ក្រុមហ៊ុនដ៏ធំរបស់ថៃ Central Retail គ្រោងបោះទុនវិនិយោគច្រើនពាន់លានដុល្លារអាមេរិកដើម្បីពង្រីកអាជីវកម្ម

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនលក់រាយដ៏ធំរបស់ថៃ Central Retail Corporation Plc (CRC) បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ កុម្ភៈ ថា ខ្លួនគ្រោងនឹងបោះទុន វិនិយោគ ៣,០៤០លានដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ដើម្បីពង្រីកអាជីវកម្មលក់រាយរបស់ខ្លួន។

ក្រុមហ៊ុននេះក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា ខ្លួនមានបំណ​ងបង្កើនប្រាក់ចំណូល និងមូលធនប័ត្រទីផ្សារ (Market Capitalization) ឱ្យបាន ២,៥ដងក្នុងរយៈពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារម្សិលម៉ិញនេះ។

លោក Yol Phokasub យកប្រតិបត្តិក្រុមហ៊ុននេះលើកឡើងថា យុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុនរួមមានទាំងការពង្រីក Platform ទិញទំនិញតាមអនឡាញរបស់ខ្លួនផងដែរ ដើម្បីជំរុញខ្សែសង្វាក់ចំណីអាហារ សម្លៀកបំពាក់ និងអាជីវកម្មផ្សេងៗទៀតរបស់ខ្លួន។

លោកបានបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានតាមអនឡាញថា មួយភាគធំនៃការវិនិយោគនេះ នឹងត្រូវបានប្រើសម្រាប់ការពង្រីក និងជួសជុលកែលម្អហាង ហើយដល់ប៉ុន្មានទុកចំណាយទៅលើបច្ចេកវិទ្យា។

ក្នុងរយៈពេល៩ខែដល់ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុននេះទទួលបានប្រាក់ចំណូល១២៦,៨ពាន់លានបាត (៤,១៦០លានដុល្លារអាមេរិក) ព្រមទាំងចំណូល មិនទាន់កាត់ពន្ធ១២ពាន់លានបាត (៣៦៥លានដុល្លារអាមេរិក) ផងដែរ។

ប្រមាណ៧២ភាគរយ នៃប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ រកបាននៅក្នុងប្រទេសថៃ ហើយសល់ប៉ុន្មានរកបាននៅវៀតណាម និងប្រទេសអ៊ីតាលី។

កាលពីខែធ្នូ ចុងឆ្នាំ២០២១ Central Group ដែលជាក្រុមហ៊ុនមេរបស់ Central Retail និងដែលគ្រប់គ្រងដោយគ្រួសារមហាសេដ្ឋី Chirathivat បានទិញយកហាងលក់ទំនិញប្រណីត Selfridges របស់អង់គ្លេស ជាមួយក្រុមហ៊ុនអចលនទ្រព្យអូទ្រីស Signa Group ក្នុងតម្លៃ៥ពាន់លានដុល្លារអាមេរិក។

*តើអ្វីទៅជាមូលធនប័ត្រទីផ្សារ (Market Capitalization)?
មូលធនប័ត្រទីផ្សារ សំដៅទៅលើតម្លៃទីផ្សារ ជាទឹកប្រាក់សរុបជាដុល្លារ នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុនមួយ។ វាត្រូវបានគណនាដោយយកចំនួនភាគហ៊ុនសរុបរបស់ក្រុមហ៊ុនមួយ គុណនឹងតម្លៃភាគហ៊ុននៃទីផ្សារបច្ចុប្បន្ន។
ឧទាហរណ៍ ក្រុមហ៊ុនមួយមាន១០លានភាគហ៊ុន ហើយលក់ភាគហ៊ុនមួយក្នុងតម្លៃ១០០ដុល្លារក្នុងមួយហ៊ុន នោះមូលធនប័ត្រទីផ្សារនៃក្រុមហ៊ុននោះគឺ១ពាន់លានដុល្លារ៕ Bangkok Post៕

ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយប្រកាសបើកលក់ហ្រ្វេនឆាយរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក Lux Realty បានបើកដំណើរការអាជីវកម្ម Franchise ដំបូងរបស់ខ្លួន នៅក្នុងទីក្រុងឆ្នេរសមុទ្រព្រះសីហនុ ជាមួយនឹងការពង្រីកតំបន់បន្ថែមទៀត ដែលជាគន្លឹះនៃផែនការកំណើនរបស់ក្រុមហ៊ុន។

ក្រុមហ៊ុន Lux Realty ត្រូវបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២១ ដោយលោក Crispin Kirby ដែលបានចាប់ផ្តើមអាជីពអចលនទ្រព្យនៅកម្ពុជានៅ South East Asian Property Services (SEAPS)។ បន្ទាប់មកគាត់ បានក្លាយជានាយកប្រតិបត្តិផ្នែកលក់នៅ LZ Seaview Residences ក្នុងក្រុងព្រះសីហនុ ដែលជាការអភិវឌ្ឍន៍ដ៏ជោគជ័យមួយនៅក្នុងទីក្រុងជាប់មាត់សមុទ្រ ដែលមានការរីកចម្រើនយ៉ាងលឿននេះ។

យោងតាមក្រុមហ៊ុន Lux Realty ក្រុមហ៊ុនសម្រេចបានការលក់ជិត ៤លានដុល្លារ ចាប់តាំងពីការបង្កើតរបស់ខ្លួន។

លោក Kirby បានប្រាប់មានប្រសាសន៍ឱ្យដឹងថា លទ្ធផលនេះសម្រេ​ចបាន ដោយការផ្តោតលើការអភិវឌ្ឍន៍ថ្មីៗ ជាញឹកញាប់លើទីតាំងមិនសូវពេញនិយម និងជៀសវាងទីផ្សារជួលដែលមិនសូវចំណេញច្រើន។

ក្រុមហ៊ុន Lux បានចុះហត្ថលេខាលក់ហ្រ្វេនឆាយរបស់ខ្លួន នៅឆ្នាំនេះ ដែលមានតម្លៃ៥ម៉ឺនដុល្លារអាមេរិក ដោយផ្តល់ជូននូវភាពផ្តាច់មុខក្នុងតំបន់ក្នុងខេត្តព្រះសីហនុ ការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ ការចូលទៅកាន់ CRM របស់ក្រុមហ៊ុន និងការចូលទៅកាន់បណ្តាញអតិថិជនដ៏ធំរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ផ្សេងទៀត។

លោក Kirby មានប្រសាសន៍ថា “ខណៈពេលកូវីដ១៩ បានរីករាលដាលខ្លាំង ធ្វើឱ្យមានផលប៉ះពាល់ដ៏អាក្រក់ មកលើសេដ្ឋកិច្ចកម្ពុជា តាមទស្សនវិស័យអចលនទ្រព្យ វាក៏បានបង្កើតទីផ្សារ អ្នកទិញមួយឱ្យកើតឡើងផងដែរ”។

លោក Kirby បានបន្ថែមថា “បច្ចុប្បន្នយើងជោគជ័យលើការិយា​ល័យចំនួនពីរ ក្រោមការដឹកនាំនិងគ្រប់គ្រងដ៏ល្អ ប៉ុន្តែការស្វែងរកបុគ្គលិកល្អដែលអាចទុកចិត្តបានគឺពិបាកណាស់”។ លោកបន្តថា “នេះបាននាំឱ្យយើងដើរលើផ្លូវនៃសិទ្ធិអាជីវកម្ម។ ខ្ញុំជឿថា សម្រាប់អ្នកដែលមានថវិកាផ្ទាល់ខ្លួននិងចាប់អារម្មណ៍វិនិយោគលើវិស័យនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជាផ្នែកមួយ ធ្វើឱ្យក្រុមហ៊ុនរីកចម្រើនលឿនជាងមុនផងដែរ”។

ក្រុមហ៊ុននឹងកំពុងស្វែងរកដៃគូ សហការក្នុងប្រទេសកម្ពុជា ហើយមានដៃគូសហការរួចហើយ នៅប្រទេសថៃហើយ គ្រោងពង្រីកទៅកាន់ទីផ្សារសក្តានុពលផ្សេងទៀតនៅក្នុងតំបន់។

កន្លងមក គំរូអាជីវកម្ម Franchise ក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជាបាន និងកំពុងពង្រីកដោយក្រុមហ៊ុន Franchiseល្បីៗមួយចំនួនរួមមាន Century 21 Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុន Century 21 Real Estate LLC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និង Keller Williams Realty Inc (KW) ជាដើម។ នេះជាការបន្ថែមទៅលើសាខានៃក្រុមហ៊ុនសេវាកម្មអចលនទ្រព្យសកល និងក្រុមហ៊ុនវិនិយោគ CBRE Group Inc និង Knight Frank LLP នៅកម្ពុជា៕

China-funded Indonesian rail link may take 40 years to become profitable

A consortium building a Chinese-funded high-speed rail link in Indonesia expects it will now take 40 years for its investment to become profitable, twice as long as initial estimates, due to plans to relocate the country’s capital city, an executive said.

The Belt and Road Initiative project also faces a cost overrun of about US$2 billion, bumping up estimated costs to 113 trillion rupiah (US$7.84 billion), Dwiyana Slamet Riyadi, president director of PT KCIC, told a parliamentary hearing on Monday.

PT KCIC is a consortium of Chinese and Indonesian companies building the 142km (88-mile) railway line connecting the capital Jakarta to the city of Bandung in West Java.

Because of the plan to move the capital from Jakarta to Borneo island in 2024, trains connecting the cities are expected to carry 31,215 passengers per day, down from a previous estimate of 61,157 passengers per day, Riyadi said.

“Looking at the investment value, number of passengers and ticket prices, it’s very difficult to follow the earlier feasibility study where the assumption of a return on investment will occur within 20 years,” Riyadi said, noting a break-even point would be reached in 40 years with proposed ticket prices ranging from 150,000 to 350,000 rupiah.

Source: South China Morning Post

ការកែប្រែរចនាបទសំណង់លំនៅឋានជាការបន្តទាក់ទាញអតិថិជនក្នុងការទិញផ្ទះ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សំណង់លំនៅឋានត្រូវបានមើលឃើញថា មានការកែប្រែរូបរាង និងរចនាបថជាថ្មីៗជាបន្តបន្ទា​ប់ជាបន្តបន្ទាប់ ដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន មួយចំនួនបានជួលស្ថាបត្យករវិស្វករល្បីៗ មករចនានូវរូបរាងផ្ទះបែបថ្មី ដើម្បីជាការទាក់ទាញដល់អ្នកទិញ។

កញ្ញាគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានមានប្រសាសន៍ថា អ្នកអភិវឌ្ឍន៍ដែលមានការច្នៃប្រឌិតថ្មីសម្រាប់លំនៅឋាន នៅតែទទួលបានការគាំទ្រ ពីអ្នកមានតម្រូវការលំនៅឋាន ដូច្នេះហើយក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានប្រជែងគ្នាក្នុងការរចនាម៉ូដផ្ទះដើម្បីលក់ជូនអតិថិជន។

ដោយឡែកយើងឃើញថា គម្រោងផ្ទះ ដែលមិនមានការកែប្រែឬទាក់ទាញក៏មិនសូវមានការគាំទ្រដែរ។ ក្នុងន័យនោះមិនមែនមានន័យថា អត់មានទិញសោះនោះទេ គឺអ្នកទិញនៅតែទិញ គ្រាន់តែមិនសូវមានច្រើនប៉ុណ្ណោះ ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance Realty បានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋកម្ពុជាកាន់តែមានកំណើននៃប្រាក់ចំណូល ហើយការរស់របស់ពួកគាត់ ក៏កាន់តែមានភាពទំនើបជាបន្តបន្ទាប់ ទៅតាមបរិបទនៃសម័យថ្មី ដូច្នេះហើយអ្នកអភិវឌ្ឍន៍លំនៅឋាន ក៏បានផ្លាស់ប្តូរ និងកែប្រែនូវសំណង់របស់ខ្លួនទៅរកភាពទំនើបកម្មដែរ។

លោកបន្តថា ពេលខ្លះយើងបានមើលឃើញនៅនឹងភ្នែកផ្ទាល់ លំនៅឋានក្នុងទីតាំងតែមួយ តម្លៃដូចគ្នា គ្រាន់តែគម្រោងមួយបានផ្លាស់ប្តូរម៉ូដផ្ទះ ធ្វើឱ្យអតិថិជនទៅទិញ ផ្ទះនៅក្នុងគម្រោងយ៉ាងច្រើន ហើយគម្រោងដែលមានម៉ូដផ្ទះចាស់ដដែលៗ មិនសូវមានការចាប់អារម្មណ៍ ពីអ្នកទិញនោះទេ ដូច្នេះហើយទើបមួយរយៈនេះ ម្ចាស់អភិវឌ្ឍលំនៅឋានក្នុងប្រទេសកម្ពុជាបានជួលស្ថាបត្យករថ្មីៗ និងចំណាយខ្ពស់ដើម្បីរចនាម៉ូដផ្ទះ ដែលទំនើបថ្មីប្លែកដើម្បីទាក់ទាញ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទិញដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ដែលបាននិងកំពុវិនិយោគបុរីវិមានសំណាង ស្ថិតលើផ្ទៃដីទំហំ ២៥ហិកតា នៅលើមហាវិថីឈ្នះ ឈ្នះបាននិងកំពុងវិនិយោគវីឡាដ៏ប្រណីត ដែលមានតម្លៃរហូតដល់៥លានដុល្លារអាមេរិក។

លោកឧកញ៉ាបានបន្តថា “អ្នកមានលទ្ឋភាពទិញ Royal Villa នៅកម្ពុជាមានចំនួនច្រើន ប៉ុន្តែមានអ្នកក្លាហានទិញ លំនៅដ្ឋានបែបនេះមានមិនច្រើនទេ”។លោកបន្តថា “អ្នកមានលុយច្រើន មិនគួរទុកលុយទេ ពួកគេគួរទិញផ្ទះតាមក្តីស្រម៉ៃ និងការស្រលាញ់របស់ពួកគេ”៕

អាកាសយានដ្ឋានថ្មីៗចំនូនពីរបន្តពន្យាពេលសិក្សា និងបើកដំណើរការ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានថ្លែងថា ការអភិវឌ្ឈន៍អាកាសយានដ្ឋាននៅកម្ពុជា មិនទាន់មានភាពរីកចម្រើនខ្លាំងនោះទេ ដោយសារភាពមិនប្រាកដប្រជានៃជំងឺកូវីដ១៩។

លោកស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី៨ កុម្ភៈកន្លងមកថា ដោយសារភាពមិនប្រាកដប្រជា នៃវិបត្តិជំ ងឺ​កូវីដ១៩នេះ អ្នកវិនិយោគគំរោងមួយចំនួនសុំពន្យាពេល ដោយពួកគេនឹងគិតគូរឡើងវិញ ក្រោយពេលស្ថានភាពមានភាពល្អប្រសើរ ពិសេសព្រលានយន្តហោះតារាសាគរ ខេត្តកោះកុងនឹងត្រូវពន្យាពេលដល់ខែកក្កដាខាងមុខ ខណៈគំរោងព្រលានយន្តហោះខេត្តមណ្ឌលគិរី ក៏បានផ្អាកការសិក្សាផងដែរ។

លោកបន្តថា “ដោយសារមានការឆ្លងជំងឺកូវីដទ្រង់ទ្រាយធំ នៅព្រលានតារាសាគរ ធ្វើឲ្យក្រុមហ៊ុនចិនស្នើសុំពន្យា ពេលបើកដំណើរការព្រលាន​នេះ រហូតដល់ខែកក្កដាខាងមុខ”។

ទោះជាយ៉ាងណាការដឹកជញ្ជូនទំនិញ កាលពីឆ្នាំ២០២១ ធៀបនឹងឆ្នាំ២០២០សម្រេចបានកំនើន២៨ភាគរយ ដោយទំហំទំនិញកើនឡើងដល់​៥៥ពាន់តោន ប៉ុន្តែទោះជាយ៉ាងណាចំនួនអ្នកដំណើរ បានដកក្នុងរង្វង់៨០ភាគរយ បើធៀបឆ្នាំ២០២១ និងឆ្នាំ២០២០។

យ៉ាងណាក៏ដោយ លទ្ឋផលនៅឆ្នាំ២០២២នេះ ទំនងជាមានភាពប្រ​សើ​​រឡើងវិញនូវការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ពិសេសភ្ញៀវទេស​ចរណ៍អន្តរជាតិ នឹងមកទស្សនាកម្ពុជាកើនឡើងវិញ ប៉ុន្តែស្ថិតក្នុងកម្រិតនៅឡើយ បើទោះជាកម្ពុជាបើកចំហ និងមិនឲ្យអ្នកដំណើរធ្វើចត្តាឡីស័កក្តី ប៉ុន្តែប្រទេសជិតខាងកម្ពុជា និងបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប អាមេរិកនៅតែមានភាពចលាចល នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ រាប់ម៉ឺននាក់ជារៀងរាល់ថ្ងៃ៕

គម្រោងផ្លូវដែកឥណ្ឌូនេស៊ី ដែលទទួលបានហិរញ្ញប្បទានពីចិននឹងត្រូវចំណាយពេល៤០ឆ្នាំទើបបានផលចំណេញ

ដោយៈសុខុម

ហ្សាការតា: នាយកប្រតិបត្តិមួយរូបទម្លាយឱ្យដឹងថា សម្ព័ន្ធក្រុមហ៊ុនដែលកំពុងស្ថាបនា គម្រោងផ្លូវដែកល្បឿនលឿនមួយខ្សែ នៅឥណ្ឌូនេស៊ី ដែលទទួលបានហិរញ្ញប្បទានពីប្រទេសចិន នឹងត្រូវចាយពេលវែងរហូតដល់ទៅ៤០ឆ្នាំ ទម្រាំបានចំណេញពីការវិនិយោគរបស់ខ្លួន។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃអង្គារទី៨ កុម្ភៈ ឱ្យដឹងថា រយៈពេលរំពឹងទទួលបានប្រាក់ចំណេញនេះគឺវែងជាងទ្វេដង បើធៀបនឹងការប៉ាន់ស្មានដំបូង ដោយសារតែផែនការផ្លាស់ប្តូររដ្ឋធានី នៃប្រទេសនេះទៅកាន់កន្លែងផ្សេង។

លោក Dwiyana Slamet Riyadi ប្រធានសម្ព័ន្ធក្រុមហ៊ុន PT KCIC បានលើកឡើងក្នុងសវនាការសភា កាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ថា គម្រោងផ្លូវដែក ដែលស្ថិតក្រោមគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (Belt and Road Initiative) របស់មហាយក្សចិន នេះក៏ប្រឈមនឹងការចំណាយលើសផែនការគ្រោងទុក រហូតដល់ទៅប្រមាណ២ពាន់លានអាមេរិកផងដែរ ដោយធ្វើឱ្យការចំណាយសរុប ក្នុងគម្រោងនេះកើនឡើងរហូតដល់៧,៨៤ពាន់លានដុល្លារ។

សម្ព័ន្ធក្រុមហ៊ុន PT KCIC ត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន និងក្រុមហ៊ុនមួយចំនួនទៀតរបស់ឥណ្ឌូនេស៊ី ដើម្បីទទួលការងារស្ថាបនា ផ្លូវដែកប្រវែង១៤២គីឡូម៉ែត្រ ដែលតភ្ជាប់ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុងបានឌុង (Bandung) ក្នុងខេត្តជ្វាខាងលិច (West Java)។

លោក Dwiyana Slamet Riyadi បានបញ្ជាក់ថា ដោយសារផែនការផ្លាស់រដ្ឋធានីពីហ្សាកាតា ទៅកាន់កោះប័រណេអូ (Borneo) នៅឆ្នាំ២០២៤ រថភ្លើងដែលតភ្ជាប់ទីក្រុងនានាត្រូវបានរំពឹងថា នឹងទទួលបានចំនួនអ្នកដំណើចំនួនរ៣១.២១៥នាក់ក្នុងមួយថ្ងៃ ដោយធ្លាក់ចុះពីការប៉ាន់ប្រមាណពីមុនថា នឹងទទួលបានចំនួនអ្នកដំណើរ៦១.១៥៧នាក់ក្នុងមួយថ្ងៃ។

លោកបញ្ជាក់ថា ការសិក្សាពីមុនបង្ហាញថា គម្រោងនេះនឹងផ្ដល់ប្រាក់ចំណេញ ក្នុងរយៈពេល២០ឆ្នាំ ប៉ុន្តែដោយសារស្ថានភាពប្រែប្រួល វាអាចនឹងចាយពេលរហូតដល់ទៅ៤០ឆ្នាំ ទម្រាំទទួលបានប្រាក់ចំណេញ។

នាយករូបនេះ បានបកស្រាយប្រាប់ក្រុមសមាជិកសភាថា សម្ព័ន្ធក្រុមហ៊ុន PT KCIC ត្រូវចំណាយកាន់តែច្រើន សម្រាប់ការឈូសឆាយដីបន្ថែមទៀត ខណៈថ្លៃឈ្នូលកម្លាំងពលកម្ម និងសម្ភារៈសំណង់សុទ្ធតែឡើងថ្លៃ។

យោងតាមទិន្នន័យរបស់សម្ព័ន្ធក្រុមហ៊ុន PT KCIC បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ការងារស្ថាបនាផ្លូវដែកនេះ សម្រេចបាន៧៩,៩%ហើយ។ ផ្នែកខ្លះនៃផ្លូវដែកនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងនៅត្រឹមដំណាច់ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់គម្រោងនេះ ជាស្ថាពរនៅត្រឹមខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនរដ្ឋមួយចំនួនរបស់ឥណ្ឌូនេស៊ី រួមទាំងក្រុមហ៊ុន Wijaya Karya និងក្រុមហ៊ុន PT KAI ផងគ្រប់គ្រងភាគហ៊ុន៦០% នៃសម្ព័ន្ធក្រុមហ៊ុន PT KCIC ចំណែកឯក្រុមហ៊ុនចិន China Railway Engineering Corporation និងក្រុមហ៊ុនចិន មួយចំនួនទៀតកាន់កាប់ភាគហ៊ុន៤០%។

គម្រោងដែលទទួលបានហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឍន៍ចិន (China Development Bank) នេះត្រូវបានប្រគល់ឱ្យសម្ព័ន្ធក្រុមហ៊ុន PT KCIC ក្នុងឆ្នាំ២០១៥ ហើយបានចាប់ផ្ដើមការងារស្ថាបនា ក្នុងឆ្នាំ២០១៨ ប៉ុន្តែបានប្រឈមនឹងការពន្យារពេល ដោយសារជម្លោះកម្មសិទ្ធិដីធ្លី ព្រមទាំងមានការចោទសួរ ទាក់ទងនឹងផលចំណេញផ្នែកសេដ្ឋកិច្ច និងផលប៉ះពាល់បរិស្ថាន ដែលបង្កឡើងដោយគម្រោងនេះផងដែរ។

ការងារស្ថាបនានេះ ក៏មានការយឺតយាវ ដោយសារកង្វះកម្លាំងពលកម្មផងដែរ អំឡុងពេលផ្ទុះការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ប៉ុន្មានខែដំបូង៕ South China Morning Post៕

គំរោងមជ្ឈមណ្ឌលកំសាន្តតម្លៃ៥០០លានដុល្លារនៅខេត្តកំពង់ស្ពឺប្រមូលទិញដីបានរួចហើយ

ដោយៈជេស៊ីកា

កំពង់ស្ពឺៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានថ្លែងថា ក្រុមហ៊ុនអន្តរជាតិធំៗចំនួន២ ដែលគ្រោងបោះទុន៥០០លានដុល្លារសាងសង់មជ្ឈមណ្ឌលកំសាន្តលំដាប់អន្តរជាតិ នៅខេត្តនេះបានប្រមូលទិញដីបានរួចរាល់ហើយ។

លោកអភិបាលខេត្តបានមានប្រសាសន៍៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា គំរោងនេះនៅតែដំណើរការ មិនបានផ្អាកសកម្មភាពនោះទេ ដោយក្រុមហ៊ុនកំពុងរត់ការស្នើសុំអាជ្ញាប័ណ្ណ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលត្រូវការពេលវេលា និងនិតិវិធីការងារច្រើន និងចំណាយពេលយូរ។

លោកបន្តថា “ភាគីក្រុមហ៊ុនបានជម្រាបមកខ្ញុំរួចហើយ ពួកគេនៅតែបន្តគម្រោងនេះ ដែលវានឹងក្លាយជាមជ្ឈមណ្ឌលកំសាន្ត លំដាប់ទី១នៅកម្ពុជា និងស្របតាមស្តង់ដាអន្តរជាតិ”។ លោកបន្តថា “ក្រុមហ៊ុនកំពុងធ្វើការតាមនិតិវិធី ប៉ុន្តែការចាប់ផ្តើមការដ្ឋានសាងសង់ មិនទាន់បានដំណើរការនៅឡើយទេ”។

គម្រោងវិនិយោគ នេះនឹងអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ២០៥ហិកតា នៅស្រុកភ្នំស្រួច និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលជាការវិនិយោគរួមទុនចម្រុះជាតិសាសន៍មកពី ៣ប្រទេសរួមមាន ចិន ស្វីស និងសិង្ហបុរី ក្រោមឈ្មោះក្រុមហ៊ុន ចូហ្គ្រេន អ៊ិនវេសម៉ិន ឯ.ក (JOE GRAND ECOINVESTMENT Co.LTD)។

គម្រោងវិនិយោគតំបន់ទេសចរណ៍សួនទឹកដ៏ធំ ពុំធ្លាប់មាននៅកម្ពុជានេះ នឹងមានដូចជាមជ្ឈមណ្ឌលកម្សាន្តសួនទឹក សួនកសិកម្មទេសចរណ៍ សួនកុមារ សួនសត្វ ផ្ទះលំហែ រមណីយដ្ឋាន និងសណ្ឋាគារជាដើម។
លោកវ៉ី សំណាងបានបន្តថា ក្នុងដំណាក់កាលដំបូង ក្រុមហ៊ុននឹងចំណាយទឹកប្រាក់ចំនួន២០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំជាង១០០ហិកតា។ មកទល់ពេលនេះ គម្រោងវិនិយោគដ៏ធំនេះ យើងបានពិនិត្យ និងវាយតម្លៃរួចហើយ៕

អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុៈ មានបញ្ហាប្រឈម ប៉ុន្តែអ្នកអភិវឌ្ឍន៍៍ត្រូវតែរត់រកច្បាប់

ដោយៈជេស៊ីកា

ភ្នំពេញៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំលោកជូ វណ្ណៈបានមានប្រសាសន៍ថា ដំំណើរការនៃការរៀបចំឲ្យម្ចាស់អាជីវកម្មអចលនវត្ថុ មកសុំអាជ្ញាប័ណ្ណជារឿងលំបាកមួយ ប៉ុន្តែនៅទីបំផុតពួកគាត់នឹងរត់រកច្បាប់។

លោកបានមានប្រសាសន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសេចក្តីប្រ​កា​សចំនួនពីរ ជាមួយសមាជិក សមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជានាព្រឹកថ្ងៃទី៨ កុម្ភៈកន្លងមកថា ការងារច្បាប់សាងសង់ និងបច្ចេកទេសមួយចំនួនទៀត ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែការងារធ្វើអាជីវកម្មលើអចលនវត្ថុ ត្រូវស្ថិតក្រោមយុត្តាធិកាឬសមត្ថកិច្ចរបស់និយ័តករ។

លោកជូ វណ្ណៈបានបន្តថា “ហេតុនេះនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវធ្វើការលើដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រមូលពន្ឋជូនរដ្ឋាភិបាល តាមរយៈស្ថាប័ននេះ ដែលស្ថិតក្រោមសេនាធិការរបស់ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ”។

លោកបន្តទៀតថា ហេតុនេះអ្នកអភិវឌ្ឍន៍អចលនវត្ថុទាំងអស់ ត្រូវមកសុំច្បាប់ ធ្វើអាជីវកម្មអភិវឌ្ឈន៍អចលនវត្ថុរបស់ខ្លួន ពីនិយ័តករអាជីវកម្មអច​លនវត្ថុ និងបញ្ចាំ ដើម្បីធ្វើឲ្យគំរោងរបស់ខ្លួនមានភាពស្របច្បាប់ មិនប្រឈ​មការផាកពិន័័យ និងទោសទ័ណ្ឌ។

ជាមួយគ្នានេះ លោកអ៉ិន មាត្រាអគ្គនាយករងនិយ័តករអាជីវកម្មអច​ល​នវត្ថុ និងបញ្ចាំបានមានប្រសាសន៍ឲ្យដឹងផងដែរថា មន្រ្តីរបស់យើងជាអ្នកជួយសម្របសម្រួល លើការចុះបញ្ជីរលើការធ្វើអាជីវកម្មអចលនវត្ថុ ជូនអ្នកអភិវឌ្ឈន៍៍នានា ប៉ុន្តែក្នុងករណីម្ចាស់គំរោងខ្លះមិនអនុវត្តន៍ ឬមិនមកស្នើសុំធ្វើអាជីវកម្ម ពួកគេនឹងត្រូវធ្វើលិខិតអញ្ជើញ និងផ្សព្វផ្សាយជាសាធារណៈលើបណ្តាញសារព៌តមាននានា។

លោកបន្តលើកជាសំណួរថា “តើអ្នកអភិវឌ្ឍន៍នានា ត្រូវធ្វើការជាមួយមន្រ្តីនិយ័តករ ឬត្រូវឡើងតុលាការ?៕

សម្តេចតេជោនឹងធ្វើជាសហប្រធានប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្នុងអំឡុងទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញកាលពីល្ងាចថ្ងៃទី៨ កុម្ភៈកន្លងមកថា ក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចតេជោ នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយលោកស្រីបណ្ឌិតហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោកបាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

តាមការប្រកាសដដែលបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម ក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែននៅក្នុងដំណើរទស្សនកិច្ច រួមមាន លោកសួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេ​ស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀតផងដែរ ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយ លោកមូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោកបាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលសាវនាការពីសំណាក់ ឥស្សរជននយោ​បាយ និងធុរជនផ្សេងទៀតផងដែរ។

នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

រដ្ឋាភិបាលត្រូវការប្រាក់ជាង១១១លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គម្រោងស្ពានឆ្លងរវាងខេត្តក្រចេះ ភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវប្រើប្រាស់ថវិកាសរុបចំនួន១១១,៩៨លានដុល្លារ ដោយត្រូវប្រើរយៈពេលសាងសង់៤២ខែ។

លោកវ៉ាស៊ីម សុរិយា មន្រ្តីអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេស និងចចារតម្លៃគម្រោងសាងសង់ស្ពានមេគង្គក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ជាមួយក្រុមហ៊ុន Shanhai Co.,Ltd និងក្រុមហ៊ុនកុងស៊ុលតង់Guangzhou Wanan Construction Supervision Co.,Ltd ដោយមានសមាសភាពចូលរួមដទៃផ្សេងទៀត បានបង្ហាញឲ្យដឹងថា គម្រោងស្ពាននេះ មានប្រវែងសរុប១៧៦១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ។

ស្ពាននេះតភ្ជាប់ក្បាលស្ពានទាំងសងខាង និងផ្លូវខ្នែងមានប្រវែងសរុប ៣១,៦៩៨គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទី​ម៉ែត្រ ទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ប្រវែង៥,០២៥គីឡូម៉ែត្រ កម្រាស់AC ៧សង់ទីម៉ែត្រ ទទឹង១៣ម៉ែត្រ លើតួផ្លូវ១៩,៥០ម៉ែត្រ ប្រវែង០,៤២៤គីឡូម៉ែត្រ កម្រាស់ AC ៧ សង់ទីម៉ែត្រ ទទឹង១០ម៉ែត្រ លើតួផ្លូវ១១ម៉ែត្រ ប្រវែង ១៥,៤៩គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹង ៩ម៉ែត្រ លើតួផ្លូវ ១៣ម៉ែត្រ ប្រវែង ០,៥៩៧គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹងចាប់ពី ៩,៥០ម៉ែត្រ ទៅ១០ម៉ែត្រ លើតួផ្លូវ ១២ម៉ែត្រ ប្រវែង ១០,១៦២គីឡូម៉ែត្រ, ស្ពានប្រវែងមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ (ផ្លូវតភ្ជាប់ ៣កន្លែង និងផ្លូវខ្នែង ១កន្លែង) និងលូគ្រប់ប្រភេទចំនួន ៣២កន្លែង។

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានថ្លែងបញ្ជាក់ថា “នៅឆ្នាំ២០២៣ខាងមុខ នឹងសម្ពោធបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លងពីក្រចេះ ទៅកំពង់ធំ”។

សម្តេចថ្លែងបន្តថា លោកមិនភ្លេចទេ ហើយការតភ្ជាប់នេះ មិនមែនសម្រាប់ចម្លងពីខ្សែម្ខាងទៅម្ខាងនោះទេ គឺថ្ងៃក្រោយនឹងឆ្លងកាត់ផ្លូវមួយខ្សែ ទៅដល់កំពង់ថ្ម ព្រោះមិត្តចិនគាត់និយាយហើយធ្វើលឿនជាងផែនការ។នេះជាទំលាប់របស់ចិន ដែលគាត់និយាយតិច គាត់ធ្វើច្រើន សម្រាប់ខេត្តក្រចេះភ្ជាប់ទៅខេត្តស្ទឹងត្រែង និងទៅខេត្តកំពង់ធំ មិត្តចិនជួយធ្វើការងារនេះបន្ត៕