ច្បាប់វិនិយោគថ្មីផ្តល់ការលើកទឹកចិត្តលើផ្នែកសំខាន់ៗចំនូនបី តើវាជាអ្វីខ្លះ?

ដោយៈជេស៊ីកា

ភ្នំពេញៈ ច្បាប់វិនិយោគថ្មី ដែលទើបអនុម័តឲ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានផ្តល់នូវមូលដ្ឋានសំខាន់ និងលើកទឹកចិត្តជាច្រើនដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

តើផ្នែកអ្វីខ្លះត្រូវបានលើកទឹកចិត្ត? ការពិតការលើកទឹកចិត្តក្នុងច្បាប់នេះមាន៣ប្រភេទដូចជា៖

ការលើកទឹកចិត្តមូលដ្ឋាន
ការលើកទឹកចិត្តនេះមាន២ជម្រើស អាស្រ័យលើថាវិនិយោគិន ជ្រើសរើសមួយណា ក្នុងនោះជម្រើសទី១ គឺលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី៣ឆ្នាំ ដល់៩ឆ្នាំ អាស្រ័យទៅតាមវិស័យ និងសកម្មភាពវិនិយោគ ដោយគិតចាប់ពីពេលដែលទទួលបានប្រាក់ចំណូលលើកដំបូង។

ចំណែកឯជម្រើសទី២ គឺអ្នកវិនិយោគទទួលបានសិទ្ធិកាត់កង ចំណាយមូលធន តាមរយៈការរំលស់ពិសេស និងសិទ្ធិកាត់កងរហូតដល់២០០ភាគរយ លើចំណាយសំខាន់ៗផ្សេងទៀត សម្រាប់រយៈពេលរហូតដល់៩ឆ្នាំ និងការលើកទឹកចិត្តផ្សេងៗទៀតផងដដែរ។

ការលើកទឹកចិត្តបន្ថែម
គ.ល.គ អាចទទួលបានការកាត់កងចំណាយ ក្នុងអត្រារហូតដល់១៥០ភាគរយ ទៅលើចំណា​យពាក់ព័ន្ធទៅនឹងការស្រាវជ្រាវ ការផ្តល់ការបណ្ដុះបណ្ដាល និងការចំណា​យទៅលើមធ្យោបាយដឹកជញ្ជូន ការសាងសង់កន្លែងស្នាក់នៅ អាហារដ្ឋាន និងទារកដ្ឋាន។

រដ្ឋាភិបាលក៏លើកលែងអាករលើតម្លៃបន្ថែម ចំពោះការទិញធាតុចូលផលិតកម្មដែលត្រូវបានផលិតនៅក្នុងស្រុក ក្នុងគោលបំណងផ្សារភ្ជាប់ ផលិតករក្នុងស្រុកនៅនឹងខ្សែច្រវាក់ផលិតកម្ម របស់គម្រោងវិនិយោគ ក៏ដូចជា ការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។

ការលើកទឹកចិត្តពិសេស
រដ្ឋធ្វើការកំណត់ដោយឡែកក្នុងច្បាប់ស្តីពី ការគ្រប់គ្រងហិរញ្ញវត្ថុ អាស្រ័យតាមវិស័យ និងសកម្មភាព ដែលរដ្ឋយល់ថា មានសក្តានុពលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាដើម៕

រដ្ឋាភិបាលហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន១០នៅទ្វីបអាហ្រ្វិក

ដោយៈម៉ាលីន

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចហាមឃាត់អ្នកដំណើរពីប្រទេសចំនួន១០ នៅទ្វីបអាហ្រ្វិក ឬមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង១០ នៅក្នុងពេល៣សប្តាហ៍។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១បានឲ្យដឹងថា ដោយបានទទួលការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា អង្គការសុខភាពពិភពលោកបានរាយការណ៍ ពីការរកឃើញវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួន នៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា អូមីក្រុង (Omicron) ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរាលដាលមេរោគកូវីដ-១៩ ប្រភេទបំប្លែងថ្មី។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា ដោយពិនិត្យឃើញស្ថានភាពបែបនេះ ក្រសួងសុខាភិបាលនៃកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង១០ ក្នុងអំឡុងពេល៣សប្តាហ៍មុនចូលមកប្រទេសកម្ពុជា ធ្វើដំណើរចូលប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោកមួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជា នូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង (Omicron) ដោយត្រូវចាប់អនុវត្តក្រោយ៤៨ម៉ោង បន្ទាប់ពីចេញសេចក្តីប្រកាសព័ត៌មាននេះ។

ប្រទេសចំនួន១០ នោះរួមមាន (1) Botswana (2) Eswatini (3) Lesotho (4) Mozambique (5) Namibia (6) South Africa (7) Zimbabwe (8) Malawi (9) Angola និង (10) Zambia៕

កម្ពុជាទាក់ទាញលំហូរទុនវិនិយោគពីប្រទេសចិនកើនឡើងដល់ទំហំទឹកប្រាក់២៧ពាន់លានដុល្លារអាមេរិក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ចិនបានក្លាយជាប្រទេស ដែលមានវិនិយោគិនដាក់ទុនវិនិយោគច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមកនេះ ហើយបើគិតចាប់ដំណាច់ខែតុលា២០២១កន្លងទៅ ទុនវិនិយោគរបស់ចិននៅកម្ពុជា បានកើនឡើងដល់ប្រមាណ ២៧ពាន់លានដុល្លារអាមេរិកហើយ។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២៩ វិច្ឆិកា២០២១នេះ។

ទំហំទុនវិនិយោគនេះ គិតក្នុងចន្លោះឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០២១នេះ ស្របពេលចិននៅតែមានសុទិដ្ឋិនិយមវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩វិច្ឆិកា២០២១ ដើម្បីផ្សព្វផ្សាយពីច្បាប់វិនិយោគថ្មីរបស់កម្ពុជា លោកសុខ ចិន្ដាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្រៅពីទុនវិនិយោគនៅកម្ពុជាច្រើនជាងគេហើយនោះ ចិនក៏បានផ្ដល់ជំនួយដល់កម្ពុជាយ៉ាងច្រើនផងដែរ ជាក់ស្ដែងចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ ចិនបានផ្ដល់ជំនួយដល់កម្ពុជា គិតជាទឹកប្រាក់៤.៦៥៥លានដុល្លារអាមេរិក ។

សម្រាប់ច្បាប់វិនិយោគថ្មីនៅកម្ពុជា លោកបានជម្រាបជូនទៅអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាថា ត្រូវបានតាក់តែងឡើងស្របតាមការចង្អុលបង្ហាញ របស់គោលនយោបាយអភិ​វឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃភូមិសាស្ត្រ នយោបាយនិងសេដ្ឋកិច្ច បដិវត្តន៍ឧស្សាហកម្ម៤.០ បរិវត្តកម្មឌីជីថល និងការរអាក់ឬអួលនៃខ្សែច្រវ៉ាក់តម្លៃសាកល ដែលបណ្ដាលមកពីកូវីដ១៩ សំដៅច្បាមយកកាលានុវត្តភាពជាអតិបរមានពីនិម្មាបនកម្ម សេដ្ឋកិច្ចក្នុងតំបន់ ដែលកំពុងវិវត្តយ៉ាងឆាប់សហ័ស ក៏ដូចជាទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ។

លោកបន្តថា “ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកែទម្រង់នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាបន្តបន្ទាប់ និងចុងក្រោយនេះ បានចុះហត្ថលេខាស្ដីពីការធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ”។

ជាមួយគ្នានេះ លោកវ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ទំនាក់ទំនងល្អរវាងកម្ពុជានិងចិន ធ្វើឱ្យកម្ពុជាក្លាយជាទិសដៅវិនិយោគដ៏សំខាន់ សម្រាប់ចិន ហើយតាមរយៈច្បាប់ស្ដីពីការវិនិយោគថ្មី នឹងធ្វើឱ្យគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវ៉ាត់មួយ និងការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា ចិន កិច្ចសហប្រតិបត្តិការវិនិយោគកម្ពុជា ចិននឹងទទួលបានលទ្ធផលគួរជាទីគាប់ប្រសើរជាក់ជាមិនខាន៕

ក្រុមហ៊ុនអន្តរជាតិល្បីៗបន្តបង្ហាញចំណាប់អារម្មណ៍ហក់ចូលទីផ្សារកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ប៊្រែន ឬម៉ាកយីហោអន្តរជាតិល្បីៗបានប្រកាសគម្រោងហក់ចូលទីផ្សារកម្ពុជា នៅឆ្នាំ២០២២ ហើយតាមការរំពឹងទុកថា កត្តានេះនឹងជួយជំរុញសន្ទុះសកម្មភាពជាថ្មីនៅក្នុងវិស័យលក់រាយ និងវិស័យសណ្ឋាគារ។

ទោះបីជាទីផ្សារអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ប្រឈមនឹងការលំបាកខ្លះដោ​យសារការរីករាលកូវីដ-១៩យ៉ាងណាក្ដី ក៏អាជីវកម្មបរទេស នៅតែបន្តបង្ហាញចំណាប់អារម្ម​ណ៍ហក់ចូលទីផ្សារកម្ពុជា គួរឱ្យកត់សម្គាល់។

អំឡុងពេលមុនផ្ទុះវិបត្តិកូវីដ-១៩ រាជធានីភ្នំពេញ បានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយក្រុមហ៊ុនបរទេសនានាបានចាប់ផ្ដើមបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ទូទាំងប្រទេស។ សូម្បីអំឡុងពេលវិបត្តិកូវីដ-១៩ ក៏នៅតែមានក្រុមហ៊ុនបរទេស បានបន្តហក់ចូលទីផ្សារកម្ពុជាជាហូរហែរ។

រាជរដ្ឋាភិបាលបានប្រកាសយ៉ាងច្បាស់ៗថា ការអភិវឌ្ឍហេដ្ឋារនាសម្ព័ន្ធនឹងនៅតែបន្តធ្វើឡើង ហើយប្រជាពលរដ្ឋយ៉ាងច្រើន ដែលទទួលផលពីការអភិវឌ្ឍនេះ មានដូចជានៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ជាដើមនៅរយៈពេល៥ឆ្នាំខាងមុខ។

ការសិក្សាទីផ្សារអ្នកប្រើប្រាស់បង្ហាញថា ប្រ៊ែនអន្តរជាតិល្បីៗនៅតែបង្ហាញចំណា​ប់អារម្មណ៍ហក់ចូលទីផ្សារកម្ពុជា ដោយសារមើលឃើះថា តម្រូវការប៊្រែនអន្តរជាតិថ្មីៗនៅក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងជាលំដាប់។

តួយ៉ាង ក្រុមហ៊ុនអន្តរជាតិដូចជាក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton Hotel Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ក្រុមហ៊ុនបដិសណ្ឋារកិច្ចជប៉ុនOkura Nikko Hotel Management Co., Ltd និងក្រុមហ៊ុន H&M ជាដើមគ្រោងបើកដំណើរការនៅកម្ពុជា នៅឆ្នាំ២០២២ ជាមួយនឹងក្ដីរំពឹងថា វិស័យលក់រាយសម្លៀកបំបពាក់ និងវិស័យសណ្ឋាគារនឹងមានសន្ទុះកើនឡើង៕  Khmer Times៕

ក្រុមហ៊ុនដ៏ធំរបស់ថៃពង្រីកទីផ្សារលក់រាយនៅខេត្តមានសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា

ដោយៈ សុធារី

សៀមរាបៈ ហាង Fresh Mart របស់ក្រុមហ៊ុន ស៊ីភី បានចូលរួមជាមួយវិស័យលក់រាយម្ហូបអាហារនៅកម្ពុជា ជាមួយនឹងហាងចំនួន២សាខា គឺនៅខេត្តសៀមរាប និងបាត់ដំបង ដែលផ្តល់នូវជម្រើសមួយផ្សេងទៀត ក្នុងការទិញអាហារគុណភាពខ្ពស់ ថ្មី ស្រស់ ផលិតក្នុងស្រុក និងផលិតផលសម្រេចជាច្រើនទៀត។

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាបុត្រសម្ព័ន្ធក្រុមហ៊ុន CP F ដែលជាក្រុមហ៊ុន កសិ-ឧស្សាហកម្ម ឈាន មុខគេរបស់ប្រទេសថៃ បានបើកដំណើរការហាងលក់រាយនេះឡើង ដើម្បីលើកកម្ពស់គុណភាព និងផ្គត់ផ្គង់ផលិតផល អាហារសម្រេច និងផលិតផលសាច់ស្រស់ប្រកបដោយគុណភាពខ្ពស់ នៅក្នុងតម្លៃសមរម្យ ដែលមានទាំងលក់ រាយនិងលក់បោះដុំ។

ហាង CP Fresh Mart ជាអ្នកផ្គត់ផ្គង់ និងចែកចាយដ៏ធំនៃមុខទំនិញជាច្រើនប្រភេ​ទ មានចាប់ពីសាច់ជ្រូក សាច់-មាន់ ស៊ុត បន្លែ និងផលិតផលសម្រេចជាច្រើនទៀត។

លោកសែត បូរី អនុប្រធានការិយាល័យ អាជីវកម្ម CP Fresh Mart នៃក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ ប្រចាំសាខាបានមានប្រសាសន៍ថា ក្រុមហ៊ុន CP ខេមបូឌា បានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការចូលរួមពង្រីកអាជីវកម្ម CP Fresh Mart ឱ្យមានភាពរីកចម្រើន ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងផ្តល់នូវផលិតផលដែលមានស្តង់ដា។

លោកបានមានប្រសាសន៍ថា “បច្ចប្បន្ននេះក្រុមហ៊ុនស៊ីភី បានពង្រីកអាជីវកម្ម CP Fresh Mart ២ សាខារួចមកហើយដោយសាខាទី១ នៅខេត្តសៀមរាប និងសាខាទី២ នៅខេត្តបាត់ដំបង”។

ការពង្រីកហាងលក់រាយនេះ គោលបំណងសំខាន់ៗជាច្រើន ដូច ជាផ្តោតទៅលើការផ្គត់ផ្គង់ និងចែកចាយផលិតផលទាំងអស់របស់ ស៊ីភី ទាំងបោះដុំ និងលក់រាយ ផ្តល់នូវផលិតផលគ្រប់ប្រភេទរបស់ប្រ៊េន CP ដែលមានគុណភាពល្អជូនអតិថិជន ដើម្បីឱ្យស្របទៅនឹងពាក្យស្លោកមួយឃ្លាថា “កាលបើយើងបរិភោគនៅអាហារដ៏ល្អ យើងនឹងទទួលបាននូវគុណភាពជីវិតដ៏ល្អ” និងលើសពីនេះទៅទៀត ដើម្បីផ្តល់នូវសេវាកម្មដ៏ល្អ ក្នុងការចែកចាយជូនដល់អតិថិជន ដើម្បីទទួលនូវផលិតផលល្អ និងតម្លៃដូចទីផ្សារក្នុងប្រទេសកម្ពុជា។

លោកសែត បុរីបានបន្ថែមថា “យើងទទួល បានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនរបស់យើង ហើយក្រុមហ៊ុន ស៊ីភី ខេមបូឌា គ្រោងនឹងពង្រីកហាង Fresh Mart របស់ខ្លួនទៅកាន់ខេត្តផ្សេងទៀតនាពេលអនាគត”៕

ជប៉ុនហាមមិនឲ្យភ្ញៀវបរទេសចូលប្រទេស ដោយសារការរីករាលដាលនៃមេរោគថ្មីឈ្មោះអូមីក្រង់

ដោយ: ម៉ាលីស

អន្តរជាតិ: ប្រទេសជប៉ុនបានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងផ្អាកការចូលរបស់ភ្ញៀវបរទេសទាំងអស់មកពីជុំវិញពិភពលោក ដោយសារការរីករាលដាល នៃមេរោគឆ្លងថ្មី ដែលជំរុញឱ្យប្រទេសចំនួនកាន់តែច្រើនរឹតបន្តឹងព្រំដែនរបស់ពួកគេ។

លោកនាយករដ្ឋមន្រ្តីជប៉ុន Fumio Kishida បានថ្លែងថា “យើងកំពុងចាត់វិធានការណ៍ជាការប្រុងប្រយ័ត្នជាបន្ទាន់ ដើម្បីការពារសេណារីយ៉ូ  ករណីអាក្រក់បំផុត ដែលអាចកើតមានឡើង”។

ការសម្រេចចិត្តនេះមានន័យថា ប្រទេសជប៉ុននឹងស្តារការគ្រប់គ្រងព្រំដែន ដែលខ្លួនបានបន្ធូរបន្ថយនៅដើមខែនេះ សម្រាប់ភ្ញៀវធុរកិច្ចរយៈពេលខ្លី និស្សិត និងកម្មករបរទេស។

លោក Kishida បានជំរុញមនុស្សឱ្យបន្តពាក់ម៉ាស់ និងវិធានការប្រឆាំងមេរោគជាមូលដ្ឋានផ្សេងទៀត រហូតដល់ព័ត៌មានលម្អិតបន្ថែមនៃមេរោគ Omicron ថ្មីត្រូវបានគេស្គាល់។

ប្រទេសជាច្រើនបានផ្លាស់ប្តូរ ដើម្បីរឹតបន្តឹងព្រំដែនរបស់ពួកគេ ទោះបីជាអ្នកវិទ្យាសាស្ត្រព្រមានថា វាមិនច្បាស់ថាតើមេរោគថ្មីនេះ គួរឱ្យព្រួយបារម្ភជាងមេរោគបំលែងខ្លូនផ្សេងទៀតឬអត់។

មេរោគនេះ ត្រូវបានកំណត់អត្តសញ្ញាណប៉ុន្មានថ្ងៃមុន ដោយអ្នកស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូង ហើយភាគច្រើននៅតែមិនទាន់ដឹងអំពីវា រួមទាំងថាតើវាឆ្លងច្រើន ទំនងជាបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ ឬអាចគេចផុតពីការការពារវ៉ាក់សាំងរឺទេ  ប៉ុន្តែប្រទេ​ស​ជាច្រើន បានប្រញាប់ប្រញាល់ធ្វើសកម្មភាព ដោយឆ្លុះបញ្ចាំងពីការថប់បារម្ភ អំពីអ្វីដែលអាចពន្យារការរីករាលដាល នៃជំងឺរាតត្បាតដែលបានសម្លាប់មនុស្សជាង៥ លាននាក់។

អ៊ីស្រាអែលបានសម្រេចចិត្តរារាំង មិនឱ្យជនបរទេសចូល ហើយប្រទេសម៉ារ៉ុកបាននិយាយថា ខ្លួននឹងផ្អាកជើងហោះហើរ ចូលទាំងអស់សម្រាប់រយៈពេល ពីរសប្តាហ៍ចាប់ពីថ្ងៃច័ន្ទ ការកើនឡើងយ៉ាងខ្លាំងនៃការទប់ស្កាត់ការធ្វើដំណើរដែល ដែលត្រូវបានដាក់ដោយប្រទេសជុំវិញពិភពលោក ខណៈដែលពួកគេព្យាយាមដើម្បី បន្ថយការរីករាលដាលនៃវ៉ារ្យ៉ង់។

អ្នកវិទ្យាសាស្ត្រនៅកន្លែងជាច្រើន ពីហុងកុងទៅអឺរ៉ុប និងដល់អាមេរិកខាងជើង បានបញ្ជាក់ពីវត្តមានរបស់វា។  ប្រទេសហូឡង់បានរាយការណ៍ពី Omicron ចំនួន ១៣ករណី កាលពីថ្ងៃអាទិត្យ ហើយទាំងកាណាដា និងអូស្ត្រាលីបានរកឃើញ២ករណី។

ដោយកត់សម្គាល់ថា មេរោគនេះត្រូវបានគេរកឃើញរួចហើយ នៅក្នុងប្រទេសជាច្រើន ហើយការបិទព្រំដែនជារឿយៗ នាំអោយមានផលប៉ះពាល់ ដូចនេះអង្គការសុខភាពពិភពលោក បានអំពាវនាវឱ្យព្រំដែននៅតែបើកចំហ។

ប្រទេសជាច្រើនកំពុងដាក់ចេញនូវបម្រាមបែបនេះ ទោះបីជាវាផ្ទុយនឹងការណែនាំរបស់អង្គការសុខភាពពិភពលោក ដែលបានព្រមានប្រឆាំងនឹងប្រតិកម្ម ហួសហេតុណាមួយ មុនពេលវ៉ារ្យ៉ង់នេះត្រូវបានសិក្សាយ៉ាងហ្មត់ចត់។

អ៊ីស្រាអែលបានផ្លាស់ប្តូរការហាមឃាត់ ការចូលដោយជនបរទេស និងកំណត់ឱ្យនៅដាច់ពីគេ សម្រាប់ជនជាតិអ៊ីស្រាអែលទាំងអស់ដែលមកដល់ពីបរទេស។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយកាលពីថ្ងៃចន្ទថា ជប៉ុនកំពុងពិចារណាបង្កើនការគ្រប់គ្រងព្រំដែន។

លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា គាត់គ្រោងនឹងប្រកាសវិធានការថ្មី បន្ថែម លើលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេរយៈពេល១០ថ្ងៃ នាពេលបច្ចុប្បន្ន សម្រាប់អ្នកធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួន៨ផ្សេងទៀត នៅក្បែរនោះ។ជប៉ុននៅ តែបន្តបិទព្រំដែន មិនឲ្យភ្ញៀវទេសចរបរទេសមកពីប្រទេសណាមួយចូលឡើយ៕

ដំណឹងល្អៈក្រុមហ៊ុនអាកាសចរណ៍ចំនួន៨បានដាក់ពាក្យស្នើសុំបន្តការ ហោះហើរឡើងវិញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេស និងបើកទទួលស្វាគ​មន៍អ្នកដំណើរបរទេសឡើងវិញ ជាពិសេសទេសចរណ៍វ៉ាក់សាំង មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន បានស្នើសុំបន្តការហោះហើរឡើងវិញ។

មន្ត្រីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិលឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៨បានដាក់ពាក្យស្នើសុំបើកការហោះហើរមកកម្ពុជា។

លោកម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជារដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថ្លែង ក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍កាលពីថ្ងៃទី២៩ វិច្ឆិកា២០២១នេះឱ្យដឹងថា បន្ទាប់ពីការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា បានបើកប្រទេសឡើងវិញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចូលកម្ពុជា ស្របតាមវិធានការ និងលក្ខខណ្ឌតម្រូវការ បានធ្វើឱ្យមានសន្ទុះអ្នកដំណើរចូលកម្ពុជា មានការកើនឡើងជាបណ្តើរៗ ជាពិសេសក្រោយរាជរដ្ឋាភិបាល ប្រកាសលើ​កលែងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំងពេញលេញរួចមក។

លោកបញ្ជាក់ថា ចាប់ពីខែធ្នូ ឆ្នាំ២០២១ទៅ ចំនួនជើងហោះហើរសរុបនឹងមានការកើនឡើង ក្នុង១សប្តាហ៍ រហូតដល់៤៣ជើង/សប្តាហ៍ ធៀបទៅនឹងខែមុន (ខែតុលា ឆ្នាំ២០២១) គឺមានការកើនឡើង១៦ភាគរយ (កើនឡើងពី ៣៧ជើង ទៅ៤៣ជើង/សប្តាហ៍) គិតត្រឹមថ្ងៃទី ២៧ ខែវិច្ឆកា ឆ្នាំ២០២១។

លោកបន្តថា “ ចំនួនជើងហោះហើរនេះ អាចនឹងមានការប្រែប្រួល ទៅតាមការវិវត្តនៃស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ-១៩”។

សម្រាប់ការហោះហើរតាមកម្មវិធី (Scheduled Flights) ចាប់ពីខែធ្នូ ឆ្នាំ២០២១ ទៅ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន៦ បានដាក់ពាក្យស្នើសុំបន្តការហោះហើរឡើងវិញ ក្នុងនោះមាន ក្រុមហ៊ុន Thai Smile Airways មកពីបាងកក (៤ជើង/សប្តាហ៍) Bangkok Airways មកពីបាងកក (៧ជើង/សប្តាហ៍), Thai Air Asia មកពីបាងកក (៣ជើង/សប្តាហ៍), Philippines Airlines មកពីម៉ានីឡា (១ជើង/សប្តាហ៍), Cathay Pacific Airways មកពីហុងកុង (១ជើង/សប្តាហ៍)។

ដោយឡែកក្រុមហ៊ុន Singapore Airlines ក៏បានស្នើសុំបន្ថែមជើងហោះហើរ ឡើងដល់១៤ជើង/សប្តាហ៍ លើដំណាក់ផ្លូវ សិង្ហបុរី-ភ្នំពេញ-សិង្ហបុរី ព្រមទាំងបានស្នើសុំហោះហើរឡើងវិញលើដំណាក់ផ្លូវ សិង្ហបុរី-សៀមរាប-សិង្ហបុរី ចំនួន៧ជើង/សប្តាហ៍  ក្នុងនោះក៏មានក្រុហ៊ុនអាកាសចរណ៍ក្នុងស្រុក ( Lanmei Airlines) នឹងធ្វើការហោះហើរ លើដំណាក់ផ្លូវ ភ្នំពេញ-សៀមរាប-បាងកក ចំនួន ២ជើង/សប្តាហ៍។

អាកាសចរស៊ីវិល បានកំណត់អាទិភាពនៃការចាប់ផ្តើម បើកជើងហោះដឹកអ្នកដំណើរតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសអាស៊ាន ជាអាទិភាពទី១ ស្របតាមគោលការណ៍បន្ធូរបន្ថយការធ្វើចត្តាឡីស័ក។ អាកាសចរស៊ីវិលនឹងជំរុញ និងពិភាក្សាជាបន្តបន្ទាប់ជាមួយបណ្តាក្រុមហ៊ុនអាកាសចរណ៍ មកពីមជ្ឈឹមបូព៌ាប្រទេស ដូចជា Emirates, Qatar Airways និង Etihad Airways ក្នុងការពិចារណារៀបចំជើងហោះហើរឡើងវិញ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways មកពីទីក្រុងតូក្យូនៃប្រទេសជប៉ុនផងដែរ៕

លោកឧបនាយករដ្ឋមន្រ្តីចុះពិនិត្យស្រាវជ្រាវនិងបង្រ្កាបបទល្មើសបំផ្លាញព្រៃលិចទឹកនៅជុំវវិញបឹងទន្លេសាបតាមបទបញ្ជាសម្តេចតេជោ

ដោយៈ គង់ សូរិយា

កំពង់ឆ្នាំងៈ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចចុះទៅស្រាវជ្រាវ និងបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅជុំវិញបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំង បន្ទាប់ពីការចេញបទបញ្ជារបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

នៅព្រឹកមិញ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើដំណើរទៅដល់ខេត្តកំពង់ឆ្នាំង និងបានបើកកិច្ចប្រជុំ ជាមួយថ្នាក់ដឹកនាំក្រុមការងារចុះជួយខេត្ត អភិបាលខេត្ត និងមន្រ្តីពាក់ព័ន្ធ រួចហើយបន្តដំណើរចុះទៅពិនិត្យផ្ទាល់ នៅតំបន់ព្រៃលិចទឹក ដើម្បីដាក់ចេញផែនការ និងវិធានការឲ្យអាជ្ញាធរ និងកងកម្លាំងបង្ក្រាបឲ្យខាងតែបានចំពោះបទល្មើសមួយនេះ។

ក្រោយបញ្ចប់ការចុះត្រួតពិនិត្យនៅខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃដដែលនេះ លោ​កឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អមដំណើរដោយរដ្ឋមន្រ្តីមួយចំនួន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បានធ្វើដំណើរទៅដល់ខេត្តកំពង់ធំ ដើម្បីចុះស្រាវជ្រាវបន្តទៀតចំពោះបទល្មើសនេះ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។

បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង និងត្រូវមានការដោះស្រាយជាបន្ទាន់។

ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមការងារចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ ទន្លេសាប ស្ថិតនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំផងដែរ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញកសិកម្ម និងជលផលស បានឲ្យដឹងថា ដីព្រៃលិចទឹកតំបតំបន់៣ នៅក្នុងខេត្តកំពង់ឆ្នាំងរាប់ពាន់ហិកតា ត្រូវបានជនខិលខូចមានទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានលួចឈូសឆាយរំលោភយកធ្វើជាកម្មសិទ្ធិជារៀងរាល់ឆ្នាំ។

ពាក់ព័ន្ធនឹងបទល្មើសឈូសឆាយដីព្រៃលិចទឹក ក្នុងខេត្តកំពង់ឆ្នាំងខាងលើនេះ គឺភាគច្រើនកើតមាននៅក្នុងឃុំច្រណូក និងឃុំផ្លូវទូក ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគីរី ឃុំខុនរង និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងនៅក្នុងក្រុងកំពង់ ឆ្នាំងក៏មានផងដែរ៕

តើវិស័យអាទិភាពណាខ្លះទាក់ទាញបានទុនវិនិយោគច្រើនជាងគេក្នុងឆ្នាំ២០២១នេះ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២១នេះ បើទោះបីជាកម្ពុជា បានរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ធ្ងន់ធ្ងរជាងឆ្នាំ២០២០ក្ដី តែកម្ពុជានៅតែបន្តទាក់ទាញបានទុនវិនិយោគជាបន្តបន្ទាប់ពីបរទេស ដោយក្នុងនោះរយៈពេល១ឆមាសដំបូង កម្ពុជាទទួលបានទុនវិនិយោគផ្ទាល់ពីបរទេសប្រមាណ៣៩ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមវិស័យទាំងនោះ វិស័យអាទិភាពចំនួន៧ទទួលបានទុនវិនិយោគច្រើនជាងគេក្នុងពាក់កណ្ដាលឆ្នាំ ២០២១នេះ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីចុងសប្ដាហ៍កន្លងទៅនេះ ឱ្យដឹងថា វិស័យចំនួន៧ដែលវិនិយោគិនបរទេសបានដាក់ទុនច្រើនជាងគេក្នុងរយៈពេលកន្លះឆ្នាំដំបូង ក្នុងនោះរួមមាន ទី១.វិស័យ ហិរញ្ញវត្ថុទទួលបានទុនវិនិយោគសរុបប្រមាណ២១,៩ភាគរយ ទី២. វិស័យកម្មន្តសាល ទទួលបានទុនវិនិយោគសរុបប្រមាណ២០,៩ភាគរយ។ ទី៣. វិស័យអចលនទ្រព្យ ទទួលបានទុនវិនិយោគប្រមាណ១២,២ភាគរយ ទី៤. វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ទទួលបានទុនវិនិយោគប្រមាណ១១ភាគរយ

ទី៥. វិស័យកសិកម្ម ទទួលបានទុនវិនិយោគសរុបប្រមាណ១០,៧ភាគរយ ទី៦.វិស័យអគ្គិសនី ទទួលបានទុនវិនិយោគប្រមាណ៦,៣ភាគរយ និង៧. វិស័យសំណង់ ក៏ទទួលបានទុនវិនិយោគប្រមាណ៣,៧ភាគរយផងដែរ ក្នុងវិបត្តិកូវីដ១៩នេះ។

ជាការកត់សម្គាល់បន្ទាប់ពីកម្ពុជាបាន ប្រកាសបើកប្រទេសឡើងវិញ បណ្ដាវិនិយោគិ​នបរទេសនិងក្នុងស្រុកជាច្រើន បាននិងកំពុងសម្លឹងរកការវិនិយោគ ជាបន្ទាប់នៅក្នុងប្រទេសកម្ពុជា ក្នុងនោះ វិនិយោគិនបរទេសដែលមានវត្តមានស្រាប់ នៅក្នុងប្រទេសកម្ពុជា ក៏បានបញ្ចេញសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។

លោក ច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍ផងដែរថាឆ្នាំ ទោះបីជាកម្ពុជាជួបវិបត្តិដោយសារតែជំងឺកូវីដ១៩ក្តី តែកម្ពុជា នៅតែទទួលបានការវិនិយោគពីបរទេសនិងក្នុងស្រុក ដែលខុសប្លែកពីប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ដែលមានសកម្មភាពស្ងប់ស្ងាត់ ។

លោករំពឹងថា “បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ សកម្មភាព វិនិយោគនៅក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះហើយសន្ទុះនឹងខ្លាំងជាងមុនស្ថានភាពនៃវិបត្តិកូវីដ១៩ទៅទៀត”៕

ក្រុមហ៊ុន Nissan គ្រោងបោះទុនជិត ២០ពាន់លានដុល្លារដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី

ដោយៈសុខុម

តូក្យូៈ ក្រុមហ៊ុនជប៉ុន Nissan Motor Co បានប្រកាសនៅថ្ងៃច័ន្ទ ទី២៩ វិច្ឆិកា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគ រហូតដល់ទៅ២ទ្រីលានយ៉េន (១៧,៥៩ពាន់លានដុល្លារអាមេរិក) នៅរយៈពេល៥ឆ្នាំក្រោយ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី (EV)។ យោងតាមការចុះផ្សាយឱ្យសារព័ត៌មាន CNA។

ការប្រកាសនេះធ្វើឡើង ស្របពេលក្រុមហ៊ុននេះ ប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំង ជុំវិញការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស ដែលជំរុញឱ្យតម្រូវការរថយន្តអគ្គិសនី និងរថយន្ត Hybrid មានសន្ទុះកើនឡើងគួរឱ្យសម្គាល់។

ក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣ របស់ប្រទេសជប៉ុន មួយនេះបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងបញ្ចេញបច្ចេកវិទ្យាអាគុយនៅត្រឹមខែមីនា ឆ្នាំ២០២៩។

ការប្រកាសបោះទុនយ៉ាងច្រើនសន្ធឹក សន្ធាប់របស់ក្រុមហ៊ុន Nissan លើការផលិតរថយន្តដើរដោយថាមពលអាគុយនេះធ្វើឡើង ស្របពេលតម្រូវការរថយន្តបែបនេះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងទីផ្សាររថយន្តធំៗ ដូចជា នៅប្រទេសចិន និងសហរដ្ឋអាមេរិក និងស្របពេលបណ្ដាគូប្រកួតប្រជែង របស់ខ្លួនបញ្ចេញរថយន្តអគ្គិសនីថ្មីៗ។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា ថ្វីបើចំនួនរថយន្តអគ្គិសនី ដែលបើកបរតាមដងផ្លូវនៅតិចតួចនៅឡើយក្ដី ក៏ការចុះបញ្ជីរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងឆ្នាំ២០២០ បានកើនឡើង៤១% ខណៈទីផ្សាររថយន្តទាំងមូលធ្លាក់ចុះជិត១ភាគ៦។

ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan និងក្រុមហ៊ុនផលិតរថយន្តជប៉ុន ដទៃទៀតមិនទាន់បានបានបង្ហាញ ពីការប្តេជ្ញាចិត្តបោះបង់ចោលទាំងស្រុង នូវរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល (សាំង និងម៉ាស៊ូត) នៅឡើយទេ។

នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពី អាកាសធាតុនៅទីក្រុង Glasgow ក្នុងខែនេះ ក្រុមហ៊ុនផលិតរថយន្តធំៗ រួមទាំងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford Motor Co ផងបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះ ប្ដេជ្ញាបញ្ឈប់ការផលិតរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល នៅត្រឹមឆ្នាំ២០៤០៕  Reuters៕