រដ្ឋាភិបាលចិនអនុម័តឱ្យក្រុមហ៊ុន Evergrande ចាប់ផ្ដើមលក់រថយន្ត អគ្គិសនីដំបូងដែលខ្លួនផលិតបាន

ដោយៈសុខុម

សៀងហៃ: រដ្ឋាភិបាលចិន បានអនុម័តឱ្យបុត្រសម្ព័ន្ធ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជំពាក់បំណុលរុំកោះ ចាប់ផ្តើមបើកលក់រថយន្តអគ្គិសនីម៉ូឌែលរថយន្តអគ្គិសនី ប្រភេទស្ព័រ Hengchi 5ហើយ។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) បានសម្រេចដាក់បញ្ចូលរថយន្តអគ្គិសនី Hengchi ចំនួន២ម៉ូឌែលដែលផលិតដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ China Evergrande New Energy Vehicle Group ចូលទៅក្នុងសៀវភៅកាតាឡុករថយន្តអគ្គិសនី ដែលខ្លួននិយាយថាត្រូវបានណែនាំសម្រាប់ “ការផ្សព្វផ្សាយ និងការប្រើប្រាស់”។ នេះបើយោងតាមឯកសារ ដែលនិយ័តករបានចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា។

ម៉ូឌែលរថយន្តអគ្គិសនី ដែលត្រូវបានដាក់បន្ថែមចូលទៅក្នុងសៀវភៅកាតាឡុកនេះ ត្រូវបានចាត់ទុកថាមានសិទ្ធិទទួលបានការឧបត្ថម្ភធន និងអាចដាក់លក់នៅលើទីផ្សារបាន។

ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានចេញសេចក្ដីថ្លែងការណ៍ថា ការអនុម័តយល់ព្រមនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែមីនា។

មនុស្សម្នាក់ដែលដឹងពីបញ្ហានេះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន China Evergrande New Energy Vehicle Group នឹងចាប់ផ្ដើមលក់រថយន្តទាំងនេះនៅខែមេសា ដ៏ខ្លីខាងមុខ។

ដោយមិនបង្ហាញតួលេខជាក់លាក់ ប្រភពដដែលនិយាយថា គោលដៅនៃការលក់នេះ គឺមិនខ្ពស់ពេកទេនៅឆ្នាំនេះ ដោយសារកត្តាផលិតកម្ម ប៉ុន្តែនឹងកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំក្រោយ។

ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group ដែលជាក្រុមហ៊ុនមេបានបដិសេធ មិនធ្វើអត្ថាធិប្បា​យទេជុំវិញបញ្ហានេះ៕  Reuters៕

សហរដ្ឋអាមេរិក គំរាមមហាយក្សចិន បើហ៊ានជួយរុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែន

ដោយៈសុខុម

អន្តរជាតិ: សហរដ្ឋអាមេរិក បានព្រមានធ្ងន់ៗថា ប្រទេសចិននឹងត្រូវប្រឈម “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើខ្លួនហ៊ានជួយរុស្ស៊ី ក្នុងសង្គ្រាមឈ្លា​នពានប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃច័ន្ទ ទី១៤ មីនា នេះ។

ក្រុមមន្ត្រីដែលមិនបញ្ចេញឈ្មោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកថា ប្រទេសរុស្ស៊ី បានស្នើឱ្យប្រទេសចិន ផ្តល់ជំនួយយោធា បន្ទាប់ពីខ្លួន បានចាប់ផ្តើមបញ្ឆេះសង្គ្រាមចូលឈ្លានពាន។

ជាការឆ្លើយតប ក្រសួងការបរទេសចិន បានចាត់ទុកការចោទប្រកាន់នេះថា ជាព័ត៌មានមិនពិត ដែលសហរដ្ឋអាមេរិក ជាអ្នកប្រឌិតឡើងក្នុងបំណងទុច្ចរិត។

ការផ្លោងពាក្យសម្ដីដាក់គ្នាទៅវិញ ទៅមកនេះកើតមានឡើង នៅពេលក្រុមមន្ត្រីកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសចិន ត្រៀមជួបគ្នានៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី។

ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយដោយដកស្រង់សម្តីមន្ត្រីក្រុងវ៉ាស៊ីនតោន ដែលបានលើកឡើងថា ប្រទេសរុស្ស៊ីបានស្នើសុំប្រទេសចិន ជាពិសេសសម្ភារៈយោធារួមទាំងដ្រូន (យន្តហោះគ្មានមនុស្សបើក) ផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន CNN លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ​ របស់សហរដ្ឋអាមេរិកបានលើកឡើងថា ក្រុមមន្ត្រីអាមរិក បានទំនាក់ទំនងទៅរដ្ឋាភិបាលក្រុងប៉េកាំង ដោយផ្ទាល់ថា ប្រទេសចិន នឹងត្រូវប្រឈមផលវិបាលធ្ងន់ធ្ងរ ប្រសិនបើហ៊ានជួយគាំទ្រដល់ប្រទេ​សរុស្ស៊ី។

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបទៅវិញថា សហរដ្ឋអាមេរិក កំពុងផ្សព្វផ្សាយព័ត៌មានមិនពិត។

អ្នកនាំពាក្យរូបនេះបានអះអាងថា ជំហររបស់ប្រទេសចិន គឺមិនប្រែប្រួលឡើយ ហើយប្រទេសចិន កំពុងតែដើរតួនាទីស្ថាបនា នៅក្នុងការជំរុញការចរចា៕ BBC៕

ក្រុមហ៊ុនប្រេងថៃ PTT នឹងចូលកាន់កាប់ការដ្ឋានបូមហ្គាសនៅមីយ៉ាន់ម៉ា ក្រោយក្រុមហ៊ុន Total ចាកចេញ

ដោយៈសុខុម

បាងកក: ក្រុមហ៊ុន PTT Exploration and Production Pcl (PTTEP) ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនប្រេងដ៏ធំរបស់ថៃ PTT បាននិយាយកាលពីថ្ងៃច័ន្ទ ទី១៤ មីនា ថា ខ្លួននឹងចូលកាន់កាប់ការដ្ឋានបូម ហ្គាស Yadana ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដា ឆ្នាំនេះតទៅ បន្ទាប់ពីការចាកចេញរបស់ក្រុមហ៊ុនបារាំង TotalEnergies។

ក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា ក្រុមហ៊ុនអាមេរិក Chevron និងក្រុមហ៊ុនបារាំង TotalEnergies ជាដើមបានដកខ្លួនចេញ ពីប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា ដើមឆ្នាំនេះ នៅពេលស្ថានភាពមនុស្សធម៌ កាន់តែដុនដាបទៅៗ បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចល ចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាល ជាប់ឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ២០២១ ហើយបានប្រើប្រាស់កម្លាំងហួសហេតុ ដើម្បីបង្ក្រាបទៅលើបាតុករ ដែលតវ៉ាប្រឆាំងនឹងការកាន់អំណាចរបស់ខ្លួន។

អ្នកប្រឆាំងរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ហើយយោធាដែលកំពុងប្រឈមមុខនឹងការតស៊ូប្រយុទ្ធពី សំណាក់កងជីវពល ទទួលរងការចោទប្រកាន់ថាបានបាញ់គ្រាបផ្លោង និងធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ស៊ីវិលរស់នៅ។ ជាការឆ្លើយតប របបយោធាមីយ៉ាន់ម៉ា និយាយថា អ្វីដែលខ្លួនកំពុងធ្វើគឺដើម្បីប្រយុទ្ធប្រឆាំង “ភេរវករ” ប៉ុណ្ណោះ។

ក្រុមហ៊ុន PTTEP និយាយថា ខ្លួនឱ្យតម្លៃជាសំខាន់លើ “ការទប់ស្កាត់ការរាំងស្ទះនូវតម្រូវការថាមពល” ដោយចាត់ទុកការដ្ឋានបូមហ្គាស Yadana ថាជា “ប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដែលជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន ទាំងក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ”។

បច្ចុប្បន្នក្រុមហ៊ុន TotalEnergies កាន់កាប់ភាគហ៊ុន៣១%នៅការដ្ឋាននេះ។

ដំណើរការផ្លាស់ប្ដូរផ្ទេរផ្ទូរនេះ នឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី២០ ខែកក្ក​ដា បន្ទាប់ពីនោះក្រុមហ៊ុន PTTEP និយាយថា ខ្លួននឹងកាន់កាប់ភាគហ៊ុន៣៧,១% ក្រុមហ៊ុនរដ្ឋរបស់មីយ៉ាន់ម៉ា Myanma Oil and Gas Enterprise កាន់កាប់២១,៨% ចំណែកឯបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុន Chevron នឹងកាន់កាប់៤១,១%៕ Reuters៕

អ្នកជំនាញប្រាប់ពីទិកនិកពិសេសៗពីការវិនិយោគដីដើម្បីទទួលបានផលចំណេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ មានមនុស្សជាច្រើនតែងចោទជាសំណួរថា តើគួរទិញដីនៅតំបន់ណា ទំហំប៉ុណ្ណា ទើនមានឱកាសទទួលបានចំណេញច្រើន ដែលជាការឆ្លើយតប ទៅនឹងការវិនិយោគរបស់ពួកគេ។

សំណួរនេះ ត្រូវបានអ្នកជំនាញបង្ហើបប្រាប់ថា ទិញដីនៅណាក៏អាចទទួលបានផលចំណេញ ប៉ុន្តែអ្វីដែលសំខាន់គឺអ្នក ទិញ ចង់ បានចំណេញក្នុងរយៈពេលដ៏ខ្លី ឬក្នុងរយៈពេលយូរតែប៉ុណ្ណោះ។

អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment បានមានប្រសាសន៍ថា ការទិញដីទុក សម្រាប់វិនិយោគគឺមិនខាតបង់នោះទេ ពោលគឺសុទ្ធតែអាចទទួ​លបានផលចំណេញត្រឡប់មកវិញ ទាស់ត្រង់ថា ទទួលបានចំណេញតិច ឬច្រើនតែប៉ុណ្ណោះ។

លោកបានបញ្ជាក់ថា“ការទិញដីវិនិយោគ ដើម្បីទទួលបានផលចំណេ​ញ គឺទាមទារឲ្យអ្នកទិញ ក៏ដូចជាអ្នកវិនិយោគមានគោលដៅច្បាស់លាស់ថា តើការទិញ ដីវិនិយោគនេះក្នុងគោលបំណងរយៈពេលខ្លី ឬរយៈពេលវែង​”។ លោកបន្តថា “ជាក់ស្ដែងការទិញដីវិនិយោគ ក្នុងរយៈពេលខ្លីអាចឆាប់ទទួលបានផលចំណេញ ប៉ុន្តែទំហំនៃប្រាក់ចំណេញ គឺមានចំនួនតិចបើធៀបទៅនឹងការទិញដី ទុកវិនិយោគក្នុងរយៈពេលពេលវែង”។

លោក វ៉ា វីរៈ បានមានប្រសាសន៍បន្តថា ការទិញដីវិនិយោគក្នុងរយៈពេលខ្លី គឺអាចទទួលបានផលចំណេញមិនច្រើននោះទេ ហើយតំបន់ដែលអាចវិនិយោគទទួលបានចំណេញភ្លាមៗ គឺស្ថិតនៅក្បែរគម្រោងអភិវឌ្ឍន៍ទាំងវិស័យរដ្ឋ និងវិស័យឯកជន។ ប៉ុន្តែសម្រាប់ការវិនិយោគ ក្នុងរយៈពេលវែង ដែលស្ថិតនៅឆ្ងាយពីគម្រោងអភិវឌ្ឍន៍ ឬតាមបណ្តាខេត្តមួយចំនួនគឺមានតម្លៃទាប លុះពេលមានគម្រោងអភិវឌ្ឍន៍ណាមួយ ត្រូវបានលេចរូបរាងឡើង នោះតម្លៃដីអាចឡើងហួសពីថ្លៃដើម១០០ភាគរយក៏មានដែរ ដែលជំរុញឲ្យឲ្យកាសទទួលបានផលចំណេញ មានអត្រាខ្ពស់ជាងការវិនិយោគនៅតំបន់ដែលមានការអភិវឌ្ឍស្រាប់។

ដូច្នេះសម្រាប់អ្នក ដែលមានបំណងចង់វិនិយោគ នៅក្នុងទីផ្សារដីធ្លីអាចធ្វើការពិចារណា និងប្រៀបធៀបរវាងលក្ខខណ្ឌទាំង២ ដូចបានលើកឡើងខាងលើនេះ ថាតើលក្ខខណ្ឌមួយណាជាជម្រើសរបស់អ្នក៕

ចំណេះដឹងអចលនទ្រព្យៈ ឯកសារចំនួន៥ មុនសម្រេចចិត្តទិញអចលនទ្រព្យប្រភេទផ្ទះបុរី រឺទិញខុនដូ

ដោយ: ម៉ាលីស

ភ្នំពេញ: ដើម្បីមានទំនុកចិត្ត និងជៀសវាងការគេងបន្លំផ្សេងៗ មុនសម្រេចចិត្ត ទិញអចលនទ្រព្យប្រភេទផ្ទះបុរីរឺខុនដូ អ្នកគួរពិចារណាពិនិត្យលើឯកសារមួយចំនួនអោយបានត្រឹមត្រូវ។

ហេតុនេះសាធារណៈជន សូមកុំរំលងឯកសារទាំង៥ខាងក្រោមនេះ មុនសម្រេចចិត្តទិញផ្ទះពីគម្រោងបុរីឬខុនដូណាមួយ។

១ ប័ណ្ណចុះបញ្ជីក្រុមហ៊ុន
មុនចាប់ផ្តើម ដំណើរការសាងសង់គម្រោង បុរី /ខុនដូ ម្ចាស់អភិវឌ្ឍន៍ត្រូវមានកាតព្វកិច្ច ចុះបញ្ជីឱ្យរួចរាល់ជាមុនសិន ជាមួយក្រសួងពាក់ព័ន្ធ ទើបអាចមានសិទ្ធិ សាងសង់គម្រោងរបស់ខ្លួនបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។

២ លិខិតអនុញ្ញាតសាងសង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រួតពិនិត្យយ៉ាងហ្មត់​ចត់ ទៅលើគុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម មុននឹងផ្តល់លិខិតអនុញ្ញាត សាងសង់ដល់គម្រោងនីមួយៗ។ នេះ​ជាមូលហេតុចម្បងដែលបងប្អូន គួរសួររកលិខិតអនុញ្ញាតសាងសង់ ជា មុនសិន ដើម្បីធានាថាគម្រោងបុរីឬខុនដូ ដែលបងប្អូនទិញនឹងមិនមាន បញ្ហាទៅថ្ងៃក្រោយ។

៣ អាជ្ញាប័ណ្ណបុរី/ខុនដូ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរី/ខុនដូដល់អ្នក អភិវឌ្ឍន៍គម្រោង បន្ទាប់ពីពួកគេ បានបំពេញគ្រប់នូវរាល់តម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗរួចរាល់ហើយ។ ដូច្នេះ ការស្នើសុំមើលឯកសារនេះ ក៏ សំខាន់ផងដែរ។

៤ ប្លង់មេ
Master Plan ឬប្លង់មេ ត្រូវបានអនុម័តដោយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាមុនសិន មុននឹងបុរីឬខុនដូ ណាមួយអាចសាងសង់បាន។ ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងនីមួយៗ ដូច្នេះបងប្អូន ក៏ត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍បង្ហាញប្លង់មេនេះផងដែរ។

៥ ប្រភេទប្លង់កម្មសិទ្ធិ
សម្រាប់គម្រោងបុរី គួរសួររកប្លង់រឹង ដែលជាវិញ្ញាបនបត្របង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចេញដោយការិយាល័យរៀបចំ ដែន​ដី។ សម្រាប់គម្រោងខុនដូ គួរសួររកប្លង់សហកម្មសិទ្ធ ដែលជាវិញ្ញាប​ន​​បត្របង្ហាញពីភាពជាម្ចាស់កម្មសិទ្ធិ ហើយក៏បានអនុញ្ញាតឱ្យជនបរទេសអាចមានអចលនទ្រព្យដោយខ្លួនឯង ស្របច្បាប់នៅប្រទេសកម្ពុជាផងដែរ៕

អាល្លឺម៉ង់នឹងជួយរៀបចំផែនការនគរូបនីយកម្មដោយផ្តោតលើភាគខាងត្បូងរាជធានីភ្នំពេញ

ដោយៈជេស៊ីកា

ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានកោតសរសើរលើការរីកចម្រើនផ្នែកនគរូបនីយកម្ម នៅរាជធានីភ្នំពេញ ដែលប្រទេសនេះនឹងជួយដល់ការរៀបចំផែនការសំខាន់ៗចំនួន៥។

ផែនការនេះ នឹងផ្តោតលើសសរស្តម្ភសំខាន់ចំនួន៥ រួមមានទី១ កា​រ​ងារនគរូបនីយកម្មវៃឆ្លាត ទី២ ការងារគ្រប់គ្រងសុវត្ថិភាពនិងសន្តិសុខ ទី៣ ការងារគ្រប់គ្រងចរាចរណ៍ក្នុងទីក្រុង ទី៤ ការងារគ្រប់គ្រងបរិស្ថាន និងទី៥ ការងារគ្រប់គ្រងរដ្ឋបាលតាមបែបឌីជីថល។

លោក Christian Berger ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការសិក្សាលើការធ្វើអន្តរកាល ឆ្ពោះទៅរកទីក្រុងអេកូឡូស៊ី ឆ្នាំ២០២២ នៃគម្រោងលំនៅដ្ឋានដែលមានចីរភាព សម្រាប់ប្រជាជន-បង្កើនគុណភាពការរស់នៅនៃប្រជាជនក្នុងទីក្រុងនៅកម្ពុជា”។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានកោតសរសើរអំពីការរីកចំរើន និងការអភិវឌ្ឍនគរូបនីយរបស់រាជធានីភ្នំពេញ ជាពិសេសនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកបញ្ជាក់ថា វាជាគម្រោងដ៏សំខាន់មួយដែលរដ្ឋាភិបាល នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ ផ្តល់អាទិភាព និងបានគិតគូរពីការផ្តល់ហិរញ្ញប្បទានបន្ថែម ជូនដល់ការអនុវត្តគម្រោងខាងលើនេះ ដើម្បីសំដៅធ្វើយ៉ាងណា អភិវឌ្ឍវិស័យនគរូបនីយកម្ម នៅរាជធានីភ្នំពេញ ជាពិសេសតំបន់ភាគខាងត្បូង ដែលមានការរីកចំរើនខ្លាំងគួរឱ្យកត់សម្គាល់ ស្របទៅតាមគោលការណ៍ នៃការអភិវឌ្ឍប្រកបដោយចីរភាព។

លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ និងឯកអគ្គរដ្ឋទូតផ្ទាល់ ដែលតែងតែគាំទ្រដល់កម្ពុជានិយាយជារួម និងរដ្ឋបាលរាជធានីភ្នំពេញ និយាយដោយឡែក ជាពិសេសនៅក្នុងគម្រោងស្តីពី ការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាពនាពេលនេះ។

លោកបន្តថា “ការអភិវឌ្ឍរបស់ទីក្រុង មិនអាចកាត់ផ្តាច់ចេញពីគុណតម្លៃនៃសន្តិភាពបានឡើយ” ពីព្រោះបើសិនជាគ្មានសន្តិភាព ក៏មិនមានការអភិវឌ្ឍទីក្រុងដែរ។ តួយ៉ាងបទពិសោធន៍ នៃផលវិបាកបណ្តាលពីស ង្គ្រាម នៅតាមប្រទេសនានាជុំវិញពិភពលោក ជាពិសេសរឿងរ៉ាវថ្មីៗដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន ដែលអាចឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ពីបញ្ហានេះ។

លោកអភិបាលរងរាជធានីភ្នំពេញ ក៏បានជម្រាបជូនអង្គសិក្ខាសាលាអំពីការអភិវឌ្ឍរបស់រាជធានីភ្នំពេញ ជាពិសេសការតាក់តែង ឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយចីរភាពរបស់ រាជធានីភ្នំពេញឆ្នាំ២០៣៥ ដែលនឹងឈានទៅការអនុម័តនាពេលខាងមុខ៕

អ្នកលេងទឹកកំសាន្តនៅឆ្នេរព្រះសីហនុកាន់តែមានសុវត្ថិភាពក្រោយរដ្ឋបាលខេត្តដាក់ប៉មចំនួន១២សំរាប់ឆ្មាំឆ្នេរសមុទ្រ

ដោយ: ម៉ាលីស

ព្រះសីហនុ: ប៉មយាមឆ្មាំឆ្នេរសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ មានចំនួន១២ប៉មត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៤ មីនា ២០២២កន្លងមកនេះ។

អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុលោកគួច ចំរើន និងអ្នកឧកញ៉ាទ្រី ភាព អញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួលប៉មយាមចំនួន១២ប៉ម នៅឆ្នេរអូរឈើទាល២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បុគ្គលិកសម្អាតឆ្នេរ និងឆ្មាំឆ្នេរសមុទ្រ។

លោកគួច ចំរើន បានមានប្រសាសន៍ថា ថ្ងៃនេះយើងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍យាម ឬប៉មយាមឆ្មាំឆ្នេរសមុទ្ររបស់យើងនៅតាមបណ្តោយឆ្នេរសមុទ្រ ក្នុងក្រុងព្រះសីហនុមានចំនួន១២ប៉ម។ ដោ​យសារការខិតខំរបស់រាជរដ្ឋាភិបាល បានសម្រេចអនុញ្ញាតឱ្យយើងប្រើប្រាស់នូវថវិកាសម្រាប់ធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ។

លោកអភិបាលមានប្រសាសន៍ថា​ ពីមុនឆ្នេរនេះ ត្រូវបានប្រើប្រាស់របស់ឯកជន ពុំមានលំហរសាធារណ: ក្រោយកិច្ចខិតខំប្រឹងប្រែងរបស់យើង បានធ្វើឱ្យឆ្នេរនេះ ក្លាយជាលំហរសាធារណៈមានជាង១៦គីឡូម៉ែត្រ និងពយជាង៤គីឡូម៉ែត្រ។ យើងបានរៀបចំដាក់ពោងសុវត្ថិភាព ដើម្បីបែងចែកតំបន់សម្រាប់អ្នកហែលទឹកលេង ឱ្យមានសុវត្ថិភាព ពីទូក កាណូត ឬមធ្យោបាយផ្សេងៗ និងជារបាំងសុវត្ថិភាពនៅពេលមានខ្យល់ ឬប្រការណាមួយ៕

ខេត្តត្បូងឃ្មុំគ្រោងយកតំបន់ប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ធ្វើជារមណីយ   ដ្ឋានទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ

ដោយៈកុសមា

ត្បូងឃ្មុំ: តំបន់ប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ក្នុងខេត្តត្បូងឃ្មុំ នឹងត្រូវរៀបចំអភិវឌ្ឍន៍ កែលម្អជារមណីយដ្ឋានប្រវត្តិសាស្ត្រ ទាក់ទាញភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិ។

លោកជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន កាលពីចុងសប្តាហ៍កន្លងទៅនេះ បានដឹកនាំម   ន្ត្រីជំនាញចុះពិនិត្យ សិក្សាអំពីទីតាំងប្រវត្តិសាស្រ្តដើមពោធិ៍ទុំទាវ ស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជាមួយនឹងការចុះពិនិត្យនេះ លោកបណ្ឌិតអភិបាលខេត្តក៏បានណែ​នាំដល់មន្ត្រីជំនាញទាំងអស់ ត្រូវសិក្សារៀបចំទីតាំងប្រវត្តិសាស្រ្តមួយនេះអោយក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់បងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត និងសិក្សាពីប្រវត្តិសាស្ត្រ ទាំងភ្ញៀវជាតិ និងអន្តរជាតិ។

ជំហានដំបូងត្រូវសិក្សាធ្វើរបងព័ទ្ធជុំវិញ និងដាំកូនឈើបន្ថែមលើបរិវេ​ណដើមពោធិ៍ប្រវត្តិសាស្ត្រមួយនេះ ក្នុងនោះក៏ត្រូវរៀបចំឲ្យមានបង្គន់អនាម័យផងដែរ ។

លោកជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងបន្តថា ទីតាំងប្រវត្តិសាស្ត្រដើមពោធិ៍ទុំទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នេះគឺជាទីតាំងប្រវត្តិសាស្រ្ត ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ប៉ុន្តែដោយកន្លងមកយើងមិនទាន់បានរៀបចំឲ្យមានសោភ័ណភាពល្អ។ ម្យ៉ាងទៀតភ្ញៀវទេសចរណ៍មួយចំនួន មិនស្គាល់ទីតាំងច្បាស់លាស់ផងនោះ ទើបធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះត្រូវបានមើលរំលង ប៉ុន្តែចាប់ពីពេលនេះតទៅអាជ្ញាធរខេត្ត និងរៀបចំតំបន់ប្រវត្តិសាស្ត្រមួយនេះ អោយក្លាយទៅជាតំបន់ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ ចូលមកទស្សនាកំសាន្ត និងស្គាល់ពីប្រវត្តិសាស្ត្រទុំទាវ ។

កាលពីពេលកន្លងទៅថ្មីៗនេះ ដើមពោធិ៍ក្នុងតំបន់ប្រវត្តិសាស្ត្រទុំទាវដ៏ធំមួយ ដែលគេឲ្យឈ្មោះថាដើមពោធិ៍អ្នកតាក្រហមក ត្រូវបានខ្យល់កន្ត្រាក់បោកដួលរលំ ហើយត្រូវបានអាជ្ញាធរខេត្តរៀបចំដាំឡើងវិញ។

ក្រោយការដួលរលំដើមពោធិ៍ដ៏ធំមួយនេះ តំបន់ប្រវត្តិសាស្រ្តទុំទាវត្រូវបានបងប្អូនប្រជាពលរដ្ឋ មានការចាប់អារម្មណ៍ចង់ឃើញ និងស្គាល់ ដោយបានចូលទៅទស្សនាបន្ទប់បន្ទាប់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមកពីបណ្ដាខេត្តផ្សេងៗផងដែរ៕

តម្រូវការដីនៅតាមបណ្ដោយមហាវីថីឈ្នះឈ្នះមានការកើនឡើង ខណៈបុរីជាច្រើនឆ្ពោះទៅតំបន់នេះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ការអភិវឌ្ឍសំណង់អចលនទ្រព្យ នៅតំបន់តាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ប៉ែកខាងលិចរាជធានីភ្នំពេញ មួយរយៈពេលចុងក្រោយនេះមានកំណើនកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យតម្លៃ ដីនិងការទិញលក់នៅទីនោះនៅតែមានសកម្មភាពទោះបីជាកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៤ មិនានេះថា កំណាត់ផ្លូវមហាវិថីឈ្នះឈ្នះ ឃើញថាជាតំបន់ដែលមានសកម្មភាព មមាញឹកមួយក្នុងចំណោមផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ដល់មហាវិថីឈ្នះឈ្នះ ដោយក្នុងនោះយើងឃើញថា តំបន់នៅតាមបណ្ដោយផ្លូវឈ្នះឈ្នះ ជាផ្លូវដែលតភ្ជាប់ទៅផ្លូវជាតិសំខាន់ៗ ឆ្ពោះទៅកាន់បណ្ដាខេត្តនានា ដូចជាទៅកាន់កំពង់ផែទឹកជ្រៅ នៃខេត្តព្រះសីហនុ ខេត្តកំពត និងតំបន់ច្រកទ្វារអន្តរជាតិកម្ពុជា ថៃ ជាដើម ។

លោកបន្តថា “នៅពេលតម្រូវការប្រើប្រាស់ដីធ្លី កាន់តែច្រើនវានឹងជំរុញឱ្យតម្លៃដីធ្លីនៅតំបន់នោះ កាន់តែមានហាងឆេង និងកើនឡើងខ្ពស់”។

សព្វថ្ងៃនេះតំបន់តាមបណ្ដោយផ្លូវឈ្នះឈ្នះ មានតម្លៃរង្វង់ប្រមាណ១២០ដុល្លារ ទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅលើទំហំដី និងជាប្រភេទដីនៅជាប់ផ្លូវធំ ។ នៅពេលពេលអនាគត តំបន់តាមបណ្ដោយផ្លូវឈ្នះ ឈ្នះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ហើយនឹងទាក់ទាញដល់ការវិនិយោគកាន់តែច្រើនបន្ថែមទៀតផងដែរ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា តំបន់ប៉ែកខាងលិចក៏មាន គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ដូច្នេះហើយទើបធ្វើឱ្យមានតម្រូវការ នៃការអភិវឌ្ឍអចលនទ្រព្យដូចជា បុរីលំនៅឋាន ឃ្លាំងស្ដុកទំនិញ ផ្សារជាដើម ។

លោកបានបន្តថា តាមពិតទៅតំបន់ជុំវិញរាជធានីភ្នំពេញ មានសក្ដានុពលដូចតែគ្នា វាគ្រាន់តែការអភិវឌ្ឍមានទំនោរខុសៗគ្នា បន្តិចបន្តួចប៉ុណ្ណោះ ។ ហើយការវិនិយោគនៅតំបន់ជាយៗ រាជធានីភ្នំពេញនឹងអាចផ្ដល់ប្រយោ​ជន៍ត្រលប់មកវិញឆាប់ៗផងដែរ៕

ADBផ្តល់ហិរញ្ញប្បទានជិត១០លានដុល្លារលើកកំពស់សោភ័ណភាព ក្រុងពោធិសាត់

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ ផ្លូវសំខាន់ៗចំនួន៤បានបញ្ចប់ការសាងសង់ ក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។

តាមការឲ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា គម្រោងដែលបានបញ្ចប់ទាំងនោះ រួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូDBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។

ដោយឡែក ខ្សែផ្លូវមួយចំនួនតូចទៀត គ្រោងនឹងបញ្ចប់ការដ្ឋាន នៅអំឡុងខែមីនា ឆ្នាំ២០២២នេះផងដែរ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ស្ថិតក្នុងគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាប ដែលជាកម្ចីហិរញ្ញប្បទានពីធនាគារ ADB ៩,៩៣លានដុល្លារ និងអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕