តើប្រទេសអ៊ុយក្រែនមានប្រវត្តិបែបណា មានសេដ្ឋកិច្ចនិងប្រជាជនប៉ុន្មានលាននាក់?

ដោយៈ សហការី

ភ្នំពេញៈ កំពុងស្ថិតក្នុងភ្នក់ភ្លើងសង្រ្គាម បន្ទាប់ពីបើកការវាយប្រហារពីប្រទេសរុស្ស៊ី អ៊ុយក្រែនគឺជាប្រទេសមានផ្ទៃដីធំលំដាប់ទី២ នៅក្នុងតំបន់អឺរ៉ុបបន្ទាប់ពីរុស្ស៉ី។

ប្រទេសនៅក្នុងតំបន់អឺរ៉ុបខាងកើតមួយនេះ មានព្រំដែនជាប់ប្រទេស ដូចជា រុស្ស៉ី បេឡារុស ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី ម៉ុលដូវ៉ា និងហុងគ្រី ព្រមទាំងមានព្រំដែនទឹកជាប់សមុទ្រខ្មៅ។ អ៊ុយក្រែនដែលជាអតីតដែនដី សហភាពសូវៀតបានប្រកាសឯករាជ្យ បន្ទាប់ពីសូវៀតដួលរលំនៅឆ្នាំ១៩៩១​។

ចាប់តាំងពីពេលនោះមក អ៊ុយក្រែនកាន់តែមានទំនោរទៅរកបណ្ដាប្រទេសលោកខាងលិច ដែលនេះធ្វើឱ្យរុស្ស៉ីមិនសប្បាយជាយូរមកហើយ ដែរ។ សម្រាប់ រុស្ស៉ី អ៊ុយក្រែនគឺជាទីតាំងភូមិសាស្ត្រដ៏សំខាន់ ប្រៀបដូចជា ទ្រនាប់ការពារមួយ ដ៏ធំពីការឈ្លានពានរបស់ NATO។ ម្យ៉ាងវិញទៀត មកទល់នឹងពេលនេះ។

លោកប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន នៅតែចាត់ទុកថា អ៊ុយក្រែន គឺជាកេរមរតកបន្សល់ទុកពីអតីតសហភាពសូវៀត ដោយលោកផ្ទាល់ធ្លាប់បានប្រកាសត្រង់ៗ កាលពីចុងឆ្នាំ២០២១ ថាប្រជាជនរុស្ស៉ី និងប្រជាជនអ៊ុយក្រែន ជាប្រជាជនតែមួយទៀតផង។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់អ៊ុយក្រែន
* ទីក្រុងកៀវ៖ គឺជារដ្ឋធានី
* មានប្រជាជន៖ ៤៤.៩លាននាក់
* មានផ្ទៃក្រឡា៖ ៦០៣,៧០០គីឡូម៉ែត្រក្រឡា
* ភាសា៖ អ៊ុយក្រែន (ភាសាផ្លូវការ) រុស្ស៉ី
* សាសនារបស់រដ្ឋ គ្រឹស្តសាសនា
* អាយុសង្ឃឹមរស់៖ មនុស្សប្រុស ៦៤ឆ្នាំ, មនុស្សស្រី៧៥ឆ្នាំ
* វត្ថុបិយវត្ថុ៖ ហឺរីនីយ៉ា (hryvnya)

* GDP ៖ ១៣៧.៣ពាន់លានដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)
* GDP សម្រាប់ប្រជាជនម្នាក់៖ ៣,៧២៦.៤ដុល្លារ (ឆ្នាំ២០២០, ធនាគារពិភពលោក)។
* ប្រធានាធិបតី៖ លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelensky)។ លោកជាអតីតតារាកំប្លែងអ៊ុយក្រែនម្នាក់ ដែលមិនមានបទពិសោធន៍ខាង នយោបាយនោះទេ។
*កាលបរិច្ឆេទនៃប្រវត្តិសាស្ត្រសម័យទំនើបសំខាន់ៗរបស់អ៊ុយក្រែន

* ឆ្នាំ១៩១៨៖ អ៊ុយក្រែនប្រកាសឯករាជ្យ ក្រោយបដិវត្តន៍រុស្ស៉ី (Russian Revolution)។
* ឆ្នាំ១៩២១៖ សហភាពវៀតត្រូវបានបង្កើតឡើង ហើយកងទ័ពក្រហមរុស្ស៉ី បានវាយដណ្ដើមកាន់កាប់២ភាគ៣ នៃទឹកដីអ៊ុយក្រែន។
* ឆ្នាំ១៩៣២៖ កសិករយ៉ាងហោច ៧លាននាក់បានស្លាប់ នៅក្នុងគ្រោះទុរភិក្ស នៅអំឡុងយុទ្ធនាការសមូហនីយកម្មរបស់លោកស្ដាលីន។
* ឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៤៖ ប្រជាជនអ៊ុយក្រែនរងទុក្ខវេទនា នៅក្រោមការគ្រប់គ្រង របស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ហ៊ីត្លែរ នាសម័យសង្រ្គាមលោកលើកទី២។

* ឆ្នាំ១៩៤៥៖ កងទ័ពសម្ពន្ធមិត្តលោកខាងលិច ទទួលបានជ័យជម្នះនៅក្នុងសង្រ្គាមលោកលើកទី២ ហើយសូវៀតបានក្រសោបយកអ៊ុយក្រែន តែម្ដង។
* ឆ្នាំ១៩៨៦៖ រ៉េទ័រនុយក្លេអ៊ែរមួយ នៅឯរោងចក្រនុយក្លេអ៊ែរសឆឺណូប៊ីល (Chernobyl) បានផ្ទុះដោយធ្វើឱ្យសាយភាយធាតុវិទ្យុកម្ម នៅទូទាំងទ្វីបអឺរ៉ុប។
* ឆ្នាំ១៩៩១៖ ខណៈសហភាពសូវៀតឈានទៅរកការដួលរលំ អ៊ុយក្រែនបានប្រកាសឯករាជ្យ។
* ឆ្នាំ២០០៤៖ បដិវត្តន៍មួយដែលគេតែងតែហៅ “បដិវត្តន៍ព៌ណទឹកក្រូច”ដោយក្រុមបាតុករលោកខាងលិច ធ្វើបាតុកម្មតវ៉ាទាមទារឱ្យរដ្ឋាភិបាលអ៊ុយក្រែន ជំនាន់នោះធ្វើកំណែទម្រង់។

* ឆ្នាំ២០១៤៖ នៅខែកុម្ភៈ បដិវត្តន៍ផ្កាម្លិះបានផ្ទុះឡើង ក្រោយក្រុមបាតុករបានទម្លាក់រដ្ឋាភិបាលគាំទ្ររុស្ស៉ីចេញពីអំណាច ហើយក្នុងឆ្នាំដដែលនេះដែរ រុស្ស៉ី ក៏សម្រេចចិត្តក្រសោបយកតំបន់គ្រីមៀ។
* ឆ្នាំ២០១៩៖ នៅខែមេសា, លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី បានជាប់ឆ្នោតជាប្រធានាធិបតីអ៊ុយក្រែន។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោយទទួលបានការគាំទ្រពេញលេញពីសភា នៅទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសចេញនូវ “ប្រតិបត្តិការយោធា” ទៅកាន់តំបន់ ដុនបាស (Donbass) ភាគខាងកើតអ៊ុយក្រែន ដែលមានតំបន់ពីរគឺ ដូណេតក៍ (Donetsk) និង លូហាន់ក៍ (Luhansk) ដែលរុស្ស៉ីទើបទទួលស្គាល់ជារដ្ឋឯករាជ្យនៅក្នុងនោះ។

ការប្រកាសរបស់លោក ពូទីន ខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ ស្របពេលដែលក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បានរៀបចំកិច្ចប្រជុំ ដើម្បីជំរុញឲ្យរុស្ស៉ីបញ្ឈប់សកម្មភាពទាំងអស់នេះ៕

ក្រុមហ៊ុនកូរ៉េមួយនឹងចូលរួមរៀបចំសួនធម្មជាតិស្តង់ដាកូរ៉េនៅតំបន់ឧទ្យានជាតិអង្គរ

ដោយៈគង់ សូរិយា

សៀមរាបៈ ក្រុមហ៊ុនកូរ៉េមួយគ្រោងជួយរៀបចំ ឧទ្យានធម្មជាតិបែបកូរ៉េ នឹងត្រូវសាងសង់នៅក្នុងតំបន់អង្គរ សៀមរាប ដែលជាការចំលងម៉ូត និងបច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើតាមស្ដង់ដាកូរ៉េ មកកម្ពុជាដោយផ្ទាល់។


ក្រុមហ៊ុន Korea Forest Service បានបង្ហាញពីគម្រោងនេះនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណកម្មការប្រតិបត្តិការរួមគ្នា កូរ៉េ-កម្ពុជា តាមអនឡាញ។

យោងតាម The Korea Bizwire ឧទ្យាននេះ នឹងត្រូវបានបង្កើតឡើងនៅទីតាំង ប្រមាណ៣០នាទីពីប្រាសាទអង្គរវត្ត ប៉ុន្តែមិនបានបញ្ជាក់ទីតាំងជាក់លាក់នៅឡើយទេ។

ក្រុមហ៊ុន Korea Forest Service នឹងនាំចូលបច្ចេកវិទ្យាគ្រប់គ្រង និងប្រតិបត្តិការព្រៃឈើ របស់ប្រទេសកូរ៉េខាងត្បូងមកកម្ពុជា ដើម្បីថែរក្សាបរិស្ថាន ក៏ដូចជា ធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុកមានភាពរស់រវើកឡើងវិញផងដែរ៕

ទីក្រុងរណបធំៗចំនួន៣ កំពុងផ្លាស់ប្តូរមុខមាត់តំបន់ស្ថិតនៅភាគខាងកើតដងទន្លេសាបនៃរាជធានីភ្នំពេញ

ដោយៈ វិវត្តន៍៍

ភ្នំពេញៈ ទីក្រុងរណបចំនួន៣ បាននិងកំពុងរំលេចវត្តមានបណ្តើរៗ តាមបណ្តោយ​ផ្លូវជាតិលេខ៦អា ដែលវានឹងក្លាយជាទីក្រុងថ្មីដ៏រសរវើកមួយនាពេលអនាគត។

គម្រោងអភិវឌ្ឍន៍ក្រុងរណបធំៗចំនួន៤ រូមមាន ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលបាននិងកំពុងលេចរូបរាងជាបណ្តើរៗហើយ ជាមួយនឹងសកម្មភាពសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន កន្លែងលក់រាយ និងសាលពិព៌ណនានា។

ទីក្រុងរណប ដែលវិនិយោគដោយក្រុមហ៊ុន OCIC នេះ ដំបូងឡើយគ្រោងអភិវឌ្ឍន៍ជាមួយទុន៣០០០លានដុល្លារ ប៉ុន្តែក្រោយមកត្រូវបានបង្កើនដល់៥០០០លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាព និងការគ្របដណ្តប់លើចក្ខុវិស័យ នាពេលអនាគតរបស់តំបន់នេះ។

ទីក្រុងរណបដែលកាលពីអតីតកាល ជាបឹងលេចទឹកនេះមានទំហំផ្ទៃដីជាង១០០ហិកតា ដែលបានបែងចែកហ្សូនអភិវឌ្ឍន៍យ៉ាងច្បាស់លាស់។

ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត
ទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលមានផ្ទៃដីទំហំជាង១០០ហិកតា និងគ្រោងបោះទុនវិនិយោគប្រមាណ៦០០០លានដុល្លារអាមេរិក បាននិងកំពុងចាប់ផ្តើម​បញ្ចេញពន្លឺកាន់តែត្រចះត្រចង់ហើយ ជាមួយអគារពាណិជ្ជកម្មខ្ពស់ៗ លំនៅដ្ឋានបែបអភិជន ភោជនីយកដ្ឋាន ផ្សារលក់រាយ មជ្ឈមណ្ឌលកំសាន្ត សាលសន្និសីទជាដើម។

បច្ចុប្បន្នទីក្រុងនេះ មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការតភ្ជាប់ហេ ដ្ឋារចនាសម្ព័ន្ឋនានាបានបញ្ចប់ និងធ្វើឡើងជាទីក្រុងឆ្លាតវៃ ដែលជាទស្សនទានដើមរបស់ក្រុមហ៊ុន OCIC ដែលជាម្ចាស់គំរោងតម្លៃរាប់ពាន់លានដុល្លារនេះ។

លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ទីក្រុងនេះ នឹងរៀបចំឡើងតាមបែបលក្ខណៈពាណិជ្ជកម្មអន្តរជាតិ ប្រៀបដូចជាតំបន់ពាណិជ្ជកម្ម ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស និងតំបន់ពាណិជ្ជកម្មដទៃទៀតនៃរាជធានីភ្នំពេញ និងកម្រិតតំបន់។

ទីក្រុងរណបដីបូតានិកស៊ីធី
អភិវឌ្ឍន៍ដោយម្ចាស់បុរីអ័រគីដេ ទីក្រុងដឺបូតានិកស៊ីធី បាននិងកំពុងពង្រីកផ្ទៃដីកាន់តែធំ នៅតំបន់ព្រែកលាភ ក្នុងខ័ណ្ឌជ្រោយចង្វារ ដែលបច្ចុប្បន្នគំរោងនេះបាននិងកំពុងបញ្ចេញម៉ូតផ្ទះបែបអភិជន លំដាប់ប្រណីត ជាមួយនឹងធម្មជាតិខៀវស្រងាត់ អមដោយផ្ទៃបឹងធម្មជាតិ និងបឹងសម្បនិម្មិតដ៏ទាក់ទាញ។

ដឺបូតានិកស៊ីធី បាននិងកំពុងក្លាយជាទីក្រុងរណបយ៉ាងស្ងប់ស្ងាត់ ជាមួយមហិច្ឆតាធំ និងកំពុងធ្វើឲ្យតំបន់នេះកាន់តែមានភាពរសរវើក និងទាក់ទាញក្រុមអភិជនទៅរស់នៅកាន់តែច្រើន ដោយសារបរិយាកាស ខ្យល់អាកាសល្អ បរិសុទ្ឋ ព្រោះមានដងទន្លេរពីរអមសងខាង និងមិនសូវប្រឈមនឹងការកកស្ទះចរាចរណ៍ខ្លាំងនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដោយសារមានស្ពានជាច្រើនបានបញ្ចប់ និងកំពុងសាងសង់។

ទីក្រុងមរតកសម្តេចតេជោ
វាជាទីក្រុងថ្មីមួយ ដែលមានទំហំធំជាងគេនៅតំបន់នេះ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋកម្រិតជាតិជាច្រើនកំពុងសាងសង់ និងបញ្ចប់ការសាងសង់ រួមមាន វិមានប្រវត្តិ​សាស្រ្តឈ្នះ ឈ្នះ ពហុកីឡដដ្ឋានមរតកតេជោ សួនទឹកកំសាន្តលំដាប់អន្តរជាតិ ដែលបានវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុប គំរោងខុនដូ និងទីក្រុងមិត្តភាពកម្ពុជា ចិន និងបុរីលំនៅដ្ឋានជាច្រើនទៀតកំពុងរំលេចវត្តមានបណ្តើរៗនៅតំបន់នេះ។

ទីក្រុងរណបធំនេះ នឹងស្វាគមន៍នូវព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្ត ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង នៅឆ្នាំ២០២៣ខាងមុខនេះ។

លោកច្រឹក សុខនីម ប្រធានសមគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តំបន់កណ្តាលក្រុងភ្នំពេញ នឹងប្រែក្លាយជាតំបន់បណ្តុំដោយអាគារពាណិជ្ជកម្ម និងការិយាល័យ ដោយសាររដ្ឋាភិបាលគាំទ្រឱ្យមានការអភិវឌ្ឍអាគារខ្ពស់ៗនៅទីក្រុងភ្នំពេញ ហើយរដ្ឋាភិបាលមានគោលនយោបាយ ក្នុងការពង្រីកទីក្រុងរណបថ្មីៗ។

លោកបានថ្លែងថា “យើងមើលឃើញថា រាជធានីភ្នំពេញបានពង្រីកចូលទៅតំបន់មួយចំនួននៅកណ្តាល និងនៅតាមបណ្តោយផ្លូវជាតិលេខ៥ និងលេខ៦ ត្រូវបានពង្រីកការប្រើប្រាស់ដី នៅជុំវិញរាជធានីភ្នំពេញ។ ការដូច្នេះ គឺដើម្បីបំពេញតម្រូវការវិនិយោគរបស់វិនិយោគិន ដែលបានចូលវិនិយោគនៅកម្ពុជា”។

លោកបានថ្លែងថា “ទីក្រុងថ្មី (ទីក្រុងរណប) នឹងក្លាយជាតំបន់លំនៅដ្ឋាន ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍ និងកាត់បន្ថយការកកស្ទះនាអនាគត”។

ជាមួយគ្នានេះ លោកឡុង គឹមសួគ៌ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Century 21 Advanced Property បានមានប្រសាសន៍ឲ្យដឹងផងដែរថា តំបន់ ឬខណ្ឌជ្រោយចង្វារទទួលបានការគម្រោង អភិវឌ្ឍន៍អចលនទ្រព្យធំៗជាច្រើន ពិសេសគម្រោងលំនៅដ្ឋានធំៗ។

លោកបានបន្តថា ទីក្រុងភ្នំពេញបច្ចុប្បន្ននៅទំហំតូចនៅឡើយ ហើយដើម្បីឆ្លើយតបនឹងចំនួនប្រជាជននៅទីក្រុងបច្ចុប្បន្ន និងអនាគត វាទាមទាមការឱ្យមានការអភិវឌ្ឍន៍ក្រុងរណបបន្ថែម ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជាន និងការកើនឡើងនៃចំនួនប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃ៕

តើកត្តាអ្វីខ្លះធ្វើឲ្យតំបន់ជាប់ផ្លួវជាតិលេខ៥១ និង៤១នៅតែទាក់ទាញការវិនិយោគដីធ្លី?

ដោយៈ ជេស៊ីកា

កណ្តាល/កំពង់ស្ពឺៈ តំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ បានក្លាយជាតំបន់ពេញនិយមបំផុត លើការវិនិយោគអចលនទ្រព្យ ពិសេសការទិញលក់ដីធ្លី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយសារហេតុផលសំខាន់ៗជាច្រើន។

ហេតុអ្វីបានជាចរន្តនៃការវិនិយោគក្នុងស្រុក បានបុកសំដៅទៅតំបន់នេះច្រើនជាងគេ? យើងសាកល្បង មើលទៅលើចំណុចសំខាន់ៗដូចខាងក្រោមនេះ។

គោលនយោបាយរបស់រដ្ឋាភិបាល
ជាមួយនឹងការធ្វើពិពិធកម្ម តំបន់ឧស្សាហកម្មរបស់រដ្ឋាភិបាល ស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចសង្គម បានធ្វើឲ្យរដ្ឋាភិបាលចាប់ផ្តើមគិត ពីផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវក្រវ៉ាត់ក្រុងនានា ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន និងធ្វើឲ្យចរន្តសាច់ប្រាក់ ហូរចូលហោប៉ៅប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងគោលដៅពីរ ទី១ ដើម្បីកាត់បន្ថយភាពក្រីក្រផង ទី២ ដើម្បីពង្រីកផែនការអភិវឌ្ឈហេដ្ឋារចនាសម្ព័ន្ឋផង។

ពីមុនមកទីក្រុង មិនសូវមានសកម្មភាពសេដ្ឋកិច្ច ទើបរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យមានរោងចក្រ សហគ្រាសប្រមូលផ្តុំនៅក្នុងទីក្រុង ដើម្បីធ្វើឲ្យមនុស្សចូលមករស់នៅទីក្រុងច្រើន និងធ្វើឲ្យសេដ្ឋកិច្ចក្នុងទីក្រុងរសរវើក ប៉ុន្តែពេលបច្ចុប្បន្នការរីកចម្រើននៃនគរូបនីយកម្ម កំនើនប្រជាសាស្រ្ត បានធ្វើឲ្យទីក្រុងជួបការកកស្ទះចរាចរណ៍  និងធ្វើឲ្យទីក្រុងបាត់បង់សណ្តាប់ធ្នាប់ ពិសេសធ្វើឲ្យបំពុលបរិស្ថាន ដោយសារផ្សែងពុលពីរោងចក្រ សហគ្រាសនានា។

ហេតុនេះ ទើបរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយថ្មី ដើម្បីកាត់បន្ថយបញ្ហាសង្គមផ្សេង ហើយរុញរោងចក្រ សហគ្រាសទីជនបទ ឬជាយក្រុង ដែលគោលនយោបាយនេះ ប្រៀបបីដូចជា ព្រួញមួយបាញ់បានសត្វបី ទី១ ធ្វើឲ្យតំបន់ជនបទកាន់តែរីកចម្រើន ទី២ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងទី៣ រុញទីតំបន់ជនបទកាន់តែខិតកៀកនឹងទីក្រុង ពិសេសកាត់បន្ថយការហូរចូលប្រជាពលរដ្ឋ ចូលមករស់នៅក្នុងទីក្រុងច្រើនពេក។
តំបន់អាចនឹងកាត់ចូលក្នុងរដ្ឋបាលក្រុងភ្នំពេញ

យោងតាមមន្រ្តីជាន់ខ្ពស់ក្រសួថសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៤ ដែលស្ថិតនៅស្របតាមផ្លួវជាតិសំខាន់ៗទាំងពីរនេះ នឹងត្រូវកាត់មួយផ្នែកចូលមកក្នុងដែលរដ្ឋបាលរាជធានីភ្នំពេញ។

ការកាត់តំបន់ណាមួយចូលមករាជធានីភ្នំពេញ នឹងធ្វើឲ្យតំបន់នោះមានការរីកចម្រើ​នលឿន ដូចជា  ការកសាងហេដ្ឋារចនាសម្ព័ន្ឋពីរដ្ឋាភិបាល ការតបណ្តាញទឹកស្អាតកាន់តែលឿន ធ្វើឲ្យវិស័យឯកជនងាកទៅវិនិយោគ នៅតំបន់នោះកាន់តែច្រើន ពិសេសធ្វើឲ្យតម្លៃដីធ្លីហក់ឡើងខ្ពស់។

តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម
ស្រដៀងនឹងការលើកឡើងខាងលើ តំបន់ផ្លូវជាតិសំខាន់ៗទាំងពីរ បាននិងកំពុងរីកចម្រើន ដោយទាក់ទាញរោងចក្រ សហគ្រាស ផែស្ងួត សំណង់លំនៅដ្ឋាន បុរី ពិសេសទាក់ទាញមនុស្សទៅរស់នៅកាន់តែច្រើន ហើយនៅពេលណាមនុស្សចូលមករស់នៅកាន់កាន់តែច្រើន នឹងធ្វើឲ្យតំបន់នោះមានតម្លៃដីធ្លីកើនឡើង សកម្មភាពសេដ្ឋកិច្ចកាន់តែរសរវើកមិនខាន។

តំបន់ណាក៏ដោយ គ្មានមនុស្សរស់នៅ គឺតម្លៃដីធ្លីមិនកើនឡើងនោះទេ ដោយសារគ្មានមនុស្ស នៅពេលគ្មានមនុស្សក៏គ្មានសកម្មភាពសេដ្ឋកិច្ចនោះឡើយ។

ជាតំបន់កៀកនឹងទីក្រុង
ផលប្រយោជន៍នៃភូមិសាស្រ្ត មានសារៈសំខាន់ណាស់ ព្រោះភូមិសាស្រ្ត គឺជាប់ទាក់ទងគ្នា មិនអាចកាត់ផ្តាច់បានពីការរីកចម្រើនលើផ្នែកអ្វីមួយ។ ពិសេសដូចជាតំបន់ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ ជាផ្លូវជាតិកម្រិតខេត្តឬផ្លូវខេត្ត ដែលតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

ហេតុនេះកត្តាភូមិសាស្រ្ត ឬទីតាំងគឺជាចំណុចសំខាន់ ដែលអ្នកវិនិយោគឆ្លាតវៃតែងតែផ្តោតដោយមិនអាចមើលរំលងនោះឡើយ៕

រដ្ឋមន្រ្តីសាធារណៈការចាប់ផ្តើមពិភាក្សាជាមួយអន្តរក្រសួងលើគំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិភាក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន លឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញបច្ចេកទេស និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាព និងពិភាក្សាលើរបាយការណ៍ស្តីពី ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានី ភ្នំពេញទៅក្រុងបាវិត ក៏ដូចជា ដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីតំណាងក្រសួង-ស្ថា ប័នពាក់ព័ន្ធសំដៅឱ្យរបាយការណ៍នេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេក ទេសពាក់ព័ន្ធមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេកទេស ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ៕

ភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ជាជីវៈត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ភ្នាក់ងារអចលនវត្ថុកម្ពុជាមានចំនួនកាន់តែច្រើន ហើយអ្នកណាៗ ក៏អាចក្លាយជាភ្នាក់ងារអចលនទ្រព្យបាន ប៉ុន្តែក្នុងចំណោមភ្នាក់ងារអចលនវត្ថុទាំងនោះ មានមួយចំនួនតូចប៉ុណ្ណោះ ដែលមានក្រមសីលធ៌មនិងវិជ្ជាជីវៈត្រឹមត្រូវ ។

តើដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យ ដែលមានវិជ្ជាជីវៈ ត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអច​លនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យអាជីព ទី១ ត្រូវមានចំណេះដឹងនិងចំណេះធ្វើ ។ ដូចយើងដឹងស្រាប់ហើយដើម្បីប្រឡូកក្នុងការងារនេះ បានត្រូវមានចិត្តអំណត់ និងត្រូវកសាងទំនុកចិត្តដល់អតិថិជនរបស់ពួកយើង។

មួយទៀតយើងត្រូវដឹងថា ការផ្ដល់ប្រឹក្សាជូនអតិថិជនដោយប្រើចំណេះដឹង និងជំនាញគឺមានសារសំខាន់បំផុត។ ទី២ ត្រូវស្វែងរកប្រភពព័ត៌មានល្អៗ ពីវិស័យអចលនទ្រព្យ ដើម្បីបំពេញទៅនឹងតម្រូវការអតិថិជនរបស់ពួកយើង ឬក៏ពួកយើងគឺជាដៃគូ នៅក្នុងការងារមួយនៃការវិនិយោគរបស់ពួកគាត់។

លោកបន្តថា “ភ្នាក់ងារអាជីព ផ្ដើមឡើងដោយសារទំនាក់ទំនង ចំនេះដឹងនិងជំនាញ ហើយជាបទពិសោធន៍ផ្ទាល់របស់លោក ទំនាក់ទំនងចំនេះដឹងនិងជំនាញ បានធ្វើឱ្យលោកទទួលបានការជឿទុកចិត្តពីអតិថិជន ដែលមានតម្រូវការលើអចលនទ្រព្យ”។

ចំណែកលោកព្រាប កុល គ្រូបណ្ដុះបណ្ដាលជំនាញអចលនទ្រព្យប្រចាំក្រុមហ៊ុនល្បីមួយបានឱ្យដឹងថា ការកសាងទំនុកចិត្ត គឺមានសារសំខា​ន់ណាស់ ក្នុងការប្រឡូកវិស័យអចលនទ្រព្យ ដើម្បីទទួលបានជោគជ័យខ្ពស់ ហើយមុននឹងយើងអាចកសាងទំនុកចិត្តនេះបាន យើងក៏ត្រូវតែបង្កើតទំនាក់ទំនង រក្សាការទាក់ទងជាប់ជាប្រចាំ ជាមួយនឹងអតិថិជនទាំងអ្នកលក់និងអ្នកទិញអចលនទ្រព្យ ។

នៅក្នុងសៀវភៅមួយ ដែលនិពន្ធដោយលោកម៉ាន់ ច័ន្ធឌី អ្នកវិនិយោគលើអចលនទ្រព្យ និងជាភ្នាក់ងារអចលនទ្រព្យដែរនោះ បានបង្ហាញថា អ្នកចង់ប្រកបរបរជាភ្នាក់ងារអចលនទ្រព្យ គឺត្រូវតែលះបង់ទាំងពេលវេលា និងការងារផ្សេងទៀត ហើយត្រូវផ្ដោតលើវិស័យអចលនទ្រព្យឱ្យបានច្រើន។

លោកបានសរសេរថា “យើងក៏ត្រូវចាំទុកផងដែរថា ក្នុងរបរនេះមិនអាចឱ្យយើងទទួលបានប្រាក់កម្រៃ មកវិញភ្លាមៗទេ។ យើងត្រូវការពេលវេលា៦ខែ ហើយអ្នកខ្លះអាចដល់១ឆ្នាំ ទើបអាចរកប្រាក់កម្រៃត្រលប់មកវិញ”។

ភ្នាក់ងារអចលនទ្រព្យ ដែលខ្លះគឺបានចុះសិក្សាលម្អិត ពីព័ត៌មានអចលនទ្រព្យ នៅក្នុងតំបន់ដែលពួកគេត្រូវលក់ ហើយពេលប្រមូលព័ត៌មានបានគ្រប់គ្រាន់ហើយ ការយកទៅផ្ដល់ជូនអតិថិជន នឹងធ្វើឱ្យអតិថិជនមានជំនឿទុកចិត្តកាន់តែខ្លាំងបន្ថែមទៀត៕

ការសាង់សង់ផ្លូវប្របមាត់សមុទ្រខេត្តកែបតម្លៃ១០លានដុល្លានឹងបើកដំណើរការក្នុងខែមិនាខាងមុខនេះ

ដោយៈ ម៉ាលីស

កែបៈ រដ្ឋបាលខេត្តកែប បានកំណត់ថ្ងៃបើកការដ្ឋានសាងសង់ផ្លូវប្របមាត់សមុទ្រ ដែលផ្លូវនេះនឹងធ្វើពីបេតុងមានប្រវែង១១គ.ម ក្រោមមូលនិធិរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងចំណាយថវិកាប្រមាណ១០លានដុល្លារ។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ  លោក វ៉ៅ សុខា អភិបាលរង ខេត្ត  បានអញ្ជីញដឹកនាំ កិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ឋ ដើម្បីពិភាក្សាការងារត្រៀមរៀបចំ ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ប្របមាត់សមុទ្រខេត្តកែប ដែលនឹងត្រូវបើកការដ្ឋាន សាងសង់នៅថ្ងៃទី១  ខែមីនា  ឆ្នាំ២០២២  ខាងមុខនេះ។

ការសាងសង់ផ្លូវប្រមាត់សមុទ្រនេះ ជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាសុី(ADB)  ក្នុងគម្រោង  ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍សម្រាប់ កំណើនប្រកបដោយបរិយាប័ន្ន  នៃមហាអនុតំបន់មេគង្គជំហានទី២ ដែលមានប្រវែ​ងជាង១១គីឡូម៉ែត្រ  ទទឹង៩ម៉ែត្រ -១៥ម៉ែត្រ   ប្រើរយៈពេលសាងសង់ចំនួន២២ខែ  និងចំណាយថវិកាអស់ចំនួនជាង១០លានដុល្លារ ៕

តើប្រមុខរដ្ឋាភិបាលកម្ពុជា ម៉ាឡេស៊ីសម្រេចបានលទ្ឋផលអ្វីខ្លះនៃការបង្កើនទំនាក់ទំនងរវាងប្រទេសទាំងពីរ

ដោយៈសុផារី

 ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលលោកអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។

នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនិងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលទទួលបានពានរង្វាន់សន្តិភាព ស៊ុនហាក់ឆ្នាំ២០២២ និងបានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំង គួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវក្តីរីករាយ ដែលប្រទេសទាំងពីរអាចគ្រប់គ្រង ការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដ៏មានប្រសិទ្ធភាព។ ប្រទេ​សទាំងពីរបានកោតសរសើរគ្នាទៅវិញ ទៅមកអំពីការប្ដេជ្ញាជំនះបានលើជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ នឹងត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញ បានឆាប់រហ័សលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ២០២១ ដោយម៉ាឡេស៊ីទទួលបាន៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះ ទៅទៀតសម្រាប់ឆ្នាំ ២០២២។

រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលម៉ាឡេស៊ី  ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ  ក្រុមហ៊ុន និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជាដែលបានផ្ដល់ជំនួយសប្បុរសធម៌ រួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការរាគក្បាលជំងឺកូវីដ-១៩នៅកម្ពុជា។ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានសម្តែងនូវការអរគុណ ចំពោះជំនួយសប្បុរសធម៌ ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនង យ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ ទៅវិញទៅមកជាច្រើនវិស័យរវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។ ប្រជាជាតិទាំងពីរ នឹងបង្កើនទំនាក់ទំនងគ្រប់កម្រិត ព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដើម្បីឲ្យមានការយោគយល់គ្នា និងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។

ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាព បន្តជំរុញបន្ថែមទៀតនូវវិស័យពា​ណិ​​ជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល  ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។

ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នា ក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅប្រទេសម៉ាឡេស៊ីផងដែរ។  ថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ការងារសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើន ប្រកបដោយសុខមាលភាពរយៈពេលវែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ផលប្រ​យោ​ជន៍ នៃប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរកកាលានុវត្តន៍ភាព បន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីរ មានកិច្ចព្រមព្រៀងស្ដីអំពីការជៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទង នឹងការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ  មានតម្លាភាព  អាចព្យាករណ៍បាន  និងមានប្រសិទ្ធភាពជាងមុនសម្រាប់ការវិនិយោគ។

ប្រទេស ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហការផ្នែកធុរកិច្ច លើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ ភាគីទាំងពីរបានផ្ដល់អាទិភាពដល់ការពង្រឹង សហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល  Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្ដាក់ទុនរកស៊ី របស់សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។

ម៉ាឡេស៊ីនឹងបន្តផ្ដល់ឱកាស ដល់មន្ត្រីរាជការកម្ពុជាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងកសាងសមត្ថភាព តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី(MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី(MDCP)។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់អំពីការគាំទ្រពេញលេញដល់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តធ្វើការងារយ៉ាងជិតស្និទ្ឋ ក្នុងការពង្រឹងសហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈ ដោយត្រង់ទៅត្រង់មក លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្ត្រីទាំងពីរក៏បានគូសបញ្ជាក់អំពីសារសំខាន់ចាំបាច់ ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ាន ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ម៉ាឡេស៊ីបានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការងាររបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូង របស់ប្រេសិតពិសេស ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់សាជាថ្មី អំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពី ការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង (DOC) នឹងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ(COC)នៅសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារស្របជាមួយនឹងច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ តាមពេលវេលាដែលមានការឯកភាព គ្នា។

ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ ក្នុងក្របខ័ណ្ឌនៃទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។

លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើងអំពីបញ្ហាជនបាត់បង់ទីលំនៅជនភៀសខ្លួនមកពីរដ្ឋរ៉ាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មី នូវសារៈសំខាន់នៃការដោះស្រាយមូលហេតុជាឫសគល់ នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេដោយស្ម័គ្រចិត្តមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះផងដែរ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

សម្ដេចតេជោក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទទួលយកនូវការអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដោយក្តីរីករាយ នាពេលវេលាសមស្របណាមួយនាពេលខាងមុខ៕

រ៉ូយ៉ាល់លៀវវីងផ្លាហ្ស គឺជាពាណិជ្ជកម្មគុំរូនៅភ្នំពេញនាពេលអនាគត

ដោយៈសហសេវិក

ភ្នំពេញៈ សុទិដ្ឋិនិយមសម្រាប់ប្រទេស ដែលកំពុងអភិវឌ្ឍន៏ក្នុងពិភពលោក ការរីចម្រើនពាណិជ្ជកម្ម បានឆ្លងកាត់ដំណាក់កាល៤ប្រភេទ ជំនាន់១ជាផ្សារដែលគ្មានសណ្តាប់ធ្នាប់ ជំនាន់២ជាហាងលក់ទំនិញ ជំនាន់៣ជាមជ្ឈមណ្ឌលទិញទំនិញ រហូតដល់ជំនាន់៤ ដែលជាទីកន្លែងបទពិសោជន៏នៃការប្រើប្រាស់នាពេលអនាគត់។

រ៉ូយ៉ាល់លៀវវីងផ្លាហ្សា បាននាំពាណិជ្ជកម្មជំនាន់ថ្មីចូលមកកាន់ពិភពលោកនាពេលអនាគត បង្កើតផ្សារទំនើបទាន់សម័យ និងជីវភាពរស់នៅដ៏រីករាយ” បទពិសោជន៏នៃការប្រើប្រាស់ទីកន្លែងកម្សាន្ត គឺដូចជាផ្សារទំនើបអ៊ីអន ដែលមានបរិយាកាសប្រកបដោយផាសុខភាព។

G1ជាលំនៅដ្ឋានរស់នៅ G2ជីវភាពដ៏ស្រស់បំព្រង G3ជីវភាពឆើតឆាយ នៅមានSKYSHOP ដ៏ប្រណិតកម្ពស់១៧៨ម៉ែត្រ បានបំពេញនៅទីផ្សារក្នុងទីក្រុងភ្នំពេញ ហើយបានក្លាយជាជម្រើសនៃការជួបជុំ សម្រាប់ជនបរទេសនឹងអ្នកមានទ្រព្យ។

  1. ទីតាំងល្អ អតិថិជនច្រើន៖ ផ្សារទួល​ទំពូង មានជនបរទេស និងអ្នកមានលុយខុនដូរ៉ូយ៉ាល់​ស្កាយ​លែនមានមនុស្សរស់នៅ5000នាក់។
  2. ផ្សារទំនើបល្អ ភ្ញៀវជួលច្រើន៖ បទពិសោជន៏នៃការប្រើប្រាស់ផ្សារទំនើបលំដាប់ខ្ពស់អាជីវករដណ្តើមជួល។
  3. ស្តង់ដាខ្ពស់ តម្លៃជួលខ្ពស់ បរិយាកាសដើរទិញទំនិញការប្រើប្រាស់មានគ្រប់លំដាប់តម្លៃជួលខ្ពស់ជាងផ្ទះល្វែង។
  4. ប្លង់រឹង SKYSHOP ទេសភាពគ្មានគូរប្រៀបនៅលើអគារកម្ពស់១៧៨ម៉ែត្រ បរិយាកាសល្អប្រណិត។
  5. GROUND SHOP ប្លង់រឹងហាងG1កម្ពស់4M អាចចែកជា២ជាន់បានទទួលបានតម្លៃជួល២ដង ចំណូលទ្វេគុណ៕

 

 

សំណួរចម្លើយសំខាន់ៗចំនួន៥ ដែលអ្នកគួរដឹងពេលអ្នកបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្របពេលផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកដំណើរការសាកល្បង នៅអំឡុងខែកកក្កដាខាងមុខ ការយល់ដឹងពីវិធីសាស្រ្តប្រើប្រាស់ផ្លូវ និងព៌តមានសំខាន់ដទៃទៀត គួរតែជារឿងគួរសិក្សាស្វែងយល់។

សំណួរសំខាន់ៗចំនួន៥ នឹងបង្ហាញពីព៌តមានសំខាន់ៗជាច្រើន ដែលជាការងារចាំបាច់ត្រូវធ្វើអំឡុងពេលបើកលើផ្លូវ ដែលមានតម្លៃ២០០០លាន​ដុល្លារ និងអាចអនុញ្ញាត្តឲ្យអ្នកបើកបរក្នុងល្បឿន បានចន្លោះពី១០០ទៅ១៥០គីឡូម៉ែត្រក្នុងមួយម៉ោងនេះ។

សំណួរៈបើឡានរបស់យើងជិតអស់សាំង តើយើងគួរធ្វើយ៉ាងម៉េច?

ចម្លើយៈ នៅតាមដងផ្លូវល្បឿនលឿន គឺមានកន្លែងផ្តល់សេវាកម្ម ក្នុងនោះមានដូចជា ស្ថា​នី​យ៍​ប្រេង​ឥ​ណ្ធ​នៈ ចំណតឡាន កន្លែងឈប់សម្រាក អាហារដ្ឋាន បន្ទប់ទឹកនិងយាន្តដ្ឋាន។ល។ ដែលអាចបំរើសេវាកម្មចាំបាច់ជូនអ្នកធ្វើដំណើរផ្លូវឆ្ងាយ និងសូមចាប់អារម្មណ៍ មើលស្លាកសញ្ញានៅលើដងផ្លូវជាមុន។

សំណួរៈ បើខ្ញុំជិះហួសច្រកចេញ តើខ្ញុំអាចថយឡានទៅក្រោយទេ?

ចម្លើយៈប្រាកដជាមិនបានដាច់ខាត យើងត្រូវចាប់អារម្មណ៍ទៅលើរាល់ស្លាកចរាចរណ៍ទាំងអស់ ដែលចង្អុលបង្ហាញច្រកចេញ នៅលើផ្លូវល្បឿនលឿន បើជិះហួសច្រកចេញ អ្នកត្រូវតែបើកបន្តទៅមុខរកច្រកចេញបន្ទាប់ ការថយឡានទៅក្រោយគឺ គ្រោះថ្នាក់ខ្លាំងណាស់។

សំណួរៈ បើខ្ញុំឈឺបត់ជើងតើអាចឈប់ឡានបត់ជើងបានទេ?

ចម្លើយៈ ប្រាកដជាមិនអាចទេ ផ្លូវល្បឿនលឿនមានយានជំនិះ ធ្វើ

ដំណើរជិត100km/h ប្រាកដជាមិនអាចឈប់ឡាន ថយឡាន និងជិះបញ្ច្រាស់ជាដាច់ខាត បើមិនចឹងងាយនឹងមានគ្រោះថ្នាក់ដល់ អាយុជីវិតណាស់។

សំណួរៈតើអ្នកគិតថាម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ?
ចម្លើយៈ មិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះ​​​​​​​ ម៉ូតូ

ឡានត្រាក់ទ័រ​ តុកតុក និងយានយន្ត ផ្សេងៗដែលមានល្បឿនតិចជាង 70km/h គឺមិនអាចឡើងផ្លូវល្បឿនលឿនបានទេ៕