ដោយ៖ សុខុម
ឌូបៃ៖ ក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត បានក្លាយកន្លែងជ្រកកោនដ៏មានសុវត្ថិភាពសម្រាប់ក្រុមអ្នកមានជនជាតិរុស្ស៊ី ដែលកំពុងគេចពីផលប៉ះពាល់នៃទណ្ឌកម្មពីលោកខាងលិចដាក់លើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
បណ្ដាថ្នាក់ដឹកនាំអាជីវកម្មបានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែឧសភាថា ក្រុមមហាសេដ្ឋី និងសហគ្រិនរុស្ស៊ី បានមកដល់ប្រទេសអារ៉ាប់រួមអេមីរ៉ាតយ៉ាងគំហុកក្នុងចំនួនច្រើនមិនធ្លាប់មាន។
សេចក្ដីរាយការណ៍មួយបង្ហាញថា ការទិញអចលនទ្រព្យក្នុងក្រុងឌូបៃ ពីសំណាក់ពលរដ្ឋរុស្ស៊ី បានហក់ឡើងខ្ពស់រហូតដល់ទៅ៦៧%ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២។
ប្រទេសអារ៉ាប់រួមអេមីរ៉ាត មិនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ឬរិះគន់រុស្ស៊ីឡើយចំពោះការឈ្លានពានចូលប្រទេសអ៊ុយក្រែន។ ប្រទេសនេះក៏កំពុងផ្តល់ទិដ្ឋាការដល់ជនជាតិរុស្ស៊ី ដែលមិនរងទណ្ឌកម្មផងដែរ ខណៈប្រទេសលោកខាងលិចជាច្រើនបានរឹតបន្តឹងលើពួកគេ។
យោងតាមការប៉ាន់ប្រមាណបង្ហាញថា ជនជាតិរុស្ស៊ីរាប់សែននាក់បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេល២ខែចុងក្រោយនេះ ទោះបីជាគ្មានតួលេខជាក់លាក់ក្ដី។
អ្នកជំនាញសេដ្ឋកិច្ចជនជាតិរុស្ស៊ី ម្នាក់បានទម្លាយឱ្យដឹងថា ជនជាតិរុស្ស៊ី រហូតដល់២០០.០០០នាក់បានចាកចេញពីប្រទេសរុស្ស៊ី ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ ក្រោយផ្ទុះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។
ក្រុមហ៊ុន Virtuzone ដែលជួយក្រុមហ៊ុននានាបង្កើតប្រតិបត្តិការក្នុងក្រុងឌូបៃ បានមើលឃើញថា ចំនួនអតិថិជនដែលជាជនជាតិរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង។
រំហូរចូលយ៉ាងគំហុកនៃជនជាតិរុស្ស៊ី បានជំរុញឱ្យតម្រូវការផ្ទះវីឡា និងអាផាតម៉ិនប្រណីតៗនៅទូទាំងក្រុងឌូបៃ មានសន្ទុះកើនឡើងខ្លាំង។ យោងតាមក្រុមភ្នាក់ងារអចលនទ្រព្យឱ្យដឹងថា តម្លៃអចលនទ្រព្យកំពុងហក់ឡើងខ្លាំង ខណៈជនជាតិរុស្ស៊ី ដែលមកដល់ទីក្រុងឌូបៃ កំពុងស្វែងរកទិញផ្ទះ។
ទីភ្នាក់ងារអចលនទ្រព្យ Betterhomes ដែលមានមូលដ្ឋាននៅក្រុងឌូបៃ បញ្ជាក់ថា ការទិញអចលនទ្រព្យ ដោយជនជាតិរុស្ស៊ី ក្នុងក្រុងឌូបៃ បានកើនឡើងដល់ទៅ២ភាគ៣ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២៕