ក្រុមហ៊ុន Nissan គ្រោងបោះទុនជិត ២០ពាន់លានដុល្លារដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី

ដោយៈសុខុម

តូក្យូៈ ក្រុមហ៊ុនជប៉ុន Nissan Motor Co បានប្រកាសនៅថ្ងៃច័ន្ទ ទី២៩ វិច្ឆិកា នេះថា ខ្លួនមានគម្រោងបោះទុនវិនិយោគ រហូតដល់ទៅ២ទ្រីលានយ៉េន (១៧,៥៩ពាន់លានដុល្លារអាមេរិក) នៅរយៈពេល៥ឆ្នាំក្រោយ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនី (EV)។ យោងតាមការចុះផ្សាយឱ្យសារព័ត៌មាន CNA។

ការប្រកាសនេះធ្វើឡើង ស្របពេលក្រុមហ៊ុននេះ ប្រឈមនឹងការរឹតបន្តឹងកាន់តែខ្លាំង ជុំវិញការបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាស ដែលជំរុញឱ្យតម្រូវការរថយន្តអគ្គិសនី និងរថយន្ត Hybrid មានសន្ទុះកើនឡើងគួរឱ្យសម្គាល់។

ក្រុមហ៊ុនផលិតរថយន្តធំបំផុតទី៣ របស់ប្រទេសជប៉ុន មួយនេះបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងបញ្ចេញរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ២០៣០ ហើយគ្រោងបញ្ចេញបច្ចេកវិទ្យាអាគុយនៅត្រឹមខែមីនា ឆ្នាំ២០២៩។

ការប្រកាសបោះទុនយ៉ាងច្រើនសន្ធឹក សន្ធាប់របស់ក្រុមហ៊ុន Nissan លើការផលិតរថយន្តដើរដោយថាមពលអាគុយនេះធ្វើឡើង ស្របពេលតម្រូវការរថយន្តបែបនេះកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងទីផ្សាររថយន្តធំៗ ដូចជា នៅប្រទេសចិន និងសហរដ្ឋអាមេរិក និងស្របពេលបណ្ដាគូប្រកួតប្រជែង របស់ខ្លួនបញ្ចេញរថយន្តអគ្គិសនីថ្មីៗ។

យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ឱ្យដឹងថា ថ្វីបើចំនួនរថយន្តអគ្គិសនី ដែលបើកបរតាមដងផ្លូវនៅតិចតួចនៅឡើយក្ដី ក៏ការចុះបញ្ជីរថយន្តអគ្គិសនីទូទាំងពិភពលោកក្នុងឆ្នាំ២០២០ បានកើនឡើង៤១% ខណៈទីផ្សាររថយន្តទាំងមូលធ្លាក់ចុះជិត១ភាគ៦។

ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan និងក្រុមហ៊ុនផលិតរថយន្តជប៉ុន ដទៃទៀតមិនទាន់បានបានបង្ហាញ ពីការប្តេជ្ញាចិត្តបោះបង់ចោលទាំងស្រុង នូវរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល (សាំង និងម៉ាស៊ូត) នៅឡើយទេ។

នៅឯកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិស្ដីពី អាកាសធាតុនៅទីក្រុង Glasgow ក្នុងខែនេះ ក្រុមហ៊ុនផលិតរថយន្តធំៗ រួមទាំងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Ford Motor Co ផងបានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនោះ ប្ដេជ្ញាបញ្ឈប់ការផលិតរថយន្តដើរដោយឥន្ធនៈហ្វូស៊ីល នៅត្រឹមឆ្នាំ២០៤០៕  Reuters៕

តើប្រទេសទាំង១០ដែលវិនិយោគច្រើនជាងគេនៅកម្ពុជាមានប្រទេសណាខ្លះ និងទំហំទឹកប្រាក់ប៉ុន្មាន?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តើប្រទេសណាខ្លះបានជាប់លេខរៀង Top Ten នៅកម្ពុជា? គិតត្រឹមឆ្នាំ​២០២១នេះ? និងប្រទេសនិមួយៗវិនិយោគលើទឹកប្រាក់ទំហំប៉ុន្មាន?។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៧ វិច្ឆិកា២០២១នេះ ឱ្យដឹងថា គិតត្រឹមចុងឆមាសទី១នៃឆ្នាំ២០២១នេះ កម្ពុជាទទួលបានទុនវិនិយោគ ពីបរទេសចនួន៣៩ពាន់លានដុល្លារអាមេរិក ក្នុងនោះមានប្រទេសចំនួន១០ ដែលបានដាក់ទុនវិនិយោគច្រើនជាងគេ។

បណ្តាប្រទេសទាំងនោះមានដូចជា
១.ប្រទេសចិនដាក់ទុនវិនិយោគសរុប ប្រមាណ១៧,៣ពាន់លានដុល្លារ ឬប្រមាណជា ៤៤,២ភាគរយ នៃទុនវិនិយោគរបស់វិនិយោគិនបរទេសសរុបនៅកម្ពុជា។
២.ប្រទេសកូរ៉េខាងត្បូង បានដាក់ទុនិវិនិយោគសរុបប្រមាណ ៤,១ពាន់លានដុល្លារអាមេរិក ឬប្រមាណជាង១០,៦ភាគរយ។
៣. ប្រទេសវៀតណាម បានដាក់ទុនវិនិយោគប្រមាណ២,៥ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណ៦,៣ភាគរយ។
៤. ប្រទេសសិង្ហបុរី បានដាក់ទុនវិនិយោគ ប្រមាណ២,៤ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណជាង៦,២ភាគរយ។
៥. ប្រទេសជប៉ុន បានដាក់ទុនវិនិយោគប្រមាណ២,៣ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណ៥,៨ភាគរយ។
៦. ប្រទេសម៉ាឡេស៊ី បានដាក់ទុនវិនិយោគប្រមាណជា១,៨ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណជា៤,៧ភាគរយ។
៧. ប្រទេសថៃ បានដាក់ទុនវិនិយោគប្រមាណ១,៨ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណជាង៤,៦ភាគរយ។
៨. ចក្រភពអង់គ្លេសបានដាក់ទុន ប្រមាណ១,៣ពាន់លានដុល្លារអាមេរិក មានចំណែកប្រមាណជា៣,៤ភាគរយ។
៩.ប្រទេសកាណាដា បានដាក់ទុនវិនិយោគនៅកម្ពុជារយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ ប្រមាណជា១ពាន់លានដុល្លារអាមេរិក និងមានចំណែកប្រមាណ២,៤ភាគរយ។
១០.សហរដ្ឋអាមេរិក ក៏បានដាក់ទុនវិនិយោគ ប្រមាណ៨០០លានដុល្លារអាមេរិកផងដែរ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ មានចំណែកប្រមាណ២ភាគរយ នៃទុនវិនិយោគសរុប។

បើតាមរបាយការណ៍ដដែលបានបញ្ជាក់ថា មានវិស័យចំនួន៧សំខាន់ ដែលស្រូបបានទុនវិនិយោគច្រើនជាងគេ រួមមាន វិស័យហិរញ្ញវត្ថុ ២១,៩ភាគរយ វិស័យកម្មសាល ២០,៨ភាគរយ វិស័យអចលនទ្រព្យ១២,២ភាគរយ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន១១ភាគរយ កសិកម្ម ១០,៧ភាគរយ អគ្គិសនី ៦,៣ភាគរយ សំណង់៣,៧ភាគរយ និងវិស័យផ្សេងៗទៀតមាន១៣,៤ភាគរយ ៕

លោកឃឹម ហ្វីណង់ៈ ភូមិព្រះដាក់ស្អាតមិនមែនដោយសារមានអ្នកពូកែរើសសំរាមទេ តែផ្តើមពីការផ្លាស់ប្តូរឥរិយាបទ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់បានមានប្រសាសន៍ថា ភូមិព្រះដាក់ ស្អាតមិនមែនដោយសារមានអ្នកពូកែរើសសំរាមនោះទេ! តែវាមកពីអ្នកភូមិខ្លួនឯង ចាប់ផ្តើមមានការផ្លាស់ប្តូរឥរិយាបថជា វិជ្ជមានលើបញ្ហាអនាម័យ ព្រមទាំងបានបង្ហាញភាពជាគំរូនៅលើការគ្រប់គ្រងបរិស្ថានក្នុងភូមិ។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកកាលពីថ្ងៃចុងសប្តាហ៍៍កន្លងមកថា អបអរសាទរ “ភូមិព្រះដាក់ ”ដែលទទួលបានបណ្ណសរសើរ មេត្រីភាពបរិស្ថាន» ពីក្រសួងបរិស្ថាន ក្នុងនាមជាប្រតិបត្តិករឆ្នើមលើការងារបរិស្ថានប្រចាំឆ្នាំ២០២១! បណ្ណសរសើរនេះត្រូវបានប្រគល់ជូន ដល់លោកមេភូមិព្រះដាក់ ដោយលោករដ្ឋមន្ត្រី សាយ សំអាល់ នៅឯទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ ២០២១។

លោកបន្តថា “ឆ្នាំនេះជាឆ្នាំទី២ហើយ ដែលស្រុកបន្ទាយស្រី ទទួលបានការលើកទឹកចិត្តពីក្រសួងបរិស្ថាន ហើយវាជាការស័ក្តិសមបំផុត ដែលបណ្ណសរសើរមេត្រីភាពបរិស្ថានក្នុងឆ្នាំនេះ ត្រូវបានប្រគល់ផ្ទាល់ទៅកាន់ភូមិព្រះដាក់តែម្តង”។

លោកបន្តថា “ភូមិព្រះដាក់ ស្អាតមិនមែនដោយសារមានអ្នកពូកែរើសសំរាមនោះទេ! តែវាមកពីអ្នកភូមិខ្លួនឯង ចាប់ផ្តើមមានការផ្លាស់ប្តូរឥរិយាបថជា វិជ្ជមានលើបញ្ហាអនាម័យ ព្រមទាំងបានបង្ហាញភាពជាគំរូ នៅលើការគ្រប់គ្រងបរិស្ថានក្នុងភូមិ ដោយរក្សាបាននូវភាពជាម្ចាស់លើការគ្រប់គ្រងសំរាម មានទម្លាប់រស់នៅស្អាត មានការរៀបចំភូមិដ្ឋានបានយ៉ាងល្អ និងបងប្អូនប្រជាពលរដ្ឋមានការចូលរួមយ៉ាងសកម្ម ជាពិសេសនៅក្នុងគម្រោង” សហគមន៍ស្វ័យគ្រងគ្រងសំរាម”។

លោកឃឹម ហ្វីណង់បានបន្តថា ការទទួលស្គាល់របស់ក្រសួងបរិស្ថាន នៅក្នុងថ្ងៃនេះ គឺជាការទទួលស្គាល់ជារួមទៅលើស្នាដៃ ដែលសម្រេចបានដោយសមាជិកគ្រប់រូបនៅក្នុងភូមិព្រះដាក់ទាំងមូល មិនមែនគ្រាន់តែសំដៅទៅលើមេភូមិ ឬអាជ្ញាធរមូលដ្ឋាននោះទេ។ ហើយការទទួលស្គាល់នៅក្នុងថ្ងៃនេះ ក៏ជាចំណងតភ្ជាប់ទៅនឹងការទទួលខុសត្រូវនៅក្នុងថ្ងៃស្អែកផងដែរ។

នៅសល់កិច្ចការជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើរួមគ្នានៅក្នុងក្របខណ្ឌស្រុកទាំងមូល ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកទាំងអស់ នឹងចូលរួមឱ្យរឹតតែបានទូលំទូលាយ ជាមួយរដ្ឋបាលស្រុក និងរដ្ឋបាលភូមិឃុំ ដើម្បីបុព្វហេតុនៃចីរភាពខាងផ្នែកបរិស្ថាន នៃស្រុកបន្ទាយស្រីរបស់យើងទាំងអស់គ្នា។

ស្រលាញ់បន្ទាយស្រីកុំឱ្យសំរាមធ្លាក់ដល់ដី៕

អគ្គនាយក LSCG បង្ហាញពីនិតិវិធីច្បាប់ចំនួន៦ដែលអ្នកទិញដីឡូត៍ត្រូវឆែកដើម្បីបញ្ចៀសហានិភ័យ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ស្របពេលទីផ្សារដីឡូត៍នៅតែទទូលបានការគាំទ្រ និងមានបញ្ហាខ្លះៗបានលេចឡើង អ្នកជំនាញនៅក្នុងវិស័យនេះ បានលើកឡើងនូវនិតិវិធីច្បាប់សំខាន់ៗចំនួន៦ដើម្បីសិក្សានិងបញ្ចៀសបាននូវហានិភ័យ។

លោកលី សុខឆា យអគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ឲ្យដឹងកាលពី​សប្តាហ៍មុនថា អ្នកទិញដីឡូត៍ដើម្បីមានសុវត្ថិភាព និងបញ្ចៀសបាននូវហានិភ័យគួរសិក្សាចំណុចសំខាន់ៗដូចជា៖

👉: ទី១. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម។
👉: ទី២. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះ ត្រូវមានវិញ្ញាបនបត្រចុះបញ្ជីពន្ធដា
👉: ទី៣. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន ប័ណ្ណពន្ធប៉ាតង់
👉: ទី៤. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន អាជ្ញាប័ណ្ណអភិវឌ្ឍន៍ដីឡូត៍
👉: ទី៥. ក្រុមអភិវឌ្ឍន៍ដីឡូត៍នោះត្រូវមាន វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ដែលមានឈ្មោះក្រុមហ៊ុន ឬឈ្មោះម្ចាស់ក្រុមហ៊ុនជាម្ចាស់កម្មសិទ្ធិដីអភិវឌ្ឍន៍នេះ។

👉: ទី៦. ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍នេះត្រូវតែ បញ្ចាក់ថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) មិនជាប់បន្ទុកធនាគារ ឬជាប់បញ្ចាំឯកជនណាមួយនោះទេ៕

ដំណឹងល្អៈប្រទេសថៃ និងកម្ពុជានឹងបើកច្រកព្រំដែនចំនូន៥នៅពាក់កណ្តាលខែធ្នូខាងមុខនេះ

ដោយ៖ សុផារី

កម្ពុជា/ ថៃៈ អាជ្ញាធរថៃ និងកម្ពុជាកំពុងរៀបចំបើកច្រកព្រំដែន ក្នុងខេត្តស្រះកែវឡើងវិញ ថ្ងៃទី១៥ ឬ១៦ ខែធ្នូខាងមុខនេះ ដើម្បីបើកលទ្ធភាពបញ្ជូនពលករ និងអាជីវករខ្មែរត្រឡប់ទៅប្រទេសថៃវិញ។

យោងតាមលទ្ធផលនៃកិច្ចប្រជុំ រវាងអភិបាលខេត្តស្រះកែវ និងខេត្តបន្ទាយមានជ័យ និងបាត់ដំបង នៅក្នុងស្រុកអារញ្ញប្រាថេត ប្រទេសថៃ ដើម្បីពិភាក្សាអំពីការបើកដំណើរការនេះបានឲ្យដឹងថា កិច្ចប្រជុំភាគីទាំង២ បានពិភាក្សា ដើម្បីឈានដល់ការបើកច្រកជាប់ព្រំដែនខេត្តបន្ទាយមានជ័យ រួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ ច្រកបឹងត្រកួន រីឯខេត្តបាត់ដំបង គ្រោងបើកច្រកទ្វារអន្តរជាតិគីឡូ១៣ ស្រុកសំពៅលូន ឈមភាគីច្រកខៅឌិន ស្រុកក្លងហាត ខេត្តស្រះកែវ។

ភាគីកម្ពុជាបានស្នើសុំឲ្យចេញ ចូលប្រជាពលរដ្ឋទៅធ្វើការព្រឹកវិលល្ងាច ១ថ្ងៃត្រឹម ៣,០០០នាក់ ពោលចេញចូលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់ អ្នកអូសរទេះ១ថ្ងៃ អនុញ្ញា​តត្រឹម៣០០រទះក្នុង១រទេះ តែ១ជើង តែត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលជានិច្ច។ សម្រាប់ពលករដែលមានបណ្ណឆ្លងព្រំដែន ត្រូវអនុញ្ញាតរយៈពេល៣ខែ សម្រាប់ធ្វើកសិកម្មតាមបន្ទាត់ព្រំដែន។

អភិបាលខេត្តស្រះកែវ លោក Parinya Photisat បាននិយាយថា ភាគីទាំងអស់បានព្រមព្រៀងគ្នាជាជំហានដំបូងថា ប៉ុស្តិ៍ត្រួតពិនិត្យចំនួនបួន ក្នុងនោះមានច្រកព្រំដែនអចិន្ត្រៃយ៍ចំនួនពីរ និងច្រកពាណិជ្ជកម្មព្រំដែនចំនួនពីរ នឹងបើកដំណើរការឡើងវិញ។

ផ្អែកលើការពិភាក្សាជាជំហានដំបូង លោកបាននិយាយថា អាជ្ញាធរបានយល់ព្រមក្នុងការអនុញ្ញាតឱ្យអាជីវករកម្ពុជារហូតដល់៣,០០០ នាក់ ត្រឡប់ចូលប្រទេសវិញ ដើម្បីធ្វើពាណិជ្ជកម្មឆ្លងដែនឡើងវិញ នៅផ្សាររ៉ុងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ដែលជាតំបន់មួយដែលមមាញឹកបំផុតនៅតាមព្រំដែនកម្ពុជា-ថៃ។

លោកបន្តថា សម្រាប់អ្នកដែលចង់ធ្វើការនៅចម្ការអំពៅ នឹងត្រូវជ្រើសរើសដោយនិយោជកនៅព្រំដែន ហើយយកទៅធ្វើចម្ការ ដោយកម្មករទាំងនោះមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅកន្លែងផ្សេងទៀតទេ លុះត្រាតែមានការអនុញ្ញាត។

លោកបន្តថា កិច្ចប្រជុំក៏បានផ្តោតទៅលើវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកម្មករកម្ពុជាត្រូវអនុវត្តតាម ដើម្បីទទួលបានការចូលនៅពេលប៉ុស្តិ៍ ត្រួតពិនិត្យបើកឡើងវិញ ដោយតម្រូវឱ្យមានការចាក់វ៉ាក់សាំង ការធ្វើតេស្តរហ័ស និងការធានារ៉ាប់រងសុខភាព ឬការធានារ៉ាប់រងសង្គម។

លោកបានបន្ថែមថា ការិយាល័យសុខាភិបាលខេត្ត នឹងពន្លឿនការចាក់វ៉ាក់សាំង ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីសម្រេចបានគោលដៅ៧០% ហើយផែនការឆ្លើយតបនឹងជំងឺកូវីដ-១៩ នឹងត្រូវរៀបចំឡើង ដើម្បីដោះស្រាយរាល់ការផ្ទុះឡើង៕

ទួកគោក ក្លាយជាខ័ណ្ឌមានការអភិវឌ្ឈន៍ដ៏លឿន តើកត្តាអ្វីខ្លះបានជម្រុញល្បឿន មូលដ្ឋាននេះ?

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋាន ខុនដូ ដែលកំពុងអភិវឌ្ឍន៍នៅរាជធានីភ្នំពេញ មិនថមថយល្បឿននោះទេ ជាក់ស្តែងខ័ណ្ឌទួលគោកបានផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយផ្លាស់ប្តូរពីតំបន់លំនៅដ្ឋាន ទៅជាតំបន់ពាណិជ្ជកម្មយ៉ាងរសរវើក។

យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia កាលពីចុងឆ្នាំមុនបានរកឃើញថា ដោយ​សារកំនើននៃការវិនិយោគនៅតំបន់នេះ ពិសេសការកសាងខុនដូ អាផាតម៉ិន និងអាគារ​ពាណិជ្ជកម្មនានាបានធ្វើឲ្យតម្លដីធ្លី នៅក្នុងខ័ណ្ឌទួលគោកកើនឡើងជាប្រចាំ។

រហូតមកទល់ពេលនេះដីនៅតាមបណ្តោយផ្លូវធំៗ និងជាតំបន់មជ្ឈមណ្ឌលពា​ណិជ្ជកម្មបានកើនឡើងដល់ចន្លោះ៥០០០ ទៅ៦០០០ដុល្លារួចទៅហើយ ក្នុងមួយម៉ែត្រការ៉េ។

អគ្គនាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន PropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ទួលគោកបានផ្លាសប្តូរយ៉ាង​លឿន ដោយសារការកើនឡើ​ង នូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) នៅក្នុងមូលដ្ឋាននេះកើនឡើងច្រើន ពិ​សេ​សកំនើននៃការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក និងជនបរទេ​ស ដែលបានប្រែក្លាយតំបន់នានាក្នុងខ័ណ្ឌទួលគោក ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរសរវើក។

អ្នកស្រីបានបន្តថា “ការរីកចម្រើននេះ បានធ្វើឲ្យអ្នកវិនិយោគកាន់តែផ្តោតលើតំបន់នេះ ហើយនាពេលអនាគតតម្លៃលំនៅដ្ឋាន និងដីធ្លីនឹងមានកំនើនខ្ពស់ថែមទៀត”។ ​អ្នកស្រីបន្ថែមថា “បច្ចុប្បន្នគំរោងខុនដូ អាផាតម៉ិនជាច្រើនបានបញ្ចប់ការសាងសង់ និងកំពុងសាងសង់នៅតំបន់នេះ ដែលវាជាតំបន់ទី២បន្ទាប់ពីខ័ណ្ឌចំការមន ខ័ណ្ឌ៧មករានិ​ង​ខ័ណ្ឌដូនពេញ”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានមានប្រសាសន៍ថា ការរីកចម្រើនខ័ណ្ឌទួលគោក មួយផ្នែកដោយសារឥទ្ឋិពលចេញពី​ខ័ណ្ឌចំការមន ដូនពេញ និងខ័ណ្ឌ៧មករា ពិសេសតម្លៃនៅទីនោះមានភាពសមស្របងា​យស្រួលវិនិយោគកាលពីកំឡុង៣ទៅ៥ឆ្នាំមុន។

លោកបន្តថា “ទោះជាយ៉ាងណាបើគិតពីតំលៃជួលអាផាតម៉ិន នៅតំបន់ទួលគោក ធៀបនឹងខ័ណ្ឌចំការមន តំបន់ទួលគោកមានតម្លៃទាបជាងប្រមាណ១៥ភាគរយ តែបើធៀបតែតំបន់បឹងកេងកង១ តម្លៃខុសគ្នារហូតដល់ប្រមាណ៣០ភាគរយ”។

លោកច្រឹក សុខនីមបានបន្តថា តំបន់ទួលគោកនឹងបន្តរីកចម្រើនថែមទៀត ដោ​យ​សារកំនើន នៃការវិនិយោគរបស់ជនបរទេស កត្តាហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ និងភាពទាក់ទាញដែលមានស្រាប់នៅតំបន់នេះ ពិសេសតង់ស៊ីតេប្រជាជនមានកំនើនខ្ពស់នៅក្នុង​ខ័ណ្ឌមួយនេះ ដែលវាជាខ័ណ្ឌមានភាពរីកចម្រើន បន្ទាប់ពីខ័ណ្ឌបីទៀត គឺចំការមន ដូនពេញ និងខ័ណ្ឌ៧មករា៕

ក្រុមហ៊ុនជប៉ុនធំមួយនឹងបើកដំណើរការសណ្ឋាគារធំមួយនៅក្រុងភ្នំពេញ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនជប៉ុនធំមួយ នឹងបើកសណ្ឋាគាររបស់ខ្លួន នៅទីក្រុងភ្នំពេញ ស្ថិតនៅតំបន់ ដែលមានការធ្វើពាណិជ្ជកម្មរសរវើកមួយ ស្ថិតនៅក្នុងសង្កាត់ទួលទំពូង រាជធានីភ្នំពេញ។

សណ្ឋាគារដែលគ្រោងបើកដំណើរការនេះ មានឈ្មោះ Nikko Phnom Penh ដែលសណ្ឋាគារនេះ នឹងរួមបញ្ចូលនូវការិយាល័យ អាផាតម៉ិន ពោលគឺជាអគារប្រើប្រាស់ច ម្រុះ។

តាមផែនការសណ្ឋាគារនេះ នឹងបើកដំណើរការនៅឆ្នាំ២០២៤ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងសាងសង់អាគារប្រើប្រាស់រួមនេះនៅឡើយ។

សណ្ឋាគារនេះមានបន្ទប់សរុបចំនួន២០១ នៅចន្លោះជាន់ទី១៤ដល់២២ នៃអគារកំពស់ ៣៦ជាន់ ដែលកំពុងសាងសង់នៅឡើយ។ សណ្ឋាគារនេះ ក៏មានរួមបញ្ចូលនូវភោជនីយដ្ឋានលំដាប់ខ្ពស់ ជាមួយរសជាតិអាហារបែបជប៉ុន និងមាន Skybar នៅជាន់ទី២៣ ដែលអ្នកស្នាក់នៅអាយគយគន់ទិដ្ឋភាពរាជធានីភ្នំពេញផងដែរ។

ក្រុមហ៊ុនវិនិយោគសណ្ឋាគារនេះ នឹងបំពាក់នូវសម្ភារៈបរិក្ខាប្រណីតៗ ដែលមានស្តងដាអន្តរជាតិ ពិសេសជាទីតាំាំងមួយសម្រាប់ការជួបជុំ និងកន្លែងប្រជុំ និងជាទីតាំងចងបណ្តាញអ្នកធុរកិច្ចលំដាប់អន្តរជាតិផងដែរ៕

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមសម្ពោធការសាងសង់អគារពីកាសូ ស៊ីធី ហ្គាដិន​ នៅឆ្នាំ​ ២០១៩ ហើយគម្រោងនេះត្រូវបានបញ្ចប់ជាស្ថាពរ

វិមានសិល្បៈដែលស្ថិតនៅកណ្តាលទីក្រុងភ្នំពេញនិងមានតែមួយគត់នៅអាស៊ី

ភ្នំពេញ៖ វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី-ពីកាសូ ស៊ីធី ហ្គាដិន​ ត្រូវបានបញ្ចប់ការសាងសង់ ដែលទទួលបានការអបអរសាទរ និងកោតសរសើរពី ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ទីតាន ស្តូន គ្រុប នៅទីក្រុងហុងកុង មិនខ្លាចជំងឺកូវីដ-19 បានជំនះរាល់ការលំបាក និង​ ក្នុងគោលបំណងនាំយកអាគារខុនដូបែបសិល្បៈនេះបង្ហាញទៅកាន់ពិភពលោក។ ទីតាន ស្តូន គ្រុប រំពឹងថា ពីកាសូ ស៊ីធី ហ្គាដិននឹងក្លាយទៅជាស្តង់ដារថ្មីមួយ នៃលំនៅដ្ឋានប្រណិត និងវិស័យអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ។

វិមានសិល្បៈដែលមានតែមួយគត់នៅអាស៊ី​ -​ ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ឯកឧត្តមហ៊ុន ម៉ាណែតអបអរសាទរការបញ្ចប់ការសាងសង់របស់ ពីកាសូ ស៊ីធី ហ្គាដិន​ និងស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់របស់ ទី​តាន ស្តូននៅទីក្រុងហុងកុង
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអបអរសាទរចំពោះការបញ្ចប់ការសាងសង់​របស់ ពីកាសូ ស៊ីធី ហ្គាដិន និងកោតសសើរចំពោះការយកចិត្តទុកដាក់ក្នុងការនាំយកសិល្បៈដែលមានលក្ខណៈស្តង់ដា អន្តរជាតិចូលមកក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិយាកាសវិនិយោគនៅប្រទេសកម្ពុជាបន្តមានការវិវត្តល្អ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបរទេសមកបណ្តាក់ទុននៅកម្ពុជា។ ប្រទេស កម្ពុជារឹតតែស្វាគមន៍ការវិនិយោគជាបន្តបន្ទាប់នៃក្រុមហ៊ុនបរទេសដែលប្រកបដោយវិជ្ជាជីវៈ និង គុណភាពខ្ពស់ ដូចជាក្រុមហ៊ុន ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងដើម្បីរីកចម្រើនរួមគ្នាជាមួយប្រទេសកម្ពុជា។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមកម្មវិធីគម្រោងបួនក្នុងពេលតែមួយរបស់ ទីតាន ស្តូន គ្រុប

ពីកាសូ​ ស៊ីធី ហ្គាដិនជំនះរាល់ឧបសគ្គ ដើម្បីពង្រីកទីផ្សារអចលនទ្រព្យ
ការរីករាលដាលនៃជម្ងឺកូវីត​ ធ្វើអោយមានការប៉ះពាល់ខ្លាំងលើគ្រប់វិស័យ។​ ប៉ុន្តែ ទីតាន ស្តូនគ្រុបនៅទីក្រុងហុងកុង មិនអនុញ្ញាតឱ្យជំងឺរាតត្បាតប៉ះពាល់ដល់គម្រោងសាងសង់មួយនេះឡើយ។ ទីតាន ស្តូន គ្រុបនៅទីក្រុងហុងកុងបានអនុវត្តវិធានការបង្ការជំងឺរាតត្បាតតាមស្តង់ដារខ្ពស់បំផុត និងរៀបចំការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិក កម្មករ និងក្រុមគ្រួសាររបស់ពួកគេ។ ស្ថេរភាព​នៃលំហូរហិរញ្ញវត្ថុបានជំរុញអោយការដ្ឋាននៅតែបន្តដំណើរកា​រសាងសង់​ និងធ្វើឱ្យ ពីកាសូ ស៊ីធី ហ្គាដិន​ក្លាយជាគម្រោងមួយក្នុងចំណោមគម្រោងមួយចំនួនតូចក្នុងទីក្រុងភ្នំពេញដែលនឹងបញ្ចប់ក្នុងឆ្នាំនេះ ដែលជាការ​ជួយជ្រោមជ្រែងមួយយ៉ាងសំខាន់ក្នុងការលើកតម្កើងវិស័យ អចលនទ្រព្យដែលកំពុងតែធ្លាក់ចុះ។

ឡប់ប៊ីកម្ពស់ ៨.៨ម៉ែត្ររបស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
ផ្នែកខាងក្នុងបន្ទប់របស់ពីកាសូ ស៊ីធី ហ្គាដិន (Picasso City Garden)
រូបថតក្រុមនៃសមាជិកក្រុមហ៊ុន Picasso City Garden និងសមាជិកនៃសំណង់ចិន-កម្ពុជា។

បទពិសោធន៍គ្រប់គ្រងអាគារ និង​ឧបករណ៍ដ៏ប្រណិត
ផ្តល់សេវាកម្មគ្រប់គ្រង ទ្រព្យសម្បត្តិ សេវាបម្រើអតិថិជន និងសេវាកម្មផ្សេងទៀតដូចគ្នាទៅនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំមួយ។ ពីកាសូ ស៊ីធី ហ្គាដិន ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មនៅជាន់ទី 19 និងសាលជប់លៀងរួមបញ្ចូលគ្នាជាមួយភោជនីយដ្ឋាន មី ឈី លីន ដើម្បីបំពេញតម្រូវការរបស់ អតិថិជនដែលធ្វើការ ឬ អតិថិជនដែលបានចូលរួមកម្មវិធីជប់លៀងនៅអគារនេះ ។ នៅជាន់ទី 19 ក៏មានអាងហែលទឹក និងកន្លែងហាត់ប្រាណ ផងដែរ។​ ពីកាសូ ស៊ីធី ហ្គាដិន ផ្តល់នូវបទពិសោធន៍កម្រិតអន្តរជាតិទៅកាន់ភ្ញៀវ ដែលកន្លែងហាត់ប្រាណត្រូវបានបំពាក់ដោយឧបករណ៍ទំនើប​ Technogym ដែលជាឧបករណ៍ដែល ក្រុមហ៊ុន ​Ferrari ក្រុមហ៊ុន McLaren ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងស្ថាប័នអន្តរជាតិកំពូលៗផ្សេងទៀតប្រើប្រាស់។

កន្លែងហាត់ប្រាណប្រកបដោយវិជ្ជាជីវៈ
សាលពិធីជប់លៀង

ផែនការបង្ការការរាតត្បាតសំខាន់ៗចំនួន ៧ ដើម្បីធានាសុខភាពរបស់អតិថិជន
ការទប់ស្កាត់ជំងឺកូវីដនៅក្នុងបរិយាកាសរស់នៅបានក្លាយជាចំណុចសំខាន់នៃការរៀបចំផែនកាអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ។ ពីកាសូ ស៊ីធី ហ្គាដិន មានផែនការសំខាន់ៗចំនួន 7 រួមមាន “ការការពារពេលចេញចូលអាគារ ការសម្លាប់មេរោគក្នុងទីសាធារណៈ ការបស្សុទ្ធ ខ្យល់ ការរក្សាអនាម័យ ការផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់សម្ភារៈប្រឆាំងនឹងបាក់តេរី និងសេវាកម្មបង្ការការរាតត្បាត”។​ ឧបករណ៍ទាំងនោះមានដូចជា៖ បំពង់ស្រូបក្លិនមិនល្អ ម៉ាស៊ីនកំចាត់បាក់តេរីដោយកាំរស្មីអ៊ុលត្រាវីយូឡេ និងបន្ទះថ្នាំសំលាប់មេរោគ ទុយោស្តុកទឹក និងសន្ទះ ស្រូប ក្លិនកខ្វក់ ដើម្បីធានាអោយការការពារកាន់តែមានប្រសិទ្ធិភាព និងធានាដល់សុខភាពអ្នករស់នៅ។

កម្ពុជាសាកសមនូវលំនៅដ្ឋានលំដាប់ខ្ពស់ ទីតាន ស្តូននៅទីក្រុងហុងកុងនឹងបន្តការចាក់ឬសនៅប្រទេសកម្ពុជា
លោក Darren Teng នាយកគ្រប់គ្រងទូទៅនៃ ទី តាន ស្តូន គ្រុបនៅទីក្រុង ហុងកុង និងជាប្រធាន ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ដីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍ថា “ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង បានមើលឃើញពីសក្តានុពលទៅលើការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ហើយជឿជាក់ថាគ្រប់គ្នាសាកសមនឹងទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់នេះ ។ ដូច្នេះហើយ ការនាំយកស្លាកយីហោ ពីកាសូ លំដាប់អន្តរជាតិ គឺដើម្បីជាតម្រូវការអាជីវកម្មបង្កើតជាគំរូផ្ទះប្រណិត ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យើងក៏បានបង្កើតក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតទីតាន ស្តូន ឡាយហ្វ៍ និងតំបន់សេដ្ឋកិច្ចពិសេសទី តាន ស្តូន ដោយសង្ឃឹមថាសកម្មភាពអាជីវកម្មទាំងអស់នេះនឹងក្លាយជាធនធានអន្តរជាតិសម្រាប់ផ្តល់ផលិតផលដែលមានគុណភាពខ្ពស់ទៅកាន់មហាជន និងជួយអោយមានការអភិវឌ្ឍគ្រ​ប់វិស័យនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើផែនការបច្ចុប្បន្ន យើងនឹងបន្តវិនិយោគក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់នាពេលអនាគត ដើម្បីរីកចម្រើនជាមួយគ្នា។

ពីកាសូ ស៊ីធី ហ្គាដិនធ្វើជាគំរូមួយដ៏ល្អសម្រាប់ខុនដូដែលមានលក្ខណៈល្អប្រណិត
ការ​បញ្ចប់​គម្រោង Picasso City Garden គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ភ្នំពេញ។ ទីតាន ស្តូន គ្រុបនៅទីក្រុង ហុងកុង រំពឹងថានឹងការលេចចេញនូវ គំរូខុនដូប្រណិតមួយនេះអាចលើកកម្ពស់គុណភាពនៃលំនៅដ្ឋាន ដើម្បីឱ្យសាធារណជនអាចរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសោភ័ណ្ឌភាព។ ពួកយើងសង្ឃឹមយ៉ាងមុតមាំថា ដំណឹងល្អនៃការបញ្ចប់គម្រោងនេះ អាចក្លាយជាកម្លាំងចលករសម្រាប់ វិស័យអចលនទ្រព្យ និងជំនះការលំបាកក្នុងពេលបច្ចុប្បន្នជាមួយគ្នា និងទន្ទឹងរង់ចាំស្ថានភាពល្អប្រសើរឡើង នាពេលខាងមុខ។

អំពី ទី តាន ស្តូន​ គ្រុប
ទីតាន ស្តូន គ្រុប ត្រូវបានបង្កើតឡើងក្នុងទីក្រុងហុងកុងក្នុងឆ្នាំ 2003 ជាក្រុមហ៊ុន វិនិយោគហិរញ្ញវត្ថុដែលមានជំនាញវិជ្ជាជីវៈ។ សកម្មភាពអាជីវកម្មរបស់ ទីតាន ស្តូន គ្រុប មានដូចជា៖ អចលនទ្រព្យនៅក្រៅប្រទេស និងការទិញភាគហ៊ុន ការគ្រប់គ្រងទ្រព្យសកម្ម ការគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។ល។ ទី តាន ស្តូន គ្រុបមានបទពិសោធន៍រហូតដល់ 18 ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនិងមានបទពិសោធន៍ទៅលើការ វិនិយោគដ៏សំបូរបែប។ ជាមួយនឹងចក្ខុវិស័យពិសេសលើសពីទីផ្សារ ពួកយើងបានផ្តល់ឱ្យសហគ្រាស និងអ្នកវិនិយោគនូវឱកាសវិនិយោគឈានមុខគេបំផុត។ ទីតាន ស្តូន គ្រុបផ្តោតសំខាន់នៅក្នុងតំបន់អាស៊ី ដើម្បីអភិវឌ្ឍសេវាកម្មវិនិយោគពេញលេញ បង្កើនចំនួនវិនិយោគិននិងប្រកាន់ខ្ជាប់នយោបាយឈ្នះ-ឈ្នះសម្រាប់ រដ្ឋាភិបាលនិង សាធារណៈជន ក្នុងតំបន់ ។ ដើម្បីស្វែងយល់បន្ថែមអំពី ទីតាន ស្តូន គ្រុប សូមចូលទៅកាន់ http://www.titanstonegroup.com​ ។​

គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកដីកោះកុងក្រៅឆ្នេរទី៤ខេត្តកោះកុង

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រៅពីទឹកសមុទ្រខៀវស្រងាត់ ដើមកោងកាងដុះតម្រឹមគ្នា ឆ្នេរខ្សាច់ព៌ណមាស និងគយគន់ទេសភាពថ្ងៃលិចដ៏លន្លង់លន្លោច ខេត្តកោះកុងមានសម្បត្តិធម្មជាតិ​មហាសាល។

ជាមួយនឹងដងព្រែក ទេសភាពអបជាមួយនឹងជូរភ្នំវែងអន្លាយ និងទឹកជ្រោះហូរធ្លាក់ដូចស្បៃទេសអប្សរ ថ្ងៃនេះយើងសូមនាំលោក អ្នកទៅទស្សនាសម្រស់ទឹកដីកោះកុងក្រៅ។

កោះកុងក្រៅ ជាតំបន់កោះ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ មាន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លាអាចមេីលឃើញដល់បាតសមុទ្រ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ គឺឆ្នេរទី៣ និងទី៤ ។

នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលទិដ្ឋភាពថ្ងៃរៀបលិច។

ការធ្វើដំណើរ
ដើម្បីទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរ ដោយយាន្តឬម៉ូតូទៅកាន់ខេត្តកោះ​កុង (បើមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ២០គីឡូ នៅខាងឆ្វេងដៃយើងនឹងឃើញផ្លូវដីក្រហមមួយ ។ បត់តាមផ្លូវក្រហម ជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា១០គីឡូ យើងនឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡើងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វើដំណើរដោយទូក ប្រមាណ១ម៉ោងកន្លះ-២ម៉ោង ពីផែទូកដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ​។

ការស្នាក់នៅ:
ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ អាចស្នាក់នៅ ដោយការបោះជំរុំតង់លើឆ្នេរខ្សាច់ ដោយខ្លួនឯង។

ការរៀបចំម្ហូបអាហារ:
យើងអាចត្រៀម អង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសម្រាប់ធ្វើម្ហូបញាំនៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វេីម្ហូបបាន)។

សូមចូលរួមរក្សាសំរាម អោយមានសណ្តាប់ធ្នាប់ ដើម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេស​ចរទាំងអស់គ្នា។

សូមកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ ដែលនាំរំខានដល់អារម្មណ៍ភ្ញៀវទេសច​រណ៍ផ្សេងទៀត៕

​ឡាវកែប្រែមុខមាត់ថ្មី ក្រោយត្រូវ UN ចេញសេចក្ដីសម្រេចឱ្យរួចផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត

ដោយៈសុខុម

វៀងចន្ទន៍: មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចឱ្យប្រទេសឡាវ រួចផុតពីឋានៈជាក្រុមប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) គួរឱ្យអបអរសាទរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។

ប្រទេសឡាវ រួមជាមួយប្រទេសបង់ក្លាដែស និងប្រទេសនេប៉ាល់ នឹងរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលើប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។

សេចក្តីសម្រេចនេះគូសបញ្ជាក់ថា ការរួចផុតពីឋានៈជាប្រទេស ដែលមានការអភិ​វឌ្ឍន៍តិចតួចបំផុតនេះ នឹងមិនបណ្តាលឱ្យមានការអាក់ខាន ឬការផ្លាស់ប្តូរផែនការអភិវឌ្ឍន៍កម្មវិធី និងគម្រោងនានាសម្រាប់ប្រទេសទាំង៣ឡើយ។

បច្ចុប្បន្នការកំណត់ឱ្យរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុ​ត ដែលសម្រេចដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (UN Committee for Development Policy) គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យចំនួន៣រួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GNI) ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ពីខាងក្រៅ។

ពេលនេះប្រទេសឡាវ នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាផ្លូវការ នៅឆ្នាំ២០២៦ ដោយសារគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឱ្យប្រទេសនេះទទួលយកឋានៈនេះ ក្នុងរយពេល៥ឆ្នាំ ជំនួសឱ្យរយៈ៣ឆ្នាំដែលជាលក្ខខណ្ឌទូទៅ ដោយសារផលប៉ះពាល់ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩ ទៅលើសេដ្ឋកិច្ចរបសប្រទេសនេះ៕ Laotian Times៕