ដោយៈសុខុម
ហុងកុង: ចាប់តាំងពីផ្ទុះវិបត្តិបំណុល របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីសម្រាលវិបត្តិនេះ។
ទោះជាយ៉ាងណា វិបត្តិនេះបានបន្តរីករាលដាល ពាសពេញវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលហាក់ធ្ងន់ធ្ងរទៅ ខណៈក្រុមហ៊ុនអភិវ ឌ្ឍន៍ចិន កាន់តែច្រើនខកខានសងបំណុលជាបន្តបន្ទាប់។
តួយ៉ាងប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថា ក្រុមហ៊ុនចិន មួយទៀតឈ្មោះ Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ប្រទេសចិន បានខកខានសងមូលបត្របំណុលជាដុល្លារ ជាលើកដំបូងរបស់ខ្លួនចំនួន២៩,៥លានដុល្លារអាមេរិក ដែលដល់ពេលត្រូវទូទាត់សងកាលពីថ្ងៃច័ន្ទ ទី១១ ខែមេសា។
ការទូទាត់សងសម្រាប់មូលបត្របំណុល៧,៩៦ភាគរយ នឹងដល់ពេលកំណត់ត្រូវទូទាត់ក្នុងខែតុលា ឆ្នាំ២០២៣ ខាងលើនេះ មានរយៈពេលអនុគ្រោះ (Grace Period)៣០ថ្ងៃ មុនពេលឈានចូលដំណាក់កាលខាកខានសង។
ប្រភពមួយទៀត ដែលស្និទ្ធនឹងក្រុមហ៊ុននេះទម្លាយឱ្យដឹងថា ក្រុមហ៊ុន Sunac China កំពុងព្យាយាមស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាទូទាត់សងឱ្យទាន់តាមពេលវេលាកំណត់។
ទោះជាយ៉ាងណា ក្រុមហ៊ុន Sunac China បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញដំណឹងនេះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានរងការវាយប្រហារជាបន្តបន្ទាប់ ដោយសារការខកខានសង មូលបត្របំណុលក្រៅប្រទេស ក្រោយផ្ទុះវិបត្តិក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ លក់ដាច់បំផុតរបស់ប្រទេសចិន ប៉ុន្តែឥឡូវនេះបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ជាមួយនឹងបំណុលជាង៣០០ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុននេះបាននិយាយកាលពីខែមុនថា ខ្លួនកំពុងចរចាជាមួយម្ចាស់បំណុលនៅក្រៅប្រទេស ដើម្បីសុំពន្យារពេលសងបំណុល។ ក្រុមហ៊ុននេះបានពន្យារពេលសងប្រាក់ដើម នៃមូលបត្របំណុល៦២៧,៩១លានដុល្លារអាមេរិក របស់ខ្លួនដែលដល់ពេលកំណត់ ត្រូវសងកាលពីថ្ងៃទី០១ ខែមេសា ចំនួន១៨ខែ៕ Reuters៕