ក្រុមហ៊ុនLSCGឈ្នះការដេញថ្លៃតម្លៃ១៦៨លានដុល្លារលើគំរោងដំឡើងប្រព័ន្ឋថាមពលពន្លឺព្រះអាទិត្យនៅព្រលានយន្តហោះតេជោ

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន LSCG Real Estate Co., Ltd បានឈ្នះការដេញថ្លៃ លើគម្រោងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡាអានុភា​ព ៧០MW នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។

លោកលី សុខឆាយអគគ្គនាយកក្រុមហ៊ុន LSCGបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កិច្ចព្រមព្រៀងអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រោមទុនវិនិយោគ១៦៨ លានដុល្លារអាមេរិក។

លោកបន្តថា “គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងLSCG ជាមួយដៃគូវិនិយោគនៅឯប្រទេសចិន។ ដូច្នេះបន្ទះសូឡា និងឧបករណ៍ផ្សេងៗ នឹងត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសចិន ព្រមជាមួយនឹងបច្ចេកវិទ្យាដំឡើងពីអ្នកជំនាញ និងអ្នកបច្ចេកទេស”។លោកបន្តថា ប្រព័ន្ធសូឡាននេះនឹងត្រូវដំឡើង នៅប៉ែកខាងកើតនៃព្រលានយន្តហោះ ដោយនឹងត្រូវអនុវត្តជា៣ដំណាក់កាល។

លោកលី សុខឆាយបានបន្តថា ការដំឡើងគ្រោងនឹងចាប់ផ្តើមនៅប៉ុន្មានខែខាងមុខនេះ ទិសដៅដើម្បីឱ្យរួចរាល់ព្រមគ្នា នឹងការស្ថាបនាព្រលានដែរ។

លោកលី សុខឆាយ បានពន្យល់ថា ថាមពលពន្លឺព្រះអាទិត្យ គឺជាថាមពលស្អាតកកើតឡើងវិញ ដែលនឹងជួយឱ្យប្រតិបត្តិការព្រលានយន្តហោះកាន់តែសន្សំសំចៃ កាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយហានិភ័យខ្វះខាតអគ្គិសនីពី EDC និងជាពិសេសជួយបង្កើនតម្លៃ និរន្តរភាពនៃគម្រោង។

គិតត្រឹមចុងខែមករានេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃ១៥០០លានដុល្លារនេះ បានសាងសង់រួចរាល់៣០ភាគរយហើយ ដោយចំណាយទុនសរុបចំនួន៣៩០លានដុល្លារ ដែលការចំណាយនេះ មិនរាប់បញ្ចូលតម្លៃដីនៅឡើយ៕

ក្រុមហ៊ុន Tesla សាងសង់រោងចក្រតម្លៃ៥,៥ពាន់លានដុល្លារ ដើម្បីដណ្ដើមចំណែកទីផ្សារនៅអឺរ៉ុប

សុខុម

ប៊ែរឡាំងៈ រដ្ឋ Brandenburg នៃប្រទេសអាល្លឺម៉ង់ បានធ្វើសន្និសីទកាសែតនៅថ្ងៃសុក្រ ទី៤ មីនា នេះដើម្បីឈានទៅដល់ការអនុម័តគម្រោងរោងចក្រក្រុមហ៊ុន Tesla មួយដែលមានតម្លៃ៥,៥ពាន់លានដុល្លារអាមេរិក នៅក្បែរទីក្រុងប៊ែរឡាំង ប្រសិនបើក្រុមហ៊ុនបំពេញបានតាមលក្ខខណ្ឌតម្រូវ។

រដ្ឋាភិបាលអាល្លឺម៉ង់ បានចេញសេចក្តីថ្លែងការណ៍ថា “នីតិវិធីអនុម័តសម្រាប់រោងចក្រផលិតរថយន្តអគ្គិសនី និងផលិតអាគុយរបស់ក្រុមហ៊ុនអាមេរិក Tesla នៅក្រុង Gruenheide នៃរដ្ឋ Brandenburg ជិតរួចរាល់ជាស្ថាពរហើយ”។

រយៈពេលជាច្រើនខែមកហើយដែលក្រុមហ៊ុន Tesla បាននិងកំពុងរង់ចាំការអនុម័តផ្ដល់អាជ្ញាប័ណ្ណដើម្បីចាប់ផ្តើមផលិតកម្មនៅរោងចក្ររថយន្តអគ្គិសនី (EV) និងរោងចក្រអាគុយនៅជាប់គ្នាក្នុងទីក្រុង Gruenheide ជិតទីក្រុងប៊ែរឡាំង។

មហាសេដ្ឋី Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla សង្ឃឹមថា រោងចក្រនេះនឹងជួយក្រុមហ៊ុនដណ្ដើមចំណែកទីផ្សារអឺរ៉ុប ដែលបច្ចុប្បន្នក្រុមហ៊ុន Volkswagen កាន់កាប់ចំណែក២៥%នៃការលក់រថយន្តអគ្គិសនី ខណៈក្រុមហ៊ុន Tesla កាន់កាប់ចំណែកទីផ្សារ១៣%។

បន្ទាប់ពីការពន្យារពេលជាច្រើនលើក លោកបាននិយាយកាលពីខែតុលា ឆ្នាំមុនថា លោកសង្ឃឹមថានឹងអាចដំណើរការរោងចក្រនេះនៅខែធ្នូ ចុងឆ្នាំ២០២១។

ទោះជាយ៉ាងណា រហូតមកទល់ពេលនេះក្រុមហ៊ុនមិនទាន់បានធ្វើបច្ចុប្បន្នភាពកាលវិភាគរបស់ខ្លួន សម្រាប់ការដំណើរការរោងចក្រនេះនៅឡើយទេ៕

NagaCorp suspends gaming and resort project in Russia

Reporting by Tejaswi Marthi

Cambodian casino and gaming operator NagaCorp Ltd said on Thursday it would suspend its gaming and resort project in Russia after the country’s invasion of Ukraine.

The gaming operator invoked a force majeure clause related to the development of its resort project in Vladivostok, Russia, and said the project’s development would be suspended indefinitely.

Russia’s invasion of Ukraine has drawn harsh Western sanctions and driven a number of companies to cut ties with the country by offloading their assets or halting operations.

Source: Reuters

អ្នកជំនាញសម្លឹងឃើញសក្ដានុពលថ្មីនៃការអភិវឌ្ឍលំនៅឋានក្នុងតំបន់ផ្លូវ៥១

ដោយ: វឌ្ឍនៈ

ភ្នំពេញ ៖ ផ្លូវ៥១ជាតំបន់ដែលកំពុងទទួលបានការអភិវឌ្ឍលើលំនៅឋានដ៏មានសក្ដានុពល ខណៈប៉ុន្មានឆ្នាំមុនតំបន់តាមបណ្ដោយផ្លូវនេះ ជាតំបន់ដែលទាក់ទាញលើការអភិវឌ្ឍដីឡូត៏ ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ជាច្រើន ក្នុងការលកជូនប្រជាពលរដ្ឋដែលមានចំណូលទាបនិងមធ្យម ។

លោក ផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន ខេអេចលែន ដែលបានអភិវឌ្ឍអចលនទ្រព្យនៅតំបន់ផ្លូវ៥១ផងដែរនោះ ក៏បានឱ្យដឹងថា ផ្លូវ៥១នៅពេលបច្ចុប្បន្ននេះ គឺប្រៀបដូចនឹងមហាវិថីឈ្នះឈ្នះកាលពីប៉ុន្មានឆ្នាំមុនដែរ។

លោកថា រោងចក្រឧស្សាហកម្មនៅជិតៗក្រុងឬក្នុងក្រុងក៏បានផ្លាស់ប្តូរទីតាំងមកកាន់តំបន់ផ្លូវ៥១ជាបន្តបន្ទាប់ហើយផងដែរ ដូច្នេះមិនយូរមិនឆាប់តំបន់ផ្លូវ៥១នឹងកាន់តែមានសក្ដានុពលទៅលើឧស្សាហកម្ម។ នៅពេលឧស្សាហកម្មរីកចម្រើន ទាមទារឱ្យមានមនុស្សមករស់នៅធ្វើការនៅតំបន់នោះ ពេលនោះហើយដែលតម្រូវការលំនៅឋានមានកំណើនកាន់តែខ្ពស់។

លោកបន្តថា ការអភិវឌ្ឍលំនៅឋាននៅក្នុងតំបន់ផ្លូវ៥១ នាពេលបច្ចុប្បន្ននេះ មានការគាំទ្រពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលមកពីបណ្ដាខេត្តនិងកំពុងធ្វើការនិងរស់នៅក្នុងរាជធានីភ្នំពេញតែមិនទាន់មានលំនៅឋានអចិន្ត្រៃយ៍មួយស្នាក់នៅ។ ការអភិវឌ្ឍទាំងដីឡូតិ៍និងលំនៅឋាននៅក្នុងតំបន់ផ្លូវ៥១ជាការអភិវឌ្ឍសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម ។

លោកក៏បានបញ្ជាក់ផងដែរពីតម្លៃអចលនទ្រព្យដីធ្លី និងលំនៅឋានក្នុងតំបន់ផ្លូវ៥១ សមនឹងលទ្ធភាពរបស់ពលរដ្ឋក្នុងនោះដីឡូតិ៍អាចដាក់ក្នុងតម្លៃពី៥ពាន់ដុល្លារដល់ ២៥.០០០ដុល្លារក្នុងមួយឡូតិ៍ ហើយផ្ទះអាចលក់ក្នុងចន្លោះពីតម្លៃ ១៦.០០០ដុល្លារទៅក្រោម៥ម៉ឺនដុល្លារអាមេរិក។

លោក សុអុនដែន បានបញ្ជាក់បន្ថែមថា ពលរដ្ឋឬវិនិយោគិនអចលនទ្រព្យអាចចាប់យកឱកាសក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងតំបន់នេះក្នុងពេលបច្ចុប្បន្ននឹងអាចទទួលបានប្រាក់ចំណេញនិងអត្ថប្រយោជន៍មកវិញនៅរយៈពេល២ឬ៣ឆ្នាំខាងមុខ ជាពិសេសនឹងទទួលបានអត្ថប្រយោជន៍ពីការពង្រីកក្រុងភ្នំពេញដែលមានអង្កត់ផ្ចិត១០០គីឡូម៉ែត្រការ៉េ។

លោកថា ”បើយើងចង់ដល់តំបន់ផ្លូវ៥១ទទួលបានការរីកចម្រើននិងអភិវឌ្ឍ នោះអ្វីៗនឹងហួសពេល តម្លៃឡើងថ្លៃ ហើយវានឹងពិបាកឡើងបន្តទៀតណាស់”។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍតំបន់ជាយរាជធានីភ្នំពេញ មានសក្ដានុពលដូចគ្នា គ្រាន់តែសក្ដានុពលនីមួយៗ ខុសទៅតាមតំបន់។

លោកបញ្ជាក់ថា តំបន់ប៉ែកខាងលិចដូចជាទៅផ្លូវ៥១ ត្រូវនឹងការអភិវឌ្ឍទៅលើដីធ្លី និងឧស្សាហកម្ម ដោយសារតែមានផ្លូវស្រួលក្នុងការដឹកជញ្ជូនទំនិញ ចេញចូល និងជាតំបន់ទូលាយនិងអាចអភិវឌ្ឍន៍យកប្រាក់ចំណេញបានខ្ពស់៕

ឥណ្ឌាគ្រោងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា

ដោយ: ម៉ាលីស

ព្រះសីហនុ: នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ក្នុងកិច្ចពិភាក្សាការងារ និងជួបសំដែងការគួរសម រវាង លោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកស្រីបណ្ឌិតបានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូនលោស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតឥណ្ឌា ពីសក្តានុពលខេត្តព្រះសីហនុ ដែលត្រូវរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនិរតី ដោយប្រើប្រាស់សក្តានុពលពីធម្មជាតិបង្កើនកំណើនសេដ្ឋកិច្ចជាតិ។

ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍ និងវិនិយោគនៅខេត្តព្រះសីហនុជាបន្តបន្ទាប់មានដូចជាកំពង់ផែសមុទ្រទឹកជ្រៅ។ ខេត្តមានអាកាសយានដ្ឋានអន្តរជាតិ ត្រូវបានពង្រីកផ្លូវរត់ប្រវែង ៣,៣០០ម៉ែត្រ។

ខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា តភ្ជាប់ពីរាជ ធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ នឹងបើកឱ្យដំណើរការនៅខែ៧ ឆ្នាំ២០២២ ខាងមុខនេះ។

កន្លងមកខេត្តព្រះសីហនុ ទទួលនាវាកងទ័ពជើងទឹកនៃសាធារណរដ្ឋឥណ្ឌាចូលចតជាបន្តបន្ទាប់មានចំនួន ១១លើក ស្មើនឹង១៦គ្រឿង។ ខេត្តព្រះសីហនុមានកោះ៣២ ឆ្នេរខ្សាច់ប្រវែង១៧៥គីឡូម៉ែត្រ និងមានព្រៃកោងកាងតាមបណ្តោយឆ្នេរ ជាសក្តានុពលបម្រើឱ្យវិស័យទេសចរណ៍ និងការវិនិយោគ។

លោកអភិបាលខេត្ត ក៏បានស្នើឱ្យលោកស្រីជួយផ្សព្វផ្សាយ និងជំរុញអ្នកទេសចរ និងអ្នកវិនិយោគឥណ្ឌាមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុឱ្យបានកាន់តែច្រើន។

លោកស្រីឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណលោកអភិបាល ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានស្វែងយល់ អំពីសក្តានុពល និងការអភិវឌ្ឍរីកចំរើនក្នុងខេត្តព្រះសីហនុផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីគោលបំណងចង់ឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជា ជាពិសេសមកកាន់ខេត្តព្រះសីហនុ ដើម្បីជួយជំរុញអ្នកទេសចរ និងវិនិយោគឥណ្ឌាមកកាន់ខេត្តព្រះសីហនុ។

លោកស្រី ក៏បានលើកឡើងពីការពិភាក្សាដើម្បីរៀបចំចងសម្ព័ន្ធមេត្រីភាពទីក្រុងបងប្អូន(Sister City) រវាងខេត្តព្រះសីហនុ និងខេត្ត Maharashtra នៃរដ្ឋ Mumbai ប្រទេសឥណ្ឌាផងដែរ។ លោកស្រីក៏បានណែនាំអំពីគម្រោងហិរញ្ញប្បទានលើទឹកប្រាក់ចំនួន $50,000 ដែលផ្តល់ដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាពិសេសផ្តោតលើការសាងសង់បន្ទប់ទឹកដោយប្រើប្រាស់ប្រព័ន្ធសូឡា។

ជាមួយគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការទៅលើវិស័យមួយចំនួនមានដូចជា៖ Logistic and Shipping, Medical and Health Care, IT, Education ជាដើម។

ក្នុងឱកាសនោះលោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងគាំទ្រនូវគម្រោងរបស់លោកជំទាវឯកអគ្គរដ្ឋទូត ដោយឯកឧត្តមបានចាត់ក្រុមការងាររបស់រដ្ឋបាលខេត្ត ចូលរួមសហការជាមួយស្ថានទូតសាធារដ្ឋឥណ្ឌាដើម្បីបំពេញកិច្ចការខាងលើឱ្យបានជោគជ័យ និងសំនូមពរដល់ស្រីឯកអគ្គរដ្ឋទូត ជួយជម្រុញក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌា ឱ្យមកបណ្តាក់ទុនវិនិយោគដោយបង្កើតរោងចក្រផលិតឱសថព្យាបាលជំងឺកូវីដ នៅខេត្តព្រះសីហនុផងដែរ៕

ក្រុមហ៊ុនកាស៊ីណូនៅកម្ពុជា NagaCorp ប្រកាសផ្អាកគម្រោងល្បែង និងរីហ្សតនៅរុស្ស៊ីក្រោយរងសម្ពាធទណ្ឌកម្ម

ដោយៈសុខុម

ភ្នំពេញ: ការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែនបានធ្វើឱ្យលោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្តថ្កោលទោសយ៉ាងខ្លាំង ឈានទៅដល់ការដាក់ទណ្ឌកម្មផ្ទួនៗយ៉ាងធ្ងន់ធ្ងរទៅរុស្ស៊ី។

សម្ពាធទណ្ឌកម្មទាំងនេះ បានបណ្ដាលឱ្យក្រុមហ៊ុនអន្តរជាតិធំៗ ជាពិសេសក្រុមហ៊ុនលោកខាងលិច សម្រុកចាកចេញពីប្រទេសនេះ ហើយក្នុងនោះ ក៏មានក្រុមហ៊ុនដ៏ល្បីល្បាញមួយដែលកំពុងវិនិយោគ នៅកម្ពុជាផងដែរ។

ក្រុមហ៊ុនប្រតិបត្តិករកាស៊ីណូ និងល្បែងនៅកម្ពុជា NagaCorp Ltd បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មីនា ថា ខ្លួននឹងផ្អាកគម្រោងហ្គេម និងរីហ្សតរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីប្រទេសនេះបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ក្រុមហ៊ុននេះ បានប្រើប្រាស់ប្រការករណីប្រធានស័ក្ដិ ទាក់ទិននឹងការអភិវឌ្ឍគម្រោងរីហ្សតរបស់ខ្លួន នៅទីក្រុងVladivostokប្រទេសរុស្ស៊ី ហើយបាននិយាយថា ការអភិវឌ្ឍក្នុងគម្រោងនេះ នឹងត្រូវផ្អាកដោយគ្មានកំណត់ ដែលមិនដឹងជាចាប់ផ្ដើមវិញ នៅពេលណាឱ្យប្រាកដឡើយ។

ជាការពិតណាស់ ការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន ត្រូវបានលោកខាងលិច ដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើប្រទេសរុស្ស៊ី និងបានជំរុញឱ្យក្រុមហ៊ុនអន្តរជាតិធំៗយ៉ាងច្រើន បានកាត់ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសនេះជាបន្តបន្ទាប់ តាមរយៈការលក់ចេញទ្រព្យសកម្មរបស់ខ្លួន ឬ ផ្អាកការធ្វើប្រតិបត្តិការជាបណ្ដោះអាសន្ន៕  Reuters៕

តម្លៃដីនៅភាគខាងជើងក្រុងភ្នំពេញនឹងកើនឡើងខ្ពស់កម្រិតណា ក្នុងឆ្នាំស៊ីហ្គេម២០២៣?

ដោយ: សុផារី

ភ្នំពេញ: ស្របពេលការរីកដុះដាលយ៉ាងខ្លាំង នៃវិស័យអចលនទ្រព្យ សំណង់លំនៅឋាន បុរី ខុនដូ និងទីផ្សារពាណិជ្ជកម្ម ជាពិសេសការសាងសង់អគារនៃក្រសួងសំខាន់ៗ ភាគខាងជើងក្រុងភ្នំពេញ ក្លាយជាតំបន់នៃចំណាប់អារម្មណ៍របស់វិនិយោគិន។

តម្រូវការដីធ្លីនៅក្នុងតំបន់នេះ មានកំណើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លី បានជម្រុញតម្លៃដីធ្លីឱ្យកើនឡើងខ្ពស់។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia ថា តម្លៃដីធ្លីនៅតំបន់ភាគខាងជើងនៃក្រុងភ្នំពេញ ជាពិសេសតំបន់ជុំវិញពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅចន្លោះពី១៥០ ទៅ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ អាស្រ័យតាមសក្តានុពលទីតាំង។

អ្នកស្រីបន្តថា “ការសម្ភោធដាក់ឱ្យប្រើប្រាស់ ពហុកីឡាដ្ឋានជាតិមរត​ក​តេជោ ស្របពេលការត្រៀមខ្លួន សម្រាប់ភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមក្នុងឆ្នាំ២០២៣ខាងមុខនេះ បានធ្វើឱ្យតំបន់ភាគខាងជើងក្រុ​ងភ្នំពេញ មានភាពអ៊ូអរលើវិស័យអចលនទ្រព្យ បន្ថែមមួយកម្រិតទៀត”។លោកស្រីបន្តថា “ដោយសារមិនសូវមានតម្រូវការ នៃវិនិយោគិនបរទេស តម្លៃដីធ្លី នៅតាមតំបន់ជាយក្រុងភ្នំពេញមានការកើនឡើង តែកើនឡើងតិចតួចប្រមាណ៥ភាគរយ”។

អ្នកស្រីអាន សុធីតាបានបន្តថា ភាគច្រើននៃការវិនិយោគអចលនទ្រព្យគឺពឹងផ្អែកលើវិនិយោគក្នុងស្រុក កម្រិតនៃការវិនិយោគក៏នៅមានកំណត់។ ដូច្នេះ ស្របពេលដីកណ្តាលក្រុងមានលំនឹង មិនឡើងមិនចុះ តម្លៃដីនៅជាយក្រុងមានកំណើនតិចតួច ដោយសារវិបត្តិកូវីដ១៩។

ទាក់ទិននឹងអត្រាតម្លៃដីធ្លីនៅក្នុងតំបន់នេះ លោកស្រី សុធីតា រំពឹងថា ក្នុងឆ្នាំ២០២៣ ដែលជាឆ្នាំដែលកម្ពុជាជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម តម្លៃដីធ្លីនឹងមានការកើនឡើងខ្ពស់ អាចរហូតដល់១០ភាគរយ។

យ៉ាងណាក្តី លោកស្រីថា ការព្យាករណ៍គ្រប់យ៉ាង នៅមិនទាន់មានភាពជាក់លាក់នៅឡើយទេ ដោយសារភាពមិនប្រាកដប្រជា នៃវិបត្តិកូវីដ១៩៕

EU អនុម័តថវិកាជាង១៧២លានដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍វិស័យសំខាន់បីនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ សហភាពអឺរ៉ុបបានអនុម័ត នូវកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មី សម្រាប់ឆ្នាំ២០២១-២០២៧ ដល់កម្ពុជាដោយផ្តោតសំខាន់លើវិស័យអាទិភាពចំនួនបី ក្នុងទំហំប្រមាណ១៧២លានដុល្លារអាមេរិក សម្រាប់ដំណាក់កាលដំបូងឆ្នាំ២០២១-២០២៤។

នៅក្នុងកិច្ចពិភាក្សាអំពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងបឋមនៃយុទ្ធសាស្ត្ររួមរបស់អឺរ៉ុប ឆ្នាំ២០២១-២០២៧ និងកម្មវិធីណែនាំពហុឆ្នាំរបស់សហភាពអឺរ៉ុបថ្មី ឆ្នាំ២០២១-២០២៧ ជាមួយលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ត. ជ.នា/ ក.អ.ក) លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបញ្ជាក់ថា កម្មវិធីណែនាំពហុឆ្នាំនេះ ត្រូវបានគណះកម្មាធិការអឺរ៉ុបអនុម័តនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។

លោកស្រីបន្តថា “កញ្ចប់ហិរញ្ញប្បទាន ឥតសំណងដែលគណៈកម្មាធិការអឺរ៉ុបបានសម្រេចផ្ដល់ សម្រាប់អនុវត្តកម្មវិធីណែនាំពហុឆ្នាំនេះ មានទំហំប្រមាណ១៥៥លានអឺរ៉ូ ប្រមាណ១៧២លានដុល្លារអាមេរិក សម្រាប់ដំណា​ក់កាលដំបូងឆ្នាំ ២០២១-២០២៤”។

កម្មវិធីណែនាំពហុឆ្នាំនេះ ជាឧបករណ៍ប្រតិបត្តិរវាងសហភាពអឺរ៉ុប និង រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា និងបានគ្រោងផ្តល់ការគាំទ្រដល់វិស័យអាទិភាពចំនួន៣ រួមមាន កំណើនបៃតង និងការងារ ក្នុងទំហំទឹកប្រាក់ចំនួន ៦២ លានអឺរ៉ូ វិស័យអប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់ចំនួន៤៨លានអឺរ៉ូ វិស័យអភិបាលកិច្ច ក្នុងទំហំទឹកប្រាក់ចំនួន៣៧ លានអឺរ៉ូ។

លើសពីនេះ សហភាពអឺរ៉ុបក៏បានត្រៀមធនធាន៨លានអឺរ៉ូ សម្រាប់គាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោង ឬសកម្មភាពនានា ក្នុងវិស័យអាទិភាពទាំងបីខាងលើ។

ដោយឡែក សម្រាប់ការអនុវត្តនៅដំណាក់កាលបន្ទាប់ឆ្នាំ ២០២៥-២០២៧ នឹងមានការផ្តល់ហិរញ្ញប្បទានបន្ថែម ដោយផ្អែកលើការវាយតម្លៃនៃការអនុវត្តឆ្នាំ២០២១-២០២៤។

ទន្ទឹមនឹងនេះ សម្រាប់ការផ្តល់ហិរញ្ញប្បទាន នៅដំណាក់កាលបន្ទាប់ លោករដ្ឋមន្ត្រីប្រតិភូ បានស្នើសហភាពអឺរ៉ុប ពិនិត្យផ្តល់ការគាំទ្រលើការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ដែលជាអាទិភាពចម្បងមួយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ភាគីអឺរ៉ុបគ្រោងនឹងស្នើសុំរៀបចំកិច្ចប្រជុំរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុប រួមទាំងប្រទេសជាសមាជិក ក្នុងកំឡុងខែមេសាខាងមុខ ដើម្បីពិនិត្យ និងពិភាក្សាលើយុទ្ធសាស្ត្ររួមរបស់អឺរ៉ុបស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់កម្ពុជា ឆ្នាំ២០២១-២០២៧ ។

ភាគីទាំងពីរបានបង្ហាញជំហរយ៉ាងមុតមាំ និងសង្ឃឹមជឿជាក់ថាទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ កម្ពុជា-សហភាពអឺរ៉ុប នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត៕

ពួកអ្នកមានរុស្ស៊ី សម្រុកទិញគ្រឿងអលង្ការ និងនាឡិកាប្រណីតៗទុកអំឡុងទណ្ឌកម្មហ៊ុមព័ទ្ធប្រទេសរុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានធ្វើឱ្យតម្លៃរូបិយប័ណ្ណរុស្ស៊ីRuble ដាំក្បាលចុះខ្លាំង និងធ្វើឱ្យទីផ្សារភាគហ៊ុនឈានដល់​ការបិទទ្វារ ពួកអ្នកមានរុស្ស៊ី កំពុងសម្រុកទិញគ្រឿងអលង្ការ និងនាឡិ​កាប្រណីតៗ ដើម្បីទុកបង្ការការខាតបង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃទី០២ មីនា។

នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងអលង្ការល្បីរបស់អ៉ីតាលី Bulgari SpA បានអះអាងថា ការលក់របស់ក្រុមហ៊ុនលោកនៅតាមហាង Bulgari SpA ក្នុងប្រទេសរុស្ស៊ី បានកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីការឆ្លើយតបរបស់អន្តរជាតិ ចំពោះការបញ្ឆេះសង្គ្រាមដោយរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បានរឹតបន្តឹងយ៉ាងខ្លាំងលើការធ្វើចរាចរសាច់ប្រាក់។

ទោះបីជាប៊្រែនទំនិញប្រើប្រាស់ល្បីៗ រាប់ចាប់ពីក្រុមហ៊ុន Apple Inc. ដល់ក្រុមហ៊ុន Nike Inc. និងក្រុមហ៊ុនថាមពលធំៗ ដូចជា ក្រុមហ៊ុន BP Plc ក្រុមហ៊ុន Shell Plc និង ក្រុមហ៊ុន Exxon Mobil Corp ជាដើមបានសម្រុកចាកចេញពីប្រទេសរុស្ស៊ី យ៉ាងណាក្ដី ក៏រហូតមកដល់ពេលនេះប៊្រែនប្រណីតធំៗបំផុតរបស់អឺរ៉ុប កំពុងព្យាយាមបន្តដំណើរការ នៅក្នុងប្រទេសនេះ។

ក្រៅពី Bulgari ដែលជាប៊្រែនមួយរបស់ LVMH SE ក៏មានប៊្រែន​បារាំង Cartier ដែលកំពុងបើកលក់គ្រឿងអលង្ការ និងនាឡិកាប្រណីតៗដូចជានាឡិកា Omega និង Rolex ជាដើមផងដែរ។

ស្រដៀងនឹងមាសដែរ ក្នុងករណីមានអតិផរណាកើតឡើង នាឡិកា និងគ្រឿងអលង្ការប្រណីតៗ អាចទប់ការខាតបង់ធ្ងន់ធ្ងរ ដោយវាអាចរក្សាតម្លៃ ឬសូម្បីកើនឡើងតម្លៃទៀតផង នៅពេលមានចលាចលសេដ្ឋកិច្ច ដែលបណ្តាលមកពីសង្គ្រាម និងជម្លោះ។

អ្នកជំនាញនិយាយថា នាឡិកាល្បីៗពេញនិយម អាចលក់នៅលើទីផ្សារបានតម្លៃខ្ពស់ដល់ទៅ៣ ឬ៤ដង នៃតម្លៃដើមទៀតផង ទើបបានជាពួកអ្នកមានរុស្ស៊ី សម្រុកទិញវាទុកដើម្បីបង្ការហានិភ័យ៕ Aljazeera៕

គេហទំព័រ Propertyarea ស្វាគមន៍សំណេរ និងអត្ថបទរបស់សាធារណៈជន

ដោយៈជេស៊ីកា

ភ្នំពេញៈ គេហទំព័រ Propertyarea.asia សូមប្រកាសទទួលយកសំណេរ និងអត្ថបទវិភាគ ឬទស្សនទាននានារបស់សាធារណៈជន ទាក់ទងនឹងវិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចជាតិ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyrea.asia លោក​យិន លាងគង់ បានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី៣ មិនាកន្លងមកថា ក្នុងដំណើរការលើវិស័យសារគមនាគមន៍៍ រយៈពេលជាង៤ឆ្នាំកន្លងមក យើងបានធ្វើដំណើរយ៉ាងឆ្ងាយ ជាមួយសាធារណៈជន ពិសេសមិត្តអ្នក​អាន និងអ្នកទស្សនា ជាមួយអត្ថបទដ៏សម្បូរបែប និងអត្ថបទវិភាគពីសេដ្ឋកិច្ច នយោបាយមួយចំនួន។

លោកបន្តថា “ដោយសារឈរលើក្រមសីលធ៌មវិជ្ជាជីវៈ ផ្តល់ព៌តមានពិត ឥតលំអៀង និងជំនាញវិជ្ជាជីវៈយើងទទួលបានការគាំទ្រ ពីសាធារណៈជនជាតិ និងអន្តរជាតិ”។ លោកបន្តថា “ជាមួយនឹងការវិវត្តន៍រីកចម្រើននេះ ខ្ញុំគិតថា ការផ្តល់ឱកាសដល់សាធារណៈជន និស្សិត បញ្ញវ័ន្ត អ្នកប្រាជ្ញានានាគួរជារឿងមួយមិនគួរមើលរំលង និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុង​ការចែករំលែកចំណេះដឹងដល់សាធារណៈជនបន្ថែមទៀត”។

លោកយិន លាងគង់ បានបន្តថា កន្លងមកមានបញ្ញវ័ន្តមួយចំនួនបានផ្ញើរអត្ថបទ ឬផ្តល់ជាអនុសាសន៍ជាច្រើន ចូលមកកាន់ផេករបស់គេហទំព័រ ប៉ុន្តែដោយសារព៌តមានមិនគ្រប់ជ្រុងជ្រោយ យើងសម្រេចចិត្តមិនផ្សព្វផ្សា​យ​ជូន។ លោកបន្តថា ហេតុនេះ ចាប់ពីពេលនេះតទៅ យើងស្វាគមន៍រាល់សំណេរបេស់​លោក អ្នកដោយមេត្រីភាព ប៉ុន្តែសំណេរដែលមានលក្ខណៈរិះគន់ រដ្ឋាភិបាល ដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬមានចេតនាអាក្រក់ណាមួយ យើងបដិសេធមិនទទួលយកមកចុះផ្សាយឡើយ។

លោកបន្តថា លើសពីនេះ ថ្នាក់ដឹកនាំគេហទំព័រ Propertyarea.asia សូមរក្សាសិទ្ឋក្នុងការកែសម្រួលអត្ថបទ និងពាក្យពេជន៍មួយចំនួន មុនធ្វើការចុះផ្សាយ ក្នុងគេហទំព័ររបស់យើងខ្ញុំ ដើម្បីបញ្ចៀសនូវការបំភ្លៃ បំភ្លើស ឬបំប៉ោងព៌តមានក្លែងក្លាយជាដើម។

អាស្រ័យហេតុនេះ សាធារណៈជន បញ្ញវ័ន្ត អ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញនានាអាចផ្ញើរអត្ថបទមកយើងខ្ញុំបាន តាមរយៈ Telegram លេខ០៨៦ ៤៨៥ ៥៦៦​, 078 959 567៕