អ្នកជំនាញដីធ្លីរំពឹងពីកំណើននៃតម្រូវការដីធ្លីនៅខេត្តកំពត ក្រោយរដ្ឋាភិបាលបើកការដ្ឋានសាងសង់កំពង់ផែថ្មី

0

ដោយ៖ វឌ្ឍនៈ​

 

ភ្នំពេញ ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងក្នុងខេត្តកំពតបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០២២ ហើយគ្រោង​ដាក់​ដំណើរ​ការ​នៅអំឡុងឆ្នាំ២០២៥ខាងមុខ។ អ្នកជំនាញលើវិស័យអចលនទ្រព្យកម្ពុជារំពឹងថា គម្រោង​ដ៏ធំមួយនេះ នឹងធ្វើឱ្យ​មាន​កំណើននៃតម្រូវការដីធ្លីសម្រាប់អភិវឌ្ឍន៍មួយកម្រិតទៀតនៅពេលខាងមុខ។

លោក ជិន ណារិន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sunshine Kampot Real Estate បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្ដុភារកម្ម និងកំពង់ផែពហុបំណងនៅក្នុងទឹកដីនៃខេត្តកំពតនេះ នឹងធ្វើឱ្យតម្រូវការដីសម្រាប់ប្រើប្រាស់​មានកំណើនទ្វេរដង។

 

លោកបន្តថា ការសាងសង់កំពង់ផែពហុបំណងនៅក្នុងខេត្តកំពតនេះនឹងធ្វើឱ្យកំណើនអ្នកវិនិយោគ កំណើនប្រជាជន តាមរយៈការផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ មកកាន់ខេត្តកំពត មានការកើនឡើង និងធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិកាន់តែច្រើនចូលមកទស្សនា នៅក្នុងខេត្តកំពតបន្ថែមទៀត។​ ពេលនោះតម្រូវការការស្នាក់នៅ ការហូបចុក និងការកម្សាន្តក៏មានកំណើនដូចគ្នាដែរ ដែលទាមទារឱ្យមានការវិនិយោគបន្ថែម​។

លោកបន្តទៀតថា “តាមពិតទៅ អ្នកវិនិយោគជាតិនិងអន្តរជាតិជាច្រើនហើយបានចូលមកកាន់ខេត្តកំពត ដើម្បីស្វែងរកការវិនិយោគ គឺចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសពីការវិនិយោគលើមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងមកម្ល៉េះ ។ នៅពេលដែលម្រោងនេះត្រូវបានចាប់ផ្ដើមសាងសង់ បានធ្វើឱ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត និងបង្កើនល្បឿននៃការវិនិយោគរបស់ខ្លួនបន្ថែមទៀត”។

 

លោកបន្ថែមថា  សម្រាប់អ្នកសម្របសម្រួលការវិនិយោគដូចជារូបលោកជាដើម បានត្រៀមខ្លួនរួចហើយ ក្នុងការជួយដល់វិនិយោគិនជាតិ និងអន្តរជាតិ ដែលចូលមកក្នុងខេត្តកំពត ដើម្បីស្វែងរកការវិនិយោគ ទាំងទីតាំងសម្រាប់ពួកគាត់វិនិយោគ និងឯកសារផ្លូវច្បាប់នានា។

លោកកែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពត ក៏បានឱ្យដឹងផងដែរថា នៅពេលមានគម្រោងវិនិយោគធំៗណាមួយ វានឹងទាក់ទាញដល់ការវិនិយោគនានាមកកាន់តំបន់នោះ ហើយគម្រោងកំពង់ផែពហុបំណងនេះអាចចាត់ទុកជាគម្រោងធំមួយរបស់កម្ពុជា ដែលមានទុនរាប់រយលានដុល្លារអាមេរិក។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ នៅក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែពហុបំណងនោះថា គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងមួយនេះ នឹងក្លាយជាច្រកនាំចេញនាំចូលសំខាន់មួយទៀតរបស់កម្ពុជា និងអាចបំពេញបន្ថែមនូវចំណុចខ្វះខាតរបស់កំពង់ផែ ដែលមានស្រាប់ ដូចជា កំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តក្រុងភ្នំពេញជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here