ដីតាមបណ្ដោយផ្លូវជាតិលេខ៤ កើនឡើងដល់តម្លៃប៉ុន្មានហើយក្នុងមួយម៉ែត្រការ៉េ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តម្លៃដីធ្លីនៅជុំវិញរាជធានីភ្នំពេញ នៅតែរក្សាបានតម្លៃល្អ ទោះបីជាកម្ពុជា បានប្រឈមនឹងជំងឺកូវីដ១៩ ដែលធ្វើឱ្យវិស័យជាច្រើនរងផលប៉ះពាល់ក្ដី ជាក់ស្ដែងហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវជាតិសំខាន់ៗ ចេញពីរាជធានីភ្នំពេញ នៅតែរក្សាបានតម្លៃមួយល្អ។

ថ្ងៃនេះយើងនឹងលើកយកពី ហាងឆេងដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៤ គិតចាប់ពីចោមចៅដល់ទីរួមខេត្តកំពង់ស្ពឺ ។

លោកឧកញ៉ាសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល បានមានប្រសា​សន៍នៅល្ងាចថ្ងៃទី៣០ វិច្ឆិកា២០២១ឱ្យដឹងថា យើងពិនិត្យមើលដីធ្លី តាមបណ្ដោយផ្លូវជាតិលេខ៤ បើវានៅកាន់តែជិតភ្នំពេញតម្លៃវាក៏កាន់តែខ្ពស់ដែរ ក្នុងនោះតម្លៃជារួមគឺចន្លោះពី៨០ដុល្លារអាមេរិកទៅ៥០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។ នេះយើងនិយាយតែដីដែលនៅជាប់នឹងផ្លូវជាតិលេខ៤ផ្ទាល់តែម្ដង។

សម្រាប់ដីដែលចុះពីផ្លូវជាតិ៤ ចូលទៅក្នុងវាក៏មានតម្លៃ ចន្លោះពី៣០ដុល្លារអាមេរិករហូតដល់២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

លោកបន្តថា ដីដែលចុះឆ្ងាយបន្តិច តម្លៃវាក៏រាងធ្លាក់បន្តិច ហើយដីដែលចុះទៅជិតផ្លូវជាតិនិងនៅជិតភ្នំពេញផង តម្លៃវាក៏ខ្ពស់ទៅតាមហ្នឹងដែរ។

លោកសំ សុខនឿនបានបន្តថា ផ្លូវជាតិលេខ៤ ជាតំបន់ដែលមានសក្ដានុពលស្រាប់ទៅហើយ ព្រោះវាជាផ្លូវដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តតំបន់សមុទ្រ ជាពិសេស គឺជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូនទំនិញចេញ និងចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅកាន់បណ្ដាប្រទេសផ្សេងៗលើពិភពលោក ។

លោកបន្ថែមថា បច្ចុប្បន្ននេះ ផ្លូវជាតិលេខ៤បាននិងកំពុងទាក់ទាញការវិនិយោគពីបណ្ដាវិនិយោគិនជាច្រើនបន្ថែមទៀត ជាពិសេសនៅពេលរដ្ឋាភិបាលប្រកាសបើកប្រទេ​សឡើងវិញ និងអនុញ្ញាតឱ្យវិនិយោគិន និងអ្នកដំណើរបរទេសអាចចូលមកកម្ពុជាដោយមិនធ្វើចត្តាឡីស័ក ។

ចំណែកលោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance ក៏បានឱ្យដឹងថា សក្ដានុពលផ្លូវជាតិលេខ៤ ភាគច្រើនទៅលើវិស័យឧស្សាហកម្ម ដែលវាមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ដែលផលិតបានទៅកាន់កំពង់ផែ និងបន្តនាំចេញទៅកាន់ប្រទេសផ្សេងៗ និងនាំទំនិញពីប្រទេសផ្សេងៗចូលមកកម្ពុជាវិញ។ ផ្លូវលេខ៤គេមើលឃើញថា មានការសាងសង់ជារោងចក្រច្រើន និងមានឃ្លាំងសម្រាប់ស្តុកទំនិញក៏ច្រើនដែរ ហើយនៅពេលអនាគតផ្លូវជាតិលេខ៤ ក៏នៅតែបន្តទទួលបានវិនិយោគិន លើវិស័យឧស្សាហកម្មនេះដែរ ។

លោកបន្តថា ក្រៅពីផ្លូវជាតិលេខ៤ ក៏មានផ្លូវលេខ៣ និងផ្លូវ៥១ក្នុងខេត្តកំពង់ស្ពឺ ដែលមានសក្ដានុពល ក្នុងការទាក់ទាញលើការវិនិយោគឧស្សាហកម្ម ពីព្រោះថាផ្លូវទាំងនេះ ក៏ភ្ជាប់មកផ្លូវលេខ៤ និងបន្តទៅកាន់កំពង់ផែទឹកជ្រៅ និងទៅកាន់ច្រកព្រំដែនកម្ពុជា ថៃ៕

អ្នកវិនិយោគក្នុងស្រុកធំៗជាច្រើនចាប់ផ្តើមបោះទុនវិនិយោគរាប់លានដុល្លារសាងសង់បុរីឡើងវិញ

ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញ/កណ្តាលៈ អ្នកវិនិយោគក្នុងស្រុកធំៗជាច្រើន បានចាប់ផ្តើមមានភាពសុទិ​ដ្ឋិនិយមឡើងវិញ ដោយបានបោះទុនវិនិយោគសាងសង់បុរីធំៗ តម្លៃរាប់លានដុល្លារអាមេរិកនៅតាមតំបន់ផ្លូវជាតិសំខាន់ៗ ដែលកៀកនឹងក្រុងភ្នំពេញ។

បុរីដែលសាងសង់ទាំងនោះ រូមមានបុរី Mekong City ស្ថិតនៅលើផ្លូវជាតិលេខ៦អា ដែលវិនិយោគដោយលោកឧកញ៉ាជាម ឃុនណាត និងចូលរួមជាអធិបតីភាពដោយលោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងកោក។

បុរី Hi Tech នឹងបើកសម្ភោធគំរោងរបស់ខ្លន នៅក្នុងឃុំជ្រោយអំពិល ស្រុកកៀនស្វាយ លើផ្ទៃដី១២ហិកតា ដែលបុរីនេះ នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ធ្នូខាងមុខនេះ។

បុរីភ្នំពេញថ្មី ម្ចាស់បុរីនេះបានពង្រីកការវិនិយោគ ទៅកាន់ជាយរាជធានីភ្នំពេញ គឺឆ្ពោះទៅកាន់ក្រុងតាខ្មៅ ខេត្តកណ្តាល។ បុរីនេះបានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។

បុរីវិមានសំណាង ជាបុរីមួយស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ដែលមានទីតាំងជាប់នឹងមហាវិថីហាណូយ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥។ បុរីនេះវិនិយោគដោយលោកឧកញ៉ាគីម ហ៊ាង និងលោកជំទាវឧកញ៉ាគង់ សំណាង។

បុរីវិមានសំណាង នឹងបើកការដ្ឋានសាងសង់ និងដំណើរការលក់ជាផ្លូវការនៅដើមឆ្នាំ២០២២ឋខាងមុខនេះ។
អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បានមានប្រសា​សន៍ថា សមាជិកសមាគមសុទ្ឋតែជាជើងខ្លាំង នៅក្នុងការវិនិយោគបុរីនៅកម្ពុជា ដោយបច្ចុប្បន្ននេះ បុរីជាច្រើនបានបង្ហាញវត្តមាន និងចាប់ផ្តើមសាងសង់នៅក្រុងភ្នំពេញ និងតំបន់ជាយក្រុងភ្នំពេញ។

អ្នកឧកញ៉ាបានបន្តថា “អតិថិជនទិញបុរី មានទាំងអ្នកចាស់ និងអ្នកថ្មី ដែលភាគច្រើនពួកគេទិញទុកសម្រាប់កូនរបស់ពួកគេ ក្រោយពេលរៀបការ ហើយត្រូវបែកចេញពីគ្រួសារ”៕

តើអ្វីជាបញ្ហាប្រឈមដែលផ្នែកឯកជនលើកឡើងដើម្បីស្វែងរកដំណោះស្រាយជាមួយអគ្គនាយកដ្ឋានគយ

ដោយៈម៉ាលីនណា

ភ្នំពេញៈ តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មបានលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមជាច្រើន ដើម្បីឲ្យថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករដោះស្រាយ។

កិច្ចប្រជុំយន្តការភាពជាដៃគូគយ-ផ្នែកឯកជន បានរៀបចំឡើងតាមរបៀបពាក់កណ្តាល ជាកិច្ចប្រជុំទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូ Zoom សហប្រធាននៃយន្តការភាពជាដៃគូគយ-ផ្នែកឯកជន ដែលមានវត្តមានលោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគយ និងរដ្ឋាករ រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសភាពាណិជ្ជកម្មកម្ពុជា។

កិច្ចប្រជុំដ៏សំខាន់នេះ បានពិភាក្សាគ្នាលើសំណូមពរ និងបញ្ហាចំនួន១២ ដែលលើកឡើង ដោយផ្នែកឯកជនពាក់ព័ន្ធនីតិវិធីគយ រួមមាន ការបញ្ចុះកម្រៃបែបបទគយ (CustomsProcessing Fee) លើប្រតិវេទន៍ដែលមានតម្លៃទាប ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងនូវថ្លៃដឹកជញ្ជូនទំនិញ នាំចេញ ដោយសារកង្វះទូកុងតឺន័រក្នុងបរិបទកូវីដ១៩ ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Paymentការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធទំនិញ។

ការតភ្ជាប់ប្រព័ន្ធដោះដូរ ទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូ នជាមួយប្រព័ន្ធអាស៊ីគូដា ការអនុវត្តនីតិវិធី និងប្រព័ន្ធធ្វើបែបបទគយ មុនពេលទំនិញមកដល់ (Pre-Arrival Processing) និងការផ្តល់ប្រព្រឹត្តិកម្មលើកទឹកចិត្ត ចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ដែលមានអនុលោមភាពខ្ពស់ជាដើម។

លោកគុណ ញឹម លើកឡើងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ជាវេទិកាសម្រាប់ផ្នែកឯកជន អាចស្វែងរកដំណោះស្រាយ ចំពោះបញ្ហា និងសំណូមពរនានាពាក់ព័ន្ធនីតិវិធីគយ សំដៅលើកកម្ពស់បន្ថែមទៀត នូវកិច្ចសម្រួលពាណិជ្ជកម្ម និងអនុលោមភាពច្បាប់ ពិសេសក្នុងបរិបទនៃការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្មអន្តរជាតិក្រោ​យវិបត្តិកូវីដ-១៩។

អ្នកឧកញ៉ាគិត ម៉េងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា យន្តការភាពជាដៃគូគយ-ផ្នែកឯកជនគឺ ជាវេទិកាសន្ទនាក្នុងភាពជាដៃគូ ដើម្បីពិគ្រោះយោបល់ស្វែងរកដំណោះស្រាយ នូវរាល់បញ្ហានានាដោយឈរ លើគោលការណ៍ឈ្នះ-ឈ្នះ និងយោគយល់គ្នាទៅវិញទៅមក៕

ក្រុមហ៊ុនប្រេង Aramco គ្រោងបោះទុនរហូតដល់ទៅ៦៨ពាន់លានដុល្លារដើម្បីអភិវឌ្ឍការដ្ឋានបូមឧស្ម័នខ្នាតយក្ស

ដោយៈសុខុម

រីយ៉ាដ: ក្រុមហ៊ុនប្រេង Aramco នៃប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងបោះទុនវិនិយោគរហូតដល់ទៅ៦៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍការដ្ឋានបូមឧស្ម័ន (Gas Field) ទំហំយក្ស Jafurah របស់ខ្លួន។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃអង្គការ ទី៣០ វិច្ឆិកា នេះឱ្យដឹងថា ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវបាននាយកប្រតិបត្តិក្រុមហ៊ុននេះ ប្រកាសក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅទីក្រុង Dhahran ប្រ​ទេសអារ៉ាប៊ីសាអូឌីត។

ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Arab News ជុំវិញថ្លៃចំណាយលើគម្រោងដ៏ធំនេះ លោក Amin Nasser នាយកប្រតិបត្តិក្រុមហ៊ុន Aramco បានលើកឡើងថា ដំណាក់កាលដំបូងនៃគម្រោងនេះ នឹងត្រូវចំណាយ២៤ពាន់លានដុល្លារ ហើយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

នាយកប្រតិបត្តិក្រុមហ៊ុនរូបនេះបានបន្ថែមថា ដំណាក់កាលទី២ នៃគម្រោងនេះនឹងត្រូវចំណាយអស់៤៤ពាន់លានដុល្លារ។

កាលពីថ្ងៃច័ន្ទ ទី២៩ វិច្ឆិកា ក្រុមហ៊ុន Aramco បានចុះកិច្ចសន្យាដែលមានតម្លៃ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនអន្តរជាតិ និងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដើម្បីចាប់ផ្តើមដំណើរការអភិវឌ្ឍការដ្ឋានឧស្ម័នខាងលើនេះ។

លោក Amin Nasser បានបញ្ជាក់បន្ថែមទៀតថា កិច្ចសន្យាទាំងអស់នេះគឺជាផ្នែកមួយនៃទំហំទុនវិនិយោគ២៤ពាន់លានដុល្លារ ដែលត្រូវបានបម្រុងទុកសម្រាប់ដំណាក់កាលទី១៕  Arab News៕

សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធវិមានកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១

ដោយ: ម៉ាលីស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន នឹងអញ្ជើញជាអធិ​បតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីរាប់ថយក្រោយ៥០០ថ្ងៃ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានមានប្រសាសន៍ឲ្យដឹងក្រោយបញ្ចប់កិច្ច ប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា នៅក្នុងពិធីរាប់ថយក្រោយ ៥០០ថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិន តំណាងឱ្យរដ្ឋាភិបាលចិន ក្រោ​ម អធិបតីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្រោងនឹងរៀបចំកម្មវិធី៣បញ្ចូលគ្នាដូចជា ទី១-ការបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវវិមានកីឡដ្ឋានជាតិមរតកតេជោ ទី២ ពិធីអបអរសាទរពិធីរាប់ថយក្រោយ៥០០ថ្ងៃ និងទី៣. ការប្រកាសយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។ ដូច្នេះចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ការផ្សព្វផ្សាយនឹងត្រូវចាប់ផ្តើម ដោយត្រូវរួមគ្នាគ្រប់សមាសភាពក្រសួងស្ថាប័នបូក ជាមួយការងារបរទេស ការងារកីឡា កាទូតក្រៅប្រទេសនឹងត្រូវផ្គុំគ្នា ក្នុងសំឡេងតែមួយជួយគាំទ្រ ឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមប្រធានបទ “កីឡារស់ក្នុងសន្តិភាព”។

លោកអគ្គលេខាធិការបន្ថែមថា ទាំងអស់នេះ គឺជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រា​ប់ ការកត់ត្រាក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ផង និងជាកំណត់ត្រាមួយប្រចាំឱ្យប្រវត្តិ ក្នុងការសាងសាង់ពហុកីឡដ្ឋានជាតិមរតកតេជោផង។

នៅក្នុងកម្មវិធីដ៏ធំនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ គឺមានកម្មវិធីច្រើន ដូចជា ការកាត់ខ្សែបូរសម្ពោធ ការបង្ហាញកីឡា ការសម្តែង សិល្បៈវប្បធម៌ បង្ហាញអំពីចំណងមិត្តភាពដែកថែប កម្ពុជា-ចិន និងមានបទ ចម្រៀងក្នុងកម្ម វិធីអបអរនេះផងដែរ។

លោកបណ្ឌិត ថោង ខុន បានឯកភាពនូវគម្រោងសម្រាប់ការចូលរួម ក្នុងកម្មវិធីនេះ មានចំនួន១៥០០០នាក់ ដោយដាក់ចេញនូវវិធានការសុខាភិបាល ដើម្បីបង្ការជំងឺកូវីដ-១៩។

ក្នុងចំនួននេះ គឺមានជាង១០០០នាក់ ជាសិល្បករ សិល្បការិនី និងកីឡាករ កីឡាការិនី ដែលត្រូវសម្តែងបង្ហាញ នៅលើទីលានបាល់ទាត់នៃវិមានកីឡដ្ឋាន ដោយទិដ្ឋភាពនេះនឹង បង្ហាញចេញនូវភាពអស្ចារ្យ ជាពិសេសគឺការផ្សព្វផ្សាយដោយផ្ទាល់ពី បណ្តាញ​ទូរទស្សន៍ទាំងអស់នៅកម្ពុជា។

លោកវ៉ាត់ ចំរើន បញ្ជាក់ជូនថា លោកបណ្ឌិត ថោង ខុនដែលជាថ្នាក់ដឹកនាំមានបទពិសោធន៍ខ្ពស់ ក្នុងព្រឹត្តិការណ៍ធំៗទាំងទេសចរណ៍ ទាំងកីឡា គឺលោកបណ្ឌិតតែងតែចង្អុលបង្ហាញពីភាពល្អិតល្អន់បំផុត នូវតួនាទីភារកិច្ចចាប់ពីចំណុចសូន្យ ដល់ចំណុចបញ្ចប់។ ដូច្នេះអ្វីដែលលោកបណ្ឌិត ថោង ខុន បានដាក់ចេញគឺគ្រប់សមាស ភាពពាក់ព័ន្ធទាំងអស់ ប្តេជ្ញាចិត្តធ្វើឱ្យបាន ដើម្បីធ្វើឱ្យកម្មវិធីជាប្រវត្តិសាស្ត្រថ្មីឆ្ពោះ ទៅធ្វើ ម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានដំណើរការល្អប្រកប ដោយប្រសិទ្ធភាពខ្ពស់ ដើម្បីឱ្យស័ក្តិសមនឹងវិមានកីឡដ្ឋានដ៏មហិមា និងឱ្យស័ក្តិសមនឹងការចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជូនកម្ពុជា៕

អ្នកឧកញ៉ាលី ហួរៈ បញ្ហាមេរោគកូវីដថ្មី Omicron មិនត្រូវមើលស្រាល ប៉ុន្តែកុំភ័យពេក

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា បញ្ហាមេរោគថ្មីដែលទើបរកឃើញ ជាបញ្ហាដដែលយើងមិនត្រូវមើលស្រាល ប៉ុន្តែក៏កុំភ័យពេកនោះទេ។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៣០ វិច្ឆិកានេះថា រដ្ឋាភិបាលបានចេញវិធានការណ៍ ទប់ស្កាត់ជំងឺនេះរួចហើយ ដោយហាមមិនឲ្យអ្នកដំណើរមកពីប្រទេសអាហ្រ្វិក និងអ្នកឆ្លងកាត់ប្រទេសទាំងនោះចូលមកកម្ពុជានោះទេ ហេតុនេះយើងរំពឹងថា ស្ថានភាពនឹងមិនធ្ងន់ធ្ងរនោះទេ។

អ្នកឧកញ៉ាបានបន្តថា “នៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាត្តឲ្យបើកដំណើរការភោជនីយដ្ឋាន ក្លឹប KTV និងហាងនានាឡើងវិញ ជាសញ្ញាល្អ ដែលស្ថានភាព​នឹងមិនមានបញ្ហាធ្ងន់ធ្ងរនោះទេ”។អ្នកឧកញ៉ាបន្ថែមថា “យើងមិនត្រូវមើលស្រាលបញ្ហានេះទេ ប៉ុន្តែក៏មិនត្រូវភិតភ័យខ្លាំងពេកដែរ ព្រោះបើយើងភ័យពេក វានឹងបង្កជាបញ្ហាទៅវិញទេ”។

កាលពីថ្ងៃទី២៩ វិច្ឆិកាម្សិលម៉ិញនេះ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានហាមឃាត់ការធ្វើដំណើរចូលកម្ពុជា របស់អ្នកដំណើរមកពីប្រទេសក្នុងទ្វីបអាហ្រ្វិកចំនួន១០ និងអ្នកបានឆ្លងកាត់ប្រទេសនេះចូលមកកម្ពុជា។

ជាមួយគ្នានេះ នៅដើមសប្តាហ៍នេះ ផ្សារហ៊ុនននិងតម្លៃប្រេងនៅលើពិភពលោកបានធ្លាក់ចុះផងដែរ ដោយសារការលេចចេញនូវវត្តមានមេរោគថ្មី ឈ្មោះ Omicron ដែលមានប្រភពដើមពីទ្វីបអាហ្រ្វិក៕

តើទិសខាងណានៃក្រុងភ្នំពេញមានសក្តានុពលល្អសម្រាប់ការវិនិយោគ និងអភិវឌ្ឍន៍លឿនជាងគេនាពេលអនាគត?

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលដែលរាជធានីភ្នំពេញ កំពុងតែរីកដុះដាលកាន់តែធំ សម្រាប់អ្នកវិនិយោគ ដែលសម្លឹងរកទីតាំងសម្រាប់ការអភិវឌ្ឍ ឬការវិនិយោគនៅក្នុងនិងជុំវិញរាជធានីភ្នំពេញ អ្នកជំនាញវិស័យអចលនទ្រព្យណែនាំ អំពីសក្តានុពលទិសទាំង៤ នៃក្រុងភ្នំពេញនិងទីតាំងដែលមានសក្តានុពលខ្ពស់។

លោកឧកញ៉ាគីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ថា “ទិសទាំងបួននេះ ខាងណាក៏ល្អដែរ សំខាន់ថាតើគោលបំណងអ្វី ចង់វិនិយោគឬអភិវឌ្ឍន៍។ វិនិយោគសំដៅលើការទិញដើម្បីលក់ចំណេញ។ ចំណែកអភិវឌ្ឍន៍សំដៅលើការពុះដីឡូត៍លក់ សាងសង់បុរី ខុនដូ ឬសាងសង់អ្វីម្យ៉ាង”។

សម្រាប់ទិញខាងលិចមានសក្តានុពលល្អ ប្រសិនបើគេចង់បានដី ដើម្បីសាងសង់​ផ្ទះទុកជួលឱ្យកម្មករ កម្មការនី ក្នុងតម្លៃចន្លោះ៤០ ទៅ៥០ដុល្លារ ព្រោះទិសខាងលិចជាតំបន់ដែលមានរោងចក្រច្រើន។

លោកឧកញ៉ាមានប្រសាសន៍ថា “ខ្ញុំអាចនិយាយបានថា ប្រជាជនដែលរស់នៅភាគខាងលិច ភាគច្រើនជាអ្នកជួលផ្ទះគេនៅ។ ទិសខាងលិចជាតំបន់ឧស្សាហកម្មផង លំនៅដ្ឋានផង ប៉ុន្តែភាពច្រើនទាក់ទងនឹងរោងចក្រតែម្តង”។លោកបន្តថា “ទិសខាងលិច ប្រសិនបើយើងសាងសង់ផ្ទះជួល ប៉ុន្មានក៏មានអ្នកជួលដែរ ប៉ុន្តែប្រសិនបើសាងសង់ផ្ទះវីឡា៥ម៉ឺន ១លានដុល្លា ប្រហែលពិបាកលក់”។

លោកឧកញ៉ាបានបញ្ជាក់ពីសក្តានុពល របស់តំបន់ភាគខាងត្បូងថា “ប្រសិនបើចង់បានដីធ្លីធំៗ ហើយរីកចម្រើនខ្លាំង ប្រហែលជា៥ឆ្នាំក្រោយ ខ្ញុំមើលទៅទិសខាងត្បូង”។ លោកបន្តថា “សម្រាប់រយៈពេល៥ ទៅ១០ឆ្នាំ ក្រោយទិសដែលខ្លាំងគឺទិញខាងត្បូង ព្រោះជាតំបន់ដែលរាជរដ្ឋាភិបាលកម្ពុជាកំណត់ថា ជាតំបន់ដែលមានប្រលានយន្តហោះថ្មី អញ្ចឹងជាតំបន់អភិវឌ្ឍន៍ថ្មី។ជាតំបន់ល្អ ប៉ុន្តែវាត្រូវការពេលវេលា។ ប្រសិនបើចង់ទិញដីទុកលក់នៅ៥ ទៅ១០ ឆ្នាំក្រោយ ទិសខាងត្បូងល្អ”។

ប្រសិនបើចង់អភិវឌ្ឍអ្វីម្យ៉ាង ធ្វើអ្វីមួយភ្លាមៗ ទិញដីទុកលក់ភ្លាម រយៈពេល២ទៅ៣ឆ្នាំ ឬចង់សាងសង់ផ្ទះសម្រាប់រស់នៅលក្ខណៈស៊ីវីល័យ ទំនើប គឺទិសខាងជើង។ តំបន់ទិសខាងជើង ជាពិសេសខណ្ឌសែនសុខ ជាតំបន់ដែលប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌ​លនានា មានដូចជា ផ្សារទំនើបអ៊ីអនម៉ល២ ផ្សារក្លូបល ផ្សារម៉ាក្រូ ផ្សារជីប ម៉ុង និងបុរីជាច្រើន។

លោកឧកញ៉ាគីម ហ៊ាងបានបន្តថា អ្នកមានខ្លាំងក្រោយឆ្នាំ១៩៧៩ ភាគច្រើនមានដីមានផ្ទះនៅតំបន់បឹងកេងកងទី១ ប៉ុន្តែពួកគាត់រស់នៅទួលគោក ដែលសព្វថ្ងៃនេះតម្លៃដីធ្លីមានចន្លោះពី២៥០០ ទៅ៣០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

លោកឧកញ៉ាសង្គេតឃើញថា អ្នកមានជំនាន់ថ្មី ដែលឱពុកម្តាយរបស់គាត់ជាអ្នកមាន ហើយចង់បានជីវិតរស់នៅទំនើប ស៊ីវិល័យ សម្បូរហាងទំនិញ សម្បូរកន្លែងដើរលេង សម្បូរ shopping mall រស់នៅក្នុងតំបន់សម្បូរវីឡា អ្នកមានរស់នៅច្រើន គឺភាគខាងជើង ដោយគេសង្កេតឃើញមាន មហាវិថីឈ្នះឈ្នះ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ហ្គ្រេនភ្នំពេញ និងបុរីជាច្រើន។

លោកឧកញ៉ាប្រៀបធៀប តំបន់បឹងកេងកង ទៅនឹងមនុស្សស្រីអាយុ៣៥ ចូល៤០ឆ្នាំ។ ទួលគោកទៅនឹងមនុស្សស្រីអាយុ៣០ឆ្នាំ ភ្នំពេញថ្មីប្រៀបដូចជាមនុស្សស្រីអាយុ២៥ ឆ្នាំ ប៉ុន្តែទិសខាងជើងដែលមានបុរីសាងសង់ថ្មីច្រើន ប្រៀបដូចជាមនុស្សស្រីអាយុ២០ ទៅ២៥ឆ្នាំ។

សម្រាប់អ្នកដែលមិនសូវមានលទ្ធភាព លោកណែនាំតំបន់់ទិសខាងកើត ជាតំបន់ដែលសងខាងដងផ្លូវមានទន្លេ ចាប់ពីច្បារអំពៅទៅ។ លោកថា តំបន់ទិសខាងកើត ជា “តំបន់លំនៅដ្ឋាននិងទេសចរណ៍ពណ៌បៃតង”។

ប្រសិនបើធ្វើដំណើរពីភ្នំពេញ តាមស្ពានព្រះមុនីវង្ស ទៅកាន់ច្បារអំពៅ ទិញខាងកើតទៅអ្នកលឿង កៀនស្វាយក្រៅ ម្តុំបឹងស្នោ មានអាកាសធាតុត្រជាក់ជាធម្មតា តាមសងខាងគឺមានទន្លេ ហើយម្តុំកៀនស្វាយ ជាតំបន់មានអាកាសធាតុត្រជាក់ ជាងទិសផ្សេងៗទៀត។

ចំណែកលោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន សេម អេស អិន បានមានប្រសាសន៍ថា គ្រប់ទិសទាំងបួនជុំវិញរាជធានីភ្នំពេញ សុទ្ធតែមានការរីកចម្រើន ដោយយើងសង្កេតឃើញថា រាជធានីភ្នំពេញកាន់តែរីកចម្រើនបន្តទៀត ដែលនាំឱ្យអចលនវត្ថុទាំងអស់ ដែលនៅក្នុងកាំរង្វង់៣០គីឡូ​ម៉ែត្រជុំវិញរាជធានីភ្នំពេញសុទ្ធ តែមានសក្តានុពលនិងមានការរីកចម្រើន។

ប្រសិនបើយើងក្រឡេកទៅមើលតំបន់ ដែលមានសក្តានុពលជាងគេ ក្នុងរយៈពេល៥ទៅ១០ឆ្នាំក្រោយ លោកសង្គេតឃើញថា តំបន់ធំៗពីរ ដែលលោកមើលឃើញថាមានសក្តានុពល ទី១ ស្ថិតក្នុងតំបន់ប្រលានយន្តហោះថ្មី ដែលស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ដែលកំពុងតែទាក់ទាញអ្នកវិនិយោគទាំងនៅក្នុងស្រុកនិងក្រៅស្រុក មកបោះការវិនិយោគនៅក្នុងតំបន់នេះ។

កត្តាដែលបណ្តាលឱ្យតំបន់នេះ មានសក្តានុពលខ្ពស់ ព្រោះមានការអភិវឌ្ឍន៍ប្រលានយន្តហោះថ្មី ដែលជាបណ្តុំពាណិជ្ជកម្ម តំបន់ស្នាក់នៅនិងមានភាពកុះករ ដែលនាំឱ្យមានការអភិវឌ្ឍគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអចលនទ្រព្យ។

ទី២ តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ ដូចជាតំបន់បឹងទំនប់កប់ស្រូវ គឺជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ព្រោះតំបន់នេះមិននៅឆ្ងាយពីតំបន់ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន ជាក់ស្តែង ផ្សារទំនើបអ៊ីអនម៉ល២ ក្នុងខណ្ឌសែនសុខ ដែលនាំឱ្យដីធ្លីក្នុងខណ្ឌនេះមានការឡើងថ្លៃ រហូតដល់១៥០០ទៅ២០០០ដុល្លាអាមេរិក ក្នុងមួយម៉ែត្រការ៉េតាមដងផ្លូវសំខាន់ៗ។

លោកបន្តថា “ការណ៍នេះបណ្តាលឱ្យតំបន់នេះ មានការរីកដុះដាលយ៉ាងខ្លាំងលើផ្នែក លំនៅដ្ឋានបែបស៊ីវិល័យ អគារខុនដូក៏បាននិងកំពុងតែរីកបណ្តើរៗផងដែរ”។លោកឧកញ៉ាព្យាករណ៍ថា “មិនយូរមិនឆាប់ទេ បឹងតាមោកនិងតំបន់ក្បែរបឹងតាមោក នឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយ ឬការស្នាក់នៅយ៉ាងល្អប្រសើរខ្លាំងមែនទែន សម្រាប់ការវិនិយោគក្នុងតំបន់នេះ”។

បន្ថែមលើសនេះ តំបន់មួយទៀតដែលលោកឧកញ៉ាមើលឃើញថា ជាតំបន់មានសក្តានុពលផងដែរនោះគឺតំបន់ផ្លូវលី យ៉ុងផាត់ ដែលមានទីតាំងមិនឆ្ងាយពីបឹងតាមោកនោះទេ និងស្ថិតក្នុងប៉ែកខាងជើង ឆៀងខាងកើតនៃរាជធានីភ្នំពេញ។

លោកជឿជាក់ថា តំបន់នេះមានសក្តានុពល ទាក់ទាញវិនិយោគិនខ្លាំង នឹងក្លាយទៅជាតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន យ៉ាងល្អប្រសើរបំផុត ដោយយើងសង្គេតឃើញមាន ស្តាតសម្តេចតេជោហ៊ុនសែន មហាវិថីឈ្នះ ឈ្នះ ការអភិវឌ្ឍបុរី ខុនដូខ្លះៗ។

លោកឧកញ៉ាសំ សុខនឿនបានបញ្ជាក់ថា “តំបន់ពីរនេះ ជាតំបន់ដែលខ្ញុំគិតថា កំពុងតែទាក់ទាញវិនិយោគិន ចូលមកវិនិយោគក្នុងប្រទេសកម្ពុជា។ បើខ្ញុំព្យាករណ៍ ពីឥលូវរហូតដល់១០ ឆ្នាំ តំបន់២នេះនឹងក្លាយជាតំបន់ក្តៅគគុក មានតម្រូវការខ្ពស់”៕

រដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ៣ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញសម្រាប់ឆ្នាំ២០២១-២០២៣

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងគោលដៅ ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រឬសរសរស្ដម្ភចំនួន៣ហៅកាត់ថា 3Rs ។

ក្នុងជំនួបជាមួយលោកស្រី Camen Moreno ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប្រចាំកម្ពុជា លោកអគ្គបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ដើម្បីត្រៀមខ្លួនដោះស្រាយហានិភ័យចម្បងៗ ជាយថាហេតុ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំនិងកំពុងជំរុញដាក់ឱ្យអនុវត្តន៍ នាពេលឆាប់ៗខាងមុខនេះ នូវក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១ ២០២៣ ដែលឈរលើសសរស្ដម្ភ៣ ។

លោកបានបង្ហាញនូវសសរស្ដម្ភទាំង៣ ដែលរាជរដ្ឋាភិបាលត្រៀមក្នុងការដាក់ចេញសម្រាប់អនុវត្តន៍រួមមាន

១. ការស្ដារ

ក្នុងន័យនេះរាជរដ្ឋាភិបាលនឹងស្ដារឡើងវិញ នូវវិស័យដែលរងនូវឥទ្ធិពលអវិជ្ជមានខ្លាំងរបស់ជំងឺកូវីដ១៩ ។

២ កែទម្រង់

ការកែទម្រង់គ្រប់ផ្នែកគ្រប់វិស័យ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល សម្រាប់ទាក់ទាញការវិនិយោគ។

ទី៣ ការកសាងភាពធន់ ដើម្បីធានាបាននូវចីរភាពសេដ្ឋកិច្ច និងភាពប្រកួតប្រជែងជាដើម។

លោកស្រីអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រហូតដល់សម្រេចបាននូវសមិទ្ធផលជាច្រើន និងចាត់ទុកថាកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញសាធារណៈគឺជាឆ្អឹងខ្នង ដើម្បីគាំទ្រការកែទម្រងវិស័យផ្សេងទៀត សំដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ប្រកបដោយជោគជ័យ ចីរភាព និងបរិយាប័ន្ន។

លោកស្រីបន្តថា សម្រាប់ជំហ៊ានបន្ទាប់ សហភាពអឺរ៉ុបនឹងបន្តការគាំទ្រដល់កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយក្របខណ្ឌនៃកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប នឹងផ្ដោតលើសមាសធាតុគន្លឹះនៃការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន ការពង្រឹងការកៀរគរចំណូលក្នុងស្រុក ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយ ការគ្រប់គ្រងវិនិយោគសាធារណៈ ផ្សាភ្ជាប់ជាមួ​យនឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងប្រសិទ្ថភាព លទ្ធកម្មសាធារណៈ៕

ចំណេះដឹងថ្មីៈយានជំនិះដែលបើកល្បឿនតិចជាង៧០គីឡូម៉ែត្រក្នុងមួយម៉ោងមិនអាចបើកលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុទេ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ដោយសារការសាងសង់ ដើម្បីអនុញ្ញាត្តឲ្យរថយន្តអាចបើក ក្នុងល្បឿនលឿនបាន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹងមិនអនុញ្ញាត្តឲ្យយានយន្តបើកបរក្នុងល្បឿនតិចជាង៧០គីឡូម៉ែត្រក្នុងមួយម៉ោងបើកបានទេ។

យោងតាមផេកផ្លូវការរបស់គំរោងផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលបានចេញផ្សាយដោយដាក់ចំណងជើង “ចំណេះដឹងរហ័ស”បានលើកជាសំណួរថា តើអ្នកគិតថាម៉ូតូអាចជិះនៅលើផ្លូវល្បឿនលឿនបានទេ?។

ចម្លើយគឺមិនអាចទេ! យោងទៅតាមច្បាប់ អ្នកដំណើរ យានជំនិះម៉ូតូ ឡានត្រាក់ទ័រ  តុកតុកនិងយានជំនិះផ្សេងៗ ដែលមានល្បឿនតិចជាង70km/h គឺមិនអាចឡើងផ្លូវល្បឿ​នលឿនបានទេ។

ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនឹងបើកឲ្យដំណើរការ អំឡុងត្រីមាសទី៣នាឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីផ្លូវដែលចំណាយទឹកប្រាក់យ៉ាងច្រើន ក្នុងប្រវត្តិសាស្រ្តកម្ពុជានេះបានបញ្ចប់ការស្ថាបនាជាផ្លូវការ។

ផ្លូវនេះមានរបងសងខាង ដែលមិនអនុញ្ញាត្តឲ្យយានយន្ត សត្វពាហនៈ ធ្វើដំណើរឆ្លងកាត់ក្រៅពីទីចំណតឈប់សំរាក ដែលបានសាងសង់ឲ្យឈប់សំរាកនោះទេ៕

ក្រុមហ៊ុនអភិវឌ្ឍន៍ Noble គ្រោងបោះទុនវវិនិយោគ ១៤០០លានដុល្លារនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃ

ដោយៈសុខុម

បាងកក: ដោយមានទំនុកចិត្តខ្ពស់ ចំពោះទីផ្សារអចលនទ្រព្យ ក្រុមហ៊ុនអភិវឌ្ឍន៍ Noble Development Plc ដែលចុះបញ្ជីលើទីផ្សារមូលបត្រថៃ គ្រោងចាប់ផ្ដើមគម្រោង  ថ្មីៗដល់ទៅ១៨គម្រោងនៅឆ្នាំ២០២២ ជាមួយនឹងទំហំទុនវិនិយោគសរុបជាង១,៤ពាន់លានដុល្លារអាមេរិក។  នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះ។

លោក Thongchai Busrapan ដែលជាអគ្គនាយក និងប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ខាងលើនេះបានថ្លែងថា ក្រុមហ៊ុនរបស់លោក បានត្រៀមលក្ខណៈមួយរយៈពេលហើយដើម្បីចាប់ផ្តើមគម្រោងថ្មីៗ ដោយបានតែងតាំងនាយកប្រតិបត្តិថ្មីៗ បង្កើតក្រុមការងារថ្មីៗ និងប៊្រែន ឬម៉ាកយីហោថ្មីៗ ប៉ុន្តែត្រូវរង់ចាំឱ្យទីផ្សារងើបឡើងវិញសិន។

លោកបានបន្ថែមថា “ស្ថានភាពទីផ្សារនឹងមានទំនោរវិជ្ជមាននៅឆ្នាំក្រោយ ព្រោះវាបានធ្លាក់ដល់ចំណុចបាតរួចទៅហើយ នៅត្រីមាសទី៣ ឆ្នាំ២០២១ ជាពេលដែលប្រទេសថៃ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារការឆ្លងរីករាលដាលវីរុសកូវីដ-១៩ រលកទី៣”។

គម្រោងថ្មីៗទាំងនេះ នឹងរួមមានគម្រោងខុនដូចំនួន៩ ដែលមានតម្លៃសរុប៣១,៩ពាន់លានបាត (ប្រមាណ៩៤៤លានដុល្លារអាមេរិក)  គម្រោងផ្ទះល្វែងបែបទំនើបចំនួន៥ដែលមានតម្លៃសរុប៩,៣ពាន់លានបាត (ប្រមាណ២៧៥លានដុល្លារអាមេរិក) និងគម្រោងផ្ទះដាច់ៗពីគ្នាចំនួន៤ ដែលមានតម្លៃ៦,២ពាន់លានបាត (ប្រមាណ១៨៣លានដុល្លារអាមេរិក)។

លោក Thongchai Busrapan បានគូសបញ្ជាក់ថា “យើងនឹងចាប់ផ្ដើមគម្រោងលំនៅដ្ឋានទាបៗបន្ថែមទៀតនៅឆ្នាំក្រោយ នៅពេលក្រុមហ៊ុនរបស់យើងទទួលបានកំណើនដែលជំរុញ ដោយការបន្ធូរបន្ថយលើការផ្ដល់ឥណទាន។ ការបន្ធូរបន្ថយលើវិធានស្ដីពីឥណទានគេហដ្ឋាន ក៏នឹងជួយជំរុញការលក់ខុនដូផងដែរ ព្រោះអ្នកទិញមិនចាំបាច់បង់ប្រាក់កក់ជាមុន”។

ទន្ទឹមនេះលោកក៏បានលើកឡើងបន្ថែមទៀតថា “យើងកំពុងស្វះស្វែងរកទិញគម្រោ​ងលំនៅដ្ឋានថ្មីៗ និងធ្វើទីផ្សារលក់អ្នកទិញជនជាតិចិន ព្រោះមានតម្រូវការខ្ពស់។ គម្រោងទាំងនោះ ប្រហែលជាគម្រោងដែលសាងសង់រួចរាល់ តែផ្ទះមិនទាន់លក់ចេញអស់ ឬក៏ផ្ទះមួយទឹក”៕  Bangkok Post៕