មហាវិថីថ្មីចំនួនពីរកំពុងជំរុញសក្តានុពលអចលនទ្រព្យតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ

0

ដោយៈសុផារី

ភ្នំពេញៈ គម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីចំនួនពីរ បានកំពុងជម្រុញតម្លៃដីធ្លី និងទាក់ទាញបន្ថែមនូវគម្រោងលំនៅឋានធំៗជាច្រើន មកកាន់តំបន់ក្បែរពហុកីឡដ្ឋានមរតកតេជោ ដែលមានទីតាំងនៅក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

លោក Chrea Chantana ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខណ្ឌជ្រោយចង្វារ បានមានប្រសាសន៍ប្រាប់ Property Area Asia នាព្រឹកថ្ងៃទី៣១ ឧសភានេះថា តម្លៃដីនៅក្នុងតំបន់នេះ បានហក់ឡើងខ្ពស់ខ្លាំងបំផុត ហើយនាពេលបច្ចុប្បន្ននេះ បានកំពុងជំរុញដោយការអភិវឌ្ឍន៍ឱ្យតំបន់នេះ ក្លាយជាតំបន់ប្រមូលផ្តុំគម្រោងលំនៅឋាននានា និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងបន្ថែមទៀត។

លោកបញ្ជាក់ថា ក្នុងនោះមានមហាវិថីថ្មីចំនួនពីរ កំពុងលេចរូបរាង នៅក្នុងតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយវាមិនត្រឹមតែដើរតួនាទីក្នុងការជួយសម្រួលការធ្វើដំណើរ នៅក្នុងក្រុងប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យតម្លៃដីនៅតំបន់នេះបន្តហក់ឡើងខ្ពស់ផងដែរ។

ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទី១ គឺ“វិថីថ្មី” ដែលប្រវែងជាង១៥គីឡូម៉ែត្រ ភ្ជាប់ចរាចរពីផ្លូវជាតិលេខ៦ ម្តុំខាងត្បូងសាលាកសិកម្មព្រែកលៀប ទៅកាន់មហាវិថីឈ្នះឈ្នះ នៅខាងកើតគល់ស្ពានព្រែកព្នៅ និងរង្វង់មូលខាងលិចវិមានឈ្នះឈ្នះ។ រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រហូតមកដល់ពេលនេះ គម្រោងនេះប្រើប្រាស់ថវិកាជាតិ និងបានសាងសង់រួចរាល់ហើយ។

លោក Chrea ChanRatana បានមានប្រសាសន៍ថា “តម្លៃដីធ្លីនៅក្នុងខណ្ឌនេះមានកំណើនខ្ពស់មែនទែន។ គ្រាន់តែព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣មួយធ្វើឱ្យកម្រើកបាត់ទៅហើយ។ ក្នុងឱកាសស៊ីហ្គេមនេះ រាជរដ្ឋាភិបាលបានធ្វើកំណាត់ផ្លូវថ្មី ដើម្បីសម្រួលចរាចរណ៍ នៅពេលកកស្ទះនៅឆ្នាំក្រោយ យើងមានមហាវិថីថ្មីសសៀរជាមួយទន្លេសាប ឆ្ពោះទៅកាន់ស្ពានលី យ៉ុងផាត់។ មួយទៀតគឺមហាវិថីរបស់ក្រុមហ៊ុនOCIC ដែលតភ្ជាប់យ៉ាងខ្វាត់ខ្វែងនាពេលបច្ចុប្បន្ន”។

លោកបន្តថា “តម្លៃដីធ្លីប្រភេទព្រៃ កាលពីមុនលក់ក្នុងតម្លៃប្រមាណ៣៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ តម្លៃបានកើនឡើងដល់៤៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។

តាមរយៈគម្រោងពហុកីឡដ្ឋាននេះ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ក៏បានទាក់ទាញការប្រមូលផ្តុំ គម្រោងលំនៅដ្ឋានគ្រប់ប្រភេទមកកាន់តំបន់ក្បែរៗនេះ។

លោកបានប្រសាសន៍ថា “ដីធ្លីនៅព័ទ្ធជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោ ដែលធ្លាប់ជាបឹង ឥលូវត្រូវបានចាក់ខ្សាច់ ក្លាយទៅជាបុរីព្រោងព្រាត។ ឧទាហរណ៍ បុរីអរគីដេ បុរីប្លូដៃមិន បុរីជីបម៉ុង៦អា បុរីអង្គរភ្នំពេញ ជាដើម សុទ្ធតែពពាក់ពពូននៅក្នុងតំបន់ក្បែរពហុកីឡដ្ឋាននេះ។ អញ្ចឹងធ្វើឱ្យ សន្ទុះអភិវឌ្ឍន៍អចលនទ្រព្យកើនឡើងខ្ពស់មែនទែន”។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់មានប្រសាសន៍ឱ្យដឹងកន្លងមកថា “វិថីថ្មី” ខាងលើនេះ ជាផ្លូវយុទ្ធសាស្ត្រ សម្រាប់ជួយដោះស្រាយបញ្ហាចរាចរ នៅពេលបើកស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាពេលខាងមុខ។

លោកបានឱ្យដឹងទៀតថា មហាវិថីនេះ មានទទឹង២០ម៉ែត្រនេះ បានសាងសង់ឡើង ដោយចាក់បេតុងឆ្អឹងដែក កម្រាស់០,២០ម៉ែត្រ ទទឹង១៥ម៉ែត្រ ប្រវែង១៥.១៦៨ម៉ែត្រ និងមានដាំដើមឈើលំអរផងដែរ។ វិថីថ្មីនេះស្ថិតនៅស្របខាងកើតដងទន្លេសាប ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារ ដែ​លពីមុនជាផ្លូវដីលិចទឹកក្នុងរដូវវស្សា៕

LEAVE A REPLY

Please enter your comment!
Please enter your name here