អ្នក​ជំនាញ​ព្យាករណ៍ ខុនដូ​តម្លៃ​សមរម្យបន្ត​មាន​កំណើន​ ខណៈ​ខុនដូ​ប្រណីតនិង​មធ្យម​​អាចបន្តធ្លាក់ចុះ​បន្ទិច ក្នុង​ឆ្នាំ​នេះ​

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ស្របពេល​សកម្មភាព​វិនិយោគលើវិស័យខុនដូចាប់​ផ្តើម​មានដំណើរការឡើងវិញបន្តិចម្តងៗ អ្នកជំនាញ​នៅបន្ត​​​មើល​ឃើញ​ពី​ កំណើន​នៃការ​ផ្គត់​ផ្គង់​​ និង​តម្លៃ​នៃ​​ប្រភេទ​ខុនដូ​តម្លៃ​សមរម្យ (​Affordable) ស្របពេល​ដែល​ខុនដូ​ប្រណីត និង​មធ្យម (High-end និង​ Mid-range) ​អាច​ប្រ​ឈម​នឹង​ការ​ធ្លាក់ចុះការ​ផ្គត់​ផ្គង់និង​​តម្លៃ​។​

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បាន​មាន​ប្រសាសន៍​ប្រាប់ Property Area Asia ថា សម្រាប់ខុនដូប្រភេទប្រណីត និងមធ្យម (High End និង Mid-Range) នៅក្នុងកំឡុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់នៅបន្តមានចំនួនតិច មិនអ៊ូអរដូចកាលពីឆ្នាំ២០២១ទេ ព្រោះ​មិនមាន​គម្រោង​ថ្មី​ណាមួយ​ចាប់​ផ្តើម​បើក​ដំណើរ​ការ​លក់​នោះទេ។

 

អ្នក​នាង​បន្ត​ថា ចំណែកតម្លៃនៃខុនដូ ក៏មានការធ្លាក់ចុះបន្ទិចបន្ទួចផងដែរ ប៉ុន្តែភាគរយនៃការធ្លាក់ចុះយឺតជាងមុន​។ នៅ​ក្នុង​ឆ្នាំ​២០២២​នេះ តម្លៃ​នៃ​ខុនដូប្រភេទ​នេះ​ត្រូវ​បាន​រំពឹងថា អាចនឹងមានការធ្លាក់ចុះបន្តិចទៀតនៅក្នុងឆ្នាំនេះ ប៉ុន្តែមិនធ្លាក់ចុះគំហុកដូចកាលពីឆ្នាំ២០២០ទេ។

 

អ្នក​នាង​បញ្ជាក់ថា ការ​ធ្លាក់​ចុះ​នៃ​ការ​ទិញ​ប្រភេទ​ខុនដូប្រណីត និង​មធ្យម​ ដោយសារអតិថិជនគោលដៅរបស់ប្រភេទខុនដូទាំងពីរនេះគឺ ក្រុមអ្នកវិនិយោគបរទេស។ អ្នក​នាងថា “ទោះបីជាស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសមានការថមថយ និងមានការបើកចំហការធ្វើដំណើរក្តី អ្នកធ្វើដំណើរបែបវិនិយោគអាចត្រូវការ​ពេលមួយរយៈទៀត ទើបអាចត្រឡប់មកវិនិយោគក្នុងប្រទេសកម្ពុជាវិញ។ ជាពិសេស វិនិយោគិនធំបំផុតគឺ វិនិយោគិនជនជាតិចិន ដែលមិនទាន់បើកទូលាយទាក់ទងនឹងការធ្វើដំណើរនោះទេ”។

ស្របពេលជាមួយគ្នានេះ អ្នក​នាង​កេសាមើល​ឃើញ​ពី​ភាព​ផ្ទុយគ្នា​នៃ​ខុនដូតម្លៃសមរម្យ​​ (Affordable) ដែល​អាចនឹង​មានភាពនឹងនរ និងអាចមានកំណើនបន្ទិចបន្ទួច ដោយសារ​ក្រុម​អ្នក​អភិវឌ្ឍន៍​បាន​បង្វែរ​ទិសដៅ​នៃ​ការ​លក់​មក​កាន់​​ក្រុម​អតិថិជនប្រភេទ​នេះ និង​បាន​បំប្លែង​ខុនដូ​ប្រភេទ​ប្រណីត មក​ជា​ខុនដូ​ប្រភេទ​សមរម្យ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​នៅ​ក្នុង​ស្រុក​បន្ថែម​ទៀត​។

 

អ្នក​នាងលើកឡើង​ថា “ចាប់តាំងពីឆ្នាំ២០២០មក សកម្មភាពទិញរបស់អ្នកទិញជាជនជាតិបរទេសចាប់ផ្ដើមមានការថយចុះ តែអតិថិជនក្នុងស្រុកមានកំណើនក្នុងការទិញវិញ គ្រាន់តែក្នុងទំហំនៃការលក់មិនទាន់អាច Cover ដូចចំនួនអ្នកទិញបរទេសទេ”។

 

លោក ច្រឹក សុខនីម ​ប្រធាន​សមាគម​អ្នកវាយតម្លៃ និ​ងភ្នាក់ងារ​អចលនវត្ថុ បានមាន​ប្រសាសន៍​កាលពីពេល​ថ្មី​នេះ​​ថា បច្ចុប្បន្ននេះ ស្ថានភាពកូវីដ-១៩នៅកម្ពុជាកាន់តែភាពល្អប្រសើរ ដូចនេះស្ថានភាពនៃការវិនិយោគលើវិស័យខុនដូក៏ផ្តើម​មានដំណើរការឡើងវិញបន្តិចម្តងៗ ជាពិសេសក្រុមការងារលើវិស័យនេះក៏បានកំពុងតែមមាញឹកក្នុងការធ្វើការងារជាមួយវិនិយោគិនក្នុងស្រុក។

លោកសង្កេតឃើញថា ផ្នែកខ្លះនៃវិស័យនេះក៏ចាប់ផ្តើមមានវិនិយោគិនបរទេសផ្តើមបញ្ជូនតំណាងមកកម្ពុជាក្នុងគោលបំណងវិនិយោគលើវិស័យខុនដូនៅកម្ពុជា។

 

លោកបន្ថែមថា តម្រូវការនៃការប្រើប្រាស់ខុនដូនៅកម្ពុជាកាន់តែបន្តដំណើរទៅមុខជាលំដាប់ ហើយតម្លៃក៏មិនមានការធ្លាក់ថ្លៃខ្លាំង ឬឡើងថ្លៃហួសកម្រិតនោះដែរ។ ចំពោះស្ថានភាពនៃការសាងសង់ គឺនៅតែមានឧបសគ្គតិចតួច ហើយក៏មិនមានការប្រែប្រួលច្រើននោះដែរ ប៉ុន្តែលោកសង្ឃឹមថានៅដំណាច់ឆ្នាំ២០២២នេះ អាចនឹងមានការប្រែប្រួលច្រើន។

 

លោកបញ្ជាក់ថា ចំពោះចរន្តទិញលក់វិស័យខុនដូនៅទីតាំង​​មានសក្តានុពល គឺនៅតែមានការទិញលក់ជារឿយៗ ប៉ុន្តែការទិញលក់នេះនៅមានចំនួនតិចតួចនៅឡើយបើធៀបនឹងការទិញលក់ក្នុងវិស័យផ្ទះល្វែង និងអចលនទ្រព្យផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here