គំរោងដីលំហែរបូកគោលែន៣កំពុងទាក់ទាញការវិនិយោគនិងជម្រុញ កំនើនតម្លៃដីធ្លីនៅតំបន់នេះ

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផ្ទះលំហែកាយដីលំហែកាយភាគច្រើន ត្រូវបានអភិវឌ្ឍន៍នៅតំបន់ដែលឆ្ងាយពីទីប្រជុំជន ជាលក្ខណៈឯកជន ហើយការអភិវឌ្ឍអចលនទ្រព្យប្រភេទនេះ នឹងជំរុញឱ្យដីធ្លីនៅតំបន់ជុំវិញនោះ កាន់តែមានហាងឆេងមួយកម្រិតទៀត។

ជាក់ស្ដែងបទពិសោធន៍កន្លងមក ដូចជា នៅខេត្តកំពត និងខេត្តមណ្ឌលគីរី បានធ្វើឱ្យតម្លៃដី ដែលមិនសូវមានការចាប់អារម្មណ៍ ក្លាយជាដីដែលមានហាងឆេងខ្ពស់ជាមុន។

លោក Cooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានអភិវឌ្ឍន៍ដីលំហែកាយបូកគោលែន នៅក្នុងខេត្តកំពតបានឱ្យដឹងថា ការអភិវឌ្ឍគំរោងបូកគោលែន៣បាននិងកំពុងឆ្ពោះទៅមុខ ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋកាន់តែប្រសើរ ដោយមានខ្លោងទ្វារ ការបង្ហាប់ផ្លូវមេ និងផ្លូវរណបក្នុងគំរោង និងការត្រៀមដាំផ្កាសាគូរ៉ាចំនួន៤០០ដើមនាពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “ការអភិវឌ្ឍតែងតែនាំមកនូវភាពរីកចម្រើន ហើយការអភិវឌ្ឍន៍ដីលំហែរកាយរបស់ខ្ញុំ ស្ថិតនៅក្នុងគម្រោងផ្លូវជាតិលេខ៤៣ នឹងជំរុញសក្ដានុពលនៅតំបន់នោះ កាន់តែមានសន្ទុះមួយកម្រិតផងដែរ”។

លោកបន្តថា “ការអភិវឌ្ឍដីផ្ទះលំហែកាយ ក៏នឹងផ្ដល់ប្រយោ​ជន៍ដល់ប្រជាជនក្នុងភូមិក្នុងតំបន់នោះផងដែរ ដូចជាការលក់ដូរផលិតផលកសិកម្មដែលដាំដុះបាន ហើយកសិករក្នុងតំបន់នោះ ក៏អាចដាំដុះបន្ថែមបង្កើនចំណូលក្នុងគ្រួសារផងដែរ”។

ជាមួយគ្នានេះ លោកផឹង សុភី អ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ដីផ្ទះលំហែឧទ្យានកោះព្រែក ខេត្តកំពតក៏បានឱ្យដឹងថា មុននឹងចាប់ផ្ដើមអភិវឌ្ឍន៍គម្រោង អ្នកវិនិយោគត្រូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីផ្លូវធំទៅកាន់ទីតាំងគម្រោង ហើយនៅពេលមានការអភិវឌ្ឍផ្លូវបែបនេះ វាក៏នឹងជំរុញឱ្យតម្លៃដីធ្លីនៅក្នុងតំបន់នោះ មានសន្ទុះមួយកម្រិតផងដែរ ។

ចំណែកលោកមាឃ ឬទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្តមណ្ឌលគីរីក៏បានឱ្យដឹងផងដែរថា តម្លៃដីធ្លីនៅក្នុងខេត្តមណ្ឌលគីរីបានហក់ឡើងខ្ពស់ ក្រោយពេលមានវិនិយោគិនក្នុងស្រុកជាច្រើន ស្វែងរកទិញដីសម្រាប់អភិវឌ្ឍន៍ ជាផ្ទះលំហែកាយក៏ដូចជារីសតជាដើម ។

លោកបន្តថា “កាលពីមុនដីធ្លីក្នុងតំបន់មួយចំនួន ក្នុងខេត្តមណ្ឌលគីរី មិនសូវមានការចាប់អារម្មណ៍តម្លៃក៏ទាប តែពេលនេះតម្លៃបានហក់ឡើងមួយគុណជាពីរជាបីក៏មានដែរ ជាពិសេសនៅតំបន់ជិតរមណីយដ្ឋាន និងនៅជិតច្រកព្រំដែនកម្ពុជាវៀតណាម”។

លោកបន្តថា នៅពេលអនាគតខាងមុខនេះ ការវិនិយោគលើលំនៅឋានលំហែកាយក្នុងខេត្តមណ្ឌលគីរី នឹងកាន់តែមានច្រើនឡើង ហើយតម្រូវការដីធ្លី សម្រាប់អភិវឌ្ឍន៍ក៏នឹងមានច្រើន ដូច្នេះតម្លៃក៏កើនឡើងខ្ពស់ដែរ ជាពិសេសនៅពេលគម្រោងព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគីរីចាប់ផ្ដើមសាងសង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here