អ្នកនាំពាក្យក្រសួងការបរទេស ៖ មានបងប្អូនពលរដ្ឋកម្ពុជា ២៣រូប កំពុងរស់នៅប្រទេសអ៊ុយក្រែន

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា មានអតីតនិស្សិតខ្មែរដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និងដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ ដែលកំពុងរស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ បានបញ្ជាក់បន្ថែមបែបនេះ បន្ទាប់ពីព័ត៌មានបឋមពីថ្ងៃម្សិលមិញ ថាមិនមានពលរដ្ឋ ឬនិស្សិតកំពុងនៅប្រទេសអ៊ុយក្រែននោះទេ។
លោកបានបន្ថែមថា ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងស្ថានទូតកម្ពុជា ប្រចាំនៅរុស្សី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់។

សូមរម្លឹកថា បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ កន្លងមកនេះ បណ្តាប្រទេសនានាបានសម្តែងនូវការព្រួយបារម្ភអំពីសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួនដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ខណៈសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យមានកិច្ចសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរ៕

ប្រធាន​​​ CVEA បង្ហើបពីយុទ្ធសាស្ត្រក្នុងការបិទការលក់អចលនទ្រព្យបានលឿន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ការបិទការលក់អចលនទ្រព្យគឺជារឿងពិបាកមួយសម្រាប់ភ្នាក់ងារអចលនទ្រព្យ ហើយនៅពេលបិទការលក់បានមួយវាបញ្ជាក់ថាភ្នាក់ងារអចលនទ្រព្យរូបនោះក៏នឹងទទួលបានកម្រៃជើងសារផងដែរ ។ ដើម្បីឱ្យការបិទការលក់ ឬហៅថាClose Deal បានលឿន លោកច្រឹក សខុនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញពីគន្លឹះមួយចំនួនសម្រាប់អ្នកប្រកបរបរជាភ្នាក់ងារទុកជាទុន ។

លោកបានប្រសាសន៍ថា អ្នកចង់ក្លាយជាភ្នាក់ងារលក់អចលនទ្រព្យត្រូវតែជាអ្នកដែលចូលចិត្តក្នុងការលក់ ហើយរីករាយជាមួយនឹងការងារនោះ ។អ្វីដែលពិសេសគឺត្រូវតែមានជំនាញទៅលើការងារដែលកំពុងធ្វើនោះ ។ មួយវិញទៀត ដើម្បីទទួលបានជោគជ័យលើការងារនេះ អ្នកលក់ត្រូវទទួលការបណ្ដុះបណ្ដាលជាប្រចាំ ពីព្រោះថាអ្នកលក់គឺជាអ្នកដែលប្រឈមនឹងការបោះបង់ការងារនោះចោល ហើយអ្នកលក់ដែលពូកែគឺជាអ្នកដែលមានអារម្មណ៍ប្រែប្រួលលឿន ។

លោកបន្តថា សម្រាប់ក្រុមហ៊ុនរបស់លោក ការត្រៀមនូវកម្លាំងដើម្បីប្រយុទ្ធគឺជាអាទិភាពមួយសម្រាប់ការលក់ ជាក់ស្ដែងដោយសារតែយើងជាអ្នកធ្វើការក្នុងវិស័យនេះ ពេលខ្លះយើងអាចជួបជុំក្រុមការងារឬអតិថិជន ហើយក៏បានញ៉ាំស្រានិងគេងយប់ជ្រៅ ដែលធ្វើឱ្យមុខរបស់យើងមិនស្រស់ថ្លា ដូច្នេះ វាអាចជាកត្តាដែលធ្វើឱ្យយើងជួបអតិថិជន ហើយធ្វើឱ្យអតិថិជនមិនពេញចិត្តនឹងទឹកមុខរបស់យើងដែលមិនស្រសល់ថ្លានោះ ។ ចំណុចនេះក៏យើងត្រូវគិតគូរដែរ មុននឹងយើងទៅជួបអតិថិជនឬសម្របសម្រួលអតិថិជនដើម្បីបញ្ចប់ការលក់មួយឱ្យមានប្រសិទ្ធភាព ។

លោកបន្ថែមថា ការសម្របសម្រួលឱ្យអតិថិជនមានលក្ខណៈងាយស្រួលក្នុងការទទួលបានលក្ខខណ្ឌបង់ប្រាក់ឬការទូទាត់មានលក្ខខណ្ឌបត់បែន និងការមានទំនាក់ទំនងច្រើន ជាកត្តាចម្បងជួយឱ្យភ្នាក់ងារអចលនទ្រព្យអាចបិទការលក់បានលឿន ។លោកថា”កត្តាមួយចំនួនដែលធ្វើឱ្យការទិញលក់ទទួលបានជោគជ័យ គឺការផ្ដល់នូវដំណោះស្រាយ តាមរយៈការណែនាំឱ្យអតិថិជនទទួលបាននូវប្រាក់កម្ចី ឬមួយក៏តាមរយៈភ្នាក់ងារដែលអាចធ្វើការទិញលក់ជាបណ្ដោះអាសន្ន ” ៕

ភោជនីយដ្ឋានក្រុងសៀងហៃ បំបែកកំណត់ត្រា Guinness ក្លាយជាភោជនីយដ្ឋានខ្ពស់បំផុតរបស់ពិភពលោក

ដោយ៖ សុខុម

សៀងហៃ: ភោជនីយដ្ឋានមួយនៅក្រុងសៀងហៃ ប្រទេសចិន បានបំបែកកំណត់ត្រាពិភពលោកហ្គីណេស (Guinness World Records) ដោយក្លាយជាភោជនីយដ្ឋានដែលខ្ពស់ជាងគេបំផុតក្នុងពិភពលោក ក្រោយមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ននេះនៅខែកុម្ភៈ នេះ។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ ឱ្យដឹងថា ដោយស្ថិតនៅជាន់ទី១២០ នៃអគារកប់ពពក Shanghai Tower ភោជនីយដ្ឋានជាន់ខ្ពស់ Heavenly Jin នៅក្នុងសណ្ឋាគារប្រណីត J Hotel មានកម្ពស់ពីដី៥៥៦,៣៦ម៉ែត្រ។ សណ្ឋាគារ J Hotel កាន់កាប់ជាន់កំពូលនៃអគារ Shanghai Tower កម្ពស់៦៣២ម៉ែត្រដែលជាអគារខ្ពស់បំផុតនៅក្នុងប្រទេសចិន និងខ្ពស់បំផុតទី៣ ក្នុងពិភពលោក។

ក្រៅពីផ្ដល់ផ្ទាំងទស្សនីយភាពទេសភាពដ៏ល្អឆើយឆាយនៃជើងមេឃក្រុងសៀងហៃ ភោជនីយដ្ឋានជាន់ខ្ពស់នេះក៏ផ្ដល់នូវបញ្ជីមុខម្ហូបពិសេសៗ និងប្រណីតៗផងដែរ ជាពិសេសមុខម្ហូបបែបប្រពៃណីអឺរ៉ុប ជប៉ុន និងចិន។

និយាយពីការដេគ័រ ឬ ការតុបតែងលម្អវិញ ភ្ញៀវដែលចូលទៅនឹងបានឃើញផ្ទាំងគំនូរផ្គុំអ៊ីតាលី ដ៏ធំមួយផ្ទាំងដែលមានប្រវែង៣០ម៉ែត្រ ចំណែកឯតុអាហារត្រូវបានរៀបដាក់ពីក្រោមអំពូលភ្លើងគ្រីស្តាល់ចែងចាំងដែលមានសណ្ឋានដូចទឹករលកយ៉ាងប្រណីតអស្ចារ្យ។ ភោជនីយដ្ឋាននេះមានតុអាហារចំនួន២៥៦តុ និងមានបន្ទប់ស្រស់ស្រូបអាហារលក្ខណៈផ្ទាល់ខ្លួនចំនួន៥។

ចំណុចពិសេសមួយទៀតគឺ ផ្ទះបាយក្នុងភោជនីយដ្ឋាននេះបើកចំហ ដោយអនុញ្ញាតឱ្យភ្ញៀវចូលទស្សនាសកម្មភាព និងដំណើរការចម្អិនអាហារដោយផ្ទាល់។

*ក្រុងឌូបៃ បាត់បង់ជើងឯកកំណត់ត្រា

ភោជនីយដ្ឋាន Heavenly Jin បានផ្ដួលសណ្ឋាគារ At.mosphere នៅក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ដែលជាម្ចាស់កំណត់ត្រាចាស់។ ស្ថិតនៅកម្ពស់៤៤១,៣ម៉ែត្រ វាមានទីតាំងស្ថិតនៅជាន់ទី១២២ នៃអគារខ្ពស់បំផុតក្នុងពិភពលោក Burj Khalifa ហើយបានបើកដំណើរការក្នុងឆ្នាំ២០១១៕ CNN៕

ការងារទាំង៧ដែលនឹងមានតម្រូវការក្នុងពេលវិស័យអចលនទ្រព្យមានកំណើនកាន់តែខ្ពស់

ដោយ៖វឌ្ឍនៈ

ភ្នំពេញ ៖ នៅក្នុងបេលបច្ចុប្បន្ននេះ វិស័យអចលនទ្រព្យកម្ពុជាត្រូវបានមើលឃើញថាកំពុងមានកំណើនកាន់តែខ្ពស់ដូចគ្នា ក្នុងនោះមានការងារ៧ដែលមើលឃើញថានឹងមានតម្រូវការខ្ពស់ក្នុងពេលវិស័យអចលនទ្រព្យរីកចម្រើន ។

១. ស្ថាបត្យករ (Architect) ៖ មិនថាគម្រោងសំណង់អគារ ផ្ទះ ឬហេដ្ឋារចនាសម្ព័ន្ធនីមួយៗសុទ្ធតែត្រូវការជំនាញរបស់ស្ថាបត្យករដើម្បីរចនាប្លង់ទៅតាមកម្រិតស្ដង់ដារ និងចេញម៉ូតសំណង់គំរូ។ ស្ថាបត្យករសិក្សាស្វែងយល់លម្អិតពីគម្រោង វត្ថុធាតុប្រើប្រាស់បានយូរ មុខងារ និងការបំពេញតម្រូវការរបស់អតិថិជន ដែលធានាបានទាំងគុណភាព និងសុវត្ថិភាពសំណង់។ ជាទូទៅ ស្ថាបត្យករចូលរួមគ្រប់ដំណាក់កាលនៃគម្រោងសាងសង់នីមួយៗ ដោយពួកគេធ្វើកិច្ចការនេះជាមួយអ្នកជំនាញផ្សេងទៀត ដើម្បីប្រាកដថាគម្រោងរបស់ពួកគេទទួលបានជោគជ័យ។

២. វិស្វករសំណង់ស៊ីវិល (Civil Engineer) ៖ មានវិស័យជាច្រើនដែលត្រូវការវិស្វករដូចជា ខាងអគ្គិសនី ខាងបរិស្ថានជាដើម ចំណែកឯវិស្វករក្នុងវិស័យសំណង់ គេឲ្យនាមថា វិស្វករសំណង់ស៊ីវិល។ វិស្វករសំណង់ស៊ីវិលមានតួនាទីមើលការខុសត្រូវ និងត្រួតពិនិត្យគម្រោង រួមទាំងរៀបចំផែនការសាងសង់ ការថែទាំជួសជុល និងការគ្រប់គ្រងកម្មករ។ល។ ពួកគេត្រូវធានានូវសុវត្ថិភាព ស្ដង់ដារសំណង់ ការសាងសង់ស្របតាមផែនការ តាមពេលកំណត់ និងលក្ខណៈជាក់លាក់។

៣. អ្នករចនាខាងក្នុង (Interior Designer) ៖ អ្នករចនាខាងក្នុងមានតួនាទីរៀបចំ តុបតែង កែលម្អនូវបរិយាកាសខាងក្នុងសំណង់ ដើម្បីឲ្យមានភាពទាក់ទាញ សោភ័ណភាពនិងភាពស្រស់ស្អាត តាមរយៈការប្រើប្រាស់ពណ៌ ភ្លើង គ្រឿងសង្ហារឹម និងសម្ភារៈផ្សេងៗទៅតាម ទំហំ និងទីតាំងអចលនទ្រព្យ តម្រូវការអ្នករស់នៅ និងតម្រូវការរបស់អតិថិជន។

៤. ភ្នាក់ងារអចលនទ្រព្យ (Real Estate Agent) ៖ ភ្នាក់ងារអចលនទ្រព្យមានតួនាទីណែនាំ និងប្រឹក្សាដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ ក្នុងប្រទេសមួយចំនួនភ្នាក់ងារអចលនទ្រព្យចាំបាច់ត្រូវមានអាជ្ញាប័ណ្ណទើបអាចធ្វើការបាន។ ភ្នាក់ងារអចលនទ្រព្យភាគច្រើនបម្រើការជាភ្នាក់ងារផ្នែកលក់នៅតាមក្រុមហ៊ុនអចលនទ្រព្យ ឬម្ចាស់គម្រោងដែលសាងសង់អគារ ផ្ទះ ឬបុរីលក់ជាដើម។ ជាទូទៅភ្នាក់ងារអចលនទ្រព្យទទួលបានប្រាក់ចំណូលតាមរយៈប្រាក់កម្រៃជើងសារ (Commission)។

៥. ឈ្មួញកណ្ដាលអចលនទ្រព្យ (Real Estate Broker)៖ ការងាររបស់ឈ្មួញកណ្ដាលអចលនទ្រព្យមិនខុសប្លែកគ្នាពីភ្នាក់ងារអចលនទ្រព្យច្រើនទេគឺ ពួកគេណែនាំ និងផ្តល់ព័ត៌មានដល់អតិថិជនក្នុងការទិញ ឬលក់អចលនទ្រព្យ។ នៅប្រទេសកម្ពុជា ឈ្មួញកណ្ដាលអចលនទ្រព្យច្រើនតែធ្វើការដោយឯករាជ្យ និងមិនស្ថិតនៅក្រោមក្រុមហ៊ុនទិញ លក់ ជួល ឬម្ចាស់អចលនទ្រព្យណាមួយទេ។ ដោយឡែកនៅប្រទេសជឿនលឿនមួយចំនួនដូចជាសហរដ្ឋអាមេរិក ឈ្មួញកណ្ដាលអចលនទ្រព្យត្រូវទទួលបានការបណ្ដុះបណ្ដាលពីផ្នែកអចលនទ្រព្យនិងមានអាជ្ញាប័ណ្ណច្បាស់លាស់ជាមុនសិន ទើបអនុញ្ញាតឲ្យពួកគេធ្វើការដោយឯករាជ្យបាន។

៦.មេធាវីផ្នែកអចលនទ្រព្យ (Real Estate Attorney)៖ មេធាវីផ្នែកអចលទ្រព្យទទួល រៀបចំ ត្រួតពិនិត្យ ប្រឹក្សាផ្តល់យោបល់ សម្របសម្រួលឯកសារតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងការទិញឬលក់អចលនទ្រព្យ ដូចជា កិច្ចព្រមព្រៀងទិញលក់ ឯកសារបញ្ចាំ ឯកសារកម្មសិទ្ធិឬឯកសារផ្ទេរសិទ្ធិ។ល។ មុននឹងទិញ លក់ ឬផ្ទេរកម្មសិទ្ធិអចលនទ្រព្យបានសម្រេច ពួកគេត្រូវធានាថា កាតព្វកិច្ចទាំងអស់របស់ភាគីមួយៗត្រូវបានបំពេញតួយ៉ាងដូចជា ការបង់ពន្ធជាដើម។ ក្នុងករណីមានទំនាស់រវាងអ្នកលក់និងអ្នកទិញ ភាគីទាំងសងខាងអាចជួលមេធាវីធ្វើជាអ្នកតំណាង ដើម្បីសម្របសម្រួលតាមផ្លូវច្បាប់ និងឈានរកដំណោះស្រាយ។

៧. អ្នកគ្រប់គ្រងអចលនទ្រព្យ (Property Manager)៖ ការងារចំបងរបស់អ្នកគ្រប់គ្រងអចលនទ្រព្យមានដូចជារៀបចំ ការប្រមូលថ្លៃជួលទៅឱ្យម្ចាស់អចលនទ្រព្យ ដោះស្រាយបញ្ហានានាករណីមានការខូចខាត ត្រូវការជួសជុល និងធានានូវការថែទាំនៃអចលនទ្រព្យទាំងមូលផងដែរ។ ក្នុងនាមជាអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការឆ្លើយតបយឺតយ៉ាវនូវសំណើថែទាំ ដែលអាចបណ្ដាលឲ្យមានការខកចិត្តពីសំណាក់អ្នកទិញ ជួល ឬប្រើប្រាស់អចលនទ្រព្យនោះ៕

ខេត្តត្បូងឃ្មុំជំរុញឱ្យផលិតកម្មវិស័យកសិកម្មឲ្យទទួលបានដល់៤៩០លានដុល្លារដើម្បីរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ដោយ: ម៉ាលីស

ត្បូងឃ្មុំ: លោកបណ្ឌិតជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ដែលជំរុញឱ្យមានកំនើនគ្រប់មុខផលិតកម្មកសិកម្ម ដែលតម្លៃផលិតកម្មកសិកម្មទាំងមូល ក្នុងខេត្តមានរហូតដល់៤៩០លានដុល្លាអាមេរិក នៅឆ្នាំ២០២១កន្លងមកនេះ។

លោកមានប្រសាសន៍បែបនេះ ក្នុងឱកាសលោកបណ្ឌិតជាម ច័ន្ទ​សោភ័ណ និងលោកស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់មន្ទីរកសិកម្មខេត្តកាលពីពេលថ្មីៗនេះ។

លោកបញ្ជាក់ថា “សមិទ្ធផលជាច្រើន នៃវិស័យកសិកម្មក្នុងខេត្តត្បូង​ឃ្មុំ បានចូលរួមជួយកំណើនសេដ្ឋកិច្ច សម្រាប់ខេត្តក្នុងឆ្នាំ២០២១កន្លងទៅនេះ គឺមិនអាចខ្វះបានពីការចូលរួមសហការ គាំទ្រចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ អង្គភាពពាក់ព័ន្ធ វិស័យឯកជន សហគមន៍កសិកម្ម ជាពិសេសបងប្អូនប្រជាកសិករនោះទេ”។

លោកបានជំរុញឱ្យមន្ទីរកសិកម្មខេត្ត រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ បន្តសហការគាំទ្រទាំងស្មារតី ថវិកា សម្ភារៈ និងការចូលរួមគ្រប់រូបភាពទាំងអស់ជួយសម្រួលបងប្អូនប្រជាកសិករ បន្តលើកកម្ពស់វិស័យកសិកម្មក្នុងខេត្ត ឱ្យកាន់តែមានកំណើនបន្ថែម ក្នុងគោលដៅបង្កើនការដាំដុះ និងផលិ​តកម្មសត្វក្នុងស្រុក ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

នៅឆ្នាំ២០២១ ផលិតកម្មកសិកម្មនៃខេត្តមួយនេះ រួមមាន៖-អនុវិស័យដំណាំផ្តល់បរិមាណផលជាង១,៥លានតោន មានតម្លៃផលិតកម្មទំហំ ២៧៥លានដុល្លាអាម៉េរិក។ -អនុវិស័យកៅស៊ូ ផ្តល់បរិមាណផល(ជ័រស្ងួត) ៨១ ៦០០តោន មានតម្លៃផលិតកម្មទំហំ១២២លានដុល្លារអាម៉េរិក។-អនុវិស័យផលិតកម្មសត្វ ផ្តល់បរិមាណផល១៩,៧៦០តោន មានតម្លៃផលិតកម្មទំហំ ៥៨លានដុល្លារអាម៉េរិក។

-អនុវិស័យជលផល ផ្តល់បរិមាណផល១៦,៦០០តោន មានតម្លៃផលិ តកម្មទំហំ៣៤លានដុល្លារអាមេរិក។ -អនុវិស័យផលិតកម្មសត្វ មានសត្វសរុបប្រមាណ ២,៧៣១,៦០០ក្បាល ដែលផ្តល់បរិមាណផលប្រមា ណ១៩,៧៦៣តោន មានតម្លៃផលិតកម្មទំហំប្រមាណ៥៧,១៥លានដុល្លារអាម៉េរិក៕

ការសិក្សា: ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិននឹងស្ទុះងើបឡើងវិញនៅចុងឆ្នាំ២០២២

ដោយៈសុខុម

ប៉េកាំង: ការស្ទាបស្ទង់មួយដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រោយរងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នឹងងើបឡើងវិញនៅចុងឆ្នាំ២០២២ នៅពេលដែលគោលនយោបាយជំរុញលើកទឹកចិត្តអ្នកទិញ បានរម្ងាប់ភាពជ្រួលច្របល់ក្នុងទីផ្សារ។

វិស័យអចលនទ្រព្យ ធ្លាប់តែជាសសរស្តម្ភ នៃភាពរឹងមាំសម្រាប់សេដ្ឋកិច្ចចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ប៉ុន្តែបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២១ និងជាប់ផុងយ៉ាងជ្រៅក្នុងបំណុល នៅពេលរ ដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងវិស័យនេះ ហើយជាលទ្ធផល បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ដោ​យគម្រោងលំនៅដ្ឋាននានា ត្រូវជាប់គាំងពាក់កណ្ដាលទី ការលក់ធ្លាក់ចុះខ្លាំង និងខកខានទូទាត់សងថ្លៃមូលបត្របំណុល អន្តរជាតិជាបន្តបន្ទាប់។

ក្រៅពីវិស័យអចលនទ្រព្យរបស់ខ្លួន កំពុងដាំក្បាលចុះយ៉ាងឆាប់រហ័ស ប្រទេសចិន ក៏ប្រឈមមុខនឹងការផ្ទុះឡើង នូវវីរុសកូវីដ-១៩ ញឹកញាប់ ដែលអាចប៉ះពាល់ដល់ទិន្នផលរោងចក្រ និងការប្រើប្រាស់ផងដែរ។

យោងតាមការស្ទាបស្ទង់ ដែលទីភ្នាក់ងារព័ត៌មាន Reuters ធ្វើឡើងទៅលើអ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ចចំនួន១៧រូប នៅចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកុម្ភៈ បង្ហាញថា តម្លៃផ្ទះជាមធ្យមត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះ១,០%នៅក្នុងឆមាសទី១ឆ្នាំនេះ។ ការប៉ាន់ប្រមាណនេះមិនមានការផ្លាស់ប្តូរឡើយ បើធៀបនឹងការស្ទង់មតិរបស់ Reuters ដែលបានធ្វើឡើងក្នុងខែវិច្ឆិកា។

សម្រាប់ឆ្នាំ២០២២ ទាំងមូល តម្លៃផ្ទះក្នុងទីផ្សារអចលនទ្រព្យចិន ត្រូវបានរំពឹងថានឹងហក់ឡើង២,០%។
ដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យរបស់ខ្លួន រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការលក់ និងរម្ងាប់ការជ្រួលច្របល់ក្នុងទីផ្សារ រួមទាំងការអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ប្រើប្រាស់លុយបានពីការលក់ Presale ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន ងាយស្រួលជាងមុន ការតម្រូវឱ្យអ្នកទិញផ្ទះដំបូងបង់ប្រាក់មុន (Down Payment) តិចជាងមុន និងការអនុញ្ញាតឱ្យធនាគារពាណិជ្ជនានា បញ្ចុះអត្រាការប្រាក់សម្រាប់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) ផងដែរ៕ Reuters៕

ហេតុអ្វីអាមេរិកមិនកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ជាការដាក់ទណ្ឌកម្ម?

ដោយៈសុខុម

អន្តរជាតិ: គេមើលឃើញថា ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT ដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានចូលប្រទេសអ៊ុយក្រែន គឺជាទណ្ឌកម្មធ្ងន់ធ្ងរបំផុត និងមានប្រសិទ្ធភាពបំផុតដែលធ្វើឱ្យរុស្ស៊ីភ័យខ្លាច ប៉ុន្តែសហរដ្ឋអាមេរិកមិនធ្វើដូច្នេះឡើយ។

តើអាមេរិកមានហេតុផលអ្វី នៅពីក្រោយរឿងដ៏សំខាន់មួយនេះ និងមិនហ៊ានទាត់រុស្ស៊ីចេញពីប្រព័ន្ឋមួយនេះ?។
មូលហេតុចម្បងដែលសហរដ្ឋអាមេរិក មិនកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT គឺដោយសារវាមានភាពស្មុគស្មា​ញខ្លាំងពេក ព្រមទាំងមានការជំទាស់ពីប្រទេសមួយចំនួន ដែលពឹងផ្អែកលើការនាំចេញថាមពលទៅកាន់អឺរ៉ុបផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាមេរិក The New York Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ កុម្ភៈ។

ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានប្រកាសកាលពីថ្ងៃព្រហ​ស្បតិ៍ ទី២៤ កុម្ភៈ ថា សហរដ្ឋអាមេរិក និងអឺរ៉ុប បានរួមកម្លាំងគ្នាដើម្បីប្រឈមតតាំង នឹងការឈ្លានពានពីសំណាក់រុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន តាមរយៈការដាក់ទណ្ឌកម្មធ្ងន់ធ្ងរនានា។

ទោះជាយ៉ាងណា មានវិស័យដ៏រសើបមួយ ដែលលោកលើកឡើងថាមានការខ្វែងគំនិតគ្នា ជុំវិញការប្រើប្រាស់ជាទម្រង់នៃការទណ្ឌកម្ម នោះគឺប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT។

បច្ចុប្បន្នប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT តភ្ជាប់បណ្ដាញស្ថាប័នហិរញ្ញវត្ថុជាង១១.០០០ស្ថាប័នជុំវិញពិភពលោក។
ក្រៅពីអាវុធនុយក្លេអ៊ែរ គេមើលឃើញថា ប្រព័ន្ធផ្ទេរប្រាក់អន្តរជាតិ SWIFT គឺជាទម្រង់ទណ្ឌកម្មធ្ងន់ធ្ងរ និងមានប្រសិទ្ធភាពបំផុត ពីព្រោះថា ប្រសិនបើប្រទេសរុស្ស៊ី ត្រូវបានកាត់ផ្ដាច់ចេញពីប្រព័ន្ធ ផ្ទេរប្រាក់អន្តរជាតិ SWIFT នោះប្រទេសនេះ នឹងត្រូវកាត់ផ្តាច់ចេញពីប្រព័ន្ធហិរញ្ញវត្ថុភាគច្រើនពិភពលោក ហើយជាលទ្ធផលនឹងធ្វើឱ្យប្រទេសរុស្ស៊ី ជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។

ប៉ុន្តែការធ្វើដូច្នេះ គឺមានភាពស្មុគស្មាញខ្លាំងណាស់ និងមានការជំទា​ស់ពីប្រទេសជាច្រើន ពោលគឺមិនងាយស្រួលដូចគិតនោះឡើយ។ ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT មិនមែនប៉ះពាល់តែប្រទេសរុស្ស៊ី មួយនោះទេ ប៉ុន្តែគឺប៉ះពាល់ដល់ប្រទេសជាច្រើន ដែលពឹងផ្អែកប្រទេសរុ ស្ស៊ី លើថាមពល ស្រូវសាលី និងទំនិញផ្សេងៗទៀត។
នោះហើយជាមូលហេតុ ដែលធ្វើឱ្យប្រទេសមួយចំនួនភ័យខ្លាច ហើ​យជំទាស់នឹងការប្រើប្រាស់ប្រព័ន្ធ SWIFT ជាទម្រង់នៃការដាក់ទណ្ឌកម្ម។

ច្បាស់ណាស់ថា ការកាត់ផ្ដាច់ប្រទេសរុស្ស៊ី ចេញពីប្រព័ន្ធ SWIFT នឹងរារាំងសមត្ថភាពរបស់រុស្ស៊ី នៅក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិ។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា ដោយសារតែអឺរ៉ុប ពឹងផ្អែកខ្លាំង​ លើការនាំចេញថាមពលរបស់រុស្ស៊ី ទើបមេដឹកនាំមួយចំនួននៅតំបន់អឺរ៉ុប ហាក់ភ័យខ្លាច និងមានការស្ទាក់ស្ទើរ។

*ស្វែងយល់ស៊ីជម្រៅអំពីប្រព័ន្ធ SWIFT
ប្រព័ន្ធ SWIFT ជាអក្សរកាត់ដែលចេញ ពីពាក្យពេញថា Society of Worldwide Interbank Financial Telecommunication (បណ្ដាញទូរគមនាគមន៍ហិរញ្ញវត្ថុ នៃធនាគារទូទាំងពិភពលោក)។ វាជាប្រព័ន្ធស្ដង់ដារមួយ ដែលមានសុវត្ថិភាពខ្ពស់បំផុតនៅក្នុងការផ្ទេរ ឬទទួលប្រាក់ប្រាក់ពីធនាគារ ក្នុងប្រទេសជាង២០០ជុំវិញពិភពលោក។

តើការផ្ទេរប្រាក់ជាអន្តរជាតិតាមប្រព័ន្ធ SWIFT ត្រូវការពេលយូរប៉ុណ្ណា?
ជាទូទៅការផ្ទេរប្រាក់ ឬការទូទាត់តាមប្រព័ន្ធ SWIFT ត្រូវការពេលចន្លោះពី១ទៅ៤ថ្ងៃ នៃថ្ងៃធ្វើការអាស្រ័យលើគោលដៅ តំបន់ និងនីតិវិធីធនាគារខុសៗគ្នា។

ដើម្បីធានាសុវត្ថិភាពខ្ពស់ ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មិនអាចធ្វើបានភ្លាមៗនោះឡើយ។ មុនពេលប្រាក់របស់អ្នកផ្ញើធ្លាក់ដល់អ្នកទទួលប្រាក់ផ្ទេរទាំងនោះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ ដើម្បីប្រ​ឆាំងការលួចបន្លំ និងការលាងលុយកខ្វក់ ដែលត្រូវការពេលវេលាយូរបន្តិច។

ធនាគារខ្លះ ប្រហែលជាត្រូវបញ្ជូនប្រាក់របស់អ្នកផ្ញើ តាមរយៈធនាគារអន្តរការីទៀតផង ប្រសិនបើគ្មានទំនាក់ទំនងផ្ទាល់ រវាងគណនីនៃធនាគាររបស់អ្នកផ្ញើ និងធនាគារគោលដៅទេនោះ។ កត្តានេះ ក៏រួមចំណែកធ្វើការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT មានការយឺតយ៉ាវផងដែរ ប៉ុន្តែវាមានសុវត្ថិភាពខ្ពស់។

*តើព័ត៌មានអ្វីខ្លះដែលអ្នកត្រូវការសម្រាប់ការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT?
ដើម្បីផ្ទេរប្រាក់ទៅក្រៅប្រទេស ដោយប្រើប្រព័ន្ធ SWIFT អ្នកត្រូវការព័ត៌មានដូចខាងក្រោម៖
១- ឈ្មោះរបស់អ្នកទទួលប្រាក់
២- អាសយដ្ឋានរបស់អ្នកទទួលប្រាក់
៣- ឈ្មោះ និងអាសយដ្ឋាននៃធនាគារទទួលប្រាក់
៤- លេខកូដ SWIFT នៃធនាគារអ្នកទទួល
៥- លេខគណនីរបស់អ្នកទទួល

*បញ្ជាក់! លេខកូដ SWIFT គ្រាន់តែបញ្ជាក់អត្តសញ្ញាណធនាគាររបស់អ្នកទទួលប៉ុណ្ណោះ ចំណែកឯលេខគណនីធនាគារអន្តរជាតិ ដែលគេស្គាល់ថា IBANវែងជាង និងបញ្ជាក់អត្តសញ្ញាណគណនី ធនាគារជាក់លាក់ណាមួយ៕

លោកសន សៀបៈខេត្តចំនួន៩នៅតែមានភាពសកម្មលើការទិញលក់អចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ខេត្តដែលមានសកម្មភាពទិញ លក់អចលលនទ្រពន្យសកមកម្មជាងគេ ជារឿយៗតែងតែត្រូវបានគេគិតដល់បណ្តាខេត្ត ដែលមានសក្តានុពលទេសចរណ៍ និងសេដ្ឋកិច្ច។

ទិសដៅសក្ដានុពល នៅតែមានការទិញលក់ក្នុងតំបន់ ដូចជា កំពត កែប សៀមរាប ព្រះសីហនុ កំពង់ស្ពឺ ប៉ោយប៉ែត បាវិត និងមណ្ឌលគីរីជាដើម។

យោងតាមការវិភាគរបស់លោក សន សៀបបានឲ្យដឹងថា រយៈពេល២ឆ្នាំកន្លងមកនេះ បានបង្រៀនឱ្យទីផ្សារផ្លាស់ប្ដូរខ្លួន ងាកទៅរកផ្លូវត្រូវ ពោ​លគឺតម្រូវការក្នុងស្រុកជាក់ស្ដែង។ ដូច្នេះចាប់ពីពេលនេះតទៅ ទីផ្សារនឹងមានកំណើន ដោយមាននិរន្តរភាពជាងមុន ទោះជាមិនកើនខ្លាំងដូចមុន តែជាការកើនដែលមានជាបន្ដបន្ទាប់។

អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិ លោកសន សៀប បានលើកឡើងទៀតថា វិស័យអចលនទ្រព្យសម្រាប់ឆ្នាំ ២០២២ និងឆ្នាំខាងមុខ នឹងបន្តមានកំណើនយឺត តែមាននិរន្តរភាពជាងមុន ពោលគឺមិនខ្លាំងដូចមុន តែមានសកម្មភាពជាបន្ដបន្ទាប់មិនជាប់គាំង។

លោកបន្តថា “កំណើននិរន្តរភាពនេះ គឺដោយសារតែទីផ្សារបាន និងកំពុងសម្របខ្លួន ហើយងាកមកផ្ដោតលើប្រភេទអចលនទ្រព្យ ដែលត្រូវនឹងតម្រូវការក្នុងស្រុកជាក់ស្ដែង”។

លោកសន សៀប ដែលជាអនុប្រធានប្រតិបត្តិសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានឱ្យដឹងទៀតថា ទោះមានវិបត្តិកូវីដក្ដី សកម្មភាពទិញលក់ អចលនទ្រព្យ នៅតែបន្តមាន នៅតាមតំបន់ ឬទីក្រុងដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ អាកាសយានដ្ឋាន គោលដៅទេសចរណ៍ និងច្រកព្រំដែនអន្តរជាតិនានា។

លោកបន្តថា “ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់គឺ ប្រភេទអចលនទ្រព្យដែលត្រូវជាមួយនឹងតម្រូវការរអ្នកទិញក្នុងស្រុក ដូចជាផ្ទះមានតម្លៃសមរម្យ និងដីតាមតំបន់អភិវឌ្ឍន៍ ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋ៕

ក្រុមហ៊ុនវិនិយោគផ្នែកបដិសណ្ឋារកិច្ចធំមួយគ្រោងបើកសណ្ឋាគារកម្ពុជានៅដើមត្រីមាសទី៣

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគលើបណ្ដាញបដិសណ្ឋារកិច្ច លំដាប់អន្តរជាតិ Accor គ្រោងបើកដំណើរការសណ្ឋាគារតម្លៃមធ្យមប្រេន Ibis Budget នៅកម្ពុជាជាលើកដំបូងបង្អស់ នៅអំឡុងខែកក្កដាឆ្នាំ ២០២២ខាងមុខនេះ។

សណ្ឋាគារថ្មីមួយនេះ មានឈ្មោះថា Ibis Budget Phnom Penh Riverside ដែលមានសរុប៣២២បន្ទប់ និងរួមបញ្ចូលគំនិតដោយការរចនាបែបសហសម័យ។

សណ្ឋាគារនេះ មានទីតាំងនៅក្នុងខណ្ឌចំការមន ដែលទីតាំងសក្ដានុពល តំបន់ពាណិជ្ជកម្ម និងកម្សាន្តក៏ធំរបស់រាជធានីភ្នំពេញ។

ស្រដៀងគ្នា សាខាផ្សេងទៀតជុំវិញពិភពលោក Ibis Budget Phnom Penh Riverside នឹងក្លាយជាសណ្ឋាគារតម្លៃសមរម្យស្ដង់ដាអន្តរជាតិ ដ៏ល្អឥតខ្ចោះសម្រាប់ធ្វើដំណើរ ដែលចង់បានបន្ទប់ឆ្លាតវៃ ផាសុខភាព និងការរចនាប្រកបដោយភាពច្នៃប្រឌិត៕

សម្តេចតេជោនឹងជាអធិបតីភាពសម្ភោធសមិទ្ធផលខេត្តត្បូងឃ្មុំចំនួន២ តម្លៃប្រមាណ៥០លានដុល្លាក្នុងខែមីនាខាមុខនេះ

ដោយ: ម៉ាលីស

ត្បូងឃ្មុំ: នាដើមខែមីនា ឆ្នាំ២០២២ខាងមុខនេះ នឹងមានរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ មានតម្លៃប្រមាណ៥០លានដុល្លា និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

នេះបើតាមការប្រកាសរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ខណៈលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមដំណើរដោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យទីតាំង និងបើកកិច្ចប្រជុំត្រៀមដើម្បីរៀបចំប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និងសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ។

ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រតិភូក្រសួង-ស្ថាប័នពាក់ព័ន្ធ អភិបាលរងខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទីរួមខេត្តត្បូងឃ្មុំ។

មន្ទីរពេទ្យនេះបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ចប់ការសាងសង់នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ ដោយចំណាយថវិកាអស់ប្រមាណ ៥០លានដុល្លាអាមេរិក ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ផ្ទៃក្រឡាមន្ទីរពេទ្យ មានទំហំ៥៥,៨១៤ ម៉ែត្រការ៉េ និងក្រឡាផ្ទៃអគារ មានទំហំ២៤,៣០០ ម៉ែត្រការ៉េ មានកំពស់២៤ម៉ែត្រ ចែកចេញជា០៥ជាន់។

មន្ទីរពេទ្យនេះ បំពាក់នូវឧបករណ៍ទំនើបៗ និងមានគ្រែសរុបចំនួន៣០០គ្រែ រួមទាំងមានទទួលព្យាបាល វះកាត់ ពិគ្រោះយោបល់ជំងឺទូទៅ ដែលមានក្រុមគ្រូពេទ្យជំនាញប្រមាណជាង៤០០នាក់ ដែលជាមន្ទីរពេទ្យប្រចាំតំបន់ភូមិភាគ គ្រប់ដណ្តប់ប្រជាជនមួយចំនួននៃខេត្តក្រចេះ រតនគិរី ស្ទឹងត្រែង និងមណ្ឌលគិរី។

ចំណែកសាលាបឋមសិក្សា-វិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែល ទាំងថ្នាក់បឋមសិក្សា និងថ្នាក់វិទ្យាល័យ ដោយមានអគារសិក្សាចំនួន២ខ្នង កំពស់០៣ជាន់ មាន៣៦បន្ទប់ អគារទីចាត់ការចំនួន០២ខ្នង ១០បន្ទប់ អគារស្នាក់នៅគ្រូបង្រៀន២ខ្នង ៤០បន្ទប់៕