តើផ្នែកមួយចំនួននៃអចលនទ្រព្យកម្ពុជាមួយចំនួនចាប់ផ្តើមឆ្អែតក្នុងទីផ្សារហើយ?

 ដោយៈស៊ីវ ម៉េង

         ភ្នំពេញៈ រយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ និងក្រុងព្រះសីហនុបានផ្លាស់ប្តូរមុខមាត់ទាំងស្រុង ដោយសារការចាក់បញ្ចូលនូវមូលធនប្រមាណ១០ពាន់លានដុល្លារក្នុងវិស័យអចលនទ្រព្យ និងសំណង់។

ការរីកចម្រើន និងផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័សនេះ ដោយសារកំនើនសេដ្ឋកិច្ចសម្រេចបានជាង៧ភាគរយ មុនពេលវិបត្តិកូវីដ១៩មកដល់ និងគោលនយោបាយដាក់ចេញដ៏ត្រឹមត្រុវ និងមានផែបទីចង្អុលបងង្ហាញផ្លូវច្បាស់លាស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្រ្តី។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឧកញ៉ាឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១ ធ្នូនេះថា ស្ថានភាពទីផ្សារអចលនទ្រព្យហាក់មានភាពឆ្អែតបន្តិចហើយ នៅក្នុងផ្នែកខ្លះដូចជាដីឡូត៍ លំនៅដ្ឋាន ដែលមិនអាចសាងសង់ឬប្រកាសលក់ភ្លាម លក់ដាច់អស់នោះទេ។

លោកបន្តថា “ទីផ្សារអចលនទ្រព្យ ចាប់ផ្តើមមានភាពប្រកួតប្រជែងជាងមុន ខណៈ​សេវាកម្មដទៃទៀតដូចជាចំណីអាហារ កសិកម្ម សុខាភិបាលមានភាពរីកចម្រើន”។លោកបន្តថា “ការរីកចម្រើនវិស័យទេសចរណ៍ បច្ចេកវិទ្យា ឧស្សាហកម្ម នឹងងាកបកជួយជំរុញទីផ្សារអចលនទ្រព្យឡើងវិញ”។

ជាមួយគ្នានេះ ផ្នែកដទៃទៀតក៏បាននិងកំពុងមានភាពឆ្អែកផងដែរ នោះគឺផ្សារទំនើប។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន​ PropNex Cambodiaបានមានប្រសា​សន៍ថា ផ្សារទំនើបនៅកម្ពុជារវាងការផ្គត់ផ្គង់ និងតម្រូវការ គឺការផ្គត់ផ្គង់លើសតម្រូវការហើយ ដោយសារការកើនឡើងនូវការវិនិយោគ វិបត្តិកូវីដ១៩ ដែលធ្វើឲ្យអ្នកលក់តាមស្តង់នានាមិនអាចរកប្រាក់បង់ថ្លៃបាន និងការកើនឡើងនូវ E- Commerce។

អ្នកស្រីបន្តថា “ការរីកចម្រើននៃទីផ្សារក្នុងក្រុងភ្នំពេញ និងអំណាចនៃការទិញកើនឡើង ប៉ុន្តតែស្ថិតក្នុងកម្រិតមួយ ខណៈផ្សារមួយចំនួនបានបើក ប៉ុន្តែទីតាំងមិនសមស្រប​នោះទេ”។

ទោះជាយ៉ាងណា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធាន KW Cambodiaបានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា មិនទាន់មានភាពចាស់ទុំឬឆ្អែតនៅឡើយទេ ប៉ុន្តែទីផ្សារមួយចំនួនបានឆ្អែកដូចជា ខុនដូដែលមានតម្លៃខ្ពស់ ខណៈទីផ្សារខុនដូតម្លៃមធ្យម និងក្រោមមធ្យមនៅមានភាពស្រេកឃ្លាននៅឡើយ។

លោកបន្តថា “បើនិយាយពីទីផ្សារបុរីទាំងមូលមិនមានបញ្ហានោះទេ ប៉ុន្តែសំរាប់បុគ្គលមួយចំនួនគឺមានបញ្ហា ដោយសារពួកគេទិញយកចំណេញ ហើយលក់មិនចេញគឺ​មានបញ្ហាហើយ”។លោកបន្តថា “ម្ចាស់គំរោងពួកគេលក់ ប្រមូលលុយបានអស់មិនបញ្ហាទេ អ្នកដែលរងបញ្ហាគឺអ្នកទិញហើយលក់មិនចេញ”៕

 

សម្តេចតេជោស្នើឱ្យមានការហោះហើរឡើងវិញរបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្បើយឡើងវិញ

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ឱ្យមានការហោះហើរឡើងរបស់ជើងហោះហើរ ANA បន្ទាប់ពីជំងឺកូវីដ១៩បានធូរស្បើយឡើងវិញ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិផងដែរ។

កន្លងមក រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសការផ្តល់នូវជំនួយនានា សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។

សម្តេចតេជោបានមានប្រសាសន៍ថា “ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខា​ន់សម្រាប់តម្រូវការរបស់កម្ពុជា ក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩”។

សម្តេចតេជោ ហ៊ុន សែនបានបង្ហាញក្តីសង្ឃឹមថា ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងឆ្លៀ​តអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាផងដែរ។

សម្តេចតេជោ ក៏បានឆ្លៀតសង្កត់ធ្ងន់ជាចុងក្រោយថា កម្ពុជាជាមិត្តមួយដ៏ស្មោះត្រង់របស់ជប៉ុន។

កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយ គាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្ត​ភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀត ក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម៕

អ្នកឧកញ៉ាលី ហួរៈ ការទិញផ្ទះទុកលក់យកចំណេញ ជាហានិភ័យ

 ដោយៈស៊ីវ ម៉េង

         ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ការទិញផ្ទះទុកលក់យកចំណេញ អាចជាហានិភ័យ នៅពេលដែលផ្ទះពួកគេលក់មិនដាច់ ហើយមិនមានប្រាក់បង់។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៣០ វិច្ឆិកាម្សិលម៉ិញនេះថា ការទិញលំនៅដ្ឋានទុកលក់យកចំណេញ អាចមានហានិភ័យ បើសិនជាពួកគេលក់ផ្ទះមិនដាច់ ប៉ុន្តតែបើទិញយកមករស់នៅមិនមានបញ្ហាអ្វីនោះទេ។

អ្នកឧកញ៉ាបានបន្តថា “សមាគមបានណែនាំពីបញ្ហានេះ និងឲ្យសិក្សាឲ្យបានច្បាស់លាស់មុនធ្វើអ្វីមួយផងដែរ”។អ្នកឧកញ៉ាបានបន្តថា “ទោះជាយ៉ាងណាសមាជិកសមាគមមិនមានបញ្ហាអ្វីនោះទេ ដោយសារពួកគេសុទ្ឋតែជាអ្នកអភិវឌ្ឍន៍ធំៗ ឬសុទ្ឋតែ ជាជើងខ្លាំងនៅក្នុងវិស័យនេះ”។

អ្នកឧកញ៉ាលី ហួរបានបន្តថា ទោះជាយ៉ាងណាទីផ្សារលំនៅដ្ឋាន នៅតែមានតម្រូវការច្រើន ដោយសារអ្នកមានលទ្ឋភាពបានបន្តទិញទុក សម្រាប់កូនចៅរបស់ពួកគេ ដែលត្រូវរៀបការហើយបែកចេញពីគ្រួសារ ស្របពេលបច្ចុប្បន្ននេះ អ្នកវិនិយោគធំៗជាច្រើនបាននិងកំពុងចាប់ផ្តើមសាងសង់គំរោងធំៗរបស់ពួកគេឡើងវិញ។

កាលពីពេលថ្មីៗនេះ បុរីពិភពថ្មីបានចេញសេចក្តីប្រកាសមួយ ដោយកំណត់ឲ្យអតិ​ថិជនម្នាក់ៗអាចទិញផ្ទះបានតែ១ប៉ុណ្ណោះ និងមិនអាចលក់ចេញក្នុងរយៈពេល២ឆ្នាំឡើយ ខណៈបុរីនេះមួយចំនួនមានអ្នកទិញ ដើម្បីទុកលក់យកចំណេញច្រើន ហើយផ្ទះរបស់ពួកគេមិនមានការស្នាក់នៅពីប្រជាពលរដ្ឋនោះឡើយ៕

អ្នកវិនិយោគចាប់ផ្ដើមស្វែងរកទីតាំងសាងសង់តំបន់សេដ្ឋកិច្ចពិសេសបន្ថែមក្រោយរដ្ឋាភិបាលបើកប្រទេស

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ជាពិសេសវិនិយោគិនមកពីប្រទេសចិន បានចាប់ផ្ដើមសម្លឹងរកទីតាំងវិនិយោគរបស់ខ្លួន បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកប្រទេសឡើងវិញ និងអនុញ្ញាតឱ្យអ្នកដំណើរបរទេសចូលមកកម្ពុជាដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតនោះទេ។

ប្រធានសមាគមអចលនទ្រព្យសកល លោកឧកញ៉ាសំ សុខនឿនបានមានប្រ​សា​សន៍ឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ ធ្នូនេះថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសឡើងវិញ យើងឃើញថាបណ្ដាវិនិយោគិនជាច្រើនទាំងក្នុង និងក្រៅប្រទេសចាប់ផ្ដើមបញ្ចេញសកម្មភាព លើគំរោងវិនិយោគរបស់ខ្លួនឡើងវិញបណ្ដើរៗហើយ ក្នុងនោះវិនិយោគិនបរទេសជាពិសេសចិន បាននិងកំពុងសម្លឹងរកការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសថ្មីៗបន្តបន្ទាប់ទៀតនៅក្នុងប្រទេសកម្ពុជា ។

លោកបន្តថា “ពេលនេះចិនកំពុងក្ដាប់យកឱកាស ក្នុងការសាងសង់តំបន់សេដ្ឋកិច្ច ដើម្បីត្រៀមទទួលក្រុមហ៊ុនវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលអាចនឹងចូលមកកម្ពុជានៅពេលឆាប់ៗខាងមុខនេះ”។

លោកឧកញ៉ាបន្តថា តំបន់ដែលមានសក្ដានុពល ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិ​សេ​​ស គឺនៅតំបន់ណាដែលមានភាពងាយស្រួល ក្នុងការដឹកជញ្ជូនទៅកាន់កំពង់ផែទឹកជ្រៅ ក្នុងនោះមានតំបន់តាមបណ្ដោយផ្លូវជាតិលេខ៤ គឺជាតំបន់ដែលមានសក្ដានុពលខ្ពស់មួយសម្រាប់ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស ។

លោកបន្ថែមថា អ្វីដែលយើងសង្កេតមើលឃើញនាពេលកន្លងមក ទីណាដែលមានការអភិវឌ្ឍឧស្សាហកម្ម ឬតំបន់សេដ្ឋកិច្ចពិសេសទីនោះ ក៏នឹងទទួលបានការវិនិយោគទៅលើលំនៅឋាន និងមានមនុស្សរស់នៅកាន់តែច្រើន ដោយមានការងារសម្រាប់ប្រជាពលរដ្ឋកាន់តែច្រើនផងដែរ ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលកន្លងមកបានបង្ហាញថា មានក្រុមហ៊ុននិងគម្រោងជាច្រើន បានបណ្ដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនានាក្នុងប្រទេសកម្ពុជា ដែលបង្ហាញថាតំបន់សេដ្ឋកិច្ចពិសេស បានរួមចំណែ​កសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាតំបន់ដែលផ្ដល់ការងារជូនប្រជាពលរដ្ឋកម្ពុជាច្រើន និងជាទីតាំងផលិតទំនិញ ដ៏មានសក្ដានុពលសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាការកត់សម្គាល់ខេត្ត ដែលទទួលបានការវិនិយោគលើតំបន់ សេដ្ឋកិច្ចពិសេសរួមមានខេត្ត កំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ ហើយក្នុងតំបន់ទាំងនោះ ក៏នៅតែបន្តទាក់ទាញ លើវិស័យឧស្សាហកម្មជាច្រើនទៀតផងដែរ គិតមកដល់ពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ឲ្យដឹងផងដែរថា រហូតមកទល់ពេលនេះ ចិនបាននិងកំពុងចូលមកវិនិយោគបណ្តើរៗនៅកម្ពុជាហើយ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការជួបប្រជុំតាមប្រព័ន្ឋវីដេអូរវាងសម្តេចតេជោហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីចិន លឺ ឃឺឈាងកាលពីពេលថ្មីៗនេះ ដែលប្រមុខរដ្ឋទាំងពីរ បានប្តេជ្ញាជម្រុញកំនើនទំហំពាណិជ្ជកម្ម ឲ្យកើនឡើងដល់១០ពាន់លានដុល្លារអាមេរិក។

លោកបន្តថា “ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ នឹងធ្វើឲ្យអ្នកវិនិយោគចិន អឺរ៉ុប អាមេរិកមកវវិនិយោគកាន់តែច្រើននៅកម្ពុជា ដើម្បីនាំចេញទំនិញដោយរួចពន្ឋទៅកាន់ប្រទេសចិន”៕

សុទិដ្ឋិនិយម និងភាពមិនប្រាកដប្រជាកំពុងលេចឡើងទាក់ទងនឹងផលប៉ះពាល់នៃមេរោគOmicronលើទីផ្សារអចលនទ្រព្យកម្ពុជា

 ដោយៈសិរី ជេស៊ីកា

         ភ្នំពេញៈ ការលេចឡើងនូវមេរោគកូវីដ១៩ថ្មី Omicron បាននិងកំពុងធ្វើឲ្យទីផ្សារអចលនទ្រព្យ ហិរញ្ញវត្ថុលើពិភពលោក ជួបភាពមិនច្បាស់លាស់ជាថ្មី ប៉ុន្តែសំរាប់អ្នកជំនាញកម្ពុជានៅតែមានសុទិដ្ឋិនិយម ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរ។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសា​សន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ វិច្ឆិកាកន្លងមកថា ការលេចឡើងនូវវត្តមានមេរោគថ្មីវានឹងមិនជាបញ្ហាធំនោះទេ ព្រោះពិភពលោកអាចនឹងមានដំណោះស្រាយឆាប់ៗនេះ វាប្រៀបដូចជាមេរោគDelta ពេលវាលេចឡើងខ្លាំង គឺមានការពង្រីកការចាក់វ៉ាក់សាំងបានច្រើននៅកម្ពុជា ជាលទ្ឋផលរដ្ឋាភិបាលបានគ្រប់គ្រងវាបានល្អ។

អ្នកស្រីបន្តថា “ខ្ញុំមានជំនឿថាយើងអាចដោះស្រាយបញ្ហានេះ ជាមួយនឹងការបើកទ្វារប្រទេសទទួលទេសចរណ៍អន្តរជាតិ ដែលកម្ពុជានឹងអាចទទួលបានភ្ញៀវច្រើន ព្រោះ   រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រជាជននៅលើពិភពលោកបានឃុំខ្លួនឯង ហេតុនេះនៅពេលស្ថានភាពប្រសើរ ពួកគេនឹងចេញដើរកំសាន្តច្រើន”។ អ្នកស្រីបន្តថា “វិស័យទេស​ចរណ៍នឹងមានសន្ទុះកើនឡើងខ្លាំង នាពេលខាងមុខឆាប់ៗនេះ”។

ជាមួយគ្នានេះ លោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអច​ល​នទ្រព្យកម្ពុជា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី១ ធ្នូនេះថា ការបង្ហាញខ្លួនរបស់មេរោគថ្មីនេះ នឹងមិនជាបញ្ហាទេ ព្រោះយើងមានវ៉ាក់សាំង ហើយអ្នកវិទ្យាសាស្រ្តបានប្រកាសពីការមានវ៉ាក់សាំងអាចទប់ជាមួយមេរោគនេះបាន។

លោកបន្តថា “ខ្ញុំគិតថាវាមិនជាបញ្ហាធំនោះទេ ព្រោះប្រជាជនលើពិភពលោកមានភាពសាំជាមួយមេរោគកូវីដ១៩រួចហើយ ហើយយើងក៏មានវ៉ាក់សាំងទប់មេរោគនេះររួចហើយ”។

ទោះជាយ៉ាងណាលោកឧកញ៉ាគីម ហ៊ាងប្រធានKW Cambodiaបានលើកឡើងដោយប្រយ័ត្នប្រយែងថា រហូតមកទល់ពេលនេះ យើងមិនទាន់ដឹងថាមេរោគនេះវាឆ្លងលឿន និងសាហាវកម្រិតណានៅឡើយទេ ហើយក៏មិនទាន់មានប្រទេសណាមួយ បានបិទទ្វារដោយសារមេរោគនេះនៅឡើយទេ។

លោកបន្តថា “ឥទ្ឋិពលរបស់មេរោគនេះ កម្រិតណាយើងមិនទាន់ដឹងទេ ប៉ុន្តែបើយើងប្រយ័ត្នបន្តិចក៏មិនខុសដែរ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងក្នុងភាពប្រុងប្រយ័ត្នផងដែរ ទាក់ទងនឹងមេរោគប្រភេទថ្មីនេះ ដោយលោកបានមានប្រសាសន៍ថា ប្រសិនជាមេរោគនេះ មិនអាចគ្រប់គ្រងបាន ហើយ​មនុស្សមិនអាចចេញដើរបាន ច្បាស់លាស់ណាស់វិស័យអចលនទ្រព្យ ក៏ដូចជាទិដ្ឋភាព​ផ្សេងទៀតនៃសេដ្ឋកិច្ចនឹងរងផលប៉ះពាល់។

លោកបន្តថា “វាជាសញ្ញាមួយមិនល្អច្រើននោះទេ ប៉ុន្តែបើយើងនិងពិភពលោកអាចគ្រប់គ្រងវាបាន នឹងមិនមានបញ្ហាអ្វីនោះទេ”។លោកបន្តថា “វិស័យអចលនទ្រព្យកម្ពុជាបានចាប់ផ្តើមល្អបន្តិចម្តងៗ ហើយវានឹងកាន់តែប្រសើរ បើមេរោគOmicronមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ”៕

កម្ពុជានាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិមានទឹកប្រាក់៤,៤ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី តែការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នៅតែមានកំណើនខ្ពស់ ជាក់ស្ដែងក្នុងរយៈពេល១១ខែ ដំបូងនៃឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ ក្រៅពីផលិតសត្វ ផលិតផលជលផល និងព្រៃឈើ មានទឹកប្រាក់រហូតដល់ទៅ៤,៤៣ពាន់លានដុល្លារអាមេរិក ទៅកាន់ប្រទេសគោលដៅចំនួន៦៨ប្រទេស។

យោងតាមរបាយការណ៍របស់លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទនៅព្រឹកថ្ងៃទី១ ធ្នូ២០២១ នេះបានឲ្យដឹងថា ផលិតផលសំខាន់ៗដែលត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន អង្ករ ស្រូវ ផលិតផលក្រៅពីស្រូវ និងអង្ករ និងកៅស៊ូ ក្នុងនោះ ការនាំចេញអង្ករមានទឹកប្រាក់៤៥៤,៤៨លានដុល្លារអាមេរិក ការនាំចេញស្រូវមានទឹកប្រាក់ រហូតដល់៥៤៦,៥៦លានដុល្លារអាមេរិក ការនាំចេញផលិតផលក្រៅពីស្រូវ និងអង្ករ មានទឹកប្រាក់រហូតដល់ជិត៣ពាន់លានដុល្លារអាមេរិក និងការនាំចេញកៅស៊ូធម្មជាតិ មានទឹកប្រាក់ជាង៤៤៣លានដុល្លារអាមេរិក។

យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២១នេះ មានកំណើនស្ទើរតែគ្រប់មុខលើកលែងការនាំចេញអង្ករ ដែលត្រូវធ្លាក់ចុះប្រមាណ១១,៤៦ភាគរយ។

របាយការណ៍ក៏បានបានបង្ហាញផងដែរថា ក្នុងរយៈពេល១១ខែដំបូងនេះ កម្ពុជានាំចេញផលិតផលកសិកម្មសរុប មានចំនួនប្រមាណជាង៧លានតោន ធៀបនឹងឆ្នាំ២០២០កន្លងទៅ មានកំណើនរហូតដល់៨៧,៥៣ភាគរយ ដែលក្នុងឆ្នាំ២០២០កន្លងទៅមានបរិមាណតែ ៣,៦៨លានតោនប៉ុណ្ណោះ ។

ការនាំចេញផលិតផលកម្ម មានកំណើនក្នុងបរិបទកូវីដ១៩នេះ បានបង្ហាញថាតម្រូវការស្បៀងនៅលើពិភពលោក នៅតែមានកំណើនខ្ពស់ និងទាមទារឱ្យប្រទេសផលិតស្បៀងលើពិភពលោករួមទាំងកម្ពុជា គួរបង្កើនការផលិតរបស់ខ្លួនដើម្បីបំពេញទៅតាមតម្រូវការទីផ្សារពិភពលោក៕

សឹង្ហបុរីបន្តពង្រីកឧត្តមភាពកំពង់ផែរបស់ខ្លួនជាមួយផ្ទៃដីជាង ១៣០០ហិកតា

ដោយៈសុខុម

សឹង្ហបុរី: អាជ្ញាធរនាវាចរណ៍ និងកំពង់ផែសិង្ហបុរី (MPA) បានប្រកាសកាលពីថ្ងៃអង្គារ ទី៣០ វិច្ឆិកា ថា ចំណតនាវា២ដំបូងនៃដំណាក់កាលទី១ ក្នុងគម្រោងកំពង់ផែដ៏ធំសម្បើម Tuas Port របស់សិង្ហបុរី គ្រោងនឹងដាក់ឱ្យដំណើរការ នៅត្រឹមដំណាច់ឆ្នាំ២០២១ នេះ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ឱ្យដឹងថា ដំណើរការសាងសង់កំពង់ផែនេះ បានចាប់ផ្ដើមកាលពីប្រមាណ៦ឆ្នាំមុន។ អាជ្ញាធរ MPA បានចេញសេចក្ដីប្រកាសព័ត៌មានថា គម្រោងកំពង់ផែនេះ មានទាំងអស់៤ដំណាក់កាល ហើយទាំង៤ដំណាក់កាលនេះ នឹងបញ្ចប់ជាស្ថាពរនៅទសវត្សរ៍ឆ្នាំ២០៤០។

អាជ្ញាធរ MPA បានបន្ថែមទៀតថា នៅពេលសាងសង់បញ្ចប់ជាស្ថាពរ កំពង់ផែនេះនឹងលាតសន្ធឹង លើផ្ទៃដីសរុបរហូតដល់ទៅប្រមាណ១.៣៣៧ហិកតា។ កំពង់ផែនេះនឹងបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ដូចជា ដងស្ទូចដែលដំណើរការដោយស្វ័យប្រវត្តិ និងយានដំណើរការស្វ័យប្រវត្តិ ដោយគ្មានអ្នកបើកបរ សម្រាប់ដឹកជញ្ជូនកុងតឺន័រនៅកំពង់ផែនេះជាដើម។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនប្រទេសនេះ លោក S Iswaran បានថ្លែងថា “ការបញ្ចប់ដំណាក់កាលទី១ សម្រាប់កំពង់ផែ Tuas Port គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីភាពធន់ទ្រាំរបស់យើង អំឡុងស្ថានការណ៍ដ៏អាក្រក់ និងបញ្ជាក់ពីឋានៈស័ក្ដិសមរបស់ប្រទេសសិង្ហបុរី ក្នុងនាមជាមជ្ឈមណ្ឌលកំពង់ផែពិភពលោក ដែលបណ្ដាដៃគូអាចជឿទុកចិត្តបាន”។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ការប្រើប្រាស់ “វិធីសាស្រ្តសាងសង់ប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព” បានធ្វើឱ្យអាជ្ញាធរ MPA សន្សំសំចៃការចំណាយបានរហូតដល់ជាង១ពាន់លានដុល្លារ សម្រាប់ដំណាក់កាលទី១។
នៅក្នុងព្រឹត្តិការណ៍ដដែលនេះ លោក Niam Chiang Meng ប្រធានអាជ្ញាធរ MPA បានថ្លែងថា ខណៈដំណាក់កាលទី១បានបញ្ចប់ ការងារសម្រាប់ដំណាក់កាលទី២ នៃកំពង់ផែដ៏ធំសម្បើមនេះ ក៏កំពុងដំណើរការ ហើយក៏កំពុងត្រៀមផែនការ សម្រាប់ដំណាក់កាលទី៣ផងដែរ៕

ផ្សារទំនើបកើនឡើងលើសតម្រូវការ បានធ្វើឲ្យផ្សារតូចៗជាច្រើនប្រឈមហានិភ័យ

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ការផ្គត់ផ្អង់ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ ដែលកើនដល់ជិត៤០ម៉ឺនម៉ែត្រការ៉េ កំពុងក្លាយជាបញ្ហាប្រឈមមួយ នៅក្នុងទីផ្សារលក់រាយនៅកម្ពុជា ខណៈ E Commerce កំពុងមានភាពរីកចម្រើន។

អ្នកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសា​សន៍ឲ្យដឹងនៅពេលរសៀលថ្ងៃទី៣០វិច្ឆិកាកន្លងមកថា បញ្ហាវិបត្តិកូវីដ និងការផ្គត់ផ្គង់កើនឡើង បានធ្វើឲ្យទីផ្សារលក់រាយនៅតាមផ្សារទំនើប មួយចំនួនប្រឈមនឹងបញ្ហា ដោយស្តង់ជាច្រើនត្រូវបានបិទទ្វារ។

អ្នកស្រីបន្តថា “រហូតមកទល់ពេលនេះ ទំហំផ្សារទំនើបនៅរាជធានីភ្នំពេញបានកើនលើសតម្រូវការហើយ ខណៈទីផ្សារនេះតូចនៅឡើយ ដែលមិនអាចឲ្យផ្សារមួយចំនួន​លក់ទំនិញបែបយូនិកដូចស្រុកគេនៅឡើយ”។ អ្នកស្រីបន្តថា “នៅប្រទេសចិន មានប្រជាជនច្រើន ទីផ្សារធំ ហេតុនេះផ្សារទំនើបមួយចំនួន អាចលក់ទំនិញតែមួយមុខបាន ប៉ុន្តែកម្ពុជាមិនទាន់ដល់ពេលទេ”។

អ្នកស្រីអាន សុធីតាបានបន្តថា មានអ្នកលក់ទំនិញមួយចំនួនបានលក់ទំនិញតាមអនឡាញ ប៉ុន្តែពួកគេនៅតាមស្តង់តាមផ្សារ តែសេវាកម្មមួយចំនួន គឺ E Commerce មិនអាចជំនួសបាននៅឡើយទេ ដូចជាផ្នែកកំសាន្តដែលមានរោងភាពយន្ត និងផ្នែកភោជនី​យដ្ឋាននៅតែដំណើរការល្អដដែល បើទោះបីជាផ្នែកនេះមាន នៅតាមគេហដ្ឋានក៏​ដោយប៉ុន្តែបរិយាកាសខុសគ្នា។

ផ្សារំនើបធំៗជាច្រើនត្រៀមបង្ហាញខ្លួននៅចុងឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខដួចជា ផ្សារទំនើប Peng Hourt Diamond, AEON Mall3 ផ្សារទំនើបជីប ម៉ុង ផ្សារទំនើបនៃមជ្ឈមណ្ឌល Booyoung ស្ថិតនៅលើមហាវិថីសហព័ន្ឋរុស្ស៊ី និងផ្សារទំនើប Phnom Penh Mega Mall ជាដើម។

រហូតមកទល់ពេលនេះ ផ្សារទំនើបខ្នាតតូចមួយចំនួន បានប្រឈមមុខនឹងការបិទទ្វារដូចជា City Mall, Sovanna Plaza, ជាដើម​ដែលបាននិងកំពុងប្រឈមមុខនឹងការបិទទ្វារ និងកំពុងធ្វើការកែលំអរឡើងវិញ៕

តើការធ្វើអាជីវកម្មអចលនវត្ថុត្រូវមានលិខិតបទដ្ឋានគតិយុត្តិដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការធ្វើអាជីវកម្មក្នុងវិស័យអចលនទ្រព្យឬអចលនវត្ថុ ត្រូវមានឯកសារខុសៗគ្នាជាច្រើន ប៉ុន្តែយើងសូមលើកយកតែលិខិតបទដ្ឋាន ចំនូនពីរប្រភេទប៉ុណ្ណោះ ដើម្បី​បានសិក្សាស្វែងយល់។

យោងតាមប្រកាស លេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម អភិវឌ្ឍអចលនវត្ថុចែកចេញជា២ប្រភេទគឺ:

ទី១. អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ១
សំដៅដល់អ្នកអភិវឌ្ឍទាំងឡាយណា ដែលបានបញ្ចប់គម្រោងសាងសង់ជាស្ថាពរដោយមានលិខិតបិទការដ្ឋាន លិខិតបញ្ជាក់ពីគុណភាពសំណង់ ឬមានការវាយតម្លៃពីមន្ត្រីជំនាញរបស់នាយកដ្ឋាន ឬមន្ទីរជាមុនសិន។

ទី២. អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២
លុះត្រាតែអ្នកអភិវឌ្ឍនោះ មានលិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការរដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឬអាជ្ញាធរមានសមត្ថកិច្ច។ ក្នុងករណី ដែលមិនទាន់មានលិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការដ្ឋានសាងសង់ អ្នកអភិវឌ្ឍ មានសិទ្ធិទទួលប្រាក់កក់ដំបូងត្រឹមតែ១ភាគរយនៃតម្លៃលក់តែប៉ុណ្ណោះ។ ប្រាក់កក់ដំបូងនេះ ត្រូវរក្សាទុកនៅក្នុងគណនីអភិវឌ្ឍអចលនវត្ថុ និងមិនអនុញ្ញាតឲ្យដកយកទៅប្រើប្រាស់ទេ លុះត្រាតែទទួលបានលិខិតអនុញ្ញាតសាងសង់ និងលិខិតបើកការដ្ឋានសាងសង់ពីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។

ចំពោះគម្រោងដែលក្រសួង ឬអាជ្ញាធរមិនផ្តល់លិខិតអនុញ្ញាតសាងសង់ ឬលិខិតបើកការដ្ឋានសាងសង់ជូន ប្រាក់កក់ដំបូងនេះត្រូវប្រគល់ជូនអ្នកទិញវិញ ជាកំហិត។

ម៉្យាងវិញទៀត អ្នកអភិវឌ្ឍលំនៅដ្ឋាន ឬអគារសហកម្មសិទ្ធិទាំងឡាយណា ដែលស្នើសុំលិខិតអនុញ្ញាតអាជីវកម្មប្រភេទ២ ត្រូវដាក់ប្រាក់តម្កល់អាជីវកម្មចំនួន២ភាគរយនៃតម្លៃសំណង់សរុប ឬតម្លៃសំណង់តាមដំណាក់កាលនីមួយៗ។

សិទ្ធិក្នុងការចុះកិច្ចសន្យាទិញ-លក់អចលនវត្ថុ ត្រូវបានអនុញ្ញាតចំពោះតែអ្នកអភិវឌ្ឍទាំងឡាយណា ដែលជាម្ចាស់កម្មសិទ្ធិ លើគម្រោងអភិវឌ្ឍនោះតែប៉ុណ្ណោះ។ ចំពោះបុគ្គល ដែលមិនមែនជាម្ចាស់គម្រោង អាចមានសិទ្ធិចុះកិច្ចសន្យាទិញ-លក់បាន លុះត្រាតែមានកិច្ចព្រមព្រៀង ជាលាយលក្ខណ៍អក្សរ ពីម្ចាស់កម្មសិទ្ធិលើដីធ្លីនោះ ស្របទៅតាមនីតិវិធីច្បាប់ជាធរមាន៕

ខេត្តកោះកុងចាប់ផ្តើមប្រមូលទិន្នន័យតាមបណ្តាកោះ ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍ និងទាក់ទាញការវិនិយោគ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរខេត្តកោះកុង ដឹកនាំដោយលោកអ៊ុក ភ័ត្រាអភិបាលរងខេត្តបានចាប់ផ្ដើមចុះពិនិត្យ និងប្រមូលទិន្នន័យ តាមបណ្ដាកោះនានា២៣កន្លែង ក្នុងភូមិសាស្រ្តខេត្តកោះកុង ទិសដៅដើម្បីបង្កើនការគ្រប់គ្រង ជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកបណ្ដាក់ទុនបន្ថែម។

គោលការណ៍ថ្មីនេះ ត្រូវបានដាក់ចេញក្នុងកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីសប្តាហ៍មុននេះ។

ជាលទ្ធផលនៃកិច្ចប្រជុំ រដ្ឋបាលខេត្តបានដាក់ចេញនូវផែនការសកម្មភាពធំៗ៣ ចំណុច រួមមានដូចជា ទី១ អង្គភាពនីមួយៗត្រូវសហការគ្នាចុះពិនិត្យ និងប្រមូលទិន្នន័យជាក់ស្តែងនៅតាមទីតាំងកោះនីមួយៗ ដោយយកនូវទិដ្ឋភាពភូមិសាស្ត្រ និយាមកា រូបភាព និងវីដេអូ សំដៅជំរុញវិស័យទេសចរណ៍ និងទាក់ទាញវិនិយោគិនមកដាក់ទុនបន្ថែម។

ទី២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវបញ្ជូនមន្ត្រីចុះយកនិយាមកា ដោយប្រើប្រាស់ម៉ាស៊ីនប្រភេទ DGPS និងទី៣ សម្រាប់កាលបរិច្ឆេទនៃការចុះទៅកោះនីមួយៗ ក្រុមការងារថ្នាក់ខេត្ត នឹងធ្វើការជូនដំណឹងលម្អិតបន្ថែមនៅពេលក្រោយ ។

លោកហ៊ាង បុណ្ណា អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុងបានឲ្យដឹងថា ក្នុងដំណាក់ដំបូង កោះដែលរដ្ឋសម្លឹងឃើញសក្ដានុពលរួមមាន កោះម្នាស់ កោះស្មាច់ និងកោះកុងក្រៅជាដើម។

លោកបន្តថា យោងតាមទិន្នន័យ មកទល់បច្ចុប្បន្ន ក្នុងចំណោមកោះទាំងអស់ មានតែកោះស្ដេចប៉ុណ្ណោះ ដែលរដ្ឋឱ្យអាជ្ញាបណ្ណដល់ឯកជនចូលទៅអភិវឌ្ឍ។ ដូច្នេះ ផែនកា​រមេស្ដីពីពីទិន្នន័យកោះ ដែលរដ្ឋបាលខេត្តកំពុងតែរៀបចំនេះ អាចនឹងជួយឱ្យយើងដឹងថា កោះណាផ្សេងទៀត ដែលមានសក្ដានុពលអាចវិនិយោគបាននាពេលអនាគត៕