ក្រុមហ៊ុនហនុមានអ៊ឺស្ទេត បានប្រកាសគម្រោងដឹអាណាចក្របើកលក់មុនសម្ពោធហើយ

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុនហនុមាន អ៉ីស្ទេត បានប្រកាសគម្រោង ដឹអាណាចក្រ បើកលក់មុនសម្ពោធហើយ សម្រាប់ដំណាក់កាលទី១ យ៉ាងពិសេសបំផុត។ អតិថិជនជាច្រើនបានអញ្ជើញ មកសាកសួរព័ត៌មាន ដោយភាគច្រើនបានចាប់អារម្មណ៍ជម្រើស នៃការបង់ប្រាក់រយៈពេលវែង ដែលមានការបញ្ចុះតម្លៃយ៉ាងពិសេស ដែលនេះជាឱកាសចំណេញទាំងការវិនិយាគ និងការរស់នៅ។

ដោយគម្រោងនេះ ជាគម្រោងទី១ ដូច្នេះក្រុមហ៊ុនបានសម្រិតសម្រាំងយ៉ាងខ្លាំង នូវគំនិតច្នៃប្រឌិតរបស់ក្រុមអ្នកបច្ចេកទេសជាតិ និងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទការរស់នៅថ្មី ស្របទៅតាមសម័យកាលចុងក្រោយ។

គម្រោង ដឹអាណាចក្រ មានទំហំរហូតដល់ជាង៣០០ហិកតា ដោយបែងចែកជា៧ផ្នែកធំៗ។ ដោយក្នុងឱកាសការបើកលក់មុនសម្ពោធ នាថ្ងៃទី១៥ ខែកុម្ភៈ នេះ ក្រុមហ៊ុនបានបើកផ្នែកទី១ ជាពិសេសជាមួយទីតាំងល្អៗ មានផ្ទះ៣ប្រភេទ ដូចជាផ្ទះអាជីវកម្ម SOVANN ស្ថិតនៅលើផ្លូវមេ ៣៤ម៉ែត្រ, KONGKEA Grand វីឡាភ្លោះហ្គ្រេន និង KONGKEA  វីឡាភ្លោះ ដែលមានតម្លៃជាង១០ម៉ឺនដុល្លារអាមេរិក ឡើងទៅប៉ុណ្ណោះ! ព្រមទាំងមានលក្ខខណ្ឌបង់ប្រាក់ពិសេស និងងាយស្រួលបំផុត ដែលមានរយៈពេលវែង មិនគិតការប្រាក់ទៀតផង។

ដូច្នេះឱកាសនៃការវិនិយោគ និងការរស់នៅតំបន់សក្តានុពលទិសខាងជើងក្នុងទីក្រុងភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុត។បទពិសោធន៍រស់នៅថ្មីបែបនេះ លោកអ្នកនឹងទទួលបាននៅគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ក្រុមហ៊ុនហនុមាន អ៉ីស្ទេត ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ហួសផ្សារព្រែកព្នៅតែ៥នាទីប៉ុណ្ណោះ។

កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! សូមអញ្ជើញទៅកាន់ការិយាល័យលក់ផ្ទាល់ ដើម្បីទទួលបានកាដូពិសេសផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទូរស័ព្ទ៖ 095 339 339 / 098 339 339 ៕

អ្នកឧកញ៉ាសុខ គង់បង្ហើបពីតម្លៃនិងលក្ខខ័ណ្ឌតម្លៃដីនិងសណ្ឋាគារនៅតំបន់ជ្រោយចង្វារ

ដោយៈ គង់ សូរិយា

 ភ្នំពេញៈ ជាមួយនឹងផែនការដើម្បីប្រមូលទុន យកទៅសាងសង់ទីក្រុងបូកគោថ្មី អ្នកឧកញ៉ាសុខ គង់បានបង្ហើបនូវលក្ខខ័ណ្ឌពិសេសទាក់ទងនឹងតម្លៃដី និងសណ្ឋាគារទំហំ១៣ហិកតានៅតំបន់ជ្រោយចង្វារ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានទទួលព៌តមាននេះមកចុះផ្សាយមុនគេ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដើមឡើយការចុះផ្សាយអត្ថបទនេះ គឺសណ្ឋាគារ និងដីនៅទីតាំងខាងលើ គឺលក់ក្នុងតម្លៃ៩០០លានដុល្លារ ប៉ុន្តែព៌តមាននេះ គឺលោកទទួលបានពីសាច់ញាតិរបស់លោកឧកញ៉ា ដែលអ្នកផ្តល់ព៌តមាននេះ បានក្តាប់ព៌តមានមិនច្បាស់។

លោកបន្តថា “ក្រោយពេលខ្ញុំជួបអ្នកឧកញ៉ាផ្ទាល់ ទើបដឹងការពិតដែលគំរោងនេះ ដាក់លក់ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក”។ លោកបន្តថា “វាជាព៌តមាន ដែលមានការចាប់អារម្មណ៍ខ្លាំងណាស់ ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសសាធារណៈជននានា”។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងថា ព៌តមាននេះ ជាព៌តមានពិត ប៉ុន្តែវាជាតម្លៃមួយ ដែលមានក្រុមហ៊ុនមួយចំនួនឲ្យតម្លៃបែបនេះ ហើយបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍ទិញគំរោងនេះ ប៉ុន្តែស្ថិតនៅក្នុងការចចានៅឡើយ។

អ្នកឧកញ៉ាបន្តថា “ការពិតខ្ញុំដាក់លក់គំរោងនេះ ក្នុងតម្លៃ១៥០០លាន​ដុល្លារអាមេរិក ជាតម្លៃមួយអាចជួបជជែកចចារគ្នាបានបន្តទៀត”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំលក់គម្រោងនេះ ដើម្បីយកទុនទៅវិនិយោគសាងសង់ទីក្រុងបូកគោថ្មី សម្រាប់អ្នកជំនាន់ក្រោយ ព្រោះទីក្រុងថ្មីនេះ ត្រូវចំណាយទុនច្រើនណាស់”។

អ្នកឧកញ៉ាសុខ គង់បានបន្តទៀតថា “តាមពិតខ្ញុំចាស់ហើយ ខ្ញុំមានលុយសំរាប់ដើរកំសាន្តនៅក្រៅប្រទេស ខ្ញុំមិនចាំបាច់ហត់ទេ តែខ្ញុំកសាងទីក្រុងបូកគោ ដើម្បីអ្នកជំនាន់ក្រោយ និងកសាងសេដ្ឋកិច្ចជាតិ”៕

ក្រុមហ៊ុនអាកាសចរណ៍ថៃចាប់ផ្តើមហោះហើរទៅមកបាងកក-សៀមរាបឡើងវិញនៅដើមខែក្រោយនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ តាមការបញ្ជាក់របស់ក្រសួងទេសចរណ៍កម្ពុជា នៅថ្ងៃទី២៧កុម្ភៈ ២០២២កន្លងមកនេះបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai Smile របស់ប្រទេសថៃ គ្រោងនឹងចាប់ផ្ដើមដំណើរការហោះហើរឡើងវិញនៅថ្ងៃទី ៣ មីនា ២០២២តទៅ គោលដៅបាងកក សៀមរាប ។

តាមសេចក្ដីប្រកាសពព៌តមាន របស់ក្រសួងទេសចរណ៍កម្ពុជាបានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ របស់ប្រទេសថៃមួយនេះនឹងបើកការហោះហើរត្រង់២ជើងក្នុង១សប្តាហ៍។

ក្រសួងទេសចរណ៍ក៏បានអំពាវនាវ ដល់សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងសាធារណជនបន្តចូលរួមផ្សព្វផ្សាយ ក៏ដូចជាជំរុញទេស​ចរអន្តរជាតិ មកកាន់គោលដៅទេសចរណ៍ខេត្តសៀមរាប ដែលជាគោលទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្តដ៏សំខាន់បំផុតមួយរបស់កម្ពុជា។

សេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញថា ដោយអត្រានៃការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ទូទំាងប្រទេសកម្ពុជា សម្រេ​ចបានប្រមាណជាង៩០% នៃចំនួនប្រជាជនសរុប១៦លាននាក់ គិតត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ និងការអនុវត្តវិធានសុវត្ថិភាពបានយ៉ាងល្អ កម្ពុជា គឺជាគោលដៅទេសចរណ៍សុវត្ថិភាព និងបានបើកទទួលទេសចរអន្តរជាតិ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងករណីអ្នកដំណើរពិនិត្យឃើញអវិជ្ជមានកូវីដ-១៩ ពេលមកដល់កម្ពុជា ។

លោកស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិលកម្ពុជាបានឱ្យដឹងផងដែរថា រហូតមកដល់ពេលនេះ មេរោគរាតត្បាតនៃកូវីដ១៩ប្រភេទថ្មី អូមីក្រុង មិនទាន់ធ្វើឱ្យប៉ះពាល់ដល់ការមកដល់ នៃអ្នកដំណើរមកពីបរទេសនៅឡើយទេ។ លោកបន្តថា ចំនួនអ្នកដំណើរមកពីបរទេសចូលមកកម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញបានកើនឡើង រហូតដល់មានការផ្ទុះនូវមេរោគកូវីដ១៩ប្រភេទ អូមីក្រុង ។

លោកបន្តថា “នៅក្នុងពេលកម្ពុជារកឃើញ វត្តមានមេរោគកូវីដ១៩ប្រភេទ អូមីក្រុង ក៏ចំនួនអ្នកដំណើរបរទេស ចូលមកម្ពុជានៅតែមានចំនួនថេរ មិនកើនឡើងហើយក៏មិនថយដែរ”៕

អ្នកនិពន្ឋខ្មែរម្នាក់បញ្ចេញទស្សនទាក់ទងនឹងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន

ដោយៈម៉ី សនសុធារី

ភ្នំពេញៈ យុគសម័យមួយ ដែលម្នាក់ៗហាក់នៅឱ្យតម្លៃខ្លាំង និងរំពឹងខ្ពស់ពីអំណាចលោកខាងលិច ជឿលើសាច់ដុំកម្លាំងសហរដ្ឋអាមេរិក ពេលនេះកំពុងហារមាត់ឆ្ងល់ថា ជាមួយភ្នក់ភ្លើងបង្កាត់ដោយរុស្ស៊ីនៅអ៊ុយក្រែន អ្វីទៅជាឆ្លើយតបត្រឡប់ពី “អាមេរិក”?។

ទិដ្ឋភាពនយោបាយ ដែលចោមព័ទ្ធដោយសង្គ្រាម ប្រដាប់អាវុធថ្មីបំផុ​តនេះ បានបកអាក្រាតបណ្តើរៗ អំពីធាតុពិតក្នុងពិភពប្រកួតប្រជែងជ្រាលជ្រៅរវាងពួកមហាអំណាច។

សំណួរជាច្រើន គឺតើអាមេរិកនឹងលូកដៃទៅកូរជម្លោះឆ្ងាយៗ ដូចជាអ៊ុយក្រែននេះ តាមលំនាំសង្គ្រាមឆ្នាំ១៩៩០ នៅអ៉ីរ៉ាក់ទៀតដែរទេ? អ្នកខ្លះថា ទេ! ដោយសារកិត្យានុភាពរបស់យក្សចិន អាមេរិកពេលនេះ ផ្តោតការយកចិត្តទុកដាក់ធ្ងន់មកលើ Indo-Pacific (ឥណ្ឌូប៉ាស៊ីហ្វិក) ជាង។

គិតបកក្រោយបន្តិច នៅឆ្នាំ១៩៩០ដែល អ៊ីរ៉ាក់បានឈ្លានពានគុយវ៉ែត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានធ្វើអន្តរាគមន៍ ខុសពីពេលនេះឆ្ងាយ ឬមួយថា សង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៉ីរ៉ាក់ ទំនងជាបានធ្វើឱ្យអាមេរិករសាយចិត្តនឹងសង្គ្រាម ធុញទ្រាន់នឹងការជាប់ពាក់ព័ន្ធ ជាមួយជម្លោះបរទេ​សហើយដឹង?។

គួរកត់សម្គាល់ថា ដំណើរផ្សងព្រេងដ៏ធំ និងក្តារអុកចុងក្រោយ១របស់ វ្លាឌីមៀ ពូទីនពេលនេះ បានហ្រ្វីនូវពាក្យព្រមានចំៗ ហាមមិនឱ្យមានអ្នកទីបីមកជ្រៀតជ្រែកជួយអ៊ុយក្រែន ជាមួយឃ្លាញាក់សាច់បញ្ជាក់ថា “អ្នកនោះនឹងបង់តម្លៃមួយ ធំមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ប្រសិនលូកដៃ”។ នេះហើយជាមូលហេតុធំពីក្រោយ ការតស៊ូយ៉ាងឯកោរបស់ក្រុងគៀវ។

ជូនអ្នកដែលរង់ចាំប្រតិកម្មពីអាមេរិក!
ឧទាហរណ៍ងាយយល់មួយជូនប្អូនៗជាហ្វេនរបស់ខ្ញុំ ពីភាពខុសគ្នារវាងស្ថានភាព ឆ្នាំ១៩៩០-៩១ និង ២០២២ នេះគឺមិនមែនស្អីទាំងអស់ ក្រៅពី “អាវុធប្រល័យលោក” ត្រូវហើយគឺ នុយក្លេអ៊ែរ ប្អូន! មេដឹកនាំល្បីរន្ទឺ សាដាម ហ៊ូសេន ខ្លាំងមែន តែគាត់មិនមានអាវុធនុយក្លេអ៊ែរទេ ឯ វ្ល៉ាឌីមៀ ពូទីន ពេលនេះមានប្រហែល ជាង៥ពាន់ជិត៦០០០នុយក្លេអ៊ែរ ( I-news/UK )។ នេះហើយមូលហេតុចម្បង ដែលអាមេរិកនិងសម្ពន័មិត្ត មិនអាចកម្រើកដៃ។

សង្គ្រាមលោកលើកថ្មីមួយ ដែលឮហើយព្រឺ (សម្រាប់យើងជាអ្នកស្រ​លាញ់សន្តិភាព) គឺអាចថា នៅកៀកៗនឹងការចង់បាន របស់អ្នកមួយចំនួន ដែលចង់ឃើញ ការជ្រៀតជ្រែករបស់លោកខាងលិច ទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
មកទល់ពេលនេះម៉ោងនេះ ពិភពលោកនៅតែបន្តព្រួយបារម្ភជាសកល អំពីលទ្ធភាព នៃការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ខណៈអ្នកវិទ្យាសាស្ត្រនិយាយថា មហាអំណាចពីរនេះ មានក្បាលគ្រាប់នុយក្លេអ៊ែរ ស្មើ៩០ភាគរយ នៃនុយក្លេអ៊ែរសរុបលើពិភពលោក។

នុយក្លេអ៊ែ គឺជាអាវុធប្រល័យលោក ដែលត្រូវបានមនុស្សជាតិបង្កើតឡើង ក្នុងគោលដៅបំផ្លាញមនុស្សលោកខ្លួនឯង ក្នុងល្បឿនយ៉ាងឆាប់រហ័សនិងមហន្តរាយ។ ហានិភ័យ នៃជម្លោះរវាងពួកមហាអំណាច ដែលមានអាវុធនុយក្លេអ៊ែរ គឺធំធេងលើសអ្វីដែលយើងដឹង។

ទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី មានសមត្ថភាពវាយប្រហារ “Nuclear Triad” ដោយយន្តហោះទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ នាវាមុជទឹកបំពាក់ដោយកាំជ្រួចនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលនៅលើដីផ្ទាល់។

ប្រការនេះហើយ ដែលគួរគិតឡើងវិញថា ទន្ទឹមនឹងពេលដែលគ្មានអ្នកណាដឹងពីលទ្ធផលចុងក្រោយថាអាមេរិក ឬរុស្ស៊ីដែលនឹង ឈ្នះសង្គ្រាមនុយក្លេអ៊ែរ រឿងប្រាកដដែលយើងដឹង គឺពេលដែលពួកគេបើកបេសកកម្មស្លាប់រស់បំផ្លាញមូលដ្ឋានយោធាសំខាន់ៗ និងមជ្ឈមណ្ឌលសេដ្ឋកិច្ចគ្នា ទៅវិញទៅមក អ្វីទៅជាលទ្ធផលសម្រាប់លោកមួយនេះ។

គ្រប់គ្នានឹងចាញ់ រួមទាំងប្រទេសផ្សេងៗដែលមិនពាក់ព័ន្ធផង។

ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដោយគ្មានការលូកដៃពីលោកខាងលិចនៅតែជាជម្រើសឈ្នះ ! គួរមិនគួរ ខុសចិត្ត ខុសការយល់ឃើញ សូមអធ្យាស្រ័យ៕

ដំណឹងល្អៈសម្តេចតេជោបានចារលើទីតាំងដែលត្រូវសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារយល់ព្រមឲ្យមានការសាងសង់ស្ពាន និងទីតាំងស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ។

ប្រភពព៌តមានពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល បានឲ្យដឹងកាលពីរសៀល​ថ្ងៃទី២៦ កុម្ភៈនេះថា ការសាងសង់ស្ពាននេះ ជាស្ពានយោងដោយខ្សែកាប ដូចការលើកឡើង របស់​ឯកអគ្គ​រដ្ឋទូតកូរ៉េកាលពីពេលថ្មីៗនេះ។ ស្ពាននេះ តាមគំរោងនឹងឆ្លងកាត់ទន្លេចំនួនពីរ ប៉ុន្តែវាជាគម្រោងតែមួយ ដែលនឹងជួយលើកកំពស់សោភ័ណភាព និងមុខមាត់រាជធានីភ្នំពេញ។

ទោះជាយ៉ាងណាមន្រ្តូដដែល មិនទាន់បង្ហើបឲ្យបានដឹងពីទីតាំងជាក់លាក់នោះទេ​ដោយសារគម្រោងនេះ ត្រូវបានបង្ហើបឲ្យដឹងត្រឹមកម្រិតមន្រ្តីជាន់ខ្ពស់នៅឡើយ។

ស្ពានមិត្តភាពកម្ពុជា កូរ៉េ ត្រូវបានលើកសំណើរដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា អំឡុងពេលសម្តេចអញ្ជើញទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េកាលពីប៉ុន្មានឆ្នាំមុន។

លោក ​Park Heung-kyeong​ ឯក​អគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េប្រចាំកម្ពុជា បានមានប្រសាសន៍ឲ្យដឹងអំឡុងពេលលោក អញ្ជើញចូលរួមស្តារនិងសាងសង់ផ្លូវជាតិលេខ៤៨ ជាមួយសម្តេចតេជោកាលពីពេលថ្មីៗនេះថា
ពេលថ្មីៗនេះថា ក្រុមហ៊ុនកូរ៉េមួយបានសិក្សា គំរោងសាងសង់ស្ពានមិត្ត​ភាពកម្ពុជា កូរ៉េរួចហើយ ដោយបច្ចុប្បន្នកំពុងដាក់សំណើរ ជ្រើសរើសទីតាំងពីរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា “ស្ពានមិត្តភាពកម្ពុជា កូរ៉េនឹងជ្រើសរើសយកគំរោងស្ពានយោងដោយខ្សែកាប ដែលវានឹងជួយលើកកំពស់សោភ័ណភាព និងជា Landmark មួយនៃទីក្រុងភ្នំពេញ។ លោកបន្តថា “ស្ពាននេះនឹងចូលរួមទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ មកទស្សនានៅរាជធានីភ្នំពេញបន្ថែមទៀតផងដែរ”៕

ក្រុមហ៊ុនអចលនទ្រព្យចិន Evergrande បង្ខំចិត្តលក់គម្រោងលំនៅដ្ឋានធំចំនួន៤ឱ្យទៅក្រុមហ៊ុនរដ្ឋចិន

ដោយៈសុខុម

ហុងកុង: ក្រុមហ៊ុន China Evergrande Group បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ ថា ខ្លួនបានលក់ភាគហ៊ុន និង “សិទ្ធិរ៉ាប់រងបំណុល” ក្នុងគម្រោអភិវឌ្ឍន៍ចំនួន៤ឱ្យទៅក្រុមហ៊ុនរដ្ឋចិន ចំនួន២ក្នុងតម្លៃសរុបជាង៣៣៧លានដុល្លារអាមេរិក។

ការលក់គម្រោងទាំងនេះ គឺដើម្បីធានាថា ដំណើរការសាងសង់ក្នុងគម្រោងទាំងនេះ នៅតែអាចដំណើរការទៅមុខ ដោយគ្មានការរាំងស្ទះ និងដើម្បីឱ្យគម្រោងផ្សេងៗទៀតរបស់ខ្លួន អាចប្រគល់លំនៅដ្ឋានជូនអតិថិជនទាន់ពេលវេលាផងដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ដែលជំពាក់បំណុលច្រើនជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងបំណុលគរដូចភ្នំរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក កំពុងប្រឹងប្រែងទាំងត្រដាបត្រដួសដើម្បីបញ្ចប់គម្រោងនានា ជាពិសេសគម្រោងលំនៅដ្ឋានរបស់ខ្លួន ដែលក្រុមអ្នកបង្កើត គោលនយោបាយរបស់ប្រទេសចិន ចាត់ទុកជាអាទិភាពដ៏សំខាន់មួយដើម្បីធានាស្ថិរភាពសង្គម។

ក្រុមហ៊ុន Evergrande អះអាងថា ខ្លួនបានលក់ភាគហ៊ុន និងសិទ្ធិរ៉ាប់រងបំណុលក្នុងគម្រោងចំនួន៤ ឱ្យទៅក្រុមហ៊ុនរដ្ឋចិនចំនួន២ គឺក្រុមហ៊ុន Everbright Trust និងក្រុមហ៊ុន Minmetals Trust ក្នុងតម្លៃសរុបជាង៣៣៧លានដុល្លារអាមេរិក។ គម្រោងទាំងនោះមាន ដូចជា ក្នុងទីក្រុងឆុងឈីង (Chongqing) ក្រុងតុងគ័ន (Dongguan ក្រុងហ្វូសាន (Foshan) និងក្រុងគ័ងចូវ ឬ ក្វាងចូវ (Guangzhou)។

“សិទ្ធិរ៉ាប់រងបំណុល” មានន័យថា ម្ចាស់ថ្មីនៃគម្រោងទាំងនេះ ត្រូវរ៉ាប់រងបន្ត ចំពោះការសងបំណុលដែលគម្រោងជំពាក់។ ក្រុមហ៊ុនរដ្ឋដែលទិញយកទាំងនេះ គឺជាផ្នែកមួយនៃអ្វីដែលគេហៅថា វិស័យធនាគារស្រមោ​លរបស់ប្រទេសចិន។

ក្រុមហ៊ុនរដ្ឋចិន ដែលទិញយកគម្រោងទាំងនេះ នឹងជាអ្នកទទួលខុសត្រូវចំពោះការសាងសង់ និងការប្រគល់លំនៅដ្ឋានជូនពលរដ្ឋ ជាអ្នកទិញ ហើយប្រាក់ចំណូល ដែលសេសសល់ពីការលក់អចលនទ្រព្យ នឹងត្រូវប្រើប្រាស់ ដើម្បីទូទាត់សងដើមទុនដំបូងដែលក្រុមហ៊ុន Evergrande បោះទុន៕ Reuters៕

តើការកាត់ផ្តាច់ប្រព័ន្ឋទូទាត់ប្រាក់សកល (SWIFT) របស់អាមេរិកលើរុស្ស៊ីនឹងបង្កផលវិបាកបែបណាដល់រុស្ស៊ី

ដោយៈសុខុម

វ៉ាស៊ីនតោន: ក្នុងចំណោមទណ្ឌកម្មនានាប្រឆាំងរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន គេមើលឃើញថា ប្រព័ន្ធផ្ទេរប្រាក់ ឬទូទាត់ប្រាក់អន្តរជាតិ SWIFT គឺជាទម្រង់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតមួយដែលអាមេរិក និងសម្ព័ន្ធមិត្តមិនចង់ប្រើប្រាស់ ព្រោះវាស្មុគស្មាញ និងមានផលប៉ះពាល់ខ្លាំង ប៉ុន្តែពេលនេះលែងមានជម្រើសទៀតហើយ។

ប៉ុន្តែទីបំផុត សហរដ្ឋអាមេរិក អង់គ្លេស អឺរ៉ុប និងកាណាដា កាលពីថ្ងៃសៅរ៍ ទី២៦ កុម្ភៈ បានបង្ខំចិត្តចាត់វិធានការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលជាប្រព័ន្ឋទូទាត់សាច់ប្រាក់ដ៏សំខាន់នៅលើពិភពលោក។ នេះគឺជាផ្នែកមួយនៃការដាក់ទណ្ឌកម្មជុំថ្មីមួយទៀតលើរដ្ឋាភិបាលក្រុងមូស្គូ នៅពេលរុស្ស៊ី នៅតែបន្តវាយសម្រុកទៅលើអ៊ុយក្រែន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៧ កុម្ភៈ។

បណ្តាប្រទេសទាំងនេះ បានចេញសេចក្តីថ្លែងការណ៍រួមថា វិធានការទាំងនេះ ដែលនឹងរួមបញ្ចូលទាំងការរឹតបន្តឹង លើទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្តាលរុស្ស៊ីផងដែរនោះ នឹងត្រូវអនុវត្តន៍នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយក៏បានប្ដេជ្ញាចាត់វិធានការប្រឆាំងរុស្ស៊ី បន្ថែមទៀតផងដែរ។

បណ្ដាមេដឹកនាំនៃគណៈកម្មការអឺរ៉ុប បារាំង អាល្លឺម៉ង់ អ៉ីតាលី អង់​ គ្លេស កាណាដា និងសហរដ្ឋអាមេរិក បានលើកឡើងក្នុងសេចក្ដីការណ៍នោះថា “យើងនឹងចាប់ឱ្យរុស្ស៊ី ទទួលខុសត្រូវ ហើយយើងនឹងរួមគ្នាជាធ្លុងមួយដើម្បីធានាថា សង្រ្គាមនេះ (សង្គ្រាមនៅអ៊ុយក្រែន) គឺជាការបរាជ័យផ្នែកយុទ្ធសាស្រ្តសម្រាប់ ពូទីន”។

មេដឹកនាំទាំងនេះ បានលើកឡើងបន្ថែមទៀតថា “លើសពីវិធានការដែលយើងកំពុងប្រកាសនៅថ្ងៃនេះ យើងក៏ត្រៀមចាត់វិធានការបន្ថែមទៀតដែរដើម្បីចាប់ឱ្យរុស្ស៊ី ទទួលខុសត្រូវ ចំពោះការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ុយក្រែន”។

ចំណាត់ការថ្មីនេះធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅ បានដាក់ទណ្ឌកម្មលើធនាគារធំៗរបស់រុស្ស៊ី ក៏ដូចជា លើប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ដោយផ្ទាល់ផងដែរ ខណៈកងកម្លាំងរបស់ក្រុងមូស្គូ បានបន្តធ្វើការវាយប្រហាររុលចូលកណ្ដាលរដ្ឋធានីគៀវ ដែលជាបេះដូងនៃប្រទេសអ៊ុយក្រែន។

វិធានការទាំងនេះធ្វើឡើង ដើម្បីរារាំងលោក ពូទីន ពីការប្រើប្រាស់ថវិ​ការហូតដល់ទៅ៦៣០ពាន់លានដុល្លារអាមេរិក ដែលមាននៅក្នុងទុនបម្រុងអន្តរជាតិរបស់ធនាគារកណ្ដាលរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ការកាត់ផ្ដាច់ធនាគារនានារបស់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ទៅលើពាណិជ្ជកម្មរុស្ស៊ី ហើយវានឹងធ្វើឱ្យបណ្ដាក្រុមហ៊ុនរុស្ស៊ី ជួបការលំបាកកាន់តែខ្លាំង នៅក្នុងការធ្វើពាណិជ្ជកម្ម។ ក្នុងមួយឆ្នាំៗ ប្រាក់ជាច្រើនទ្រីលានដុល្លារអាមេរិក ត្រូវបានផ្ទេរ ឬទូទាត់ដោយប្រើប្រាស់ប្រព័ន្ធ SWIFT។

មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាមេរិក បានអះអាងថា “រដ្ឋាភិបាលរបស់ពូទីន នឹងត្រូវបានកាត់ផ្ដាច់ចេញ ពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ”៕ Reuters៕

វិភាគៈតើសង្រ្គាមនុយក្លេអ៊ែរនឹងកើតមានក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែនឬយ៉ាងណា?

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ការមិនបញ្ជូនអាវុធ មិនមែនមានន័យថា បណ្តាលោកខាងលិចនៅស្ងៀម និងគ្មានឥទ្ឋិពលលើសង្រ្គាម ដែលពួកគេបានរៀបចំជាសេនារីយោឡើងរាប់ឆ្នាំមកហើយ ដើម្បីបង្ខំចិត្តមេដឹកនាំរុស្ស៊ីនោះទេ។

ប្រវត្តិសាស្រ្តដ៏ជូរចត់ ស្ទើរដូចរឿងមួយពាន់មួយយប់ រហូតដល់សហភាពសូវៀត ត្រូវបានបំបែកដូចការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ បានស្ថិតនៅក្នុងការចងចាំ ក្នុងប្រវត្តិសាស្រ្តរបស់មេដឹកនាំរុស្ស៊ី(វ្លាឌីមៀ ពូទីន) ដែលលោកបានចរិកទុកចិត្ត និងបានហៅវាថា “ជាមហន្តរាយផ្នែកភូមិសាស្រ្ត នយោ​បាយ ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ទី២០”។

តើលោកពូទីន នឹងឈ្នះសង្រ្គាមនេះឬទេ?
បើផ្អែកតាមអំណាចសព្វាវុធ និងអាវុធមហាប្រល័យ រុស្ស៊ីពិតជាមានសមត្ថភាពខ្ពស់់ ក្នុងការទទួលបានជ័យជម្នះ នៅក្នុងសង្រ្គាមនេះ បើសិនជារុស្ស៊ីប្រើប្រាស់គ្រាប់បែបនុយក្លេអ៊ែរ ដើម្បីបញ្ចប់នូវវិបត្តិដ៏ធ្ងន់់ធ្ងរនដើម​សត​វត្សរ៍ទី២១នេះ។

ប៉ុន្តែតើសេដ្ឋកិច្ចរុស្ស៊ីនឹងងដួលរលំឬយ៉ាងណា ប្រាកដណាស់ សេដ្ឋកកិច្ចរុស្ស៊ី នឹងដួលររលំក្រោយបញ្ចប់សង្រ្គាមនេះ ព្រោះអាមេរិក និងបណ្តាមេដឹកនាំលោកខាងលិច បានកាត់បណ្តាញទូទាត់សាច់ប្រាក់សកល ឬហៅកាត់ថា SWIFT របស់រុស្ស៊ីចេញរួចទៅហើយ។

ដំណើរដ៏វែងឆ្ងាយ ការចចារបាននិងកំពុងចាប់ផ្តើម ប៉ុន្តែលទ្ឋភាពនៃការជាប់គាំង លើការចចារនេះអាចកើតមានឡើង ហើយមានលទ្ឋភាពតិចតួចណាស់ ដែលរុស្ស៊ីនឹងសម្រេចបានជោគជ័យតាមអ្វី ដែលពួកគេចង់បាន ដោយសារ ទី១ ប្រធានាធិបតីអ៊ុយ ក្រែនដែលជាអតីតអ្នកកំប្លែងម្នាក់ មិនស្គាល់ពីខ្លួនឯងជាអ្នកណាឡើយ ទី២ រុស្ស៊ីនឹងអាចទាមទារឲ្យអ៊ុយ ក្រែនស្ថិតក្នុងប្រទេសរណបរបស់ខ្លួន ទី៣ រុស្ស៊ីនឹងឲ្យអ៊ុយ ក្រែនសងលើការចំណាយសព្វាវុធនានារបស់រុស្ស៊ី ក៏ដូចជា ការខាងបង់សេដ្ឋកិច្ចរបស់ខ្លួន។

ទី៤ បណ្តាមេដឹកនាំលោកខាងលិច បាននិងកំពុងប្រើប្រាស់មធ្យោ​បាយដោយប្រយោល ដើម្បីកំទេចរុស្ស៊ី តាមរយៈគោលនយោបាយសេដ្ឋកិច្ច កាទូត និងការបញ្ជូនសព្វាវុធឲ្យមេដឹកនាំអ៊ុយ ក្រែន។

តើលទ្ឋភាពប្រើប្រាស់អាវុធនុយក្លេអ៊ែរ លើអ៊ុយក្រែននឹងកើតមានឬទេ?
ផ្ទៃមេឃលើទឹកដីអ៊ុយ ក្រែនកំពុងផ្លាស់ប្តូរព៌ណហើយ ខណៈលោកវ្លាឌីមៀ ពូទីនបានបញ្ជាឲ្យរដ្ឋមន្រ្តីការពារជាតិ និងកងទ័ពដែលធ្វើការនៅផ្នែកអាវុធនុយក្លេអ៊ែរត្រៀមខ្លួន ដើម្បីប្រើប្រាស់អាវុធនេះលើទឹកដីអ៊ុយ ក្រែន។

លទ្ឋភាពនៃការប្រើប្រាស់អាវុធនុយ ក្លេអ៊ែរនឹងកើតមានឬទេ? តើប្រទេ​ស និងប្រជាជនអ៊ុយក្រែន នឹងក្លាយជាប្រទេសរងគ្រោះ ដោយគ្រាប់​បែកនុយ ក្លេអ៊ែរទី២ បន្ទាប់ពីប្រទេសជប៉ុនឬទេ? ចម្លើយពិតជាអាចកើតមាន ក្រោមហេតុផលមួយចំនួនដូចជា ទី១ ប្រសិនជាការចចាបរាជ័យ ហើយមេដឹកនាំអ៊ុយ ក្រែននៅតែគឃ្លើន ទី២ បើសិនជាមានការលូកដៃ និងវាយប្រហារកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ពីលោកខាងលិចលើរុស្ស៊ី ទី៣ រុស្ស៊ីនឹងមិនព្រមចុះចាញ់សង្រ្គាមនេះនោះទេ មិនព្រមចុះចាញ់ជាដាច់ខាត ព្រោះការចុះចាញ់សង្រ្គាមនេះ ស្មើនឹងរុស្ស៊ីដក
កាំបិតមកចាក់ដើមទ្រូវខ្លួនឯង។

ទី៤ ដើម្បីបញ្ចប់សង្រ្គាមនេះ ដោយយកប្រៀបឈ្នះ តាមរយៈការចចា ដោយដាក់អ៊ុយ ក្រែនជារដ្ឋរណបរបស់ខ្លួន ដែលគ្មានកងទ័ព និងត្រូវសងសំណងទាំងអស់ដល់រុស្ស៊ី ដូចគ្នានឹងអាមេរិកធ្វើជាមួយប្រទេសជប៉ុន និងទី៥ រុស្ស៊ី គ្មានពាក្យណាមួយក្នុងវចនានុក្រមព្រម “ចុះចាញ់”នោះទេ។ ការចុះចាញ់សង្រ្គាមនេះ រុស្ស៊ីនឹងស្ថិតក្រោមការគំរាមកំហែង និងក្លាយជារដ្ឋរណបពួកលោកខាងលិចមិនលែង។

តើសង្រ្គាមលោកលើកទី៣នឹងផ្ទះឬទេ?
បណ្តាអ្នកវិភាគសង្រ្គាម អ្នកវិភាគភូមិសាស្រ្តនយោបាយ និងអ្នកវិភាគដទៃទៀត ទំនងជាមិនហ៊ានបដិសេធពីលទ្ឋភាព កើតមានសង្រ្គាមលោកលើកទីបី១០០ភាគរយនោះទេ។

ធ្លាប់មានអតតីតកាលដ៏ឈឺចាប់ ក្នុងអំឡុងសង្រ្គាមលោកលើកទី២ សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ ក្រែននាពេលនេះ គឺជាការរុញឲ្យទាល់ច្រក “លោកវ្លាឌីមៀ ពូទីន”បាននិយាយរួចហើយថា “មេដឹកនាំអាមេរិក និងលោកខាងលិច ជាអ្នកបង្ខំំគាត់ឲ្យទាល់ច្រក”។

សារដ៏មុតស្រួចនេះ មានន័យថា លោកមិនចង់បង្កសង្រ្គាមទេ ប៉ុន្តែការអនុញ្ញាត្តឲ្យអ៊ុយ ក្រែនជាចូលជាសមាជិកណាតូ ស្មើនឹងអនុញ្ញាត្តឲ្យសត្រូវចូលមកដល់របងផ្ទះរបស់ខ្លួន ហើយដែនអធិបតេយ្យរបស់ខ្លួនមួយចំនួននឹងត្រូវបាត់បង់។

សង្រ្គាមលោកលើកទី៣ នឹងអាចធ្វើឲ្យប្រទេសមួយចំនួនបាត់ពីផែន ទីពិភពលោក ប្រសិនជាវាកើតមានឡើង ហើយលទ្ឋភាពតើវាកើតមានឡើងឬអត់ វាអាស្រ័យលើកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ បើអ៊ុយក្រែន អាមេរិក អឺរ៉ុបជាសម្ព៏័ន្ឋរបស់ណាតូនៅបន្តគឃ្លើន ទី២ ប្រសិនជាពូទីន សម្រេចចិត្ត វាយប្រហារប្រទេសណាមួយទៀត ដែលជាសមាជិករបស់អង្គការណាតូ ទី៣ ប្រសិនជាប្រទេសណាមួយលូកដៃ ជួយដល់ប្រទេសរុស្ស៊ី យ៉ាងពេញលេញដូចជា ចិន កូរ៉េខាងជើងជាដើម។

ទី៤ បើសិនជាលោកប្រធានាធិបតីវ្លាឌីមៀ ពូទីនមើលឃើញពីលទ្ឋ​ភាពថា ប្រទេសរបស់ខ្លួននឹងដួលរលំ ឬប្រឈមនឹងការបាត់បង់ពីផែនទីពិភពលោក។

ទឹកដល់ច្រមុះរុស្ស៊ីហើយ ខណៈអ៊ុយក្រែន កំពុងស្ថិតនៅលើខ្សែដែកគេកំពុងចងព្យួរនៅលើភ្នំភ្លើង ក្នុងពេលដែលមេដឹកនាំប្រទេសនេះ ត្រឹមជាអ្នកកំប្លែងម្នាក់ ដែលត្រូវបានជ្រើសរើស ដោយមនោសញ្ចេតនា ច្រើនជាង ប្រើប្រាស់បញ្ញាដើម្បីវិនិច្ឆ័យ៕

ឧកញ៉ាផន វណ្ណិត អ្នកវិនិយោគលើវិស័យអចលនទ្រព្យនិពន្ធសៀវភៅ “ថ្វីគំនិត”និងត្រៀមចែកផ្សាយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មានអតីតភាពជាព្រះសង្ឃ ឧកញ៉ាផន វណ្ណិតអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បាននិងកំពុងបោះពុម្ពពសៀវភៅ ដែលលោកបាននិពន្ឋ ដើម្បីចែករំលែកជាចំណេះដឹងដល់សាធារណៈជន។

លោកបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លូន កាលពីល្ងាចថ្ងៃទី២៧ កុម្ភៈ ដែលចំនឹងថ្ងៃខួបកំណើតរបស់លោកថា ថ្ងៃខួបកំណើតឆ្នាំនេះ ពិសេសជាងសព្វដងត្រង់ថា ថ្ងៃនេះសៀវភៅបានចូលរោងពុម្ព ត្រៀមផ្តល់ជាកាដូឆ្នាំ២០២២នេះ ដល់បងប្អូនអ្នកគាំទ្រខ្ញុំកន្លងមក។

លោកបានបន្តថា “គំនិតជាផ្នែកធំបន្ទាប់ពីយើងមានជីវិត កាលណាមានដង្ហើមចេញ ចូល ត្រូវតែប្រើប្រាស់គំនិតឲ្យត្រូវកាល និងច្នៃបង្កើតគំនិតសាងសុភមង្គល”។ លោកបន្តថា “មហាសេដ្ធី ឬអ្នកមាន ពួកគេមានទ្រព្យសម្បត្តិច្រើនមហាសាល មកពីពួកគេបង្កើតផ្នត់គំនិតរីកចម្រើន”។

លោកឧកញ៉ាផន វណ្ណិតបានបន្តថា “ក្នុងសៀវភៅខ្ញុំពន្យល់ច្រើនពីរបៀបគិត បង្កើតផ្នត់គំនិត សហគ្រិនភាព និងគន្លឹះអប់រំចិត្ត”៕

សម្តេចតេជោដាក់ចេញការងារអាទិភាព៤ចំណុច ដើម្បីឆ្ពោះទៅស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣

ដោយ: ម៉ាលីស

ភ្នំពេញៈ ការងារអាទិភាពចំនួន៤ចំណុច ត្រូវបានដាក់ចេញ តាមរយៈសារលិខិតរបស់សម្តេចតេជោ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត ឆ្នាំ២០២២ ដែលធ្វើឡើង ក្រោមប្រធានបទ “ទីក្រុងស្អាត៖ គាំទ្រការបើកទេសចរណ៍កម្ពុជា” អមជាមួយការប្រកាសយុទ្ធនាការ “កម្ពុជាស្អាត” ឆ្ពោះទៅស្វាគមន៍ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games 2023)។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិ ទីក្រុងស្អាតឆ្នាំ២០២២នេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមដាក់ ចេញនូវការងារអាទិភាពដូចជា

ទី១ គ្រប់ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវបន្តចូលរួមអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់លើវិធាន ឬបទដ្ឋា​នគតិយុត្តិ ដែលបានដាក់ចេញរួមមាន៖ “វិធានសុវត្ថិភាព ទេសចរណ៍” “នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) សម្រាប់សេវាកម្មទេសចរណ៍” ស្រ​បតាមគន្លង ប្រក្រតីភាពថ្មី និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងស្តារនូវទំនុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែច្រវាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ ដូច្នេះ ត្រូវរៀបចំយុទ្ធនាការប្រឡងប្រណាំងរាជធានីខេត្ត ដែលមានស្នាដៃឆ្នើម ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍។

ទី២ គ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងផ្នែកឯកជនត្រូវយកចិត្តទុកដាក់បន្តចូលរួមជំរុញ និងស្តារវិស័យទេសចរណ៍ឡើងវិញ តាមរយៈការជំរុញ ការអនុវត្តនូវផែនការយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ សំដៅប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងនិរន្តរភាព ដែលនឹងផ្ដល់ផ្លែផ្កាចូលរួម ទ្រទ្រង់ដល់ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩ រួមមាន៖ ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ “វិធានការ គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣” និង ”ផែនការយុទ្ធសាស្ត្រស្តីពី ការបើកទទួលទេសចរណ៍វ៉ាក់សាំង” ។

ទី៣ គ្រប់ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា និងផ្នែកឯកជន ត្រូវរួមគ្នាលើកកម្ពស់កិត្តិយស និងមុខមាត់កម្ពុជា តាមរយៈឥទ្ធិពលព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្នុងការដាក់ចេញយុទ្ធនាការ អប់រំសង្គមនិងផ្សព្វផ្សាយយុទ្ធនាការ “កម្ពុជាស្អាត” ឱ្យបានកាន់តែសកម្មនិងផុសផុល សំដៅសម្រេច បានការអភិវឌ្ឍប្រកប​ដោយភាពស្អាត និងបៃតងនៅក្នុងទីក្រុង និងកម្ពុជាទាំងមូល ដើម្បីត្រៀមទទួល ស្វាគមន៍ភ្ញៀវទេសចរក្នុងព្រឹត្តិការណ៍នេះ។

 

ទី៤ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ពិសេស ទម្លាប់នៃការរស់នៅជាមួយ ភាពស្អាត និងអនាម័យ រួមជាមួយការអនុវត្តតាមវិធានសុខាភិបាល និងវិធាននានារបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩៕