រដ្ឋាភិ​បាលចំណាយប្រាក់រហូតដល់១៧០លានដុល្លារដើម្បីសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ

ដោយ: ម៉ាលីស

ភ្នំពេញ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានអះអាងថា បច្ចុប្បន្ន មានតែខេត្តព្រះសីហនុមួយប៉ុណ្ណោះ ដែលត្រូវបានសាងសង់ និងដាក់ឱ្យដំណើរការនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្តង់ដារពីប្រទេសអ៊ីស្រាអែល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី២ ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ៧.២០០ម៉ែត្រគូបក្នុងមួយថ្ងៃ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានសមត្ថភាពក្នុងការដកយកកាកសំណល់ភាគល្អិតបំផុត និងសម្លាប់មេរោគ និងបាក់តេរីផ្សេងៗ ដែលអាចធ្វើឱ្យទឹកមានសុវត្ថិភាពរហូតដល់៦០ភាគរយ មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន២ ក្រោមជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី ត្រូវបានដាក់ឱ្យដំណើរការ ដោយស្ថានីយទី១ មានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងមួយថ្ងៃ បាន៥.២០០ម៉ែត្រគូប និងស្ថានីយទី២ មានសមត្ថភាពសម្អាតទឹកកខ្វក់បាន៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។

លោកបន្តថា “ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មួយកន្លែងទៀត នៅតំបន់ឆ្នេរអូរឈើទា​ល ដែលមានសមត្ថភាពសម្អាតទឹកកខ្វក់ ក្នុងបរិមាណ២ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ក៏នឹងត្រូវសាងសង់ ឡើង នាពេលខាងមុខនេះដែរ”។

យោងតាមសេចក្តីព្រាងផែនការ មេដែលសិក្សាដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនឯកជនមួយមកពីប្រទេសចិន បានប៉ាន់ប្រមាណថា បរិមាណទឹកកខ្វក់ក្នុងក្រុងព្រះសីហនុ នឹងមានបរិមាណប្រមាណ៤ម៉ឺន៧ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៣ និងប្រមាណ៦ម៉ឺន៤ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នបរិមាណនេះបានកើនដល់៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

តាមផែនការមេនៃគម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកកខ្វក់នៅក្រុងព្រះសីហនុ ដែលបង្ហា​ញដោយក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឱ្យដឹងថា នៅឆ្នាំ២០២១-២០២៣ នឹងត្រូវសាងសង់លូមេប្រវែង៦៩គីឡូម៉ែត្រ លូមេរងប្រវែងជិត៤០គីឡូម៉ែត្រ លូតភ្ជាប់ពីលំនៅឋាន និងអគារពាណិជ្ជកម្មប្រវែងជាង៩២គីឡូម៉ែត្រ ខណៈចន្លោះពីឆ្នាំ២០២៣- ២០៣០ស្ថានីយអាចនឹងពង្រីកសមត្ថភាព ប្រព្រឹត្តកម្មដល់៦ម៉ឺនម៉ែត្រគូបឬ៨ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។

គម្រោងអភិវឌ្ឍន៍ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទឹកភ្លៀងក្នុងក្រុងព្រះសីហនុនេះ គ្រោងចំណាយថវិកាសរុបជាង១៧០លានដុល្លារអាមេរិក៕

អ្នកជំនាញៈកូវីដ១៩ប្រភេទថ្មី ជាឧបសគ្គមួយរារាំងដល់ការបើកទេសចរណ៍វ៉ាក់សាំងរបស់កម្ពុជា

ដោយៈ លក្ខិណា

ភ្នំពេញៈ ខណៈកម្ពុជាទើបតែប្រកាសពីការបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ ស្រាប់តែអង្គការសុខភាពពិភពលោក បានប្រកាសពីការរកឃើញមេរោគកូវីដ១៩ប្រភេទថ្មី ដែលដាក់ឈ្មោះថា អូមីក្រុង ហើយបញ្ជាក់ថា មេរោគនេះ មានសមត្ថភាព ក្នុងការចម្លងបានលឿនរហ័សជាងមេរោគកូវីដ១៩ប្រភេទដែលតាទៅទៀត ។

ការណ៍នេះបានបង្កការភ័យព្រួយជាថ្មី សម្រាប់វិស័យទេសចរណ៍ និងគំរាមកំហែលដល់សេដ្ឋកិច្ចឡើងវិញផងដែរ។

លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រ​សាសន៍តាមប្រព័ន្ធតេលេកា្រម នៅល្ងាចថ្ងៃទី៣០វិច្ឆិកា២០២១នេះឱ្យដឹងថា ការផ្ទុះមេរោគកូវីដ១៩ប្រភេទថ្មីអូមីក្រុងនេះ អាចជាឧបសគ្គដល់ការបើកប្រទេសឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចហើយ។

លោកស្រីបន្តថា “មែនទែនទៅ កម្ពុជាយើងបានបើកទទួលភ្ញៀវទេសចរបរទេសចូលមករួចទៅហើយ តាំងពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ បានប្រកាសកាលពីថ្ងៃទី១៥វិច្ឆិកា២០២១”។ លោកស្រីបន្តថា “តាមពិតទៅ គម្រោងផែនការរបស់រាជរដ្ឋាភិបាលគឺបើកនៅថ្ងៃទី៣០វិច្ឆិកា តែដោយសារតែបញ្ហាច្រើនពេក សម្ដេចក៏បានប្រកាសបើកទាំងស្រុង។ ប៉ុន្តែដោយសារតែក្រុមហ៊ុនអាកាសចរណ៍ មិនទាន់រៀបចំខ្លួនឱ្យរួចរាល់បានភ្លាមៗ ទើបការដឹកជញ្ជូនអ្នកដំណើរបរទេសចូលមកកម្ពុជាមិនទាន់មានច្រើន”។

លោកស្រីបន្តថា ចាប់តាំងពីខែធ្នូឆ្នាំ២០២១តទៅ ឃើញផែនការនៃការបើកហោះហើរមានច្រើន ដោយសារតែមានការដោះការធ្វើចត្តាឡីស័កចេញ ហើយភ្ញៀវទេសចរជាច្រើន ក៏បានចាប់អារម្មណ៍លើការធ្វើដំណើរមកកម្ពុជា ប៉ុន្តែពេលនេះយើងបានលឺដំណឹងពីមេរោគកូវីដ១៩ប្រភេទថ្មីមួយទៀត ដូច្នេះវានឹងអាចប៉ះពាល់ដល់កម្ពុជា បើសិនជាការរីករាលដាលកាន់តែធំនៅបណ្ដាប្រទេសជាច្រើន ហើយថ្មីៗនេះ យើងក៏បានលឺថាប្រទេសជប៉ុនបានបិទជើងហោះហើរចេញចូលប្រទេសគេទាំងស្រុង ។

លោកស្រីបន្ថែមថា បើសិនជាប្រទេសក្នុងតំបន់អាស៊ាន អាចទប់ស្កាត់បាន ហើយការធ្វើដំណើររបស់អ្នកដំណើរបរទេសចូលមកកម្ពុជា ត្រូវបានត្រួតពិនិត្យត្រឹមត្រូវ យើងគិតថាវាមិនជាមានបញ្ហាធំនោះទេ ពីព្រោះកម្ពុជាក៏មិនទាន់មានភ្ញៀវពីប្រទេសឆ្ងាយៗចូលមកដែរ ភាគច្រើនគឺជាភ្ញៀវក្នុងតំបន់អាស៊ាន  ។

ចំណែកលោកហូ វណ្ឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កកម្ពុជាក៏បានថ្លែងឱ្យដឹងផងដែរថា ការទប់ស្កាត់មេរោគកូវីដ១៩ ប្រភេទបម្លែងថ្មីឬមេរោគកូវីដ១៩ទាំងអស់គឺត្រូវមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាទាំងអស់ បើពុំនោះផែនការការរស់នៅ ជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងមិនអាចបន្តនិរន្តភាពបាននោះទេ ។

លោកបន្តថា “សម្រាប់អាជ្ញាធរសុខាភិបាល ក៏ដូចជាមន្ត្រីច្រកទ្វារព្រំដែនទាំងអស់ត្រូវមានការរឹតបន្តឹង សួរប្រវត្តិអ្នកដំណើរចូលមកទាំងអស់ និងត្រូវធ្វើតេស្តរកមេរោគកូវីដ១៩តាមម៉ាស៊ីន PCR ឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យមេរោគកូវីដ១៩ប្រភេទថ្មីនេះ រីករាលដាលកាន់តែធំ”៕

អភិបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យបើកខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ឡើងវិញហើយ

ដោយៈសុធារី

ភ្នំពេញៈ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះអាជីវកម្មខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី៕

សណ្ឋាគារអន្តរជាតិ Hilton Phnom Penh គ្រោងបើកដំណើរការនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០២២

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Hilton ដែលមានការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក GFC Company Limited ដើម្បីបើកដំណើរការសណ្ឋាគារទី១ របស់ខ្លួននៅប្រទេសកម្ពុជា។

សណ្ឋាគារដែលមានឈ្មោះថា Hilton Phnom Penh ខាងលើនេះមានបន្ទប់ចំនួន២៨០បន្ទប់ ហើយវាជាផ្នែកនៃគម្រោងអភិវឌ្ឍន៍មួយ សម្រាប់គោលបំណងប្រើប្រាស់ចម្រុះ​នៅរាជធានី ប្រទេសកម្ពុជា ដែលគ្រោងបើកដំណើរការនៅឆ្នាំ២០២២។

លោកស្រី Vera Manoukian ដែលជាអនុប្រធានក្រុមហ៊ុន Hilton និងជាប្រធាន ប្រ៊ែនទូទាំងពិភពលោករបស់ក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការណ៍ថា “នៅពេលយើងពង្រីកប្រ៊ែនដ៏មានកត្យានុភាពនេះ យើងផ្តោតខ្លាំងលើការណែនាំសណ្ឋាគារ នៅទីតាំងផ្សេងៗ ដែលភ្ញៀវទេសចរចង់ទៅ ហើយចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទូទាំងពិភពលោកមកលើកម្ពុជា នៅតែបន្តកើនឡើងក្នុងល្បឿនលឿនមិនធ្លាប់មាន”។

សណ្ឋាគារនេះ នឹងផ្តល់ជូននូវកន្លែងទទួលទានអាហារជាច្រើន រួមមានទាំងភោជ​នីយដ្ឋានបើកពេញមួយថ្ងៃ ភោជនីយដ្ឋានប្រណីត ហាងកាហ្វេ និងបារផងដែរ។ ក្រៅពីនេះសណ្ឋាគារនេះក៏មានបន្ទប់សាលធំ (Ballroom) ដែលមានទំហំ៨៧៥ម៉ែត្រការ៉េ ក្លឹបហាត់ប្រាណ អាងហែលទឹក និងបន្ទប់រង់ចាំផងដែរ។

ស្ថិតនៅចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សណ្ឋា​គារនេះ នឹងមានទីតាំងនៅជិតសំណង់អគារសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងផ្សារធំថ្មី និងអគារវឌ្ឍនៈ ផងដែរ។

បច្ចុប្បន្ន ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បើកដំណើរការសណ្ឋាគារចំនួន៤០ក្នុងទីផ្សារចំនួន៩នៅអាស៊ីអាគ្នេយ៍។ នៅរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុននេះមានគោលដៅបើកដំណើរសណ្ឋាគារ ចំនួន៥៤បន្ថែមទៀត រួមទាំងសណ្ឋាគារ Canopy ដំបូងរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ ប៊្រែនសណ្ឋាគារ Hilton Hotels & Resorts របស់ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន៥៨៥នៅទូទាំងទ្វីបចំនួន៦៕

សេដ្ឋកិច្ចឡាវរំពឹងខ្ពស់លើផ្លូវដែក ដែលតភ្ជាប់ពីប្រទេសចិនមកកាន់រដ្ឋធានីវៀងច័ន្ទដែលគ្រោងដាក់ឱ្យដំណើរការនៅខែធ្នូ

ដោយៈសុខុម

បាងកក: ផ្លូវដែកស្ថាបនាដោយចិន ថ្មីមួយខ្សែដែលមានតម្លៃរហូតដល់ទៅ៦ពាន់លានដុល្លារអាមេរិក គ្រោងដាក់ឱ្យដំណើរការជាផ្លូវការក្នុងប្រទេសឡាវ នៅថ្ងៃសុក្រ ទី៣ ធ្នូ ហើយប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះសង្ឃឹមយ៉ាងមុតមាំថា ផ្លូវដែកនេះនឹងជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។

យោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី២៨ វិច្ឆិកា ឱ្យដឹងថា ផ្លូវដែកប្រវែង៤១៤គីឡូម៉ែត្រនេះ បានចំណាយពេលស្ថាបនារហូតដល់ទៅ៥ឆ្នាំ ក្រោមគំនិតផ្តួចផ្តើម “ផ្លូវ និងខ្សែក្រវាត់” (Belt and Road Initiative) ដែលមានទុនវិនិយោគរាប់ទ្រីលានដុល្លាររបស់មហាយក្សចិន ដែលផ្តល់ហិរញ្ញប្បទាន ដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងគោលបំណងបង្កើនឥទ្ធិពល របស់រដ្ឋាភិបាលក្រុងប៉េកាំង ទូទាំងពិភពលោក។

លោក Anouphon Phomhacsar ជាកសិករដាំដំណាំផ្លែស្ត្របឺរីដែលកំពុងជួបការលំបាកសង្ឃឹមថា ផ្លូវរថភ្លើងថ្មីនេះ នឹងជួយឱ្យមុខរបររបស់គាត់ដំណើរការល្អឡើងវិញ។ ជាធម្មតា ចម្ការរបស់គាត់ប្រមូលផលផ្លែស្ត្របឺរី បានរហូតដល់ទៅ២តោនក្នុងមួយឆ្នាំ ប៉ុន្តែវិបត្តិកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២១។

បច្ចុប្បន្នកសិកររូបនេះ ត្រូវចំណាយពេលពី៣ទៅ៤ម៉ោង ដើម្បីដឹកជញ្ជូនផ្លែស្ត្របឺរីរបស់គាត់ទៅកាន់ទីក្រុងវៀងចន្ទន៍ តាមផ្លូវគោក ប៉ុន្តែគាត់សង្ឃឹមថា ផ្លូវដែកថ្មីនេះនឹងជួយឱ្យគាត់ចំណេញពេលធ្វើដំណើរបានពាក់កណ្តាល។
គាត់និយាយទៀតថា វាក៏ងាយស្រួលជាងមុនផងដែរ សម្រាប់ភ្ញៀវទេសចរធ្វើដំណើរទៅបោះតង់គយគន់មើលផ្កាយ និងបេះផ្លែស្ត្របឺរី។ គាត់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “នៅពេលអនាគត ភ្ញៀវទេសចរបរទេស ដែលមកកាន់ចម្ការនេះអាចមានចំនួនរាប់ម៉ឺននាក់”។

ផ្លូវរថភ្លើងនេះ នឹងតភ្ជាប់ទីក្រុងគុនមីង (Kunming) ប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ដែលមានប្រជាជនប្រមាណ៧,២លាននាក់ ជាមួយនឹងផែនការដ៏ធំសម្បើមនៅទីបំផុត នោះគឺការស្ថាបនាផ្លូវរថភ្លើងល្បឿនលឿន រត់ឆ្លងកាត់ប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។

យោងតាមធនាគារពិភពលោក (World Bank) ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ បានដាំក្បាលចុះខ្លាំងស្ទើរហៅមិនឮ មកនៅត្រឹម០,៤%ក្នុងឆ្នាំ២០២០ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ៕ AFP៕

តើអ្នកចង់ប្រឡូកក្នុងវិស័យអចលនទ្រព្យដំបូងគួរធ្វើការងារពេញម៉ោង ឬក្រៅម៉ោង?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលវិស័យអចលនទ្រព្យកាន់តែមានសន្ទុះ មានមនុស្សមិនតិចទេ ដែលបានបោះបង់ ការងារស្នួលរបស់ខ្លួនទាំងស្រុង ទៅប្រឡូកជាមួយនឹងការងារជាភ្នាក់​ងារអចលនទ្រព្យ ហើយក៏មានអ្នកខ្លះជោគជ័យ ខ្លះក៏មិនជោគជ័យនិងត្រលប់ទៅរកការងារដើមវិញ។

ខ្លះទៀត ក៏ចាប់ផ្ដើមជាមួយការងារ ជាភ្នាក់ងារអចលនទ្រព្យក្រៅម៉ោង ធ្វើការនៅចុងសប្ដាហ៍ប៉ុណ្ណោះ ។ ដូច្នេះ ក្នុងការប្រឡូកជាមួយវិស័យអចលនទ្រព្យដំបូង គួរតែធ្វើពេញម៉ោងឬក្រៅម៉ោង?។

នៅក្នុងសៀវភៅ វិថីអចលនទ្រព្យ និពន្ធដោយលោកគាម សៀកឡុងបានបង្ហាញពីភាពខុសគ្នា រវាងការងារជាភ្នាក់ងារអចលវត្ថុក្រៅម៉ោង និងការងារជាភ្នាក់ងារអចលនវត្ថុពេញម៉ោង។

១. ភ្នាក់ងារអចលនវត្ថុក្រៅម៉ោង
សម្រាប់បងប្អូនដែលកំពុងមានការងារ ឬមុខរបរពេញម៉ោងរួចហើយ តែពួកគាត់មិនទាន់ច្បាស់ពីចំណង់ និងជំនឿថា អាចប្រកបមុខរបរជាភ្នាក់ងារអចលនវត្ថុនេះនឹងទទួលបានលទ្ធផលល្អដូចការរំពឹងទុក។ ពួកគាត់អាចសាកល្បង ដោយចាប់ផ្ដើមធ្វើក្រៅម៉ោងដូចជាចុងសប្ដាហ៍ ឬថ្ងៃឈប់សំរាកជាដើម។

កន្លងមក មានបងប្អូនខ្លះបានខិតខំប្រឹងប្រែង តស៊ូព្យាយាម មានទេពកោសល្យ ក៏ទទួលបានលទ្ធផល ហើយបានសម្រេចចិត្ដ លាឈប់ពីការងារពេញម៉ោងរបស់ខ្លួនមកចាប់ផ្ដើមអាជីព ជាភ្នាក់ងារអចលនវត្ថុពេញម៉ោងតែម្ដង តែក៏មានបងប្អូនជាច្រើនមិនទទួលបានលទ្ធផលទេ ដោយធ្វើមិនពេញដៃពេញជើង និងមិនបានចំណាយពេលវេលាធ្វើការគ្រប់គ្រាន់ ហើយក៏បោះបង់ទៅវិញ។

២. ភ្នាក់ងារអចលនវត្ថុពេញម៉ោង
ចង់ក្លាយជាភ្នាក់ងារអចលនវត្ថុពេញម៉ោង អ្នកត្រូវតែជាអ្នកតាំងចិត្ដយ៉ាងមុតមាំថានឹងប្រកបរបរនេះ ដោយបោះបង់នូវការងារផ្សេង ឬក៏ចាប់ផ្ដើមអាជីពដំបូង ជាមួយនឹងការងារនេះតែម្ដង។ ពួកគាត់មានពេលវេលាគ្រប់គ្រាន់ ផ្ដោតលើការងារនេះទាំងស្រុង។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏មានអ្នកដែលមិនទទួលបានលទ្ធផលល្អប្រសើរ មិនបានត្រៀមខ្លួនបានល្អ ហើយក៏ត្រឡប់ទៅរកការងារ ឬមុខរបរផ្សេងផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា មានភ្នាក់ងារអចលនទ្រព្យកាន់តែច្រើន ប៉ុន្តែ ភ្នាក់ងារអចលនទ្រព្យខ្លះ ទទួលបានការបណ្ដុះបណ្ដាលត្រឹមត្រូវ មានវិជ្ជាជីវៈ តែក៏មានភ្នាក់ងារអចលទ្រព្យទៀត មិនបានទទួលការបណ្ដុះបណ្ដាល និងចេះតែតាំងខ្លួនជាភ្នាក់​ងារអចលនទ្រព្យ និងមានការងារមួយជាការងារស្នួលរបស់ខ្លួន។

ខ្លះទៀត ក៏បានបង្កើតផេកហ្វេសប៊ុក ហើយបង្ហោះលក់អចលនទ្រព្យដែលខ្លួនទាក់​ទងបានពីម្ចាស់ទ្រព្យ ទៅក្នុងបណ្ដាញសង្គមរបស់ខ្លួន។ តាមរយៈវិស័យអចលនទ្រព្យនេះដែរ យើងក៏បានឃើញថាមានមនុស្សជាច្រើន ទទួលបានជោគជ័យពីការងារមួយនេះ និងខ្លះទៀតបានត្រឹមតែមួយរស់ ហើយខ្លះទៀតក៏ទៅរកការងារផ្សេង ដើម្បីរកចំណូលវិញ៕

ភ្ញៀវទេសចរណ៍ពីសហគមន៍៍អឺរ៉ុបចាប់ផ្តើមកក់ដំណើរកំសាន្តមកកម្ពុជាបណ្តើរៗហើយ

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍៍កម្ពុជា (CATA) លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ថា កម្ពុជារំពឹងនឹងទទួលបានភ្ញៀវទេសចរណ៍ មកពីបណ្តាប្រទេ​សក្នុងសហគមន៍អឺរ៉ុបច្រើននៅអំឡុងខែមករា កុម្ភៈឆ្នាំ២០២២ខាងមុខនេះ។

លោកស្រីបានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាម កាលពីល្ងាចថ្ងៃទី២៩ វិច្ឆិកាកន្លងមកថា ដោយសារប្រទេសរបស់យើង ទើបបើកដំណើរការទទួលទេសចរ​ណ៍វ៉ាក់សាំង ដែលធ្វើឲ្យយើងត្រូវការពេលវេលាខ្លះ ដើម្បីផ្សព្វផ្សាយទេសចរណ៍៍​ ព្រោះវាត្រូវការពេលវេលា ដើម្បីការរៀបចំកញ្ចប់ទស្សនាចរណ៍របស់ភ្ញៀវទេសចរណ៍អន្តរជាតិ។
លោកស្រីបន្តថា “មានភ្ញៀវចាប់ផ្តើមកក់កញ្ចប់ ទស្សនកិច្ចមកកម្ពុជាបណ្តើរៗហើ​យ ប៉ុន្តែភ្ញៀវមកពីអឺរ៉ុបនឹងមកច្រើននៅខែមករា និងខែកុម្ភៈឆ្នាំ២០២២ខាងមុខ”។​លោកស្រីបន្តថា “តាមធម្មតាដំណើរទស្សនកិច្ច ឬការធ្វើដំណើរពីអឺរ៉ុប ពួកគេត្រូវត្រូវការពេលវេលា១ទៅ២ខែ ទើបពួកគេធ្វើផែនការដំណើរកំសាន្តរបស់ពួកគេរយៈពេលវែង”។

ជាមួយគ្នានេះ លោកហូ វណ្ឌីអគ្គលេខាធិការសមាគមសម្ព័ន្ឋទេសចរណ៍ជាតិកម្ពុជាបានមានប្រសាសន៍ឲ្យដឹងនៅថ្ងៃដដែលថា វាជាសញ្ញាល្អ ដែលក្រុមហ៊ុនអាកាសចរណ៍បានស្នើសុំភ្ជាប់ជើងហោះហើរ ពីក្រុមហ៊ុនអាកាស​ចរណ៍នានា ដែលកន្លងមកផ្នែកឯកជនបានស្នើសុំឲ្យមានការលើកទឹកចិត្តពីរដ្ឋាភិបាល ទាក់ទងនឹងការលើកទឹកចិត្តផ្នែកពន្ឋជាដើម។

លោកបន្តថា “ហេតុនេះបើមានការហោះហើរច្រើន វាផ្តល់ភាពងាយស្រួលដល់ការីទេសចរណ៍នានា ដល់ដៃគូរបស់ពួកគេនៅក្រៅប្រទេស ដើម្បីដឹងពីការតភ្ជាប់របស់វិស័យ​អាកាសចរណ៍”។លោកបន្តថា “ជាមួយគ្នានេះ យើងរង់ចាំពេលវេលាខ្លះ ព្រោះការលក់កញ្ចប់ទស្សនកិច្ចត្រូវការពេលវេលាបន្តិច សម្រាប់ភ្ញៀវជាក្រុមតូចឬធំ ប៉ុន្តែបើជាភ្ញៀវប្រភេទទេសចរណ៍សម្ពាយ មិនត្រូវការពេលវេលាច្រើននោះទេ”៕

គំរោងបូកគោលែនដ៏ទី១ តម្លៃ១០លានដុល្លារបានបញ្ចប់ការលក់ជាផ្លូវការនៅថ្ងៃនេះ

ដោយៈគង់ សិរីជេស៊ីកា

កំពតៈ គំរោងដីឡូត៍លំហែរកាយ ដែលផ្តោតលើភាពបៃតង ផាសុខភាពដល់ការរស់នៅ ដែលបានបោះទុនវិនិយោគ១០លានដុល្លារអាមេរិក បានបញ្ចប់ការលក់គំរោងទី១របស់ខ្លួនជាផ្លូវការនៅថ្ងៃនេះហើយ។

លោក Cooler Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសា​សន៍ឲ្យដឹងតាមបណ្តាញតេឡេក្រាមកាលពីរាត្រីថ្ងៃទី២៩ វិច្ឆិកាកន្លងមកថា ជាមួយនឹងភាពជោគជ័យនេះ យើងទទួលបានការគាំទ្រ ដល់ការវិនិយោគដីឡូត៍លំហែរកាយទី២ ទី៣ ទី៤ និងបន្តបន្ទាប់ទៀត ដើម្បីផ្តល់នូវស្តង់ដាដីឡូត៍មួយ ដែលមានសណ្ឋានជាដីលំហែរពិតប្រាកដ និងផ្តល់ឲ្យអ្នកវិនិយោគនូវទីតាំង និងគំរោងមួយដែលពួកគេចង់បាន និងសាងសង់ផ្ទះលំហែរកាយសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។

លោកបន្តថា “ហេតុផលដែលខ្ញុំសម្រេចចិត្ត វិនិយោគនៅតំបន់ឆ្នេរមួយនេះ ដោយ​សារខេត្តកំពត ចាប់ផ្តើមលេចធ្លោខ្លាំងលើវិស័យទេសចរណ៍ ជាហេតុធ្វើអោយខេត្តនេះទទួលបានការចាប់អារម្មណ៏ខ្លាំងពីវិនិយោគគិនក្នុង និងក្រៅប្រទេស ទោះក្នុងកាលៈទេសៈវិបត្ត COVID ក៏ដោយ”។ លោកបន្តថា “ក្នុងស្ថានភាពលំបាក ព្រោះកូវីដ១៩ ក៏ខេត្តនេះនៅមានវិនិយោគគិនជាតិ និងអន្តរជាតិចូលវិនិយោគគម្រោងជាច្រើន ឯមួយចំនួនធំទៀតបានដុតដៃដុតជើង ទិញដីទុកចំណេញនៅពេលក្រោយ”។

លោក Cooler Tan បានបន្តទៀតថា នេះជាពេលវេលាដ៍ល្អបំផុត សំរាប់ប្រជាពល​រដ្ឋខ្មែរ ដែលចង់វិនិយោគលើវិស័អចលនទ្រព្យ ក្នុងខេត្តកំពត ជាពិសេសគឺដីលំហែរតែម្តង ផលវិនិយោគនិងទទួលបានយ៉ាងល្អក្នុងរយៈពេលដ៍ខ្លីខាងមុខនេះ។ លោកបន្តថា គម្រោង Bokor Land ជាគម្រោងដីឡូតិ៍ប្រភេតលំហែរ ដែលល្អផ្តាច់គេក្នុងខេត្តកំពត ដោ​យគម្រោង ប្រកាន់ភ្ជាប់នូវទស្សនវិស័យធំៗគឺ ធ្វើអោយល្អ ធ្វើអោយស្អាត ធ្វើអោយលឿន អតិថិជនទិញដីរួចអាចធ្វើផ្ទះលំហែរស្នាកនៅបានភ្លាមៗ ។

លោកបន្តទៀតថា ដោយសារគម្រោង Bokor Land ជាគម្រោងធ្វើពិត អភិវឌ្ឈន៏ពិត អភិវឌ្ឈន៏លឿន ដូចនេះហើយទើបគម្រោងរបស់យើង មានកាគាំទ្រខ្លាំងពីអតិថិជនគម្រោ​ងថ្មីៗ បានបើកលក់ជាបន្តបន្ទាប់ទៀត ទាំងទេសភាព សោភណ្ឌ័ភាព បរិយាកាស ទីតាំង និង ហេថារចនាសម្ព័ប្ធ សុទ្ធតែឆ្នៃឡើងយ៉ាងពិសេស និងប្រកបដោយគុណភាពខ្ពស់។

លោក Cooler Tan បានចង្អុលបង្ហាញថា “ចង់វិនិយោគដីអោយបានចំណេញ ដីដែលមានគុណតំលៃខ្ពស់ សូមកុំភ្លាចគម្រោង Bokor Land”៕

រកឃើញ Master Plan និងទីតាំងជាក់លាក់នៃទីក្រុង Grand City សៀមរាបហើយ

ដោយៈស៊ីវ ម៉េង

សៀមរាបៈ ប្លង់មេនៃ Master Plan ទីក្រុងសៀមរាបថ្មី (Grand City Siem Reap) ត្រូវបានរកឃើញ និងស្គាល់ទីតាំងពិតប្រាកដហើយ។

Master Plan នេះ ត្រូវបានផ្តល់ជូនពីមន្រ្តីមូលដ្ឋាន និងមន្រ្តីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលបានឲ្យដឹងពីទីតាំងជាក់លាក់នៃគំរោងទីក្រុង ដែលមានទីតាំងនៅចំណុចពិសេសមួយ ក្នុងស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង និងស្រុកសូត្រនិគម ក្នុងខេត្តសៀមរាប។

យោងតាមប្រភពរបស់អ្នករកស៊ីដីធ្លីបានឲ្យដឹងថា បច្ចុប្បន្នដីធ្លីនៅក្នុងរង្វង់នៃផែ​នការមេទីក្រុងនេះ មានតម្លៃទាបនៅឡើយ ដោយគេអាចរកបានក្នុងតម្លៃចន្លោះ៥ទៅ៧ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ខណៈអ្នកជំនាញអចលនទ្រព្យបាននិយាយថា ការវិនិយោគដីធ្លីនៅក្នុងតំបន់ប្លង់មេទីក្រុងនេះ នឹងមានផលចំណេញខ្ពស់នាពេលអនាគត។

លោកយិន លាងគង់ សហស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia ដែលបានចុះទៅកាន់តំបន់នេះ កាលពីដើមខែវិច្ឆិកាកន្លងមកបានឲ្យដឹងថា បើតាមការសាកសួរមន្រ្តីបានឲ្យដឹងថា គម្រោងផ្លូវហាយវេសាងសង់ តភ្ជាប់ពីព្រលានយន្តហោះថ្មី មកកាន់ក្រុងសៀមរាប នឹងសាងសង់កាត់កណ្តាលទីក្រុង Grand City Siem Reap ដែលគំរោងផ្លូវហាយវេនេះ នឹងលេចរូបរាងនាពេលឆាប់ៗខាងមុខនេះ។

លោកបន្តថា “តាមផែនការរបស់រដ្ឋាភិបាល ខេត្តសៀមរាបនឹងត្រូវពង្រីកពីក្រុងចាស់ទៅកាន់តំបន់ផ្លូវជាតិលេខ៦ ឆ្ពោះទៅកាន់ទីក្រុងថ្មី និងតភ្ជាប់ជាមួយព្រលានយន្ត​ហោះអន្តរជាតិសៀមរាបថ្មីផងដែរ”។ លោកបន្តថា “ក្រុមហ៊ុនធំៗជាច្រើនបាននិងកំពុងប្រមូលទិញដី នៅចន្លោះក្រុងសៀមរាបចាស់ ឆ្ពោះទៅកាន់ក្រុងសៀមរាបថ្មីបណ្តើរៗហើយ។ នេះជាព៌តមានជាក់លាក់ដែលខ្ញុំទទួលបាន”។

រដ្ឋមន្រ្តីក្រសូងទេសចរណ៍លោកបណ្ឌោតថោង ខុន បានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា Master Plan Grand City សៀមរាបត្រូវបានសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាអនុម័តរួចហើយ ប៉ុន្តែផែនការសាងសង់ទីក្រុងនេះ និងការផ្សព្វផ្សា​យពីសក្តានុពលរបស់ទីក្រុងថ្មីនេះ ត្រូវបានខកខានដោយសារវិបត្តិកូវីដ១៩។

លោកបន្តថា “រដ្ឋាភិបាលនឹងធ្វើសិក្ខាសាលា ផ្សព្វផ្សាយពីសក្តានុពល សម្រាប់កិច្ចអភិវឌ្ឍន៍ទីក្រុងថ្មីនេះនាពេលខាងមុខ”។

ការបង្កើតទីក្រុងថ្មីសៀមរាប Grand City ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខេត្តសៀមរាប ដែលទីក្រុងថ្មីនេះនឹងអនុញ្ញាត្ត ឲ្យមានការសាងសង់អគារខ្ពស់ៗ ខណៈទីក្រុងសៀមរាបបច្ចុប្បន្ន មិនត្រូវបានរដ្ឋាភិបាលអនុញ្ញាត្តឲ្យសាងសង់​អគារខ្ពស់ៗនោះទេ៕

ច្បាប់វិនិយោគថ្មីផ្តល់ការលើកទឹកចិត្តលើផ្នែកសំខាន់ៗចំនូនបី តើវាជាអ្វីខ្លះ?

ដោយៈជេស៊ីកា

ភ្នំពេញៈ ច្បាប់វិនិយោគថ្មី ដែលទើបអនុម័តឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានផ្តល់នូវមូលដ្ឋានសំខាន់ និងលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

តើផ្នែកអ្វីខ្លះត្រូវបានលើកទឹកចិត្ត? ការពិតការលើកទឹកចិត្តក្នុងច្បាប់នេះមាន៣ប្រភេទដូចជា៖

ការលើកទឹកចិត្តមូលដ្ឋាន
ការលើកទឹកចិត្តនេះមាន២ជម្រើស អាស្រ័យលើថាវិនិយោគិន ជ្រើសរើសមួយណា ក្នុងនោះជម្រើសទី១ គឺលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី៣ឆ្នាំ ដល់៩ឆ្នាំ អាស្រ័យទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដោយគិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។

ចំណែកឯជម្រើសទី២ គឺអ្នកវិនិយោគទទួលបានសិទ្ធិកាត់កង ចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់២០០ភាគរយ លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀតផងដដែរ។

ការលើកទឹកចិត្តបន្ថែម
គ.ល.គ អាចទទួលបានការកាត់កងចំណាយ ក្នុងអត្រារហូតដល់១៥០ភាគរយ ទៅលើចំណា​យពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្ដុះបណ្ដាល និងការចំណា​យទៅលើមធ្យោបាយដឹកជញ្ជូន ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន។

រដ្ឋាភិបាលក៏លើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលត្រូវបានផលិតនៅក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់ ផលិតករក្នុងស្រុកនៅនឹងខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគ ក៏ដូចជា ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។

ការលើកទឹកចិត្តពិសេស
រដ្ឋធ្វើការកំណត់ដោយឡែកក្នុងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ អាស្រ័យតាមវិស័យ និងសកម្មភាព ដែលរដ្ឋយល់ថា មានសក្តានុពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាដើម៕