ដោយៈ សុផារី
ភ្នំពេញៈ តាមរយៈផែនការក្នុងការពង្រីកផ្ទៃដី រាជធានីភ្នំពេញរបស់រដ្ឋាភិបាល ក្នុងកាំរង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ នឹងធ្វើឱ្យផ្នែកខ្លះនៃខេត្តនៅជុំវិញរាជធានីភ្នំពេញ ត្រូវបានកាត់បញ្ចូលមកក្នុងដែនដីនៃរាជធានីភ្នំពេញ ហើយបានជំរុញកំណើនការអភិវឌ្ឍ លើហេដ្ឋារចនាសម្ព័ន្ឋ អចលនទ្រព្យ ព្រមទាំងគុណភាពជីវិតរបស់ប្រជាជននៅក្នុងមូលដ្ឋាន។
តំបន់អរិយក្សត្រ ដែលស្ថិតនៅត្រើយម្ខាងនៃក្រុងភ្នំពេញ មានទីតាំងមិនឆ្ងាយប៉ុន្មានឡើយ ពីចំណុចកណ្តាលក្រុងនៃរាជធានីភ្នំពេញ ប៉ុន្តែឧបសគ្គខាងផ្លូវទឹក ដែលតម្រូវឱ្យមានការឆ្លងពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត បានធ្វើឱ្យតំបន់នេះ ក្លាយជាទីតាំងដែលត្រូវបានគិតថា មានចម្ងាយឆ្ងាយទៅវិញ។
ក្រោយរដ្ឋាភិបាលប្រកាសពីគម្រោង នៃការសាងសង់ស្ពានតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អរិយក្សត្រ បានជំរុញឱ្យឧបសគ្គអភិវឌ្ឍន៍តំបន់ខាងលើកំពុងតែផុតរលត់ទៅ។ តើតំបន់អរិយក្សត្រអាចនឹងត្រូវកាត់ចូលជាផ្នែកមួយនៃរាជធានីភ្នំពេញដែរឬទេ?។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានមានប្រសាសន៍ថា ជាទូទៅនៅក្នុងវិស័យអចលនទ្រព្យ មានការរីកចម្រើនគួបផ្សំនឹងគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលគាំទ្រគ្នាទៅវិញទៅមក។
លោកមានប្រសាសន៍ថា “គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើការអភិវឌ្ឍបែប៣៦០ដឺក្រេ តាមគោលនយោបាយអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទី៣ ផ្លូវក្រវាត់ក្រុងទី៤ នៅក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍដីធ្លីមានវិសាលភាពនៅក្នុងចន្លោះហ្នឹង នៅក្នុងក្រវាត់ក្រុងទី៣ ក្រវាត់ក្រុងទី៤។ ផុតពីក្រវាត់ក្រុងហ្នឹងទៅ មិនសូវជាមានការអភិវឌ្ឍច្រើនទេ”។លោកបញ្ជាក់ថា “តំបន់អរិយក្សត្រ អាចចាត់ទុកជាតំបន់ពិសេសមួយ បើធៀបនឹងផ្នែកផ្សេងទៀត ដោយសារត្រូវការប្រព័ន្ធនៃការដឹកជញ្ជូនប្រព័ន្ធ នៃការធ្វើដំណើរ គួរតែមានភាពល្អប្រសើរជាងនេះ”។
ស្ពានមិត្តភាពកម្ពុជាកូរ៉េ ភ្នំពេញ-អរិយក្សត្រ ដែលនឹងសាងសង់ចេញពីចំណុចផ្សាររាត្រី ឆ្ពោះទៅកាន់តំបន់ជ្រោយចង្វារ និងពីតំបន់ជ្រោយចង្វារទៅកាន់អរិយក្សត្រ នឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣។ គម្រោងនេះត្រូវបានអ្នកជំនាញអចលនទ្រព្យ ជាច្រើនរូបមើលឃើញថា នឹងក្លាយជាចលករជំរុញសក្តានុពលអចលនទ្រព្យ នៅក្នុងតំបន់មួយនេះទៅជាតំបន់ពាណិជ្ចកម្មមួយ នាពេលអនាគត។
លោក សុខនីម មានប្រសាសន៍ថា “តំបន់អរិយក្សត្រ លុះត្រាតែមានស្ពានសម្រាប់ឆ្លងកាត់ទន្លេ ដែលផ្តល់នូវភាពងាយស្រួល និងលឿនរហ័ស ទើបអាចត្រូវបាន កាត់ចូលមកជាផ្នែកនៃក្រុងភ្នំពេញបាន”។
លោកបន្តថា “ប្រសិនបើមិនទាន់មានទេ នោះមិនមានភាពងាយស្រួល ក្នុងការអភិវឌ្ឍទេ ដែលការងារនេះ ទាមទារការចូលរួម ការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា”៕