សម្តេចតេជោនឹងធ្វើជាសហប្រធានប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្នុងអំឡុងទស្សនកិច្ចនៅសាធារណៈរដ្ឋកូរ៉េ

ដោយៈគង់ សូរិយា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ដល់១៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបង្ហាញកាលពីល្ងាចថ្ងៃទី៨ កុម្ភៈកន្លងមកថា ក្នុងដំណើរទស្សនកិច្ចលើកនេះ សម្តេចតេជោ នឹងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ក្រោមមូលបទ “ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ” នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ជាមួយលោកស្រីបណ្ឌិតហាក់ ចាហាន់មូន សហស្ថាបនិកនៃសហព័ន្ធសន្តិភាពសកល (UPF) និង លោកបាន គី-មូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

តាមការប្រកាសដដែលបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២នេះ នឹងមានការចូលរួមពីបណ្តាវាគ្មិនសំខាន់ៗ និងអ្នកចូលរួមមកពី១៥៧ប្រទេស ដើម្បីស្វែងរកក្តីសង្ឃឹម ក្នុងការបង្រួបបង្រួមឧបទ្វីបកូរ៉េប្រកបដោយសន្តិវិធី។

អញ្ជើញអមសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែននៅក្នុងដំណើរទស្សនកិច្ច រួមមាន លោកសួស យ៉ារ៉ា ប្រធានគណៈកម្មាធិការកិច្ចការបរទេ​ស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងរដ្ឋសភាកម្ពុជាមួយចំនួនទៀតផងដែរ ។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងសេអ៊ូល សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបជាមួយ លោកមូន ចេ-អ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ និងធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួមគ្នា។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងទទួលជំនួបសម្តែងការគួរសមពីសំណាក់ លោកបាន គី-មូន អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផងដែរ។

សម្តេចតេជោរំពឹងថា នឹងមានជំនួបជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួន ក៏ដូចជា ទទួលសាវនាការពីសំណាក់ ឥស្សរជននយោ​បាយ និងធុរជនផ្សេងទៀតផងដែរ។

នៅថ្ងៃទី១២ ខែកុម្ភៈ កិច្ចប្រជុំកំពូលនឹងប្រគល់ជាផ្លូវការនូវពានរង្វាន់សន្តិភាពស៊ុនហាក់លើកទី៥ ជូនដល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រាប់ភាពជាអ្នកដឹកនាំដ៏ខ្ជាប់ខ្ជួនរបស់សម្តេច ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្នុងនាមជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកដល់ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

រដ្ឋាភិបាលត្រូវការប្រាក់ជាង១១១លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា គម្រោងស្ពានឆ្លងរវាងខេត្តក្រចេះ ភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលគ្រោងនឹងសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ នឹងត្រូវប្រើប្រាស់ថវិកាសរុបចំនួន១១១,៩៨លានដុល្លារ ដោយត្រូវប្រើរយៈពេលសាងសង់៤២ខែ។

លោកវ៉ាស៊ីម សុរិយា មន្រ្តីអ្នកនាំពាក្យ នៃក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ថា ក្នុងកិច្ចប្រជុំពិភាក្សាបច្ចេកទេស និងចចារតម្លៃគម្រោងសាងសង់ស្ពានមេគង្គក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ ជាមួយក្រុមហ៊ុន Shanhai Co.,Ltd និងក្រុមហ៊ុនកុងស៊ុលតង់Guangzhou Wanan Construction Supervision Co.,Ltd ដោយមានសមាសភាពចូលរួមដទៃផ្សេងទៀត បានបង្ហាញឲ្យដឹងថា គម្រោងស្ពាននេះ មានប្រវែងសរុប១៧៦១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ។

ស្ពាននេះតភ្ជាប់ក្បាលស្ពានទាំងសងខាង និងផ្លូវខ្នែងមានប្រវែងសរុប ៣១,៦៩៨គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ(AC) កម្រាស់៧សង់ទី​ម៉ែត្រ ទទឹង១៩ម៉ែត្រ លើតួផ្លូវ៣០ម៉ែត្រ ប្រវែង៥,០២៥គីឡូម៉ែត្រ កម្រាស់AC ៧សង់ទីម៉ែត្រ ទទឹង១៣ម៉ែត្រ លើតួផ្លូវ១៩,៥០ម៉ែត្រ ប្រវែង០,៤២៤គីឡូម៉ែត្រ កម្រាស់ AC ៧ សង់ទីម៉ែត្រ ទទឹង១០ម៉ែត្រ លើតួផ្លូវ១១ម៉ែត្រ ប្រវែង ១៥,៤៩គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹង ៩ម៉ែត្រ លើតួផ្លូវ ១៣ម៉ែត្រ ប្រវែង ០,៥៩៧គីឡូម៉ែត្រ, កម្រាស់ AC ៧សង់ទីម៉ែត្រ ទទឹងចាប់ពី ៩,៥០ម៉ែត្រ ទៅ១០ម៉ែត្រ លើតួផ្លូវ ១២ម៉ែត្រ ប្រវែង ១០,១៦២គីឡូម៉ែត្រ, ស្ពានប្រវែងមធ្យមចំនួន ៤កន្លែង ប្រវែងសរុប ៣៨៤ម៉ែត្រ (ផ្លូវតភ្ជាប់ ៣កន្លែង និងផ្លូវខ្នែង ១កន្លែង) និងលូគ្រប់ប្រភេទចំនួន ៣២កន្លែង។

សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ បានថ្លែងបញ្ជាក់ថា “នៅឆ្នាំ២០២៣ខាងមុខ នឹងសម្ពោធបើកការដ្ឋានសម្រាប់ការសាងសង់ស្ពានឆ្លងពីក្រចេះ ទៅកំពង់ធំ”។

សម្តេចថ្លែងបន្តថា លោកមិនភ្លេចទេ ហើយការតភ្ជាប់នេះ មិនមែនសម្រាប់ចម្លងពីខ្សែម្ខាងទៅម្ខាងនោះទេ គឺថ្ងៃក្រោយនឹងឆ្លងកាត់ផ្លូវមួយខ្សែ ទៅដល់កំពង់ថ្ម ព្រោះមិត្តចិនគាត់និយាយហើយធ្វើលឿនជាងផែនការ។នេះជាទំលាប់របស់ចិន ដែលគាត់និយាយតិច គាត់ធ្វើច្រើន សម្រាប់ខេត្តក្រចេះភ្ជាប់ទៅខេត្តស្ទឹងត្រែង និងទៅខេត្តកំពង់ធំ មិត្តចិនជួយធ្វើការងារនេះបន្ត៕

តើអ្នកអភិវឌ្ឍអចលនវត្ថុ និងអ្នកទិញមានកាតព្វកិច្ចយ៉ាងណាខ្លះ ដើម្បី  បញ្ជៀសវិវាទក្នុងការទិញ លក់អចលនវត្ថុ?

ដោយៈ សុផារី

ភ្នំពេញៈ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប) ជាផ្នែកមួយនៃក្រសួងសេដ្ឋកិច្ច ដែលត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងមានតួនាទីផ្សះផ្សា និងដោះស្រាយវិវាទនូវរាល់ពាក្យបណ្តឹងរបស់គូភាគី នៃកិច្ចសន្យាលក់-ទិញអចលនវត្ថុ កិច្ចសន្យាទទួលបញ្ចាំ និងកិច្ចសន្យាទទួលប្រាតិភោគដោយអនុប្បទានជាដើម។

យោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ប្រកបដោយវិជ្ជាជីវៈ និងជៀសវាងនូវវិវាទក្នុងការទិញលក់នូវអចលនវត្ថុទាំងឡាយ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានកំណត់នូវកាតព្វកិច្ច របស់អ្នកអភិវឌ្ឍអចលនវត្ថុនិងអ្នកទិញ។

អ្នកទិញអចលនវត្ថុ ពីអ្នកអភិវឌ្ឍមានកាតព្វកិច្ច ត្រូវដឹងនូវព័ត៌មានអប្បបរមាដូចជា

ទី១•  ត្រូវពិនិត្យខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញមុនសម្រេចចិត្តចុះហត្ថលេខា ឬផ្តិតមេដៃ ត្រូវពិនិត្យអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ដែលចេញដោយក្រសួង ទី២ ត្រូវពិនិត្យបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ទី៣ ត្រូវពិនិត្យឯកសារបង់ពន្ធអចលនវត្ថុ ទី៤ ត្រូវពិនិត្យឈ្មោះ អត្តសញ្ញាណបណ្ណ និងអាសយដ្ឋានម្ចាស់គម្រោងពិតប្រាកដ។

 

កាតព្វកិច្ចរបស់អ្នកអភិវឌ្ឍអចលនវត្ថុ

  • ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារប្រកាស
  • ត្រូវបង្ហាញព័ត៌មានដល់អ្នកទិញ ក្នុងពេលចុះកិច្ចសន្យា និងលើកស្លាកសញ្ញាអំពីគម្រោង។
  • ត្រូវបំបែកក្បាលដី ទៅតាមចំនួនលំនៅឋាន ឬដីឡូត៍ដែលត្រូវអភិវឌ្ឍ និងត្រូវផ្ទេរឈ្មោះសម្គាល់ម្ចាស់អចលនវត្ថុ។
  • ត្រូវផ្តល់របាយការណ៍មកក្រសួង ឬមន្ទីរ៕

វិស័យអចលនទ្រព្យរីកចម្រើនតែក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីក្នុងក្រសួងមានចំនួនតិចតួច

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ រហូតមកដល់បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជាត្រូវបានមើលឃើញថា មានការរីកលូតលាស់ឱ្យកត់សម្គាល់ និងបានធ្វើឱ្យវិស័យនេះ រួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែខ្លាំង។

យ៉ាងណាក្ដី ទោះបីវិស័យនេះ មានកំណើនខ្ពស់តែក្រុមហ៊ុនអចលនទ្រព្យចុះបញ្ជីនៅក្នុងក្រសួង ឬស្ថាប័នសាម៉ីនៅតែមានចំនួនតិចតួចដដែល ។

យោងតាមរបាយការណ៍ របស់អគ្គនាយកនិយ័តករអចលនវត្ថុ និងបញ្ចាំបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២១នេះ ក្រសួងនិងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានផ្ដល់អាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋានចំនួន២៨៧ក្រុមហ៊ុន ហើយក្រុមហ៊ុនទាំងនោះបានចេញគម្រោ​ងវិនិយោគចំនួន៤០៨គម្រោង និងមានទុនវិនិយោគសរុបប្រមាណជាង៧ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមគម្រោងទាំងអស់ គម្រោងអភិវឌ្ឍដែលមានលក្ខណៈជាបុរីមានចំនយន២៣០គម្រោង គម្រោងអភិវឌ្ឍប្រភេទជាអគារសហកម្មសិទ្ធិមានចំនួន១៥២គម្រោង គម្រោងជាផ្សារមានចំនួន២គម្រោង គម្រោងជាដីឡូត៏មានចំនួន១គម្រោង និងគម្រោងចម្រុះមានចំនួន២៣គម្រោង។ ដោយឡែកលំនៅឋានប្រភេទផ្ទះល្វែង មានសរុបចំនួន៥២.១២៦ផ្ទះ លំនៅឋានប្រភេទវីឡា មានសរុបចំនួន១៣.៨៨៨វីឡា លំនៅឋានប្រភេទខុនដូ មានចំនួន១០៤.៩៧៥យូនីត តូបអាជីវកម្មមានចំនួន៨១២តូប និងដីឡូត៏មានចំនួន១៨៩ឡូត៏។ ដោយឡែក សម្រាប់រាជធានីភ្នំពេញមានគម្រោងអាជីវកម្មអភិវឌ្ឍន៍ដីឡូត៏ច្រើន ប៉ុន្តែគម្រោងអភិវឌ្ឍដីឡូត៏ទាំងនោះពុំបានស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនិយ័តករអចលវត្ថុនិងបញ្ចាំឡើយ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បាន ឱ្យដឹងថា ការមិនចុះបញ្ជីត្រឹមត្រូវក្នុងក្រសួង បែបនេះក៏ជាការរារាំងដល់ការអភិវឌ្ឍរបស់រដ្ឋមួយចំណែកផងដែរ។ ជាក់ស្ដែងនៅពេលដែលក្រុមហ៊ុនមិនចុះបញ្ជី ធ្វើឱ្យរដ្ឋបាត់បង់ចំណូលពន្ធ  ហើយនៅពេលចំណូលពន្ធបាត់បង់បែបនេះ ក៏ធ្វើឱ្យរាជរដ្ឋាភិបាលបាត់ចំណូល សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

លោកបន្តថា​ “ហេតុដូច្នេះហើយ ទើបយើងមើលឃើញថាវិស័យឯកជនមានការរីកចម្រើនជាងរដ្ឋ ហើយនៅពេលដែលឯកជន ត្រូវការអភិវឌ្ឍន៍គម្រោងអ្វីមួយក៏ត្រូវតែ ប្រើថវិកាសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់នោះដែរ”។

លោកប៉ូ អ៊ាវគង់បានបន្តថា ដើម្បីឱ្យការប្រកួតប្រជែងក្នុងវិស័យកាន់តែមានតម្លាភាព និងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុន ក្នុងតំបន់អាស៊ាននិងពិភពលោកបាន អ្នកប្រកបវិស័យនេះ គួរស្វែងរកភាពស្របច្បាប់ ឱ្យបានកាន់តែច្រើន និងអាចជួយពង្រឹងសមត្ថភាព ដល់ធនធានមនុស្សក្នុងវិស័យនេះកាន់តែរឹងមាំដែរ ក្នុងពេលវិស័យអចលនទ្រព្យ កាន់តែរួមចំណែកខ្លាំងនៅក្នុងសេដ្ឋកិច្ច៕

រដ្ឋាភិបាលចេញអាជ្ញាបណ្ណជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន២៨៧ក្រុមហ៊ុន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេល១១ឆ្នាំមកនេះ ពោលគឺចាប់តាំងពីកម្ពុជាបានដាក់ឱ្យអនុវត្តប្រកាសស្ដីពី ការគ្រប់គ្រងអាជីវកម្មអចលនវត្ថុ កាលពីឆ្នាំ២០១០ រហូតមកដល់ត្រឹមដំណាច់ឆ្នាំ ២០២១នេះ ក្រសួងនិងនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានផ្ដល់អាជ្ញាបណ្ណ ជូនក្រុមហ៊ុនអភិវឌ្ឍលំនៅឋានចំនួន២៨៧ក្រុមហ៊ុន។

លោកជូ វណ្ណៈអគ្គនាយកនៃននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ឲ្យដឹង ក្នុងសិក្ខាសា​លាផ្សព្វផ្សាយប្រកាសស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ដែ​លរៀបចំ ដោយសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជានាព្រឹកថ្ងៃទី៧ កុម្ភៈនេះថា ក្រុមហ៊ុនទាំងនោះ បានចេញគម្រោងវិនិយោគចំនួន៤០៨គម្រោង និងមានទុនវិនិយោគសរុបប្រមាណ៧ពាន់លានដុល្លារអាមេរិក ។

លោកបន្តថា ក្នុងចំណោមគម្រោងទាំងអស់ គម្រោងអភិវឌ្ឍដែលមានលក្ខណៈជាបុរីមានចំនួន២៣០គម្រោង គម្រោងអភិវឌ្ឍប្រភេទជាអគារសហកម្មសិទ្ធិមានចំនួន១៥២គម្រោង គម្រោងជាផ្សារមានចំនួន២គម្រោង គម្រោងជាដីឡូត៏ មានចំនួន១គម្រោង និងគម្រោងចម្រុះមានចំនួន២៣គម្រោង។ ដោយឡែកលំនៅឋានប្រភេទផ្ទះល្វែង មានសរុបចំនួន៥២.១២៦ផ្ទះ លំនៅឋានប្រភេទវីឡា មានសរុបចំនួន១៣.៨៨៨វីឡា លំនៅឋានប្រភេទខុនដូ មានចំនួន១០៤.៩៧៥យូនីត តូបអាជីវកម្មមានចំនួន៨១២តូប និងដីឡូត៏មានចំនួន១៨៩ឡូត៏ ។ ដោយឡែក សម្រាប់រាជធានីភ្នំពេញមានគម្រោងអាជីវកម្ម អភិវឌ្ឍន៍ដីឡូត៏ច្រើន ប៉ុន្តែគម្រោងអភិវឌ្ឍដីឡូត៏ទាំងនោះ ពុំបានស្នើសុំអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬនិយ័តករអចលវត្ថុនិងបញ្ចាំឡើយ ។

លោកជូ វណ្ណៈបានបន្ថែមថា បច្ចុប្បន្នក្រៅពីការអភិវឌ្ឍអចលនវត្ថុបែបលំនៅឋាន យើងពិនិត្យឃើញថា អាជីវកម្មពុះដីឡូត៏លក់ក៏មានសកម្មភាពរីកចម្រើនហួសពីការស្មានផងដែរ។ ការរីកលូតលាស់យ៉ាងឆាប់រហ័សបែបនេះ ជាមួយនឹងការគ្រប់គ្រងមិនបានល្អ អាចបង្កឱ្យមាននូវហានិភ័យនៅក្នុងការគ្រប់គ្រង លើអាជីវកម្មអភិវឌ្ឍន៍ដីឡូត៏នេះ។

ដោយហេតុនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចចិត្តធ្វើការកែសម្រួលបទប្បញ្ញត្តិ នៃការគ្រប់គ្រងវិស័យអចលនវត្ថុ ជាបន្តបន្ទាប់សំដៅធានាពង្រឹងនូវការគ្រប់គ្រង តាមរយៈការធ្វើប្រតិភូកម្មនូវយន្តការគ្រប់គ្រងមយចំនួន ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្តដែលជាសេនាធិការរបស់ក្រសួង ដើម្បីជួយពិនិត្យមើលបណ្ដាអាជីវកម្ម អភិវឌ្ឍន៍អចលនវត្ថុបែបលំនៅឋាន និងអាជីវកម្មអភិវឌ្ឍដីឡូត៏ខ្នាតតូចមួយចំនួន ហើយក៏អនុវត្តនូវយន្តការបែបនេះ ដើម្បីពង្រឹងការគ្រប់គ្រង ឱ្យដល់មូលដ្ឋានថ្នាក់ក្រោមជាតិ និងដើម្បីផ្ដល់ឱកាសឱ្យអ្នកប្រកបអាជីវកម្មខ្នាតតូច បានទទួលសេវានៅជិតខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលា ធ្វើដំណើរវែងឆ្ងាយទៅក្រសួងឬនិយ័តករដែរ៕

CLDAសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ គតិយុត្តិពាក់ព័ន្ឋ

ដោយៈគង់ សូរិយា

 ភ្នំពេញៈ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍៍កម្ពុជា(CLDA) បានសហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានរៀបចំសិក្ខាសាលា ដើ​ម្បីផ្សព្វផ្សាយប្រកាស ដ៏មានសារៈសំខាន់ចំនួនពីរ ដើម្បីពង្រីកការយល់ដឹងដល់សមាជិក សមាជិកាសមាគម។

លោកឧកញ៉ាម៉ន សុខាប្រធានសមាគមអ្នកអភិវឌ្ឈន៍ដីឡូត៍កម្ពុជាបានមានប្រសាសន៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី “ការគ្រប់គ្រ​ងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ការគ្រប់គ្រងអាជីវកម្មសេវាវាយតម្លៃ និងសេវាអចលនវត្ថុនាព្រឹកថ្ងៃទី៨ កុម្ភៈនេះ ដោយសម្តែងក្តីសោមនស្សរីករាយ ដែលបានចូលរួមសហការជាមួយនិយ័តករ អាជីវកម្មអចលនវត្ថុ និងបញ្ចាំរៀបចំសិក្ខាសាលាផ្សព្វផ្សាយប្រកាសចំនួនពីរ គឺ”ប្រកាសលេខ០៨៩ និង៦៣៦ សហវ ប្រក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

លោកបន្តថា បេសកកម្មរបស់សមាគម អ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា មានគោលដៅសំខាន់ៗជាច្រើន រួមមានទី១ ផ្សព្វផ្សាយគោលការណ៍ ប្រកា​ស និងបញ្ញត្តិថ្មីៗរបស់ក្រសួងពាក់ព័ន្ឋ ជូនសមាជិក និងអ្នកអភិវឌ្ឍន៍ដីឡូត៍

ទី២ ជួយសម្របសម្រួល ជម្រុញការស្នើសុំគោលការណ៍អភិវឌ្ឍន៍ដី ការបំបែកក្បាលដី និងការរត់ការប្លង់កម្មសិទ្ឋ បង់ពន្ឋ ផ្ទេរសិទ្ឋ។ ទី៣ ជំរុញ ណែនាំ សម្របសម្រួលសមាជិកពាក់ព័ន្ឋ ការស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឈន៍ដីឡូត៍ ជាមួយនិយ័តករ និងស្ថាប័នពាក់ព័ន្ឋនានា។

ទី៤ បង្កើតការអប់រំ បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអភិវឌ្ឍន៍អចលនវត្ថុឲ្យបានទូលំទូលាយ ទី៥ ចូលរួមផ្តល់ ប្រមូលព៌តមាន ទិន្នន័យ ការអភិវឌ្ឍគំរោងដីឡូត៍ទូទាំងប្រទេស ដើម្បីបានឯកសារប្រើប្រាស់សម្រាប់វិនិយោគិន ទី៦ ចូលរួមកិច្ចការសង្គម តាមរយៈសកម្មភាពសប្បុរសធ៌មជាមួយ​ស្ថាប័ននានា និងដល់ប្រជាពលរដ្ឋត្រូវការជំនួយពិតប្រាកដ ដែលកន្លងមក​សមាគមបានធ្វើជាញឹកញាប់។

ទី៧ បេសកកម្មនេះ ដើម្បីចងក្រង ប្រមូលផ្តុំសហគ្រិនជាក្រុមមួយ ដែលអាចជួយសង្គមយើងកាន់តែល្អប្រសើរដូចពាក្យស្លោករបស់សមាគម គឺ “រកស៊ីក្នុងវិស័យណា សូមកុំបង្កើតសត្រូវក្នុងវិស័យនោះ”។

លោកឧកញ៉ាម៉ន សុខាបានបន្តថា សមាគមមានគោលដៅធ្វើការជិតស្និទ្ឋជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា អាចជួយសម្របសម្រួលការ​ងារអភិវឌ្ឍន៍ដី ក្នុងន័យចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ”។

ចូលរួមជាអធិបតីក្នុងពិធីនោះ លោកជូ វណ្ណៈអគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានសម្តែងក្តីរីករាយ ដែលបានចូលរួមផ្សព្វ​ផ្សាយប្រកាសទាក់ទង នឹងការអភិវឌ្ឍន៍អចលនវត្ថុកម្ពុជា ដោយលោកបាន​មានប្រសាសន៍ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាជំងឺដ៏កាចសាហាវ បានធ្វើឲ្យដំណើរការសេដ្ឋកិច្ចកម្ពុជា និងពិភពលោកត្រូវរងការបិទខ្ទប់ ក្នុងនោះដែរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មិនមានលទ្ឋភាព ក្នុងការចុះផ្សព្វផ្សាយបទបញ្ញត្តិក្នុងវិស័យអចលនវត្ថុ និងបញ្ចាំផងដែរ។

លោកបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ទូទាំងប្រទេសប្រមាណ៨៩ភាគរយ ហើយកំពុងដំណើរការចាក់ដូសទី៤ ជាដូសជំរុញ ព្រមទាំងបានដាក់ចេញវិធានការម៉ត់ចត់ ដើម្បី​ការពារអាយុជីវិតប្រជាពលរដ្ឋ និងបានបើកដំណើរការសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំ២០២១កន្លងទៅ។

លោកជូ វណ្ណ្ណៈបានបន្តថា ក្នុងឱកាសនិងពេលវេលាដ៏មស្របនេះ និយ័តករអាជីវកម្មអចលនវត្ថុកម្ពុជា និងបញ្ចាំបានរៀបចំសិក្ខាសាលាស្រដៀងគ្នានេះឡើង នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កាលពីចុងខែមករាកន្លងទៅ។ នេះជាលើកទី៣ហើយ ដែល ន អ ប រៀបចំសិក្ខាសាលានេះឡើង ស្របតាមសំណើររបស់សមាគម អ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជានេះឡើង៕

Cambodia rises to second in Nikkei Covid-19 Recovery Index

Phnom Penh: Cambodia vaulted to second place in the latest edition of Nikkei’s COVID-19 Recovery Index, from 22nd in December, after the Southeast Asian nation declared it would start to live with coronavirus about three months ago.

The Philippines, on the other hand, slipped 45 places to 104th after the omicron variant drove an explosion in cases, though its outlook may be brightening as infections drop.

The index assesses countries and regions on infection management, vaccine rollouts and social mobility. The higher the ranking, the closer a place is to recovery, characterized by fewer infections, bigger inoculation rates and less-strict social distancing measures. The latest ranking reflects conditions up to the end of January.

Cambodia has been steadily climbing the ladder in recent months. It recorded fewer than 1,000 cases in January and saw no COVID deaths for a month.

The country’s early success in managing the coronavirus — with under 500 reported cases and no deaths one year into the pandemic — was upended by a major outbreak that started in February 2021. That continued for much of last year and strained the underfunded public health system, triggering widespread lockdowns.

Nevertheless, Cambodia pressed ahead with its inoculation drive, relying mainly on Chinese-made vaccines. By November, it had surpassed its vaccination target, prompting Prime Minister Hun Sen to order a full reopening. Later that month, Cambodia became one of the first members of the Association of Southeast Asian Nations to exempt fully vaccinated travelers from quarantine.

According to a World Health Organization report dated Jan. 24, 98.5% of Cambodia’s adults and 96.8% of children aged 5 or above had received two doses, while nearly half the adult population had been given a booster shot as well. The same report said about 85% of the 43.5 million vaccine doses the country had received were purchased from or donated by China.

Some studies elsewhere have raised concerns about Chinese vaccines’ performance against variants like omicron. And Cambodia has recorded just over 1,000 cases of the new variant so far, according to one local media report.

Still, in contrast, the Philippines has only managed to fully vaccinate 53% of its total population, with less than 7% receiving boosters by the end of January, according to the statistics website Our World in Data.

The highly transmissible omicron variant hit the Philippines hard, at least in terms of case numbers. The daily count surged to a record 39,004 on Jan. 15, from as low as 168 on Dec. 21. Omicron overwhelmed testing centers, with nearly half of samples coming in positive at one point.

But the outbreak has since eased and officials say most cases are mild. On Thursday, daily infections dropped to over 8,700. The country is set to start vaccinating children aged 5 to 11 on Monday, expanding its inoculation drive. And following in Cambodia’s footsteps, the Philippines will start accepting fully vaccinated foreign tourists from 157 countries next Thursday, without insisting on a quarantine period.
Based on their higher positions in the index, other Asia-Pacific countries making similar reopening moves look more ready to do so.

Thailand, which restarted its quarantine-free entry program on Tuesday, jumped 11 spots to 19th in the latest ranking. New Zealand, at 12th, also announced a phased reopening on Thursday.

Vietnam, which is still struggling with high levels of infections, is beginning to make a comeback, rising 28 places to 90th. It too is moving toward coexisting with the virus, having eased reentry rules for overseas nationals and foreign workers late last month.

Source: Nikkei

អ្នកជំនាញ៖ ភាពងាយស្រួលនៃលក្ខខណ្ឌការបង់ប្រាក់ធ្វើឱ្យចំនួនអតិថិជនទិញផ្ទះបង់រំលស់កាន់តែច្រើន

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់បុរីក៏ដូចជាធនាគារនានាក្នុងប្រទេសកម្ពុជាបានបន្ធូរបន្ថយលក្ខខណ្ឌដល់អតិថិជនរបស់ខ្លួនច្រើន ដែលធ្វើឱ្យអ្នកទិញលំនៅឋានបង់រំលស់នៅក្នុងប្រទេសកម្ពុជាទាំងបង់ជាមួយធនាគារនិងបង់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់កាន់តែមានចំនួនច្រើនឡើងៗ។

លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury 21 Advanced Property បានឱ្យដឹងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជាយើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងឃើញថាមានការរីកចម្រើនខ្លាំង ដោយម្ចាស់បុរីបានបន្តសាងសង់គម្រោងរបស់ខ្លួនកាន់តែច្រើន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការលក់ចេញមានថមថយបន្តិចវិញដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះហើយពលរដ្ឋដែលចង់ទិញផ្ទះក៏បានរារែកបន្តិច។

លោកបន្តថា យ៉ាងណាក្ដី ទោះបីជាទីផ្សារលំនៅឋានមានបញ្ហាពិតមែនតែការទិញលក់នៅតែដំណើរការដោយឃើញថាបុរីធំតូចបន្តសាងសង់ដោយរលូន ក៏ព្រោះតែធនាគារបន្តផ្ដល់កម្ចីដល់អ្នកទិញលំនៅឋាន ហើយម្ចាស់បុរីក៏បានបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញដោយបង់រំលស់ដោយមិនទាមទារឯកសាររញ៉េរញ៉ៃច្រើន។
កត្តាទាំងនេះហើយជំរុញឱ្យការទិញលំនៅឋានដោយបង់រំលស់ក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនច្រើនឡើង។

លោកបន្ថែមថា ម្ចាស់បុរីដែលនៅតែបន្តសាងសង់លំនៅឋានមានលក្ខណៈជាបុរី បានបន្ថយបរិមាណនៃលំនៅឋានមួយចំនួន ហើយចំនួនទៀតសាងសង់ពេលនេះ និងសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ពេលដែលចប់វិបត្តិនឹងរំពឹងថាតម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជានឹងកាន់តែមានកំណើនឡើងបន្ថែមទៀត។

អ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនបានផ្ដល់ជាយោបល់ថា មុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់ក៏គួរតែគិតគូពីហិរញ្ញវត្ថុរបស់ខ្លួនផងដែរ ដោយមិនត្រូវបង់ផ្ទះរំលស់ប្រចាំខែលើសពី៣០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនឡើយ បើពុំនោះ វានឹងអាចមានហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។

ក្នុងឆ្នាំ២០២១កន្លងទៅ គម្រោងសាងសង់សំណង់សរុបក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាគម្រោងសាងសង់លំនៅឋានមាន៥០ភាគរយទៅហើយនៃគម្រោងសាងសង់សរុបដែលមានន័យថាការសាងសង់លំនៅឋានក្នុងឆ្នាំ២០២១កន្លងទៅមានចំនួនច្រើន និងមានតម្រូវការខ្ពស់ដដែលធៀបនឹងវិស័យផ្សេងៗ៕

កម្ពុជាឡើងទៅចំណាត់ថ្នាក់លេខ២ក្នុង ពិភពលោក ក្នុងសន្ទស្សន៍នៃការស្តារសេដ្ឋកិច្ចឡើងវិញពីកូវីដ-១៩

ដោយ៖ សុផារី

ភ្នំពេញ៖ កម្ពុជាបានឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងសន្ទស្សន៍នៃការស្តារឡើងវិញពីកូវីដ-១៩ របស់ Nikkei ពីចំណាត់ថ្នាក់លេខ២២ ក្នុងខែធ្នូ។ ការកើនឡើងរបស់កម្ពុជាគឺដោយសារតែអត្រាករណីឆ្លងទាប និងការសម្រេចរបស់រដ្ឋាភិបាលក្នុងការបើកសេដ្ឋកិច្ចឡើងវិញក្រោមលក្ខខណ្ឌនៃជីវភាពធម្មតាតាមបែបគន្លងថ្មីនៅក្នុងខែវិច្ឆិកា។

សន្ទស្សន៍ Nikkei នេះបានចាត់ចំណាត់ថ្នាក់ប្រទេស ឬតំបន់ចំនួន១២២ លើការគ្រប់គ្រងការឆ្លងមេរោគ ការផ្តល់វ៉ាក់សាំង និងការគៀគរក្នុងសង្គម។ ពិន្ទុខ្ពស់បង្ហាញថាប្រទេស ឬតំបន់កាន់តែខិតទៅជិតការងើបឡើងវិញ។ ហើយកម្ពុជាទទួលបាន ៧៨ ពិន្ទុក្នុងសន្ទស្សន៍ថ្ងៃទី ៣១ ខែមករា ជាមួយនឹងកោះតៃវ៉ាន់ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលទទួលបាន ៨២ ពិន្ទុក្នុងចំណោម ១០០។

តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei កាលពីចុងសប្តាហ៍មុន បានឱ្យដឹងថា ករណីឆ្លងថ្មីជាមធ្យមបានធ្លាក់ចុះមកត្រឹម៥១ករណីក្នុងមួយថ្ងៃពីកម្រិតខ្ពស់បំផុតក្រោម១ពាន់ករណីក្នុងខែកក្កដា ដោយមានការករណីស្លាប់តែមួយប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅឆ្នាំថ្មីនេះ។

បន្ទាប់ពីការផ្ទុះឡើងនៅកាលពីឆ្នាំមុន កម្ពុជាបានចាក់វ៉ាក់សាំងជាង ៣៣លានដូសដែលគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាជនទាំងអស់។ វ៉ាក់សាំងមូលដ្ឋានភាគច្រើនគឺជាវ៉ាក់សាំង ស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់។ កម្ពុជាបានចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងដូសជំរុញកាលពីឆ្នាំមុនជាមួយវ៉ាក់សាំង AstraZeneca ហើយឥឡូវនេះបានឈានទៅដល់យុទ្ធនាចាក់វ៉ាក់សាំងដូសទីបួនដោយប្រើប្រាស់វ៉ាក់សាំង Pfizer។ កម្ពុជាបានលុបចោលការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញកាលពីខែវិច្ឆិកាឆ្នាំមុន ខុសពីប្រទេសជិតខាងក្នុងតំបន់អាស៊ានផ្សេងទៀតទេ ដែលមិនទាន់ដកការរឹតត្បិតនៅឡើយ។

ចំណែកប្រទេសថៃ ស្ថិតនៅក្នុងលំដាប់ថ្នាក់ទី១៩ ឯប្រទេសវៀតណាម បានធ្លាក់ដល់លេខ៩០ ដោយសារចំនួននៃការឆ្លងបានកើនឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះ ខណៈប្រទេសឡាវស្ថិតនៅក្នុងលំដាប់លេខ១០១៕

ប្រទេសកម្ពុជាសម្រេចជោគជ័យលើការអនុវត្តន៍ផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI

ដោយ៖ សុផារី

ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសមួយក្នុងទ្វីបអាស៊ីដែលបានសម្រេចជោគជ័យលើការអនុវត្តន៍ផែនការយុទ្ធសាស្ត្រទីក្រុងអាជី AICHI សម្រាប់ការអភិរក្សជីវៈចម្រុះសកល ដោយបច្ចុប្បន្នកម្ពុជាមានផ្ទៃដីអភិរក្សទំហំ៧,៣លានហិកតា ឬស្មើប្រមាណ ៤១ភាគរយនៃប្រទេសកម្ពុជា ដែលនេះគឺជាមោទនភាពរបស់កម្ពុជា ដែលមានផ្ទៃដីអភិរក្សធំ។

លោក នេត្រ ភក្រ្តា បានឱ្យដឹងថា កត្តាសម្រេចបានជោគជ័យនេះ ដោយសារកម្ពុជាមានផ្ទៃដីអភិរក្សធំជាង ៣ ដងនៃការកំណត់ផែនការយុទ្ធសាស្ត្រនៃការអភិរក្សជីវៈចម្រុះសកល ដែលបានកំណត់ថាត្រឹមឆ្នាំ២០២០ ប្រទេសនីមួយៗត្រូវកំណត់តំបន់អភិរក្សដីគោករបស់ខ្លួនឱ្យបាន១៧ភាគរយ នៃផ្ទៃដី។ នៅឆ្នាំ ២០២២នេះ ផ្ទៃដីអភិរក្សមានទំហំ ៧,៣លានហិកតានៃផ្ទៃដីគម្របព្រៃឈើសរុបដែលកម្ពុជា មាន ៨,៥លានហិកតា ស្មើនឹង ៤៦,៨៦ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា។

លោករដ្ឋលេខាធិការ បានបន្តថា ដោយសារកត្តាសុខសន្តិភាព និងការការពារនិងអភិរក្សមានភាពប្រសើរឡើងចំពោះតំបន់ការពារធម្មជាតិ កម្ពុជាបានលក់ឥណទានកាបូន ទៅក្រុមហ៊ុនអន្តរជាតិធំៗចាប់ពីឆ្នាំ២០១៦ មកដល់ឆ្នាំ២០២០ បានទឹកប្រាក់ចំនួន ១១,៦លានដុល្លារអាមេរិក។ រាជរដ្ឋាភិបាលកម្ពុជានិងដៃគូបាននិងកំពុងស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតដើម្បីលក់ឥណទានកាបូនដែលកម្ពុជាមាន យកថវិកាមកបង្កើននិងពង្រឹងការងារការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។ នេះគឺជាមោទកភាពមួយសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលជោគជ័យក្នុងការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តនៅលើពិភពលោក។

លោករដ្ឋលេខាធិការ បានឱ្យដឹងទៀតថា ថវិកាដែលបានពីការលក់ឥណទានកាបូននេះត្រូវបានប្រើប្រាស់សម្រាប់ការអភិរក្សធនធានធម្មជាតិ និងចូលរួមអភិវឌ្ឍសហគមន៍នៅមូលដ្ឋានក្នុងនោះរួមមានសហគមន៍តំបន់ការពារធម្មជាតិ ដែលបានចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ ដោយផ្តល់ជម្រើសថ្មី និងកែប្រែជីវភាពសម្រាប់ពួកគាត់ បង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រង និងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារ ការដាំដំណាំរួមផ្សំផ្សេងទៀត មានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផង និងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។

ការលក់ឥណទានកាបូនចំនួន២គម្រោង បានធ្វើឡើង ទី១នៅដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី និងទី២ គម្រោងរ៉េដបូកក្រវាញខាងត្បូង (ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ)។ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាននិងដៃគូបាននិងកំពុងបន្តរៀបចំនីតិវិធីលក់ឥណទានកាបូននៅដែនជម្រក សត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តស្ទឹងត្រែងថែមទៀត។ ក្រុមហ៊ុនធំៗដែលសម្រេចទិញឥណទានកាបូនដោយឈរលើមូលដ្ឋានការវាយតម្លៃពីទីភ្នាក់ងារឯករាជ្យ ដែលបញ្ជាក់ថាកម្ពុជាមានសមត្ថភាពការពារធនធានធម្មជាតិនៅក្នុងតំបន់ដែលលក់ឥណទានកាបូននោះបានល្អប្រសើរ ស្របតាមលក្ខខណ្ឌកំណត់។

ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ជាដើម។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ៕