រដ្ឋាភិបាលសឹង្ហបុរីគ្រោងដំឡើងពន្ធលើអ្នកមានប្រាក់ចំណូលខ្ពស់

ដោយៈសុខុម

សឹង្ហបុរី: ប្រទេសសឹង្ហបុរី គ្រោងដំឡើងអត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន សម្រាប់អ្នកមានប្រាក់ចំណូលខ្ពស់ ផ្ទះប្រណីត និងរថយន្តប្រណីត។

គម្រោងដំឡើងពន្ធទាំងនេះ ត្រូវបានប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សិង្ហបុរី លោក Lawrence Wong អំឡុងសុន្ទរកថាស្តីពីថវិកាជាតិឆ្នាំ២០២២ នៅថ្ងៃសុក្រ ទី១៨ កុម្ភៈ នេះ។

រដ្ឋមន្ត្រីរូបនេះ បានគូសបញ្ជាក់ពីវិធានការរយៈពេលខ្លី និងរយៈពេលវែង ដើម្បីបន្តការវិនិយោគលើសេដ្ឋកិច្ច និងកម្មករនិយោជិត ខណៈពង្រឹងការឯកភាពក្នុងសង្គម។ លោកបានបន្ថែមទៀតថា ការដំឡើងពន្ធទាំងនេះគឺជាការចាំបាច់ណាស់ ដើម្បីប្រមូលប្រាក់ចំណូលជាតិ ឱ្យបានកាន់តែច្រើន ក្នុងបំណងជំរុញគំនិតផ្តួចផ្តើមទាំងនេះ ឱ្យចេញជាផ្លែផ្កា។

*ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន
ទាក់ទិនពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន លោក Lawrence Wong បានលើកឡើងថា អ្នកដែលមានប្រាក់ចំណូលខ្ពស់ជាងគេ ត្រូវរួមចំណែកជួយដល់សង្គមច្រើនជាងគេ។ លោកបានប្រកាសថា អត្រាពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនខ្ពស់ នឹងត្រូវដំឡើងចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។

អ្នកដែលមានប្រាក់ចំណូល ជាប់ពន្ធលើសពី៥០០.០០០ដុល្លារ រហូតដល់១លានដុល្លារ នឹងត្រូវបង់ពន្ធ២៣% បើធៀបនឹងអត្រាពន្ធ២២%​នាពេលបច្ចុប្បន្ន។ អ្នកមានប្រាក់ចំណូលផ្ទាល់ខ្លួន លើស១លានដុល្លារ នឹងត្រូវបង់ពន្ធ២៤% បើធៀបនឹងអត្រា២២%នាពេលបច្ចុប្បន្ន។

*ពន្ធលើអចលនទ្រព្យ
បច្ចុប្បន្ន អត្រាពន្ធលើអចលនទ្រព្យ គឺចាប់ផ្ដើមពី៤%ដល់១៦% ហើយនឹងត្រូវដំឡើងដល់៦% ទៅ៣២%នៅឆ្នាំ២០២៤។

*ពន្ធលើរថយន្តប្រណីត
ប្រទេសសិង្ហបុរី ក៏នឹងដំឡើងពន្ធ លើរថយន្តប្រណីតផងដែរ ដោយរថយន្ត ដែលមានតម្លៃលើសពី៨០.០០០ដុល្លារ នឹងត្រូវបង់ពន្ធ២២០%៕ CNA៕

វិនិយោគិនក្នុងស្រុករំពឹងពីការហូរចូលវិនិយោគិនអឺរ៉ុបក្នុងការអភិវឌ្ឍផ្ទះលំហែកាយ

ដោយៈលក្ខិណា

ភ្នំពេញៈ វិនិយោគិនអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមួយរូបលោកសាយ សុខហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial បានឱ្យដឹងថា ឆាប់ៗនេះអឺរ៉ុបនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគលើផ្ទះលំហែកាយនិង រីសត ក្នុងបណ្ដាខេត្តនានា។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីអឺរ៉ុបមួយ បានមកសិក្សាពីសក្ដានុពល នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានស្វែងរកក្រុមហ៊ុននិងដៃគូជាច្រើនទៀត ក្នុងការរួមគ្នាបណ្ដាក់ទុនវិនិយោគ។ កម្ពុជាក៏មានសក្ដានុពលជាច្រើន សម្រាប់វិនិយោគិនមកពីអឺរ៉ុប ដូចជា ពីប្រទេសព័រទុយហ្កាល់ និងប្រទេសកាណាដាជាដើម។

លោកបន្តថា “កម្ពុជាមានក្នុងនោះបណ្ដាខេត្ត និងរាជធានីជាច្រើន មានសក្តានុពលលើធនធានធម្មជាតិ ទីតាំងល្អ សម្រាប់វិនិយោគិនមិនថាមកពីអឺរ៉ុប ឬមកពីបណ្ដាប្រទេសនានា”។

ចំណែកលោកវ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna ក៏បានឱ្យដឹងផងដែរថា វិនិយោគិនពីអឺរ៉ុបបានមកដល់កម្ពុជា និងបានសម្រេចចាប់ដៃ ជាមួយក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុ ជាជាច្រើន ដើម្បីសិក្សាពីការវិនិយោគលើអចលនទ្រព្យ។ ក្រោយពីកិច្ចសហការជាមួយ​គ្នានេះហើយ កម្ពុជានឹងទទួលបានវិនិយោគិន បន្តបន្ទាប់ទៀតចូលមកកម្ពុជា ជាពិសេសវិនិយោគិនមកពីអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ អឺរ៉ុបក៏ស្វែងរកវិនិយោគិនកម្ពុជាទៅសិក្សា និងវិនិយោគនៅក្នុងប្រទេសខ្លួនផងដែរ ។

ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ មេរោគអូមីក្រុងមិនមែនជាបញ្ហានៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ឬមកពីបរទេសនោះទេ។ អ្វីដែលសំខាន់កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនបានច្រើន ទោះបីជាឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងនេះក៏ឆាប់ជា ជាក់ស្ដែងយើងឃើញស្រាប់ហើយ អ្នកឆ្លងកូវីដ១៩អូមីក្រុង មិនទាន់មានអ្នកណាមានលក្ខណៈធ្ងន់ធ្ងរឬឈានដល់ស្លាប់ឡើយ។

លោកបន្តថា ប្រទេសជាច្រើនគេស្ទើរតែចាត់ទុកមេរោគនេះ ជាជំងឺផ្ដាសាយធម្មតា និងអាចរកទិញថ្នាំនៅតាមឱសថស្ថាននានា ដើម្បីព្យាបាលនិងការពារខ្លួនឯង ដូច្នេះការវិនិយោគ និងការធ្វើអាជីវកម្មក៏ឃើញថា នៅតែបន្តដំណើរទៅមុខជាធម្មតា៕

តើតម្លៃដីនៅទីក្រុងរណបកោះនរាមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយៈជេស៊ីកា

ភ្នំពេញៈ ស្របពេលការរៀបចំហេដ្ឋារចនាសម្ព័ន្ឋជិតបញ្ចប់ ចរន្តទិញលក់ដីនៅទីក្រុងកោះនរា និងសកម្មភាពសាងសង់ បានកើតឡើងបណ្តើរៗហើយ។

តើតម្លៃដីនៅទីក្រុងរណប ដែលមានទំហំ១២៥ហិកតានេះ មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េហើយ? អ្នកស្រី វី ណាវីប្រធាននាយកដ្ឋានផ្នែកលក់នៃគំរោងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបកោះនរាបានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា បច្ចុប្បន្នអ្នកឧកញ៉ាពុង ឃាវសែ បានចាប់ផ្តើមអនុញ្ញាត្តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិសហការលក់ដីនៅទីក្រុងរណបកោះនរា ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។

អ្នកស្រីបន្តថា ដីនៅលើទីក្រុងរណបកោះនរា បានដាក់លក់ក្នុងតម្លៃ២៨០០ដុល្លារ សម្រាប់ផ្លូវខាងក្នុង និងដីបែរមុខទៅកាន់ទន្លេចតុមុខនិងទន្លេមេគង្គ មានតម្លៃ៣៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែតម្លៃនេះក៏ស្ថិតនៅក្នុងការជជែកជាក់ស្តែងផងដែរ។

អ្នកស្រី វី ណាវីបានបន្តឲ្យដឹងទៀតថា គំរោងទីក្រុងកោះនរា ត្រូវបានអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ ដោយប្រព័ន្ឋបណ្តាញអគ្គិសនីទាំងអស់ ត្រូវបានកប់ក្រោមដី បណ្តាញទឹកស្អាត ទឹកលូ និងបណ្តាញហេដ្ឋារចនាសម្ព័័ន្ឋជាច្រើនទៀត ត្រូវបានរៀបចំរួចរាល់ហើយ។

ទីក្រុងកោះនរា ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកមួយ។ ក្រុមហ៊ុននេះ បានវិនិយោគគំរោងធំៗជាច្រើននៅកម្ពុជា រួមមាន ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងបុរីទេសចរណ៍ ខេត្តសៀមរាប បុរីជ្រោយបាសាក់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅជាដើម៕

វិស័យអចលនទ្រព្យជួបភាពមិនច្បាស់លាស់ជាថ្មី ខណៈជំងឺកូវីដអូមីក្រុងបន្តរាលដាល

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីឆ្នាំ២០២២នេះ ជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានចាប់ផ្ដើមរាលដាល នៅលើពិភពលោករួមទាំងកម្ពុជាផងដែរ ដែលធ្វើឱ្យវិនិយោគិន ក្នុងវិស័យអចលនទ្រព្យនៅតែបន្តរារែក និងមិនទាន់ដាក់ទុនធំៗ ក្នុងវិស័យនេះនៅឡើយ។

អ្នកជំនាញ នៃវិស័យអចលនទ្រព្យបានមើលឃើញថា ក្នុងស្ថានភាពបែបនេះ ការវិនិយោគអចលនទ្រព្យ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈមួយចំនួនបន្តមានសុទិដ្ឋិនិយមដដែល។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងកាលពីថ្ងងៃទី១៨ កុម្ភៈកន្លងមកថា ក្នុងស្ថានភាពនៃការរាលដាល នៃមេរោគកូវីដ១៩ប្រភេទអូមីក្រុងនេះ ការវិនិយោគអចល​នទ្រព្យ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ព្រោះថាការរាលដាលមិនដឹងថា មានទ្រង់ទ្រាយធំប៉ុណ្ណា ហើយនឹងបញ្ចប់យ៉ាងម៉េចដែរ។

លោកស្រីបន្តថា “ស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ ពិបាកនឹងថាអាចមានកំណើនណាស់ ព្រោះក្នុងដើមឆ្នាំនេះ វិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមក ដើម្បីស្វែងរកកការបណ្ដាក់ទុនវិនិយោគ ដូចមុនស្ថានភាពកូវីដ១៩នៅឡើយ”។

ចំណែកលោកពៅ លីដា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ LD Property Investment ក៏បានឱ្យដឹងថា ក្នុងស្ថានភាព មិនទាន់ច្បា​ស់លាស់ នៃការរីករាលដាលអូមីក្រុងបែបនេះ វិនិយោគិនអចលនទ្រព្យថ្មីថ្មោង បើអាចសូមរក្សាភាពស្ងៀមស្ងាត់ និងកុំទាន់បណ្ដាក់ទុនវិនិយោគសិន ហើ​យត្រូវសិក្សាច្បាស់លាស់ជាមុនសិន ពីព្រោះថាក្រៅពីមេរោគរាតត្បាតកូវីដ១៩ ក៏មានច្បាប់វិនិយោកលើអចលនទ្រព្យ ដែលវិនិយោគិនថ្មីថ្មោងគួរសិក្សាស្វែងយល់បន្ថែមស៊ីជម្រៅ មុននឹងបណ្ដាក់ទុនវិនិយោគ ។

លោកបន្តថា “ទោះបីជាយ៉ាងណាក្ដី ក៏វិនិយោគិនអចលនទ្រព្យដែលមានបទពិសោធន៍ និងទុនគ្រប់គ្រាន់នៅតែបន្តអភិវឌ្ឍន៍ ជាមួយនឹងសុទិ​ដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា”។

លោកពៅ លីដា បានបន្តថា នៅតាមបណ្ដាខេត្តនានាក៏ឃើញថាវិនិយោគិន ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ជាពិសេសក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស តាំងពីអំឡុងចុងឆ្នាំ២០២១កន្លងទៅ៕

ខេត្តកំពង់ឆ្នាំងត្រៀមទាក់ទាញគំរោងវិនិយោគលើគំរោងលំនៅដ្ឋាននិងដីឡូតិ៍លំហែរកាយ

ដោយ: ម៉ាលីស

កំពង់ឆ្នាំង: កំពង់ឆ្នាំង ជាខេត្តមានសក្តានុពលទេសចរណ៍ទាំងបែបធម្មជាតិ និងប្រវត្តិសាស្រ្ត ហើយរមណីយដ្ឋានកែច្នៃជាច្រើន ក៏ចាប់ផ្តើមមានវត្តមានឡើង ជាបន្តបន្ទាប់ ដោយសារខេត្តនេះស្ថិតជាប់ខេត្តកណ្តាល ដែលស្ថិតនៅមិនឆ្ងាយពីភ្នំពេញផងនោះ ធ្វើអោយនៅតែមានមានកំណើនអ្នកវិនិយោគអចលនទ្រព្យ ទោះស្ថិតក្នុងវិបត្តិជាសកលក៏ដោយ។

តាមការបង្ហើបពីលោក ហ៊ិន រស់ ម្ចាស់គំរោងផ្ទះនិងដីឡូតិ៍លំហែរចំការដូង Resort បានមាប្រសាសន៍ប្រាប់ គេហទំព័រ Property Area កាលពីរសៀលថ្ងៃ១៨ កុម្ភៈនេះអោយដឹងថា សព្វថ្ងៃមានវិនិយោគិនជាច្រើន បានមកអភិវឌ្ឍគំរោងអចលនទ្រព្យ ជាពិសេស ជាប្រភេទដីឡូត៍ និងផ្ទះលំហែរកាយតែម្តង ដោយមើលឃើញពីសក្តានុពលខេត្តកំពង់ឆ្នាំង ដែលជាតំបន់មានអំណោយផលពីធម្មជាតិស្រាប់ រួមមានភ្នំ មានទឹក ដីមានជីជាតិ បង្កើតបានរមណីយដ្ឋានជាច្រើនផងដែរ។

លោកបន្តថា “ដោយសារខេត្តនេះជាប់ខេត្តកណ្តាល ដែលស្ថិតមិនឆ្ងាយពីភ្នំពេញផងនោះ រួមជាមួយដីដែលមានតំលៃសមរម្យ បូកផ្សំនិងបរិបទកូវីត ដែលរាំងស្ទះការធ្វើដំនើរក្រៅប្រទេសរបស់ប្រជាពលរដ្ឋ វិនិយោគិនងាកមកចាប់អរម្មណ៍ ក្នុងការអភិវឌ្ឍន៍ជាដី និងផ្ទះលំហែរនៅតំបន់នេះ ដើម្បីការសំរាកលំហែរ សំរាប់ប្រជាជននៅក្នុងប្រទេស”។

ម្ចាស់ចំការដូងក្រអូប Resort លោក ហ៊ិន រស់ បញ្ជាក់ទៀតថា ជាក់ស្តែង គំរោងលោកគឺស្ថិតក្នុងតំបន់ កៀកនឹងផ្លូវជាតិលេខ៥ នៃខេត្តកំពង់ឆ្នាំងតែម្តង ដែលមានទាំងប្រភេទដីឡូតិ៍ និងផ្ទះលំហែរកាយ រួមជាប្រភេទដីដាំដូងក្រអូប ដែលបង្កើតជារមណីយដ្ឋានប្លែកភ្នែក ទាក់អារម្មណ៍មួយផងដែរ។ លោកបានបន្ថែមថាក្នុងឆ្នាំ២០២២ គំរោងអភិវឌ្ឍន៍ដីឡូតិ៍និងផ្ទះលំហែរនិងអាចមានកំណើន ច្រើនឡើងជាលំដាប់ថែមទៀត។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នា​ក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថា “បច្ចប្បន្នក្នុងខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋាន និងមានការវិនិយោគអចលនទ្រព្យ លេចវត្តមា​នឡើងជាបន្តបន្ទាប់ ខណៈតំលៃដីមានតំលៃសមរម្យ មិនឡើងខ្ពស់នៅឡើយទេ”៕

គំរោងរបស់មហាសេដ្ឋីហ្វីលីពីនលើទីក្រុងកោះពេជ្រតម្លៃជាង១៣០០លានដុល្លានៅតែមិនទាន់មានភាពច្បាស់លាស់

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម របស់មហាសេដ្ឋីហ្វីលីពីន ស្ថិតនៅលើទីក្រុងកោះពេជ្រ កំពុងតែបន្តពន្យាពេលសាងសង់នៅឡើយ។

អ្នកស្រីវី ណាវីប្រធាននាយកដ្ឋានផ្នែកលក់គំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៨ កុម្ភៈនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានឌីសាញផែនការមេ របស់គំរោងនេះបញ្ចប់ហើយ ប៉ុន្តែការសាងសង់មិនទាន់បានចាប់ផ្តើមនៅឡើយទេ។

អ្នកស្រីបានបន្តថា “គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មBOCនេះ ជាកម្មសិទ្ឋរបស់មហាសេដ្ឋីហ្វីលីពីន ប៉ុន្តែការសាងសង់មិនទាន់កំណត់ពេលជាក់លាក់ទេ”។អ្នកស្រីបន្តថា “គំរោងនេះ កំពុងស្ថិតនៅក្នុងការរង់ចាំមើលស្ថានភាពទីផ្សារជាក់ស្តែង”។

គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មBOCនេះ ស្ថិតនៅទីតាំងអតីតផ្សាររាត្រី កន្លែងកុមារមកកំសាន្តកាលពីមុន ដែលពេលនេះមានតែគ្រឿងចក្របញ្ឈរច្រូងច្រាង និងបិទរបងចោលនៅឡើយ។

បើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រុមហ៊ុនខាងលើនេះ គ្រោ​ងសាងសង់អគារខ្ពស់ ដែលមានកំពស់ជាង៤០០ម៉ែត្រ ប៉ុន្តែការសាងសង់ចាប់ផ្តើមនៅពេលណា លោកមិនទាន់ច្បាស់នៅឡើយទេ អាស្រ័យលើការ​សម្រេចចិត្តរបស់ក្រុមហ៊ុន។

លោកបន្តថា គំរោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រើប្រាស់ចម្រុះ រួមមាន សណ្ឋាគារ អាផាតម៉ិន ការិយាល័យ សណ្ឋាគារលំដាប់ផ្កាយ៥ជាដើម៕

សាឡាងចម្លងកោះពេជ្រ-កោះនរា ចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ

ដោយ៖ សុផារី

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន សាឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ចាប់ពីម៉ោង ៦:០០ព្រឹក ដល់ម៉ោង ៧:០០យប់ ជារៀងរាល់ថ្ងៃ។

នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅក្នុងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសាឡាងចម្លងកោះពេជ-កោះនរា នេះដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឆ្លងកាត់ស្ពានព្រះមុនីវង្ស ដែលតែងតែជួបប្រទះនូវការកកស្ទះចរាចរជាញឹកញាប់។

ដោយសារតែស្ពានកោះពេជ្រ-កោះនរាកំពុងតែដំណើរការ សាងសង់នោះ រដ្ឋបាលរាជធានីភ្នំពេញបានអនុញ្ញាតជូនក្រុមហ៊ុនជលយានចម្លងអរិយក្សត្រ អាន សំអន ឯ.ក ធ្វើអាជីវកម្មសាឡាងចម្លងអ្នកដំណើរ រួមទាំងមធ្យោបាយយានយន្តគ្រប់ប្រភេទឆ្លងកាត់ទន្លេបាសាក់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ ដោយចាប់ផ្តើមពីម៉ោង៦ : ០០នាទីព្រឹក ដល់ម៉ោង១៩ : ០០នាទីយប់ ជារៀងរាល់ថ្ងៃ៕

ការផ្គត់ផ្គង់ខុនដូនៅទីក្រុងបាងកកនឹងកើនឡើងក្នុងរង្វង់៣៣ភាគរយ

ដោយៈស្រីលិះ

បាងកកៈ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេមួយនៅប្រទេសថៃបានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅទីក្រុងបាងកក នឹងកើនឡើងនៅឆ្នាំនេះ ដោយសារស្ថានភាព ជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។

ក្រុមហ៊ុនColliers International Thailand ព្យាករណ៍ថា នឹងកើនឡើង៣៣.៧ភាគរយ ដែលការផ្គត់ផ្គង់ខុនដូកើនរហូត ដល់៣៣,៥៦៩យូនីតខុនដូថ្មីក្នុងឆ្នាំ២០២២ បន្ទាប់ពីការផ្គត់ផ្គង់បានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។

លោក Phattarachai Taweewong នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Collier បាននិយាយថា ខុនដូថ្មីភាគច្រើន នឹងស្ថិតនៅខាងក្រៅទីក្រុងបាងកក ជាមួយនឹងតម្លៃចន្លោះពី៧០,០០០ ទៅ១២០,០០០បាត ក្នុងមួយម៉ែត្រការ៉េ។

កាលពីឆ្នាំមុន ភាគច្រើននៃខុនដូថ្មី (៥៧.៤ ភាគរយ) មានទីតាំងនៅសង្កាត់ខាងក្រៅ ទីក្រុងបាងកកនៃ Huai Khwang, Chatuchak និង Phasi Charoen។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ បានផ្តោតលើការសាងសង់ថ្មីនៅក្រៅទីក្រុងបាងកក ជាមួយនឹងតម្លៃលក់ក្រោម៥០,០០០ បាត ក្នុងមួយម៉ែត្រការ៉េ។

ទោះជាយ៉ាងណាក៏ដោយ ការបិទការដ្ឋានសាងសង់ និងការហាមឃាត់ការដឹកជញ្ជូនកម្មករ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានរំខានដល់ការសាងសង់ ដែលមានន័យថា អ្នកអភិវឌ្ឍន៍ខុនដូមិនបានបំពេ​ញតាមកាលកំណត់ប្រគល់ជូនអតិថិជនរបស់ខ្លួន។

លោកColliers បាននិយាយថា ការធ្លាក់ចុះនៃតម្រូវការបរទេស និងការផ្គត់ផ្គង់ ដែលនៅសេសសល់ ក៏បានជំរុញការអភិវឌ្ឍន៍ខុនដូថ្មីនៅទីក្រុងបាងកកកាលពីឆ្នាំមុនផងដែរ៕

ថ្នាក់ដឹកនាំស្ថាប័នចំនួនបីចុះពិនិត្យវឌ្ឍនភាពទីក្រុងកោះនរាដើម្បីសហការលក់ដី

ដោយៈ គង់ សូរិយា

 ភ្នំពេញៈ សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ ដឹកនាំដោយលោកប៊ី សុក្រ​បណ្ឌិត អគ្គនាយកក្រុមហ៊ុន LSCG និងអគ្គនាយកគេហទំព័រ Propertyarea.asia បានចុះសិក្សាពីដំណើរការអភិវឌ្ឍន៍ ទីក្រុងកោះនរា ដើម្បីសហការក្នុងការលក់ដីធ្លីលើទីក្រុងរណបនេះ។

ទីក្រុងរណបកោះនរាទំហំ១២៥ហិកតា បាននិងកំពុងជិតបញ្ចប់់ការចាក់ខ្សាច់បំពេញ១០០ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈក្រុមហ៊ុនជាច្រើនបានទិញដីលើគំរោងនេះ និងគ្រោងសាងសង់លំនៅដ្ឋាន មជ្ឈ​មណ្ឌលពាណិជ្ជកម្មរបស់ខ្លួននាពេលឆាប់ៗនេះ។

រីនាយកផ្នែកលក់នៃគំរោងទីក្រុងរណបកោះនរា អ្នកស្រីវី ណាវីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ កុម្ភៈនេះថា ទីក្រុងរណបកោះនរាបាននិងកំពុងវិវត្តន៍ទៅមុខយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះការស្ថាបនាស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ការចាក់ខ្សាច់និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត កំពូងសម្រេចបានតាមផែនការ។

អ្នកនាងបន្តថា “បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងផ្តល់សិទ្ឋមួយចំនួនដល់ក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិ ដើម្បីសហការលក់ដីនៅទីក្រុងរណបថ្មីនេះ”។

ក្នុងដំណើរទស្សនកិច្ចចុះសិក្សា ស្វែងយល់ពីទីក្រុងរណបកោះនរា លោកប៊ី សុខបណ្ឌិតបានចាប់អារម្មណ៍ ក្នុងការសហការលក់គំរោងនេះ និង មានផែនការអភិវឌ្ឍន៍គំរោងណាមួយ នៅទីក្រុងកោះនរានាពេលខាងមុខនេះ ព្រោះគំរោងនេះមានទីតាំងដ៏ល្អ ជាប់ជាមួយដងទន្លេមេគង្គ និងទន្លេបីផ្សេងទៀត ដែលអំណៅយផលដល់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយ​បរិយាកាសយ៉ាងមនោរម្យ។

ចំណែកលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុ​ន LSCG បានមានប្រ​សា​សន៍ឲ្យដឹងផងដែរថា ទីក្រុងកោះនរា ដែលអភភិវឌ្ឈន៍ដោយក្រុមហ៊ុន OCIC បាននិងកំពុងទាក់ទាញ ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ ដែលបានមើលឃើញឱកាសទទួលបានផលចំណេញពីដីធ្លី ក៏ដូចជារៀបចំផែនការអភិវឌ្ឍន៍នាពេលអនាគត។

ជាមួយគ្នានេះ លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាម   រយៈការតាមដានដំណើរវិវត្តន៍ និងផ្សព្វផ្សាយព៌តមានឈានមុខគេលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច ទាំងគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន យើងបាននិងកំពុងមើលឃើញពីសក្តានុពល ដែលអ្នកវិនិយោគអាច​រកបានផលចំណេញលឿន ពីការវិនិយោគដីធ្លី និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។

លោកបន្តថា “គេហទំព័រ Propertyarea.asia កន្លងមក បានផ្សព្វផ្សា​យពីវឌ្ឍនភាព គំរោងរបស់ក្រុមហ៊ុន OCIC ជាច្រើន ដែលក្រុមហ៊ុននេះបានរួមចំណែកក្នុងការអភិវឌ្ឍន៍៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលយ៉ាងសក​ម្ម”៕

មន្ត្រីរដ្ឋាភិបាលជំរុញឱ្យវិនិយោគិនបន្តដាក់ទុនវិនិយោគលើសំណង់និងអចលនទ្រព្យ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ វិស័យសំណង់និងអចលនទ្រព្យកម្ពុជាបាននិងកំពុងចូលរួមយ៉ាងធំដល់សេដ្ឋកិច្ច ហើយក្នុងពេលដែលកម្ពុជាបានជួបប្រទះនឹងវិបត្តិយ៉ាងណាក្ដីក៏វិស័យសំណង់និងអចលនទ្រព្យនៅតែបន្តដំណើរការទៅមុខដោយរលូន។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានជំរុញឱ្យវិនិយោគិនបន្តដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីចូលរួមកាន់តែធំក្នុងសេដ្ឋកិច្ចជាតិ។

លោក ផាន់ ផល្លា រដ្ឋាលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងវេទិកាសេដ្ឋកិច្ចកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្នុងឆ្នាំ២០២១កន្លងទៅ ឥណទានបុគ្គលបានកើនឡើងខ្ពស់ ដែលបានជួយដល់វិស័យលក់រាយ និងវិស័យអចលនទ្រព្យនិងសំណង់ ដោយបុគ្គលមួយចំនួនបានយកឥណទានមកប្រើប្រាស់ក្នុងការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យវិស័យនេះកាន់តែមានទំនុកចិត្តដល់ការអភិវឌ្ឍរបស់វិនិយោគិន។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថាវិស័យសំណង់ និងអចលនទ្រព្យគឺជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ ដូច្នេះវិស័យដែលជួយដល់សេដ្ឋកិច្ចយើងគួរតែថែរក្សានិងចូលរួមអភិវឌ្ឍន៍បន្តទៀត។

លោកថា ”រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដល់វិស័យនេះដែរ ដោយយើងមានវិធានការជាច្រើនសម្រាប់ទ្រទ្រង់ ដល់ការរីកចម្រើននៃវិស័យនេះ និងការទប់ស្កាត់នូវបញ្ហាជាច្រើនដែលនឹងបង្កពីវិស័យអចលនទ្រព្យ”។

លោកបន្តថា មិនមែនតែប្រទេសកម្ពុជាទេ ដែលវិស័យអចលនទ្រព្យគឺជាជន្ទល់ដ៏សំខាន់ក្នុងសេដ្ឋកិច្ច តែមានប្រទេសជាច្រើនទៀត វិស័យអចលនទ្រព្យបានចូលរួមនិងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចរបស់គេដូចជាថៃ ហុងកុង និងប្រទេសក្នុងតំបន់ជាច្រើន។ ដោយឡែកកម្ពុជាបានធ្វើកំណែទម្រង់មួយចំនួនទៅលើវិស័យអចលនទ្រព្យ ដីធ្លីនៅកម្ពុជាដូចជាអត្រានៃការយកពន្ធអាករដីធ្លីមិនប្រើប្រាស់ និងពន្ធមួយចំនួនទៀតផងដែរ។

ក្នុងឆ្នាំ២០២១ វិស័យសំណង់់ស្រូបទាញបានទុនវិនិយោគប្រមាណ៥,៣៣ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងវិនិយោគសរុបប្រមាណ៤.៣០៣គម្រោង ធៀបនឹងឆ្នាំ២០២០មានការថមថយតិច តែសម្រាប់តួលេខក៏ឃើញថាមានភាពល្អប្រសើរ ក្នុងពេលឆ្នាំ២០២១មានការបិទខ្ទប់តំបន់មួយចំនួន៕