយ សុភ័ត្រាបានបន្តឲ្យដឹងទៀតថា ដោយសារអាកាសធាតុល្អប្រសើរ ត្រជាក់ និងមានសីតុណ្ណភាពជាមធ្យម១៨អង្សារ បានផ្តល់ភាពអំ ណោយផលដល់អ្នកមានជំងឺសួត និងផ្លាស្មា ដែលបានមកសំរាកលំហែរនៅលើកំពូលភ្នំ ដែលមានកំពស់១០៧០ម៉ែត្រនេះ។ ទឡ្ហីករណ៍៍នេះ បានសរសេរបញ្ជាក់ថោយជនជាតិបារាំង ដែលបានមកទស្សនា និងស្រាវជ្រាវនៅទីនេះ។

លោកបន្តថា “ហេតុនេះ ក្រុមហ៊ុនសុខាសូមស្វាគមន៍ដល់ភ្ញៀវទេសច​រណ៍ជាតិ និងអន្តរជាតិ ដែលចង់មកស្វែងយល់ពីរមណីយដ្ឋាននេះ ដែលព៌តមានពួកគាត់ អាចរកបាននៅក្នុងបរិវេណសណ្ឋាគារ និងកាស៊ីីណូលើកំពូលភ្នំនេះ”។ លោកបន្តថា “ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានការផ្តល់សេវាកម្មមគ្គុទេសក៏ទេសចរណ៍ ដល់ភ្ញៀវជាតិ អន្តរជាតិដែលមកកំសាន្តនៅលើកំពូលភ្នំ ក៏ដូចជា ទីក្រុងបូកគោ”។

ទីក្រុងបូកគោបច្ចុប្បន្នបាន និងកំពុងអភិវឌ្ឍន៍ជាទីក្រុងថ្មីមួយ ដែលក្រុមហ៊ុននឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ គ្របដណ្តប់លើផ្ទៃដី៣០,០០០ហិកតា  ដែលរហូតមកទល់ពេលនេះ លំនៅដ្ឋាននៅក្នុងគំរោងបុរីចំនួន៣បាននិងកំពុងបញ្ចប់ និងកំពុងដំណើរការសាងសង់ ដែលរហូតមកទល់ពេលនេះក្រុមហ៊ុនបានវិនិយោគអស់ទឹកប្រាក់ ប្រមាណ៥០០លានដុល្លារអាមេរិករួចហើយ៕

អារ៉ាប៊ីសាអូឌីតគ្រោងស្ថាបនាស្ពានដីគោកមួយដែលអាចមានទំហំទុនវិនិយោគដល់ទៅ២៦ពាន់លានដុល្លារ

ដោយៈសុខុម

ក្រុងរីយ៉ាដ: គម្រោងស្ពានដីគោក (Landbridge) មួយដែលនឹងតភ្ជាប់ប៉ែកខាងលិច និងប៉ែកខាងកើតនៃប្រទេសអារ៉ាប៊ីសាអូឌីត អាចនឹងមានទំហំទុនវិនិយោគឈានដល់២៦ពាន់លានដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃពុធ ទី២៣ ខែមីនា។

លោក Saleh Al-Jasser រដ្ឋមន្ត្រីដឹកជញ្ជូន និងភ័ស្តុភារប្រទេសនេះរំពឹងថា ការចំណាយផ្ដាច់ព្រ័ត្រក្នុងគម្រោងនេះ នឹងរាប់បញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ និងរថភ្លើងផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Rotana Khalejia ថា រដ្ឋមន្ត្រីរូបនេះ បានលើកឡើងបានលើកឡើងថា កិច្ចសន្យាក្នុងគម្រោងនេះ នឹងត្រូវចុះហត្ថលេខាក្នុងរយៈពេលមួយឆ្នាំនេះ ហើយការអនុវត្តគម្រោងនេះ នឹងចំណាយពេលពី៥ឆ្នាំទៅ៧ឆ្នាំ។

លោកបានបន្ថែមទៀតថា “យើងបានធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនអន្តរជាតិ ដែលដឹកនាំដោយក្រុមហ៊ុនចិនមួយ និងរួមទាំងក្រុមហ៊ុនជាតិអស់រយៈពេលពីរឆ្នាំមកហើយ”។

លោកបានបន្តថា “ប្លង់គម្រោងដ៏ពេញលេញមួយ ត្រូវបានគូរឡើងរួចហើយ ដែលការចំណាយ និងទីតាំងក៏ត្រូវបានកំណត់រួចហើយដែរ”។ លោក​បន្តថា “គម្រោងនេះ នឹងរួមបញ្ចូលមជ្ឈមណ្ឌលដឹកជញ្ជូនចំនួន៧ ហើយនឹងលើកកម្រិតកម្ពស់នៃផ្លូវ ដែលមានស្រាប់ពីទីក្រុងរីយ៉ាដ ឆ្ពោះទៅខេត្តភាគខាងកើត (Eastern Province) ផងដែរ”។

គម្រោងស្ពានដីគោកនេះ ត្រូវបានចាត់ទុកជាគម្រោងដ៏សំខាន់បំផុតក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ហើយវាពិតជាជួយសម្រួលវិស័យភ័ស្តុភារបានច្រើន បន្ទាប់ពីគម្រោងនេះបញ្ចប់ជាស្ថាពរ៕ Arab News៕

កំនើនប្រាក់ចំណូលបានជម្រុញតម្រូវការ និងការផ្គត់ផ្គង់ខ្ពស់នៃលំនៅដ្ឋានបែបប្រណីតកើនឡើង

ដោយៈ សុផារី

ភ្នំពេញៈ ស្ថានភាពជីវភាពប្រជាជនកម្ពុជា ដែលមានការកើនឡើងខ្ពស់ជម្រុញតម្រូវការលំនៅដ្ឋាន ដែលមានភាពសមស្រប និងប្រណីតភាពក្នុងការរស់នៅ។

អ្នកអភិវឌ្ឍន៍នានា​ បានមើលឃើញពីចន្លោះតម្រូវការ នៃទីផ្សារប្រភេទនេះមានទំហំធំ និងមានសក្តានុពលខ្ពស់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកាបុរីវិមានសំណាងបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ទីផ្សារបុរីប្រណីត ដែលមានតម្លៃខ្ទង់សែនដុល្លារអាមេរិក មិនមែនជាទីផ្សារថ្មីសម្រាប់ប្រជាជនកម្ពុជាទេ។ គ្រាន់តែកាលពីដើមមិនសូវមានផុសផុល។ នាពេលបច្ចុប្បន្ននេះ ប្រភេ​ទទីផ្សារបែបនេះ មានច្រើនគួរសម តែមិនទាន់លើសពីតម្រូវការទីផ្សារនោះដែរ។

លោកជំទាវបញ្ជាក់ថា “កំណើននៃការផ្គត់ផ្គង់លំនៅដ្ឋាន បែបប្រណិតនេះ គាំទ្រដោយការផ្លាស់ប្ដូររបៀប នៃការរស់នៅរបស់ប្រជាជនកម្ពុជា ដែលមានទំនោរផ្លាស់ប្តូរទៅរស់នៅ​ ក្នុងលំនៅឋានដែលមានទំហំធំ និងទំនើបជាងមុន”។

ឧទាហរណ៍ ដូចជា អតិថិជនដែលរស់នៅវីឡាភ្លោះ មានទំនោរទិញវីឡាទោល ឬអតិថិជនរស់នៅក្នុងបុរីតូច ក៏ចង់រស់នៅក្នុងលំនៅដ្ឋានដែលធំជាងមុនជាដើម។

លោកជំទាវគង់ សំណាង សម្លឹងមើលឃើញថា “តម្រូវការទីផ្សារលំនៅដ្ឋានប្រណីតនៅមានតម្រូវការនៅឡើយ។ ម្យ៉ាងទៀត ការទូទាត់សាច់ប្រាក់របស់អតិថិជនជាន់ខ្ពស់ នៃទីផ្សារនេះមានភាពងាយស្រួល ដោយសារកម្រិតជីវភាពរបស់អតិថិជនប្រភេទនេះគឺជាអ្នកមាន”។

លោកជំទាវមានប្រសាសន៍ថា បច្ចុប្បន្ននេះមានការផ្គត់ផ្គង់ច្រើនសម្រាប់ទីផ្សារលំនៅដ្ឋានប្រភេទបុរី ដែលបណ្តាលឱ្យមានការប្រកួតប្រជែងខ្ពស់។ យ៉ាងណាក្តី តម្រូវការនៃទីផ្សារមួយនេះក៏មានទំហំធំផងដែរ។

បើតាមការលើកឡើងរបស់លោកស្រី ការប្រកួតប្រជែងរបស់អ្នកអភិវឌ្ឍន៍នៃលំនៅដ្ឋានប្រណីតភាគច្រើន គឺការបន្ធូរបន្ថយ និងលក្ខខណ្ឌបង់ប្រាក់ដ៏សមរម្យមួយ ស្របពេលប្រជាជនកម្ពុជា ប្រឈមនឹងវិបត្តិកូវីដ១៩។ ចំណែកការប្រកួតប្រជែងមួយទៀតនោះគឺ ការរចនាម៉ូដ ស្ថាបត្យកម្ម សំណង់ និងអភិវឌ្ឍន៍លើការ ផ្តល់នូវភាពងាយស្រួលផ្សេងៗជូនអតិថិជន៕

តើប្រទេសបេឡារូស នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែន ឆាប់ៗនេះដើម្បីជួយដល់រុស្ស៊ី?

ដោយៈសុខុម

វ៉ាស៊ីនតោន: សហរដ្ឋអាមេរិក និងអង្គការបក្សសម្ព័ន្ធយោធាណាតូជឿថា ប្រទេសបេឡារូស អាចនឹងចូលរួមជាមួយរុស្ស៊ី “ឆាប់ៗនេះ” នៅក្នុងស​​ង្គ្រាមប្រឆាំងប្រទេសអ៊ុយក្រែន ហើយថា ប្រទេសនេះកំពុងចាត់វិធានការរួចទៅហើយ សម្រាប់ការចូលធ្វើសង្គ្រាមនេះ។

មន្ត្រីយោធាអង្គការណាតូ មួយរូបបានទម្លាយប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទ ទី២១ ខែមីនា ថា សញ្ញាបង្ហាញកាន់តែច្បាស់ឡើងៗថា ប្រទេសបេឡារុស្ស ទំនងជានឹងចូលជួយប្រទេសរុស្ស៊ី ក្នុងសង្គ្រាមឈ្លា​នពានប្រទេសអ៊ុយក្រែន។ មន្ត្រីដដែលលើកឡើងថា អធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ដែលជាប្រធានាធិបតីរុស្ស៊ី កំពុងត្រូវការជំនួយ។

ប្រភពពីបក្សប្រឆាំងក្នុងប្រទេសបេឡារូសទម្លាយឱ្យដឹងថា អង្គភាពប្រយុទ្ធរបស់បេឡារូស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលទៅធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយកងកម្លាំងរាប់ពាន់ម៉ឺននាក់ត្រៀមជាស្រេចសម្រាប់ការដាក់ពង្រាយ។

មន្ត្រីស៊ើបការណ៍អង្គការណាតូ ជាន់ខ្ពស់មួយរូបបាននិយាយដោយដាច់ឡែកថា បណ្ដាប្រទេសសម្ព័ន្ធមិត្ត​ បានធ្វើការវាយតម្លៃថា រដ្ឋាភិបាលបេឡារូស “កំពុងរៀបចំបរិយាកាស ដើម្បីបង្ហាញពីភាពភាពសមហេតុសមផលដែលប្រទេសបេឡារូស ត្រូវចូលធ្វើសង្គ្រាមប្រឆាំងអ៊ុយក្រែន”។

ប្រទេសរុស្ស៊ី បានបើកការវាយប្រហាររបស់ខ្លួន ទៅលើប្រទេសអ៊ុយក្រែន ចេញពីទឹកដីនៃប្រទេសបេឡារូស ហើយកងទ័ពរុស្ស៊ី រាប់សែននាក់បានប្រមូលផ្តុំនៅក្នុងប្រទេសបេឡារូស មុនពេលកងទ័ពរុស្ស៊ី ចូលឈ្លាន​ពា​នអ៊ុយក្រែន កាលពីខែកុម្ភៈ ដែលប្រទេសទាំងពីរបានអះអាងថា ជាសមយុទ្ធហ្វឹកហ្វឺន។

ជាការឆ្លើយតបនឹងទង្វើបញ្ឆេះភ្លើងសង្គ្រាមនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប បានដាក់ទណ្ឌកម្មទៅលើទាំងក្រុមមន្ត្រីរុស្ស៊ី និងមន្ត្រីបេឡារុស្ស រួមទាំងប្រធានាធិបតីបេឡារូស Alexander Lukashenko ផងដែរ៕ CNN៕

តើអគារដែលបានសាងសង់រួចចំនួនប៉ុន្មានកំពុងដំណើរការអាជីវកម្មនៅក្រុងព្រះសីហនុ

ដោយៈគង់ សូរិយា

ព្រះសីហនុ​: ការចាកចេញរបស់អ្នកវិនិយោគ និងជនជាតិចិនយ៉ាងតក់ក្រហល់ ពីក្រុងព្រះសីហនុ បាននិងកំពុងធ្វើឲ្យអ្នកសាងសង់អគារសំរាប់ជួល និងសំរាប់លក់មួយចំនួនរងទឹកភ្នែក។

តើរហូតមកទល់ពេលនេះ ស្ថានភាពអគារកប់ពពក ដែលដុះឡើងដូចផ្សិតនៅក្រុងព្រះសីហនុ មានសភាពយ៉ាងណា? យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងត្រូវបានផ្តល់ជូនដោ​យអ្នកនាំពាក្យរដ្ឋបាល ខេត្តព្រះសីហនុ បានឲ្យដឹងកាលពីសប្តាហ៍មុនថា គិតមកទល់បច្ចុប្បន្ននេះ អគារដដែលបានសាងសង់រួច និងកំពុងដំណើរការមានចំនួន២៧៨អគារ និងអគារដែលបានបញ្ចប់ការសាងសង់ តែមិនដំណើរ​ការមានចំនួន២៥១អគារ។

របាយការណ៍ដដែលបានបង្ហាញថា បច្ចុប្បន្នក្រុងព្រះសីហនុ មានអគា​រកំពុងសាងសង់ចំនួន៧៨អគារ និងអគារដែលបានផ្អាកការសាងសង់មាន រហូតដល់៣៦៨អគារ។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ចំនួនអគារខ្ពស់ៗនៅ​ក្រុងព្រះសីហនុ មានចំនួនច្រើន និងបន្តមានភាពរីកចម្រើនលឿនបន្ថែមទៀតនាពេលអនាគត។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកវង្ស៊ី វិស្សុត ដែលជារដ្ឋលេខាធិកាប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា រដ្ឋាភិ​បាលមានផែនការធ្វើយ៉ាងណាឲ្យអគារ ដែលបានផ្អាកការសាងសង់នៅក្រុងព្រះសីហនុ ដំណើរការសាងសង់ឡើងវិញនាពេលឆាប់ៗ ប៉ុន្តែលោកមិនបញ្ជាក់លំអិត ពីការប្រើប្រាស់មធ្យោបាយបែបណាឡើយ៕

អ្នកជំនាញរំពឹងទីផ្សារទេសចរណ៍មកពីប្រទេសចិននឹងងើបឡើងវិញឆាប់ៗ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញទេសចរណ៍នានា បានសម្តែងសុទិដ្ឋិ​និយម ដោយរំពឹងថា ចំនួនភ្ញៀវទេសចរណ៍មកពីប្រទេសចិន នឹងកើនឡើងវិញនាពេលឆាប់ៗនេះ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃ ទី២៣មិនាថា ការជួបជជែករវាងប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីីចិន លោកស៊ី ជីនពីងជាសញ្ញាដ៏វិជ្ជមានមួយ ដែលយើងរំពឹងថា ចំនួនអាកាសចរណ៍ចិនហោះត្រង់មកកម្ពុជា នឹងកើនឡើង។

លោកស្រីបន្តថា “បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុន អាកាសចរណ៍ចិនហោះមកកម្ពុជានៅឡើយទេ ប៉ុន្តែក្រុមហ៊ុនអាកាស​ចរណ៍ចិនបានធ្វើការផ្សព្វផ្សាយ និងសិក្សាពីទីផ្សារបណ្តើរៗហើយ”។ លោកស្រីបន្តថា “យើងរំពឹងថា ចំនូនអាកាសចរណ៍ចិន និងភ្ញៀវទេសចរណ៍ចិន នឹងកើនឡើងនៅពេលឆាប់ៗនេះ។

លោកស្រីឆាយ ស៊ីវលីន បានបន្តសម្តែងសុទិដ្ឋិនិយមផងដែរថា រហូតមកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់អាស៊ាន បានចាប់ផ្តើមបើកប្រ​ទេសឡើងវិញបណ្តើរៗហើយ ដែលវាជាសញ្ញាវិជ្ជមានមួយសំរាប់តំបន់ និងកម្ពុជា ព្រោះនៅពេលប្រទេសក្នុងតំបន់ធ្វើការហោះហើរត្រង់ ពួកគេនឹងតភ្ជាប់ជើងហោះហើរមកកម្ពុជា។

ជាមួយគ្នានេះ លោកលូ ម៉េង ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ការជួបសន្ទនាគ្នាតាមទួរស័ព្ទ របស់ប្រមុខរដ្ឋាភិបាលទាំងពីរ មានសារៈសំខាន់ណាស់សំរាប់វិស័យនេះ ដែលវាជាសញ្ញាវិជ្ជមានមួយ ជាឳកាសល្អមួយ ដែលយើងរង់ចាំជាយូរមកហើយ។

លោកបន្តថា “ជាមួយនឹងការជម្រុញជើងហោះហើរ ពីមេដឹកនាំចិន បានធ្វើឲ្យអ្នកក្នុងវិស័យនេះ កំពុងត្រៀមខ្លួនទទួលទេសចរណ៍ចិន និងទេស​ចរណ៍មកពីបណ្តាប្រទេសជាច្រើនទៀត”។ លោកបន្តថា “វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចនៅកម្ពុជា បានរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិកូវីដ១៩ ប៉ុន្តែពេលនេះសណ្ឋាគារជាច្រើន បានបើកទ្វារឡើងវិញហើយ គ្រាន់តែដំណើរការមិនសូវមានភាពពេញលេញ”៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធអគារមិត្តភាពកម្ពុជា កូរ៉េនៅមន្ទីរពេទ្យព្រះអង្គឌួងនៅដើមសប្តាហ៍៍ក្រោយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធអគារ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង នៅថ្ងៃទី២៣ មិនានេះ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង។

សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ចាប់ពីម៉ោង៥៖០០នាទី ក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួង នឹងរៀប​ចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារ នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលស្ថិតនៅភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីព្រះនរោត្តម ចាប់ពីវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ (ផ្លូវលេខ១០៨) ដល់វិថីខេមរភូមិន្ទ (ផ្លូវលេខ១៣០) កំណាត់វិថីព្រះអង្គឌួង (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) កំណាត់វិថីក្រមួនស (ផ្លូវលេខ១១០) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម កំណាត់វិថីព្រះជ័យជេដ្ឋា(ផ្លូវលេខ១១៨) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់វិថីព្រះអង្គយុគន្ធរ (ផ្លូវលេខ១៩) និងកំណាត់វិថីព្រៃនគរ (ផ្លូវលេខ១២៦) ចាប់ពីវិថីប៉ាស្ទ័រ (ផ្លូវលេខ៥១) ដល់មហាវិថីព្រះនរោត្តម៕

រដ្ឋាភិបាលវៀតណាមគ្រោងចំំណាយ៤៤០០លានដុល្លារដើម្បីសាងសង់ ផ្លូវល្បឿនលឿន

       ដោយៈគង់ សូរិយា

        វៀតណាមៈ រដ្ឋាភិបាលវៀតណាម គ្រោងចំណាយទឹកប្រាក់រហូតដល់៤៤០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវល្បឿនលឿន នៅតំបន់ដីសណ្តរទន្លេមេគង្គ។

គំម្រោងសាងសង់ផ្លូវល្បឿនលឿន ដែលមានប្រវែង១៥៦គីឡូម៉ែត្រនេះ ឆ្លងកាត់តាមខេត្ត៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខនេះហើយ។

ផ្លូវនេះនឹងភ្ជាប់ទីក្រុងCantho ទៅកាន់ទីក្រុងCAMAនេះគ្រោងចំណាយ​ប្រាក់ដ៏សន្ឋឹកសន្ឋាប់ ដូចការលើកឡើងខាងលើ។

យោងតាមសារព៌តមាន Global Construction Review ដែលបានចេញផ្សាយកាលពីសប្តាហ៍មុនបានឲ្យដឹងថា ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន២គន្លង ហើយនឹងពង្រីកដល់ជា៤គន្លង ក្នុងដំណាក់កាលទី២។

ប្រសិនជាមិនមានអ្វីប្រែប្រួល និងសម្រេចតាមផែនការ គម្រោងសាងសង់ផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០២៥ខាងមុខនេះ។

រដ្ឋាភិបាលវៀតណាម មានគោលបំណងដើម្បីធ្វើឱ្យដីសណ្តរក្លាយទៅជា “មជ្ឈមណ្ឌលសេដ្ឋកិច្ចកសិកម្ម ប្រកបដោយចីរភាព ថាមវន្ត និងមានប្រសិទ្ធភាពខ្ពស់ក្នុងតំបន់ និងពិភពលោក”៕

 

តើទាហានរុស្ស៊ី និងទាហានអ៊ុយក្រែនស្លាប់អស់ប៉ុន្មាននាក់ហើយចាប់តាំងពីផ្ទុះសង្គ្រាមឈ្លានពាន?

ដោយៈសុខុម

អន្តរជាតិ: បុរសខ្លាំងអធិរាជខ្លាឃ្មុំទឹកកក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសបញ្ជាឱ្យកងទ័ពរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេ​សអ៊ុយក្រែន ក្បែរខាង ដែលធ្វើឱ្យកក្រើកពិភពលោកទាំងមូល។

តាំងពីបើកការវាយប្រហារ ដែលមានឈ្មោះប្រតិបត្តិការពិសេសកាលពីថ្ងៃ២៤ កុម្ភៈរហូតមកទល់ពេលនេះ តើទាហានរុស្ស៊ី និងទាហានអ៊ុយក្រែន ព្រមទាំងជនស៊ីវិល បានស្លាប់អស់ប៉ុន្មាននាក់ហើយ ចាប់តាំងពីសង្គ្រាមឈ្លានពានបានផ្ទុះមក? ។

ផ្អែកតាមរបាយការណ៍បច្ចុប្បន្នភាពមួយ ដែលដកស្រង់ប្រភពក្រសួងការពារជាតិរុស្ស៊ី បង្ហាញថា កងទ័ពរុស្ស៊ី ចំនួន៩.៨៦១នាក់បានបាត់បង់ជីវិត និង១៦.១៥៣នាក់ទៀត បានរងរបួសក្នុងសង្គ្រាមនៅអ៊ុយក្រែន រហូតមកទល់ពេលនេះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃពុធ ទី២៣ ខែមីនា នេះ។

ទោះជាយ៉ាងណា ភាគីខាងអ៊ុយក្រែន បានអះអាងថា ចំនួនទាហានរុស្ស៊ី ស្លាប់ពិតប្រាកដគឺមានចំនួនច្រើនជាងនេះឆ្ងាយ។

គេហទំព័របរទេស www.aa.com បានចុះផ្សាយកាលពីថ្ងៃទី២០ ខែមីនា ដោយដកស្រង់ប្រភពខាងភាគីអ៊ុយក្រែនថា នៅក្នុងសង្គ្រាមនេះរហូតមកទល់ពេលនេះ ទាហានរុស្ស៊ី រហូតដល់ទៅ១៤.៧០០នាក់បានស្លាប់។

យោងតាមគេហទំព័រដដែលឱ្យដឹងទៀតថា សព្វាវុធរុស្ស៊ី យ៉ាងច្រើនត្រូវបានបំផ្លាញក្នុងសង្គ្រាមនេះ រួមមាន យន្តហោះចម្បាំងចំនួន៩៦គ្រឿង ឧទ្ធម្ភាគចក្រចំនួន១១៨គ្រឿង រថក្រោះចំនួន៤៧៦គ្រឿង រថពាសដែកចំនួន១.៤៨៧គ្រឿង និងប្រព័ន្ធការពារដែនអាកាសចំនួន៤៤គ្រឿង។

ទន្ទឹមនេះ ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (OHCHR) ប៉ាន់ប្រមាណថា ជនស៊ីវិលយ៉ាងតិច៩៥៣នាក់បានបាត់បង់ជីវិតគិតត្រឹមថ្ងៃទី២១ ខែមីនា និងប្រមាណ១.៥៥៧នាក់ទៀតរងរបួស ចាប់តាំងពីសង្គ្រាមឈ្លានពាននេះបានផ្ទុះមក។ ទោះជាយ៉ាងណា OHCHR ព្រមានថា តួលេខពិតប្រាកដអាចខ្ពស់ជាងនេះច្រើន។

ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (OHCHR) និយាយថា សង្គ្រាមនេះបានធ្វើឱ្យពលរដ្ឋអ៊ុយក្រែន រហូតដល់ទៅ១០លាននាក់រត់ចោលផ្ទះសម្បែង ហើយជិត៣,៤លាននាក់ភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា គ្មានទិន្នន័យផ្លូវការបញ្ជាក់ពីចំនួនកងទ័ពអ៊ុយក្រែន ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពាននេះឡើយ៕  CNN៕