ដោយៈសុខុម
ហុងកុង: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន មួយទៀតឈ្មោះ Zhenro Properties បានប្រកាសថា ខ្លួនបានខកខានបង់ការប្រាក់ លើមូលបត្របំណុលបរទេសចំនួន២របស់ខ្លួន ហើយអាចនឹងខកខានទូទាត់ចំនួន៤ទៀត នៅប៉ុន្មានខែខាងមុខ ដោយសារការបិទខ្ទប់ក្រុងសៀងហៃ។
ទោះជាយ៉ាងណា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលធំបំផុតទី៣០ ប្រចាំប្រទេសចិន មួយនេះបាននិយាយថា ខ្លួនប្ដេជ្ញានឹងធ្វើការទូទាត់ការប្រាក់ទាំងនោះនៅត្រឹមដំណាច់ខែឧសភា។
ភាគហ៊ុនរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនេះ បានធ្លាក់ចុះ១០%នៅក្នុងការជួញដូរកាលពីព្រឹកថ្ងៃច័ន្ទ ទី១១ ខែមេសា ខណៈតម្លៃមូលបត្របំណុលរបស់ខ្លួន ក៏បានដាំក្បាលចុះយ៉ាងខ្លាំងផងដែរ។
ក្រុមហ៊ុននេះ បានខកខានបង់ការប្រាក់សរុប២០,៤លានដុល្លារអាមេរិក លើមូលបត្របំណុលខែឧសភា ឆ្នាំ២០២០ និងខែមិថុនា ឆ្នាំ២០២១ របស់ខ្លួនក្នុងរយៈពេលអនុគ្រោះ (Grace Period) ៣០ថ្ងៃ បន្ទាប់ពីការប្រាក់ទាំងនោះ ដល់កំណត់ត្រូវបង់កាលពីថ្ងៃទី១០ ខែមីនា។ មូលបត្របំណុលទាំង២នេះ មានតម្លៃសរុប៥៤០លានដុល្លារអាមេរិក។
ក្រុមហ៊ុន Zhenro Properties ក៏និយាយដែរថា ខ្លួនអាចនឹងខកខានបង់ការប្រាក់ លើមូលបត្របំណុលខែកញ្ញា ឆ្នាំ២០២០ ខែមិថុនា ឆ្នាំ២០២០ និងខែមករា ឆ្នាំ២០២០ របស់ខ្លួនដែលមានរយៈពេលអនុគ្រោះបញ្ចប់ត្រឹមថ្ងៃទី១០ ខែមេសា ថ្ងៃទី១៤ ខែមេសា និងថ្ងៃទី១៤ ខែឧសភា។ ទន្ទឹមនេះក្រុមហ៊ុននេះ ក៏អាចនឹងខកខានបង់ប្រាក់ដើម២៣,៤លានដុល្លារអាមេរិក សម្រាប់មូលបត្របំណុលខែមេសា ឆ្នាំ២០២១ របស់ខ្លួនដែលដល់ពេលត្រូវសង់នៅថ្ងៃទី១៣ ខែមេសា នេះផងដែរ។ មូលបត្របំណុលទាំង៤នេះ រួមបញ្ចូលគ្នាមានតម្លៃជាង៨៦០លានដុល្លារអាមេរិក។
ប្រភពបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែកុម្ភៈថា ក្រុមហ៊ុន Zhenro Properties មានគម្រោងសុំពន្យារពេលទូទាត់ សងបំណុលមូលបត្ររបស់ខ្លួនទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយគ្រោងលក់ចេញទ្រព្យសកម្ម ដែលមានតម្លៃដល់ទៅ៦៣០លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២២ នេះ៕ Reuters៕