ក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងតំបន់ផ្លូវ៥១បន្តពង្រីកគម្រោង ទោះបីស្ថានភាពអចលនទ្រព្យមិនទាន់ប្រសើរខ្លាំង

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះបីស្ថានភាពអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាមិនទាន់មានភាពប្រសើរឡើងក្ដី តែអ្នកអភិវឌ្ឍន៍លំនៅឋានមួយចំនួននៅតែបន្តពង្រីកគម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ក្នុងនោះក្រុមហ៊ុនមួយចំនួនដែលវិនិយោគនៅក្នុងតំបន់ផ្លូវ៥១បានបង្ហាញពីផែនការក្នុងការពង្រីកការអភិវឌ្ឍនៅក្នុងតំបន់នេះជាបន្តបន្ទាប់។

លោកផូន សុអុនដែន ប្រធានផ្នែកលក់នៃក្រុមហ៊ុន KH Land បានឱ្យដឹងថា ក្រុមហ៊ុន KH Land គ្រោងនឹងពង្រីកការអភិវឌ្ឍដីធ្លីបន្ថែមទៀតនៅក្នុងឆ្នាំ២០២២នេះ ដោយបានត្រៀមដីជាង១០០ហិចតារួចហើយ និងគ្រោងពុះដីឡូតិ៍ជាង១០០០ឡូតិ៍បន្ថែមទៀតផងដែរ។

លោកបន្តថា ទោះបីជាស្ថានភាពមិនទាន់ល្អប្រសើរខ្លាំង និងស្ថិតនៅក្នុងពេលប្រជាពលរដ្ឋចាយវាយ ដោយប្រុងប្រយ័ត្នបែបនេះក្តី ហើយការលក់គម្រោងរបស់ក្រុមហ៊ុន KH Land ក៏មានការធ្លាក់ចុះតិចតួច ក្រុមហ៊ុននៅតែបន្តអភិវឌ្ឍជាបន្តបន្ទាប់ទៀត ដោយរំពឹងថា ស្ថានភាពសេដ្ឋកិច្ច និងតម្រូវការអចលនទ្រព្យនឹងមានកំណើនឡើងវិញនៅពេលឆាប់ៗនេះ ជាពិសេសក្នុងឆ្នាំ២០២២នេះ។

លោកបន្តទៀតថា ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានភាពរឹងមាំ មានចក្ខុវិស័យវែងឆ្ងាយ ហើយអភិវឌ្ឍពិតៗ នឹងធ្វើឱ្យអតិថិជនមានការជឿទុកចិត្ត និងហ៊ានបោះទុនរាប់ពាន់ដុល្លារក្នុងការទិញគម្រោងដីឡូតិ៍របស់យើង និងមានអតិថិជនខ្លះបោះទុនរាប់ម៉ឺនដុល្លារទិញគម្រោងលំនៅឋានរបស់ក្រុមហ៊ុន KH Landផងដែរ។

លោកបន្ថែមថា ផ្លូវ៥១ ជាប្រភេទផ្លូវក្រវ៉ាត់ក្រុងនិងជាសរសៃឈាមសេដ្ឋកិច្ចមួយ តភ្ជាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៤ ដែលធ្វើឱ្យផ្លូវ៥១នេះមានភាពមមាញឹកខ្លាំង។ ម្យ៉ាងទៀត ផ្លូវ៥១ជាតំបន់នៅប៉ែកខាងលិចរាជធានីភ្នំពេញ ហើយការអភិវឌ្ឍអចលនទ្រព្យក៏ឃើញថាមានការរីកមកទិសខាងលិចភ្នំពេញដែរ ជាក់ស្ដែងតំបន់ផ្លូវ៥១ មានការអភិវឌ្ឍទាំងផ្នែករដ្ឋ និងផ្នែកឯកជន។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនបានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះតំបន់ផ្លូវ៥១ ដោយនឹងទាក់ទាញការវិនិយោគលើវិស័យឧស្សាហម្មរោងចក្រ សហគ្រាស ហើយបន្តបន្ទាប់នឹងមានការរីកចម្រើនទៅលើទីផ្សារលំនៅឋាន និងមានមនុស្សកាន់តែច្រើនទៅរស់នៅនិងធ្វើការនៅតំបន់ផ្លូវ៥១។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានលើកឡើងពីបញ្ហាកង្វះកំលាំងពលកម្មសម្រាប់បម្រើការក្នុងវិស័យឧស្សាហកម្ម កាត់ដេរ ដោយសារតែមានការរីកចម្រើនខ្លាំង និងមានក្រុមហ៊ុន សហគ្រាសជាច្រើនបានបោះទីតាំងវិនិយោគក្នុងខេត្តកំពង់ស្ពឺ ក្នុងនោះដែរផ្លូវ៥១ក៏ជាតំបន់ដែលមានសក្ដានុពលទាក់ទាញលើរោងចក្រ ឧស្សាហកម្មច្រើនផងដែរ ក្នុងចំណោមតំបន់នានា ក្នុងខេត្តកំពង់ស្ពឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here