តើអ៊ីនធឺណិតល្បឿនលឿន 6G នឹងរួចរាល់ពេលណា ហើយលឿនជាងបច្ចេកវិទ្យា 5G ខ្លាំងកម្រិតណា?

ដោយ៖ សុខុម

អន្តរជាតិ: ល្បឿនបញ្ជូនទិន្នន័យនៃបច្ចេកវិទ្យាអ៊ីនធឺណិតជំនាន់ទី៦ ដែលគេស្គាល់ថា 6G នឹងលឿនជាងបច្ចេកវិទ្យា 5G រហូតដល់១០ទៅ១០០ដងស្ទើរមិនគួរឱ្យជឿ។ នេះបើយោងតាមក្រុមហ៊ុនតៃវ៉ាន់ MediaTek Inc បានលើកឡើងតាមកាសែតមួយដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ មករា។

ក្រុមហ៊ុន MediaTek ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបឈានមុខគេក្នុងពិភពលោកបានបញ្ជាក់ថា តាមការរំពឹងទុក ការធ្វើស្តង់ដារនីយកម្មបច្ចេកវិទ្យា 6G នឹងចាប់ផ្ដើមនៅឆ្នាំ២០២៤ ឬ ២០២៥ ហើយបច្ចេកវិទ្យានេះអាចនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការលើកដំបូងនៅឆ្នាំ២០២៧ ឬ ២០២៨។

លោក Fan Ming-xi អគ្គនាយករងនៃនាយកដ្ឋានឌីហ្សាញប្រព័ន្ធទំនាក់ទំនងនៃក្រុមហ៊ុន MediaTek លើកឡើងថា វិស័យនេះកំពុងតែមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នៃបច្ចេកវិទ្យា 6G ដ៏មានសារៈសំខាន់។

លោកបញ្ជាក់ថា ក្រុមហ៊ុន MediaTek កំពុងបង្កើនសមត្ថភាពសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា 6G ហើយកំពុងធ្វើការជាមួយក្រុមអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ផ្នែកសិក្សាធិការ និងឧស្សាហកម្មដើម្បីស្វែងរកនិន្នាការបច្ចេកវិទ្យាច្នៃប្រឌិត។

ក្រុមហ៊ុន MediaTek និយាយថា ការធ្វើស្តង់ដារនីយកម្ម និងការដាក់ឱ្យដំណើរការច្ចេកវិទ្យា 6G នឹងគោរពតាមពេលវេលា ដែលបានកំណត់ក្នុងចក្ខុវិស័យវិស័យទូរគមនាគមន៍ទូរស័ព្ទចល័តអន្តរជាតិសម្រាប់ឆ្នាំ២០៣០ និងហួសពីនេះ។

ក្រុមហ៊ុននេះរំពឹងថា កិច្ចប្រឹងប្រែងធ្វើស្តង់ដារនីយកម្មដំបូងនឹងចាប់ផ្ដើមនៅឆ្នាំ២០២៣ ឬ ២០២៤ ហើយថា ខ្លួននឹងបន្តអភិវឌ្ឍបច្ចេកវិទ្យា5G ដើម្បីជួយជំរុញការធ្វើស្តង់ដារនីយកម្ម និងការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធ 6G សម្រាប់គោលបំណងពាណិជ្ជកម្ម៕

តម្លៃប្រេងឥន្ធនៈលក់រាយតាមស្ថានីយ៍ប្រេងបន្តឡើងថ្លៃ នៅដើមខែកុម្ភៈ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ កុម្ភៈ ២០២២នេះតម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ៍ប្រេងនានានឹងបន្តឡើងថ្លៃបន្ថែមទៀតខណៈកាលពីចុងខែមករា ២០២២កន្លងទៅតម្លៃប្រេងបានហក់ឡើងមួយដំណាក់កាលទៅហើយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អន្តរក្រសួងរួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១កុម្ភៈ ២០២២នេះឱ្យដឹងថាតម្លៃប្រេងឥន្ធនៈលក់រាយនៅតាមស្ថានីយ៍បានឡើងថ្លៃ ៤.៥០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងតម្លៃ៤.២៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

កាលពីចុងខែមករា២០២២តម្លៃប្រេងលក់រាយនៅតាមស្ថានីយត្រូវបានកំណត់លក់៤.៣៥០រៀលក្នុងមួយលីត្រ (សាំងធម្មតា ) និង៤.០៥០រៀលក្នុងមួយលីត្រសម្រាប់ប្រេងម៉ាស៊ូត។

សេចក្ដីប្រកាសរបស់អន្តរក្រសួងថា តម្លៃប្រេងឥន្ធនៈកំណត់នៅថ្ងៃទី១កុម្ភៈនេះនៅត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ខែកុម្ភៈ ២០២២។
បើតាមក្រាហ្វិចបម្រែបម្រួលថ្លៃលក់រាយនៃប្រេងឥន្ធនៈលើទីផ្សារប្រទេសកម្ពុជាបានបង្ហាញថាតម្លៃប្រេងឥន្ធនៈបានធ្លាក់ចុះម្ដងរួចហើយកាលពីអំឡុងខែធ្នូ ២០២១ និងបានហក់ឡើងវិញជាបន្តបន្ទាប់នៅដើមខែមករា ឆ្នាំ២០២២នេះ។

យ៉ាងណាក្ដីកំណត់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជានេះគឺធ្វើឡើងទៅតាមទីផ្សារប្រេងអន្តរជាតិនិងទីផ្សារប្រេងនៅប្រទេសនាំចូល៕

អភិបាលខេត្តបន្ទាយមានជ័យជំរុញឱ្យវិនិយោគិនជប៉ុនបណ្ដាក់ទុនក្នុងខេត្តរបស់ខ្លួនបន្ថែម

ដោយ៖ វឌ្ឍនៈ

បន្ទាយមានជ័យ៖ ក្នុងជំនួបជាមួយនឹងសមាគមជប៉ុន-កម្ពុជា ( JCA ) នៅថ្ងៃទី១ ខែកុម្ភៈ ២០២២នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើនិងជំរុញឱ្យវិនិយោគិនជប៉ុន មកសិក្សាពីសក្ដានុពលនិងបណ្ដាក់ទុនវិនិយោគនៅខេត្តបន្ទាយមានជ័យបន្ថែមទៀតខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុនមួយចំនួនហើយកំពុងបណ្ដាក់និងវិនិយោគនៅក្នុងខេត្តនេះ។

លោកបានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ស្ថិតនៅប៉ែកពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយប្រមាណ ៣៥៩ គម ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ប្រទេសថៃ ប្រវែង ១៥៣ គម។ ខេត្តមានផ្ទៃដីសរុប ៦ ៦៧៩គីឡូម៉ែត្រការ៉េ ចែកចេញជា០២ ក្រុង ០៧ស្រុក ៥៥ ឃុំ១០សង្កាត់ និង៦៥៨ ភូមិ មានប្រជាជនពលរដ្ឋ ប្រមាណ ៧៩មឺននាក់ ក្នុងនោះមាន ៨៥%ប្រកបមុខរបរធ្វើស្រែចំការ និង១៥%ជាអាជីវករ ពាណិជ្ជករ សិប្បករ កម្មករ នេសាទត្រី និងចិញ្ចឹមសត្វ។

លោកបន្តទៀតថា ខេត្តបន្ទាយមានជ័យ មានច្រកសេដ្ឋកិច្ចសំខាន់ៗចំនួន០៣ គឺច្រកអន្តរជាតិប៉ោយប៉ែត ច្រកទ្វារបឹងត្រគួន និងច្រកព្រំដែនម៉ាឡៃ ខេត្តក៍មានតំបន់សេដ្ឋកិច្ចពិសេស០៥កន្លែង នៅក្រុងប៉ោយប៉ែត គឺតំបន់សេដ្ឋកិច្ចពិសេសអូរនាង តំបន់សេដ្ឋកិច្ចពិសេសសានកូ តំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី តំបន់សេដ្ឋកិច្ចពិសេស លី អ៊ុតនី ព្រមទាំងឧទ្យានឧស្សាហកម្ម០១ កន្លែងនៅក្រុងសិរីសោភ័ណ។ ដោយឡែកនៅក្រុងប៉ោយប៉ែតមានក្រុមហ៊ុនជប៉ុនចំនួន ០៦កន្លែងកំពុងដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសសានកូ និង ០១ក្រុមហ៊ុនទៀតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតភីភី (ផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក)។

លោកបន្ថែមថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានត្រៀមជានិច្ចគាំទ្រនូវគំនិតផ្តួចផ្តើម និងសហការីជាមួយសមាគនជប៉ុន-កម្ពុជា(JCA) នូវគ្រប់សកម្មភាពទាំងឡាយណាដែលនាំមកនូវការរីកចម្រើនដល់ខេត្ត ពិសេសសូមសំណូមពរដល់លោកនាយកសមាគមជប៉ុន កម្ពុជា មេត្តាជួយផ្សព្វផ្សាយក៍ដូចជាជម្រុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន ឱ្យមកវិនិយោគទុន និងដើរកម្សាន្តនៅលើទឹកដីខេត្តបន្ទាយមានជ័យ។
លោក តាមឺរ៉ាក់ សឺតុមឺ នាយកសមាគមជប៉ុន-កម្ពុជា(JCA) បានឱ្យដឹងថា សមាគនជប៉ុនគ្រោងនឹងដឹកនាំវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នឹងមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ លើសក្តានុពលដែលប្រទេសកម្ពុជា និងខេត្តបន្ទាយមានជ័យកំពុងមានដូចជាលើវិស័យ កសិកម្ម ស្រូវដំឡូងមី និងវិស័យឧស្សាហកម្ម ទេសចរជាដើម។

លោកបន្ថែមថា គោលបំណងដំណើរទស្សនកិច្ចលើទឹកដីខេត្តបន្ទាយមានជ័យឱកាសនេះជា ការសិក្សាស្វែងយល់បន្ថែមពីសក្តានុពលខេត្ត ប្រមូលព័ត៌មានថ្មីៗបន្ថែម និងពិនិត្យមើល លទ្ធផល បញ្ហាប្រឈមផ្សេងៗ ដំណើរការរបស់ក្រុមហ៊ុន រោងចក្ររបស់ជប៉ុនដែលបានកំពុងដំណើរការនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកថា ”អ្វីដែលជាសំណូមពររបស់ អភិបាលខេត្ត យើងនឹងខិតខំជួយជម្រុញ ផ្សព្វផ្សាយព័ត៌មាន ពីសក្តានុពលរបស់ខេត្តបន្ទាយមានជ័យ ជូនទៅកាន់បណ្តាវិនិយោគទុន ក្រុមហ៊ុនជាជប៉ុនទាំងដែលមានសកម្មភាពវិនិយោគនៅកម្ពុជា និងវិនិយោគបរទេសក្រោយពីមានការធូរស្រាលនៃវិបត្តិកូវីដ១៩នេះ” ៕

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគធំចំនួន៤ ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លាអាមេរិក នៅក្នុងខែមករានៃឆ្នាំ២០២២

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ វិនិយោគិននិងធុរជនរំពឹងថា ឆ្នាំ២០២២ជាឆ្នាំល្អសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចពាណិជ្ជកម្មកម្ពុជា។ ជាក់ស្ដែងនៅខែទី១នៃឆ្នាំ២០២២ មានគម្រោងវិនិយោគជាច្រើនត្រូវបានអនុម័តនិងចុះបញ្ជីចេញវិញ្ញាបនបត្រឱ្យវិនិយោគជាផ្លូវការនៅកម្ពុជា ក្នុងនោះ មានគម្រោងវិនិយោគធំៗចំនួន៤ត្រូវបានចុះបញ្ជីក្នុងខែមករា ឆ្នាំ២០២២នេះ។

តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចេញផ្សាយក្នុងខែមករា ឆ្នាំ២០២២កន្លងទៅ គម្រោងធំៗចំនួន៤ដែលទទួលបានវិញ្ញាបនបត្រ រួមមាន គម្រោងវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគសរុបចំនួន១២៩លានដុល្លារអាមេរិក។ គម្រោងធំទី២ គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន២៩៧លានដុល្លារអាមេរិក។ គម្រោងទី៣ គឺគម្រោងវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ៣៨៩លានដុល្លារអាមេរិក ។

ដោយឡែក សម្រាប់គម្រោងធំជាងគេដែលត្រូវបានអនុម័តនិងចុះបញ្ជីវិនិយោគជាផ្លូវការនោះគឺគម្រោងវិនិយោគកំពង់ផែទេសចរណ៍អន្តរជាតិ និងកំពង់ផែពហុបំណងនៅក្នុងខេត្តកំពត ដែលមានទុនវិនិយោគរហូតទៅដល់១៣០០លានដុល្លារអាមេរិក ដែលបង្កើតការងារបានរហូតដល់៥៩០នាក់។

តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែមករាឆ្នាំ២០២២នេះបានសបញ្ជាក់ឱ្យឃើញថាវិនិយោគិនក្នុងនិងក្រៅប្រទេសចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគឡើងវិញក្នុងប្រទេសកម្ពុជា ក្រោយពេលអន់ថយការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេស ក្រោយពេលរដ្ឋាភិបាលបានប្រកាសពីការបើកប្រទេសឡើងវិញ។

លោកស្រី ក្រី ម៉ាយ៉ាន ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តកំពង់ចាមបានឱ្យដឹងថា ឆ្នាំ២០២២នេះ សកម្មភាពនៃការវិនិយោគ នៅក្នុងខេត្តកំពង់ចាមចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ ជាពិសេសសកម្មភាពវិនិយោគពីអ្នកនៅក្នុងតំបន់ស្រាប់ ដោយពួកគេបានស្វែងរកទីតាំងសម្រាប់ជួលធ្វើអាជីវកម្ម ស្វែងរកដីត្រៀមក្នុងការអភិវឌ្ឍជាដើម។

លោកស្រីបន្តថា ដូចបានឃើញស្រាប់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចេញវិញ្ញាបនបត្រជាបន្តបន្ទាប់ជូនក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនៅក្រោយពិធីបុណ្យចូលឆ្នាំចិននេះ ការវិនិយោគទៅលើអចលនទ្រព្យក៏រំពឹងថនឹងទទួលបានកំណើនកាន់តែខ្លាំងដោយរំពឹងពីការហូរចូលនៃជនជាតិចិនមកកាន់កម្ពុជាឡើងវិញ។
យ៉ាងណាក្ដីអ្នកជំនាញនៃវិស័យអចលនទ្រព្យក្នុងក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា កញ្ញា គឹម គិនកេសា ថាការអភិវឌ្ឍអចលនទ្រព្យក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២នេះនៅតែរំពឹងលើវិនិយោគិនក្នុងស្រុកដដែល ខណៈវិនិយោគិនបរទេសនៅតែរារែកក្នុងការចូលមកកម្ពុជា ថ្វីត្បិតតែកម្ពុជាបានបន្ធូបន្ថយលក្ខខណ្ឌក្ដី ។ ការរារែកចូលមកកម្ពុជាដោយសារតែប្រទេសមួយចំនួនបន្តរឹតបន្តឹងវិធានការចេញចូលប្រទេសរបស់គេ ដូច្នេះនៅពេលពលរដ្ឋចាកចេញពីប្រទេសហើយត្រូវចូលទៅវិញនឹងតម្រូវធ្វើចត្តាឡីស័កក្នុងរយៈពេលណាមួយ៕

Tycoon Charoen Sirivadhanabhakdi’s Frasers Logistics To Sell Singapore Office Tower For $603 Million

Frasers Logistics & Commercial Trust (FLCT)—controlled by Thai billionaire Charoen Sirivadhanabhakdi’s Frasers Property—agreed to sell an office tower in the Singapore central business district for S$810.8 million ($603 million) as the company pivots towards warehouse assets amid an e-commerce boom.

The 15-story office block, called Cross Street Exchange, on the edge of the Raffles Place business district is being sold at a 28.3% premium to the property’s book value of S$632 million as of September 2021, the Singapore-listed real estate investment trust said Tuesday in a statement. It didn’t disclose the identity of the ultimate buyer. Real estate news website Mingtiandi reported today that Hong Kong-based private equity firm PAG is buying the property, which is among FLCT’s most valuable commercial assets.

“The divestment of Cross Street Exchange is transacted at an attractive premium over its book value, re-weighting our portfolio towards logistics and industrial properties,” Robert Wallace, CEO of FLCT’s manager, said in a statement. Once the divestment is completed by March this year, logistics and industrial assets will comprise about 67% of FLCT’s portfolio from 61%.

Demand for warehouse assets has been increasing amid a pandemic-induced e-commerce boom. While divesting some of its non-core assets, FLCT has also been bulking up its warehouse portfolio, buying six warehouse properties across Europe for S$548.7 million in May last year.

FLCT—which was formed from the merger of Frasers Property’s industrial and commercial REITs in 2020—owns and manages about S$7.3 billion worth of logistics and commercial assets across Australia, Germany, Singapore, the U.K., and the Netherlands.

Charoen, 77, took control of Frasers Property following his successful takeover of Fraser & Neave in 2013. He is also the controlling shareholder of Chang beer maker Thai Beverages. With a net worth of $12.7 billion, the self-made billionaire was ranked No. 3 when the list of Thailand’s 50 Richest was published in June.

Source: Forbs

គម្រោងសាងសង់ស្ពានពីតំបន់ព្រែកប្រាឆ្លងកាត់ទន្លេបាសាក់ស្ថិតនៅក្នុងផែនការអាទិភាពទី១

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងសាងសង់ស្ពានពីតំបន់ព្រែកប្រា ឆ្លងកាត់ទន្លេបាសាក់ទៅកាន់មហាវិថីសម្តេចតេជោ បានស្ថិតក្នុងផែនការអាទិភាព នៃកញ្ចប់ថវិ​កាជាតិសម្រាប់ឆ្នាំ២០២២។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹង កាលពីសប្តាហ៍មុនថា ដោយសារការលើកសំណើរបស់រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើឲ្យផែនការអភិវឌ្ឈន៍គំរោង ហេដ្ឋារចនាសម្ព័ន្ឋមួយចំនួន ផ្លាស់ប្តូរកម្រិតអាទិភាព។​ ជាក់ស្តែងគំរោងសាងសង់ស្ពានក្រចេះ តភ្ជាប់ទៅកាន់ស្រុកព្រែកប្រ​សព្វបានផ្លាស់ប្តូរមកអាទិភាពក្រោយ។

លោកបន្តថា “ដោយសារភាពចាំបាច់ ក្នុងការសម្រួលការធ្វើចរាចរ​ណ៍ បានធ្វើឲ្យគំរោងសាងសង់ស្ពានព្រែកប្រា ឆ្លងទន្លេបាសាក់លោតមកកាន់អាទិភាពទី១”។ លោកបន្តថា “ទោះជាយ៉ាងណា លោកមិនមានព៌តមានលំអិតពីគំរោងស្ពាននេះថា នឹងសាងសង់នាពេលណានោះទេ ព្រោះគំរោងនេះ ស្ថិតនៅក្រោមដែនរដ្ឋ​បាលក្រុងភ្នំពេញ”។

លោកវ៉ាស៊ីម សូរិយា បានបន្តថា ដោយសារថវិការបស់យើងនៅមាន​កម្រិត ទើបគំរោងអាទិភាពនានា ត្រូវផ្លាស់ប្តូរជាបន្តបន្ទាប់ ជាក់ស្តែងស្ពានឆ្លងកាត់ពីក្រុងកំពង់ឆ្នាំង ទៅកាន់ស្រុកកំពង់លែង ក៏បានផ្លាស់ប្តូរកម្រិតអាទិភាពផងដែរ ហើយគំរោងមួយចំនួនទៀត ក៏រុញទៅពេលក្រោយបន្តបន្ទាប់៕

វិភាគៈពេលវេលានៃការទន្ទឹងរង់ចាំ និងក្តីសង្ឃឹម

ដោយៈយិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ព្រះសីហនុៈ សម្លេងព្រះសង្ឃសូត្រធ៌មនៅវត្តលើ ក្រុងព្រះសីហនុនៅតែលាន់ឮរងំដដែល ហើយទិដ្ឋភាពជាក់ស្តែងនៃទីក្រុងនេះបាននិងកំពុងវិលមកកាន់សភាពដើមបន្តិចម្តងៗ ប៉ុន្តែវាទាមទារឲ្យអ្នកអត់ធ្មត់បន្តិច។

ប៉ុន្តែបើធៀបនឹងកាលពីឆ្នាំ២០១៦ អ្នកគួរទទួលនូវការអបអរសាទរ នូវអ្វីដែលជាសមិទ្ឋផលនាថ្ងៃនេះ ដែលប្រជាពលរដ្ឋកម្ពុជាស្ទើរ១០០ភាគរយ មិនដែលជឿថា ក្រុងជាប់មាត់សមុទ្រមួយនេះបានផ្លាស់ប្តូរលឿនបែបនេះឡើយ។

ប៉ុន្តែទីបំផុតអ្វីៗបានមកដល់ ហើយអ្វីដែលពលរដ្ឋកម្ពុជាមិនជឿ បានជឿ និងឃើញយ៉ាងប្រត្យក្រ។

ជាទីក្រុងធ្លាប់ស្ងប់ស្ងាត់ ក៏បានចាប់ផ្តើមមានភាពអ៊ូរអរបណ្តើរៗ ជាមួយកំនើនប្រជាពលរដ្ឋក្នុងស្រុក ពិសស​លំហូរជនជាតិចិន ដែលជាអ្នកជំនាញ និងអ្នកវិនិយោគ។ ប៉ុន្មានឆ្នាំជាបន្តបន្ទាប់ទីក្រុងនេះ កាន់តែមានសភាពគគ្រឹកគគ្រេង ផ្លូវដែលមិនដែលកកស្ទះចរាចរណ៍ មកជាកកស្ទះ ផ្ទះសំណាក់ សណ្ឋាគារបានឡើងថ្លៃ ចរន្តនៃការទិញលក់ដីធ្លីបានកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃព្រះធរណីក្នុងទីក្រុង និងតំបន់ជុំវិញទីក្រុងនេះ កើនឡើងខ្ពស់រហូតដល់១០០០ភាគរយឬលើសពីនេះ។

ព្រះអាទិត្យលិចនៅក្រុងព្រះសីហនុ និងត្រៀមរះឡើងវិញ
ជាមួយលំហូរជនជាតិចិន មានទាំងអ្នកល្អ និងក្រុមអ្នកលេងបានធ្វើ ឲ្យរដ្ឋាភិបាល សម្រេចចិត្តយ៉ាងតក់ក្រហល់ ដើម្បីបិទហ្គេមឡនឡាញ ជាអាជីវកម្មកាស៊ីណូ ដែលបានធ្វើឲ្យទីក្រុងនេះលេចឡើង នូវពន្លឺភ្លើងព៌ណ ប្រៀបដូចជាទីក្រុងម៉ាកាវ ប្រទេសចិន ស្របពេលវត្តមានអាគារខ្ពស់ៗកើនឡើងដូចផ្សិត និងលូតទៅលើមេឃជារៀងរាល់ថ្ងៃ។

សម្លេងកម្មករ និងឧបករណ៍ទំនើបនានា ដើម្បីលើកដែក ស៊ីម៉ងត៍នៅតាមការដ្ឋានសំណង់ បានលាន់លឺពេញទីក្រុងនេះ ខណៈប្រជាជនមូលដ្ឋាន អ្នកវិនិយោគក្នុងស្រុក កម្មករ អ្នករត់តុក តុក និងប្រជាពលរដ្ឋធ្លាប់ក្រីក្រ បានក្លាយជាអ្នកមានយ៉ាងឆាប់់រហ័ស ដោយសារលក់ដីរបស់ពួកគេ។

៥ឆ្នាំអ្វីៗបានផ្លាស់ប្តូរទាំងស្រុង
ទីក្រុងដែលធ្លាប់តែមានអាគារខ្ពស់បំផុត១០ជាន់នេះ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ជាមួយនឹងវត្តមានអាគារកប់ពពកកំពស់ពី៥ជាន់ ដល់៥៣ជាន់កើនឡើងដល់៦០៤អគារ ដោយទាក់ទាញលំហូរទុនវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ ពិសេសអ្នកវិនិយោគចិនប្រមាណ៨០០០លានដុល្លារអាមេរិក។

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានទៅកាន់ដំណែងជាថ្នាក់ដឹកនាំខេត្តនេះ បន្ទាប់ពីអគារសាងសង់គ្មានស្តង់ដាបច្ចេកទេសមួយបានដួលរលំ បានមានប្រសាសន៍ថា ការគ្រប់គ្រង និងអភិវឌ្ឍន៍លើវិស័យសំណង់ នៅទូទាំងខេត្តព្រះសីហនុ គឺមានភាពរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់ ជាពិសេសបានទាក់ទាញលំហូរទុនវិនិយោគ នៅក្នុងវិស័យនេះបានរហូតដល់ជិត៨០០០លានដុល្លារ។

លោកបញ្ជាក់ថា “គិតចាប់ពីឆ្នាំ២០១៧ រហូតដល់ខែឧសភា ឆ្នាំ២០២០កន្លងទៅនេះ កំនើនគម្រោងសាងសង់នៅទូទាំងខេត្ត ដែលទទួលបានលិខិតអនុញ្ញាត មានចំនួន១៣៥៥គម្រោង នៅលើផ្ទៃក្រឡាសំណង់សរុប១៣.១០៧.២០៩ ម៉ែត្រការ៉េ ដែលមានទុនវិនិយោគសរុប៧០៩៩លានដុល្លារសហរដ្ឋអាមេរិក។

ស្វាគមន៍ទេសចរណ៍ និងវិនិយោគិនជាមួយហេដ្ឋារចនាសម្ព័ន្ឋថ្មីទាំងស្រុង ជាមួយនឹងគោលដៅប្រែក្លាយទីក្រុងនេះ ជាទីក្រុងនៃការអភិវឌ្ឍបែបពហុបំណង តាមលំនាំទីក្រុងស៊ិនជិន ប្រទេសចិន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានធ្វើវិភាជន៍ថវិកា ប្រមាណ៣០០លានដុល្លារអាមេរិក ដើម្បីសាងសង់ផ្លូវចំនួន៣៤ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ប៉ុន្តែគំរោងនេះមិនគ្រប់គ្រាន់ទេ ដោយរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបន្ថែម​ការស្ថាបនាផ្លូវថ្មីចំនូន១២ខ្សែបន្ថែមទៀត ដើម្បីប្រែក្លាយ និងពង្រីកសក្តានុពលខេត្តនេះឲ្យបានពេញលេញ។

ជាលទ្ឋផលរហូតមកទល់ពេលនេះ ក្រុងព្រះសីហនុ បានផ្លាស់ប្តូរមុខមាត់ទាំង​ស្រុង ទាំងហេដ្ឋារចនាសម្ព័ន្ឋ ទាំងវត្តមានអាគារកប់ពពក ទាំងការផ្លាស់ប្តូរជីវភាពរបស់ប្រជាពលរដ្ឋ និងផែនការអភិវឌ្ឍថ្មី បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន​បានបង្កើតគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំធ្វើឲ្យទីក្រុងនេះ ក្លាយជាទីក្រុងទំនើ​ប ស៊ីវិល័យ និងទាក់ទាញអ្នកវិនិយោគជាតិ អន្តរជាតិកាន់តែច្រើនថែមទៀតនាពេលអនាគត។

ត្រលប់ទៅកាន់អតីតកាល កាលពីឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានដាក់ទីក្រុងនេះ ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ជាលើកដំបូង ហើយទីក្រុងនេះបានស្ថិត​នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់១ និងផ្លូវ១ របស់រដ្ឋាភិ​បាលចិន។

មូលដ្ឋាននៃបណ្តុំមូលដ្ឋានសក្តានុពលសេដ្ឋកិច្ច
តាមរយៈគោលនយោបាយ និងចក្ខុវិស័យដ៏មុតស្រួច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហេដ្ឋារចនាសម្ព័ន្ឋធំៗលំដាប់អន្តរជាតិ បានចាប់ផ្តើមវិនិយោគ ជាក់ស្តែងផ្លូវរថភ្លើ​ង​ត្រូវបាន ដាក់ឲ្យដំណើរការយ៉ាងលឿន ពិសេសហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបានបញ្ចប់ និងកំពុងសាងសង់ ដូចជា ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលបានពង្រីករហូតដល់៣២០០ម៉ែត្រ សំរាប់ផ្លូវរត់របស់យ​ន្តហោះ ដែលអនុញញ្ញាត្តឲ្យយន្តហោះ​ខ្នាតធំអាចចុះចតបាន និងផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តភ្នំពេញ ខេត្តព្រះសីហនុបាននិងកំពុងសាងសង់យ៉ាងសកម្ម។

អ្វីកាន់តែពិខសេសរដ្ឋាភិបាល ក៏បានអនុញ្ញាត្តឲ្យក្រុមហ៊ុនចិន សិក្សាលទ្ឋភាព ដើម្បីស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តនេះផងដែរ។

កំពង់ផែទឹកជ្រៅតែមួយគត់ នឹងត្រូវអភិវឌ្ឍន៍នៅជំហ៊ានទី៣ នៅឆ្នាំ២០២២ខាងមុខ ដែលមានជម្រៅទឹក១៨ម៉ែត្រ និងអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពិភព​លោកអាចចូលចតបាន ដែលធ្វើឲ្យកម្ពុជាកាន់តែមានឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ដោយកាត់បន្ថយការពឹងផ្អែកប្រទេ​សជិតខាង។

តារារះនាទិសនារតី
ក្រៅពីផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងការគាំទ្ររបស់វិស័យឯកជន ខេត្តព្រះសីហនុក៏មានគ្រាប់ពេជ្រដ៏អស្ចារ្យ ដូចខេត្តជាប់តំបន់ឆ្នេរដទៃទៀត គឺឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានដាក់បញ្ចូលក្នុងក្លឹប “ឆ្នេរស្អាតជាងគេលើពិភពលោក”ផងដែរ ដោយ​សារតំបន់ឆ្នេរកម្ពុជា ពិសេសកោះរ៉ុង និងកោះរ៉ុងសន្លឹម កោះសន្យា កោះក្របី កោះតាគៀវ កោះឬស្សីជាដើម សុទ្ឋតែស្ថិតក្នុងបញ្ជីរឆ្នេរស្អាត និងល្បីល្បាញលើពិភពលោក។

សម្បត្តិធម្មជាតិ ដែលចាយមិនចេះអស់នេះ មិនទាន់ប្រើប្រាស់អស់លទ្ឋភាពនៅឡើយ ដោយសារការផ្សព្វផ្សាយ និងធនធានមនុស្សនៅមានកម្រិត។

ព្រះសូរិយាត្រៀមនឹងរះចែងចាំងឡើងវិញ

ព្រះអាទិត្យថ្មី ត្រៀមរះនៅក្រុងព្រះសីហនុជាថ្មី បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប៉ុន្តែការគ្របដណ្តប់លើការចាក់វ៉ាក់សាំងយ៉ាងលឿន បានធ្វើឲ្យកម្ពុជាលើកពានថ្មីមួយ ដែលអាចចាក់វ៉ាក់សាំងបានលឿនជាងគេក្នុងតំបន់ បើទោះបីប្រទេសនេះស្ថិតនៅក្នុងនាមជាប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតទាបក្តី។

អ្នកវិនិយោគចិន និងអន្តរជាតិដទៃទៀត ដែលបានចាក់លុយរបស់ពូកគេនៅទីក្រុងនេះ រាប់រយលានដុល្លារបានត្រៀមវេចបង្វិច មកមើលគំរោងរបស់ពូកគេ និងទាញលុយត្រលប់ទៅវិញ (Return of Investment) ខណៈគោលនយោបាយរបស់កម្ពុជា កាន់តែបើកចំហរ ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ចិនកាន់តែស្អីតរមួត បន្ទាប់ពីប្រទេសទាំងពីរបានផ្លាស់ប្តូរពីមិត្តភាពធម្មតា មកជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ និងកំពុងប្រែក្លាយជា “សហគមន៍ពីរ វាសនាតែមួយ”។

ការរីកចម្រើនរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីចិនឡើយ ដោយរដ្ឋាភិបាល និងអ្នក​វិនិយោគចិនបាន និងកំពុងពង្រីកមូលដ្ឋាន នៃការយល់ដឹងពីគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ក្នុងនាមជាមិត្តដែកថែប ដែលមិនអាចបំបែកបាន។

សម្លេងភ្លេងការចាប់ផ្តើមប្រគុំឡើងវិញហើយ ក្រោយពេលកម្ពុជាទទួ​ល​បានជោគជ័យ ក្នុងការប្រយុទ្ឋនឹងជំងឺកូវីដ១៩ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសឈានមុខគេនៅតំបន់អាស៊ី ក្នុងនាមជាដែនដីមួយដែលមានភាពបើកចំហ ជាលើកដំបូងដោយទទួលភ្ញៀវអន្តរជាតិ ចូលមកកាន់ប្រទេសនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក។

បទបាយខុនចងដៃ ហាក់បាននិងកំពុងអន្ទងទឹកចិត្ត អ្នកវិនិយោគជាតិ អន្តរជាតិសម្លឹងមកកាន់ទីនេះ ខណៈវិនិយោគិនចិនមួយចំនួនបាន វេចបង្វិចមកដល់ក្រុងនេះបណ្តើរៗឡើងវិញហើយ ដើម្បីមកប្រគុំសូរសៀងដែលច្របាច់បញ្ចូលគ្នារវាងសម្លេងពិន និងឃឹមខ្មែរ ដែលមានសូរសៀងប្រហាក់ប្រហែលគ្នា៕

ផែនការពង្រីករាជធានី ឱកាស និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រដ្ឋាភិបាលបានដាក់ផែនការ ក្នុងការពង្រីកផ្ទៃរាជធានីភ្នំពេ​ញ ក្នុងកាំរងង្វង់៣០គីឡូម៉ែត្រក្រឡា នៅត្រឹមឆ្នាំ២០៣៥ខាងមុខ ដែលធ្វើឲ្យអ្នករស់នៅជាយរាជធានី ដែលជាដែនដីគ្រោងកាត់ចូល ដែនរដ្ឋបាលក្រុងលេបទឹកមាត់។

ហេតុអ្វីត្រូវលេបទឹកមាត់? មូលហេតុគឺដោយសារកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ ការកើនឡើងតម្លៃដីធ្លីជាស្វ័យប្រវត្តិ​ ទី២ ហេដ្ឋារចនាស ម្ព័ន្ឋសំខាន់ៗ នឹងទៅដល់មាត់ទ្វារផ្ទះរបស់ពួកគេ ទី៣ ការរីកចម្រើនសេដ្ឋកិច្ចមូលដ្ឋាន នឹងមានភាពល្អប្រសើរឡើង និងទី៤ ពួកគេក្លាយជាប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយ ដែលកាន់តែធ្វើឲ្យគុណភាពជីវិតរបស់ពួកគេប្រសើរឡើង និងរស់នៅប្រកបដោយភាពស៊ីវិល័យ។

អ្នកជំនាញបានមើលឃើញរួចហើយថា តម្លៃដីធ្លីបានហក់ឡើ​ងខ្ពស់ នៅពេលរដ្ឋាភិបាលប្រកាសពីផែនការ ប្រើប្រាស់ប្លង់គោលដីធ្លី សម្រាប់ឆ្នាំ២០៣៥ខាងមុខ ដែលផែនការនេះនឹងកាត់បញ្ចូល ភាគខាងជើងនៃខេត្តកណ្តាល ស្ទើរតែទាំងអស់ចូលមកក្នុងផែនរដ្ឋបាលរាជធានី។

ទោះជាយ៉ាងណា លោកប៉ូ អ៊ាវគង់ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Advance មិនសូវមានសុទិដ្ឋិនិយមពីល្បឿន នៃ​ការរីកចម្រើននោះទេ ដោយលោកបានមានប្រសាសន៍ថា ការពង្រីកក្រុងភ្នំពេញ វាអាចលឿនរហ័ស អាស្រ័យលើកំណើនប្រជាជនលឿន ឬយឺតដូចគ្នា។ បើសិនជាកំនើនលឿន លទ្ធភាពនៃការពង្រីកក៏កាន់តែលឿនដែរ តែបើសិនជាកំណើនប្រជាជន នៅរាជធានីភ្នំពេញកើនយឺត ក៏លទ្ធភាពនៃការពង្រីករាជធានីក៏យឺតដូចគ្នាដែរ ។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត ខ្ញុំគិតថា ទឹកដីរាជធានីវាមិនអាចពង្រី​កឱ្យផុតទឹកដីខេត្តកណ្ដាលទេ បើយើងគិតតាមប្រជាសាស្ត្រ ពីព្រោះការពង្រីក ការពង្រីកក្រុង ដើម្បីឱ្យវាមានប្រសិទ្ធភាព គឺទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធ និងការរៀបចំប្លង់មេត្រឹមត្រូវ”។ លោកបន្ថែមថា “បើពុំមានផែនការច្បាស់លាស់ទេ ការបង្កើតក្រុងមានឈ្មោះតែនៅក្នុងក្រុងភ្នំពេញ តែការរស់នៅវិញគឺមិនខុសពីនៅខេត្តទេ”។

ជាមួយគ្នានេះ លោកឧកញ៉ាកាង សុធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Land Station ក៏បានលើកឡើងផងដែរថា ការពង្រីករាជធានីភ្នំពេញ អាចធ្វើទៅបានគឺមានតែការកាត់យកដី ខេត្តនៅជាប់រាជធានីភ្នំពេញ មកស្ថិតនៅក្រោមការគ្រប់គ្រង របស់រដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះ ។

លោកបន្តថា “នៅពេលរដ្ឋាភិបាលពង្រីកទីក្រុងភ្នំពេញ ជាបន្តបន្ទាប់ នឹងធ្វើឱ្យសក្ដានុពលដីធ្លី នៅតំបន់ជាប់រាជធានីភ្នំពេញ ស្ទុះងើបមួយកម្រិតទៀតផងដែរ”។

ខេត្តជាប់រាជធានីភ្នំពេញ នៅពេលនេះគេអាចរកទិញបានក្នុងតម្លៃមួយទាប ប៉ុន្តែនៅពេលដែលមានការពង្រីករាជធានីភ្នំពេញ តម្លៃដីធ្លីនឹងមានការកើនឡើងទ្វេដង ឬអាចច្រើនជាងនេះបន្ថែមទៀត អាស្រ័យទៅលើ​សក្ដានុនៃតំបន់ទាំងនោះ។

ជាក់ស្ដែងតម្លៃដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីមុនគេឃើញថា ក្នុងកម្រិតមួយទាប ហើយក៏មិនសូវមានអ្នកចាប់អារម្មណ៍ដែរ តែពេលដែលមានការអភិវឌ្ឍឡើង តម្លៃដីធ្លីក៏ហក់ងើបឡើងជាមុនគួរឱ្យកត់សម្គាល់ផងដែរ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ថា ជានិន្នាការធម្មតា ដែលរដ្ឋាភិបាលត្រូវពង្រីកទីក្រុងបន្ថែម ព្រោះពីមុនរដ្ឋាភិបាលធ្វើយ៉ាងណាទាក់ទាញ ប្រជាពល​រដ្ឋមករស់នៅទីក្រុងចាស់ (ដែនដីបច្ចុប្បន្ននៃរាជធានីភ្នំពេញ) ដើម្បីឲ្យប្រជាពលរដ្ឋមករស់នៅច្រើន ដើម្បីជំរុញសកម្មភាបសេដ្ឋកិច្ច។

លោកបន្តថា ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ មានមនុស្សរស់នៅច្រើនហើយ ការកកស្ទះចរាចរណ៍កាន់តែអាក្រក់ ហេតុនេះរដ្ឋាភិបាលចាំាំបាច់ត្រូវផ្លាស់ប្តូររោងចក្រ សហគ្រាសទៅតំបន់ជាយក្រុង ហើយត្រូវពង្រីករាជធានីភ្នំពេញបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការរីកចម្រើន ផ្នែកនគរូបនីយកម្មផង និងឆ្លើយតបនឹងកំនើនប្រជាពលរដ្ឋផង។

ទោះជាយ៉ាងណាអ្នកជំនាញដទៃទៀត បានមើលឃើញផងដែរថា ការពង្រីករាជធានីជារឿងល្អប្រសើរមួយ ប៉ុន្តែរាជរដ្ឋាភិបាលនឹងរងសម្ពាធខ្លាំងផងដែរ ដែលត្រូវវិភាជន៍ថវិកាជាតិ សាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានាទាំងទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវថ្នល់ ពិសេសបើសិនជាមិនបានរៀបចំផែនទីប្រើប្រាស់ដីបានលំអិតទេ ការអភិវឌ្ឍន៍រាជធានី នឹងមិនទទួលបានសោភ័ណភាព និងររបៀបរៀបរយ សមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុងប្រកបដោយភាពស៊ីវិល័យនោះទេ៕

មហាវិថីឈ្នះ ឈ្នះ ក្លាយជាតំបន់អភិវឌ្ឍន៍បុរីកាន់តែមានប្រជាប្រិយភាព

ដោយៈគង់ សូរិយា

ភ្នំពេញៈ តំបន់ស្ថិតនៅជាប់់មហាវិថីឈ្នះ ឈ្នះបាននិងកំពុងក្លាយជាទីតាំងអភិវឌ្ឍន៍ សាងសង់បុរីយ៉ាងសកម្ម ខណៈសកម្មភាពរថយន្តដឹកដីបាននិងកំពុងធ្វើសកម្មភាពចាក់ដីយ៉ាងសកម្មនៅតំបន់នេះ។

តំបន់ស្ថិតនៅសងខាងមហាវិថីនេះ ពីមុនសុទ្ឋតែជាផ្ទៃបឹង ប៉ុន្តែបច្ចុ​ប្បន្នផ្ទៃបឹងកប់ស្រូវ ឬបឹងតាមោឃ ស្ថិតនៅចំណុចនៃគម្រោងសាងសង់ផ្សារដើមគរ ដើម្បីធ្វើជាទីតាំបោះដុំបន្លែ បាននិងកំពុងក្លាយជាទីតាំងសាងសង់បុរីយ៉ាងសកម្ម ប៉ុន្តែធូរលីដីបាននិងកំពុងរំខាន ដល់ការរស់នៅតំបន់នេះផងដែរ។

ជាមួយគ្នានេះ បុរីវិមានសំណាងទំហំជាង២០ហិកតា បាននិងកំពុងលេចវត្តមាននៅតំបន់នេះផងដែរ ដែលបុរីនេះសាងសង់លំនៅដ្ឋានសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ រហូតដល់កម្រិតអភិជន។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះ ឈ្នះពីចំណុចប្រសព្វមហាវិថីហាណូ​យ រហូតដល់ផ្លូវជាតិលេខ៤ កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ ឲ្យដឹងកាលពីថ្ងៃទី៣១ មករាកន្លងមកថា ដោយសារការរីកចម្រើននៃរាជធានីភ្នំពេញ និងកំណើនប្រជាពលរដ្ឋប្រចាំឆ្នាំ ចូលមករស់នៅទីក្រុងនេះចន្លោះពី២៥ ទៅ៣០ម៉ឺននាក់ជារៀងរាល់ឆ្នាំ បានធ្វើឲ្យរាជធានីភ្នំពេញត្រូវពង្រីកជាប្រចាំ ហេតុនេះការពង្រីកការអភិវឌ្ឍន៍៍របស់ផ្នែកឯកជន ទៅកាន់តំបន់នេះ មិនមែនជារឿងចៃដន្យនោះទេ។

លោកបន្តថា “កំណើនប្រជាសាស្រ្ត បានផ្សារភ្ជាប់ជាមួយនឹងការរីកចម្រើនផ្នែកនគរូបនីយកម្ម ហេតុនេះការរីកចម្រើននៃរាជធានីភ្នំពេញ ទៅកាន់ទិសទាំងបួន នឹងកាន់តែធំធាត់ឡើង”។ លោកបន្តថា “ហេតុនេះហើយទើបរាជរដ្ឋាភិបាល នឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់ ៣០គីឡូម៉ែត្រក្រឡានៅឆ្នាំ២០៣៥ខាងមុខនេះ”។

លោកយិន លាងគង់បានបន្តថា ការរីកចម្រើនក្រុងភ្នំពេញ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល ពិសេសការរុញក្រសួង និងស្ថាប័នជាតិមួយចំនួនទៅកាន់តំបន់កប់ស្រូវ នឹងធ្វើឲ្យតំបន់នេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅរយៈពេល៣ទី៥ឆ្នាំខាងមុខនេះ ពិសេសតំបន់នេះនឹងក្លាយជា CBD (តំបន់អភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្ម) ថ្មីមួយនាពេលអនាគត៕

ក្រុមហ៊ុន AirAsia Group ប្តូរឈ្មោះទៅជាក្រុមហ៊ុន Capital A

ដោយ៖ សុធារី

កូឡាឡាំពួ៖ ក្រុមហ៊ុន AirAsia Group របស់ប្រទេសម៉ាឡេស៊ីបានឱ្យដឹងថា ក្រុមហ៊ុនបានប្តូរឈ្មោះក្រុមហ៊ុនហូលឌីងដែលចុះបញ្ជីនៅផ្សារហ៊ុនរបស់ខ្លួនទៅជាឈ្មោះ Capital A ខណៈក្រុមហ៊ុនព្យាយាមស្វែងរកប្រាក់ចំណូលពីវិស័យមិនមែនអាកាសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ កាលចុងសប្តាហ៍កន្លងមក។

លោក Tony Fernandes អគ្គនាយកក្រុមហ៊ុន Capital A បានថ្លែងថា ការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនពន្លឿនផែនការពង្រីកការលូតលាស់នៅក្រៅអាជីវកម្មអាកាសចរណ៍។

កាសែត CNA បានរាយការណ៍ថា ក្រុមហ៊ុនអាកាសចរណ៍ដែលស្ថិតនៅក្រោមចំណុះឱ្យក្រុមហ៊ុន Capital A នៅតែរក្សាឈ្មោះ AirAsia ដដែល ប៉ុន្តែក្រុមហ៊ុនហូលឌីងដែលជាក្រុមហ៊ុនមេនេះនឹងផ្តោតកាន់តែខ្លាំងលើការពង្រីកអាជីវកម្មផ្សេងទៀតដូចជា ឡូជីស្ទិក វិស្វកម្មយន្តហោះ មូលធនបណ្តាក់ទុនរួមគ្នា ការអប់រំ និងកម្មវិធីទូរស័ព្ទសម្រាប់ការទូទាត់ ការធ្វើដំណើរ និងជីវិតកម្សាន្ត។

លោក Fernandes បានថ្លែងថា “វាជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលកំណត់ជាសម័យថ្មីមួយសម្រាប់ក្រុមហ៊ុន។ ការប្រកាសនៅថ្ងៃនេះគឺដើម្បីប្រាប់ពិភពលោកថា យើងមានអាជីវកម្មលើសពីអាកាសចរណ៍”។

លោករំពឹងថា អាជីវកម្មមិនមែនអាកាសចរណ៍នឹងចូលរួមចំណែកពាក់កណ្តាលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនហូលឌីងនៅត្រឹមឆ្នាំ២០២៦។ ដូចទៅនឹងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែរ ក្រុមហ៊ុន AirAsia បាននឹងកំពុងតស៊ូរស់ទាំងត្រដាបត្រដួស ខណៈដែលព្រំដែនថ្នាក់តំបន់បានបិទដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ផ្សារភាគហ៊ុនម៉ាឡេស៊ីកាលពីដើមខែនេះបានចាត់ថ្នាក់ក្រុមហ៊ុនអាកាសចរណ៍នេះថាជាក្រុមហ៊ុនកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុ៕