ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Inquirer.Net បានចុះផ្សាយថា តម្រូវការការិយាល័យនៅប្រទេសហ្វីលីពីនបានកើនឡើងក្នុងល្បឿនលឿនជាងគេបំផុតទី២ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈទីក្រុងសិង្ហបុរីបានឈរនៅលេខរៀងទី១។
យោងតាមការសិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានរកឃើញថា តម្រូវការការិយាល័យនៅក្នុងប្រទេសហ្វីលីពីនបានហក់ឡើង៥៦ភាគរយនៅក្នុងឆមាសទី១។ នេះជាសញ្ញាបង្ហាញថា ទីផ្សារការិយាល័យហ្វីលីពីនស្ទុះងើបឡើងវិញ។
ក្រុមហ៊ុនប្រឹក្សាយោបល់ Colliers បានឱ្យដឹងបន្តថា តម្រូវការជួលការិយាល័យនៅប្រទេសហ្វីលីពីនក្នុងអំឡុងខែមករាដល់ខែមិថុនាមានទំហំផ្ទៃក្រឡាសរុបចំនួន៩៦.០០០ម៉ែត្រការ៉េ។
ក្នុងចំណោមនោះ ចំណែក៧០ភាគរយនៃចំនួនអ្នកជួល (Occupier) ក្នុងប្រទេសហ្វីលីពីនបានពង្រីកទំហំការិយាល័យ ខណៈពេលដែលអ្នកជួលចំនួន៣០ភាគរយផ្សេងទៀតបានផ្លាស់ប្តូរទៅកាន់អគារការិយាល័យថ្មី។
ប្រភេទការិយាល័យ ដែលមានតម្រូវការជួលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីនកាលពីឆមាសទី១ មានទំហំផ្ទៃក្រឡាក្រោម១.០០០ម៉ែត្រការ៉េ។ចំណែក៣៦ភាគរយនៃចំនួនកិច្ចសន្យាជួលការិយាល័យសរុបមានទំហំចាប់ពី១.០០០ម៉ែត្រការ៉េទៅ៣.០០០ម៉ែត្រការ៉េ។
ស្របពេលភាពបត់បែន និងនិរន្តរភាពត្រូវបានគេចាត់ទុកជាអាទិភាពសំខាន់ បណ្តាក្រុមហ៊ុននានាកំពុងងាកទៅជួលអគារការិយាល័យលំដាប់ A។ ការណ៍នេះបានឆ្លុះបញ្ចាំងពីតម្លៃ និងមហិច្ឆតានាពេលអនាគតរបស់ពួកគេ៕ប្រភព: Inquirer.Net៕