លោកស្រី Angelina Jolie ចូលរួមផ្សព្វផ្សាយពីអង្គរនិងអភិរក្សធនធានធម្មជាតិនៅកម្ពុជា

ដោយ: ម៉ាលីស

ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងបរិស្ថាន លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានជួបសម្តែងការគួរសម ជាមួយលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញនៅអំឡុងលោកស្រី ធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណ ចំពោះលោកស្រី Angelina Jolie តារាភាពយន្តហូវីដដ៏ល្បីល្បាញ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត។

លោក សាយ សំអាល់ ក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្ររបស់ក្រសួងបរិស្ថាន ចំពោះគម្រោងអភិរក្ស ដែលផ្តួចផ្តើមដោយលោកស្រី  Angelina Jolie ផងដែរ។

ក្រៅពីបេសកកម្មនេះ តារាភាពយន្តហូលីវ៉ូដAngelina Jolie មកបំ​ពេ​ញបេសកកម្មក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្កើតកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី និងបានចូលរួមពិធីសម្ពោធជាផ្លូវការ នៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី(Women for Bees) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និងសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា។

លោកស្រីAngelina Jolie គឺជាស្ថាបនិកនៃគម្រោងUNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ ក្នុងបេសកកម្មនេះ លោកស្រីAngelina Jolie បានទៅទស្សនាប្រាសាទអង្គរវត្តផងដែរ។

ការបង្ហាញវត្តមានដ៏សំខាន់ ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ដើម្បីបញ្ជាក់ថា កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្តិភាព៕

ការប្រឈមនិងឱកាសអ្វីដែលកើតមានសម្រាប់ភ្នាក់ងារអចលនវត្ថុក្នុងបរិបទកូវីដ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងបរិបទកូវីដ១៩ គ្មានវិស័យមួយណា ដែលគេចផុតពីការទទួលរងនូវឥទ្ធិពលនោះទេ ហើយក៏មានបញ្ហាប្រឈមផងដែរ នៅក្នុងការធ្វើអាជីវកម្ម តែយ៉ាងណាក្ដីទន្ទឹមនឹងបញ្ហាប្រឈមនោះដែរ អ្នកវិនិយោគក៏នឹងមានឱកាសសម្រាប់ការពង្រីក និងបង្កើនសកម្មភាពអាជីវកម្មផងដែរ។

លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ឱ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា បញ្ហាជាច្រើនដែលយើងបានជួបប្រទះ នៅក្នុងវិបត្តិនៃកូវីដ១៩នេះ ក្នុងនោះរួមមានការជួបមុខគ្នា កត្តានេះជាបញ្ហាមួយសម្រាប់ពួកយើង ដោយសារតែនៅក្នុងវិស័យអចលនទ្រព្យ យើងត្រូវការជួបប្រាស្រ័យទាក់ទងគ្នារវាងអ្នកទិញ អ្នកលក់ និងរូបយើង។

លោកបន្តថា “ក្នុងដំណាក់កាលនេះ យើងត្រូវរកដំណោះស្រាយណាមួយ ដូចជាករជួបគ្នាតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាឱ្យការទំនាក់ទំនងយើងកាន់តែមានប្រសិទ្ធភាព”។ លោកបន្តថា “នៅក្នុងស្ថានភាពបែបនេះតម្រូវការលើអចលនទ្រព្យឃើញថា មានការថយចុះមួយចំនួន ពីព្រោះថាក្នុងដំណាក់កាលនេះ មនុស្សខ្លាចរអារកូវីដ ជាពិសេសតម្រូវការអ្នកមកពីខាងក្រៅ ដោយសារតែពិបាកធ្វើដំណើរចូលមកកម្ពុជា ហើយពេលត្រលប់ទៅវិញ ក៏ប្រទេសរបស់គេតម្រូវឱ្យមានវិធានការចត្តាឡីស័កផងដែរ”។

លោកបន្ថែមថា តែយ៉ាងណាក្ដី ទោះបីជាយើងបានជួបនឹងវិបត្តិបែបនេះក្ដី ក៏អ្នកវិនិយោគនិងអ្នកពាក់ព័ន្ធ ក្នុងវិស័យមានឱកាសក្នុងការពង្រឹងអាជីវកម្ម និងសមត្ថភាពខ្លួនឯងដែរ។ ក្នុងដំណាក់ដែលលំបាក អ្នកដែលមានសមត្ថភាពនៅតែអាចធ្វើការបាន អ្នកដែលខិតខំប្រឹងនៅតែលេចធ្លោ ហើយដែលមិនខំប្រឹង នៅតែពិបាកមិនលេចធ្លោឡើយ។ ដូច្នេះនៅក្នុងដំណា​ក់កាលនេះ យើងគួរតែរៀនសូត្របន្ថែម ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ដូចពាក្យចាស់លោកថា  នៅក្នុងគ្រោះតែងតែមានលាភ ទោះបីមានភាពប្រឈមយ៉ាងណាក៏ដោយ អ្នកវិនិយោគមានឱកាសវិនិយោគក្នុងសម័យនេះដែរ។

លោកបន្តថា “ក្នុងពេលនេះ អ្នកដែលមានបញ្ហាខ្លាំង គាត់អាចប្រឹក្សាជាមួយអ្នកជំនាញអចលនទ្រព្យ ដើម្បីសិក្សាពីតម្រូវការអចលនទ្រព្យនិងរកដំណោះស្រាយនានា”។

លោកច្រឹក សុខនីមបានបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមយ៉ាងណាក្ដី តែតម្លៃអចលនទ្រព្យទាំងនៅកម្ពុជា និងប្រទេសអាស៊ានជាច្រើនមិនទាន់មានការធ្លាក់ថ្លៃទេ តែផ្ទុយទៅវិញអចលនទ្រព្យតម្លៃថ្លៃៗ ក៏នៅតែមានការទិញលក់ដែរ។ ទាំងនេះវាបានបញ្ជាក់កូវីដ១៩ វាបានជះឥទ្ធិពលដល់សុខភាពសាធារណៈ តែវាមិនទាន់មានឥទ្ធិពល ដល់ការធ្វើឱ្យសេដ្ឋកិច្ចដួលរំលំនោះទេ ដូច្នេះវាជាឱកាសក្នុងការបណ្ដាក់ទុនវិនិយោគ សម្រាប់បន្តដំនើរសេដ្ឋកិច្ចទៅមុខ៕

អ្នកអភិវឌ្ឍន៍និងអ្នកទិញក្នុងស្រុកក្លាយចំណែកដ៏ធំមួយក្នុងការស្តារវិស័យអចលនទ្រព្យកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនទ្រព្យ បានមើលឃើញពីសន្ទុះនៃតម្រូវការក្នុងស្រុកមានការងើបឡើងវិញ ដែលជាកម្លាំងចលករមួយជំរុ​ញដល់សកម្មភាពអចលនវត្ថុនៅប្រទេសកម្ពុជា ស្របពេលដែលប្រទេសនេះ កំពុងខិតទៅជិតការស្តារឡើងវិញនៃសេដ្ឋកិច្ច ជាមួយនឹងអត្រានៃការចាក់វ៉ាក់សាំងមានសន្ទុះកើនឡើងយ៉ាងខ្លាំង នៅទូទាំងផ្ទៃប្រទេស។

នៅក្នុងវេទិកាកម្មវិធីពិភាក្សាតុមូលសារព័ត៌មាន ដែលដាក់សម្ពោធជាផ្លូវការ នៃកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru លើកទី៧  វគ្គ edition ប្រចាំឆ្នាំ២០២២ នៅថ្ងៃទី២៣ ខែកុម្ភៈ អ្នកស្រី គីម គិនកេសា ប្រធានជាន់ខ្ពស់ផ្នែកស្រាវជ្រាវ និងទីប្រឹក្សា CBRE Cambodia បានលើកឡើងថា “អតិថិជនក្នុងស្រុក កំពុងក្លាយជាចំណែកដ៏ធំមួយ របស់អ្នកទិញនាពេលនេះ។ អ្វីដែលយើងកំពុងមើលឃើញគឺថាកាលពីមុន អគារខុនដូមួយចំនួន គឺសម្រាប់តែអតិថិជនជាជនជាតិចិនប៉ុណ្ណោះ។

ប៉ុន្តែឥឡូវនេះ អ្នកអភិវឌ្ឍន៍កំពុងតែមានការផ្លាស់ប្តូរការរចនាម៉ូត ឬលក្ខខណ្ឌនៃការប្រគល់ផ្ទះ ដើម្បីឱ្យកាន់តែមានភាពទាក់ទាញ ចំពោះអ្នកទិញក្នុងស្រុកថែមទៀត។

PropertyGuru (PropertyGuru Property Report) នៅថ្ងៃទី២៣ ខែកុម្ភៈ បានរាយការណ៍ថា អតិថិជនក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា ដែលស្វែងរកការលក់រហ័ស ដើម្បីទទួលបានផលចំណេញច្រើន បានបង្វែរការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះវិស័យអចលនទ្រព្យ នាឆ្នាំកន្លងទៅ បន្ទាប់ពីមានការកើតឡើងនូវជំងឺរាតត្បាតសកល។

ស្ថា័នដដែលបានរាយការណ៍ថា ជាលទ្ធផល ទីផ្សារកម្ពុជាបានរក្សាកំណើនកាន់តែមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដោយអ្នកអភិវឌ្ឍបានទម្លាក់តម្លៃ ក្នុងកម្រិតមួយយ៉ាងសមរម្យ និងផ្តល់ជូននូវជម្រើសបន្ថែមតាមតម្រូវការរបស់អតិថិជន ដូចជាទៅលើការរចនាម៉ូត និងការបំពាក់គ្រឿងបរិក្ខារ ស្របទៅតាមការពេញនិយមបែបខ្មែរជាដើម៕

គ្រូអចលនទ្រព្យៈការកសាងទំនុកចិត្តមានសារសំខាន់ក្នុងការប្រឡូកវិស័យអចលនទ្រព្យ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបាន និងកំពុងទាក់ទាញមនុស្សជាច្រើន បានចូលប្រឡូកដើម្បីរកប្រាក់ចំណេញ ហើយក៏មានមនុ​ស្សមួយចំនួនទទួលបានជោគជ័យ ពីការប្រឡូកក្នុងវិស័យនេះ និងមួយចំនួនទៀត ក៏មិនបានជោគជ័យទៅតាមអ្វីដែលខ្លួនប្រាថ្នា។

គ្រូបង្គោលនៃវិស័យអចលនទ្រព្យ​ ប្រចាំក្រុមហ៊ុនមួយបានបញ្ជាក់ថាការកសាងទំនុកចិត្ត មានសារសំខាន់ណាស់ ក្នុងការប្រឡូកវិស័យអចលនទ្រព្យ ដែលអ្នកប្រឡូកក្នុងវិស័យនេះត្រូវតែមាន។

លោកព្រាប កុល គ្រូបង្គោលនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៤ កុម្ភៈនេះថា ការកសាងទំនុកចិត្តគឺជាទុនមួយដ៏សំខាន់ ក្នុងការលក់អចលនទ្រព្យ ក៏ដូចជាការវិនិយោគក្នុងវិស័យនេះ ហើយនៅពេលមានទំនុកចិត្តខ្ពស់ និងមានការទុកចិត្តពីមនុស្សជាច្រើន នោះនឹងធ្វើឱ្យការវិនិយោគការលក់ អចលនទ្រព្យរបស់បុគ្គលនោះនឹងទទួលបានការជោគជ័យខ្ពស់ផងដែរ ។

លោកបន្តថា “ដើម្បីទទួលទំនុកចិត្តពីអ្នកណាម្នាក់ យើងត្រូវការកសា​ងទំនាក់ទំនងជាមួយមនុស្សឱ្យបានច្រើន ហើយការកសាងទំនាក់ទំនងយើងត្រូវតែបង្កើតទំនាក់ទំនងឱ្យបានល្អ និងបង្ហាញពីភាពស្មោះត្រង់ចំពោះដៃគូទំនាក់ទំនងរបស់យើងដែរ”។ លោកបន្តថា “បើសិនជាយើងមិនមានទំនាក់ទំនងល្អៗ ជាមួយអ្នកដែលមានសក្ដានុពល ក្នុងការទិញអចលនទ្រព្យហើយនោះ យើងក៏មិនអាចឈានទៅដល់ ការកសាងទំនុកចិត្តដែរ ព្រោះមិនដឹងថាយើងផ្ដល់ទំនុកចិត្តទៅអ្នកណា”។

លោកព្រាប កុលបានបន្ថែមថា ចង់ឱ្យជំនួញរបស់យើងទទួលបានជោគជ័យ យើងត្រូវការពេលវេលា ដើម្បីកសាងទំនាក់ទំនង ទំនុកចិត្ត មិនមែនយើងប្រឡូកវិស័យនេះភ្លាម ហើយយើងចង់បញ្ចប់កិច្ចសន្យាលក់អច​លនទ្រព្យតម្លៃរាប់លានដុល្លារនោះទេ។ ជំនាញមួយទៀត ដែលភ្នាក់ងារអចលនទ្រព្យទទួលបានជោគជ័យនោះ គឺជាអ្នកពូកែសម្របសម្រួល គឺជួ​យឱ្យអ្នកលក់បន្ទាន់បញ្ចុះតម្លៃបន្តិច អ្នកទិញហ៊ានឡើងថ្លៃបន្តិច នោះការលក់នឹងត្រូវរូវគ្នា ហើយយើងនឹងអាចបញ្ចប់ការលក់ ដោយជោគជ័យផងដែរ ។

លោកបន្ថែមថា “ភាពស្មោះត្រង់ ការគោរពគ្នាទៅវិញទៅមក ក៏ជាកត្តាសំខាន់មួយ ក្នុងការកសាងទំនុកចិត្ត និងជាបាតគ្រឹះនៃការចូលរួមប្រឡូកក្នុងជំនួញអចលនទ្រព្យ ជាអ្នកសម្របសម្រួលរវាងអ្នកលក់និងអ្នកទិញ”។ លោកបន្តថា “យើងត្រូវចាំថាលុយ គឺជាផ្នែកមួយតែប៉ុណ្ណោះសម្រា​ប់អ្នកមានលុយ ។ អ្នកមានគេត្រូវការមនុស្សដែលពូកែ ធ្វើឱ្យគេសប្បាយចិត្ត ជាអ្នកដែលមានភាពស្មោះត្រង់ជាមួយ ហើយនៅពេលគេទុកចិត្តលើអ្នកណាម្នាក់ ហើយគេមិនស្ដាយនឹងការចំណាយនោះទេ”។

ចំណែកលោកឃីម សុខហេង ទីប្រឹក្សាសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា តួនាទីជាភ្នាក់ងារអចលនទ្រព្យគឺមា​នសារសំខាន់ណាស់ ពីព្រោះពួកគេបានជួយដល់អ្នកទិញ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងជាពិសេសនោះគឺជួយដល់ធនាគារផងដែរ។ ដូច្នេះភ្នាក់​ងារនេះត្រូវតែមានក្រមសីលធម៌ ត្រូវតែមានចំណេះដឹង ជំនាញ ច្បាស់លា​ស់”៕

China Evergrande facing criminal probe

 

An allegation of criminal conduct has been filed against the directors of China Evergrande, Asia Markets can reveal.

Dr Marco Metzler, a credit analyst and Evergrande creditor, is accusing the Chinese property giant of committing insolvency fraud in documents submitted to the Director of Public Prosecutions in the Cayman Islands.

“The company defaulted in December … but the directors did not file for bankruptcy in the Caymans, where the group his headquartered,” Dr Metzler said.

“(Therefore) they are in breach of their duties (and this is) a crime in the Caymans. We have reported this to the public prosecutor to start an investigation.”

Dr Metzler says he’s doing this to ensure Evergrande is declared bankrupt and goes into a default status with the ratings agencies.

“Hopefully we will bring this to an end, I’m committed to that,” Dr Metzler said.

“This takes time. To be declared bankrupt by the court can take another three to four weeks.”

Dr Metzler, who has been outspoken in his criticism of Evergrande since its troubles became widely publicised last year, says his team sees itself as the “trustee” of all international Evergrande creditors.

“In order to reduce the cost risk for each claimant, we are offering other international and national creditors to join our proceedings,’ Dr Metzler said.

“As the management of Evergrande Holding has so far failed to initiate insolvency proceedings, there is a strong suspicion that the directors of Evergrande have caused substantial pecuniary loss to the company’s creditors through deception and breaches of their duty of care.

“Such conduct is punishable according to the Cayman Islands Criminal Code!”

Dr Metzler says it is now the responsibility of the local authorities to investigate the case and hold the directors personally liable.

“We have to prevent further asset transfers to the detriment of international creditors,” Dr Metzler said.

“The company has already sold shares and assets several times in a distress sale, knowing full well that it was making losses.

“Worse still, in recent months there have been multiple illegal transfers of assets, causing significant damage to us as international creditors, as this illegal action is likely to have severely impacted their chances of recovering their assets.

“As more and more distress sales are taking place and overdue bond interest is repeatedly not paid to foreign investors, we had to act in our own interest but also in the interest of all international creditors.”

Asia Markets provides a different perspective from the fastest growing region on the planet. Subscribe free here.

Source: Asia Market

ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្សចិន China Evergrande កំពុងជួបព្យុះភ្លៀងថ្មីមួយទៀត

ដោយៈសុខុម

អន្តរជាតិ: សារព័ត៌មាន Asia Markets បានទម្លាយឱ្យដឹងកាលពីពុធ ទី២៣កុម្ភៈ ថា ពេលនេះក្រុមនាយក នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតយក្សរបស់ចិន ដែលសម្បូររឿងអាស្រូវ China Evergrande កំពុងទទួលរងពាក្យបណ្ដឹងបទព្រហ្មទណ្ឌ។

លោកបណ្ឌិត Marco Metzler ដែលជាអ្នកវិភាគវាយតម្លៃឥណទាន និងជាម្ចាស់បំណុលរបស់ក្រុមហ៊ុន Evergrande កំពុងចោទប្រកាន់ក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ប្រទេសចិន ជាមួ​យនឹងបំណុល រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក មួយនេះថា បានប្រព្រឹត្តអំពើក្លែងបន្លំជុំវិញការក្ស័យធន តាមរយៈឯកសារដែលបានដាក់ជូន នាយកកិច្ចការអយ្យការនៅកោះ Cayman Islands នៃប្រទេសអង់គ្លេស។

បណ្ឌិតរូបនេះអះអាងថា “ក្រុមហ៊ុននេះ បានខកខានសងបំណុលតាមពេលវេលាកំណត់កាលពីខែធ្នូ ប៉ុន្តែក្រុមនាយកនៃក្រុមហ៊ុននេះមិនបានដាក់ពាក្យសុំក្ស័យធននៅកោះ Cayman Islands ជាកន្លែងដែលក្រុមហ៊ុនរបស់ខ្ញុំ មានការិយាល័យកណ្ដាលនៅទីនោះឡើយ”។ លោក បន្ថែមថា “ដូចនេះ ពួកគេបានបំពានលើកាតព្វកិច្ចរបស់ខ្លួន ហើយទង្វើបែបនេះ គឺជាបទល្មើសព្រហ្មទណ្ឌនៅកោះ Cayman Islands។ យើងបានរាយការណ៍រឿងនេះ ទៅព្រះរាជអាជ្ញាឱ្យបើកការស៊ើបអង្កេតហើយ”។

លោកប្រាប់ថា មូលហេតុដែលលោកធ្វើបែបនេះ គឺដើម្បីឱ្យប្រាកដថា ក្រុមហ៊ុន Evergrande ត្រូវបានប្រកាសក្ស័យធន និងធ្លាក់ចូលក្នុងស្ថានភាពខកខានសងបំណុលជាផ្លូវការ ដូចការវាយតម្លៃរបស់បណ្ដាទីភ្នាក់ងារវាយតម្លៃកម្រិតគុណភាពបំណុល។

លោកបានបន្តថា “សង្ឃឹមថាយើងនឹងបញ្ចប់រឿងនេះ ហើយខ្ញុំប្តេជ្ញាធ្វើរឿងនេះ ឱ្យខាងតែបាន។ រឿងនេះត្រូវការពេលវេលា ហើយដើម្បីឱ្យតុលាកាសសម្រេចប្រកាស ដាក់ក្រុមហ៊ុននេះក្ស័យធន អាចនឹងត្រូវការពេលពី៣ទៅ ៤សប្ដាហ៍ទៀត”។

លោកបណ្ឌិត Marco Metzler តែងតែរិះគន់ក្រុមហ៊ុន Evergrande ដោយមិនសំចៃមាត់ ចាប់តាំងពីវិបត្តិរបស់ក្រុមហ៊ុននេះ ត្រូវបានសារព័ត៌មា​ន​ចុះផ្សាយព្រោព្រាត ល្បីសុសសាយពេញពិភពលោក ក្នុងឆ្នាំ២០២១កន្លងមក៕ Asia Markets៕

ខេត្តព្រះសីហនុមានកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាពជាមួយចិនលើខេត្ត ក្រុងចំនួន១៨

ដោយៈគង់ ម៉ាលីនណា

ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានឲ្យដឹងថា ខេត្តព្រះសីហនុបានសហប្រតិបត្តិការជាមួយ ខេត្តក្រុងរបស់ចិនចំនួន១៨ ដើម្បីចំណងមិត្តភាព និងវិបុលភាពរួមគ្នា។

លោកគួច ចំរើន បានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលអនុ​ញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសមកាលពីដើមសប្តាហ៍នេះថា ក្នុងចំណោម​ខេត្ត ក្រុងចំនួន១៨នោះ មានខេត្ត ក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន ដោយឡែកនៅខេត្តក្រុងចំនួន៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះហត្ថលេខាផ្លូវការ សម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។

លោកបន្តថា រយៈពេលពីរឆ្នាំដែលកម្ពុជា ក៏ដូចខេត្តព្រះសីហនុ ជួបប្រទះផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិន ដែលបានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះ គឺបានបង្ហាញពីទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក និងសូមអរគុណដល់ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិន ដែលជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ។

លោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ថ្លែងអំណរគុណលោកអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគនៅតំបន់សេសកិច្ចពិសេស ក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្មកាន់តែល្អប្រសើរថែមទៀត៕

សម្តេចតេជោៈផ្លូវ និងស្ពានមិនចាំបាច់ត្រូវផ្អាកសិន ដើម្បីរក្សាប្រាក់ប្រយុទ្ឋនឹងជំងឺកូវីដ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ការសាងសង់ផ្លូវ ស្ពានមិនចាំបាច់មួយចំនួន នឹងត្រូវផ្អាកសិន ដើម្បីរក្សាទុកថវិកាជាតិដើម្បីប្រយុទ្ឋជំងឺកូវីដ១៩។

សម្តេចបានមានប្រសាសន៍ឲ្យដឹង ក្នុងសន្និបាតការងារក្រសួងមហា​ផ្ទៃកាលពីរសៀលថ្ងៃទី២៣ កុម្ភៈថា ផ្លូវ និងស្ពានត្រូវពន្យាពេលសាងសង់សិន បើមានទូកដ ត្រូវឆ្លងសិន ដើម្បីរក្សាទុកថវិកាបើកឲ្យមន្រ្តីរាជការ និងសម្រាប់ប្រយុទ្ឋនឹងជំងឺកូវីដ១៩។

សម្តេចបានបន្តថា “ជំងឺកូវីដ១៩ បាននិងកំពុងកើនឡើងនៅតាមបណ្តាប្រទេសនានា ដូចជា វៀតណាម ថៃ ប្រុយណេជាដើម យើងមិនអាចមើលស្រាលទេ”។ សម្តេចបានបន្តថា “យើងដំឡើងប្រាក់ខែជូនមន្រ្តីរាជការ និងបើកពីរដងក្នុងមួយខែទៀត។ ការចំណាយដែលចាំបាច់ខាងមិនបាន គឺបៀវត្សរ៍ ការចំណាយដែលខានមិនបានគឺព្យាបាលជម្ងឺ ទាក់ទងនឹងជំងឺកូវីដ យើងត្រូវរកថ្នាំថ្មីៗ ដែលពូកែយើងទិញ”។

សម្តេចតេជោហ៊ុន សែនបានបន្តទៀតថា នេះជារឿងស្លាប់ រស់ កូវីដអាចសម្លាប់មនុស្សបាន ដែលកើនឡើងជាង៣០០០នាក់ ប៉ុន្តែវាអាចបន្តសម្លាប់ជាបន្តបន្ទាប់ទៀត។

សម្តេចបន្តថា “បើគ្រាប់បែកមាក្រូសេដ្ឋកិច្ចផ្ទុះហើយ គឺមានបញ្ហាប្រជាជនជាង១៧លាននាក់ អញ្ចឹងត្រូវគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាឲ្យបាន ដើម្បីជីវភាពរបស់ប្រជាពលរដ្ឋ”។

សម្តេចតេជោបានបន្តដោយអំពាវនាវ ឲ្យក្រុមហ៊ុនឯកជននានាបង់ពន្ឋជូនរដ្ឋឲ្យបានត្រឹមត្រូវ ព្រោះមានក្រុមហ៊ុនច្រើនណាស់ បានជំពាក់ពន្ឋរបស់រដ្ឋ៕

ប្រធាន CVEA បង្ហើបពីទីតាំងដីដែលវិនិយោគហើយមិនប្រឈមមុខនឹងភាពជាប់គាំង

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានបង្ហើបពីការវិនិយោគដីធ្លី ដែលមិនបង្កហានិភ័យដល់ការជាប់គាំង។

លោកបានមានប្រសាសន៍ឲ្យដឹង កាលពីដើ​មសប្តាហ៍នេះថា ធម្មតាការវិនិយោគដីធ្លី ដែលជ្រើសរើសបានទីតាំងល្អ ពិតជាផ្តល់ផលចំណេញ មិនថាការវិនិយោគនៅភ្នំពេញ និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច ដូចជា ខេត្តសៀមរាប កំពត កែប មណ្ឌលគិរីជាដើម ប៉ុន្តែការវិនិយោគដែលល្អជាងគេ គឺនៅជាយក្រុងភ្នំពេញ។

លោកបានបន្តថា “ការវិនិយោគដីធ្លីនៅតាមបណ្តាខេត្ត អាចមានការជាប់គាំងរយៈពេលវែង បើសិនជាកត្តាសេដ្ឋកិច្ចមិនអំណោយផល ពិសេសទិញនៅទីតាំង ដែលគ្មានសក្តានុពល”។ លោកបន្តថា “ផ្ទុយទៅវិញ ការវិនិយោគ ដែលមិនសូវមានហានិភ័យ គួរវិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ ព្រោះទីតាំងនេះបើយើងរើសបានដីល្អ តម្លៃសមរម្យងាយស្រួលលក់ចេញ និងមានឱកាសចំណេញច្រើន”។

លោកច្រឹក សុខនីមបានបន្តថា ការឡើងតម្លៃដីធ្លីនៅតំបន់ជាយក្រុង ដោយសារមានប្រជាជនរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋងាយស្រូលក្នុងការតភ្ជាប់ ពិសេសការបន្តពង្រីករាជធានីភ្នំពេញ នាពេលខាងមុខ។លោ​កបន្តថា កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យតម្លៃដីធ្លីបន្តកើនឡើង ហើយបើការវិនិយោគឈរលើមូលដ្ឋានច្បាប់ មិនប្រថុយប្រថាន និងជ្រើសរើសទីតាំងបានល្អ ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញខ្ពស់ ហើយដីធ្លីនឹងបន្តឡើងថ្លៃរយៈពេលវែងបន្តទៀត៕

ដំណឹងល្អៈ រដ្ឋាភិបាលត្រៀមដាក់ចេញផែនការដើម្បីឲ្យអគារជាប់គាំងនៅក្រុងព្រះសីហនុសាងសង់ឡើងវិញ

ដោយៈ គង់ សូរិយា

ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលត្រៀមដាក់ចេញផែនការថ្មី ដើម្បីសាងសង់អគារខ្ពស់ៗនៅក្នុងខេត្តព្រះសីហនុឡើងវិញ។

លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខា​ធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ការជំរុញនិងការដាក់ចេញផែនការ សាងសង់អគារជាប់គាំងនៅក្រុងព្រះសីហនុឡើងវិញ ធ្វើឡើងតាមរយៈការទាក់ទាញអ្នកវិនិយោគថ្មីៗ ឱ្យបន្ដសាងសង់អគារខ្ពស់ៗ ដែលមិនទាន់បញ្ចប់ ខណៈដែលអគារខ្ពស់ៗ នៅខេត្តព្រះសីហនុជាច្រើន បានផ្អាកការសាងសង់ បន្ទាប់ពីវិបត្តិកូវីដ ១៩ បានផ្ទុះឡើង។

លោកបន្តថា “អគារខ្ពស់ដែលបានផ្អាក ឬទុកចោលដោយគ្មានការអភិវឌ្ឍ យើងនឹងទាក់ទាញអ្នកវិនិយោគមកបន្ត ឬលក់ទៅឱ្យអ្នកផ្សេង ដើម្បីបញ្ចប់ការសាងសង់ និងជំរុញប្រតិបត្តិការឡើងវិញ”។

រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ ប្រែក្លាយខេត្តព្រះសីហ​នុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ កន្លងមករដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារអន្តរក្រសួង រៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លី សំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យដែលសក្តានុពល។

ទោះជាយ៉ាងណាអ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងថា អចលនទ្រព្យ នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលមួយ ដើម្បីឲ្យទីផ្សារស្រូបយកឡើងវិញ ដោយសារការផ្គត់ផ្គង់មានចំនួនច្រើន បើធៀបនឹងតម្រូវការទីផ្សារ។

អ្នកស្រីបន្តថា យ៉ាងណាការវិនិយោគនៅក្រុងព្រះសីហនុ ពិសេសការ​សាងសង់ឡើងវិញ នូវអគារប្រមាណ១២០០ ដែលបានជាប់គាំង គឺមានឱកាសនិងបញ្ហាប្រឈម ទី១ ឱកាស គឺដែលអ្នកមានទុនច្រើនអាចទិញយកអគារជាប់គាំង បានក្នុងតម្លៃល្អនាពេលនេះ ប៉ុន្តែចំណុចទី២ តើបើសាងសង់បញ្ចប់អ្នកណាជាអ្នកទិញ និងអ្នកណាជាអ្នកជួល?៕