ធនាគារកណ្តាលក្រុងញូវយ៉ក: ជនជាតិអាមេរិកកំពុងជំពាក់បំណុលកាន់តែច្រើនឡើងហើយ

ដោយៈ ម៉ាលីស

អន្តរជាតិៈ កាលពីឆ្នាំមុនគឺជាឆ្នាំដ៏ធំមួយ សំរាប់ការដើរទិញ ផ្ទះនិងរថយន្ត ដែលជំរុញឱ្យជនជាតិអាមេរិក ជំពាក់បំណុលកាន់តែច្រើនឡើង។

បំណុលគ្រួសារបានកើនឡើងដល់ ចំនួន១០០០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ធំបំផុត ចាប់តាំងពីឆ្នាំ២០០៧ នេះបើយោងតាមទិន្នន័យពីធនាគារកណ្តាលនៃទីក្រុងញូវយ៉ក។

នៅក្នុងត្រីមាសទីបួន បំណុលគ្រួសារបានកើនឡើងទំហំ៣៣៣ពាន់លានដុល្លារ ដល់១៥,៥៨ពាន់ពាន់លានដុល្លារ ដែលជាអត្រាកំណើនប្រចាំត្រីមាសដ៏ធំបំផុតចាប់តាំងពីឆ្នាំ២០០៧ផងដែរ។

បំណុលកម្ចីទិញផ្ទះ និងប្រាក់កម្ចីទិញរថយន្ត ជាកត្តាជំរុញដ៏ធំនៃការកើនឡើងនេះ បើយោងតាមរបាយការណ៍ ដែលផ្អែកលើទិន្នន័យពីអ្នកតំណាងនៃ New York Fed Consumer Credit Panel ។

លោក Wilbert Van Der Klaauw អនុប្រធានជាន់ខ្ពស់នៅ New York Fed បាននិយាយថា “សមតុល្យសរុបនៃកម្ចីទិញផ្ទះ ដែលទើបនឹងបើកថ្មី និងប្រាក់កម្ចីទិញរថយន្ត បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ២០២១” ដែលស្របគ្នាទៅនឹងការកើនឡើងនៃតម្លៃផ្ទះ និងរថយន្តផងដែរ៕

ប្រភព: CNN៕

រដ្ឋមន្រ្តីបង្ហើបពីគំរោងសម្ភោធនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋជាច្រើននៅឆ្នាំនេះ

ដោយៈ គង់ សូរិយា

 ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានថ្លែងថា ផ្លូវជាតិលេខ៣ស្ថាបនារួច១០០ភាគរយហើយ និងដាក់សម្ភោធឲ្យប្រើប្រាស់ដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៅថ្ងៃទី២ មិនាខាងមុខនេះ។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ផ្លូវជាតិលេខ៣នេះ ចេញពីក្រុងកំពតទៅកាន់ខេត្តព្រះសីហនុ ត្រូវការចំណាយច្រើន ដោយសារត្រូវកាយនិងបុគគ្រឹះជម្រៅ១៨ម៉ែត្រ ទើបអាចជាប់ធនបានយូរ សម្រាប់ចំងាយផ្លូវ១៨គីឡូម៉ែត្រ។ លោកបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនស្ថាបនាផ្លូវជាតិលេខ២បានស្នើសុំពន្យាពេល៤ខែ ដើម្បីបញ្ចប់ដោយសារបញ្ហាខ្វះគ្រឿងចក្រ ប៉ុន្តែមន្រ្តីក្រសួងកំពុងសិក្សាលើបញ្ហានេះ។

ជាមួយគ្នានេះ ការស្ថាបនាផ្លូវជាតិលេខ៨ នឹងពង្រីកជាបួនគន្លងមួយកំណាត់ខ្លី ខណៈផ្លូវនេះនឹងត្រូវស្ថាបនាឡើងវិញ ទាំងស្រុងនៅពេលខាងមុខ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលក៏បានលើកឡើងពីគំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នៅតំបន់ព្រែកប្រា ឆ្ពោះទៅចក្រអង្រែក្រោម លោកបានជួបប្រជុំជាមួយ អភិបាលរាជធានីភ្នំពេញរួចហើយ ដោយស្នើសុំ​ថវិកាពីប្រទេសចិន ដែលនឹងត្រូវសាងសង់នៅឆ្នាំ២០២២នេះជាដើម៕

 

តើរលកនៃទីផ្សារអចលនទ្រព្យនៅឆ្នាំនេះនឹងមានភាពឡើងចុះដូចម្តេច?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅដើមឆ្នាំនេះអ្នកជំនាញនិងអ្នកវិនិយោគ ក្នុងវិស័យអច​លនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា វិស័យនេះ នឹងមានកំណើនឡើងវិញបន្ទាប់ពីរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេស និងបើកសង្គមសេដ្ឋកិច្ចឡើងវិញ។

ប៉ុន្តែទោះជាយ៉ាងណា រហូតដល់ដើមឆ្នាំ២០២២នេះ ស្ថានភាពវិស័យនេះនៅតែបន្តជាប់ទ្រឹង ដែលអ្នកជំនាញក៏អះអាងថា នឹងអាចជាប់ទ្រឹងបន្តទៀត ស្របពេលមេរោគរាតត្បាតនៅតែចោទជាបញ្ហា។

អ្នកនាងគឹម គិនកេសាអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុនអចលនទ្រព្យCBRE Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី៩ កុម្ភៈនេះថា កាលពីចុងឆ្នាំយើងរំពឹងថា វិស័យអចលនទ្រព្យនឹងទទួលបាន ការវិនិយោគពីបរទេសឡើងវិញ  តែដោយសារវត្តមានមេរោគកូវីដ១៩ ប្រភេទបំប្លែងថ្មីអូមីក្រុងបានរាលដាលក្នុងប្រទេសជាច្រើន ក៏ធ្វើឱ្យប្រទេសទាំងនោះ ចាត់វិធានការរឹតបន្តឹងការចេញចូលជាថ្មី ហើយវិនិយោគិនបរទេស ដែលចង់ចូលមកកម្ពុជាក៏មានការរារែកជាថ្មីម្ដងទៀត ។

អ្នកនាងបន្តថា “រហូតមកដល់ពេលនេះ យើងមិនទាន់ឃើញមានវិនិយោគិនចិន ត្រលប់មកវិញច្រើននៅឡើយទេ តែវិនិយោគិនក្នងស្រុកចាប់ផ្ដើមមានសកម្មភាពច្រើន ទាំងផ្នែកខុនដូ និងផ្នែកផ្សារទំនើប”។

យ៉ាងណាក្ដី យើងនៅរង់ចាំមើលបន្តទៀតថា នឹងមានវិនិយោគិនបរទេសចូលមកកម្ពុជាឡើងវិញ ច្រើនដែរឬក៏អត់នៅក្នុងឆ្នាំ ២០២២នេះ។

យ៉ាងណាក្ដីវិនិយោគិននិងអ្នកជំនាញ នៃវិស័យអចលនទ្រព្យមួយចំនួនទៀតក៏នៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជាឡើងវិញ  ដោយជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នូវជំងឺនេះ ពីព្រោះតាមរយៈបទពិសោធន៍កន្លងទៅ រដ្ឋាភិបាលបានគ្រប់គ្រ​ងបានយ៉ាងល្អ ក្នុងការគ្រប់គ្រងនិងឈានដល់ ការបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំមុននេះ។

ទោះជាយ៉ាងណា លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអអចលនវត្ថុកម្ពុបានមានប្រសាសន៍ថា សកម្មភាពទិញលក់ភាគច្រើនជាប្រជាពលរដ្ឋក្នុងស្រុក ប៉ុន្តែទំហំទុនវិនិយោគមិនទាន់មានចំនួនច្រើននៅឡើយទេ ប៉ុន្តែសកម្មភាពទិញលក់នៅតែបន្តកើតមាន។

លោកបន្តថា “ប្រសិនជាស្ថាប័នហិរញ្ញវត្ថុនានា នៅតែបន្តផ្តល់ឥណទាន វិស័យនេះនឹងមានភាពរីកចម្រើនឡើងវិញ ស្របពេលដែលអ្នកវិនិយោ គចិនបានមកកាន់កម្ពុជាបណ្តើរៗផងដែរ ប៉ុន្តែភាគច្រើនសុទ្ឋតែជាអ្នកវិនិយោគ ដែលមានគំរោងនៅទីនេះរួចហើយ”៕

ទីផ្សារអចលនទ្រព្យម៉ាឡេស៊ីនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកទិញអន្តរជាតិក្នុងឆ្នាំនេះ

ដោយៈសុខុម

គូឡាឡាំពួ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់IBN Corp Ltd (IBN Corp) និយាយថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទិញអន្តរជាតិ ជាពិសេសអចលនទ្រព្យនៅក្រុងគូឡាឡាំពួ ក្រុង Genting Highlands និងរដ្ឋ Sabah។

លោក Megat Khalil Izzuddin Shah នាយកក្រុមហ៊ុន IBN Corp បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ថា ម៉ាឡេស៊ី នៅតែស្ថិតក្នុងចំណោមប្រទេសល្អបំផុត សម្រាប់ការចូលនិវត្តដោយសារប្រទេសនេះ មានអាកាសធាតុ និងបរិយាកាសរស់នៅដ៏ល្អឥតខ្ចោះ។

លោកបន្ថែមទៀតថា “ប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏សម្បូរបែប ថ្លៃព្យាបាលសមរម្យ និងថ្លៃសិក្សាដ៏សែនធូរថ្លៃ ក៏ជាចំណុចដ៏ទាក់ទាញផងដែរ”។ លោកបន្តថា “លើសពីនេះ អ្នកវិនិយោគចូលចិត្តជម្រើសកម្មសិទ្ធិផ្ដាច់មុខ (ទិញផ្ដាច់) និងតម្លៃដែលជាថ្នូរ នឹងបែបបទរស់នៅដ៏ល្អ បើធៀបនឹងអ្វីដែលពួកគេអាចទទួលបាន នៅក្នុងប្រទេសកំណើតរបស់ខ្លួនដូចជាប្រទេសចិន ហុងកុង សិង្ហបុរី និងជប៉ុន ជាដើម”។

ផ្អែកតាមការព្យាករ ទីផ្សារនេះនឹងទទួលបានកំណើនបន្ថែមទៀតនៅពេលបើកព្រំដែនឡើងវិញ។ ទោះជាយ៉ាងណា ដោយសារតែការរឹតបន្តឹងការធ្វើដំណើរនាពេលបច្ចុប្បន្ន អតិថិជននៅក្រៅប្រទេសមិនអាចចូលទស្សនាទីតាំងគម្រោង និងShowroom លក់នៅក្នុងប្រទេសម៉ាឡេស៊ី បានទេនៅពេលនេះ។

លោក Megat Khalil Izzuddin Shah បានធ្វើការកត់សម្គាល់ថា “ហេតុដូច្នេះហើយ ក្រុមហ៊ុនIBN Corp បានកែសម្រួលយុទ្ធសាស្រ្តលក់ និងទីផ្សាររបស់ខ្លួន ដើម្បីផ្តោតលើទីផ្សារក្នុងស្រុកច្រើនជាងមុន តាមរយៈការចូលរួមជាមួយ បណ្ដាទីភ្នាក់ងារអចលនទ្រព្យ ក្នុងស្រុកឈានមុខគេ ហើយមានបំណងបង្កើន ចំនួនអតិថិជនក្នុងស្រុករបស់ខ្លួន ឱ្យឈានដល់៥០%”។

គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ក្រុមហ៊ុន IBN Corp រួមមានទាំង IBN Bukit Bintang ដែលជាគម្រោងអគារខ្ពស់ប្រណីតមួយ ក្នុងទីក្រុងគូឡាឡាំពួ ជាមួយនឹងទុនវិនិយោគ៣១០,៦លានដុល្លារអាមេរិក និងIBN Highlands City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្រុង Genting Highlands ជាមួយនឹងទុនវិនិយោគ១,៤៨ពាន់លានដុល្លារអាមេរិក ផងដែរ។

លោក Megat Khalil Izzuddin Shah បញ្ជាក់ថា “ដំណាក់កាលទី១ នៃគម្រោងIBN Highlands City គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ ខណៈគម្រោង IBN Bukit Bintang គ្រោងនឹងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២៤”។

លោកបានបន្ថែមទៀតថា “យើងក៏មានគម្រោងថ្មីៗគួរឱ្យទាក់ទាញមួយចំនួនផ្សេងទៀត ដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ រួមទាំងសួនកម្សាន្តមួយលើផ្ទៃដីជាង១៦ហិកតា នៅជិតគម្រោង IBN Highlands City ផងដែរ”៕ The Edge Markets៕

PropNex Cambodia – Professional Start-Up Training Program

 

In addition to operational offices in Phnom Penh, Siem Reap and Sihanoukville, PropNex has expanded to regional operations in Asia with a total salesforce of over 12,000 – Singapore, Indonesia, Malaysia, Vietnam, Cambodia.

The belief in adding value and providing the best service has propelled them to nurture a group of world-class realty professionals that is led by a management team of visionaries. This winning combination has resulted in phenomenal business growth and regional expansion. PropNex Cambodia offers residential project marketing, residential brokerage, commercial brokerage, land and investment, property consultation, and property management.

Their training program held on the 20-25th Januaury 2022 consisted of 7 powerful sessions by experienced trainers, for PropNexians who want to gain insight on Cambodia’s real estate market, laws, negotiation and closing techniques, and many more topics that are beneficial to kickstart their careers.

Yong Hock, KEO of PropNex Singapore came to Cambodia to host the training program. His huge support has been a burst of motivation and encouragement to PropNexians. His educational lessons and knowledge on real estate, team-building exercises, finding your inner self exercises along many others have been very useful, beneficial, and insightful. PropNex greatly appreciates his enthusiasm and sense of humour making the training program educational at the same time enjoyable. Also special thanks to Alan Neo, Chairman of PropNex Cambodia for organizing this training program, the internal staff team, and to Thida Ann, Managing Director of PropNex Cambodia, Manith Khiev, Sothea Hem, Sandy Chua, and Leang Khim for such outstanding presentations.

PropNex is a family orientated company, everyone looks out for one another. Join the family and stay tuned for their upcoming training program this year.

PropNex Cambodia, the service you can trust.

សហភាពអឺរ៉ុបបោះទុនជាង៤៩ពាន់លានដុល្លារផលិតបន្ទះឈីបដើម្បីដណ្ដើមទីផ្សារអាស៊ី

ដោយៈសុខុម

អន្តរជាតិ: សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារទី៨ កុម្ភៈ បានបង្ហាញផែនការបង្កើន ការផ្គត់ផ្គង់បន្ទះឈីបដល់ទៅ៤ដងនៅអឺរ៉ុប ត្រឹមឆ្នាំ២០៣០ ដោយសង្ឃឹមថា នឹងអាចកាត់បន្ថយការពឹងផ្អែករបស់ប្លុកនេះ លើតំបន់អាស៊ី សម្រាប់បន្ទះឈីបដែលជាធាតុផ្សំដ៏សំខាន់ ប្រើប្រាស់ក្នុងរថយន្តអគ្គិសនី និងស្មាតហ្វូន។

ការផលិតបន្ទះឈីបនេះ បានក្លាយជាគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រនៅអឺរ៉ុប ព្រមទាំងសហរដ្ឋអាមេរិកផងដែរ បន្ទាប់ពីវិបត្តិកូវីដ-១៩ បានធ្វើឱ្យរាំងស្ទះការផ្គត់ផ្គង់ ដែលជាហេតុនាំឱ្យដំណើរការផលិតកម្មនៅតាមរោងចក្រនានាជាប់គាំង និងធ្វើឱ្យផលិតផលលក់ដាច់ស្តុកគ្មានសល់។

ការផលិតបន្ទះឈីបពិតជាកាក់កបយ៉ាងខ្លាំង ហើយការផលិតមានច្រើនលើសលប់នៅកោះតៃវ៉ាន់ ប្រទេសចិន និងកូរ៉េខាងត្បូង ហើយប្រទេសជាសមាជិកទាំង២៧របស់សហភាពអឺរ៉ុប ចង់ឱ្យរោងចក្រ និងក្រុមហ៊ុននា​នា​នៅក្នុងប្លុកអឺរ៉ុប បង្កើនការផលិតបន្ទះឈីបដើម្បីដណ្ដើមចំណែកទីផ្សារ។

គណៈកម្មការអឺរ៉ុបលើកឡើងថា ច្បាប់ស្ដីពីបន្ទះឈីប (Chips Act) របស់សហភាពអឺរ៉ុប ដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសានឹង “ប្រមូលកៀរគរការវិនិយោគសាធារណៈ និងឯកជនឱ្យបាន៤៩,១ពាន់លានដុល្លារអាមេរិក” ហើយនឹង”ធ្វើឱ្យសហភាពអឺរ៉ុប សម្រេចមហិច្ឆតាបង្កើនទ្វេដងនូវចំណែ​កទីផ្សារបច្ចុប្បន្នរបស់ខ្លួន ឱ្យឈានដល់២០%នៅឆ្នាំ២០៣០”។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen លើកឡើងថា “យើងបានកំណត់គោលដៅដោយខ្លួនឯង ដើម្បីដណ្ដើមចំណែកទីផ្សារពិភពលោកឱ្យបាន២០% នៃការផលិតបន្ទះឈីបនៅទីនេះ ក្នុងទ្វីបអឺរ៉ុប”។

លោកស្រីបានបន្ថែមថា ដើម្បីឈានដល់កម្រិតនោះ “យើងត្រូវបង្កើនការប្រឹងប្រែងផលិតឱ្យបានគុណនឹង៤” ដោយសារមានតម្រូវការកើនឡើងខ្លាំងទូទាំងពិភពលោក។

លោក Thierry Breton ឧត្ដមស្នងការទទួលបន្ទុកឧស្សាហកម្មរបស់សហភាពអឺរ៉ុបបានជំរុញឱ្យពលរដ្ឋអឺរ៉ុប មានមហិច្ឆតាធំដែលស្របនឹងផែនការស្រដៀងគ្នា នៅក្នុងសហរដ្ឋអាមេរិក ដែលរដ្ឋការប្រធានាធិបតីចូ បៃឌិន កំពុងស្នើឱ្យសភាអាមេរិក អនុម័តផែនការមួយ ដែលមានទំហំទឹកប្រាក់៥២ពាន់លានដុល្លារ៕  Arab News៕

រដ្ឋាភិបាលកំពុងស្នើសុំចុះបញ្ជីរប្រាសាទ សិល្បៈអរូបិយនិងទីក្រុងចំនូន១៤ទៅក្នុងបញ្ជីរបេតិកភ័ណ្ឌពិភពលោក

ដោយៈ វិវត្តន៍

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណាបានថ្លែងថា ក្រសួងកំពុងស្នើសុំចុះព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

លោកស្រីថ្លែងបែបនេះ ក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ។

ការស្នើសុំចុះ ព្រះរាជពិធីបុណ្យអុំទូក ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជាការងារមួយ ក្នុងចំណោមការងារជាច្រើន ដែលជាសមិទ្ធកម្មការងារជាងពាក់កណ្ដាលអាណត្តិ នៅក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា របស់ក្រសួងវប្បធម៌ នាពេលកន្លងមក។ នេះជាការងារអភិរក្សវប្បធម៌ ក្នុងទិសដៅដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកស្រីភឿង សកុណា បានបញ្ជាក់ថា “ក្រសួងបានបន្តរៀបចំនិងសហការរៀបចំឯកសារដើម្បីស្នើសុំចុះ ប្រាសាទកោះកេរ នំបញ្ចុក ក្បាក្បាច់គុនល្បុក្កតោ និងទីក្រុងបាត់ដំបង ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ និងបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិត (Creative Cities Network) របស់អង្គការយូណេស្កូ ហើយក៏បានបន្តរៀបចំបញ្ជីត្រៀម ដើម្បីគ្រោងស្នើសុំចុះសម្បត្តិវប្បធម៌ដែលមានសក្តានុពលផ្សេងទៀត ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់អង្គការយូណេស្កូ រួមមាន ក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរីនិងភ្នំដា រមណីយដ្ឋា​នគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយរមណីយដ្ឋានឧដុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែងមជ្ឈ​មណ្ឌលប្រល័យពូជសាសន៍ជើងឯក អតីតមន្ទីរឃុំឃាំង ម-១៣, និងព្រះរាជពិធីបុណ្យអុំទូក

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងបានជួសជុល និងអភិរក្សសំ​ណង់បុរាណចំនួន១០៩សំណង់ វត្ថុបុរាណ/វត្ថុសិល្បៈចំនួន៨២៩៦ (ប្រាំបីពាន់ពីររយកៅសិបប្រាំមួយ) វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ វត្ថុជាតិពន្ធុសាស្ត្រចំនួន ៥០៩មុខ, និងសាស្ត្រាស្លឹករឹត ចំនួន ៣១០៤៦ (បីម៉ឺនមួយពាន់សែសិបប្រាំមួយ)ខ្សែ។ ទន្ទឹមគ្នានេះ ក្រសួងបានរកឃើញនិងទទួលបានវត្ថុបុរាណ/វត្ថុសិល្បៈពីគ្រប់ប្រភពទាំងអស់ចំនួន ៣១៤៣៤ (បីម៉ឺនមួយពាន់បួនរយសាមសិបបួន)វត្ថុ/រូប/ដុំ/បំណែក/ផ្ទាំង/គ្រាប់ បូករួមទាំងវត្ថុបុរាណចំនួនជាង១០០រូបបន្ថែមទៀត ដែលត្រូវធ្វើមាតុភូមិនិវត្តន៍ពីបរទេស ក្រោយបញ្ចប់កិច្ចចរចាជាង៣ឆ្នាំ។

ក្រសួងបានចុះបញ្ជីវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រសរុប ២៣៥៨៧ (ពីរម៉ឺនបីពាន់ប្រាំរយប៉ែតសិបប្រាំពីរ) វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក/គ្រាប់, និងបញ្ចូលទិន្នន័យវត្ថុបុរាណ/វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រទៅក្នុងប្រព័ន្ធទិន្នន័យ Database សរុប ១២៣៧៥ (មួយម៉ឺនពីរពាន់បីរយចិតសិបប្រាំ) វត្ថុ/រូប/ដុំ/ផ្ទាំង/បំណែក។

ក្រសួងក៏បានយកចិត្តទុកដាក់ និងសហការជាមួយសហគមន៍ ក្នុងការបណ្តុះបណ្តាល និងរៀបចំការសម្តែងសិល្បៈ ដោយក្នុងនោះក្រសួងបានស្តារល្ខោនវត្តកៀនស្វាយក្រៅឱ្យរស់រានឡើងវិញ ព្រមទាំងបានពង្រឹងការថែរក្សាសិល្បៈវប្បធម៌របស់សហគមន៍សំខាន់ៗ នៅខេត្តចំនួន១១ រួមទាំងសហគមន៍របស់ជនជាតិដើមភាគតិចនៅខេត្តចំនួន៨។

ក្រសួងបានឆ្លាក់ចម្លងស្បែកធំឈុតថ្មី បានចំនួន៩០ផ្ទាំង និងបានសិក្សាស្រាវជ្រាវចងក្រងឯកសារ របាំក្បាច់បុរាណ ឬរបាំព្រះរាជទ្រព្យ, ក្រាំងចម្រៀងសម្រាប់ច្រៀងអមកំដរក្នុងរបាំព្រះរាជទ្រព្យ ក្បាច់ហួន ល្ខោនបាសាក់ និងល្ខោនបាមោជ្ជទ័យ ព្រមទាំងបានបោះពុម្ពសៀវភៅ“នារីរបាំកម្ពុជាសម័យចតុមុខ និងសម័យអង្គរ” ជាភាសាខ្មែរ។

ទន្ទឹមគ្នានេះ ក្រសួងក៏បានបង្កើនការផ្សព្វផ្សាយ សិល្បៈទស្សនីយភាពខ្មែរ ពិសេសស្នាដៃសិល្បៈដែលទើបដំឡើងថ្មី ដល់សាធារណជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លួវការរបស់ក្រសួងផងដែរ៕

 

លោកស៊ុន ចាន់ថុលៈស្ពានតភ្ជាប់ពីភ្នំពេញទៅស្វាយជ្រុំបានសិក្សាចប់ហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងសិក្សាស្ពានមិត្តភាពកម្ពុជា កូរ៉េភ្នំពេញ ស្វាយជ្រុំបានបញ្ចប់ការសិក្សារួចហើយ។ នេះបើតាមការប្រកាសឲ្យដឹងពីលោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

លោកបានមានប្រសាសន៍ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លេ ពីរាជធានីភ្នំពេញ-ស្វាយជ្រុំ បានសិក្សាចប់សព្វគ្រប់ហើយ ដោយក្រសួងកំពុងសិក្សាជាមួយកូរ៉េ ដើម្បីជ្រើសរើសប្រភេទស្ពានណាមួយសម្រាប់សាងសង់។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនា និងកែលំអរផ្លូវជាតិលេខ៤៨ឡើងវិញកាលពីពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋកូរ៉េបានមានប្រសា​សន៍ថា ក្រុមហ៊ុនកូរ៉េមួយកំពុងសិក្សាស្ពាននេះ ដែលនឹងមានជម្រើសចំនួនពីរ ដោយទី១ជាស្ពានធម្មតា និងទី២ ជាស្ពានយោងដោយខ្សែកាប ដែលស្ពានយោងដោយខ្សែកាប នឹងជាជម្រើសដែលវានឹងក្លាយជាLandmarkថ្មីមួយនៅរាជធានីភ្នំពេញ ដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍កូរ៉េ មកទស្សនានៅទីក្រុងភ្នំពេញ។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងកាលពីពេលថ្មីៗនេះ ដោយបានសម្តែងអំណរគុណដល់ភាគីកូរ៉េ ដែលនឹងជួយសាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េនេះឡើងនាពេលខាងមុខ៕

កម្ពុជាមានបណ្តាញខ្សែកាបអុបទិកភ្ជាប់ទៅកាន់ប្រទេសច្រើនជាង១៨មានប្រវែង៤៦ពាន់គីឡូម៉ែត្រ

ដោយៈ សុធារី

ភ្នំពេញៈ បើតាមឯកសារគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានបណ្តាញខ្សែកាបអុបទិកប្រមាណ៤៦ពាន់គីឡូម៉ែត្រ និងបណ្តាញខ្សែកាបអុបទិកក្រោមសមុទ្រមានចំនួន២។

ក្នុងចំណោមខ្សែកាបអុបប្រវែ ងប្រមាណ៤៦ពាន់គីឡូម៉ែត្រនេះ ខ្សែកាបអុបទិកក្រោមសមុទ្រទី១ តភ្ជាប់កម្ពុជាទៅប្រទេសថៃ និងម៉ាឡេស៊ី (Malaysia Cambodia Thailand MCT) និងខ្សែទី២ តភ្ជាប់កម្ពុជា ទៅប្រទេសចំនួន១៨ ក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប (Asia Africa Europe MCT AAE-1)។

តាមរបាលការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ទោះយ៉ាងណាក្តី រចនាសម្ព័ន្ធទូរគមនាគមន៍នេះ មិនទាន់គ្រប់ដណ្តប់នៅទូទាំងប្រទេសនៅឡើយ ខណៈបណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ៨០%ប៉ុណ្ណោះ។

នៅក្នុងឆ្នាំ២០២១ កន្លងមកមានអ្នកចុះឈ្មោះប្រើប្រាស់ សេវាអ៊ិនធឺណិតប្រមាណ១៧,៦៥លាន ខណៈការតភ្ជាប់អ៊ីនធឺណិតតាមឧបករណ៍ចល័តមានចំនួន១៧,៣៥លានលេខ ស្មើនឹង១០៥,៦០% នេះ ។

ចំណែកក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័ត មានចំនួន៥ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអចល័តមានចំនួន៣៥ ក្នុងនោះការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត2G មានចំនួន៩២,៣% នៃប្រជាជនសរុបការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 3G មាន៨៥,២% និងការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 4G មានចំនួន៨២,៥%។

ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល សេវាសាធារណៈចំនួន ៣ ៥០៨ ត្រូវបានដាក់ឱ្យប្រើប្រាស់ ក្នុងនោះការដាក់ពាក្យសុំដោយផ្ទាល់ពីការិយាល័យច្រកចេញចូលតែមួយ ស្មើនឹង៧៧,៥៤% សេវាទាញយកពាក្យសុំតាមអនឡាញ តែត្រូវដាក់ពាក្យសុំដោយផ្ទាល់ស្មើនឹង១០,៦០% និងសេវាដាក់ពាក្យសុំ តាមអនឡាញស្មើនឹង១១,៨៦%។

ប្រព័ន្ធព័ត៌មាន ឌីជីថលរបស់រាជរដ្ឋាភិបាល កំពុងដំណើរការមានចំនួនសរុប១៨២ ក្នុងនោះ មានសេវាសាធារណៈពីរដ្ឋាភិបាល ដើម្បីប្រជាពលរដ្ឋ(G4C)ចំនួន ៣០,៨% ពីរដ្ឋាភិបាលទៅធុរកិច្ច(G2B)ចំនួន៩,៥% និងពីរដ្ឋាភិបាលទៅរដ្ឋាភិបាល(G2G)ចំនួន៥៩,៨%។

រដ្ឋាភិបាលមានយុទ្ធសាស្រ្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿន តាមរយៈការពង្រឹងគុណភាព និងការពង្រីកវិសាលភាពគ្របដណ្តប់ សេវាទូរសព្ទចល័តជំនាន់ទី៤(4G) ដើម្បីឈោងទៅចាប់យកសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ព្រមទាំងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិក ក្រោមបាតសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិត ល្បឿនលឿនដល់គ្រប់ឃុំសង្កាត់៕

ដំណឹងល្អៈ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅខែកក្កដាហើយ

ដោយៈ សហការី

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា ផ្លូវល្បឿនលឿន រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ នឹងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅខែកក្កដា ឆ្នាំនេះ ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ច.គ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ បានបញ្ជាក់ថា ក្រោយពីដាក់ឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ជាបណ្ដោះអាសន្ននៅខែកក្កដាហើយនោះ នឹងដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ ខែកញ្ញា ឆ្នាំ២០២២ ។

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ ត្រូវបានធ្វើពិធីបើកការដ្ឋានសាងសង់ កាលពីខែ មីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន លើទឹកប្រាក់ប្រមាណ១៥០លានដុល្លារ៕