ដោយៈគង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យកម្ពុជា បានបង្ហាញសញ្ញាសុទិដ្ឋិនិយមសម្រាប់ទីផ្សារអចលនទ្រព្យនៅឆ្នាំនេះ ស្របពេលស្ថានភាពសេដ្ឋកិច្ច វិវត្តន៍៍មករកភាពកាន់តែល្អប្រសើរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី២៧ មករាកន្លងមកថា ទីផ្សារអចលនទ្រព្យនៅឆ្នាំ២០២២នេះ ធៀបនឹងបណ្តាឆ្នាំ២០២០ ២០២១កន្លងមក គឺនឹងមានភាពល្អប្រសើរ ដោយសារការរីកចម្រើនសេដ្ឋកិច្ច ការនាំាំចេញ និងលំហូរអ្នកវិនិយោគបរទេស ចូលមកកាន់កម្ពុជាបណ្តើរៗហើយ។
លោកបន្តថា “ការបើកចំហរសេដ្ឋកិច្ច របស់ប្រទេសពីប្រមុខរដ្ឋាភិបាល និងសកម្មភាពសេដ្ឋកិច្ចបាននិងកំពុងមានភាពសកម្មឡើងវិញ បន្ទាប់ពីរដ្ឋាភិបាលបានបើកប្រទេសកាលពីចុងឆ្នាំមុន”។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវការព្យាករណ៍ពីរដ្ឋាភិបាលថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងអាចកើនឡើងក្នុងរង្វង់៥,៦ភាគរយ ខណៈសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានព្យាករណ៍ផងដែរថា សេដ្ឋកិច្ចកម្ពុជាឆ្នាំាំនេះនឹងកើនរហូតដល់៦ភាគរយ។
លោកច្រឹក សុខនីម បានបន្តថា សកម្មភាពទិញលក់អចលនទ្រព្យកាន់តែមានភាបសកម្មឡើងវិញ ពិសេសការវិនិយោគដីធ្លី បុរីលំនៅដ្ឋាន និងសកម្មភាពសាងសង់ដទៃទៀត។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករណ៍ផងដែរថា កំណើនវិនិយោគក្នុងវិស័យអចលនទ្រព្យឆ្នាំាំនេះ នឹងកើនឡើងក្នុងរង្វង់៤,៨ភាគរយ ស្របពេលទុនវិនិយោគ ក្នុងវិស័យសំណង់កាលពីឆ្នាំមុន មានទំហំទឹកប្រាក់ជាង៥០០០លានដុល្លារអាមេរិក។
អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានអះអាងថា ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះ នឹងកើនឡើង ពិសេសការវិនិយោគលើបុរីធំៗជាច្រើន បាននិងកំពុងកើនឡើងវិញ ស្របពេលទីផ្សារនៅតែមានតម្រូវការច្រើនពីប្រជាពលរដ្ឋ។
លោកបន្តថា “បើគេសាងសង់លក់មិនដាច់ គេនឹងមិនបន្តសាងសង់នោះទេ ហេតុនេះគេវិនិយោគ គឺគេមើលឃើញពីតម្រូវការរួចហើយ”៕