អាមេរិកស្រែកឡាំប៉ាមិនសុខចិត្ត ពេលWTOកាត់ក្ដីឱ្យមហាយក្សចិន ឈ្នះខ្លួនយ៉ាងអាម៉ាស់ក្នុងក្ដីក្ដាំពន្ធនាំចូល

ដោយៈសុខុម

ហ្សឺណែវៈ អង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីថ្ងៃពុធ ទី២៦ បានសម្រេចឱ្យប្រទេសចិនឈ្នះជាថ្មី ដោយអនុញ្ញាតឱ្យមហាយក្សអាស៊ី មួយនេះយកពន្ធលើទំនិញនាំចូលរបស់សហរដ្ឋអាមេរិក ដែលមានទំហំ៦៤៥លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងក្ដីក្ដាំពន្ធដ៏រ៉ាំរ៉ៃជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។

សហរដ្ឋអាមេរិក ដែលមិនអាចប្តឹងជំទាស់នឹងការសម្រេចចិត្តនេះបាន មិនសប្បាយចិត្តយ៉ាងខ្លាំង ហើយបានស្រែកឡាំប៉ាកើតទុក្ខមិនសុខចិត្ត ដោ​យចាត់ទុកសេចក្ដីសម្រេចនេះថា “គួរឱ្យខកចិត្តបំផុត”។

សហរដ្ឋអាមេរិក ថែមទាំងនិយាយទៀតថា ខ្លួននឹងជំរុញឱ្យធ្វើវិសោ​ធនកម្ម លើវិធាននានារបស់អង្គការWTOទៀតផង ហើយបានចោទប្រកាន់ធ្ងន់ៗថា អង្គការWTOត្រូវបានគេប្រើប្រាស់ដើម្បី “ធ្វើជាខែលការពារ” ប្រទេសចិន។

មជ្ឈត្តករ (អាជ្ញាកណ្តាល) មួយរូបនៅអង្គការ WTO បានសម្រេចថា “ដោយផ្អែកលើទឡ្ហីករណ៍ និងភ័ស្តុតាងរបស់គូភាគី យើងបានកំណត់ថា កម្រិតពន្ធ ដែលត្រង់បង់ក្នុងមួយឆ្នាំៗ ចំនួន៦៤៥,១២លានដុល្លារ គឺជាចំនួនសមស្រប”។

តួលេខពន្ធដែលសហរដ្ឋអាមេរិក ត្រូវបង់ឱ្យទៅប្រទេសចិន នេះត្រូវបានលាតត្រដាងក្នុងសេចក្តីសម្រេចកម្រាស់៨៧ទំព័រ ដែលសម្រេចដោយមជ្ឈត្តករមួយរូបរបស់អង្គការWTOស្តីពី កម្រិតនៃវិធានការតបតដែលរដ្ឋាភិបាលក្រុងប៉េកាំង អាចស្នើសុំបាននៅក្នុងជម្លោះរបស់ខ្លួន ជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងការយកពន្ធសងសឹក របស់សហរដ្ឋអាមេរិក ដាក់លើផលិតផលមួយចំនួនរបស់ប្រទេសចិន។

ជម្លោះពន្ធនេះ បានអូសបន្លាយតាំងពីឆ្នាំ២០១២ មកម៉្លេះដែលពេលនោះអង្គការWTO បានបង្កើតក្រុមអ្នកជំនាញ ដើម្បីព្យាយាមដោះស្រាយពាក្យបណ្តឹង ដែលដាក់ប្តឹងដោយប្រទេសចិន ដោយប្រទេសចិនបានអះ​អាងក្នុងពាក្យបណ្ដឹងនោះថា សហរដ្ឋអាមេរិក បានកំណត់យកពន្ធលើទំនិញនាំចូលរបស់ខ្លួនដោយមិនត្រឹមត្រូវ៕  Bangkok Post៕

សាជីវកម្មធានាឥណទានកម្ពុជាទិញមូលបត្របំណុល៨០០០លានរៀលពីCAIC ដើម្បីអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោ

ដោយ៖ វឌ្ឍនៈ 

ភ្នំពេញ ៖ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសទិញមូលបត្របំណុលរបស់ក្រុមហ៊ុនCAIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោចំនួន៨០០០លានរៀលឬប្រមាណ២លានដុល្លារអាមេរិក ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋាននេះ ឱ្យបានលឿនរហ័ស ។

ពិធីចុះហត្ថលេខារវាងក្រុមហ៊ុនទាំងពីរបានធ្វើឡើងនៅរសៀលថ្ងៃទី២៧ មករា ២០២២ ដោយលោកឧកញ៉ាCharles Vann អគ្គនាយករងនៃ CAIC និងលោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ាពុង ឃាវសែប្រធានក្រុមប្រឹក្សាភីបាលនៃ OCIC និងលោកម៉ី វ៉ាន់រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ ។

ក្នុងសេក្ដីប្រកាសព័ត៌មានរួមរវាងក្រុមហ៊ុនទាំងពីរឱ្យដឹងថា ទឹកប្រាក់វិនិយោគ ដែលទទួលបានពីសញ្ញាបណ្ណនេះ នឹងត្រូវប្រើប្រាស់សម្រា់បការសាងសង់និងអភិវឌ្ឍន៍គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅខេត្តកណ្ដាល ដែលមកពេលនេះគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយនេះ សម្រេចបានជាង៣០ភាគរយហើយ ដោយចំណាយទឹកប្រាក់សាងសង់សរុបអស់ជាង៣៩០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលថ្លៃដីដែលទិញសម្រាប់សាងសង់គម្រោងនេះនៅឡើយទេ ។

សេចក្ដីប្រកាសឱ្យដឹងថា រាល់ការទិញសញ្ញាបណ្ណពី ធនាគារក៏ដូចជាក្រុមហ៊ុនលើការវិនិយោគ របស់អាកាសយានដ្ឋានអន្តរជាតិនឹងទួលបានអត្រាការប្រាក់៥,៥ភាគរយក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ដែលត្រូវបានធានាដោយក្រុមហ៊ុនOCIC ។

លោកWong Keet Loong អគ្គនាយកនៃ CGCC បានមានប្រសាសន៍ឱ្យដឹងថា ការវិនិយោគលើសញ្ញាបណ្ណនេះ គឺជាផ្នែកមួយនៃការធ្វើពិពិធកម្មនៃការវិនិយោគរបស់CGCC ទៅលើសញ្ញាបណ្ណផ្សេងក្រៅពីការដាក់ប្រាក់បញ្ញើ ។ លោកថា”ពួកយើងពិតជាមានក្ដីសោមនស្សនៅក្នុងការវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាការចូលរួមចំណែកមួយក្នុងការកសាងកិត្តិយសរបស់ប្រទេសកម្ពុជា ” ។

គម្រោងធំៗចំនួន៨គម្រោងត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលខាងមុខនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានប្រសាសន៍ថា គម្រោងធំៗចំនួន៨គម្រោងត្រៀមសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលខាងមុខនេះ។

លោកបានឱ្យដឹងដូចនេះ ក្នុងកម្មវិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងារ សាធារណការ និងដឹកជញ្ជូនឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ដែលបានធ្វើឡើងក្រោមប្រធានបទ “ការធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងការងារសាងសង់ ថែទាំផ្លូវឱ្យមានគុណភាព ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប”។

គម្រោងទាំងនោះរួមមាន៖
១. គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែ ក្នុងក្រុងសៀមរាប មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបជាង ១៤៩លានដុល្លារអាមេរិក បានបញ្ចប់ការសាងសង់១០០ភាគរយ តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

២. គម្រោងស្ថាបនាផ្លូវចំនួន១១ខ្សែ និងផ្លូវជាតិលេខ១៤៦បេ ក្នុងក្រុងព្រះសីហនុ គិតមកដល់ពេលនេះសម្រេចបាន ៧៦,៤៨%។ គម្រោងផ្លូវចំនួន១១ខ្សែនេះចំណាយថវិកាចំនួន១០០លានដុល្លារអាមេរិកនិងមានប្រវែងជាង៥៨គីឡូម៉ែត្រ។ ចំណែកកំណាត់ផ្លូវខេត្តលេខ១៤៦បេ នេះមានប្រវែងសរុប៤៣គីឡូម៉ែត្រ លាតសន្ធឹងចាប់ពីបំបែកផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅស្រុកព្រៃនប់ដល់រង្វង់មូលស្ទឹងហាវ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ។

៣. គម្រោងសាងសង់ពង្រីកផ្លូវជាតិលេខ៣(ចោមចៅ-ក្រុងកំពត) គម្រោងនេះមានប្រវែងប្រមាណ១៣៤គីឡូម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC)និងបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៨ និងគ្រោងបញ្ចប់ក្នុងខែតុលា ឆ្នាំ២០២២ ដោយប្រើរយៈពេល៤៨ខែ ដោយក្នុងនោះ ប្រវែង៦៩គីឡូម៉ែត្រ ចាប់ពីចោមចៅដល់បែកគុស ត្រូវសាងសង់ជាផ្លូវ៤គន្លង (២ទៅ២មក) និងចាប់ពីបែកគូសដល់ទីរួមខេត្តកំពត ប្រវែង ៦៥,៧៩៦ គីឡូម៉ែត្រ ត្រូវសាងសង់ជាផ្លូវ២គន្លង(១ទៅ១មក)។ គម្រោងនេះចំណាយថវិកាប្រមាណជាង២១៥លានដុល្លារអាមេរិកក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

៤. គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គ.ម។ មកដល់ពេលនេះ បាននិងកំពុងសាងសង់សម្រេចបាន ៨០% ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ ជាថវិកាវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគប្រមាណ២ពាន់លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិនប្រមាណ១៥០លានដុល្លារ។

៥. គម្រោងស្តារឡើងវិញផ្លូវជាតិលេខ២១ (តាខ្មៅ-ជ្រៃធំ) មានប្រវែងសរុបប្រមាណ៣គីឡូម៉ែត្រចាប់ពីផ្លូវបំបែក ផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រទឹកដីខេត្តកណ្តាល។ គម្រោងបានចាប់អនុវត្តតាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១មក គិតរហូតមកទល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបាន៩៥%ហើយ។

៦. គម្រោងសាងសង់ផ្លូវជាតិលេខ៥១ ផ្លូវនេះមានប្រវែងសរុប ៣៧,៩៥គីឡូម៉ែត្រ គិតចាប់ពីផ្លូវបំបែកឧដុង្គ (ផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ផ្លូវជាតិលេខ៤) សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ចំណាយថវិកាអស់ជាង ៤០,៨៨លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

៧. គម្រោងសាងសង់ផ្លូវជាតិលេខ៧(ខ្លាស្ទុះ-ឃុំរមាត) ក្រាលបេតុងកៅស៊ូប្រវែង ១៦៤គ.ម គិតមកដល់ពេលនេះ សម្រេចបាន៩១% ដោយលើកកម្ពស់គុណភាពផ្លូវពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាបេតុងកៅស៊ូ បែងចែកជាបីការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៣៦ខែ សាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាសរុបប្រមាណ ៣៦លានដុល្លារអាមេរិក។

៨. គម្រោងសាងសង់ស្ពានចំនួន០៧កន្លែង ក្នុងខេត្តក្រចេះ និងខេត្តព្រៃវែង គម្រោងនេះជាជំនួយឥតសំណងរបស់ជប៉ុន ដោយចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក៕

កត្តាធំៗពីរជំរុញឱ្យពលរដ្ឋកម្ពុជាចាប់ផ្ដើមងាកទៅរស់នៅក្នុងខុនដូ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កម្ពុជាចាប់ផ្ដើមអភិវឌ្ឍខុនដូដំបូងបង្អស់នៅអំឡុងឆ្នាំ២០០៦ ដោយពឹងផ្អែកស្ទើរទាំងស្រុងទៅលើជនបរទេស ហើយរហូតដល់ឆ្នាំ២០១៨និង២០១៩ វិស័យខុនដូនៅកម្ពុជាចាប់ផ្ដើមមានសន្ទុះងើបឡើងខ្ពស់និងមានអតិថិជនក្នុងស្រុកចាប់ផ្ដើមយល់ដឹងនិងទិញខុនដូសម្រាប់រស់នៅនិងការវិនិយោគ។

លោក ខន គង្គា អគ្គនាយកនៃក្រុមហ៊ុន ERA Cambodia បានឱ្យដឹងថាកត្តាផ្លូវ និងតម្លៃដីនៅកណ្ដាលក្រុងបានឡើងខ្ពស់ធ្វើឱ្យពលរដ្ឋមួយចំនួនបែរទៅរស់នៅក្នុងខុនដូ ហើយចំនួនពលរដ្ឋខ្មែរទៅរស់នៅក្នុងខុនដូក្នុងប្រទេសកម្ពុជាក៏មានចំនួនកាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

លោកថា ”យើងក្រលេកទៅមើលផ្លូវនៅក្នុងរាជធានីភ្នំពេញមានការកកស្ទះចរាចរណ៍ ហើយពលរដ្ឋដែលទិញផ្ទះនៅជាយក្រុងស្នាក់នៅត្រូវធ្វើដំណើរមកបំពេញការងារនៅកណ្ដាលក្រុង ដោយប្រើពេលវេលាយូរនៅលើដងផ្លូវ កើតអារម្មណ៍ស្ត្រេសមួរម៉ៅ ដូច្នេះមួយចំនួនក៏បានរកទិញខុនដូតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងធ្វើការ ហើយទៅលេងផ្ទះនៅជាយក្រុងនៅថ្ងៃឈប់សម្រាកចុងសប្ដាហ៍ម្ដងម្កាល”។

លោកបន្តថា សម្រាប់តម្លៃនៅកណ្ដាលក្រុងភ្នំពេញ ក៏ឃើញថាបានកើនឡើងថ្លៃកាន់តែខ្ពស់ ដូច្នេះអ្នកដែលចង់បានដីឬផ្ទះនៅកណ្ដាលក្រុងត្រូវចំណាយរាប់លានដុល្លារអាមេរិកដើម្បីទិញដីសង់ផ្ទះឬទិញផ្ទះនៅលើដីនោះតែម្ដង ។ យ៉ាងណាក្ដី មិនមានពលរដ្ឋកម្ពុជាច្រើននោះទេ ដែលចំណាយលុយរាប់លានទិញផ្ទះនៅកណ្ដាលក្រុង តែពួកគាត់នឹងទិញខុនដូននៅកណ្ដាលក្រុងរស់នៅវិញ ហើយដីនោះក៏ទុកសម្រាប់អភិវឌ្ឍន៍អគារខ្ពស់ជំនួសវិញ ដែលអាចសង់បានច្រើនជាន់សម្រាប់លក់ជូនអ្នកមានតម្រូវការ។

លោកគង្គាបានធ្វើការប្រៀបធៀបការអភិវឌ្ឍខុនដូនៅកម្ពុជាជាមួយនឹងប្រទេសក្នុងតំបន់អាស៊ានផងដែរថា ប្រទេសថៃបានចាប់ផ្ដើមអភិវឌ្ឍន៍ខុនដូមុនកម្ពុជាប្រមាណ៣០ឆ្នាំ ហើយប្រទេសសិង្ហបុរីបានអភិវឌ្ឍន៍មុនកម្ពុជាប្រមាណ៥០ឆ្នាំ ដូច្នេះ អនាគតវិស័យខុនដូនៅកម្ពុជាក៏នឹងរត់ទៅតាមរបត់នៃប្រទេសទាំងនោះដែរ។ ជាក់ស្ដែងពេលនេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានងាកទៅរស់នៅក្នុងខុនដូ ក្នុងអគារសហកម្មសិទ្ធិជាបណ្ដើរៗ។

តាមការសិក្សារបស់ក្រុមហ៊ុនCBRE បានបង្ហាញថា ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ខុនដូក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២២នេះភាគច្រើនគឺជាគម្រោងអភិវឌ្ឍន៍ដោយវិនិយោគិនក្នុងស្រុកដោយសារតែកូវីដ១៩នៅតែជាឧបសគ្គក្នុងការរារាំងដល់ការមកដល់នៃជនបរទេសក្នុងប្រទេសកម្ពុជាដដែល។ ក្នុងឆ្នាំ២០២២នេះដែរ ក្រុមហ៊ុននេះ រំពឹងថាការផ្គត់ផ្គង់ខុនដូក្នុងប្រទេសកម្ពុជាមានតែជាង១៣០០០យូនីតប៉ុណ្ណោះ ហើយនឹងមិនមានការប្រកាសសាង់សង់គម្រោងខុនដូធំថ្មីណាមួយទៀតនោះទេ៕

សម្ដេចតេជោ៖ ភ្នំពេញទៅអនាគតនឹងកាន់តែរីកដុះដាលច្រើននិងល្អៗជាងនេះថែមទៀត

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២នេះ មានប្រសាសន៍ថា បច្ចុប្បន្ននេះ វាពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល ហើយទៅអនាគត ក៏នឹងកាន់តែរីកដុះដាលច្រើន និងល្អៗជាងនេះថែមទៀត។

សម្តេចបាន បានបង្ហោះរូបភាពមួយចំនួន អំពីទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញថតពីលើអាកាស ដែលជាបេះដូងរបស់ប្រទេសកម្ពុជា និងបានសរសេរលើបណ្តាញសង្គមថា តាមរយៈទិដ្ឋភាពនៃការរីកចម្រើននេះបានបង្ហាញអោយឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីក្រុងភ្នំពេញបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿនតាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស។

សម្តេចបានបន្តថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត៕

លោក ហ៊ុន ម៉ានី ជូនពរឱ្យដំណើរការផលិតភាពយន្តភាគ “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ

ដោយ៖ សុផារី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី បានអញ្ជើញជួបពិភាក្សាជាមួយគណៈកម្មការផលិតភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” និងបានស្តាប់នូវបទបង្ហាញអំពីគម្រោងនៃដំណើរការផលិតភាពយន្តភាគនេះ ដែលមានលក្ខណៈប្រវត្តិសាស្ត្រផ្អែកទៅលើដំណើររឿងពិតនៃថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាមរយៈភាពយន្តដែលនឹងត្រូវផលិតឡើងនេះ នឹងផ្តល់ជាភាពងាយស្រួលសម្រាប់សាធារណជនជាទស្សនិកជនទាំងក្នុង និងក្រៅប្រទេស ក្នុងការទស្សនា និងស្វែងយល់ដឹងកាន់តែស៊ីជម្រៅអំពីដំណើរពលិកម្មរបស់ឥស្សរជនជំនាន់មុនដែលជាប្រមុខថ្នាក់ដឹកនាំកម្ពុជាបច្ចុប្បន្ន ក្នុងការស្វែករកសុខសន្តិភាពជូនប្រទេសជាតិ ដោយការដាក់ជីវិត ជាដើមទុន។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណគណៈកម្មការផលិតភាពយន្ត “កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៍មី” ចំពោះការធ្វើបទបង្ហាញ និងសូមជូនពរឱ្យដំណើរ ប្រព្រឹត្តទៅនៃការផលិតភាពយន្ដដ៏មានអត្ថន័យជ្រាលជ្រៅនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យ។

កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ដែលជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។

សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ៕

កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានជាង៩៣លានដុល្លារអាមេរិក

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ជាឆ្នាំដែលពិបាកមួយសម្រាប់សកម្មភាពសេដ្ឋកិច្ចនិងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជាក៏ដូចជាពិភពលោកទាំងមូល ប៉ុន្តែយ៉ាងណាក្ដីក៏កម្ពុជានៅតែអាចសម្រេចបាននូវលទ្ធផលមួយចំនួនផងដែរ ក្នុងនោះដែរក្នុងឆ្នាំ២០២១កន្លងទៅចំណូលដែលមកពី អាជីវកម្មរបស់កំពង់ផែក្រុងព្រះសីហនុសម្រេចបានរហូតដល់ជាង៩៣លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍បូកសរុបរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននៅព្រឹកថ្ងៃទី២៧មករា ២០២១២នេះឱ្យដឹងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនប្រមាណជិតលានតោន ធៀបនឹងឆ្នាំ២០២០មានកំណើន៥,៩៩ភាគរយ និងចំណូលសរុបបានមកពីអាជីវកម្មក្នុងកំពង់ផែនេះមានចំនួន៣៧៣ពាន់លានរៀលឬប្រមាណជាង៩៣លានដុល្លារអាមេរិក ដែលមានកំណើន១៧,៦៤ភាគរយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបង្ហាញថា ក្រសួងបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយទីភ្នាក់ងារ JICA ដើម្បីប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែ ក្នុងតំបន់ដ៏មានសក្ដានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។

កំពង់ផែនេះ ក៏បាននិងកំពុងរៀបចំសាងសង់ផែកុងតឺន័រថ្មីជាជំហានទី១ ប្រវែង៣៥០ម៉ែត្រ ជម្រៅទឹក១៤,៥ម៉ែត្រ ក្នុងរយៈពេល៤ឆ្នាំ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ និងសិក្សាលទ្ធផលសាងសង់ផែកុងតឺន័រជំហានទី២និងជំហានទី៣បន្តបន្ទាប់ទៀតផងដែរ។

លោកស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានមានប្រសាសន៍ផងដែរថា កំពង់ផែក្រុងព្រះសីហនុជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា ដែលនឹងអភិវឌ្ឍន៍ទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗកាន់តែច្រើនចូលចត ដែលអាចឱ្យទំនិញកាន់តែច្រើនឆ្លងកាន់កម្ពុជា និងមិនបាច់ធ្វើការផ្ទេរនាវានៅកំពង់ផែប្រទេសផ្សេងៗបាន។ ក្នុងន័យនេះ កំពង់ផែធំៗដែលធ្លាប់ចូលចតប្រទេសជិតខាងហើយផ្ទេរមកវានាតូចៗ និងមិនចាំបាច់ធ្វើការផ្ទេរទៀតទេនៅពេលកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុសាងសង់ចំណតនាវារួចរាល់៕

តើកត្តាចំនួន៣នឹងជំរុញសក្ដានុពលអចលនទ្រព្យក្នុងខេត្តកំពង់ចាមបានដែរឬទេ?

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ កំពង់ចាម ជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិតនៅជាប់ទន្លេមេគង្គ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យប្រចាំខេត្តនេះបានបញ្ជាក់ថា មានកត្តា៣ដែលនឹងជំរុញឱ្យខេត្តកំពង់ចាមកាន់តែមានសក្ដានុពលខ្ពស់ក្នុងវិស័យអចលនទ្រព្យ។

លោក ថេន សុថុល ប្រធានក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពង់ចាមបានឱ្យដឹង កត្តាទីតាំងភូមិសាស្ត្រ ចំនួនប្រជាជន និងសេដ្ឋកិច្ចក្នុងខេត្តកំពង់ចាម បាននិងកំពុងរុញសក្ដានុពលការវិនិយោគអចលនទ្រព្យខេត្តនេះ កាន់តែមានសន្ទុះបន្ថែមទៀត។

លោកបន្តថា សម្រាប់ទីតាំងភូមិសាស្ត្រជាខេត្តមួយដែលប្រជាជនឬអ្នកធ្វើដំណើរត្រូវឆ្លងកាត់ទៅកាន់ខេត្តចំនួន៦ទៀត ជាក់ស្ដែងមុននឹងទៅដល់ខេត្តសៀមរាប ក្រចេះ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ត្បូងឃ្មុំ ដូច្នេះមានន័យថាខេត្តកំពង់ចាមជាខេត្តគោលមួយឬជាតំបន់ស្នូលនៃសេដ្ឋកិច្ចភាគខាងជើងឈៀងខាងកើត។

ម្យ៉ាងទៀតខេត្តកំពង់ចាមក៏ត្រូវបានចាត់ទុកជាខេត្តដែលមានប្រជាជនច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ ដែលមានចំនួនប្រជាជនរហូតដល់ជាង១លាននាក់ ហើយខេត្តកំពង់ចាមក៏សំបូរអ្នករកស៊ីច្រើនដែរ។

លោកបន្ថែមទៀតថា មកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ចាមក៏កំពុងទទួលបានការវិនិយោគមួយចំនួនផងដែរ ដូចជាគម្រោងរោងចក្រ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ច ដែលអាចបង្កើតឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាជនក្នុងខេត្តនេះក៏ដូចជាប្រជាជនមកពីខេត្តផ្សេងទៀត។

យ៉ាងណាក្ដី នៅក្នុងវិបត្តិកូវីដ១៩ ខេត្តកំពង់ចាមមិនមានអ្នកវិនិយោគចូលទៅទេ ហើយសកម្មភាពនៃការទិញលក់អចលនទ្រព្យនៅក្នុងខេត្តមួយនេះ ក៏មិនសូវមានដែរ ។ ក្រោយពេលវិបត្តិនេះបានធូរស្រាលបន្តិច ឃើញថាសកម្មភាពចាប់ផ្ដើមកម្រើកឡើងវិញ តែភាគច្រើនគឺជាអ្នកវិនិយោគក្នុងតំបន់ផ្ទាល់តែម្ដង។

លោកបន្ថែមថា ការវិនិយោគគម្រោងធំៗ នៅក្នុងខេត្តកំពង់ចាមមិនទាន់មាននៅឡើយទេ ដោយការវិនិយោគមួយចំនួនធំគឺជាគម្រោងវិនិយោគតូចៗ តែយ៉ាងណាក្ដីតម្លៃដីធ្លីនៅក្នុងខេត្តនេះបានចាប់ផ្ដើមឡើងថ្លៃជាបន្តបន្ទាប់ ជាពិសេសតម្លៃដីធ្លីនៅជាយក្រុងកំពង់ចាម បានហក់ឡើងពីជាង១០ដុល្លារអាមេរិក ដល់ជិត២០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងពេលបច្ចុប្បន្ននេះ។

រដ្ឋាភិបាលគ្រោងនឹងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ ទៅកាន់ទីរួមខេត្តកំពង់ចាមពី២គន្លងទៅ៤គន្លង ដែលនឹងធ្វើឱ្យសក្ដានុពលនៃខេត្តកំពង់ចាមកាន់តែមានភាពទាក់ទាញវិនិយោគិនច្រើនថែមទៀត ហើយក៏រំពឹងថាការវិនិយោគក្នុងខេត្តមួយនេះ កាន់តែកើនឡើងជាបន្តបន្ទាប់ផងដែរ៕

ស្ពានអាកាសថ្មីមួយនឹងលេចរូបរាងលើផ្លូវជាតិលេខ៥ ក្នុងពេលឆាប់ៗនេះ

ដោយ៖ សុផារី

ភ្នំពេញ៖ ស្ពានអាកាសផ្លូវជាតិលេខ៥ មួយក្នុងខណ្ឌឫស្សីកែវ នឹងត្រូវបានរៀបចំបើកការដ្ឋានសាងសង់ស្ពានអាកាសផ្លូវជាតិលេខ៥ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៦:០០នាទី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសផ្លូវជាតិលេខ៥ នេះមានទីតាំងស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញឱ្យបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្នដោយនឹងធ្វើការផ្អាកចរាចរ ជាបណ្ដោះអាសន្ននៅជុំវិញទីតាំងប្រារព្ធពិធី ហើយយានយន្តគ្រប់ប្រភេទដែលចរាចរតាមផ្លូវជាតិលេខ៥ ចូលរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរតាមស្ពានព្រែកព្នៅ ឬតាមផ្លូវលេខ៥៩៨។

ចំពោះយានយន្តចេញពី រាជធានីភ្នំពេញត្រូវបញ្ចៀសចរាចរឡើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ហើយយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេត្រូវបង្វែរទិសតាមផ្លូវជាតិលេខ៦ ឬមហាវីថីអូស៊ីអាយស៊ីឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិនវិញ៕

ហាងអាហាររហ័សទាន់ចិត្ត McDonald’s នឹងបង្ហាញ វត្តមានក្នុងកម្ពុជានាពេលខាងមុខនេះ

ដោយ: សូរិយា

ភ្នំពេញ: ហាងអាហាររហ័សទាន់ចិត្តលំដាប់ពិភពលោកដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក គឺហាង McDonald’s នឹងបង្ហាញវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។

តាមរយៈប្រភពដែលអាចទុកចិត្តបាន បានអះអាងថា មានអ្នកជំនួញល្បីឈ្មោះមួយរូបក្នុងប្រទេសកម្ពុជាបានចរចាទិញសិទ្ធិចែកចាយ (Frenchies) ហាង McDonald’s មកកាន់កម្ពុជារួចរាល់ហើយ។

ប្រភពដដែលបញ្ជាក់ថា វត្តមានរបស់ហាងអាហាររហ័សទាន់ចិត្តមួយនេះនឹងលេចវត្តមានក្នុងប្រទេសកម្ពុជានាពេលខាងមុខឆាប់ៗនេះ។

បច្ចុប្បន្ន ដោយសារការរីកចម្រើននៃជីវភាពរបស់ប្រជាជនកម្ពុជាបានធ្វើឱ្យម៉ាកយីហោហាងអាហារ ហាងកាហ្វេល្បីៗ ជាច្រើនបានលេចឡើងនៅក្នុងប្រទេសកម្ពុជាហើយទទួលបានការគាំទ្រពីប្រជាពលរដ្ឋកម្ពុជានិងជនជាតិបរទេសដែលចូលមករស់នៅកម្ពុជា។

ប្រភពដដែលបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជីវភាពរបស់ប្រជាជនកម្ពុជាបានកើនឡើង ដោយទំហំប្រាក់ចំណូលប្រចាំឆ្នាំបានកើនឡើងជាប្រចាំ ដែលធ្វើឱ្យប្រជាជនកម្ពុជាមានលទ្ធភាពកាន់តែច្រើនឡើងក្នុងការចំណាយលើការប្រើប្រាស់ ទិញទំនិញ និងអាហារហូបចុកល្អៗ។ នេះបានបង្ហាញថា កម្ពុជាមានអំណាចទិញនៅក្នុងទីផ្សារកំពុងតែកើនឡើងជាប្រចាំ៕