តើគួរវិនិយោគលើអចលនទ្រព្យយ៉ាងណា ដើម្បីទទួលបានភាពរឹងមាំ?

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលដែលទីផ្សារអចលនទ្រព្យ កំពុងតែរីកចម្រើនខ្លាំង និងមានការតម្រូវការច្រើន ពីសំណាក់ប្រជាជនក្នុងស្រុក និងវិនិយោគិនពីក្រៅស្រុក វិនិយោគិនថ្មីៗជាច្រើន បានចាប់ផ្តើមវិនិយោគ ក្នុងវិស័យអច​ល​នទ្រព្យ ក្នុងនោះអ្នកខ្លះក៏ទទួលបានជោគជ័យ ហើយខ្លះទៀតក៏បរាជ័យក្នុងរយៈពេលដ៏ខ្លី។

លោក ង៉ែត ជូ អ្នកជំនាញផ្នែកវិភាគសេដ្ឋកិច្ចនិងអចលនទ្រព្បានមានប្រសាសន៍ឱ្យដឹងថា ជាក់ស្តែង កន្លងមកការវិនិយោគអចលនទ្រព្យ ក្នុងខេត្តព្រះសីហនុ ពឹងផ្អែកលើជនជាតិបរទេស ពោលគឺជនជាតិចិនជាគោល។

នៅពេលមានបញ្ហាវិបត្តិ ជនជាតិចិនបានត្រលប់ទៅកាន់ប្រទេសកំណើ​តរបស់ខ្លួនវិញ ដែលបណ្តាលឱ្យមានឱកាស វិនិយោគនៅជាប់គាំង។ ចំណក អ្នក វិនិយោគដែលធ្លាប់ផ្អើល ទៅវិនិយោគតាមគេឯង ក៏ជាប់គាំង។
លោកថា បើវិនិយោគព្រោះចង់មានឆាប់ ជួបប្រទះហានិភ័យបែបនេះ តើគួរវិនិយោគដោយភាពប្រាកដថា នឹងអាចកសាងភាពមានបានរឹងមាំយូរអង្វែងដោយរបៀបណា?។

លោកបានបន្តថា ជាក់ស្តែងក្រុងភ្នំពេញ នឹងត្រូវពង្រីកកាំរង្វង់៣០គីឡូម៉ែត្រនៅឆ្នាំ២០៣០។ ជារៀងរាល់ឆ្នាំ ភ្នំពេញត្រូវការលំនៅដ្ឋានរាប់ម៉ឺនខ្នង និងមានកំណើនពលរដ្ឋ ចំណាកស្រុកមករកការងារធ្វើ និងបន្តការសិក្សារាប់ម៉ឺននាក់។ ក្នុងមួយឆ្នាំៗ មានសិស្សប្រឡងបញ្ចប់ថ្នាក់ទី១២ ឬហៅថាបាក់ឌុប មិនតិចជាង១០ម៉ឺននាក់នោះទេ។ ពួកគេភាគច្រើននឹងមកបន្តការសិក្សា និងរកការងារធ្វើនៅភ្នំពេញ។

លោកបានណែនាំថា “មានឱកាសវិនិយោគ ប្រកបដោយភាពប្រាកដថា អាចនឹងកសាងភាពមានបាន រឹងមាំយូរអង្វែងជាច្រើន ដោយផ្តោតការវិនិយោគអចលនទ្រព្យ ទៅតាមតំរូវការក្នុងស្រុកយូរអង្វែង”។ លោកបន្តថា “និយាយរួមបើវិនិយោគពឹងផ្អែក លើតំរូវការក្នុងស្រុកសំរាប់រយៈពេលវែង នោះមិនមានហានិភ័យនោះទេ”។

លោកង៉ែត ជូបានបន្តថា កណ្តាលក្រុងភ្នំពេញ គឺជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្មប្រកបដោយភាពរឹងមាំ។ ចំណែក តំបន់ជាយក្រុងគឺជាតំបន់លំនៅដ្ឋាន ដែលមានតម្រូវការខ្ពស់ បើទោះជាឆ្អែតក៏ឆ្អែតតែមួយរយៈ រួចនឹងមានកំណើនបន្តទៀត។ រីឯតំបន់ជាប់ជាយក្រុងភ្នំពេញ ដូចជា ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នឹងក្លាយជាតំបន់ឧស្សាហកម្មដ៏មានសក្តានុពល ជាពិសេសតំបន់ជាប់នឹងក្រវ៉ាត់ក្រុងទី៤ ដែលរដ្ឋាភិបាលកំពុងសិក្សា៕

គំរោងវិនិយោគថ្មីៗចាប់ផ្តើមហូរចូលខេត្តព្រះសីហនុឡើងវិញ

ដោយៈជេស៊ីកា

ព្រះសីហនុៈ បន្ទាប់ពីរងភាពស្ងប់ស្ងាត់អស់ពេលប៉ុន្មានឆ្នាំ បច្ចុប្ប​ន្ន​ខេត្តព្រះសីហនុ បានចាប់ផ្តើមទាក់ទាញលំហូរទុនវិនិយោគ ឡើងវិញបណ្តើរៗហើយ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម្ងៃថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគំរោងវិនិយោគថ្មីៗមួយចំនួន ចូលមកកាន់ខេត្តព្រះសីហនុឡើងវិញ ដែលគំរោងទាំងនោះរូមមាន គំរោងកែច្នៃខ្សាច់ស៊ីលីកាដើម្បីនាំចេញ គំរោងសាងសង់រោងចក្រ ផលិតសម្ភារៈសម្រាប់សត្វ និងរោងចក្រមួយចំនួនទៀតទាក់ទងនឹងផលិតកម្មនានា។

លោកបន្តថា “ជាមួយលទ្ឋផលល្អប្រសើរ នៃការប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩របស់រដ្ឋាភិបាល បច្ចុប្បន្នគំរោងវិនិយោគសំណង់ នៅខេត្តព្រះសីហនុបានចាប់ផ្តើមឡើងវិញបណ្តើរៗហើយ”។ លោកបន្តថា“សកម្មភាពសេដ្ឋកិច្ច​ ទេសចរណ៍នៅខេត្តព្រះសីហនុ ចាប់ផ្តើមមានភាពប្រសើរឡើងផងដែរ”។

ខេត្តព្រះសីហនុបានទាក់ទាញ គំរោងវិនិយោគលើវិស័យសំណង់ លើទំហំទឹកប្រាក់ ប្រមាណ៨០០០លានដុល្លារ ដែលធ្វើឲ្យមុខមាត់របស់ខេត្តផ្លាស់ប្តូរទាំងស្រុង។

រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការមេ ដើម្បីរៀបចំក្រុងព្រះសីហនុជាតំបន់អភិវឌ្ឍន៍ពហុបំណង ដើម្បីប្រែក្លាយទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មកម្រិតអន្តរជាតិ៕

តើធនាគារ AIIB របស់យក្សចិនមានឥទ្ធិពលបែបណាលើសេដ្ឋកិច្ចក្នុងពិភពលោក?

ដោយៈសុខុម

ភ្នំពេញៈ ធនាគារដ៏ចំណាស់ និងដ៏មានឥទ្ធិពលបំផុត២ នៅក្នុងពិភពលោកនោះ គឺធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank) ហៅកាត់ ADB និងធនាគារពិភពលោក (World Bank ឬ World Bank Group) ដ៏ល្បីល្បាញ ដែលតែងតែជួយផ្ដល់កម្ចីការប្រាក់ទាប ដល់រដ្ឋាភិបាលប្រទេសនានាសម្រាប់យកទៅអភិវឌ្ឍប្រទេស។

ប៉ុន្តែប្រហែលជាមិនមានមនុស្សជាច្រើននៅឡើយទេ ដែលស្គាល់ធនាគារក្មេងខ្ចី AIIB ដ៏មានឥទ្ធិពលរបស់មហាយក្សចិន។ AIIB មកពីពាក្យពេញថា Asian Infrastructure Investment Bank (ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី)។

AIIB ជាធនាគារអភិវឌ្ឍន៍មួយ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅអាស៊ី។

ធនាគារដែលចិន បានស្នើបង្កើតឡើងក្នុងឆ្នាំ២០១៣មួយនេះ ពិតជាមានឥទ្ធិពលខ្លាំងណាស់ មកលើសេដ្ឋកិច្ចពិភពលោក ព្រោះបច្ចុប្បន្នធនា​គា​រនេះ មានរហូតដល់ទៅ១០៣ប្រទេសជាសមាជិក ព្រមទាំងប្រទេសចំនួន២១ទៀត ដែលអាចនឹងចូលសមាជិក អាចនឹងចូលថ្មីនៅពេលអនាគត។

ធនាគារនេះ បានចាប់ផ្ដើមបើកដំណើរការ ជាផ្លូវការនៅថ្ងៃទី១៦ មករា ឆ្នាំ២០១៦ ក្រោយកិច្ចព្រមព្រៀង បានចូលជាធរមាននៅថ្ងៃទី២៥ ធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីទទួលបានការផ្ដល់សច្ចានុមតិ (អនុម័ត) ពីសមាជិកស្ថាបនិក១០ប្រទេស។

ក្រៅពីមានសមាជិករាប់រយប្រទេស គួរឱ្យភ្ញាក់ផ្អើល ធនាគារAIIB ក៏មានទំហំដើមទុនដំបូង រហូតដល់ទៅ១០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង២ភាគ៣ នៃដើមទុនសរុបរបស់ធនាគារADB ហើយស្មើប្រមាណពាក់កណ្ដាល នៃដើមទុនរស់ធនាគារពិភពលោកផងដែរ។

ធនាគារ ADB ដែលបង្កើតឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៦៦ (៥៥ឆ្នាំមុន) មាន៦៨ប្រទេសជាសមាជិក គិតមកទល់បច្ចុប្បន្ន និងមានទីស្នាក់ការកណ្ដាលនៅប្រទេសហ្វីលីពីន។ ចំណែកឯធនាគារពិភពលោក ឬ World Bank Group ដែលបង្កើតឡើងនៅខែកក្កដា ឆ្នាំ១៩៤៤ (៧៧ ឆ្នាំមុន) មានបុត្រសម្ព័ន្ធ២ ដាច់ដោយឡែកពីគ្នាគឺធនាគារ Bank for Reconstruction and Development (IBRD) ដែលមាន១៨៩ ប្រទេសជាសមាជិក និងស្ថាប័នហិរញ្ញវត្ថុ International Development Association (IDA) ដែលមាន១៧៣ប្រទេសជាសមាជិក។
មិនតែប៉ុណ្ណោះ ធនាគារAIIB ថែមទាំងទទួលបានចំណាត់ថ្នាក់ឥណទានខ្ពស់បំផុត ពីទីភ្នាក់ងារដាក់ចំណាត់ថ្នាក់ឥណទាន ធំបំផុតទាំង៣ក្នុងពិភពលោកទៀតផង។

តើកត្តាចម្បងអ្វី ដែលជួយជំរុញឱ្យធនាគារដ៏ក្មេងខ្ចី របស់ចិន AIIB មានឥទ្ធិពលលឿនខ្លាំងបែបនេះ? ខណៈធនាគារ ADB និងធនាគារពិភពលោក ទាមទារលក្ខខណ្ឌតម្រូវចាំបាច់មួយចំនួន មុននឹងឱ្យខ្ចី ដូចជា ការរក្សាបានស្ថិរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងការគោរពលទ្ធិប្រ​ជា​ធិបតេយ្យជាដើមនោះ តែផ្ទុយទៅវិញធនាគារ AIIB មិនទាមទារលក្ខ​ខណ្ឌអ្វីបែបនេះទេ។

និយាយរួមគឺធនាគារនេះ ផ្ដោតតែលើកិច្ចសហប្រតិបត្តិការល្អ និងការប្រាក់ប៉ុណ្ណោះ។

សន្ទុះនៃការគាំទ្រខ្លាំង បានជួយជំរុញឱ្យធនាធនាគារ AIIB មានឥទ្ធិពលខ្លាំង មិនធម្មតានៅក្នុងពិភពលោក រហូតក្រុមអ្នកជំនាញមើលឃើញថា វាអាចជាគូប្រជែង នឹងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលសុទ្ធតែមានមូលដ្ឋាននៅវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកថែមទៀតផង៕

សាស្រ្តាចារ្យទួស សាភឿនស្ថាបត្យករលេចធ្លោដែលបានរចនាគំរូប្លង់មជ្ឈមណ្ឌលពាណិជ្ជកម្មថៃ ប៊ុនរ៉ុង

ដោយៈគង់ សូរិយា

ភ្នំពេញៈ ស្របពេលប្លង់ស្ថាបត្យកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្មខ្ពស់ជាងគេលើពិភពលោក (ក្នុងនាមអគារភ្លោះ) បានបង្ហាញវត្តមានជាផ្លូវការ ខណៈការសាងសង់ មិនទាន់កំណត់ពេលច្បាស់លាស់នៅឡើយ។

តើអ្នកណាជាស្ថាបត្យករដឹកនាំរចនាប្លង់អគារកប់ពពកនេះ? គឺលោកសាស្រ្តាចារ្យ បណ្ឌិតទូស សាភឿន ជាស្ថាបត្យករដែលបាន ដឹកនាំក្រុមការងារ សិក្សា រចនាគំរូប្លង់អគារខ្ពស់បំផុតមួយនេះ។

បច្ចុប្បន្នវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ទន្ទឹមនឹងនេះ តម្រូវការធនធានស្ថាបត្យករក្នុងស្រុក និងការគ្រប់គ្រង លើវិស័យស្ថាបត្យកម្ម ក៏មានការកើនឡើងជាលំដាប់។ ស្របគ្នានេះដែរ ក្នុងចំណោមស្ថាបត្យករល្បីៗនៅកម្ពុជា គេសម្គាល់ឃើញថា លោក ទូស សាភឿន ជាស្ថាបត្យករខ្មែរមួយរូប ដែលទទួលបានជោគជ័យ និងមានស្នាដៃជាច្រើនគួរឲ្យកោតសរសើរផងដែរ។

បច្ចុប្បន្ន លោកសាស្រ្តាចារ្យទួស សាភឿន ជាអគ្គលេខាធិការរងនៃក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) លោកមានអាយុ៤៨ឆ្នាំ មានឯកទេសខាងជំនាញ ស្ថាបត្យកម្ម និងរៀបចំផែនការទីក្រុង ដ៏ជ្រៅជ្រះ ព្រមទាំងបានទទួលគោរម្យងារជា លោកសាស្រ្តាចារ្យ បណ្ឌិត។

ចាប់ផ្តើមពីចំណុចសូន្យមកទល់ពេលនេះ លោកទទួលបានភាពជោគជ័យជាច្រើន នៅក្នុងជំនាញរបស់លោក ដោយកើតឡើងពីការប្រឹងប្រែង តស៊ូឥតឈប់ឈរ។

កាលពីប៉ុន្មានទសវត្សរ៍មុន (១៩៨៧) លោកគឺជាយុវជនម្នាក់ដែលបានចាកចេញពីគ្រួសារ មកបន្តការសិក្សាជំនាញស្ថាបត្យកម្ម និងនគរូបនីយកម្ម (ជំនាន់ទី៣) នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងទីក្រុងភ្នំពេញ។
អំឡុងពេលសិក្សា លោក ទូស សាភឿន បានធ្វើការក្រៅម៉ោង ជាគ្រូបង្រៀនភាសាថៃ នៅក្រោយសាលាបាក់ទូក ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចសម្រាប់ផ្គត់ផ្គង់ផ្ទាល់ខ្លួន។

នៅអំឡុងឆ្នាំទី៣ (១៩៩៤) លោកបានចាប់ផ្តើមធ្វើការ ជាអ្នកម៉ៅការនៅក្នុងក្រុមហ៊ុនសំណង់បង្កើតថ្មីរបស់លោក។ មុនក្លាយជាអ្នកម៉ៅការ លោកក៏ចេះ ជំនាញជាងជាច្រើនប្រភេទ ធ្វើដោយខ្លួនឯង លើការងារបេតុង រៀបឥដ្ឋ ក្រាលការ៉ូ តទឹក តភ្លើង ការងារឈើ និងការងារដែកយ៉ាងស្ទាត់ជំនាញ។ ពេលនោះហើយលោក ទូស សាភឿន ក៏បានដឹងពីគោលដៅអនាគតដ៏ពិតប្រាកដរបស់លោក។

លោកសាស្រ្តាចារ្យទួស​ សាភឿនមានប្រសាសន៍ថា ជោគជ័យបានមកពីមានចក្ខុវិស័យពិតប្រាកដ និងមានគោលដៅជាក់លាក់ រួមជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងការចាប់ផ្តើមពីតូចទៅធំ។

នៅឆ្នាំ ១៩៩៧ បន្ទាប់ពីបញ្ចប់ការសិក្សា គាត់បានបង្កើតក្រុមហ៊ុនស្ថាបត្យកម្មផ្ទាល់ខ្លួនភ្លាម ដែលមានឈ្មោះថា Creative Green Design Co., Ltd ។ គោលដៅនៃការបើកក្រុមហ៊ុននេះ គឺដើម្បីបង្កើតនូវស្តង់ដារ ផ្តល់សេវាកម្មស្ថាបត្យកម្ម និងសំណង់ មកដល់បច្ចុប្បន្ន បានផ្តល់សេវាជាង ២០០ គម្រោងរួចមកហើយ និងបើកក្រុមហ៊ុនមួយទៀត Creative Green Research Co., Ltd សម្រាប់ផ្តល់សេវា ធ្វើផែនការមេវិនិយោគ និងការវាយតម្លៃផលប៉ះពាល់បរិស្ថាន ដោយផ្អែកលើការស្រាវជ្រាវពី លក្ខណៈសេដ្ឋកិច្ចនិងសង្គម។

លោកមានក្រុមហ៊ុន៣ផ្សេងទៀត សម្រាប់សេវា អចលនៈទ្រព្យ សាងសង់ និងសេវា សណ្ឋាគារ និងបដិសណ្ឋាកិច្ច ។ល។ ជាពិសេសលោកជា ស្ថាបនិក ក្រុមហ៊ុន បុរីអង្គរលែនម៉ាក្ស លើផ្ទៃដីជាង ២០០ហិចតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងនាមជានាយកគ្រប់គ្រង លោកទូស សាភឿន បានបើកចិត្តទូលា​យក្នុងការផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍របស់គាត់ ជាមួយដៃគូបរទេសលើជំនាញស្ថាបត្យកម្ម។ លោកក៏បានចូលរួមសិក្សា ក្នុងកម្មវិធីថ្នាក់អនុបណ្ឌិតរយៈពេល៦ខែ ស្តីពីការការពារ និងអភិរក្សបេតិកភ័ណ្ឌជាតិ រៀបចំឡើង ដោយអាជ្ញាធរជាតិអប្សរា នៅខេត្តសៀមរាប បង្រៀនដោយលោកតា វណ្ណ ម៉ូលីវណ្ណ ជាស្ថាបត្យករល្បីល្បាញបំផុត របស់ប្រទេសកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៥០-៦០។

ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនកាន់តែខ្ពស់ លោក ទូស សាភឿន បានបន្តសិក្សា ថ្នាក់អនុបណ្ឌិតនៅប្រទេសថៃ លើជំនាញគ្រប់គ្រង និងរៀប​ចំបរិស្ថានទីក្រុង និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ ASSUMPTION ប្រទេសថៃ ក្នុងជំនាញ បណ្ឌិតទស្សនៈវិទ្យា ផ្នែកគ្រប់គ្រង បច្ចេកវិទ្យា ក្រឡានុវត្តភាព (ជាជំនាញថ្មី មានន័យថា មុខរបរទាំងអស់ចាំបាច់ត្រូវការ បច្ចេកវិទ្យាជាអ្នកដឹកមុខ)។

លោកមានប្រសាសន៍ថា “ប្រសិនបើខ្ញុំមិនបន្តការសិក្សាទេ ខ្ញុំអាចត្រឹមតែជាអ្នកម៉ៅការ និងអ្នកផ្គត់ផ្គង់សម្ភារសំណង់ដ៏សាមញ្ញប៉ុណ្ណោះ”។

លើសពីការធ្វើអាជីវកម្មរបស់ខ្លួន លោក សាស្រ្តាចារ្យទូស សាភឿន ចូលចិត្តបង្រៀន និងចែករំលែកចំណេះដឹង និងបទពិសោធន៍ ទៅកាន់មនុស្សជំនាន់ក្រោយរបស់កម្ពុជា ដែលបច្ចប្បន្នកូនសិស្សរបស់លោកមានមិនក្រោមជាង៣០០០នាក់ទេ ទាំងនិស្សិតស្ថាបត្យកម្ម និងវិស្វកម្មសំណង់។

លោកបានពន្យល់ថា “ខ្ញុំពិតជាចូលចិត្តការអប់រំបំផុត ហើយអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្ត គឺការផ្ទេរចំណេះដឹង និងបទពិសោធន៍ ដែលមានស្រា​ប់”។

លោកបន្ថែមថា គាត់មានមោទនភាព ដែលបានឃើញនិស្សិតរបស់គាត់ទទួលបានជោគជ័យ លើជំនាញស្ថាបត្យកម្មនិងវិស្វកម្មសំណង់។ មានអ្នកខ្លះ ក្លាយខ្លួនជាអ្នកវិនិយោគដ៏ល្បីល្បាញ លើវិស័យអចលនទ្រព្យ ខ្លះក្លាយខ្លួនជាអ្នកជំនួញ ជោគជ័យជាច្រើននាក់ ខ្លះក្លាយខ្លួនជាឧកញ៉ាទៀតផង។

លោកជឿជាក់ថា ស្ថាបត្យករ និងវិស្វករសំណង់ ដែលបានបញ្ចប់ការសិក្សាទាំងនោះ នឹងរួមចំណែកដល់ការអភិវឌ្ឍ លើវិស័យអចលនៈទ្រព្យ និងសំណង់របស់ប្រទេសជាតិ។

ទន្ទឹមនឹងនេះលោក ទូស សាភឿន ជាស្ថាបត្យករមួយរូប ដែលមានការព្រួយបារម្ភចំពោះរចនាប័ទ្ម ស្ថាបត្យកម្មខ្មែរ ដែលងាយរងគ្រោះ និងកម្រៃសេវាសិក្សា ស្ថាបត្យកម្ម ដែលផ្តល់មិនបានគ្រប់គ្រា ន់ដល់ស្ថាបត្យករកូនខ្មែរ បន្ទាប់ពីការធ្វើសមាហរណកម្មអាស៊ាន។

លោក សាស្រ្តាចារ្យ ទូស សាភឿន ជាស្ថាបនិកដំបូង និងបានចូលរួមជាមួយ សហស្ថាបនិកដទៃទៀត ដើម្បីបង្កើតក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា (BAC) ដែលជាស្ថាប័ន គណៈស្ថាបត្យករកម្ពុជា គ្រប់គ្រងដោយក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម ក្នុងឆ្នាំ២០១១ និងរូបលោក សា​ស្រ្តាចារ្យ ត្រូវបានទទួលស្គាល់ជាសមាជិកនៃ ក្រុមប្រឹក្សា គណៈស្ថាបត្យករអាស៊ានក្នុងឆ្នាំ ២០១២។

ស្ថាប័ននេះ ត្រូវបានរៀបចំឡើង ដើម្បីគ្រប់គ្រងស្ថាបត្យករក្នុងស្រុក និងគ្រប់គ្រងទម្រង់ស្ថាបត្យកម្មរបស់ប្រទេស ជាពិសេសគឺបណ្តុះបណ្តាល ចំណេះដឹង បទពិសោធន៏ផ្សេងៗដល់ស្ថាបត្យករ ដែលជាសមាជិករបស់គណៈស្ថាបត្យករ។
លោកមានប្រសាសន៍ថា “ស្ថាបត្យកម្ម គឺជាស្មារតី និងអត្តសញ្ញាណជាតិ ដោយការរចនាស្ថាបត្យកម្ម នៃអគារត្រូវបង្ហាញពីអត្តសញ្ញាណ វប្បធម៌ខ្មែរ ជាដួងព្រលឹងរបស់ខ្មែរ”។

លោក ទូស សាភឿន ជាស្ថាបត្យករកម្ពុជាមួយរូបដែល បានចូលរួមធ្វើការជាមួយក្រុមហ៊ុន ថៃប៊ុនរ៉ុងគ្រុប ជាប្រធានក្រុមស្ថាបត្យករ និងវិស្វករ ដោយមានភារកិច្ច គ្រប់គ្រងគម្រោងសំណង់ទូទៅ រៀបចំផែនការអភិវឌ្ឍន៍ សិក្សាគម្រោងប្លង់មេ រចនាគំរូប្លង់អគារ និងត្រួតពិនិត្យការដ្ឋានទាំងអស់។ ជាពិសេស គម្រោងប្លង់អគារដ៏ខ្ពស់ស្កឹមស្កៃមានឈ្មោះថា “អគារភ្លោះមជ្ឈ​មណ្ឌលពាណិជ្ជកម្មថៃប៊ុនរ៉ុង”។

នៅពេលដែលការសាងសង់បានបញ្ចប់ អគារភ្លោះដែលមាន១៣៣ជាន់ នឹងមានកម្ពស់៥៦៨ម៉ែត្រ។ វានឹងមានកម្ពស់ខ្ពស់ជាងអគារ ដែលខ្ពស់ជាងគេក្នុងប្រទេសពីរដង ហើយខ្ពស់ជាងអគារ Petronas Towers នៃទីក្រុងកូឡាឡាំពួរ១០០ម៉ែត្រ ខ្ពស់ជាងគេនៅក្នុងអាស៊ី និងខ្ពស់ជាងគេ លំដាប់ទី៥លើពិភពលោក។

គម្រោងនេះ នឹងក្លាយទៅជានិម្មិតរូបរបស់ជាតិ និងមោទនភាពជាតិ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាផងដែរ។

គម្រោងនេះរួមមាន អាផាតម៉ិន ការិយាល័យ សណ្ឋាគារប្រណីត ផ្សារទំនើប ជាមួយនឹងមជ្ឈមណ្ឌលកំសាន្តជាច្រើនប្រភេទ៕ ប្រភពArch Cambodia៕

ការសាងសង់ផ្លូវក្រវាត់ក្រុងទី៣សម្រេចបាន៧០ភាគរយហើយ

ដោយៈ សុធារី

ភ្នំពេញៈ គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២២នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលចិន សម្រេចបានជិត៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ។

លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវ ដែលមានប្រវែងប្រមាណ៥៣គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។

គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត៣០០លានដុល្លារអាមេរិក ក្នុងនោះ២៧០លានដុល្លារអាមេរិក គឺជាហិរញ្ញប្បទានពីប្រទេសចិន។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចសន្យាសាងសង់ជាមួយនឹងក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវាត់ក្រុងទី៣នេះ ដែលមានការត្រួតពិនិត្យបច្ចេកទេស ដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិន។

ផ្លូវក្រវាត់ក្រុងទី៣ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា៕

អ្នកជំនាញរំពឹងទីផ្សារជួលអាផាតម៉ិនមានការងើបឡើងវិញក្នុងឆមាសទី២ឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ អាផាតម៉ិនជាទីផ្សារសំខាន់មួយ នៃវិស័យអចលនទ្រព្យ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារចំនួននៃភ្ញៀវបរទេសមានការធ្លាក់ចុះ។

ទោះយ៉ាងណាក្តី លោកប៉ូ អ៊ាវគង់ អគ្គនាយក ក្រុមហ៊ុនអចលនទ្រព្យ Advance រំពឹងថា ទីផ្សារមួយនេះនឹងមានភាពល្អប្រសើរ នៅក្នុងឆមាសទី២ ឆ្នាំ២០២២នេះ។

បើប្រៀបធៀបនឹងឆ្នាំ២០២០ លោកសង្គេតឃើញថា ជារួមទីផ្សារជួលអាផាតម៉ិនក្នុងទីក្រុងភ្នំពេញ មានការធ្លាក់ចុះប្រមាណ៥ ទៅ១០ភាគរយ តែបើប្រៀបធៀបនឹងមុនកូវីដ១៩ ក្នុងឆ្នាំ២០១៩ មានការធ្លាកចុះខ្លាំង ដោ​យ​សារតែភាគច្រើន អ្នកជួលអាផាតម៉ិនភាគច្រើន ជាជនជាតិបរទេស ហើយ ក្នុងសម័យកូវីដ១៩នេះ ក្រុមហ៊ុន អង្គការនានាបានកាត់បន្ថយការចំណាយ និងកាត់បន្ថយបុគ្គលិក។

លោកមានប្រសាសន៍ថា “និយាយរួម ទីផ្សារជួលក្នុងឆ្នាំ២០២១ មានលក្ខណៈរៀងធ្លាក់ចុះដែរ ចំនួនភ្ញៀវដែលជួលក៏ធ្លាក់ចុះ ហើយកម្រិតនៃការរកភ្ញៀវថ្មីក៏មិនសូវមាន”។ លោកបន្តថា “ប្រៀបធៀបនឹងឆ្នាំ២០១៩ មានការធ្លាក់ចុះច្រើន តែបើប្រៀបធៀបនឹងឆ្នាំ២០២០ មានការធ្លាក់ចុះប្រមាណ៥ទៅ១០ភាគរយ ទើបតែចុងឆ្នាំ២០២១ និងឆ្នាំ២០២២នេះទេ ដែលចាប់ផ្តើមមានចំណូលខ្លះ នៃភ្ញៀវបរទេសចូលមកក្នុងប្រទេស តែមិនមានចំនួនច្រើននោះទ”។

នៅក្នុងឆ្នាំ២០២២ នេះលោកមើលឃើញថា លោកសង្ឃឹមថា អាចមានកម្លាំងចលករមួយ ដែលអាចជម្រុញឱ្យទីផ្សារជួល មានលក្ខណៈល្អប្រសើរជាងឆ្នាំ២០២១បន្តិច តែក៏នៅមិនទាន់ធំដុំនៅឡើយទេ ព្រោះថាទីផ្សារជួលនេះ ពាក់ព័ន្ធនឹងការធ្វើដំណើរ និងការវិលត្រលប់មកវិញនៃការបើកអាជីវកម្មថ្មី នៃវិស័យដែលជាប្រភេទជនជាតិបរទេស ចូលមកកាន់ស្រុកខ្មែរ។

តែប្រសិនបើទាក់ទងនឹងការជួលប្រភេទផ្ទះល្វែង សបហោស៍ ដែលជាប្រភេទអាជិវកម្មក្នុងស្រុករបស់យើង ដែលបានចាប់ផ្តើមពង្រឹងឡើងវិញ លោកមើលឃើញថា មានកំណើនឡើងវិញគួរឱ្យកត់សម្គាល់ដែរ ក្នុងរយៈពេល២ ទៅ៣ខែចុងក្រោយនេះ។ តែបើម្ចាស់អាជីវកម្មជាប្រភេទជនជាតិ ចិន កូរ៉េ ជប៉ុន ម៉ាឡេស៊ី ជាដើមនោះ នៅខ្សត់ខ្សោយនៅឡើយទេក្នុងដើមឆ្នាំនេះ។

យ៉ាងណាក្តី លោករំពឹងថា នៅក្នុងឆមាសទី២ ក្នុងឆ្នាំ២០២២នេះ អាចនឹងមានកំណើនល្អប្រសើរជាងក្នុងឆមាសទី១នេះ។

ក្នុងរយៈពេល៣ ទៅ៤ឆ្នាំចុងក្រោយនេះ និន្នាការនៃជនជាតិចិន ដែលបានមកជួលមានកំណើនខ្ពស់ ខណៈជនជាតិអ៊ឺរ៉ុប និងជនជាតិជប៉ុនមានការស្ងប់ស្ងាត់ទៅវិញ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ៕

តើផ្នែកអ្វីខ្លះនៃវិស័យអចលនទ្រព្យនឹងមានភាពប្រែប្រួលខ្លាំងនៅពេលខាងមុខ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ក្នុងវិស័យអចលនទ្រព្យ បានប្រមើ​លមើលឃើញថា ទីផ្សារមួយចំនួននៃអចលនទ្រព្យ នឹងមានការប្រែប្រួលច្រើននៅរយៈពេល៥ឆ្នាំខាងមុខ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីដើមសប្តាហ៍នេះថា នៅរយៈពេល៣ទៅ៥ឆ្នាំខាងមុខ ទីផ្សរអាផាតម៉ិននឹងមានការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់កើនឡើង ស្របពេលការប្រកួតប្រជែង កាន់តែតានតឹងជាងមុន។ ចំណែ​កការវិនិយោគបុរី នៅតែមានផលចំណេញខ្ពស់ ស្របពេលទីផ្សារខុនដូអ្នកវិនិយោគទទួល បានផលចំណេញតិចជាងមុន ប៉ុន្តែតម្រូវការកើនឡើងខ្ពស់។

លោកបន្តថា “ពីមុនអ្នកសាងសង់ខុនដូលក់ រកផលចំណេញបានមួយគុណនឹងពីរឬគុណនឹងបី ប៉ុន្តែដោយសារការប្រកួតប្រជែងកើនឡើង បានធ្វើឲ្យផលចំណេញធ្លាក់ចុះ”។ លោកបន្តថា “ជាមួយគ្នានេះ ការិយាល័​យជួលតូចៗប្រឈមនឹងបញ្ហាផងដែរ ដោយសារទីផ្សារនឹងវិវត្តន៍កាន់តែច្រើន”។

លោកឧកញ៉ាបានបន្តថា អ្នកវិនិយោគការិយាល័យជួល ត្រូវធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទាំងខុនដូ ផ្សារទំនើប ការិយាល័យជួលរួមបញ្ចួលគ្នា ពិសេសមានទីតាំងនៅកណ្តាលរាជធានី”។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមើលឃើញផងដែរថា ទីផ្សារបុរីសម្រាប់តម្លៃខ្ពស់នឹងប្រឈមមុខនឹងការធ្លាក់ចុះ ដោយសារការផ្គត់ផ្គង់់កើនឡើងច្រើន ប៉ុន្តែសម្រាប់បុរីដែលមានតម្លៃមធ្យមចុះ មិនរងផលប៉ះពាល់នោះទេ។

លោកបន្តថា “ទីផ្សារដីធ្លីនៅតំបន់ជាយក្រុងនឹងបន្តកើនឡើង ហើយតំរូវការខុនដូនឹងកើនឡើង ហើយអ្វីដែលជាការលេចធ្លោ នឹងមានការទិញ វិនិយោគផ្សារហ៊ុននឹងកើនឡើង ប៉ុន្តែវាទាមទារបទពិសោធន៍ និងភាពច្បាស់លាស់នៃទីផ្សារ”៕

ក្រុមហ៊ុនអចលនទ្រព្យយក្សEvergrandeកំពុងស្វែងរកជំនួយដើម្បីរំដោះខ្លួនចេញពីបំណុល

ដោយៈស្រីលីស

ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់យក្ស China Evergrande Group បាននិយាយនៅថ្ងៃសុក្រទី២១ ខែមករាថា ខ្លួនកំពុងជួលអ្នកប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងផ្នែកច្បាប់បន្ថែមទៀតដើម្បីជួយ នឹងការទាមទារពីម្ចាស់បំណុល បន្ទាប់ពីក្រុមសំខាន់ៗ នៃម្ចាស់បំណុលអន្តរជាតិរបស់ខ្លួនបានគំរា​មចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមិនបង្ហាញភាពបន្ទាន់បន្ថែមទៀត។

ក្រុមហ៊ុនបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ទីផ្សារភាគហ៊ុនថា ខ្លួនកំពុងស្នើសុំឱ្យចូលរួមជាមួយ China International Capital និង BOCI Asia ជាអ្នកផ្តល់ប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនមេធាវី Zhong Lun ជាទីប្រឹក្សាផ្នែកច្បាប់។

កាលពីថ្ងៃព្រហស្បតិ៍ ក្រុមម្ចាស់បំណុល ដែលតំណាងដោយក្រុមហ៊ុនច្បាប់ Kirkland & Ellis និងធនាគារវិនិយោគ Moelis បាននិយាយថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារសិទ្ធិរបស់សមាជិក បន្ទាប់ពីការខ្វះការចូលរួមពីក្រុមហ៊ុន ដែលជាបេះដូងនៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិន។

Evergrande គឺជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនជាងគេបំផុតលើពិភពលោក ជាមួយនឹងបំណុលសរុប៣៥០ពាន់លានដុល្លារអាមេរិក ដែលរាប់បញ្ចូលទាំងមូលបត្របំណុល អន្តរជាតិជិត ២០ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានចាត់ទុកថាមិនដំណើរការបន្ទាប់ពីការបង់ប្រាក់ខកខានកាលពីចុងឆ្នាំមុន៕

Study: Condo supply in 2021 has slow growth while market remains unclear

By: Sotheary

Phnom Penh: A new study by the international company CBRE Cambodia found that the supply of condominiums last year and this year is expected to grow slow due to of Covid-19.

A report by CBRE Cambodia, released on 20 January 2022, shows that in 2021, Cambodia received only 4 new condominium development projects due to the Covid-19 crisis, which has hampered the entry of foreigners into the Kingdom. In particular, for 2022, new condo projects are also expected to remain low.

Ms. Kim Kinkesa, Associate Director of CBRE Cambodia, said that last year there were only four new condominium development projects, and in 2022, condominium development in Cambodia is expected to remain low.

“The factors that drive development at such a low level are not entirely due to Covid-19, but to economy affected from Covid-19,” she said.

“The world is still affected by Covid-19, especially the newly radiant Covid-19 virus, which makes it impossible for foreigners to travel in and out of the country to seek foreign investment,” she continues.
Ms. Kesa states that restrictions on some countries’ measures are still a barrier to the arrival of foreigners in Cambodia, as foreigners are the major developers of condo projects in Cambodia, so local developers are still important in contributing to condominium development.

Mr. Po Eav Kong, CEO of Advance Real Estate, also said that the development of the condominium sector in Cambodia may not be able to recover more than in 2021. The development activities and sales this year’s condo are just projects left over from last year.

He added that the number of new projects starting to hit the ground and be built in 2022 will be small in amount because the influx of investors into and out of Cambodia is still a difficult problem, and as we already know, most condo developers in our country and buyers are also foreigners.

“Some projects are sold abroad, but foreigners who want to buy a condominium project also need to visit the actual location before deciding to buy from any project,” he said.

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានសម្ពោធនិងប្រគល់ ​​“អគារសិក្សា០១ខ្នង” ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO)​ ដើម្បីការសិក្សារបស់កុមារក្រីក្រក្នុងតំបន់ដាច់ស្រយាល

 

កាលពីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយសបានចូលរួមសម្ពោធនិងប្រគល់អគារសិក្សា០១ខ្នង ដែលត្រូវបានសាងសង់ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប និងបាននាំយកនូវសម្ភារៈសិក្សា ម៉ាស និងអាល់កុលមួយចំនួនជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា (CCAFO) និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងអណ្ដូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសផ្តល់ឳកាសឱ្យសិស្សានុសិ្ស និងកុមារក្រីក្រក្នុងតំបន់ដាច់ស្រយាលបានសិក្សា។

ទោះស្ថិតក្នុងស្ថានភាពប្រឈមនៃជំងឺកូវីដ-១៩ក៏ដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប នៅតែបន្តការងារទំនួលខុសត្រូវសង្គមរបស់ខ្លួនបានយ៉ាងច្រើន។ ក្នុងនោះ ក្រុមហ៊ុនបានចូលរួមដោះស្រាយនូវផលលំបាកនិងឆ្លើយតបទៅតម្រូវការសង្គម។​

ផ្សារភ្ជាប់ទៅនឹងការងារទំនួលខុសត្រូវសង្គមនៃផ្នែកអប់រំនេះ គេសង្កេតឃើញថាក្រុមហ៊ុន ប៉េង ហួត គ្រុប មានសកម្មភាពទៅលើវិស័យនេះជាច្រើន ខណៈវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការកសាង និងអភិវឌ្ឍប្រទេសជាតិ និងសេដ្ឋកិច្ច ទោះបីជាវិស័យណាមួយក៏មិនអាចចាកឆ្ងាយពីវិស័យអប់រំបានឡើយ។

ក្នុងបរិយាកាសដ៏រំភើបរីករាយក្នុងកម្មវិធីសម្ពោធប្រគល់ និងទទួលអគារសិក្សានេះ លោក រិទ្ធី ចាន់តារា ប្រធានមជ្ឈមណ្ឌលអប់រំមាតុភូមិខ្មែរ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះ ជូនចំពោះក្រុមការងាររៀបចំ និងប្រឹក្សាយោបល់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប លោក លោកស្រី ដៃគូរពាក់ព័ន្ធទាំងអស់ ដែលយើងអាចសាងសង់ថ្នាក់រៀនបានយ៉ាងរលូន ដែលការឧបត្ថម្ភជាអគារសិក្សាមួយខ្នងនេះ គឺពិតជាបានរួមចំណែកជាមួយអង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជាក្នុងការកសាង និងបំពេញសមត្ថភាពរបស់អ្នកជំនាន់ក្រោយរបស់យើង ដើម្បីអោយប្រទេសរបស់យើងអាចបោះជំហាន និងកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ ម្យ៉ាងទៀត ចូលរួមបំពេញក្ដីស្រមៃរបស់សិស្សានុសិស្ស កុមារក្រីក្រអាចបន្តការរៀនសូត្រទៅមុខទៀតឱ្យបានចប់ចុងចប់ដើម ដើម្បីឈានទៅសម្រចគោលបំណងរបស់ពួកគេទៅថ្ងៃអនាគត និងជាពិសេសសិស្សានុសិស្ស កុមារក្រីក្រនៅទីនេះពិតជាសប្បាយចិត្តខ្លាំងជាមួយនិងថ្នាក់រៀនថ្មីនេះ”

លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ និងជាតំណាងអគ្គនាយិកា បុរី ប៉េង ហួត បានបង្ហាញនូវមតិសំណេះសំណាលប្រកបដោយស្នាមញញឹម និងមោទកភាពថា “ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងខ្លាំង ដែលបានចូលរួមក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សាថ្មី ០១ខ្នង ដែលត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន បុរី ប៉េង ហួត ជូនដល់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា ដើម្បីជាការចូលរួមចែករំលែក និងបណ្តុះបណ្ដាលធនធានមនុស្ស។ ក្មួយៗសិស្សានុសិស្ស គឺជាទំពាំងស្នងឬស្សី ជាធនធានដ៏សំខាន់ ជាក្ដីសង្ឃឹមសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ”។

លោក​បន្តថា “ការអប់រំ គឺជាប្រទីបបំភ្លឺផ្លូវដែលអាចនាំក្តីស្រមៃ និងបំណងប្រាថ្នារបស់ក្មួយៗសិស្សានុសិ្សឱ្យឈានទៅដល់គោលដៅ ដែលក្នុងនោះក្មួយៗអាចក្លាយខ្លួនជាអ្នកដឹកនាំប្រទេសជាតិ ជាអគ្គនាយក ឬអគ្គនាយិកាក្រុមហ៊ុនឯកជន ជាវេជ្ជបណ្ឌិត វិស្វករ ឬស្ថាបត្យករ និងជាពិសេស ជាសាស្ត្រាចារ្យ និងលោកគ្រូអ្នកគ្រូនាពេលអនាគត”។

លោកបានបញ្ជាក់ទៀតថា “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកក្រោមម្លប់ឱ្យនឹកដល់អ្នកដាំ» គឺជាទស្សនទានរបស់ស្ថាបនិកក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងការចូលរួមតបស្នងត្រឡប់ទៅសង្គមវិញ ខណៈក្រុមហ៊ុនមានការអភិវឌ្ឍ និងការរីកចម្រើន ក៏ដោយសារសង្គមមានស្ថេរភាព សន្ដិភាព មានធនធានមនុស្សល្អច្រើន និងកត្ដាអំណោយផលផ្សេងទៀតជាច្រើន។ល។”

លោក​បន្ថែម​ថា “ជាការលើកទឹកចិត្តចែករំលែកក្តីសង្ឃឹម និងចូលរួមជាមួយកិច្ចការសង្គមជារៀងរាល់ឆ្នាំ ក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែរៀបចំសកម្មភាពមនុស្សធម៌ផ្សេងៗដូចជា៖ ចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហម មន្ទីរពេទ្យគន្ធបុប្ផា កសាងសាលារៀន  កសាងព្រះវិហារ និងផ្លូវថ្នល់។ល។ ក្រុមហ៊ុនសង្ឃឹមថា អគារសិក្សាមួយខ្នងនេះនឹងផ្តល់នូវបរិយាកាសសិក្សាកាន់តែប្រសើរជូនដល់ក្មួយៗក្នុងភូមិត្រពាំងអណ្តូង ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងជឿជាក់ថាពួកគេនឹងខិតខំក្នុងការសិក្សា ដើម្បីអនាគតគ្រួសារ និងសង្គមជាតិ។ អគារសិក្សានេះក៏ចូលរួមជួយសម្រួលដល់តម្រូវការខ្វះខាតរបស់អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមណ្ឌលអប់រំមាតុភូមិខ្មែរមួយចំណែកធំផងដែរ”។

លោក​បន្ថែម​ថា​​ “ជាចុងក្រោយក្រុមហ៊ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អង្គការមូលនិធិទ្រទ្រង់កុមារកម្ពុជា និងមជ្ឈមណ្ឌលមាតុភូមិខ្មែរ ព្រមទាំងក្រុមការងារដែលបានខិតខំប្រឹងប្រែងមិនគិតពីការនឿយហត់ក្នុងការចូលរួមបណ្ដុះបណ្ដាលអភិវឌ្ឍធនធានមនុស្សសម្រាប់សង្គមជាតិ ហើយនិងសូមជូនពរក្មួយៗទាំងអស់គ្នាទទួលបានសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ឱ្យបានច្រើនពីមជ្ឈដ្ឋានជុំវិញ និងសូមឱ្យក្មួយៗអត់ធ្មត់ចំពោះស្ថានភាពលំបានដែលក្មួយៗកំពុងប្រឈមបច្ចុប្បន្ន និងប្រឹងប្រែងបន្តការរៀនសូត្រឱ្យបានច្រើនទៀត ដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួនឯងទៅថ្ងៃមុខ សូមក្មួយៗទាំង ទទួលបានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច”។

ក្នុងកម្មវិធីសម្ពោធ និងប្រគល់អគារសិក្សានេះ ក្រុមហ៊ុនក៏បានឧបត្ថម្ភជាថវិកាបន្ថែមដើម្បីទុកសម្រាប់ប្រើប្រាស់លើតម្រូវការជាក់ស្ដែងរបស់អង្គការ ដូចជាតម្រវការធុងស្តុកទឹកសម្រាប់ប្រើប្រាស់ និង ជួសជុលបង្គន់អនាម័យ ថែទាំអគារ និង​សម្ភាៈការិយាល័យផ្សេងៗ។

សូមរំលឹកផងដែរ កាលពីពេលថ្មីៗកន្លងទៅនេះ គេសង្កេតឃើញថា ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសម្មភាពសង្គម និងសប្បុរសធម៌ទៅលើការអប់រំ និងសកម្មភាពផ្សេងៗជាច្រើនទៀតរួមមាន កម្មវិធីអង្ករបានបន្តការសិក្សារបស់កុមារកំព្រា និងកុមារក្រីក្រនៅ ខេត្តកំពង់ចាម កម្មវិធីអង្គរប្តូរយកឳកាសសិក្សារបស់ក្មេងៗរើសសំរាមនៅសហគមន៍ក្រីក្រ ស្ទឹងមានជ័យ ភ្នំពេញ កម្មវិធីអង្ករប្ដូរយកសំរាមប្លាស្ទិកនៅក្នុងសហគមន៍តាមដងទន្លេសាប ខេត្ដសៀមរាប៕