ផ្លូវជាតិលេខ៤១កាន់តែទាក់ទាញរោងចក្រ សហគ្រាសនិងគំរោងអភិវឌ្ឍន៍លំនៅដ្ឋានកាន់តែ​ច្រើន

ដោយៈគង់ សូរិយា

កណ្តាល/កំពង់ស្ពឺៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លួវជាតិលេខ៤១ ដែ​លតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣ បាននិងកំពុងទាក់ទាញគម្រោងបង្កើតរោចក្រ សហគ្រាសកាន់តែច្រើន ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។

តាមរយៈដំណើរចុះសិក្សា ពីសក្តានុពលតំបន់នេះ និងបណ្តាញផ្លួវតភ្ជាប់ពីផ្លូវជាតិលេខ៤១ ទៅកាន់បណ្តាញផ្លូវផ្សេងៗទៀត កាលពីថ្ងៃអាទិត្យ​ទី១៣ មិនា ឆ្នាំ២០២២ របស់សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានបង្ហាញថា បណ្តារោងចក្រថ្មីៗជាច្រើន បាននិងនិងកំពុងសាងសង់ ហើយគំរោងអភិវឌ្ឍន៍លំនៅដ្ឋានតូចធំមួយចំនួន បាននិងកំពុងចាប់ផ្តើមបណ្តើរៗផងដែរ។

លោក Thomas អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន បានមានប្រសាសន៍ ឲ្យដឹងក្នុងថ្ងៃដដែលថា តំបន់នេះនឹងមានភាពរីកចម្រើនលឿន នាពេលអនាគត ខណៈតម្លៃដីនៅលើផ្លូវជាតិនេះ នៅតំបន់មួយចំនួនបានឡើងថ្លៃ និងតំបន់មួយចំនួនស្ថិតក្នុងសភាពទ្រឹង។

លោកបន្តថា “តម្លៃដីធ្លីទោះបីឡើងថ្លៃ ក៏ឡើងមានកម្រិតដែរ ដោយ​សារស្ថានភាពនៅដើមឆ្នាំនេះ មានសញ្ញាមិនល្អទាក់ទងនឹងជំងឺកូវីដ អូមីក្រុង និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន”។​ លោកបន្តថា “ការរីកចម្រើននៅតំបន់នេះ ក៏បានជះផលដល់តំបន់ ស្ថិតនៅតាមបណ្តាញផ្លួវជុំវិញផងដែរ ដូចជាតំបន់ផ្លួវចូល ទៅរមណីយដ្ឋានកំពូលពេជ្រ និងតំបន់ស្ថិតនៅក្បែរមណីយដ្ឋានត្រីមាស ក៏ដីបានឡើងថ្លៃផងដែរ ដែលកាលពីបីឆ្នាំមុនដីមានតម្លៃត្រឹម៤០០០ ទៅ៥០០០ដុល្លារក្នុងមួយហិកតា ប៉ុន្តែបច្ចុប្បន្នបានកើនឡើងដល់ចន្លោះពី៤ ទៅ៦ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតំបន់ចុះពីផ្លូវជាតិទៅកាន់ជើងភ្នំដីមានតម្លៃចន្លោះ១៥ ទៅ២ដុល្លារ ក្នុងមួយម៉ែត្រការ៉េផងដែរ។

លោកយិន លាងគង់បានបន្តឲ្យដឹងផងដែរថា ដោយសារផ្លូវជាតិលេខ៤១ ជាផ្លូវដ៏សំខាន់ក្នុងការតភ្ជាប់រវាងផ្លួវជាតិសំខាន់ពីរ គឺផ្លួវជាតិលេខ៣ និងលេខ៤ បណ្តាញផ្លួវនេះមិនត្រឹមតែជួយសម្រួល ដល់ការដឹកជញ្ជូននោះទេ ប៉ុន្តែវាជាខ្សែផ្លូវតភ្ជាប់ នៃខ្សែច្រវ៉ាក់ទេសចរណ៍នៅតំបន់ឆ្នេរផងដែរ ពិសេ​សតំបន់ជាប់ផ្លូវសំខាន់ៗ ដែលតភ្ជាប់ចេញពីផ្លូវជាតិលេខ៤១ គឺជាតំបន់ ដែលមានសក្តានុពលផ្នែកធនធានធម្មជាតិ រមណីយដ្ឋានធម្មជាតិ និងអាចកែច្នៃជាដីឡូត៍ និងផ្ទះលំហែរយ៉ាងមនោរម្យទៀតផង។

លោកបន្តថា “ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ឋ របស់រដ្ឋាភិបាល បានក្លាយជាកំលាំងស្នូលដ៏សំខាន់ ក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិ ពិសេ​សជម្រុញការរីកចម្រើន នៃវិស័យអចលនទ្រព្យផងដែរ”៕

អគារពាណិជ្ជកម្មបែបពហុបំណងសម្រាប់យុវវ័យសម័យថ្មីបានបើកដំណើរការ

ដោយ: សុផារី

ភ្នំពេញ: អគារ The Kampus ដែលជាអគារពហុបំណងសម្រាប់យុវវ័យសម័យថ្មី ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការថ្ងៃទី១២ មីនា ២០២២នេះ។

ពិធីសម្ភោធអគារ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុន មានការចូលរួមជាអអធិតបីពីលោកហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាតំណាងរាស្រ្តខេត្តកំពង់ស្ពឺ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាននិងថ្នាក់ដឹកនាំយុវជនជាច្រើនរូបទៀត។

អាគារ “Kampus” ដែលជាស្នាក់ការពហុបំណង របស់សហភាពសហព័ន្ធយុវជនកម្ពុជា នេះ ត្រូវបានសាងសង់ឡើង ក្នុងគោលបំណងបើកជូនយុវជនកម្ពុជាអាចធ្វើសកម្មភាព រៀបចំកិច្ចប្រជុំ ឬជួបជុំគ្នាបាន ដើម្បីបម្រើដល់អាជីវកម្ម អាជីព ឬបុព្វហេតុជាតិ និងប្រជាជន។

លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៣ខែមីនាកន្លងមកនេះ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុករបស់លោក ទាក់ទងនឹងការសម្ភោធដាក់ឱ្យប្រើប្រាស់អាគារនេះថា លោកមានការស្ញើចសរសើរ ចំពោះយុវជនជំនាន់មុន ដែលមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើន ទោះបីជាមិនបានទទួលការអប់រំពេញលេញ ដោយសារការរំខានពីកត្តាសង្គ្រាមក្តី។

លោកសរសេរថា “បើទោះមិនបានរៀនសូត្រពេញលេញ តែយុវជនជំនាន់មុនបានដឹកនាំប្រទេសគួរឲ្យស្ងើចសរសើរ”។ លោកបន្តថា “ដោយសា​រកត្តាសង្គ្រាម ថ្នាក់ដឹកនាំបច្ចុប្បន្ន ដែលជាយុវជនជំនាន់មុន មិនទទួលបានការសិក្សារៀនសូត្រពេញលេញ នៅក្នុងសាលារៀននោះទេ ប៉ុន្តែអ្នកទាំងនោះបានខិតខំ ពុះពារ លះបង់គ្រប់យ៉ាង រហូតដល់ការនាំមកបាននូវដោយជោគជ័យ នូវសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យសម្រាប់កម្ពុជា”។

លោកហ៊ុន ម៉ានីបានបន្ថែមថា យុវជនជំនាន់ក្រោយពិតជាស្ងើចសរសើរចំពោះស្មារតី ការលះបង់ និងឆន្ទៈដែលកាត់ថ្លៃមិនបាននេះ។ យើងទាំងអស់គ្នាប្តេជ្ញាបន្តថែរក្សា នូវអ្វីដែលយុវជនជំនាន់មុន បានបន្សល់ទុក ហើយបន្តសិក្សា រៀនសូត្រ ហ្វឹកហាត់សមត្ថភាព ក៏ដូចជាពង្រឹងសតិអារម្ម​ណ៍ ស្មារតី ឆន្ទ: និងត្រៀមខ្លួនតស៊ូ លុតដំ លះបង់ នៅពេលដែលប្រទេសជាតិត្រូវការយើង៕

បទដ្ឋានច្បាប់គតិយុត្តិចំនួន៥ ដែលអ្នកត្រូវសិក្សាមុនសម្រេចចិត្តទិញផ្ទះក្នុងបុរី

ដោយៈ វិវឌ្ឈន៍

ភ្នំពេញៈ លំនៅដ្ឋានក្នុងបុរី គឺជាអចលនទ្រព្យដែលមានភាពពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ ដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ។

មនុស្សភាគច្រើនមុនសម្រេចចិត្តទិញផ្ទះ ក្នុងបុរីគឺផ្ដោតលើទីតាំង តម្លៃ និងម៉ូតផ្ទះ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់ អំពីឯកសារច្បាប់សំខាន់ៗមួយចំនួន ពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ ដែលតាមពិតមូលដ្ឋានច្បាប់សំខាន់ៗចំនួន៥ ជាចំណេះដឹងដែលមិនអាចខ្វះបាន និងត្រូវ​សិក្សាស្វែងយល់ ដើម្បីបញ្ចៀសហានិភ័័យនៅពេលអនាគត។

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន
មុនពេលចាប់ផ្តើមសាងសង់បុរី ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់ ជាមួយក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចមានសិទ្ធិចាប់ផ្តើមសាងសង់គម្រោងបាន។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ ដើម្បីធានាបានថាគម្រោងនោះ អាចដំណើរការដោយស្របច្បាប់។

លិខិតអនុញ្ញាតសាងសង់
មុននឹងផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រួតពិនិត្យលើគម្រោងនោះ យ៉ាងហ្មត់ចត់ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា ប្រព័ន្ធទឹក ភ្លើង និងលូជាដើម។ ដូច្នេះ ការដែលក្រុមហ៊ុនមានលិខិតអនុញ្ញាតសាងសង់ គឺជាចំណុចកក់ក្ដៅមួយទៀតសម្រាប់អ្នកទិញ។

អាជ្ញាប័ណ្ណបុរី
ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរី បានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ។ ដូច្នេះអ្នកក៏ត្រូវសុំមើលឯកសារនេះផងដែរ។

ប្លង់មេ
ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសុំឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ បង្ហាញប្លង់មេនេះ។ ប្លង់នេះទៀតសោត គឺត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម ជាមុនសិន មុននឹងបុរីណាមួយអាចសាងសង់បាន។

ប្លង់រ៉ឹង 
មុននឹងទិញលំនៅឋាន ក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។ ប្លង់មេគ្របដណ្តប់លើដីទាំងអស់ សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះ មានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជា ក់ពីប្លង់រឹងទាំងពីរប្រភេទនេះ៕

មានតែ៣ថ្ងៃប៉ុណ្ណោះ! បុរី ប៉េង ហួត បើកលក់វីឡា ឃីង ម៉ាជេស្ទីក ក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ បញ្ចុះតម្លៃរហូតដល់ 9% និង​ផ្ដល់ជូនឡានអាគុយដ៏ទំនើបភ្លាមៗ

ដោយសហការី

រាជធានីភ្នំពេញ៖ បុរី ប៉េង ហួត បានរៀបចំកម្មវិធីបើកលក់ជាផ្លូវការ វីឡាទោលបែបអភិជនដ៏ប្រណីតឈ្មោះថា វីឡា ឃីង ម៉ាជេស្ទីក ក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅការិយាល័យលក់ (បឹងស្នោ) ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ដោយមានការចាប់អារម្មណ៍ និងចូលរួមយ៉ាងច្រើនពីសំណាក់អតិថិជន។

​ក្នុងឱកាសនៃការបើកលក់ជាផ្លូវការនេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃ 9% ភ្លាមៗសម្រាប់ការកក់វីឡា ឃីង ម៉ាជេស្ទីក និងការបញ្ចុះតម្លៃជាច្រើនទៀតសម្រាប់ប្រភេទផ្ទះផ្សេងនៅគ្រប់គម្រោង។ មិនតែប៉ុណ្ណោះ អតិថិជននឹងទទួលបានកាដូឡានអាគុយដ៏ទំនើប (Golf Cart) មួយគ្រឿង ព្រមទាំងកាដូអនុស្សាវរីយ៍យ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះ អតិថិជនក៏អាចមានជម្រើសបង់ប្រាក់ជាមួយធនាគារដៃគូ ដោយបង់រំលស់ជាមួយអត្រាការប្រាក់ចាប់ពី 4.39% ឡើងទៅ ចំណែកទំហំកម្ចីរហូតដល់ 100%។

វីឡា ឃីង ម៉ាជេស្ទីក ដែលជាវីឡាទោលដ៏ប្រណីតស្កឹមស្កៃម៉ូដចុងក្រោយរបស់បុរី ប៉េង ហួត មានលក្ខណៈពិសេសប្លែកពីវីឡាទោលមុនៗ ដោយគ្រប់មុខងារនៃគេហដ្ឋានត្រូវបានរចនាឡើងដោយគិតគូរពីភាពទាន់សម័យ ផាសុកភាពនៃការរស់នៅ និងគុណភាពសំណង់ជាប់លាប់គង់វង្សបានច្រើនជំនាន់។ នៅជាន់ផ្ទាល់ដី និងជាន់ទី១ សុទ្ធតែមានរៀបចំជាបន្ទប់ពហុមុខងារដែលអតិថិជនអាចកែច្នៃជាបន្ទប់ផ្សេងៗបានដូចជា បន្ទប់ហាត់កីឡា បន្ទប់សម្រាប់មនុស្សចាស់ បន្ទប់ធ្វើការដែលអាចប្រជុំបាន ឬបន្ទប់សម្រាប់កូនៗលោកអ្នកលេងកម្សាន្តបានយ៉ាងមានផាសុកភាព។

អ្វីដែលកាន់តែពិសេសនោះគឺ បន្ទប់មេគ្រួសារត្រូវបានប្ដូរទៅរៀបចំនៅជាន់ទី២ដែលជាជាន់ខ្ពស់ជាងគេនៃគេហដ្ឋាន ស័ក្ដិសមនឹងងារជាមេគ្រួសារនៃភូមិគ្រឹះដ៏ខ្ពង់ខ្ពស់នេះ ដោយប្រើផ្ទៃប្រមាណជា 55% នៃជាន់ទី២តែម្ដង។ មិនតែប៉ុណ្ណោះ បុរី ប៉េង ហួត បានគិតគូរដល់សុវត្ថិភាព និងភាពងាយស្រួលក្នុងការចុះឡើងនៃគេហដ្ឋាននេះដោយបំពាក់ជណ្ដើរយន្តរួចជាស្រេចដើម្បីផ្ដល់ភាពងាយស្រួលដល់សមាជិកគ្រួសារជាមនុស្សចាស់​ និងចំណេញពេលវេលាសម្រាប់សមាជិកគ្រប់គ្នាក្នុងផ្ទះតែម្ដង ព្រមទាំងបង្ហាញពីភាពស៊ីវិល័យនៃការរស់នៅសម័យថ្មីនេះ។

គួរបញ្ជាក់ផងដែរថា គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ គឺជាគម្រោងលំនៅឋានទំនើបចម្រុះ​លក្ខណៈអេកូធម្មជាតិបែបរ៉ូមែនទិក ផ្សារភ្ជាប់ជាមួយការរចនាខ្លោងទ្វារដែលមានគំនិតច្នៃប្រឌិតខ្ពស់ សួនច្បារធំទូលាយ ស្ពាននៃក្ដីស្រលាញ់ដែលជាអត្តសញ្ញាណនៃគម្រោងផ្ទាល់ ព្រមជាមួយម៉ូដផ្ទះទាន់សម័យច្រើនជម្រើសស័ក្ដិសមសម្រាប់អ្នកដែលស្រលាញ់ការរស់នៅជាមួយបរិស្ថានធម្មជាតិ ស្ងប់ស្ងាត់តែពោរពេញដោយសេចក្ដីសុខរមនា។

គម្រោង ដឹស្តា ផ្លាទីនីម អេកូរ៉ូមែនស៍ មានប្រភេទផ្ទះច្រើនជម្រើសដូចជា វីឡាកូនកាត់ LV, វីឡាកូនកាត់ LA, វីឡាភ្លោះ, វីឡាព្រីន, វីឡាព្រីន ប៊ី, វីឡាចាស្មីនណា ម៉ូដឺន, វីឡាឃ្វីន, ព្រមទាំងវីឡា ឃីង ម៉ាជេស្ទីក ដែលទើបតែបញ្ចូលបន្ថែមដើម្បីបំពេញតម្រូវការអតិថិជនដែលត្រូវការឯកជនភាព កិត្តិយស និងកិត្យានុភាពក្នុងការរស់នៅបែបអភិជន។

គួរឱ្យចាប់អារម្មណ៍ណាស់មែនទេ? សូមកុំឱ្យឱកាសចំណេញនេះរំលងផុត ព្រោះការផ្ដល់ជូននេះមានត្រឹមតែថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ នេះតែប៉ុណ្ណោះ។

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញអតិថិជន ការិយាល័យលក់ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ឬ ទាក់ទងតាមលេខទូរសព្ទ៖ 098 / 016 / 017 596 789 ៕

ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន៤០ភាគរយ

ដោយ: ម៉ាលីស

ភ្នំពេញ: តាមយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យា​ក្រឹតកាបូន ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន៤០ភាគរយ និងទោចក្រយានយន្តឱ្យបាន៧០ភាគរយនៅឆ្នាំ២០៥០ខាងមុខ។

ការបង្ហាញពីយុទ្ធសាស្ត្រនេះបានបង្ហាញ នៅក្នុងសិក្ខាសាលាអន្តរក្រសួង ដើម្បីគាំទ្រដល់ការអភិវឌ្ឍគោលនយោបាយ ឆ្ពោះទៅរកការប្រើប្រាស់យានយន្តអគ្គិសនី ប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា ដែលបានរៀបចំឡើង នារាជធានីភ្នំពេញថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សិក្ខាសាលានេះមានការចូលរួមពី លោក គង់ សុផល អគ្គនាយករង តំណាងលោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ដែលរៀបចំដោយអង្គការ Energylab ក្រោមកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Raffle Le Royal។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៃប្រទេសកម្ពុជាបានឲ្យដឹងទៀតថា នៅក្នុងវគ្គសិក្ខាសាលារៀបចំឡើង មានការធ្វើបទបង្ហាញមួយចំនួន ដែលផ្ដោតសំខាន់ទៅលើការៀបចំផែនការ យុទ្ធសាស្រ្ត និងវិធានការផ្សេងៗ ដើម្បីជំរុញការប្រើប្រាស់យាយន្តអគ្គិសនីនៅកម្ពុជា ឱ្យច្រើនបំផុតតាមដែលអាចធ្វើទៅបាន ដើម្បីជួយកាត់បន្ថយការបំពុលបរិស្ថាន និងឧស្ម័នផ្ទះកញ្ចក់។ ស្របពេលនេះ យោងទៅតាមទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍   រយៈពេលវែង ប្រកបដោយអព្យាក្រឹតកាបូន ប្រទេសកម្ពុជាប្ដេជ្ញាក្នុងការជំរុញការប្រើរថយន្តអគ្គិសនី និងរថយន្តក្រុងក្នុងទីក្រុងឱ្យបាន៤០% និងទោចក្រយានយន្តឱ្យបាន ៧០% នៅឆ្នាំ២០៥០។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃកម្ពុជា តំណាងអគ្គិសនីកម្ពុជា (EDC) និងក្រសួងស្ថាប័នមួយចំនួនទៀតដែលពាក់ព័ន្ធ ព្រមទាំងតំណាងគម្រោងនានាដែរ៕

តើប្រទេសណាដែលប្រមូលពន្ធលើចំណេញមូលធនច្រើនបំផុត ក្នុងតំបន់អាស៊ី?

ដោយៈសុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងសប្តាហ៍នេះ បានសម្រេចឱ្យពន្យាកាលបរិចេ្ចទកំណត់ លើការដាក់ឱ្យអនុវត្តពន្ធលើចំណេញមូលធនរយៈពេល២ឆ្នាំទៀត ដោយកំណត់យកថ្ងៃទី១ ខែ មករា ឆ្នាំ២០២៤។

អគ្គនាយដ្ឋានពន្ធដារបានគូសបញ្ជាក់ថា ដោយផ្អែកលើការសិក្សាបទពិសោធន៍ពីបណ្តាប្រទេសនានា និងស្ថានភាពសេដ្ឋកិច្ចកម្ពុជា ពន្ធលើចំណេញមូលធន ត្រូវបានកំណត់យកអត្រា២០ភាគរយ ទៅលើផលចំណេ​ញសម្រេចបាន តែមិនមែន២០ភាគរយនៃតម្លៃលក់នោះទេ។

បើក្រលេកមកមើលបណ្តាប្រទេសផ្សេងៗ នៅក្នុងតំបន់ និងបណ្តាប្រទេសជាច្រើននៅជិតខាងកម្ពុជា ក៏បានអនុវត្តពន្ធលើចំណេញមូលធននេះដែរ ហើយប្រទេសខ្លះកំណត់អត្រាខ្ពស់ជាងកម្ពុជានិងខ្លះទាបជាង។

ប្រទេសមួយចំនួនក្នងតំបន់អាស៊ី ដូចជា សាធារណរដ្ឋកូរ៉េខាងត្បូងអនុវត្តពន្ធលើចំណេញមូលធន ក្នុងអត្រាខ្ពស់រហូតដល់ទៅ៤២ភាគរយ តៃវ៉ាន់ក្នុងអត្រា៣៥ភាគរយ ប្រទេសបង់ក្លាដេសក្នុងអត្រា៣០ភាគរយ និងប្រទេសឥណ្ឌាក្នុងអត្រា៣០ភាគរយ ប្រទេសចិនក្នុងអត្រា២០ភាគរយជាដើម។

ចំណែកប្រទេសអាស៊ានដូចជា ប្រទេសថៃក្នុងអត្រា៣៥ភាគរយ ប្រទេសហ្វីលីពីនក្នុងអត្រា៣២ភាគរយ ប្រទេសឡាវក្នុងអត្រា២៤ភាគរយ ប្រទេសមីយ៉ាន់ម៉ាក្នុងអត្រា១០ភាគរយ ប្រទេសម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ីក្នុងអត្រា៥ភាគរយ និងប្រទេសវៀតណាមក្នុងអត្រា០,១ភាគរយ។

សម្រាប់ប្រទេសមួយចំនួន មាននយោបាយមិនគិតពន្ធលើចំណេញមូលធន (ក្នុងអត្រាសូន្យភាគរយ) ដូចជា ប្រទេសសិង្ហបុរី ហុងកុង និងប្រទេសប៉ាគីស្ថានជាដើម។

សម្រាប់កម្ពុជា ពន្ធលើចំណេញមូលធន ត្រូវបានប្រកាសពន្យាពេលពីរដង ដោយដំបូងឡើយគ្រោងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ ប៉ុន្តែត្រូវបានលើកពេលដល់ឆ្នាំ២០២២ ហើយនឹងកំណត់ការអនុវត្តឡើងវិញចាប់ពីឆ្នាំ២០២៤។

បើតាមអគ្គនាយកដ្ឋានពន្ធដារ មូលធនឬទ្រព្យដែលជាកម្មវត្ថុជាប់ពន្ធលើចំណេញមូលធនមាន៦ប្រភេទដូចជា អចលនទ្រព្យ ទ្រព្យវិនិយោគ កេរ្តរិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធបញ្ញា រូបិយវត្ថុបរទេស និងភតិសន្យា៕

រដ្ឋាភិបាលឡាវ និងមហាយក្សចិន ចុះកិច្ចព្រមព្រៀងអគ្គិសនីថ្មីដើម្បីបង្កើតទីផ្សាររួមគ្នាក្នុងតំបន់

ដោយៈសុខុម

វៀច័ន្ទន៍: ក្រុមហ៊ុនចិន China Southern Power Grid (CSG) បានចុះកិច្ចព្រមព្រៀងអគ្គិសនី ជាមួយក្រុមហ៊ុនអគ្គិសនីឡាវ (Electricite du Laos- EDL) កាលពីថ្ងៃពុធ ទី៩ មីនា ដើម្បីបង្កើតទីផ្សារអគ្គិសនីរួមគ្នាមួយនៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១១ មីនា។

កាសែតចិន Global Times ចុះផ្សាយថា ស្ថានទូតចិន ប្រចាំប្រទេសឡាវ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា ថា កិច្ចព្រមព្រៀងនេះនឹងជួយប្រទេសឡាវ ធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ អគ្គិសនីរបស់ខ្លួន និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនមូលដ្ឋាន តាមរយៈការដោះស្រាយបញ្ហាកង្វះខាតអគ្គិសនី។

ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសឡាវ លោក Jiang Zaidong ថ្លែងថា ទាំងក្រុមហ៊ុន CSG និងក្រុមហ៊ុន EDL សុទ្ធតែជាក្រុមហ៊ុនធំនៅក្នុងឧស្សា​ហកម្មថាមពលនៃប្រទេសទាំង២ ហើយកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងជួយធានាសន្តិសុខថាមពល និងពង្រឹងទំនាក់ទំនងទ្វេភាគី។

លោកបន្តថា “ឡាវ ជាប្រទេសដែលសម្បូរទៅដោយធនធានអគ្គិសនីជាមួយនឹងសមត្ថភាពវារីអគ្គិសនី ដែលដំឡើងបានសរុបជិត១០.០០០មេហ្គាវ៉ាត់ និងការផលិតថាមពលប្រចាំឆ្នាំ ជាមធ្យមជាង៥០ពាន់លានគីឡូវ៉ាត់ម៉ោង (kWh)”។

លោកបានបន្ថែមទៀតថា មានឱកាសច្រើនសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកថាមពលរវាងប្រទេសចិន និងប្រទេសឡាវ។

ទោះជាយ៉ាងណា កាសែតចិន Global Times បានដកស្រង់សម្តីរបស់លោក Lin Boquiang នាយកមជ្ឈមណ្ឌលចិន សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចថាមពល (China Center for Energy Economics Research) នៅសកលវិទ្យាល័យចិន Xiamen University ដែលបានលើកឡើងថា “ទោះបីជាប្រទេសឡាវ មានធនធានអគ្គិសនីដ៏សម្បូរបែបយ៉ាងណាក្ដី ក៏ការសាងសង់បណ្តាញបញ្ជូនអគ្គិសនីរបស់ប្រទេសនេះ នៅមានការយឺតយ៉ាវនៅឡើយ”៕ Laotian Times៕

ប្រធាន CVEA ចែករំលែកធាតុផ្សំទាំង៤ក្នុងការបិទការលក់អចលនវត្ថុអំឡុងវិបត្តិកូវីដ១៩

ដោយៈ សុផារី

ភ្នំពេញៈ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានចែករំលែកនូវធាតុផ្សំសម្រាប់ភ្នាក់អចលនទ្រព្យក្នុងការបិទការលក់ អចលនវត្ថុក្នុងកំឡុងវិបត្តិកូវីដ១៩នេះ។

ចំណុចទី១សំខាន់ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ លោកមានប្រសាសន៍ថា ក្នុងបរិបទកូវីដ-១៩នេះ ការទិញលក់អចលនទ្រព្យ ដែលទទួលបាននូវភាពជោគជ័យច្រើនជាងគេ គឺការផ្តល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ តាមរយៈការណែនាំអតិថិជន ទទួលបានកម្ចីសមស្រប ឬលក្ខណ្ឌបង់ប្រាក់ដែលមានភាពអំណោយផល។

លោកបន្តថា “នៅពេលណាអតិថិជនមានលុយតិច ហើយអាចទិញបានអចលនវត្ថុបាន ពួកគេមានភាពសប្បាយចិត្ត ព្រោះគាត់អាច Leverage ធនធានធនាគារបាន”។ លោកបន្តថា ” Agent ខ្លះមានទំនាក់ទំនងល្អជាមួយវិស័យធនាគារ គាត់អាចណែនាំភ្ញៀវទៅកាន់ធនាគារ តាមរយៈការផ្តល់ចំណេះដឹង ផ្តល់ព័ត៌មានបឋមឱ្យថា តើធនាគារណាមួយដែលស័ក្តិសមនឹងភ្ញៀវរបស់គាត់”។

ទី២ ការយល់ដឹងពីអតិថិជនគោលដៅ ព្រោះអតិថិជនតែងតែមានធនធានហិរញ្ញវត្ថុ ធនធានចំណេះដឹង និងអចលនទ្រព្យផ្សេងៗគ្នា។

លោកច្រឹក សុខនីម បានពន្យល់ថា “ដីនិងផ្ទះជាអចលនវត្ថុដែលទទួលបានការពេញនិយម ចំពោះវិនិយោគិនក្នុងស្រុក។ សម្រាប់អចលនទ្រព្យ តម្លៃមធ្យមក្រោម២០ម៉ឺនដុល្លាអាមេរិក ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់អតិថិជនក្រោមនេះ”។

លោកបន្តថា ការលក់ខុនដូមានការពេញនិយម ពីសំណាក់ជនជាតិបរទេស ឬអតិថិជនក្នុងស្រុកដែលមានលុយច្រើន និងកំពុងស្វែងរកអចលនវត្ថុសម្រាប់ជួលដើម្បីទទួលបានកម្រៃប្រចាំខែ។

ទី៣ ចំណេះដឹងក្នុងវិស័យអចលនទ្រព្យ ជាចំណុចសំខាន់មួយផងដែរ។ ការពន្យល់ឱ្យអតិថិជនមានភាពជឿជាក់ ប្រកបដោយភស្តុតាងគាំទ្រ។

លោកពន្យល់ទៀតថា ភ្នាក់ងារអចលនវត្ថុ ដែលមានក្រមសីលធម៌វិជ្ជាជីវៈ និងអាចទទួលបានជំនឿទុកចិត្ត បានតែងតែមានចំណេះដឹង និងសមត្ថភាពក្នុងការលើកទឡ្ហីករណ៍ទាំងឡាយណា ដែលអាចទទួលយកបាន។

ឧទាហរណ៍ ការទិញដីធ្លីនៅតាមជាយក្រុង ភ្នាក់ងារលក់ត្រូវសិក្សាថាតើដីធ្លីទាំងនោះជាប់នឹងផ្លូវក្រវាត់ក្រុងដែរទេ ត្រូវមានផែនទីបង្ហាញ និងសិក្សាដើម្បីទទួ​លផលចំណេញនៅពេលអនាគត។ ប្រសិនបើនិយាយពីការទិញផ្ទះអាជីវកម្ម តើទីតាំងបែរទិសទៅខាងណា ដែលជាយន្តការនៃការអភិវឌ្ឍរបស់ប្រទេស។

ចំណែកចំណុចទី៤ គឺភាពស្មោះត្រង់។ អ្នកលក់មិនមែនជាអាទិទេពដែលនិយាយឱ្យគេជឿគ្រប់រឿងបានទេ តែត្រូវបង្ហាញអំពីបទពិសោធន៍នៃភាពជោគជ័យរបស់អតិថិជនកន្លងមក ដើម្បីផ្តល់នូវចំណេះដឹងនិងព័ត៌មានជាប្រយោជន៍ដល់អតិថិជន៕

បុរីបុស្បាសិក្សាលើមូលដ្ឋានតម្រូវការ និងរសនិយមរបស់ប្រជាជនសម័យថ្មីមុនសម្រេចចិត្តវិនិយោគ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មូលដ្ឋានតម្រូវការ និងចំណង់ចំណូលចិត្តអតិថិជន ពិសេសលក្ខខ័ណ្ឌអាកាសធាតុ ត្រូវបានសិក្សាយ៉ាងម៉ត់ចត់ មុននឹងសហគ្រិនវ័័យក្មេងមួយក្រុម បានសម្រេចចិត្តវិនិយោគបុរីដ៏ប្រណីតនេះឡើង។

បុរីដែលបាននិងកំពុងសាងសង់ លើទំហំផ្ទៃដីជាង២០ហិកតា នោះគឺបុរី​បុស្បា ដែលអ្នករចនាគំរោងនេះ បានទុកទំហំដីធំសំរាប់សួនសាធារណៈរៀបចំនូវការឌីសាញទ្វារបង្អួចធំៗ និងស្របតាមទទិសខ្យល់ ដែលអាចផ្តល់​បរិយាកាសក្នុងលំនៅដ្ឋាន ពោរពេញដោយខ្យល់ត្រជាក់ និងអារម្មណ៍ស្រស់ស្រាយ។

លោក អ៉ី ពិសិដ្ឋ  ក្រុមប្រឹក្សាភិបាល និងជានាយកគ្រប់គ្រងការលក់បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១១ មិនាថា ដោយសារយើងសិក្សាពីមូលដ្ឋាន នៃតម្រូវការអតិថិជនច្បាស់​លាស់បានធ្វើឲ្យការលក់របស់យើង ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយក្នុងរយៈពេលជាង១ខែប៉ុណ្ណោះ យើងលក់អស់ផ្ទះប្រមាណ៤០ភាគរយនៃគម្រោងទាំងមូល។

លោកបានបន្តថា បុរីបុស្បាបាននិងកំពុងទទួលបាន ការចាប់អារម្ម​ណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម ននិងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

លោក អ៉ី  ពិសិដ្ឋ បានបន្តថា “ជាមួយនឹងចក្ខុវិស័យ ដ៏ច្បាស់លាស់ យើងបាន និងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកប ដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​

លោកបន្តថា “មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

បុរីនេះក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើង មិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះ នាពេលអនាគតឆាប់ៗខាងមុខនេះ។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើប AEON Mall3 បាននិងកំពុងសាងសង់យ៉ាងសកម្ម។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

មន្រ្តីពាណិជ្ជកម្ម ទេសចរណ៍មានសុទិដ្ឋិនិយមជុំវិញដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន

ដោយៈជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងអ្នកជំនាញក្នុងវិស័យទេសចរណ៍ បានសម្តែងសសិទិដ្ឋិនិយមជុំវិញ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន មកកម្ពុជានៅចុងខែមិនាខាងមុខនេះ។

លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀល ថ្ងៃទី១១ មិនាថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន លោក FUMIO Kishida នាថ្ងៃទី២០ និង២១មិនាខាងមុខនេះ ជាសញ្ញាល្អ និងផ្តល់ផលចំណេញដល់កម្ពុជា ដែលបង្ហាញទៅពិភពលោកថា កម្ពុជាមានសេដ្ឋកិច្ចរីកចម្រើនជាមួយសុខសន្តិភាព និងស្ថេរភាពនយោបាយ។

លោកឧកញ៉ាបានបន្តថា “ជុំវិញដំណើរទស្សនកិច្ចនេះ នឹងជម្រុញឲ្យអ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ស្របពេលអ្នកវិនិយោគជប៉ុនបាន និងកំពុងសម្លឹងមកាន់ទីផ្សារកម្ពុជា”។ លោកបន្តថា “តាមរយៈមហាអនុតំបន់ទន្លេមេគង្គ បូកជប៉ុន នៅពេលជប៉ុនវិនិយោគនៅប្រទេសថៃ ពួកគេនឹងផ្តោតលើការវិនិយោគនៅកម្ពុជាផងដែរ”។

លោកឧកញ៉ាលឹម ហេង បានបន្តថា កម្ពុជាបានរៀបចំខ្លួនរួចជាយូរមកហើយ ដើម្បីស្វាគមន៍ការវិនិយោគពីបរទេស ដោយកម្ពុជាមានច្បាប់វិនិយោគថ្មី ដែលផ្តល់ការទាក់ទាញ និងលើកកំពស់បរិយាកាសវិនិយោគកាន់តែប្រសើរឡើង។ លោកបន្តថា ជាមួយគ្នានេះ យើងមានសុទិដ្ឋិនិយមថា លំហូរពាណិជ្ជកម្ម និងវិនិយោគជប៉ុនមកកាន់កម្ពុជានឹងមានភាពល្អប្រសើរឡើងនាពេលខាងមុខ ខណៈការរៀបចំឯកសារដើម្បីបើកការិយាល័​យសភាពាណិជ្ជកម្មនៅតំបន់សេនដាយ ប្រទេសជប៉ុនបានបញ្ចប់រួចហើយ។

ក្រុមហ៊ុនជប៉ុនជាង១០០កំពុងវិនិយោគនៅកម្ពុជា និងការវិនិយោគជារូបវ័ន្តបុគ្គល របស់ជនជាតិជប៉ុននៅកម្ពុជា ក៏មានចំនួនច្រើនផងដែរ ដោយទំហំទុនវិនិយោគជប៉ុននៅកម្ពុជា បានកើនឡើងដល់ជាង២០០០លានដុល្លារអាមេរិក គិតរហូតដល់ដំណាច់ឆ្នាំ២០២១កន្លងមកនេះ។

ជាមួយគ្នានេះ លោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ការសម្រេចបាននូវលំហូរពាណិជ្ជកម្ម និងទេសចរណ៍របស់ជប៉ុនមកកម្ពុជា វាអាស្រ័យលើការបើករបាំងចត្តាឡីស័ករបស់ប្រទេសជប៉ុន ព្រោះទោះបីជាកម្ពុជាបើកចំហ និងមិនធ្វើចត្តាឡីស័កក្តី ប៉ុន្តែប្រសិនបើប្រទេសជប៉ុនដាក់របាំាំងនេះ លំហូរពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍នឹងនៅតែមានបញ្ហា។

លោកបន្តថា “យើងសង្ឃឹមថាសម្តេចតេជោ នឹងស្នើនាយករដ្ឋមន្រ្តីជប៉ុនឲ្យមានការហោះហើរត្រង់ និងបន្ឋូរបន្ថយរបាំងចត្តាឡីស័ក ដើម្បីសម្រួ​លលំហូរពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ”។ លោកបន្តថា “ការហោះហើររបស់អាកាសចរណ៍ ANA Airlineមកកកម្ពុជា នាពេល​កន្លងមកបានលើកកំពស់ពាណិជ្ជកម្ម ការវិនិយោគ និងភ្ញៀវទេសចរណ៍ដ៏ល្អរវាងប្រទេសទាំងពីរ”។

លោកបន្តថា ប៉ុន្តែដោយសារវិបត្តិកូវីដ បានធ្វើឲ្យកម្ពុជាមិនទទួលបានភ្ញៀវទេសចរណ៍ជប៉ុន និងលំហូរពាណិជ្ជកម្មនៅមានកម្រិតនៅឡើយ៕