លោកបណ្ឌិតហ៊ុន ម៉ាណែតៈកំណើនគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាការរួមចំណែកលើកកំពស់បរិយាប័ណ្ណហិរញ្ញវត្ថុ

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោកបានមានប្រសាសន៍ថា កំណើនគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។

លោកហ៊ុន ម៉ាណែតបានបញ្ជាក់បែបនេះក្នុងពេលអញ្ជើញជាអធិតបីក្នុងពិធីសម្ភោធសាខាធនាគារវីង ខ័ណ្ឌសែនសុខនាព្រឹកថ្ងៃទី១៤ មិនានេះ។

លោកបណ្ឌិតបានថា “បរិយាប័ន្នហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកផ្តល់លទ្ធភាពដល់ប្រជាជន ក៏ដូចជាសហគ្រាសធុនតូច និងមធ្យម ឲ្យទទួលបានសេវាហិរញ្ញវត្ថុលឿនរហ័ស ងាយស្រួល និងមានតម្លៃសមរម្យ ជាការធានាបាននូវការពង្រីកសក្តានុពលសកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យ និងការកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម”។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរចំពោះជោគជ័យ និងសមិទ្ធផលទាំងឡាយ ដែលក្រុមហ៊ុននឹងខិតខំសម្រេ​ចបានក្នុងរយៈពេល១៣ឆ្នាំ កន្លងមកនេះ ដែលជាដំណើរជោគជ័យគួរជាទីមោទនៈ មួយទៀតរបស់ក្រុមហ៊ុនក្នុងស្រុក។

លោកបន្ដទៀតថា ការពង្រីកខ្លួនបន្ថែមទៅជាធនាគារពាណិជ្ជ និងការដាក់ឲ្យដំណើរការសាខាចំនួនពីរ ដែលត្រូវបានប្រកាសជាផ្លូវការក្នុងថ្ងៃនេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញផងដែរអំពីស្ថិរភាព ភាពធន់ និងសក្តានុពលទីផ្សារ នៃវិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសក្នុងបរិការណ៍នៃការរាតត្បាតសាកលនៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់ ដល់ស្ថានភាពសេដ្ឋកិច្ច-សង្គមទាំងក្នុងកម្រិតសាកល, តំបន់ និងជាតិនីមួយៗ។

ចំណែកលោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការពង្រីកបណ្តាញប្រតិបត្តិការរបស់ធនាគារវីង (ខេមបូឌា) ម.ក តាមរយៈការបើកដំណើរការសាខាសែនសុខ និងសាខាវិមានឯករាជ្យនាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពី ការរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា ព្រមទាំងជំនឿទុកចិត្តរបស់វិនិយោគិនទាំងបរទេ​ស និងក្នុងស្រុកចំពោះវិស័យនេះ បើទោះបីជាស្ថិតក្នុងបរិបទនៃជំងឺកូដ-១៩ ក៏ដោយ។

លោកបន្តថា ទន្ទឹមនេះនិន្នាការធនាគារវីង (ខេមបូឌា) ម.ក ក៏បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ ដល់ការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ វិជ្ជាជីវៈ និងប្រសិទ្ធភាព ជូនប្រជាពលរដ្ឋកម្ពុជា។

ធនាគារវីង នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលផ្តល់ដោយដៃគូលំដាប់ពិភពលោក ដើម្បីកាត់បន្ថយការ ចំណាយលើប្រតិបត្តិការធនាគារ និងកាត់បន្ថយពេលវេលា សម្រាប់ដំណើរការផ្តល់ឥណទាន។

ធនាគារវីង នឹងមាន ផលិតផលសន្សំប្រកបដោយភាពច្នៃប្រឌិត និងមានភាពទាក់ទាញ ដែលមិនត្រឹមតែផ្តល់ឲ្យប្រជាជនកម្ពុជា គ្រប់រូបនូវសមត្ថភាពក្នុងការរៀបចំផែនការ សម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេ ឲ្យបង្កើតនូវទំនុកចិត្តឥណទាន តាម   រយៈប្រតិបត្តិការ ដែលពួកគេធ្វើដោយប្រើប្រាស់ប្រព័ន្ធ អេកូរបស់ធនាគារវីង។ ពួកគេប្រើប្រាស់សេវាធនាគារវីងកាន់តែច្រើន ពួកគេកាន់តែអាចទទួលបានពិន្ទុឥណទាន ដើម្បីមានសិទ្ធិទទួលបានកម្ចីរហ័សពីធនាគារវីង។

អ្នកឧកញ៉ាគិត ម៉េងអគ្គនាយកធនាគារវីងបានលើកឡើងថា យើងបានដាក់អាទិភាពខ្ពស់ លើការដោះស្រាយបញ្ហា ប្រឈមរបស់សហគមន៍ និងបានរៀបចំផលិតផលជាច្រើន ដើម្បីធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយផ្តល់ភាពងាយស្រួលដល់ពួកគេ ក្នុងការទទួលសេវាហិរញ្ញវត្ថុដែលចាំបាច់ ទោះបីជាពួកគេរស់នៅក្នុងភូមិដាច់ស្រយាលក៏ដោយ។

លោកបន្តថា ក្នុងនាមជាក្រុមហ៊ុនក្នុងស្រុក ដែលមានទស្សនវិស័យសកល យើងត្រៀមខ្លួនជាស្រេច ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការកែលម្អ លក្ខខណ្ឌសុខុមាលភាពសង្គម របស់សហគមន៍ក្នុងពេលជំងឺរាតត្បាតបានបញ្ចប់

 

មហាយក្សចិននឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតដើម្បីជួយរក្សា ស្ថិរភាពសេដ្ឋកិច្ច

ដោយៈសុខុម

ប៉េកាំង: អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបលើកឡើងថា ប្រទេសចិន នឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច បើទោះបីជាទិន្នផលសេដ្ឋកិច្ចរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ធ្លាក់ចុះយ៉ាងណាក្ដី។ នេះបើយោងតាមកាសែត China Securities Journal ដែលបានចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៤ មីនា។

ការអត្ថាធិប្បាយរបស់លោក Yu Yongding អតីតទីប្រឹក្សាធនាគារកណ្តាលចិន និងដែលបច្ចុប្បន្នជាអ្នកជំនាញសេដ្ឋកិច្ច ដ៏មានឥទ្ធិពលនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) ធ្វើឡើងស្របពេលមានការរំពឹងទុកខ្ពស់ថា ធនាគារកណ្តាលអាមេរិក (Federal Reserve) នឹងដំឡើងអត្រាការប្រាក់នៅសប្តាហ៍នេះ ចំពេលអតិផរណាកើនឡើង ខណៈអ្នកខ្លះរំពឹងថា ធនាគារកណ្ដាលចិន នឹងបញ្ចុះអត្រាការប្រាក់កម្ចីរយៈពេលមធ្យមថ្ងៃអង្គារ ស្អែកនេះ។

អតីតសមាជិកគណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ នៃធនាគារកណ្ដាលចិន រូបនេះបានប្រាប់កាសែតខាងលើថា ទោះបីជាធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់២%ក្ដី ក៏អត្រាការប្រាក់ពិតប្រាកដ នឹងនៅតែអវិជ្ជមាន ដោយសារអតិផរណាខ្ពស់ ដែលផ្ទុយគ្នាស្រឡះពីអត្រាវិជ្ជមាននៅក្នុងប្រទេសចិន។

លើសពីនេះ ប្រទេសចិន មានឧបករណ៍គោលនយោបាយ ដើម្បីទប់ស្កាត់រំហូរមូលធនចេញក្រៅយ៉ាងគំហុក ខណៈពេលភាពបត់បែននៃរូបិយប័ណ្ណយ័ន អាចកាត់បន្ថយផលប៉ះពាល់ពីលំហូរមូលធនឆ្លងព្រំដែន។

ប្រទេសចិន បានកំណត់គោលដៅកំណើន GDP របស់ខ្លួនជាថ្មីមកនៅត្រឹមប្រមាណ៥,៥%សម្រាប់ឆ្នាំ២០២២ នេះ។

កាលពីថ្ងៃសុក្រសប្ដាហ៍មុន ទិន្នន័យបង្ហាញថា កម្ចីឥណទានធនាគា​រថ្មីៗនៅក្នុងប្រទេសចិន បានធ្លាក់ចុះខ្លាំងលើសពីការរំពឹងទុក ក្នុងខែកុម្ភៈ ដោយដាក់សម្ពាធកាន់តែខ្លាំង ឱ្យធនាគារកណ្ដាលចិន ចាត់វិធានការបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច ដែលកំពុងមានសន្ទុះយឺតយ៉ាវ។

បណ្ដាធនាគារចិន បានបញ្ចេញឥណទានថ្មីៗ ជារូបិយប័ណ្ណយ័ន ចំនួន១,២៣ទ្រីលានយ័ន (១៩៤ពាន់លានដុល្លារអាមេរិក) ក្នុងខែកុម្ភៈ ដោយធ្លាក់ចុះខ្លាំង បើធៀបនឹងចំនួនឥណទានច្រើន លើសលប់៣,៩៨ទ្រីលានយ័ន (៦២៦ពានលានដុល្លារអាមេរិក) ក្នុងខែមករា៕  South China Morning Post៕

ផ្លូវជាតិលេខ១០តភ្ជាប់ពីតំបន់ពា័ព្យប្រទេសទៅកាន់តំបន់ឆ្នេរជាលើកដំបូងសម្រេចបាន៦០ភាគររយហើយ

ដោយៈសុផារី

កោះកុងៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូតខេត្តបាត់ដំបង មកកាន់ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង សាងសង់សម្រេចបានជិត៦០ភាគរយហើយ គិតត្រឹមខែមីនាឆ្នាំ២០២២នេះ។

លោកស្រី មិថុនា ភូថង បានមានប្រសាសន៍ក្នុងសន្និបាតបូកសរុបលទ្ធ​ផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ រប​ស់​រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី១៤ ខែមីនានេះថា ផ្លូវជាតិលេខ១០ ឬផ្លូវជាតិលេខ១៥៥១ ដែលតភ្ជាប់ពីតំបន់ស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមពោធិ៍សាត់ មកកាន់ស្រុកក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង គឺជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ខេត្តតំបន់សមុទ្រមួយនេះ។

លោកស្រីបន្តថា “នៅពេលដែលផ្លូវមួយនេះ ស្ថាបនារួចរាល់និងដាក់ដំណើរការនោះ នឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ ឱ្យកាន់តែមានភាពលឿនរហ័សចំណេ​ញពេលវេលាផងដែរ”។

លោកស្រីមានប្រសាសន៍ថា ជាមួយនឹងវិស័យផ្សេងៗ ដែលយើងអាចទទួលបាន មានសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សំខាន់នោះគឺវិស័យសាធារណការ និងដឹកជញ្ជូន ដែលយើងបានទទួលនូវបណ្តាញផ្លូវជាតិសំខាន់ៗ ដែលផ្សារភ្ជាប់សរសៃឈាមសេដ្ឋកិច្ច ខេត្តកោះកុង ទៅនឹងតំបន់ផ្សេងៗ ដោយយើងមានផ្លូវជាតិលេខ១០ ឬហៅថាផ្លូវ១៥៥១ តភ្ជាប់ពីក្រុងខេមរៈភូមិន្ទនៃខេត្តកោះកុង ទៅស្រុកសំឡូតខេត្តបាត់ដំបង អាចថាបន្ទាប់ពីតំបន់ផ្នែកកណ្ដាល នៃប្រទេសកម្ពុជាមកនៅមាត់សមុទ្រ។

ផ្លូវជាតិដ៏សំខាន់នេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនាឆ្នាំ២០២០ ហើយគ្រោងប្រើពេលសាងសង់៤៨ខែ គិតចាប់ពីខែធ្នូឆ្នាំ២០១៩ រហូតដល់ខែធ្នូឆ្នាំ២០២៣។

លោកអន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះ​កុងបានឱ្យដឹងដែរថា គិតត្រឹមខែមីនាឆ្នាំ២០២២ ការសាងសង់ផ្លូវជាតិលេខ១០ សម្រេចបានជិត៦០ភាគរយហើយ។

លោកបានបន្តថា ផ្លូវនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ក្នុងការធ្វើដំណើរឆ្លងកាត់ និងសម្រួលដល់ការដឹកជញ្ជូន កសិផលផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែវាអាចជាផ្នែកមួយ នៃការទាក់ទាញអ្នកទេសចរ ដែលចូលចិត្តធ្វើដំណើរកម្សាន្ត អាចគយគន់ធម្មជាតិដ៏ស្រស់ត្រកាល ដោយសារផ្លូវនេះមានតំបន់ធម្មជាតិជាច្រើន ពិសេសព្រៃឈើក្រាស់យ៉ាងស្រស់ស្អាតផងដែរ។

លោកមានប្រសាសន៍ថា “ឥឡូវនេះ យើងកំពុងដំណើរការបានប្រហែ​លជិត៦០ភាគរយហើយ បើសិនជាផ្លូវជាតិលេខ១០នេះ បានភ្ជាប់ពីសំឡូតមកដល់វាលវែង ហើយពីវាលវែងមកដល់ខេត្តកោះកុងនេះ គឺផ្លូវនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ពិសេសនាំភោគផលពីតំបន់ខាងលិច នៅខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ ចូលមកខេត្តកោះកុង ហើយផ្លូវនេះក៏បម្រើវិស័យទេសចរណ៍ដែរ ដែលយើងអាចនាំភ្ញៀវទេសចរពីខេត្តផ្សេងមកខេត្តកោះកុងទៅកាន់ឆ្នេរតារាសាគរ ក៏ដូចជាកំពង់សោមដែរ”។

ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួលដល់ការតភ្ជាប់ ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាតំបន់ និងរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេ​សជាមួយប្រទេសជិតខាង៕

ក្រុមហ៊ុនអភិវឌ្ឍន៍ធំមួយចាប់ផ្តើមគម្រោងបុរីបែបសហគមន៍ដំបូងគេក្នុងខណ្ឌព្រែកព្នៅ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៊ីស្ទេតគ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ឆ្នើមមួយនៅកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់គម្រោងបុរីលើកទីមួយរបស់ខ្លួននៅក្នុងខណ្ឌព្រែកព្នៅ។

បុរីភូមិសំរោង ដែលជាបុរីបែបសហគមន៍ធំជាងគេនៅក្នុងខណ្ឌព្រែកព្នៅ ក្នុងទំហំសរុប២៧០ហិកតា គឺជាគម្រោងសហការពីក្រុមហ៊ុនស្ថាបត្យកម្មស្វីសគឺក្រុមហ៊ុន Aerne Architects & Associates Co., Ltd. និងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេ គឺក្រុមហ៊ុនភ័ញធើ ប្រផឹធី (Pointer Property Co., Ltd.)។

បុរីភូមិសំរោង មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ដែលមានចំងាយត្រឹមតែ១៥នាទីពីផ្សារអ៊ីអន សែនសុខ និងពហុកីឡដ្ឋានមរតកតេជោ និងជិតផ្សារព្រែកព្នៅ ជាទីតាំងមួយដែលកំពុងមានសក្ដានុពលខ្លាំង និងហេដ្ឋារចនាសម្ព័ន្ធខ្វែងខ្វាត់កាត់ដល់ផ្លូវក្រវ៉ាត់ក្រុងទី៣និងទី៤។

នៅក្នុងបុរីមានផ្លូវរដ្ឋទទឹង៣០ម៉ែត្រដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ រហូតដល់ផ្លូវទំនប់កប់ស្រូវ និងច្រកឡើងផ្លូវល្បឿនលឿនទៅក្រុងព្រះសីហនុ ដែលនឹងផ្ដល់ភាពអ៊ូអរ និងរស់រវើកដល់ផ្ទះអាជីវកម្មរបស់បុរីភូមិសំរោងនាពេលអនាគតទាំងនៅលើផ្លូវជាតិលេខ៥ និងផ្លូវ៣០ម៉ែត្រផ្ទាល់។

លោក ចាង រួយជុន ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៊ីស្ទេតគ្រុប បានថ្លែងថា “បុរីភូមិសំរោង គឺជាគម្រោងបុរីលើកទីមួយរបស់ក្រុមហ៊ុនព្រីនស៍ ហ័នយូ រៀលអ៊ីស្ទេត គ្រុប ដែលមានវិសាលភាពដល់ទៅ២៧០ហិកតា ដោយដំណាក់កាលទី១ នឹងត្រូវធ្វើការសាងសង់លើផ្ទៃដីទំហំ៣៣ហិកតា”។

លោកបន្តថា “យើងផ្តោតសំខាន់ទៅលើបែបបទនៃការរស់នៅកាន់តែប្រសើរជាងមុន ការរស់នៅជាសហគមន៍តែមួយ អមដោយរុក្ខជាតិបៃតងដ៏ស្រស់បំព្រងដល់ទៅ៤០%នៃគម្រោងទាំងមូល គួបផ្សំនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរបស់គម្រោង”៕

How important is the Property Valuation in real estate?

by: Sophary

Phnom Penh: Property Valuation is a process of determining the market value of a particular property. It provides information and the market value of properties, including the detailed features, build-cost, cost-benefit analysis, location, zoning, highest and best use, and the real estate market trends. The property valuation helps make the right decision in property investment, development, mortgage processes, lease and sale.

Property Valuation supports various purposes and uses, including buying and selling, joint venture, development, performance, loan security, transfer of shares, lease review, due diligence, accounting, auditing, and insurance.

However, the lack of property trading and the limited assessment of property transactions on the market makes it challenging for real estate investors, owners and buyers to understand the value of their properties, primarily due to the change periodically of the market value and rent on the market.

For Real Estate Buyers, Property Valuation helps property buyers to know the actual value of the property, allowing them to make the right deal, guiding for better decision making, and preventing them from paying high-price schemes.

To the bank offering home Loan, the bank can decide on the loan amount with different mortgage terms and conditions after knowing the value of the collateral property.

Moreover, Property Valuation helps Real Estate sellers understand the current market price for the building and prevent low-balled buyers. Having the property valuation report in hand will ensure sellers from pushing for lower than the prevailing market prices and causing a loss. It also gives sellers the right advice in selling or holding back on properties.

 

For Insurance Company and Clients, Property Valuation provides an understanding of the insurance value to see if it is sufficient for future damages due to any hazard or accident. The accurate Property Valuation ensures that the coverage cost is reasonable without the risk of having or providing low or high insurance coverage.

For Lessors and Lessees, Property owners create a continuous income-generating stream from renting the property. The Property Valuation provides the market rent and the property’s rental potential, helping lessors and lessees to negotiate a better rental deal. It also provides the rent trend on the market and the expected amount that buyers and sellers can anticipate for their investment.

For Accounting & Financial Reporting, Property Valuation determines the asset’s value for financial reporting. Therefore, it is necessary to generate accurate and reliable financial statements of the company’s assets.

ការវាយតម្លៃអចលនទ្រព្យមានសារៈសំខាន់យ៉ាងណាខ្លះ?

ដោយ៖ សុផារី

ភ្នំពេញ៖ ការវាយតម្លៃអចលនទ្រព្យ គឺជាដំណើរការនៃការផ្តល់នូវព័ត៌មាននិងតម្លៃទីផ្សារនៃអចលនទ្រព្យ រួមទាំងព័ត៌មានអំពីលក្ខណៈលម្អិតរបស់ទ្រព្យ ការចំណាយលើការសាងសង់ ការចំណាយនានា ទីតាំង តំបន់ ភាពសាកសមនៃការប្រើប្រាស់ និងនិន្នាការទីផ្សារ។

របាយការណ៍វាយតម្លៃអចលនទ្រព្យជួយដល់ការសម្រេចចិត្តឱ្យបានត្រឹមត្រូវ ក្នុងការវិនិយោគ ការអភិវឌ្ឍ ដំណើរការកម្ចី ការជួល និងការលក់អចលនទ្រព្យផ្សេងៗ។

លើសពីនេះទៅទៀត ការវាយតម្លៃអចលនទ្រព្យ គឺសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជាច្រើន មានដូចជា ការទិញលក់អចលនទ្រព្យ ការបណ្តាក់ទុនរួមគ្នា ការអភិវឌ្ឍ ការអនុវត្ត សុវត្ថិភាពប្រាក់កម្ចី ការផ្ទេរភាគហ៊ុន ការពិនិត្យឡើងវិញនៃតម្លៃជួល គណនេយ្យ សវនកម្ម និងការធានារ៉ាប់រង ជាដើម។

សម្រាប់អ្នកទិញអចលនទ្រព្យ ការវាយតម្លៃអចលនទ្រព្យជួយឱ្យអ្នកទិញ ដឹងអំពីតម្លៃជាក់ស្តែងនៃអចលនទ្រព្យដែលត្រូវទិញ ជួយដល់ការធ្វើកិច្ចព្រមព្រៀងទិញលក់ដ៏ត្រឹមត្រូវណែនាំដល់ការធ្វើការសម្រេចចិត្តបានល្អប្រសើរ និងការពារពួកគេពីការទិញអចលនទ្រព្យក្នុងតម្លៃខ្ពស់ជាងទីផ្សារ។

សម្រាប់ធនាគារដែលផ្តល់ប្រាក់កម្ចីទិញផ្ទះ ធនាគារអាចសម្រេចចិត្តលើចំនួនកម្ចីជាមួយនិងលក្ខខណ្ឌនៃការបញ្ចាំ បន្ទាប់ពីដឹងពីតម្លៃទ្រព្យបញ្ចាំ។

ចំណែកអ្នកលក់អចលនទ្រព្យអាចប្រើប្រាស់ការវាយតម្លៃអចលនទ្រព្យជួយឱ្យដឹងពីតម្លៃទីផ្សារ បច្ចុប្បន្នភាពនៃអចលនទ្រព្យ និងការពារពួកគេពីការលក់អចលនទ្រព្យក្នុងតម្លៃទាប ដែលបណ្ដាលឱ្យមានការខាតបង់។ វាក៏ផ្ដល់ជូននូវដំបូន្មានដ៏ត្រឹមត្រូវដល់អ្នកលក់ក្នុងការ សម្រេចចិត្តលក់ឬរក្សាទុកបន្តទៀត។

ការវាយតម្លៃអចលនទ្រព្យ ក៏មានសារសំខាន់ផងដែរដល់ក្រុមហ៊ុនធានារ៉ាប់រងនិងអតិថិជនរបស់ក្រុមហ៊ុន ព្រោះវាបានផ្តល់នូវការយល់ដឹងអំពីតម្លៃធានារ៉ាប់រងដើម្បីមើលថា តើតម្លៃនេះសាកសមសម្រាប់ការខូចខាតនានា ដោយសារគ្រោះថ្នាក់ណាមួយ នាពេលអនាគតដែរឬទេ។ ការវាយតម្លៃអចលនទ្រព្យត្រឹមត្រូវធានាបានថាតម្លៃធានារ៉ាប់រងគឺសមហេតុផល នឹងគ្មានហានិភ័យដល់ការផ្ដល់ ឬទទួលបាននូវការធានារ៉ាប់រងទាប ឬខ្ពស់ខ្លាំង។

ជាពិសេសសម្រាប់ម្ចាស់អចលនទ្រព្យនិងអ្នកជួល ការវាយតម្លៃអចលនទ្រព្យផ្តល់នូវព័ត៌មានអំពីតម្លៃជាក់ស្តែងនៃតម្លៃជួល ជួយសម្រួលដល់ម្ចាស់អចលនទ្រព្យនិងអ្នកជួលក្នុងការចរចានិងធ្វើកិច្ចព្រមព្រៀងជួលនានាឱ្យកាន់តែប្រសើរ។

របាយការណ៍វាយតម្លៃអចលនទ្រព្យក៏ផ្ដល់ជូនផងដែរនូវព័ត៌មានអំពីនិន្នាការជួលនៅលើទីផ្សារ ចំនួនប្រាក់ចំណេញ ជួយដល់អ្នកទិញ និង អ្នកលក់ក្នុងការធ្វើការព្យាករណ៍ការវិនិយោគផងដែរ។

របាយការណ៍គណនេយ្យនិងហិរញ្ញវត្ថុ ការវាយតម្លៃអចលនទ្រព្យ កំណត់តម្លៃនៃទ្រព្យ សម្រាប់របាយការណ៍ហិរញ្ញវត្ថុ។ ដូច្នេះ វាជាភាពចាំបាច់ក្នុងការបង្កើតរបាយការណ៍ហិរញ្ញវត្ថុនៃអចលនទ្រព្យរបស់ក្រុមហ៊ុនមួយដ៏ត្រឹមត្រូវនិងអាចទុកចិត្តបាន។

ទោះជាយ៉ាងណាក៏ដោយ កង្វះខាតនៃការជួញដូរ និងការទទួលបានព័ត៌មានពីអចលនទ្រព្យនៅលើទីផ្សារបានផ្តល់នូវផលពិបាកដល់អ្នកវិនិយោគ ម្ចាស់អចលនទ្រព្យនិងអ្នកទិញ ជាច្រើនក្នុងការដឹងពីតម្លៃអចលនទ្រព្យរបស់ពួកគេ ជាពិសេសនៅពេលដែលតម្លៃទិញលក់និងជួលនៅលើទីផ្សារមានការប្រែប្រួលជាប្រចាំ៕

អង់គ្លេសប្រកាសផ្ដល់ប្រាក់ឈ្នួលដល់ពលរដ្ឋដែលសុខចិត្តជួយទទួលជនភៀសខ្លួនអ៊ុយក្រែនឱ្យស្នាក់នៅ

ដោយៈ សុខុម

ទីក្រុងឡុងដ៍: អង់គ្លេស ប្រកាសផ្តល់ប្រាក់ឈ្នួល ដល់ពលរដ្ឋដែលសុខចិត្ត ជួយផ្ដល់កន្លែងជ្រកកោនដល់ប្រជាជនអ៊ុយក្រែន ដែលរត់ចេញពីសង្គ្រាមឈ្លានពានពីសំណាក់រុស្ស៊ី ខណៈរដ្ឋាភិបាលប្រទេសនេះ ព្យាយាមបង្វែងដានការខឹងសម្បារ ចំពោះការឆ្លើយតបរបស់ខ្លួន ទៅនឹងវិបត្តិជនភៀសខ្លួន ដែលរីករាលដាលលឿនបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ នេះ។

រដ្ឋាភិបាលអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យ ទី១៣ មីនា ថា គម្រោងថ្មី ដែលមានឈ្មោះថា Homes for Ukraine (ផ្ទះសម្រាប់ប្រជាជនអ៊ុយក្រែន) នេះនឹងអនុញ្ញាតឱ្យជនភៀសខ្លួន ពីសង្គ្រាមមកកាន់ប្រទេ​សអង់គ្លេស ទោះបីជាពួកគេមិនមានទំនាក់ទំនងគ្រួសារក៏ដោយ។

រដ្ឋាភិបាលអង់គ្លេស នឹងបង់ថ្លៃឈ្នួលប្រចាំខែចំនួន៤៥៦ដុល្លារអាមេរិក ប្រសិនបើផ្ទះណាអាចផ្តល់បន្ទប់ទំនេរមួយ ឬ អនុញ្ញាតឱ្យពួកគេស្នាក់នៅជាមួយបណ្ដោះអាសន្នបានយ៉ាងតិចរយៈពេល៦ខែ។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានព្យាយាមបង្ហា​ញថា ប្រទេសអង់គ្លេស ជាអ្នកជួយដឹកនាំការឆ្លើយតបជាសកល ចំពោះឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលរបស់លោកបានប្រឈមនឹងការរិះគន់ ចំពោះការពន្យារពេលទទួលយកជនភៀសខ្លួន។

ក្រុមសមាជិកសភាមកពីគ្រប់គណបក្សនយោបាយធំៗ បានរិះគន់ការទទូចចង់បានរបស់រដ្ឋាភិបាល ដែលទាមទារឱ្យប្រជាជនអ៊ុយក្រែន ស្វះស្វែ​ងសុំទិដ្ឋាការ និងឆ្លងកាត់ការធ្វើតេស្តសុខភាព មុនពេលមកដល់ប្រទេសអង់គ្លេស។

សមាជិកសភាទាំងនោះបានលើកឡើងថា ការទាមទារបែបនេះគឺមានន័យថា រដ្ឋាភិបាលអង់គ្លេស យកបញ្ហាការិយាធិបតេយ្យ ធ្វើជាអាទិភាពសំខាន់ជាងការគិតគូ ពីសុខុមាលភាពរបស់អ្នក ដែលភៀសខ្លួនចេញពីសង្គ្រាម។
រដ្ឋាភិបាលនិយាយថា ក្រោមកម្មវិធីថ្មីនេះ សាធារណជន អង្គការសប្បុរសធម៌ អាជីវកម្ម និងក្រុមសហគមន៍នានា គួរតែមានលទ្ធភាពផ្តល់កន្លែងស្នាក់នៅ ដល់ជនភៀសខ្លួនអ៊ុយក្រែន តាមរយៈទំព័រវេប(Web page) មួយនៅត្រឹមដំណាច់សប្តាហ៍ក្រោយ៕ Reuters៕

លោកជុំ កុសលៈការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យ “ជានិរន្តរ”

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព៌តមាន លោកជុំ កុសលបានលើកឡើងថាការអភិវឌ្ឍន៍ភ្ជាប់ជាមួយពាក្យជា “និរន្តរ” គឺអភិវឌ្ឍឥតចន្លោះ ជានិច្ច ឥតស្រាក ឥតឈប់ ឥតល្ហែ។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់លោក កាលពីរាត្រីថ្ងៃទី១៣ មិនាកន្លងមកថា បើនិយាយពីពេលវេលា ដែលកម្ពុជាបាត់បង់ឱកាសគឺជិត៣០ឆ្នាំ និងចាប់ផ្តើមមានឱកាសពេញលេញ ក្រោយបញ្ចប់សង្គ្រាមទាំងស្រុងក្នុងឆ្នាំ១៩៩៨ ។

លោកបន្តថា “ដូច្នេះឱកាសអភិវឌ្ឍប្រទេស និងពេលវេលាបាត់បង់នៅមិនទាន់ស្មើគ្នានៅឡើយទេ ប៉ុន្តែដោយសារតែអំណោយផលល្អ ពីកត្តាសន្តិភាព និងស្ថិរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ទើបការអភិវឌ្ឍន៍ប្រទេស មានសន្ទុះលឿនហួសពីការស្មាន”។

លោក​បន្ថែមថា​ “នេះគឺជាសច្ចភាព ! មានតែមនុស្សប្រើវិចារណញ្ញាណប៉ុណ្ណោះ ដែលមានសុភនិច្ឆ័យទទួលស្គាល់ការពិត និយាយពិតពីភាពជាក់ស្តែងនៃកម្ពុជា”។

លោកជុំ កុសល ក៏បានផ្តល់កិត្តិយសដ៏ខ្ពស់ខ្ពស់ ធ្វើជាឧត្តមទីប្រឹក្សានៃគេហទំព័រ Propertyarea.asia ផងដែរ៕

លោកឧកញ៉ាលឹម ហេងៈអ្នកវិនិយោគចិនចាប់ផ្តើមវិលមកកម្ពុជាហើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ឲ្យដឹងថា អ្នកវិនិយោគចិន បានចាប់ផ្តើមវិលមកកម្ពុជាឡើងវិញហើយ ស្របពេលស្ថានភាពសេដ្ឋកិច្ចកាន់តែប្រសើរ។

លោកបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដោយ​សា​រទំនាក់ទំនងល្អ រវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច តំបន់គ្រប់ជ្រុងជ្រោយ (RCEP) និងការត្រៀមចុះ​កិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសដៃគូដទៃទៀត បានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ស្ថិតក្នុងក្រសែភ្នែកអ្នកវិនិយោគអន្តរជាតិ ពិសេសអ្នកវិនិយោគមកពីប្រទេសចិន។

លោកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានបង្អាក់ដំណើរត្រលប់របស់ចិនខ្លះៗផងដែរ ពិសេសបានបង្អាក់ដល់ខ្សច្រវ៉ាក់នៃសេដ្ឋកិច្ចពិភពលោក”។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ទីក្រុងដែលមានការរីកចម្រើនដ៏លឿន ស្ទើរមិនគួរឲ្យជឿ ដោយសារកំនើននៃការវិនិយោគយ៉ាងគំហុករបស់ចិន បានមានប្រសាសន៍ឲ្យដឹងស្រដៀងគ្នាថា សេដ្ឋកិច្ចខេត្តព្រះសីហនុ បានចាប់ផ្តើមកំរើកឡើងវិញបណ្តើរៗ ដោយ​សារការវិលត្រលប់របស់ជនជាតិចិន និងអ្នកវិនិយោគចិនមួយចំនួន និងដោយសារការគ្រប់គ្រងជំងឺកូវីដបានល្អ ពិសេសការកើនឡើងនូវលំហូរទេស​ចរណ៍ក្នុងស្រុក បន្ទាប់ពីរាជរដ្ឋាភិបាលបានបើកដំណើរការ សេដ្ឋកិច្ចឡើងវិញ។

លោកបន្តថា “យ៉ាងណាចំនួននៃវិនិយោគិនចិនថ្មីៗ មិនសូវមានមកច្រើននៅឡើយទេ ភាគច្រើនជាអ្នកវិនិយោគចាស់ៗបានត្រលប់មកវិញ”។

ប្រជាពលរដ្ឋមួយរូបរស់នៅក្រុងព្រះសីហនុ បានលើកឡើងក្នុងលក្ខ ខ័ណ្ឌមិនបញ្ចេញឈ្មោះថា ទីផ្សារខេត្តព្រះសីហនុ ពិតជាមានកំណើនជនជាតិចិនឡើងវិញ ប៉ុន្តែមិនទាន់មានចំនួនច្រើននៅឡើយ បើធៀបនឹងមុនពេលបិទហ្គេមអនឡាញ ប៉ុន្តែការមករបស់ជនជាតិចិនលើកនេះ ពួកគេទំនងមិនបានស្ពាយលុយមកច្រើនដូចពីមុនឡើយ។

លោកបន្តថា “ចិនមកតែភាគច្រើនមកស្នាក់នៅតាមសណ្ឋាគារ និងកាស៊ីណូមួយចំនួន ពួកគេមិនសូវចេញក្រៅនោះទេ”៕

វិភាគៈហេតុអីចិនមិនថ្កោលទោសរុស្ស៊ី តើជំហរចិនស្ថិតនៅខាងណាពិតប្រាកដ?

ដោយៈសហសេវិក

អន្តរជាតិៈ បណ្ដាប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក បានថ្កោលទោស និងកំពុងបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹង រុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស”។

អាមេរិក និងសម្ពន្ធមិត្តអឺរ៉ុប ក៏បានអំពាវនាវឱ្យចិនថ្កោលទោស សកម្ម​ភាពរបស់រុស្ស៊ី ដែលពួកគេចាត់ទុកថាជាទង្វើឈ្លានពានផងដែរ ប៉ុន្តែចាប់តាំងពីលោក ពូទីន បញ្ជាឱ្យកងទ័ពរុស្ស៊ីវាយលុកចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ចិនហាក់ប្រកាន់ជំហរមិនច្បាស់លាស់។

តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយជាបន្តបន្ទាប់ដោយក្រសួងការបរទេសចិន, ទីក្រុងប៉េកាំង មិនបានគាំទ្រសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែនទេ តែក៏មិនបានថ្កោលទោសរុស្ស៊ីនោះដែរ។ ម្លោះហើយសំណួរត្រូវបាន​បោទសួរថា តើចិនកំពុងគិតអ្វី ហើយចិនឈរនៅខាងណាឱ្យប្រាកដ?

*តើលោក ពូទីន ប្រាប់លោក ស៊ី ជិនពីង ជាមុនពីប្រតិបត្តិការយោធានៅអ៊ុយក្រែន ឬ?
យោងតាមកាសែតអាមេរិក New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិក បានឱ្យដឹងកាលពីដើមខែមីនា កន្លងទៅថា ចិនបានដឹងជាមុនទៅហើយ ពីប្រតិបត្តិការយោធារបស់លោក ពូទីន ដោយក្រុមមន្ត្រីជាន់ខ្ពស់ចិន បានស្នើទៅកាន់ក្រុមមន្ត្រីជាន់ខ្ពស់រុស្ស៊ី កាលពីដើមខែកុម្ភៈកន្លងទៅ ឱ្យពន្យារពេលបើកការវាយប្រហារ លើអ៊ុយក្រែន រហូតចាំដល់ព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាប្រចាំទីក្រុងប៉េកាំងបិទបញ្ចប់សិន ប៉ុន្តែចិនបានច្រានចោលសេចក្ដីរាយការណ៍បែបនេះ។

បើគេមើលទៅលើសកម្មភាពរបស់មន្ត្រីទូតចិន ប្រចាំអង្គការសហប្រជាជាតិ វាហាក់ដូចជាទីក្រុងប៉េកាំង ពិតជាមិនបានដឹងជាមុនឡើយ និងមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឭដំណឹងថាលោក ពូទីន ប្រើកម្លាំងយោធាលើអ៊ុយក្រែន រហូតដល់មិនបានត្រៀមខ្លួនជម្លៀសពលរដ្ឋចិន ដែលរស់នៅក្នុងប្រទេសអ៊ុយក្រែនទៀតផង។

យ៉ាងណាក៏ដោយ អ្វីដែលគេអាចនិយាយបាន នោះគឺថាសង្រ្គាមនៅអ៊ុយក្រែន កើតមានឡើងនៅចំពេលទំនាក់ទំនង រវាងលោក ស៊ី ជិនពីង និងលោក ពូទីន កាន់តែជិតស្និទ្ធនឹងគ្នាខ្លាំង ជាងពេលណាៗទាំងអស់។ ម្លោះហើយ ចម្លើយជាក់លាក់មួយនៃសំណួរខាងលើ ប្រហែលជាគ្មាននរណាផ្សេង អាចឆ្លើយបានឡើយ ក្រៅតែពីលោក ស៊ី ជិនពីងដែលជាអ្នកមានសិទ្ធិសម្រេចរឿងគ្រប់យ៉ាង នៅក្នុងប្រទេសចិន។

*តើចិនឈរនៅខាងណាឱ្យប្រាកដ?
តាមរយៈសេចក្ដីថ្លែងការណ៍ជាច្រើន របស់ក្រសួងការបរទេសចិន ទីក្រុងប៉េកាំងបានបង្ហាញ “ជំហរអព្យាក្រឹត” ដិ្បតមូលដ្ឋានគ្រឹះមួយនៃនយោ​បាយ ការបរទេសចិន គឺមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោរពបូរណភាពទឹកដីនៃបណ្ដាប្រទេសដទៃ ក្នុងនោះរួមមានទាំងអ៊ុយក្រែនផងដែរ។

តែព្រមពេលជាមួយគ្នា ក្រុមមន្ត្រីចិនបានអះអាងថា ទំនាក់ទំនងរវាងចិន និងរុស្ស៊ី បានឈានដល់ដំណាក់កាល “គ្មានព្រំដែនកំណត់” ហើយក៏បានឆ្លៀតរិះគន់ផងដែរថា សង្រ្គាមនៅអ៊ុយក្រែន កើតឡើងដោយសារតែកំហុសរបស់សហរដ្ឋអាមេរិក និងNATO ដែលជាអ្នកយកសាំងទៅចាក់លើភ្លើងកំពុងឆេះ តាមរយៈការបង្កើនការដាក់ពង្រាយកងទ័ព នៅក្បែរតំបន់ព្រំដែនរុស្ស៊ី។

សម្រាប់ចិន អាមេរិក និង NATO គួរតែយកចិត្តទុកដាក់ចំពោះការស្នើពីការធានាសន្តិសុខរបស់រុស្ស៊ី ហើយថាការដាក់ទណ្ឌកម្មមិនមែនជាមធ្យោ​បាយល្អ ក្នុងការដោះស្រាយជម្លោះនោះទេ ដោយភាគីពាក់ព័ន្ធគួរតែរក្សាការអត់ធ្មត់ និងត្រឡប់មករកកិច្ចសន្ទនា។

*តើចិនអាចចំណេញពីសង្រ្គាមនៅអ៊ុយក្រែនឬទេ?
បើតាមក្រុមអ្នកជំនាញ ចិនមិនចង់ឃើញសង្រ្គាម នៅអ៊ុយក្រែនផ្ទុះឡើងឡើយ ព្រោះថារុស្ស៊ីជាមិត្តដ៏ជិតស្និទ្ធ រីឯអ៊ុយក្រែនជាដៃគូរកស៊ី ដែលបានចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់លោក ស៊ី ជិនពីង តាំងពីឆ្នាំ២០១៧មកម្ល៉េះ។ មួយវិញទៀត ចិនក៏មិនចូលចិត្តភាពចលាចលដែរ ដ្បិតសេដ្ឋកិច្ចចិន និងសេដ្ឋកិច្ចសកល មានទំនាក់ទំនងនឹងគ្នា ហើយអ្វីដែលចិនចង់បាន នោះគឺស្ថិរភាពពាណិជ្ជកម្ម សម្រាប់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ដូច្នេះថាតើចិនអាចចំណេញពីសង្រ្គាមនេះដែរឬទេ? បើតាមក្រុមបញ្ញ វន្ត និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅក្នុងសង្រ្គាមអ៊ុយក្រែន យ៉ាងហោចណា​ស់វាធ្វើឱ្យអាមេរិក និងអឺរ៉ុប ជាប់ដៃជាមួយរុស្ស៊ី ជាពិសេសគឺវាអាចទាញចំណាប់អារម្មណ៍របស់អាមេរិក ចេញពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ឬការតាមឃ្លាំមើល សកម្មភាពរបស់ចិនក្នុងតំបន់អាស៊ីបានមួយគ្រាដែរ ហើយកាន់តែប្រសើរទៅទៀត។ សង្រ្គាមនេះនឹងកាន់តែធ្វើឱ្យរុស្ស៊ី ពឹងផ្អែកលើចិនរឹតតែខ្លាំង។
*តើចិនអាចជួយឱ្យរុស្ស៊ីឈ្នះឬ?

ចិន ត្រូវបានគេស្គាល់ថាជាប្រទេសមួយ ដែលមានការប្រុងប្រយ័ត្នបំផុត និងជាកំពូលមហាអំណាចថ្មីមួយ ដែលកំពុងលេចមុខមាត់នៅលើឆាកអន្តរជាតិ រហូតដល់សហរដ្ឋអាមេរិក ចាត់ទុកថាជាគូប្រជែងភូមិសាស្ត្រនយោបាយធំបំផុតរបស់ខ្លួន ក្នុងស.វទី២១នេះ។

ទំនាក់ទំនងរវាងរុស្ស៊ី និងចិន បានរីកចម្រើនធំធាត់ពីឆ្នាំទៅមួយឆ្នាំ។ ប៉ុន្តែចិននឹងមិនផ្ដល់ជំនួយយោធា ឬដំណោះស្រាយតាមមធ្យោបាយយោ​ធាណាមួយដល់រុស្ស៊ីឡើយ។

ខណៈកំពុងជាប់ទណ្ឌកម្ម ពីសំណាក់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តលោកខាងលិច អ្វីដែលរុស្ស៊ីអាចសង្ឃឹមបាននោះ គឺមិត្តចិននេះឯង ដែលអាចជួយ បង្កើនការទិញប្រេង ឧស្ម័ន និងថាមពលពីទីក្រុងម៉ូស្គូ។ តែទោះ​ជាយ៉ាងនេះក្ដី ប្រសិនបើរុស្ស៊ីគិតថា ចិនអាចនឹងដើររំលងទណ្ឌកម្មលោកខាងលិច ដើម្បីខ្លួននោះវាប្រហែលជារឿងមួយ ធ្វើឱ្យម៉ូស្គូខកចិត្តទៅវិញ ដោយហេតុថានៅចុងបញ្ចប់ ចិននឹងនៅតែ “ឈរនៅខាងខ្លួនឯង”។

បានន័យថា ចិននឹងមិនឈរពាំងទណ្ឌកម្មជំនួសរុស្ស៊ីទេ ហើយក៏មិនអាចឱ្យធនាគារ ឬក្រុមហ៊ុនចិន ត្រូវជាប់ទណ្ឌកម្មរបស់អាមេរិក និងអឺរ៉ុបដែលទីផ្សារធំបំផុតសម្រាប់ទំនិញរបស់ខ្លួនដែរ។

*តើចិននឹងធ្វើដូចម្ដេច បើសង្រ្គាមអ៊ុយក្រែនផ្ទុះជាជម្លោះរវាង NATO និងរុស្ស៊ី?
សហរដ្ឋអាមេរិក និង NATO មកទល់នឹងម៉ោងនេះ នៅតែប្រកាន់ជំហរថា ពួកគេនឹងមិនបញ្ជូនកងទ័ព ឱ្យទៅជួយអ៊ុយក្រែនប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នោះទេ តែបានព្រមានថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការចាត់វិធានការឆ្លើយតបភ្លាមៗ បើរុស្ស៊ីបង្កការគំរាមកំហែង ឬបើកការវាយប្រហារណាមួយ លើបណ្ដាប្រទេសជាសមាជិក NATO។

ជាការពិតណាស់ សង្រ្គាម ឬជម្លោះណាមួយ ដែលបង្កឱ្យសេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបរង្គោះរង្គើរ ចង់ឬមិនចង់វាក៏ធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចចិនដែរ ពីព្រោះថាអាមេរិក និងអឺរ៉ុប គឺជាទីផ្សារដ៏ធំសម្រាប់ទំនិញចិន។ ដូច្នេះនៅក្នុងករណី ដែលសង្រ្គាមអ៊ុយក្រែន ផ្ទុះទៅជាជម្លោះរវាង NATOនិងរុស្ស៊ី រឿងមុន គេដែលចិនអាចនឹងធ្វើ នោះគឺនៅឱ្យឆ្ងាយពីជម្លោះ ហើយឡើងទៅឈរនៅលើកំពូលភ្នំ ដើម្បីសម្លឹងរកផលប្រយោជន៍ ដែលចិនអាចប្រមូលបានពីជម្លោះ រវាង NATO និងរុស្ស៊ី។

*តើទំនាក់ទំនងរវាងចិន និងរុស្ស៊ី គឺជាប្រព័ន្ធសម្ពន្ធមិត្តឬ?
ចិនបានបញ្ជាក់ច្បាស់ៗថា ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី គឺ “គ្មានព្រំដែនកំណត់” ហើយប្រទេសជាមិត្តទាំង២នេះ មានប្រព័ន្ធដឹកនាំរដ្ឋដោយអំណាច ស្ថិតនៅលើមនុស្សម្នាក់ដូចគ្នា និងមានសត្រូវរួម គឺអាមេរិក និងលោកខាងលិច។ មើលពីសំបកក្រៅទំនាក់ទំនងរវាងចិន និងរុស្ស៊ី ពិតជាស្អិតល្មួតនឹងគ្នាពិតមែន ប៉ុន្តែពួកគេមិនចង់បានប្រព័ន្ធសម្ពន្ធមិត្តឡើយ។

តើមកពីហេតុអ្វី? ហេតុផលគឺនៅត្រង់ថា ប្រព័ន្ធសម្ពន្ធមិត្ត គឺត្រូវបានចងភ្ជាប់ដោយពាក្យសន្យា។ មានន័យថា នៅពេលដែលនរណាម្នាក់ វាយប្រហារលើសម្ពន្ធមិត្តរបស់អ្នក អ្នកត្រូវតែចេញមុខការពារ និងលូកដៃចូលជួយពួកគេ។

សម្រាប់ចិន សង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនអាចបង្ហាញយ៉ាងច្បាស់ថាចិនគិតត្រូវ ព្រោះថាបើទំនាក់ទំនងរវាងចិន និងរុស្ស៊ីសព្វថៃជាសម្ពន្ធមិត្ត ម្ល៉េះចិនត្រូវចេញមុខការពារ ឬចូលរួមក្នុងសង្រ្គាមជាមួយរុស្ស៊ីបាត់ទៅហើយ។ ការមិនចូលបក្សសម្ពន្ធ គឺជានយោបាយមួយរបស់ចិនជាយូរមកហើយ ដោយក្រុមបញ្ញវន្តចិនយល់ស្របដូចគ្នាថា នៅក្រៅបក្សសម្ពន្ធ ធ្វើឱ្យចិនមានសេរីភាព ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន៕

បកប្រែសម្រួលដោយ Freshnews។
ប្រភព៖ The Economist (ថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២)៕