ដំណឹងល្អៈផ្លូវជាតិលេខ៤បាននិងកំពុងចាប់ផ្តើមស្ថាបនានិងពង្រីក

ដោយ: សុផារី

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

គម្រោងនេះបានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit. 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះមានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ និងគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។

ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ.ម ១៩ + ៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម ២១៥ + ៨០០)។

ការងារស្ថាបនា និងពង្រីកនេះ រួមមាន ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពី ទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ១០ម៉ែត ការងារពង្រីកស្ពានបេតុង និងលូ ចំនួន៤៦ទីតាំង និងការងារស្ថាបនាស្ពានថ្មីចំនួន៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤៕

ខេត្តមណ្ឌលគិរីនឹងមានផលិតផលទេសចរណ៍ថ្មី ដោយភ្ញៀវអាចទៅទស្សនាអណ្តូងរ៉ែមាស

ដោយៈគង់ សូរិយា

មណ្ឌលគិរីៈ រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។

លោកជាក់ ម៉េងហាង អភិបាលរងខេត្តមណ្ឌលគិរីបានមានប្រសា​សន៍ឲ្យដឹងក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងមកថា

ក្រុមហ៊ុននឹងរៀបចំតំបន់នោះ ជាទេសចរណ៍ ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។
លោកបន្តថា “កញ្ចប់នេះអាចមានរយៈពេលពី៣ ទៅ៤យប់ ដោយកញ្ចប់ទី១ គឺការទស្សនារមណីយដ្ឋានធម្មជាតិនានា ក្នុងខេត្តមានដូចជាទឹកជ្រោះ ភ្នំជាដើម រីឯកញ្ចប់ទី២ គឺជាការទស្សនាដំណើរការ នៃការចម្រា​ញ់យករ៉ែមាស”៕

ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាជាង៤១លានដុល្លារ

ដោយ: ម៉ាលីស

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណងដល់រដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្តគម្រោងចំនួន២ ដែលមានទឹកប្រាក់សរុបប្រមា​ណ៤១លានដុល្លារអាមេរិក។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងលោក MIKAMI Masahiro ឯក​អគ្គរដ្ឋទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន ពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងទាំងពីរ ដែលនឹងទទួលបានហិរញ្ញប្បទានឥតសំណងនេះ រួមមាន ទី១ ការបោសសម្អាតមីនប្រកប ដោយសមាហរណកម្ម និងស     ង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ដែលមានទឹកប្រាក់ចំនួន ២០០០ លានយ៉េន (ប្រមាណ១៧លានដុល្លារអាមេរិក)។

ទី២ ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែលមានទឹកប្រាក់ចំនួន២៧៨៦លានយ៉េន (ប្រមាណ២៤លានដុល្លារអាមេរិក)។

ក្រសួងការបរទេស បានលើកឡើងបន្ថែមថា ហិរញ្ញប្បទានឥតសំណ​ង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិ​បត្តិការល្អដែលមានស្រាប់ និងចំណង មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕

អ្នកឧកញ៉ាសុខ គង់ស្នើរដ្ឋាភិបាលបន្តគាំទ្រ និងស្វែងរកការវិនិយោគពីអន្តរជាតិដើម្បីអភិវឌ្ឍន៍៍ទីក្រុងបូកគោ

ដោយៈស៊ីវ ម៉េង

កំពតៈ ទីក្រុងបូកគោថ្មី ដែលមានផ្ទៃដីទំហំ៣០,០០០ហហិកតាបាននិងកំពុងសម្រេចបានវឌ្ឍនភាពបណ្តើរៗ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបាននិងកំពុងសាងសង់ ហើយបុរីជាច្រើនគំរោងកំពុងលក់ជូនអតិថិជន។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសា​សន៍ឲ្យឲ្យក្រុមអ្នកសារព៌តមានដឹង កាលពីចុងសប្តាហ៍មុនថា យើងបាននិងកំពុងកសាងទីក្រុងថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែទំហំចំណាយមានច្រើនណាស់ ដែលទុនវិនិយោគពី១០ទៅ២០ពាន់លានដុល្លារ មិនគ្រប់នោះទេ ហេតុនេះក្រុមហ៊ុនសូមស្នើរដ្ឋាភិបាល បន្តគាំទ្រឲ្យកាន់តតែខ្លាំងក្លាថែមទៀត ដើម្បីក្រុមហ៊ុនមានទឹកចិត្ត ពង្រីកការវិនិយោគកាន់តតែលឿន​ថែមមួយកម្រិតទៀត។

អ្នកឧកញ៉ាបានបន្តថា “បើគ្រាន់តែលុយសំរាប់ចាយ សម្រាប់ការដើរកំសាន្តនៅក្រៅប្រទេសខ្ញុំមានហើយ។ ខ្ញុំមានលុយគ្រប់គ្រាន់សំរាប់ការចូលនិវត្តន៍ ខ្ញុំមិនចាំបាច់ហត់ទេ ព្រោះខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំចង់ទុកមរតកដល់អ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាល”។ អ្នក​ឧកញ៉ាបន្តថា “យើងត្រូវចំណាយច្រើនណាស់ ពិសេសលើការសាងសង់ផ្លូវជាតិ ដែលតភ្ជាប់ពីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ និងតភ្ជាប់ទៅតំបន់យាយម៉ៅពេជ្រនិល ហេតុនេះក្រុមហ៊ុនសូមស្នើឲ្យរដ្ឋាភិបាលបន្តគាំទ្រឲ្យបានកាន់តែខ្លាំងងក្លាថែមទៀត។

អ្នកឧកញ៉ាសុខ គង់ក៏ចង់បានការចូលមកវិនិយោគពីអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ ដើម្បីធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្រេចបានតាមផែនការមេរបស់ក្រុមហ៊ុន ហើយជនបរទេសក៏មានសិទ្ឋជួលដីបន្តនៅលើភ្នំបូកគោ ពីក្រុមហ៊ុនសុខាអូតែល និងអាចផ្ទេរឈ្មោះទៅរូបវ័ន្តបុគ្គល ឬនិតិបុគ្គល ដែលជួលបន្តនោះនៅក្នុងវិញ្ញាប​នបត្រសម្គាល់សិទ្ឋជួលអចិន្រ្តយ៍។

ជាមួយនឹងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ  ពិសេសផ្លូវថ្មីមួយខ្សែចេញពីទទីក្រុងនេះ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ និងទៅកាន់តំបន់យាយម៉ៅ ពេជ្រ និលប្រវែង១២០គីឡូម៉ែត្រ សម្រេចសាងសង់បានជាង៨គីឡូម៉ែត្រហើយ ខណៈបបុរីចំនួនបី ដែលមានផ្ទៃដីរាប់រយហិកតាបាននិងកំពុងលក់ជូនអតិថិជនយ៉ាងជោគជ័យផងដែរ៕

 

ខេត្តកណ្ដាលនិងកំពង់ស្ពឺនឹងក្លាយជាតំបន់ដែលមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគដីធ្លី

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ផែនការពង្រីកទីក្រុងភ្នំពេញបាន និងកំពុងធ្វើឱ្យតំបន់ជាយ​ៗក្រុងមួយចំនួន ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ក្នុងនោះដែរខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ នឹងក្លាយជាតំបន់ ដែលមានសក្ដានុពលខ្ពស់ និងទទួលបានការអភិវឌ្ឍ ទៅលើវិស័យដីធ្លីច្រើនជាងគេ នៅពេលការពង្រីកទីក្រុងកាន់តែធំ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៨ កុម្ភៈនេះថា ទីផ្សារដីធ្លី នៅតាមបណ្ដាជាយរាជធានីភ្នំពេញ នៅតែបន្តជាសក្ដានុពលខ្ពស់ក្នុងការវិនិយោគ ដែលអ្នកវិនិយោគភាគច្រើន ជាអ្នកវិនិយោគនៅក្នុងស្រុកខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលបាន និងកំពុងពង្រីកសក្ដានុពលនៅក្នុងការអភិវឌ្ឍនេះ ជារង្វង់មូល៣៦០ដឺក្រេ ដែលធ្វើឱ្យដីនៅជាយរាជធានីភ្នំពេញចេះតែធំ។

លោកបន្តថា “តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងទី២ ទី៣និងទី៤ គឺជាផែនការនៅពេលអនាគត ហើយជាទស្សនផ្ទាល់ខ្លួនរបស់លោក មើលឃើញថាការអភិវឌ្ឍតំបន់ថ្មី ជុំវិញរាជធានីភ្នំពេញ ភាគច្រើនកើតមានឡើងនៅខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ និងផ្នែកខ្លះនៃខេត្តកំពង់ចាម”។ លោកបន្តថា ”ប្រភេទដីដែលជាតំបន់ពាណិជ្ជកម្មនឹងមានការអភិវឌ្ឍខ្លាំង នៅជាយក្រុងនឹងអាចងាក ទៅរកខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ដោយសារតែតំបន់ទាំងពីរនេះ មានភាពងាយស្រួលក្នុងការតភ្ជាប់ទៅកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ និងព្រំដែនកម្ពុជាថៃ ក្នុងការដឹកជញ្ជូនទំនិញចេញចូលប្រទេស”។

លោកច្រឹក សុខនីមបានបន្ថែមថា អ្នកវិនិយោគ ដីធ្លីអាចធ្វើការជ្រើសរើសទីតាំងទាំងនេះ ដើម្បីទុកសម្រាប់អភិវឌ្ឍន៍ ឬលក់បន្តទៅអ្នកអភិវឌ្ឍន៍ ដើម្បីឱ្យគេយកទៅអភិវឌ្ឍន៍បន្ត ដើម្បីបំពេញតម្រូវការអចលនទ្រព្យ ដែលកំពុងមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានបញ្ជាក់ផងដែរថា អ្នកវិនិយោគដីធ្លីបើចង់បានប្រាក់ចំណេញខ្ពស់ និងឆាប់ គួរងាកទៅតំបន់ដែលឆ្ងាយពីក្រុងបន្តិច ពីព្រោះតំបន់នៅជិតក្រុង ឬកណ្ដាលក្រុងវាបានឡើងខ្ពស់រួចទៅហើយ ។

លោកបន្តថា “ខេត្តកំពង់ស្ពឺ ជាតំបន់ដែលមានសក្ដានុពលខ្ពស់ មួយនៅពេលអនាគតខាងមុខនេះ ហើយតំបន់នេះនឹងក្លាយជាឧស្សាហកម្មដ៏ទាក់ទាញ ខណៈវិនិយោគិនលើវិស័យនេះមួយចំនួន ក៏បានងាកទៅរកតំបន់នៃខេត្តកំពង់ស្ពឺ សម្រាប់ការវិនិយោគរបស់ខ្លួនផងដែរ”៕

ដំណឹងរីករាយៈសម្តេចតេជោបញ្ជាក់ពីលទ្ធផលសំណាកគឺរកឃើញអវិជ្ជមានជំងឺកូវីដ១៩

ដោយៈម៉ាលីស

ភ្នំពេញៈ បន្ទាប់ពីសម្ដេចតេជោ បានប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននោះ សម្ដេចតេជោ ហ៊ុន សែនត្រូវធ្វើតេស្តម្ដងទៀត និងជាលទ្ធផលបានបញ្ជាក់ថា សម្ដេចអវិជ្ជមានកូវីដ១៩ ។

នេះបើតាមអ្វីដែលសម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរក្នុងទំព័រ បណ្តាញទំនាក់ទំនងសង្គមរបស់សម្ដេចផ្ទាល់ នៅថ្ងៃរសៀល ថ្ងៃទី ២៨ កុម្ភៈ ២០២២។

សម្ដេចបានបញ្ជាក់ថា “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ក្រោ​យពីការធ្វើតេស្តជាថ្មីម្តងទៀត ខ្ញុំត្រូវបានបញ្ជាក់ថាអវិជ្ជមានកូវីដ.១៩ ហេតុដូចនេះ ខ្ញុំត្រូវបញ្ចប់ការធ្វើចត្តាឡីសក័ និងចេញធ្វើការងារធម្មតាឡើងវិញ សូមជូនបងប្អូនជនរួមជាតិសូមជួបតែ សេចក្តីសុខសេចក្តីចម្រើន”។

កាលពីថ្ងៃទី២៥ កុម្ភៈ ប៉ុន្មានថ្ងៃកន្លងទៅសម្តេច បានប្រកាសធ្វើចត្តាឡីស័ក ខណៈដែលសម្តេចបានមានការពាក់ពន្ធ័ ជាមួយអ្នកមានវីរុសកូវិដ១៩ ដោយសម្តេចធ្វើចត្តាឡីស័ក និងតាមដានសុខភាពមួយរយៈកន្លងមក៕

ដំណឹងល្អ: ស្ថានទូតកម្ពុជាដំបូងប្រចាំសាធារណរដ្ឋតួគីត្រូវបានសម្ពោធជាផ្លូវការហើយ

ដោយ: ម៉ាលីស

ប្រទេសតួគី: វត្តមានដំបូងនៃស្ថានទូតកម្ពុជា ប្រចាំទីក្រុងអង់ការ៉ា សាធារណរដ្ឋទួរគី ត្រូវបានសម្ពោធជាផ្លូវការហើយ កាលពី ថ្ងៃ២៧ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។

ពិធីសម្ពោធនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Mevlüt Çavuşoğlu រដ្ឋមន្ត្រីក្រសួងការបរទេសតួគី។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួគី បច្ចុប្បន្នគឺលោកមាស គឹមហេង ខណៈ ឯកអគ្គរដ្ឋទូតតួគី ប្រចាំកម្ពុជាវិញគឺលោកស្រី Ayda Unlu ។

នៅថ្ងៃដដែលនោះ លោក ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសម  Fuat Oktay អនុប្រធានាធិបតីនៃសាធារណរដ្ឋតួកគី និងបានជួបពិភាក្សាការងារជាមួយ លោក Mevlüt Çavuşoğlu និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការជៀសវាងការយកពន្ធទ្វេរដង និងការទប់ស្កាត់ការគេចវេសពីសារពើពន្ធ ទាក់ទងនឹងពន្ធលើប្រាក់ចំណូល និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងពិធីសារ តាមរយៈសន្និសីទវីដេអូ៕

ផ្សារហ៊ុនរបស់ក្រុមហ៊ុនទូទាត់ប្រាក់ចិនហក់ឡើងស្រឺតៗ ខណៈលោកខាងលិចកាត់ផ្ដាច់ពីរុស្ស៊ីចេញពីប្រព័ន្ធ SWIFT

ដោយៈសុខុម

សៀងហៃ: ទីផ្សារហ៊ុននៃបណ្ដាក្រុមហ៊ុនទូទាត់ប្រាក់ របស់ប្រទេសចិន ស្រាប់តែហក់ឡើងស្រឺតៗនៅថ្ងៃច័ន្ទ ទី២៨ កុម្ភៈ នេះ ស្របពេលសហរដ្ឋអាមេរិក និងអឺរ៉ុបកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់ប្រាក់សកល SWIFT។

ស្ថានភាពនេះ បានធ្វើប្រព័ន្ធទូទាត់ប្រាក់ឆ្លង ប្រទេសរបស់ប្រទេសចិន ទទួលបានផលប្រយោជន៍យ៉ាងធំធេង និងជាឱកាសមាសសម្រាប់ព  ន្លឿនការអភិវឌ្ឍរូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ដោយបង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ក្រោយបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុប បានប្រកាសកាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ ថា ពួកគេនឹងកាត់ផ្ដាច់ធនាគារធំៗ របស់រុស្ស៊ី ចេញពីប្រព័ន្ធទូទាត់សកលដ៏សំខាន់ SWIFT ហើយបានប្រកាសពីវិធានការផ្សេងៗទៀត រួមទាំងការបង្អកទុនបម្រុងអន្តរជាតិ របស់ធនាគារកណ្ដា​លរុស្ស៊ី ចំនួន៦៣០ពាន់លានដុល្លារអាមេរិកផងដែរ។

ផ្សារហ៊ុនរបស់បណ្ដាក្រុមហ៊ុនចិន ឈានមុខគេដែលចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ សម្រាប់រូបិយប័ណ្ណយ័ន ឌីជីថល រួមមានទាំងក្រុមហ៊ុន Newland Digital Technology Co ក្រុមហ៊ុន Lakala Payment Co និងក្រុមហ៊ុន Client Service International Inc ផងដែរនោះបានហក់ឡើងយ៉ាងខ្លាំង។

លោកDang Congyu អ្នកវិភាគនៅក្រុមហ៊ុនចិន Founder Securities បានលើកឡើងថា ការដាក់ទណ្ឌដោយកាត់ផ្ដាច់ ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់សកល SWIFT “គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមានអំណោយផល ជួយពន្លឿនដំណើរការធ្វើបដិដុល្លារនីយកម្ម (ការឈប់ប្រើប្រាក់ដុល្លារ ជំនួសរូបិយប័ណ្ណជាតិ)”។

អ្នកវិភាគរូបនេះបានបន្ថែមទៀតថា “ទោះបីវាពិបាកនឹងជំនួសប្រព័ន្ធទូទាត់សកល SWIFT ក្នុងរយៈពេលខ្លីយ៉ាងណាក៏ដោយ ក៏ឧប្បត្តិហេតុនេះ ផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់ ចំពោះការធ្វើសកលភាវូបនីយកម្មរបស់រូបិយប័ណ្ណយ័នក្នុងរយៈពេលវែង”៕  Reuters៕

អ្នកឧកញ៉ាកុក អានវិនិយោគស្ថានីយប្រព្រឹត្តិកម្មទឹកស្អាត៣កន្លែងនៅខេត្តព្រះសីហនុ

ដោយៈម៉ាលីស

ព្រះសីហនុៈ អ្នកឧកញ៉ាកកុក អានបាននិងកំពុងវិនិយោគស្ថានីយ៍ទឹកស្អាតនៅខេត្តព្រះសីហនុ ស្របពេលចំនួនប្រជាពលរដ្ឋនិងតម្រូវការប្រើប្រាស់ទឹកស្អាតបានកើនឡើងនៅក្នុងខេត្តមួយនេះ។

លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កាលពីចុងសប្តាហ៍មុន និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត របស់ក្រុមហ៊ុនអាន កូ មានទីតាំងនៅតំបន់ក្បាលឆាយ  ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកឧកញ៉ា កុក អានអគ្គនាយកក្រុមហ៊ុនទឹកស្អាតអានកូ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន មានស្ថានីយ៍ប្រព្រឹត្តិកម្មទឹកស្អាត ចំនួន៣កន្លែង ដោយមានសមត្ថភាពផលិតទឹក ក្នុងមួយថ្ងៃបានចំនួន១៦ម៉ឺនម៉ែត្រគីប ក្នុងនោះទំនប់ទី១ អាចផលិតបាន៤ម៉ឺនម៉ែត្រគីប ទំនប់ទី២ ផលិតបាន៦ម៉ឺនម៉ែត្រគីប និងទំនប់ទី៣ មានសមត្ថភាពផលិតចំនួ៦ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ សម្រាប់ចែកចាយប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ។

បច្ចុប្បន្ន ក្រុមហ៊ុនបានអូសបណ្ដាញតភ្ជាប់ ជូនប្រជាពលរដ្ឋ រោងចក្រសហគ្រាសប្រើប្រាស់នៅក្នុងក្រុងព្រះសីហនុ មួយផ្នែកនៃស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ដែលអាចប្រើប្រាស់ទឹកក្នុងរង្វង់ ពី៦ម៉ឺនទៅ៧ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ ចំពោះមុខទិសដៅបន្ត ក្រុមហ៊ុននឹងខិតខំតបណ្ដាញភ្ជាប់ឱ្យបានច្រើនទូលំទូលាយ ទៅតាមបណ្ដាក្រុងស្រុក រោងចក្រសហគ្រាស ដែលកំពុងមានការអភិវឌ្ឍនថ្មីៗ ដើម្បីឱ្យស្របទៅនឹងកំណើន នៃការអភិវឌ្ឍន៍របស់ខេត្តព្រះសីហនុ។

លោកចម ប្រសិទ្ធក៏បានណែនាំឱ្យ ក្រុមហ៊ុនធ្វើការពង្រីកខ្នងទំនប់បន្ថែម និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ព្រមទាំងបន្តពង្រីកការគ្រប់​គ្រងទឹកឱ្យបានកាន់តែច្រើន ខណៈពេលដែលខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត កំពុងមានការអភិវឌ្ឍន៍ តាមរយៈអ្នកវិនិយោគទុនទាំងជាតិ និងអន្តរជាតិមកបណ្ដាក់ទុន។

លោកបន្ថែមថា ទន្ទឹមនឹងខេត្តព្រះសីហនុ មានការអភិ​វ ឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ប្រព័ន្ធគមនាគមន៍រៀបចំបានរួចរាល់ ក្នុងនោះទាមទារឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអានកូ រៀបចំបណ្ដាញប្រព័ន្ធទឹកស្អាតឱ្យបានគ្រប់គ្រាន់តាមតម្រូវការ និងឱ្យក្រុមហ៊ុនបន្តតបណ្ដាញឱ្យបាន ទៅដល់ក្រុងស្រុក ជាពិសេសនៅតំបន់ដែលកំពុងមានការអភិវឌ្ឍន ប្រើប្រាស់គ្រប់គ្រាន់ ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង បើគ្មានបណ្ដាញទឹកការអភិ​វ ឌ្ឍន៍ក៏មិនអាចទៅរួចដែរ។

ជាមួយគ្នានេះ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងនូវពីរចំនុចសំខាន់ៗ ទី១ គឺការថែរក្សា និងអភិរក្សនូវផ្ទៃរងទឹកភ្លៀងនៅក្នុងតំបន់ក្បាលឆាយ ដោយក្នុងនោះស្នើសុំមន្ទីរបរិស្ថាន ខេត្ត ផ្តល់ផែនទីជូនក្រុមហ៊ុនអានកូ ដើម្បីសហការគ្នាក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ និងព្រៃឈើឱ្យបានគង់វង្ស ឱ្យមានការកាប់ទន្ទ្រាន ក៏ដូចជាការលោកលួចសង់លំនៅដ្ឋាន ធ្វើកសិកម្ម ដែលបង្កឱ្យខូចគុណភាពទឹក និងប៉ះពាល់បរិស្ថាន តាមរយៈការប្រើប្រាស់សារជាតិគីមីផ្សេងៗ។

ទី២ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាតំប​ន់​សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី ដែលមានចក្ខុវិស័យ វែងឆ្ងាយ អំពីរៀបចំឱ្យខេត្តរបស់យើងក្លាយជា តំបន់ឧស្សាហកម្មធុនធ្ងន់ ទំនើប និងវិទ្យាសាស្ត្រ ដែលរាជរដ្ឋាភិបាលបានរៀបចំផែនការមេ ដើម្បីតម្រង់ទិស នៃការអភិវឌ្ឍន៍ខេត្តព្រះសីហនុ នាពេលអនាគត ជាពិសេ​សផ្លូវ ទឹក និងភ្លើង ត្រូវដើរស្របគ្នាទៅនឹងគោលដៅ នៃការអភិវឌ្ឍន៍ ដើម្បីប្រសិទ្ធភាព នៃរៀបចំផែនការ នៃការផ្គត់ផ្គង់ស្របតាមតម្រូវការនៃការប្រើប្រាស់នៅក្នុងខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន និងទៅអនាគត៕

 

ហេដ្ឋារចនាសម្ព័ន្ធដើរតួនាទីសំខាន់ក្នុងការជំរុញតម្លៃដីធ្លីនិងអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺមានសារសំខាន់ណាស់ក្នុងការជំរុញកំណើនតម្លៃ និងហាងឆេងដីធ្លី នៅក្នុងប្រទេសកម្ពុជា ជាពិសេសការទាក់ទាញ ដល់ការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស លើការអភិវឌ្ឍអចលនទ្រព្យនានា។

ជាការកត់សម្គាល់ទីណា មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ទីនោះក៏ទទួលបានការវិនិយោគ និងអភិវឌ្ឍលើអចលនទ្រព្យដីធ្លីនិងសំណង់ជាដើម។

អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ  PropNex Cambodia អ្នក​ស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ កុម្ភៈនេះថា នៅតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺតែងតែទទួលបានការអភិ​វ ឌ្ឍ និងការវិនិយោគពីបណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ក្នុងនោះ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញថាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយក៏បានឃើញថាតំបន់នោះ មានការអភិវឌ្ឍទៅលើអចលនទ្រព្យជាច្រើនផងដែរ ដូចជាលំនៅឋាន ផ្សារទំនើបផងដែរ ។

លោកស្រីបន្តថា “នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម ដូច្នេះហើយទើបវិនិយោគិន តែងតែសម្លឹងមើលលើតំបន់នោះក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ”។

រាជរដ្ឋាភិបាលបានបណ្ដាក់ទុន លើហេដ្ឋារចនាសម្ព័ន្ធក្នុងមួយឆ្នាំៗ ជាពិសេសលើផ្លូវថ្នល់ ស្ពាន ទូទាំងប្រទេស ជាពិសេសនៅបណ្ដាខេត្តដែលមានសក្ដានុពលមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះដែរឃើញថា ខេត្តពីរបន្ទាប់ពីភ្នំពេញ ទទួលបានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវជាច្រើនខ្សែរួមមាន ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ខេត្តទាំងពីរនេះ ចាត់ទុកជាពោលសេដ្ឋកិច្ចដ៏សំខាន់ បន្ទាប់ពីរាជធានីភ្នំពេញ ដោយមានការចាប់អារ​ម្មណ៍ខ្លាំងពីវិនិយោគិនក្នុងនិងក្រៅប្រទេស ។

លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងស្ថានភាពកូវីដ១៩ក៏ដោយ ក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅប៉ុន្មានថ្ងៃខាងមុខនេះ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពត នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយត្រៀមនឹងបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែទៀត នៅពេលបន្តបន្ទាប់ ស្របតាមដំណើរការនៃការរីកចម្រើននៃសេដ្ឋកិច្ច៕