ដោយៈសុខុម
ហុងកុង: ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ប្រទេសចិន បានខកខានទូទាត់ថ្លៃគូប៉ុង លើមូលបត្របំណុលរបស់ខ្លួននៅបរទេសចំនួន៧៥០លានដុល្លារ កាលពីថ្ងៃពុធ ទី១១ ខែឧសភា នៅពេល រយៈពេលអនុគ្រោះ១ខែបានកន្លងផុត។
ការខកខានបង់ការប្រាក់ចំនួន២៩,៥លានដុល្លារ លើមូលបត្របំណុលខែតុលា ឆ្នាំ២០២៣ ដែលដល់ពេលកំណត់ត្រូវសងកាលពីខែមុន បង្ហាញពីការខកខាន សងថ្លៃមូលបត្របំណុលសាធារណៈ ជាលើកដំបូងសម្រាប់ក្រុមហ៊ុននេះ។
ប្រភពខាងលើបានសុំមិនឱ្យបញ្ចេញអត្តសញ្ញាណនោះទេ ដោយសារពួកគេមិនត្រូវបានអនុញ្ញាត ឱ្យផ្ដល់បទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ហើយក្រុមហ៊ុន Sunac China ក៏បានបដិសេធមិនឆ្លើយបំភ្លឺជុំវិញបញ្ហានេះដែរ។
ការខកខានសងបំណុលអាចធ្វើឱ្យខូចឈ្មោះ និងធ្វើឱ្យប៉ះពាល់មូលបត្របំណុលសរុបទាំងអស់៧,៧ពាន់លានដុល្លារ របស់ក្រុមហ៊ុននេះនៅលើទីផ្សារមូលធនអន្តរជាតិ។
ក្រុមហ៊ុន Sunac China បានខកខានការទូទាត់គូប៉ុងជាដុល្លារ ចំនួន៤រួចមកហើយដែលសរុប ជាទឹកប្រាក់១០៤លានដុល្លារ ចាប់តាំងពីខែមេសាមក ដោយ៣ក្នុចំណោមនោះ កំពុងស្ថិតក្នុងរយៈពេលអនុគ្រោះនៅឡើយ៕