អបអរសាទរ: អគារអ្នកដំណើរថ្មីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅថ្ងៃនេះ

ដោយៈ ម៉ាលីស

បន្ទាយមានជ័យៈ អគារអ្នកដំណើរថ្មី នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ហើយនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ក្នុងពីធីសម្ពោធនេះថា “អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ជាសមិទ្ធផលថ្មីស្រឡាងមួយទៀត របស់រាជរដ្ឋាភិបាលសម័យតេជោ ដែលបានបង្ហាញ និងបញ្ជាក់ច្បាស់ពីមុខមាត់ និងមោទនភាពជាតិកម្ពុជា”។

អគារច្រកទ្វារដ៏ស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។ អគារនេះបានបង្កប់ដោយរចនាបថខ្មែរ និងស័ក្តិសមជាមុខមាត់នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសសម្បូរដោយសម្បត្តិវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ និងមានរចនាសម្ព័ន្ធបម្រើការងារស្របតាមស្តង់ដារអន្តរជាតិ។

សម្តេចក្រឡាហោមបានបន្តថា “អគារថ្មីនេះ មិនត្រឹមតែបម្រើផលប្រយោជន៍ដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងចូលរួមគាំទ្រ ដល់ការបំពេញការងាររបស់ក្រុមមន្ត្រីសមត្ថកិច្ច ប្រកបដោយវិជ្ជាជីវៈ ជាមួយឥរិយាបថល្អ រួសរាយរាក់ទាក់ ទន់ភ្លន់ និងម៉ឺងម៉ាត់ផ្នែកជំនាញ ដើម្បីប្រែក្លាយអគារ នេះជាកន្លែងដើមទីដំបូងគេមួយ ក្នុងការផ្តល់បដិសណ្ឋារកិច្ច និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ”។

ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត គឺជាច្រកទ្វារព្រំដែនអន្តរជាតិដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា សម្រាប់សេដ្ឋកិច្ច និងទេសចរណ៍  និងជាច្រកផ្លូវគោកចម្បងដែលមុនកូវីដ-១៩ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណជា ២៨% នៃភ្ញៀវទេសចរតាមផ្លូវគោកសរុប និងប្រមាណ ៨,៧% នៃទេសចរអន្តរជាតិសរុបមកកម្ពុជា៕

ខេត្តពោធិ៍សាត់ទទួលបានរោងចក្រផ្គុំដំឡើងគ្រឿងសម្ភារៈអគ្គិសនី ធំមួយតម្លៃ២,៥លានដុល្លារ

ដោយ: សុផារី

ពោធិ៍សាត់: រោងចក្រផ្គុំ និងតម្លើងគ្រឿងបរិក្ខាអគ្គិសនី របស់ក្រុមហ៊ុន ស្នេថេក ឈីន ឯ.ក (SchneiTec CHINT Co.,Ltd) ស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលមានតម្លៃប្រមាណ២,៥លានដុល្លារ ត្រូវបានធ្វើពិធីសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

ពិធីនេះបានការអញ្ជើញចូលរួម ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គីសនីកម្ពុជា និងលោក ជាវ តាយអភិបាលខេត្តពោធិ៍សាត់។

រោងចក្រផ្គុំដំឡើងគ្រឿងសម្ភារៈអគ្គិសនី SCHNEITEC CHINT CO.,LTD ត្រូវបានបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ក្រោមការផ្ដួចផ្ដើម និងកិច្ចសហការរវាងក្រុមហ៊ុន SchneiTec Group និង CHINT Group។

រោងចក្រនេះ មានទីតាំងនៅភូមិអន្សាក្ដាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបង្កើតឡើងក្នុងគោលបំណងផ្តោត ទៅលើការផលិត គ្រឿងសម្ភារៈអគ្គិសនី កម្រិតតង់ស្យុងមធ្យម(MV) ដែលមានដូចជា ទូ Switchgear ទូ RMU ត្រង់ស្វូរ(MV Distribution Transformer) កុងដង់សាទ័រ(Capacitor Bank) ដើម្បីអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជាមួយនឹងផលិតផលដែលមានគុណភាព សុវត្ថិភាព និងទទួលបានស្ដង់ដារត្រឹមត្រូវតាមបច្ចេកទេសទាំងក្នុងស្រុក និងអន្តរជាតិ។

រោងចក្រនេះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ៣ម៉ឺនម៉ែត្រការ៉េ ដែលក្នុងនោះទំហំ៣ពាន់ម៉ែត្រការ៉េជាកន្លែងផលិតកម្ម និង៥០០ម៉ែត្រការ៉េជាកន្លែងការិយាល័យ។

ក្រុមហ៊ុនបានសម្តែងសុទិដ្ឋិនិយមថា រោងចក្រដ៏ធំក្នុងទឹកដីខេត្តពោធិ៍សាត់នេះគឺជាជោគជ័យដ៏មានតម្លៃ ក្នុងការចូលរួមលើកស្ទួយចំណែកនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច លើវិស័យអគ្គិសនីនៅក្នុងប្រទេសកម្ពុជា៕

គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ខេត្តព្រះសីហនុ សំរេចបាន៧៥ភាគរយហើយ

ដោយៈ ម៉ាលីស

ព្រះសីហនុៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងសាងសង់ អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលការសាងសង់ បានសម្រេចចំនួន៧៥ភាគរយហើយ។

លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំ ដល់ក្រុមការងារបច្ចេកទេស ត្រូវយកចិត្តទុកដាក់ពន្លឿន ការសាងសង់ស្របតាមស្តង់ដារបច្ចេកទេស និងគុណភាពខ្ពស់។

គម្រោងសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង  ដំបូលប្រក់ស័ង្កសី  នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបា​លនេះ អាចដាក់គ្រែសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល បានចំនួន៣៥៦គ្រែ  (គ្រែ១ជាន់ ) ឬអាចបានចំនួន ៧១២គ្រែ  ប្រសិនប្រើគ្រែ២ជាន់។

ការសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ បានសម្រេចចំនួន៧៥ភាគរយហើយ។

បន្ទាប់មកលោក អភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យមើលទីតាំងនៅជុំវិញអគារធ្វើការនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំឱ្យក្រុមការងារធ្វើការឈូសឆាយពង្រាបដីដោយធ្វើផ្លូវចេញចូល និងរៀបចំសួនច្បារ ដាំស្មៅ ដើម្បីធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបង្អែកខេត្តរបស់យើង មានសោភ័ណភាពស្រស់ស្អាត និងមានពណ៌បៃតង៕

ទីផ្សារអាស៊ាននិងអឺរ៉ុបក្លាយជាគោលដៅថ្មីនៃប្រភពទីផ្សារទេសចរណ៍ខេត្តព្រះសីហនុ

ដោយៈម៉ាលីស

ព្រះសីហនុៈ ទីផ្សារអាស៊ាន និងអឺរ៉ុបជាគោលដៅថ្មី ដែលត្រូវគិតគូរមុនគេ សម្រាប់គោលដៅទេសចរណ៍វ៉ាក់សាំង ខេត្តព្រះសីហនុ ក្នុងដំណាក់កាលស្តារទេសចរណ៍ឡើងវិញ។

ក្រៅពីនេះ ខេត្តព្រះសីហនុក៏ត្រូវគិតគូរពីការផ្សព្វផ្សាយ និងការសម្រ​បសម្រួលនានា ដើម្បីទាញយកទេសចរណ៍តាមកប៉ាល់ ឲ្យបានច្រើនផងដែរ។ នេះជាការលើកឡើងរបស់អង្គប្រជុំ នៃអនុក្រុមការងារកំណត់ប្រភពទីផ្សារទេសចរណ៍វ៉ាក់សាំងសម្រាប់ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារខាងលើ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ​ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា CATA បានលើកឡើងថា ទីផ្សារទេសចរណ៍សម្រាប់ខេត្តព្រះសីហនុ ក្នុងដំណាក់កាលនេះ គឺទីផ្សារអាស៊ាន ដោយមូលហេតុមានភាពងាយស្រួលបត់បែន ក្នុងការធ្វើដំណើរជាមួយកម្ពុជា។ ក្រៅពីនេះ ក្រោយវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាបានរៀបចំនៅខេត្តព្រះសីហនុកន្លងទៅនេះ ទីផ្សារនៅអឺរ៉ុប ក៏ចាប់អារម្មណ៍ផងដែរ។

លោកស្រីក៏ស្នើឲ្យស្ថាប័នពាក់ព័ន្ធសិក្សាបន្ថែម ធ្វើយ៉ាងណាទាក់ទាញទេសចរណ៍តាមកប៉ាល់ឲ្យបានច្រើន ព្រោះកន្លងមកទោះមានកប៉ាល់ចូលចតនៅកំពង់ផែយើងក៏ដោយ ក៏មានទេសចរតិចតួចប៉ុណ្ណោះបានឡើងលើគោកមកទស្សនាកម្ពុជា និងចំណាយពេលតិចតួចបំផុត ក្នុងការទស្សនាបើធៀបនឹងប្រទេសផ្សេង។ ទន្ទឹមនឹងនេះ លោកជំទាវក៏បានស្នើឲ្យមានការអនុញ្ញាតទិដ្ឋាការពេលមកដល់ (Visa on arrival) សម្រាប់ទេសចរណ៍ផងដែរ ជាពិសេស ទេសចរណ៍តាមកប៉ាល់។

ចំណែកលោកកាទើ មហាំម៉ាត់ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានចូលរួមយោបល់ផងដែរ អំពីការរៀបចំឲ្យមានទេសចរណ៍មូស្ល៊ីមមកខេត្តព្រះសីហនុ។

លោកបញ្ជាក់ថា ទេសចរណ៍មូស្លីម ធ្វើដំណើរច្រើនលើពិភពលោក ហើយប្រទេសនៅអាស៊ាន ក៏មានទេសចរណ៍មូស្លីមច្រើនដែរ។ ការរៀបចំតម្រូវការចាំបាច់នានាសម្រាប់មូស្លីម ដូចជា ភោជនីយដ្ឋានហាឡាល់ សហគមន៍មូស្ល៊ីមជាដើម នឹងជួយឲ្យមានការទាក់ទាញទេសចរណ៍មូស្លីមបានច្រើន។ លោកបានស្នើឲ្យមានការបណ្តុះបណ្តាលអាជីវករ និងអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ឲ្យយល់ដឹងពីទេសចរណ៍មូស្ល៊ីមផងដែរ។

ចំណែកលោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានលើកឡើងថា កន្លងមក ក្រុមការងាររបស់លោកធ្លាប់បានទាក់ទងជាមួយប្រទេសជិតខាងគឺថៃ វៀតណាម និងឡាវ ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទៅវិញទៅមក តែត្រូវអាក់ខានដោយសារកូវីដ។ ដោយសារស្ថានភាពបច្ចុប្បន្នធូរស្រាលហើយ ក្រុមការងារលោកនឹងជំរុញក្រុមនេះឲ្យដំណើរការឡើងវិញ។

លោកបញ្ជាក់ថា “យើងមិនអាចរង់ចាំឲ្យគេមកលេង ប្រទេសយើងនោះទេ តែយើងត្រូវរៀបចំកញ្ចប់ ហើយទៅហៅគេមកលេង ទើបមានប្រសិទ្ធភាព”។

លោកសុខ សង្វារ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ កម្ពុជាបានក្លាយជាប្រទេសជោគជ័យ លើការគ្រប់គ្រងវិបត្តិកូវីដ-១៩ និងឈានដល់ការបើកប្រទេសមុនគេនៅអាស៊ាន ដោយគ្មានចត្តាឡីស័ក សម្រាប់ទទួលអ្នកដំណើរជុំវិញពិភពលោក។ លោកក៏បានបានថ្លែងអំណរគុណអង្គប្រជុំ ហើយនិងនាំនូវលទ្ធផលនៃកិច្ចប្រជុំនេះ ជូនថ្នាក់ដឹកនាំរបស់ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធដើម្បីពិចារណា។

លោកបញ្ជាក់ថា “វិស័យទេសចរណ៍ចាំបាច់ ត្រូវការកិច្ចសហការរវាងរដ្ឋ និងឯកជន ទើបអាចជោគជ័យទៅបាន។ វិស័យឯកជននឹងបន្តគាំទ្រចូលរួមយោបល់ល្អៗបន្ថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឲ្យកាន់តែទទួលបានជោគជ័យ”៕

HCM City and Hà Nội are the two most attractive locations for buyers

HÀ NỘI — A study of consumer sentiment in the domestic real estate market in the first half of 2022 was launched on Friday by Batdongsan.com, the leading real estate trading website in Việt Nam.

Based on an online survey of more than 1,000 people nationwide at the end of 2021, the study measures the sentiment of buyers and sellers in the property market and expectations about future prospects.

According to this study, homebuyers in Việt Nam tend to seek green and spacious areas. Sixty-one per cent of people surveyed want to live near green space, and 45 per cent are looking to move to the suburbs and less crowded areas.

The top factors buyers look for are entertainment areas, schools, trees and public transport. Many older married Vietnamese people have a higher income and high demand for these factors.

Fifty-two per cent of people surveyed think that real estate prices are too high, but 72 per cent said they need to buy real estate and that real estate prices have decreased due to COVID-19.

Meanwhile, 31 per cent expect real estate prices to continue to increase by more than 10 per cent in the next five years. This is why many Vietnamese prefer to invest in real estate, according to Nguyễn Quốc Anh, Batdongsan.com director.

Ninety-two per cent of people surveyed plan to buy real estate in the future.

More than half are looking to buy a house in the next two years, with HCM City and Hà Nội the two most attractive locations for buyers, followed by nearby cities and provinces.

The biannual real estate consumer sentiment study will measure buyer confidence and expectations.

Robert Vũ, CEO of Batdongsan.com, said: “Our website has developed the data on the local property market and published many reports relating to this market. However, the market still needs information about trends of real estate buyers, so we implement this sentiment study.”

Sushmita Mohapatra, head of content marketing at PropertyGuru, said: “The study’s findings show that Việt Nam’s real estate trends are similar to those in other countries in the region. For example, most Vietnamese, Singaporeans, Malaysians, and Indonesians want to own homes in less congested areas, and most expect real estate prices to rise in the future, particularly in Việt Nam and Malaysia, which have high urban and real estate development rates.”

“We believe that the report results have objectively and fairly reflected market realities in various nations over many years and that this report will be an important and effective reference tool for property customers in particular, as well as the Vietnamese real estate market in general.”

The real estate consumer sentiment study has been conducted since 2009 in four other countries, Singapore, Indonesia, Malaysia and Thailand, by PropertyGuru, the parent company of Batdongsan.com.

“This report has a history of more than 12 years in the Southeast Asia market. It has been used by users as well as media agencies in the region as a reference source when assessing market fluctuations and real estate consumer sentiment,” said Mohapatra. — VNS

កូរ៉េខាងត្បូងក្លាយជាប្រទេសផលិតរថយន្តច្រើនបំផុតទី៥ក្នុងពិភពលោក

ដោយៈសុខុម

សេអ៊ូល: របាយការណ៍មួយបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ ថា កូរ៉េខាងត្បូង បានជាប់ជាប្រទេសផលិត រថយន្តបានច្រើនបំផុតទី៥ ក្នុងពិភពលោកក្នុងឆ្នាំ២០២១។

ការផលិតនេះ បានធ្វើឲ្យកូរ៉េរក្សាបានតំណែងនេះ២ឆ្នាំជាប់គ្នាអំឡុងពេលកំពុងប្រឹងប្រែងទប់ការធ្លាក់ចុះ ដោយសារកង្វះបន្ទះឈីបរថយន្តទូទាំងពិភពលោក ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩។

យោងតាមរបាយការណ៍របស់សមាគម ក្រុមហ៊ុនផលិតរថយន្តកូរ៉េ ហៅកាត់ KAMA នេះឱ្យដឹងថា ទិន្នផលផលិតរថយន្តរួមបញ្ចូលគ្នា ដោយក្រុមហ៊ុនកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន Kia ផងដែរនោះបានឈានដល់ចំនួន៣,៤៦លានគ្រឿង គិតត្រឹមដំណាច់ឆ្នាំ២០២១ ដោយធ្លាក់ចុះ១,៣%បើធៀបនឹងឆ្នាំ២០២០។

របាយការណ៍ដដែលបង្ហាញថា ប្រទេសចិន រក្សាបានតំណែងកំពូលលេខ១ រយៈពេល១៣ឆ្នាំជាប់គ្នា ដោយផលិតរថយន្តបានរហូតដល់ទៅ២៦,១លានគ្រឿងក្នុងឆ្នាំ២០២១ បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលផលិតបាន៩,១៥លានគ្រឿង ប្រទេសជប៉ុនផលិតបាន៧,៨៤លានគ្រឿង និងប្រទេសឥណ្ឌា ផលិតបានចំនួន៤,៣៩លានគ្រឿង។

ទិន្នផលផលិតរថយន្តសរុបទូទាំងពិភពលោក បានកើនឡើង២% ឈានរហូតដល់៧៩,៧លានលានគ្រឿង។

សមាគម KAMA បានលើកឡើងក្នុងរបាយការណ៍នោះថា “ទោះបីជាមានកត្តា​ មិនអំណោយផលជាបន្តបន្ទាប់ ដូចជាវិបត្តិកង្វះបន្ទះឈីបជាសកលជាដើមក្ដី ក៏កូរ៉េខាងត្បូង នៅតែអាចកាត់បន្ថយផលប៉ះពាល់​ តាមរយៈការគ្រប់គ្រងសារពើភណ្ឌ និងការខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីទទួលបានបន្ទះឈីប”។

របាយការណ៍បានកត់សម្គាល់ថា នៅទូទាំងពិភពលោក ឧស្សាហកម្មផលិតរថយន្តមិនទាន់ស្ទុះងើបឡើង ឈានដល់កម្រិតមុនពេលផ្ទុះការឆ្លងរីករាលដាលវីរុសកូវីដ-១៩ នៅឡើយទេដោយសារ ការរាំងស្ទះញឹកញាប់នូវការផ្គត់ផ្គង់បន្ទះឈីបទូទាំងពិភពលោក និងការផ្ទុះរលកឆ្លងថ្មីៗដែលបង្កឡើងដោយសារវីរុសបំប្លែងខ្លួនថ្មីៗ៕ Korea Times៕

វៀតណាមបញ្ចេញលទ្ធផលស្ទង់មតិឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីទំនោររបស់អ្នកទិញអចលនទ្រព្យ

ដោយៈសុខុម

ហាណូយៈ គេហទំព័រជួញដូរអចលនទ្រព្យឈានមុខគេ នៅវៀតណាម Batdongsan.com បានចេញផ្សាយលទ្ធផល នៃការស្ទង់មតិមួយកា​លពីថ្ងៃសុក្រ សប្ដាហ៍មុនដែលបង្ហាញថា អ្នកទិញលំនៅដ្ឋានក្នុងប្រទេសវៀតណាម មានទំនោរស្វែងរកទិញផ្ទះដែលធំទូលាយ និងមានធម្មជាតិបៃតង។

លទ្ធផលនៃការស្ទង់មតិសម្រាប់ឆមាសទី១ ដើមឆ្នាំ២០២២ នេះបង្ហាញថា ចំនួន៦១%នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេចង់រស់នៅជិតតំបន់ ដែលមានធម្មជាតិបៃតង។ ចំណែកឯ៤៥%ទៀតឆ្លើយថា ពួកគេកំពុងសម្លឹងរកឱកាសផ្លាស់ ទៅរស់នៅតំបន់ជាយក្រុង និងតំបន់ដែលមិនសូវមានមនុស្សអ៊ូអរខ្លាំងពេក។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ។

ដោយផ្អែកលើការស្ទង់មតិតាមអ៊ីនធឺណិត ដែលធ្វើឡើងទៅលើមនុស្សជាង១.០០០នាក់នៅទូទាំងប្រទេស កាលពីដំណាច់ឆ្នាំ២០២១ ការសិក្សានេះ បានធ្វើការវាស់ស្ទង់អារម្មណ៍ និងទំនោររបស់អ្នកទិញ ព្រមទាំងអ្នកលក់នៅក្នុងទីផ្សារអចលនទ្រព្យ និងក្ដីរំពឹងចំពោះអនាគតនា។

លក្ខខណ្ឌអំណោយផលចម្បងៗ ដែលអ្នកទិញស្វែងរក គឺតំបន់ដែលមានកន្លែងកម្សាន្ត សាលារៀន ដើមឈើ និងសេវាដឹកជញ្ជូនសាធារណៈ។ ប្ដីប្រពន្ធវ័យចំណាស់ជនជាតិវៀតណាម ជាច្រើនមានប្រាក់ចំណូលខ្ពស់ និងពួកគេចង់បានលក្ខខណ្ឌអំណោយផលទាំងនេះ។

ចំនួន៥២%នៃអ្នក ដែលត្រូវបានស្ទង់មតិយល់ឃើញថា តម្លៃអចលនទ្រព្យហាក់ខ្ពស់ពេក ប៉ុ​ន្តែប្រជាជន៧២% និយាយថា ពួកគេត្រូវការទិញអចលនទ្រព្យ ហើយយល់ថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះ ដោយសារវិបត្តិកូវីដ-១៩។

ទន្ទឹមនឹងនេះ៣១%រំពឹងថា តម្លៃអចលនទ្រព្យនឹងបន្តហក់ឡើងជាង១០%ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ លោក Nguyễn Quốc Anh នាយកគេហទំព័រ Batdongsan.com បានលើកឡើងថា នេះជាមូលហេតុដែលជនជាតិវៀតណាម ជាច្រើនចូលចិត្តវិនិយោគលើអចលនទ្រព្យ។

ជាមួយគ្នានេះផងដែរ ៩២%នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេមានគម្រោងទិញអចលនទ្រព្យនាពេលអនាគត។

ជាងពាក់កណ្តាល នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេកំពុងស្វែងរកទិញផ្ទះ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ដោយទីក្រុងហូជីមិញ និងក្រុងហាណូយ សុទ្ធតែជាទីតាំងដ៏ទាក់ទាញបំផុតពីរ សម្រាប់អ្នកទិញ បន្ទាប់មកគឺបណ្ដាទីក្រុង និងខេត្តក្បែរៗនោះ។

ការសិក្សាអំពីអារម្មណ៍ និងទំនោររបស់អ្នកទិញអចលនទ្រព្យប្រចាំឆមាសនេះ នឹងធ្វើការវាស់ស្ទង់ទំនុកចិត្ត និងការរំពឹងទុករបស់អ្នកទិញ៕ Vietnam News៕

ប្រភេទនៃអចលនទ្រព្យទាំង៤ដែលកំពុងពេញនិយមក្នុងការវិនិយោគនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាមានអចលនទ្រព្យ៤ប្រភេទ ដែលវិនិយោគិនមានការចាប់អារម្មណ៍ និងបានបណ្ដាក់ទុនវិនិយោគច្រើនជាង។

នៅថ្ងៃនេះយើងនឹងលើកយកពីប្រភេទ នៃអចលនទ្រព្យទាំង៤ប្រភេទមកជម្រាបអ្នកអានឱ្យបានយល់ដឹងបន្ថែមទៀត ។

១. អចលនទ្រព្យលំនៅឋាន
អចលនទ្រព្យប្រភេទនេះ សំដៅដល់ប្រភេទសំណង់ទាំងឡាយណា ដែល មានលក្ខណៈគ្រួសារដូចជាផ្ទះដីឡូត៍ ខុនដូ និង អាផាត់មិនជាដើម ។អចលនទ្រព្យប្រភេទនេះ គឺកំពុងទទួលបានការពេញនិយមខ្លាំង នៅក្នុងប្រទេសកម្ពុជា លើការអភិវឌ្ឍន៍រួមទាំងប្រភេទលំនៅឋាន ដែលមានតម្លៃទាប និងមធ្យមរហូតដល់អចលនទ្រព្យដែលមានតម្លៃខ្ពស់ៗ។

២. អចលនទ្រព្យពាណិជ្ជកម្ម
អចលនទ្រព្យនេះ គឺសំដៅដល់ប្រភេទសំណង់ណា ដែលបង្កើតឡើង សម្រាប់ រកប្រភពចំណូលឬសម្រាប់រកស៊ីនានា ។ ឧទាហរណ៍ជាក់ស្តែងដូចជាផ្សារទំនើប មជ្ឈមណ្ឌលកំសាន្ត មន្ទីរពេទ្យ គ្លីនិកបុរី និងសណ្ឋាគារជាដើម ។អចលនទ្រព្យប្រភេទគឺមានតម្លៃខ្ព ស់ជាងអចលនទ្រព្យប្រភេទ ផ្សេងទៀត សូម្បីតែផ្ទះនៅក្នុងតំបន់ពាណិជ្ជកម្ម ក៏លក់បានថ្លៃជាងផ្ទះដែលស្ថិតនៅក្នុងតំបន់លំនៅឋាន គឺមិនមានអាជីវកម្មសំបូរបែប។

៣. អចលនទ្រព្យឧស្សាហកម្ម
អចលនទ្រព្យស្ថិតនៅក្នុងប្រភេទនេះ គឺសំដៅដល់អចលនទ្រព្យណា ដែល បង្កើតមកសម្រាប់ធ្វើជាឃ្លាំង ដាក់ទំនិញឬក៏រោងចក្រទូទៅ ។តំបន់ឧស្សាហកម្ម ត្រូវបានគេចាត់ទុកជាតំបន់ ដែលសំបូរអ្នកមានចំណូលទាបនិងមធ្យមរស់នៅច្រើន។

៤. ដីធ្លី
អចលនទ្រព្យក៏កំពុងមានការវិនិយោគច្រើន ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ផងដែរ ។ វាសំដៅដល់ដីធ្លីទាំងមូលដូចជា ដីស្រែ ដីឡូត៍ ដីទំនេរ ( រាប់ទាំងដីមិនទាន់អភិវឌ្ឍនិងកំពុងអភិវឌ្ឍ ) ឬក៏ដី កសិដ្ឋាន ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានផ្ដល់ជាយោបល់ និងការយល់ឃើញថា ដីធ្លីជាអចលនទ្រព្យដែលគួរវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេ​ញនៅពេលអនាគត ហើយទិញដីទុកចំណេញក្នុងតម្លៃទាប និងលក់វិញក្នុងតម្លៃខ្ពស់ គឺជាឱកាសក្នុងការសាងភាពមានបាន។ ម្យ៉ាងទៀតបើចង់វិនិយោគដីធ្លី កុំរកទីតាំងនៅជិតៗក្រុង គួររកទីតាំងដែលនៅឆ្ងាយៗពីក្រុង ៕

បុរីបុស្បាសាងសង់ឡើងស្របតាមបរិបទនៃលក្ខខ័ណ្ឌអាកាសធាតុនិងចំណូលចិត្តមនុស្សសម័យថ្មី

ដោយៈជេស៊ីកា

ភ្នំពេញៈ ការផ្តល់នូវបែបផែននៃការរស់នៅ ផ្សារភ្ជាប់ជាមួយធម្មជាតិ កាន់តែជារសនិយមរបស់មនុស្សសម័យថ្មី ដែលចូលចិត្តធម្មជាតិ និងបរិយាកាសស្រស់ស្រាយនៅក្នុងជីវិតរបស់ពួកគេ។

បុរីថ្មីមួយបានសាងសង់ឡើងលើទំហំផ្ទៃដីជាង២០ហិកតា នោះគឺបុរី​បុស្បា ដែលអ្នករចនាគំរោងនេះ បានទុកទំហំដីធំសំរាប់សួនសាធារណៈរៀបចំនូវការឌីសាញទ្វារបង្អួចធំៗ និងស្របតាមទទិសខ្យល់ ដែលអាចផ្តល់​បរិយាកាសក្នុងលំនៅដ្ឋាន ពោរពេញដោយខ្យល់ត្រជាក់ និងអារម្មណ៍ស្រស់ស្រាយ។

បុស្បា បាននិងកំពុងសាងសង់ក្នុងសង្កាត់ព្រៃវែង ខ័ណ្ឌដង្កោរាជធានីភ្នំពេញ ជាតំបន់ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

លោកឧកញ៉ាឈាង រ័ត្នសហភាគហ៊ុននិកនៃបុរីបុស្បាបានមានប្រសា​សន៍ឲ្យដឹងតាមរយៈការ Live របស់ខ្លួនថា បុរីបុស្បាបាននិងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ពិសេសម៉ូតផ្ទះវីឡា ផ្ទះអាជីវកម្ម ននិងផ្ទះជាច្រើនម៉ូតទៀត ដែលត្រូវបានឌីសាញឡើង ប្រកបដោយប្រណីត​ភាព ភាពស៊ីវិល័យ និងគគិតគូជាចម្បងដល់បរិស្ថាន នៃការររស់នៅតាមរសនិយមរបស់មនុស្សសម័យថ្មី។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងចក្ខុវិស័យដ៏វែងឆ្ងាយ យើងបាននិងកំពុងវិនិយោគបុរីថ្មីមួយ ដើម្បីផ្តល់លំនៅដ្ឋានប្រកប ដោយគុណភាព ប្រណីតភាព ភាពស៊ីវិល័យ និងផ្សារភ្ជាប់ជាមួយធម្មជាតិដល់អតិថិជន”។​លោកបន្តថា“មូលហេតុដែលយើងរើសទីតាំងនេះ ដោយសារតំបន់នេះ​មានមនុស្សរស់នៅច្រើន ជាអ្នកមានជីវភាពថ្នាក់កណ្តាល និងថ្នាក់ខ្ពស់ ហើយវាជាតំបន់មួយ ដែលមានភាពស៊ីវិល័យនាពេលអនាគត”។

ជាមួយគ្នានេះ លោកស្មុយ សុផលសហភាគហ៊ុននិកនៃបុរីបុស្បាបានបង្ហាញចំនួនអតិថិជនច្រើនកុះករ នៅក្នុងអគារការរិយាល័យរបស់បុរីនេះ នៅលើទំនាក់ទំនងសង្គមរបស់ខ្លួន។

លោកឧកញ៉ាឈាង រ័ត្ន បានបន្តថា ជាមួយនឹងការលើកទឹកចិត្តអតិថិជនជាពិសេស បុរីបុស្បាបានលក់ក្នុងតម្លៃទាបជាងទីផ្សារ៣០ភាគរយ ប៉ុន្តែយើងនីតែរក្សាបាននូវគុណភាព ប្រណីតភាព និងភាពស៊ីវិល័យ ព្រោះការវិនិយោគរបស់យើង មិនបញ្ចប់ត្រឹមគំរោងនេះទេ ប៉ុន្តែយើងនឹងវិនិយោគបុរីកាន់តែធំជាងនេះនាពេលអនាគត។

បុរីបុស្បាមានទីតាំង ពោរពេញដោយភាពអំណោយផល ដោយសារតំបន់នេះងាយស្រួល ក្នុងការតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវ៦០ម៉ែត្រ ដែលសម្បូរដោយផ្សារទំនើប ពិសេសផ្សារទំនើប AEON Mall3 បាននិងកំពុងសាងសង់យ៉ាងសកម្ម។

លោកឧកញ៉ាឈាង រ័ត្ន និងលោកជំទាវស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រ​ស់ធម្មជាតិ និងដៃគូមួយចំនួនទៀតបានវិនិយោគបុរីបុស្បាឡើង ដើម្បីផ្តល់ឲ្យប្រជាពលរដ្ឋនូវលំនៅដ្ឋាន ដែលគោរពបាននូវស្តង់ដា និងគុណតម្លៃមួយ ដែលធ្វើឲ្យអ្នករស់នៅមានផាសុខភាព និងមនោរម្យ ដោយសារបុរីនេះ​បានរៀបចំសួនច្បារ ទីធ្លាសាធារណៈ​និងហេដ្ឋារចនាសម្ព័ន្ឋ យ៉ាងធំទូលាយ​ងាយស្រួលការដើរហាត់ប្រាណ ប្រារពពិធីនានា និងការធ្វើដំណើរចេញ​ចូលបុរី ដែលផ្តល់សន្តិសុខ២៤ម៉ោងផងដែរ។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ០៨១ ២៣០ ៧៨៩, ០៨៧២៣០ ៧៨៩, ០៩៩ ២៣០ ៧៨៩៕

អ្នកឧកញ៉ាសុខ គង់ បង្ហើបពីទំហំចំណាយ ផែនការអភិវឌ្ឈន៍និងរយៈពេលនៃការសាងសង់ទីក្រុងបូកគោថ្មី

ដោយៈជេស៊ីកា

កំពតៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបាន និងកំពុ​ងចំណាយប្រាប់រាប់រយលានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានឋានសួគ៌បូកគោ និងទីក្រុងបូកគោថ្មី ដែលបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបាន និងកំពុងសាងសង់យ៉ាងខ្វាត់ខ្វែងលើកំពូលភ្នំនេះ។

ក្នុងពេលអនុញ្ញាត្តឲ្យសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់កាលពីសប្តាហ៍មុន អ្នកឧកញ៉ាសុខគង់បានលើកឡើងពីផែនការ និងពន្យល់ពីទស្សនវិស័យលើការអភិវឌ្ឍន៍ទីក្រុងនេះ។

សំណួរៈ តើរហូតមកទល់ពេលនេះ ទីក្រុងបូកគោថ្មីមានការអភិវឌ្ឍន៍យ៉ាងដូចម្តេច?

ចម្លើយៈ ទីក្រុងបូកគោថ្មីបាន និងកំពុងសាងសង់លំនៅដ្ឋានលើគំរោងធំៗចំនួន៣ ដែលបានលក់អស់មួយចំនួន និងកំពុងលក់បន្ត ដោយមានការចាប់អារម្មណ៍ច្រើន ពីអ្នកចង់បានផ្ទះលំហែរកាយ។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្លូវថ្មីមួយខ្សែ ចេញពីតំបន់ស្រែ៥០០ទៅកាន់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨ និងមួយខ្សែទៀតជាខ្នែងផ្លូវឆ្ពោះទៅកាន់កំពូលភ្នំបូកគោ ដែលស្ថិតនៅផ្នែកផ្សេងទៀត។

បច្ចុប្បន្នផ្លួវនេះ បានឈូសឆាយបានជាង៨គីឡូម៉ែត្ររួចហើយ ប៉ុន្តែមិនទាន់ដឹងចប់នៅពេលណាទេ វាអាស្រ័យលើទំហំទុនដែលយើងមាន។ ផ្លូវដ៏សំខាន់នេះមានប្រវែង១២៧គីឡូម៉ែត្រ ដែលវានឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយសេដ្ឋកិច្ចជាតិ ពិសេសអ្នកចង់មកលេងកំសាន្តនៅទីក្រុងបូកគោ អាចមកតាមផ្លូវជាតិលេខ៤ ហើយបើកត្រង់តាមផ្លូវនេះ មកកាន់ទីក្រុងបូកគោតែម្តង។

សំណួរៈ តើទីក្រុងនេះមានលក្ខណៈពិសេសផ្នែកភូមិសាស្រ្ត និងអាកា​សធាតុដូចម្តេច?

ច​ម្លើយៈ ទីក្រុងបូកគោ ដែលបានរកឃើញដោយជនជាតិបារាំង ជាភ្នំដ៏ខ្ពស់ និងមានលក្ខណៈពិសេសជាងគេនៅកម្ពុជា ដោយសារភ្នំនេះមានកំពស់ជាង១០០០ម៉ែត្រ ដែលផ្តល់នូវទិដ្ឋភាពស្រស់ត្រកាល ព្រៃឈើត្រូវបានអភិរ័ក្ស ព្រោះវាជាតំបន់ឧទ្យានជាតិ។

លក្ខខ័ណ្ឌអាកាសធាតុនេះ មានសីតុណ្ហភាពជាមធ្យម១៧ ទី១៨អង្សារសេ នៅពេលរាត្រី ដែលខ្យល់អាកាសបែបនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវផ្នែកសុខភាពបានឲ្យដឹងថា “ខ្យល់អាកាសនៅភ្នំបូកគោ អាចជួយសុខភាពមនុស្សបានយ៉ាងប្រសើរ ពិសេសអាចជួយអ្នកមានជម្ងឺសួតបានទៀតផង”។

ទីក្រុងបូកគោ ដែលគ្របដណ្តប់លើផ្ទៃដី៣០,០០០ហិកតានេះ នឹងក្លាយជាទីតាំងមួយ ទាក់ទាញការវិនិយោគពីសំណាក់ អ្នកវិនិយោគជាតិ អន្តរជាតិ ជាពិសេសនឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សំណួរៈ តើទីក្រុងបូកគោមានទំហំប៉ុន្មានហិកតា ហើយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយប្រាក់អស់ប៉ុន្មានហើយ?

ចម្លើយៈ ទីក្រុងបូកគោមានផ្ទៃដី ៣០,០០០ហិកតា សម្រាប់អភិវឌ្ឍន៍បាន ក្នុងចំណោមផ្ទៃដី១៤០,០០០ហិកតា ដែលស្ថិតក្នុងឧទ្យានជាតិមួយនេះ។ បើគិតពីការអភិវឌ្ឍន៍តាំងពីដើមដំបូង រាប់ទាំងសណ្ឋាគារ កាស៊ីណូ ផ្លូវឡើងភ្នំ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតក្រុមហ៊ុន បានវិនិយោគអស់ទឹកប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ។

សំណួរៈ តើក្រុមហ៊ុនគ្រោងចំណាយប្រាក់ប៉ុន្មានលានដុល្លារ ដើម្បីវិនិយោគទីក្រុងបូកគោថ្មី?

ចម្លើយៈ ទំហំទីក្រុងបូកគោថ្មីនេះធំណាស់ ដែលយើងចំណាយប្រាក់ពី១០ទៅ២០ពាន់លានដុល្លារ មិនគ្រប់ទេ ព្រោះវាត្រូវចំណាយច្រើនណាស់ ដើម្បីបង្កើតទីក្រុងថ្មីមួយបាន និងមានមនុស្សមករស់នៅច្រើន។

ការអភិវឌ្ឍន៍ទីក្រុងនេះ មានរយៈពេលមិនតិចជាង៥០ឆ្នាំឡើយ ឬអាចយូរជាងនេះ ទើបអាចបញ្ចប់បានតាមផែនការ។

សំណួរៈ តើទីក្រុងនេះ មានលក្ខណៈពិសេសដូចម្តេច តើក្រុមហ៊ុនជួលដីពីរដ្ឋ ហើយជនបរទេសអាចមានសិទ្ឋជួលបន្តដែរឬទេ?

ចម្លើយៈ ទីក្រុងថ្មីនេះ ក្រុមហ៊ុនបានជួលពីរដ្ឋាភិបាល ហើយមានកាលផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២១០៩ ខាងមុខ មានន័យថា វាមានសុពលភាពរយៈពេល៨៧ឆ្នាំទៀត។

សម្រាប់ជនជាតិខ្មែរ និងជនបរទេស ដែលចង់វិនិយោគគម្រោងផ្សេងៗលើទីក្រុងនេះ អាចចចារជាមួយក្រុមហ៊ុនដើម្បីជួលបន្តបាន តាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដែលបានទទួលសិទ្ឋសម្បទានជួល ពីរដ្ឋាភិបាលកម្ពុជា៕