គយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកដីកោះកុងក្រៅឆ្នេរទី៤ខេត្តកោះកុង

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រៅពីទឹកសមុទ្រខៀវស្រងាត់ ដើមកោងកាងដុះតម្រឹមគ្នា ឆ្នេរខ្សាច់ព៌ណមាស និងគយគន់ទេសភាពថ្ងៃលិចដ៏លន្លង់លន្លោច ខេត្តកោះកុងមានសម្បត្តិធម្មជាតិ​មហាសាល។

ជាមួយនឹងដងព្រែក ទេសភាពអបជាមួយនឹងជូរភ្នំវែងអន្លាយ និងទឹកជ្រោះហូរធ្លាក់ដូចស្បៃទេសអប្សរ ថ្ងៃនេះយើងសូមនាំលោក អ្នកទៅទស្សនាសម្រស់ទឹកដីកោះកុងក្រៅ។

កោះកុងក្រៅ ជាតំបន់កោះ ស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ ឆ្នេរកោះកុងក្រៅ មាន៦ឆ្នេរ ដែលឆ្នេរនីមួយៗមានខ្សាច់សស្អាត ទឹកសមុទ្រថ្លាអាចមេីលឃើញដល់បាតសមុទ្រ និងព្រមទាំងមានព្រែកខាងក្រោយឆ្នេរ ដែលអាចអោយយេីងគយគន់ទេសភាពយ៉ាងស្រស់ស្អាត។ សម្រាប់ឆ្នេរដែលភ្ញៀវទេសចរណ៍និយមទៅលេង និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ គឺឆ្នេរទី៣ និងទី៤ ។

នៅទីនោះយើងអាចអង្គុយលេងស្ទូចត្រី ងូតទឹក ជិះទូកលេង ទស្សនាទឹកធ្លាក់ និងគយគយមើលទិដ្ឋភាពថ្ងៃរៀបលិច។

ការធ្វើដំណើរ
ដើម្បីទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើរ ដោយយាន្តឬម៉ូតូទៅកាន់ខេត្តកោះ​កុង (បើមកពីភ្នំពេញ ហួសផ្លូវបត់តារាសាគរប្រមាណ២០គីឡូ នៅខាងឆ្វេងដៃយើងនឹងឃើញផ្លូវដីក្រហមមួយ ។ បត់តាមផ្លូវក្រហម ជិះប្រកាន់ផ្លូវបត់ឆ្វេង ប្រមាណជា១០គីឡូ យើងនឹងទៅដល់ភូមិនេសាទមួយ ដែលអាចឡើងទូកនៅទីនោះ) និងបន្ទាប់មកគឺធ្វើដំណើរដោយទូក ប្រមាណ១ម៉ោងកន្លះ-២ម៉ោង ពីផែទូកដើម្បីទៅដល់ឆ្នេរកោះកុងក្រៅ​។

ការស្នាក់នៅ:
ដោយសារទីនោះជាទីតាំងធម្មជាតិ មិនទាន់មានការអភិវឌ្ឍន៍ ភ្ញៀវទេសចរណ៍ អាចស្នាក់នៅ ដោយការបោះជំរុំតង់លើឆ្នេរខ្សាច់ ដោយខ្លួនឯង។

ការរៀបចំម្ហូបអាហារ:
យើងអាចត្រៀម អង្ករ និងម្ហូបផ្សេងៗ ដូចជាត្រី សាច់ ឬគឿងសមុទ្រ និងគ្រឿងទេសម្រាប់ធ្វើម្ហូបញាំនៅទីនោះ (ម្ចាស់ទូកអាចជួយដាំបាយ និងធ្វេីម្ហូបបាន)។

សូមចូលរួមរក្សាសំរាម អោយមានសណ្តាប់ធ្នាប់ ដើម្បីឆ្នេរស្អាតសម្រាប់ភ្ញៀវទេស​ចរទាំងអស់គ្នា។

សូមកុំប្រើប្រាស់ឧបករណ៍បំពងសម្លេងខ្លាំងៗ ដែលនាំរំខានដល់អារម្មណ៍ភ្ញៀវទេសច​រណ៍ផ្សេងទៀត៕

​ឡាវកែប្រែមុខមាត់ថ្មី ក្រោយត្រូវ UN ចេញសេចក្ដីសម្រេចឱ្យរួចផុតពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចបំផុត

ដោយៈសុខុម

វៀងចន្ទន៍: មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្ដីសម្រេចឱ្យប្រទេសឡាវ រួចផុតពីឋានៈជាក្រុមប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត (LDC) គួរឱ្យអបអរសាទរ។ នេះបើយោងតាមសារព័ត៌មាន Laotian Times ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។

ប្រទេសឡាវ រួមជាមួយប្រទេសបង់ក្លាដែស និងប្រទេសនេប៉ាល់ នឹងរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុត បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចលើប្រទេសទាំង៣ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា។

សេចក្តីសម្រេចនេះគូសបញ្ជាក់ថា ការរួចផុតពីឋានៈជាប្រទេស ដែលមានការអភិ​វឌ្ឍន៍តិចតួចបំផុតនេះ នឹងមិនបណ្តាលឱ្យមានការអាក់ខាន ឬការផ្លាស់ប្តូរផែនការអភិវឌ្ឍន៍កម្មវិធី និងគម្រោងនានាសម្រាប់ប្រទេសទាំង៣ឡើយ។

បច្ចុប្បន្នការកំណត់ឱ្យរួចផុតពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុ​ត ដែលសម្រេចដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ សម្រាប់គោលនយោបាយអភិវឌ្ឍន៍ (UN Committee for Development Policy) គឺផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យចំនួន៣រួមមាន ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗ (GNI) ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដោយសារផលប៉ះពាល់ពីខាងក្រៅ។

ពេលនេះប្រទេសឡាវ នឹងក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាផ្លូវការ នៅឆ្នាំ២០២៦ ដោយសារគណៈកម្មាធិការអង្គការសហប្រជាជាតិ ផ្តល់អនុសាសន៍ឱ្យប្រទេសនេះទទួលយកឋានៈនេះ ក្នុងរយពេល៥ឆ្នាំ ជំនួសឱ្យរយៈ៣ឆ្នាំដែលជាលក្ខខណ្ឌទូទៅ ដោយសារផលប៉ះពាល់ ដែលបង្កឡើងដោយសារវិបត្តិកូវីដ-១៩ ទៅលើសេដ្ឋកិច្ចរបសប្រទេសនេះ៕ Laotian Times៕

ស្រុកតំបែរទទួលបានអគារពិនិត្យព្យាបាលជំងឺទូទៅចំនួន ៣ជាន់ថ្មីមួយទៀត

ដោយៈសុផារី

ត្បូងឃ្មុំៈ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារ “ពិនិត្យ ព្យាបាលជំងឺទូទៅតេជោសែន តំបែរ” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

ភ្ជាប់ទៅនឹងសមិទ្ធផលដែលស្រុកតំបែរ ទទួលបាននាពេលនេះ លោកជាម ច័ន្ទ​សោភ័ណអភិបាលខេត្តត្បូងឃ្មុំ បានចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលោកប្រធានក្រុមការងារ និងសហការីដែលបានខិតខំពុះពារ យកអស់ស្មារតីទទួលខុសត្រូវក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានលះបង់កំលាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន កៀរគរសប្បុរសជន រៀបចំកសាងអគារនេះឡើងទុកបម្រើសុខភាពជូនប្រជាពលរដ្ឋតាមការចាំបាច់ និងស្របតាមស្ថានភាពនៃកំណើនសេចក្តី ត្រូវការបន្ទប់ពិនិត្យ និងព្យាបាលជំងឺទូទៅ ស្របតាមការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ។

ចំពោះអគារថ្មីនេះ លោកបានលើកទឹកចិត្ត ជំរុញនិងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់ដែលបម្រើសុខភាពសាធារណ: ចូលរួមដោះស្រាយទុក្ខលំបាក ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ឲ្យកាន់តែរីកចម្រើន ក្រោមម្លប់សុខសន្តិភាព ស្ថេ​រភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ ដែលមានសម្តេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រី​។

លោកបានផ្តាំផ្ញើឲ្យអាជ្ញាធរស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកឲ្យខិតខំយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពល រដ្ឋឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់វណ្ណ: និន្នាការ ជាតិសាសន៍ បក្សពួក។ល។

ដោយឡែកលោកគ្រូ អ្នកគ្រូពេទ្យត្រូវខិតខំសិក្សា ស្រាវជ្រាវបន្ថែម ដើម្បីបង្កើនសមត្ថភាពលើការងារបច្ចេកទេស ផ្តល់សេវាជូនប្រជសពលរដ្ឋមានប្រសិទ្ធភាពខ្ពស់ តាមវិជ្ជាជីវ:។ គ្រប់ភាគីពាក់ព័ន្ធ ពិសេសបងប្អូនប្រជាពលរដ្ឋ និងលោកគ្រូ អ្នកគ្រូពេទ្យ បុគ្គលិក កម្មករ ត្រូវរួមគ្នាថែរក្សាអគារនេះ ឲ្យបានគង់វង្សទុកប្រើប្រាស់ជាប្រយោជន៍រួបសម្រាប់បម្រើសុខភាព ជូនបងប្អូនស្រុកតំបែរតរៀងទៅ។ បើទោះបីយើងមានអគារថ្មី យើងក៏ត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ “មានសុខភាពល្អ គ្រួសារមានសុភមង្គល សង្គមជាតិមានការរីកចម្រើន និងការពារប្រសើរជាងព្យាបាល”។

មន្ទីរពេទ្យបង្អែកតំបែរជាមន្ទីរពេទ្យបង្អែកកម្រិត១ ស្ថិតនៅក្រោមការគ្របដណ្តប់របស់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ ដែលបានបំបែកពីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិពញាក្រែក មានទីតាំងស្ថិតក្នុងបរិវេណមណ្ឌលសុខភាពតំបែរ ភូមិសញ្ជ័យសែន ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕

ទីផ្សារហិរញ្ញវត្ថុក្នុងពិភពលោកកំពុងរងភាពរង្គោះរង្គើរដោយសារវត្តមានមេរោគជំងឺកូវីដថ្មីដែលមានប្រភពដើមពីអាហ្រ្វិក

ដោយ: ម៉ាលីស

អន្តរជាតិៈ ទីផ្សារភាគហ៊ុននៅលើពិភពលោកបានធ្លាក់ចុះ ហើយតម្លៃប្រេងក៏បានធ្លាក់ចុះជាង 10% កាលពីថ្ងៃសុក្រ នៅពេលដែលការលេចចេញនូវប្រភេទថ្មីនៃ Covid-19 បានធ្វើឱ្យទីផ្សារពិភពលោកមានភាពរង្គោះរង្គើរ។
អនាគតប្រេងរបស់អាមេរិកបានធ្លាក់ចុះជាង 11% ក្នុងការជួញដូរក្រោម70ដុល្លារក្នុងមួយបារ៉ែល។ ប្រេងឆៅ Brent ដែលជាស្តង់ដារប្រេងពិភពលោក បានរងការធ្លាក់ថ្លៃប្រហាក់ប្រហែលនឹង $73 ។

រដ្ឋមន្ត្រីសុខាភិបាលអាហ្រ្វិកខាងត្បូង បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសកូរ៉ូណាប្រភេទថ្មី ហាក់ដូចជាកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងតំបន់មួយចំនួននៃប្រទេស។ វាក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងប្រទេសបូតស្វាណា ហុងកុង អ៊ីស្រាអែល និងបែលហ្សិក។

រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស លោក Sajid Javid បាននិយាយថា “វីរុស​នេះ អាចឆ្លងបានច្រើនជាប្រភេទDelta” ហើយថា “វ៉ាក់សាំងដែលយើងមាននាពេលបច្ចុប្បន្ននេះ ប្រហែលជាមានប្រសិទ្ធភាពតិចជាង”។ លោកបន្តថា “ភាពតានតឹងថ្មីនេះបានជំរុញឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេស ហាមឃាត់ការហោះហើរ ពីប្រទេសចំនួនប្រាំ​មួយ នៅអាហ្វ្រិករួចហើយ។

ចំណែកបណ្តាប្រទេស ស្ថិតនៅសហភាពអឺរ៉ុបមួយចំនួន កំពុងចាត់វិធានការស្រដៀងគ្នានេះ។

លោក Jeffrey Halley អ្នកវិភាគទីផ្សារជាន់ខ្ពស់ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅ Oanda បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយកាលពីថ្ងៃសុក្រថា “វិនិយោគិនត្រូវបាន ភ្ញាក់ផ្អើល ដោយការរកឃើញនៃវ៉ារ្យ៉ង់ Covid-19 ថ្មី”។

អ្នកសេដ្ឋកិច្ចបានកំពុងមើលការរីករាលដាល នៃការឆ្លងមេរោគ Covid-19 នៅអឺរ៉ុបដោយភ័យខ្លាចរួចទៅហើយ។ ប្រទេសមួយចំនួនបានណែនាំការរឹតបន្តឹងថ្មី ដើម្បីទប់ស្កា​ត់ការរីករាលដាល ដោយបង្កើនការរំពឹងទុក ក្នុងការកាត់បន្ថយសកម្មភាពផ្សេៗក្នុងរដូវរងានេះ នៅពេលដែលអតិផរណា និងវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់កំពុងត្រូវគ្របដណ្តប់រួចទៅហើយ។

ប្រទេសអាល្លឺម៉ង់បានរាយការណ៍អំពីការឆ្លងចំនួន 76,414 ករណី កាលពីថ្ងៃសុក្រ ដែលជាកំណត់ត្រាថ្មីក្នុងមួយថ្ងៃ។

រដ្ឋមន្ត្រីសុខាភិបាលស្តីទី ក្នុងប្រទេសនេះ លោក Jens Spahn បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុបគឺ វិបត្តិជំងឺ COVID-19 “ជាការរាតត្បាតធ្ងន់ធ្ងរជាងគេ” ហើយគាត់បានព្រមានអំពី “នឹងមានវិធានការណ៍ធ្ងន់មួយ នៅក្នុងសប្តាហ៍ខាងមុខនេះ ប្រសិនបើការសម្រេចចិត្ត ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងមនុស្ស និង សកម្មភាពផ្សេងៗ មិនត្រូវបានធ្វើឡើងនៅពេលនេះ” ។

សេដ្ឋវិទូនៅធនាគារ Berenberg បានអត្ថាធិប្បាយក្នុងកំណត់ត្រាមួយកាលពីថ្ងៃសុក្រថា “លើសពីរលកនៃការឆ្លងនាពេលបច្ចុប្បន្ន នៅអឺរ៉ុប មេរោគថ្មីនៃមេរោគនេះ កំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅអាហ្រ្វិកខាងត្បូង ហើយកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង” ៕
ប្រភព: CNN

ផ្លូវក្រវាត់ក្រុងទី៣កំពុងទាក់ទាញសក្ដានុពលអភិវឌ្ឍន៍លំនៅឋានខណៈបុរីថ្មីមួយទទួលបានការចាប់អារម្មណ៍ពីអតិថិជន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងពេលផ្លូវក្រវាត់ក្រុងទី៣ កាន់តែជិតរួចរាល់និងដំណើរការប្រើប្រាស់ វិនិយោគិនជាច្រើន ក៏បានចាប់អារម្មណ៍លើការវិនិយោគ នៅតាមបណ្ដោយផ្លូវនេះលើការអភិវឌ្ឍជាលំនៅឋានផងដែរ។

ជាក់ស្ដែងនាពេលបច្ចុប្បន្នតំបន់នៅក្បែរៗផ្លូវក្រវាត់ឃើញថា មានការអភិវឌ្ឍលើគម្រោងលំនៅឋានជាច្រើន ជាពិសេសគម្រោងលំនៅឋាន ដែលមានតម្លៃខ្ពស់ៗពីអ្នកអភិវឌ្ឍន៍ក្នុងស្រុក ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៧ វិច្ឆិកានេះថា គម្រោងផ្លូវក្រវាត់ក្រុងទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីសក្ដានុពលកាន់តែខ្លាំង ទៅលើការអភិវឌ្ឍលំនៅឋាន ជាក់ស្ដែងដូចយើងបានឃើញស្រាប់ហើយ នៅក្រុងតាខ្មៅ តំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ មានក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាច្រើន បានចាប់ផ្ដើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ជាបន្តបន្ទាប់។

លោកបន្តថា “ការអភិវឌ្ឍលំនៅឋាន នៅតាមបណ្ដោយនៃផ្លូវក្រវាត់ក្រុងមួយនេះក៏ត្រូវបែងចែកជាលំនៅឋានដែលមានតម្លៃថ្លៃៗ ដោយភាគច្រើនគឺនៅជិតៗក្រុង ហើយលំនៅឋានតម្លៃសមរម្យភាគច្រើន នៅឆ្ងាយពីក្រុងបន្តិច ដូចជាគម្រោងលំនៅឋានរបស់អ្នកឧកញ៉ាសៀ ឬទ្ធីជាដើម”។

ចំណែកលោកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងផងដែរថា តំបន់ដែលមានការទាក់ទាញខ្លាំងជាងគេ ក្នុងចំណោមតំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ គឺតំបន់ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលតំបន់នេះធ្វើឱ្យតម្លៃដីធ្លីហក់ឡើងខ្ពស់មែនទែន ។

លោកស្រីនិយាយថា “ពីមុនដីធ្លីនៅតំបន់នោះ មានតម្លៃត្រឹម៥០ដុល្លារទៅ៦០ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះ វាមានតម្លៃរហូតដល់រាប់រយដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ”។លោកស្រីបន្តថា “តំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣នេះ កំពុងមានទាក់ទាញបន្ថែមទៀត ពិសេសការអភិវឌ្ឍគម្រោងលំនៅឋាន ហើយវានឹងមានការទាក់ទាញកាន់តែខ្លាំងថែមទៀត នៅពេលអនាគតខាងមុខនេះ”។

អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើន នៅក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ក៏បានលើកយកពីហេតុផលនៃការអភិវឌ្ឍផ្លូវនេះ និងព្រលានយន្តហោះជាយុទ្ធសាស្ត្រទីផ្សារ សម្រាប់ការលក់លំនៅឋានរបស់ខ្លួនដែរ ។

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកន្លងមកក៏បានលើកឡើងផងដែរ ពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាល ដែលអាចជំរុញសក្ដានុពលអភិវឌ្ឍន៍ អចលនទ្រព្យមួយកម្រិតទៀតផងដែរ ហើយវិនិយោគិនតែងតែសម្លឹង ទៅមើលលើតំបន់ណា ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើនក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួន។

បុរី GB Residence បាននិងកំពុងបង្ហាញខ្លួននៅតំបន់នេះ លើទំហំផ្ទៃដី៩ហិកតា​ជាមួយនឹងផែនការវិនិយោគរាប់លានដុល្លារ ដែលបុរីថ្មីនេះផ្តោតលើលំនៅដ្ឋានបែបអាជីវកម្ម វីឡា និងរចនាប្លង់ដោយក្រុមហ៊ុនស្ថាបត្យកម្ម ដ៏ល្បីល្បាញលំដាប់ពិភពលោកបានបង្ហាញស្នាដៃរបស់ពួកគេជាលើកដំបូងនៅបុរីនេះ។

ជាមួយគ្នានេះ អ្នកវិនិយោគបុរី GB Residence លោកឧកញ៉ាតាំង គួងហាវបានមានប្រសាសន៍ឲ្យ ដឹងកាលពីពេលថ្មីៗនេះថា ដោយសារមើលឃើញសក្តានុពលតំបន់នេះ ស្ថិតនៅជាប់នឹងផ្លូវក្រវ៉ាត់ក្រុងទី៣ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី និងការកើនឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។ កំណើនពលរដ្ឋចូលមករស់នៅកៀកទីក្រុងកាន់ តែច្រើន ទើបលោកសម្រេចចិត្តវិនិយោគបុរីនេះឡើង ដោយផ្តោតលើគុណភាពប្រណីត ភាព និងភាពស៊ីវិល័យ។

លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរចនាលំនៅដ្ឋាន ដោយអ្នកជំនាញអន្តរជាតិ ដែលបានឈ្នះពានរង្វាន់នៅទីក្រុងឌូបៃ បានធ្វើឲ្យគំរោងរបស់យើង មានម៉ូតផ្ទះស្អាត ប្លែក ប្រកបដោយស៊ីវិល័យ ពិសេសផ្តល់ជូនអ្នករស់នៅប្រកបដោយផាសុខភាព”។​ លោកបន្តថា “ផ្ទះក្នុងគំរោង GB Residence មានតម្លៃចាប់ពីជាង៨ម៉ឺនដុល្លារ ដល់ជាង១០ម៉ឺនដុល្លារអាមេរិក អាស្រ័យលើប្រភេទផ្ទះ ទំហំ និងទីតាំងរបស់ផ្ទះនិមួយៗ”។

បុរី GB Residence សាងសង់លើទំហំដីជិត៩ហិកតា ជាមួយនឹងលំនៅដ្ឋានសរុប៥៨៨ផ្ទះ ពិសេសក្នុងគំរោងនេះមានផ្សារទំនើប ហាងកាហ្វេ ភោជនីយដ្ឋាន ក្លឹបហាត់ប្រាណ ពិសេសផ្លូវចូលបុរីទំហំ៥០ម៉ែត្រ ជាមួយនឹងសួនច្បារនៅចំកណ្តាល ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នករស់នៅតំបន់នេះ៕

ខេត្តមួយក្នុងភូមិភាគឦសានកំពុងទាក់ទាញវិនិយោគិនទៅវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់

ដោយ: សុផារី

មណ្ឌលគីរី៖ អ្នកវិនិយោគបរទេសកំពុងចំណាប់អារម្មណ៍មកស្វែងរកឱកាសវិនិយោគនៅតំបន់ភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី ដោយសារខេត្តនេះមានសម្រស់ធម្មជាតិស្រស់ស្អាត និងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងពីសក្តានុពលនៃខេត្តមណ្ឌលគិរីថា ខេត្តមណ្ឌលគិរីគឺជាកន្លែងសម្រាកលំហែកាយដល់នៅអាកាសធាតុដែលល្អបរិសុទ្ធ តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ក្នុងយន្តការពីរសំខាន់ គឺ យន្តការការអភិវឌ្ឍន៍ខ្លួនឯងនៅក្នុងថ្នាក់ខេត្ត និង យន្តការអភិវឌ្ឍដោយរាជរដ្ឋាភិបាល។

លោកមានប្រសាសន៍ថា តាមរយៈការសិក្សាចំនួនបន្ទប់ក្នុងខេត្តមណ្ឌលគិរីមានការសាងសង់ប្រហែល១,៥០០បន្ទប់ ដែលភាគច្រើនក្នុងចំណោមចំនួនខាងលើត្រូវបានកក់ជារៀងរាល់សៅរ៍អាទិត្យដោយពុំមានចន្លោះនៅទំនេរឡើយ។

លោកច្រឹក សុខនីម ក៏បានអះអាងពីសុទិដ្ឋិនិយមរបស់អ្នកវិនិយោគិនក្នុងតំបន់អាស៊ានដែលមានគោលបំណងចង់មកសិក្សាដោយផ្ទាល់ឬប្រយោលនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅក្នុងភូមិភាគឥសាន្ត ពួកគាត់ក៏អាចសម្លឹងមើលឱកាសនៃការវិនិយោគផងដែរ។

អ្នកជំនាញអចលនទ្រព្យរូបនេះបានណែនាំថា “វិនិយោគិនអាចចាប់ផ្ដើមបន្តិចម្ដងៗ ហើយនៅក្នុងពេលអនាគត វិនិយោគទៅលើវិស័យដីធ្លីនឹងទទួលបានប្រាក់ចំណេញខ្ពស់។” លោកបន្តថា “យើងទិញដីនៅក្នុងពេលឥឡូវនេះ ធូរថ្លៃ ១០ទៅ១៥ ឆ្នាំក្រោយគោលនយោបាយនៃយន្តការអភិវឌ្ឍទេសចរណ៍មកដល់ ដូច្នេះគាត់ចំណេញទាំងនេះអចលនទ្រព្យ៕”

តំណាងគម្រោងមណ្ឌលដួងចិត្ត Eco Resort &Villas លោក អុិន ស៊ីថា បានមានប្រសាសន៍លើកឡើងពីសក្តានុពលរបស់ខេត្តមណ្ឌលគីរីថា “យើងមើលឃើញនូវសក្កានុពលទេសចរណ៍ ដែលបច្ចុប្បន្ននេះទេសចរណ៍ថ្នាក់ជាតិតែងតែមានលំហូរពីរាជធានីភ្នំពេញនិងបណ្ដាខេត្តមួយចំនួនមកភូមិភាគឦសាន ជាពិសេសខេត្តមណ្ឌលគិរី។”

លោកបានបញ្ជាក់ពីការអភិវឌ្ឍនូវបណ្ដាញផ្លូវថ្នល់ ដែលសម្រួលនិងផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរពីរាជធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងមកកាន់ខេត្តមណ្ឌលគិរី ហើយគម្រោងអភិវឌ្ឍន៍នៅក្នុងខេត្តមណ្ឌលគិរីមានលក្ខណៈជាការអភិវឌ្ឍដោយវិនិយោគិនហើយជួលបន្តដូចជាផ្ទះសំណាក់ សណ្ឋាគារឬ បូទិចអូតែល។

លោកបានមានប្រសាសន៍ថា “ទៅថ្ងៃខាងមុខខ្ញុំជឿជាក់ថាមានក្រុមហ៊ុនវិនិយោគអាចថាជាតិ អន្តរជាតិជាច្រើននឹងមកបោះទុនវិនិយោគនៅភូមិភាគឦសាននេះ”៕

ក្រុមហ៊ុន ខេអេច លែន ចុះកិច្ចព្រមព្រៀង ស្តីពីការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជនលើគម្រោង ក្រុងថ្មីដីមាសសំរោងលើ នឹងរួចរាល់នាដើមខែក្រោយនេះ

ដោយៈសហការី

កណ្តាល៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ខេអេច លែន បានចុះកិច្ចព្រមព្រៀងមួយ ស្តីអំពីការផ្គត់ផ្គង់អគ្គីសនីសម្រាប់គម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ឲ្យបានរួចរាល់ជាស្ថាពរនាដើមខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជន ដែលបានទិញ និងមានបំណងចង់ទិញដីឡូតិ៍ពីក្រុមហ៊ុនផ្ទាល់។

ក្រុមហ៊ុន ខេអេច លែន ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លើគម្រោងក្រុងថ្មីដីមាសសំរោងលើ ដែលមានទីតាំងស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥១ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា និងជាគម្រោងទី៦របស់ខ្លួនផងដែរ ក្រោយពីទទួលបានជោគជ័យ និងមានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។

ដើម្បីឆ្លើយតបតាមតម្រូវការរបស់អតិថិជន ដែលបានវិនិយោគលើដីឡូតិ៏ និងលំនៅដ្ឋាននៅគម្រោង ក្រុងថ្មីដីមាសំរោងលើ ក្នុងទឹកដីខេត្តកណ្តាលនេះ ក្រុមហ៊ុនបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលរួមមានដូចជា៖ ផ្លូវបេតុងខ្វាត់ខ្វែងក្នុងគម្រោង ប្រព័ន្ធទឹកស្អាត និងប្រព័ន្ធអគ្គីសនីជាដើម។

គួរបញ្ជាក់ផងដែរថា អតិថិជនដែលបានវិនិយោគលើដីឡូតិ៍ និងលំនៅដ្ឋាននៅគម្រោងក្រុងថ្មីដីមាសសំរោងលើ នៅស្រុកអង្គស្នួល ខេត្តកណ្តាល នឹងទទួលបានការផ្គត់ផ្គង់អគ្គីសនី ពីអគ្គីសនីកម្ពុជា (EDC) ដោយផ្ទាល់តែម្តង៕

រដ្ឋាភិបាលចិនរឹបអូសឡាយឡុងកីឡដ្ឋានបាល់ទាត់តម្លៃរាប់ពាន់លានដុល្លាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Evergrande

ដោយៈសុខុម

ហុងកុង: រដ្ឋាភិបាលប្រទេសចិន បានរឹបអូសកីឡដ្ឋានបាល់ទាត់របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ China Evergrande Group យកមកលក់ឡាយឡុង ខណៈក្រុមហ៊ុននេះកំពុងដុនដាបខ្លាំង និងខ្វែងដៃខ្វែងជើងរកលុយមកសងបំណុលរុំកោះរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ វិច្ឆិកា។

ប្រភពច្បាស់ការណ៍ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ក្រុមហ៊ុន Evergrande ដែលជំពាក់បំណុលរុំកោះ រហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាមេរិក ក៏កំពុងពិចារណាលក់ក្លឹបបាល់ទាត់ Guangzhou Football Club របស់ខ្លួនផងដែរ។

ដំណើរការសាងសង់កីឡដ្ឋានបាល់ទាត់ Guangzhou Evergrande Football Stadium ដែលតាមការអះអាងថាធំជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទុនវិនិយោគរហូតដល់ទៅ១២ពាន់លានយ័ន (១,៨៦ពាន់លានដុល្លារអាមេរិក) នេះបានចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ជាស្ថាពរនៅត្រឹមដំណាច់ឆ្នាំ២០២២។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានផ្អាកការសាងសង់កណ្ដាលទីដោយ​សារខ្វះដើមទុន ហើយការគ្រប់គ្រងលើកីឡដ្ឋាននេះ ក៏ត្រូវធ្លាក់ទៅលើអាជ្ញាធរដែលគ្រោងលក់វាឡាយឡុង។

ទន្ទឹមនេះ ប្រភពមួយផ្សេងទៀតបានទម្លាយឱ្យដឹងដែរថា ការសាងសង់កីឡដ្ឋាននេះផ្អាកយ៉ាងហោចណាស់៣ខែមកហើយ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Evergrande បានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយជុំវិញរឿងនេះ។ កាលពីខែកញ្ញា ក្រុមហ៊ុននេះបានអះអាងថា ការងារសាងសង់កីឡដ្ឋាននេះកំពុងដំណើរការ “ជាធម្មតា”។

Evergrande ធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលលក់ដាច់ជាងគេបំផុតរបស់ប្រទេសចិន ប៉ុន្តែឥឡូវនេះកំពុងតែដុនដាបខ្លាំង ក្នុងការរកលុយសងម្ចាស់បំណុល និងក្រុមហ៊ុនផ្គត់ផ្គង់។ ប្រភពដែលដឹងរឿងនេះ បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា រដ្ឋាភិបាលថ្នាក់តំបន់ទូទាំងប្រទេសចិន កំពុងរ៉ាប់រងមើលការខុសត្រូវលើការលក់ទ្រព្យសកម្មមួយចំនួនរបស់ក្រុមហ៊ុននេះដើម្បីដោះបំណុល៕ Reuters៕

សឹង្ហបុរីអនុញ្ញាតការធ្វើដំណើរមកពីប្រទេសកម្ពុជា ថៃ ហ្វីជី ស្រីលង្កា ម៉ាល់ឌីវ និងតួកគី សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់

ដោយ: សុផារី

សឹង្ហបុរីៈ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) នៅថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសសិង្ហបុរីនឹងពង្រីកមធ្យោបាយធ្វើដំណើរ ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ហើយ (VLT) មកពីប្រទេសចំនួន ៦ បន្ថែមទៀតនៅខែធ្នូខាងមុខ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅល្ងាចថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ចាប់ពីថ្ងៃទី១៤ ខែធ្នូខាងមុខនេះ អ្នកដំណើរដែលបានទទួលការចាក់ វ៉ាក់សាំងបង្ការ COVID-19 រួចរាល់ហើយមកពីប្រទេសថៃ នឹងអាចចូលមកកាន់ប្រទេសសិង្ហបុរីបាន ដោយមិនចាំបាច់ឆ្លងកាត់ការធ្វើចត្តាឡីស័កឡើយ ខណៈលក្ខខណ្ឌដូចគ្នានេះ ក៏នឹងត្រូវអនុវត្តផងដែរ ចំពោះអ្នកដំណើរមកពីប្រទេសកម្ពុជា ហ៊្វីជី ម៉ាល់ឌីវ ស្រីលង្កា និងតួកគី នឹងអាចធ្វើដូច្នេះបានចាប់ពីថ្ងៃទី១៦ ខែធ្នូខាងមុខនេះ។

ការពង្រីកបន្ថែមចុងក្រោយនេះ នឹងបង្កើនចំនួនប្រទេសរហូតដល់២៧ ដែលរដ្ឋាភិបាលសិង្ហបុរីអនុញ្ញាត ឱ្យចូលមកកាន់ប្រទេសរបស់ខ្លួន ដោយមិនចាំបាច់តម្រូវឱ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ហើយ ខណៈអ្នកចូលមកកាន់ទឹកដីសិង្ហបុរី គឺត្រូវតែទទួលការធ្វើតេស្តរកកូវីដ-១៩ ទាំងមុនពេលចេញដំណើរពីប្រទេសរបស់ពួកគេ និងពេលមកដល់ទឹកដីសិង្ហបុរី៕

ស្វែងយល់ពីការតភា្ជប់គ្នានៃលំហស្ថាបត្យកម្ម តើវាមានសារៈសំខាន់បែបណា?

ដោយៈជេស៊ីកា

ភ្នំពេញៈ សា្ថបត្យកម្ម គឺជាបណ្តុំគ្នានៃលំហជាច្រើន ដែលតភ្ជាប់គ្នាតាមសិល្ប៏វិធីរបស់អ្នកសិក្សាគំរោង។ ការតភ្ជាប់គ្នាតាមវិធីសាស្ត្រ និងមានភាពរលូន បង្កើតបានជារបាយនៃលំហ ដែលមានមុខងារទៅតាមលក្ខខណ្ឌរបស់វា ហើយលំហទាំងនោះនឹងក្លាយជា៖

• ទិដ្ឋភាព
• សោភណ្ឌភាព
• ការបង្កើតគំនិតបង្កប់នៅក្នុងការរៀបចំ (Concept) ដែលអាចហៅបានថារចនាបថស្ថាបត្យកម្ម។
រចនាបថនេះ មិនសំដៅសំខាន់ទៅលើការ ការតុបតែងលំអស្ថាបត្យកម្ម ដូចជា បង្អួច ទ្វារ និង គ្រឿងលំអផ្សេងៗ ទៀតនោះទេ ប៉ុន្តែកត្តាសំខាន់ទីមួយ គឺគំនិតបង្កើតឡើងដែលមានការរៀបចំ ផ្សំផ្គុំលំហនានាបញ្ចូលគ្នា ហើយលក្ខណះបែបនេះអាចធ្វើការបកស្រាយបានដោយអ្នកឯកទេសស្ថាបត្យកម្មតែមួយគត់។

ការតភ្ជាប់គ្នានៃលំហមានច្រើនសណ្ឋាន ដែលរួមមានទិដ្ឋភាពសំខាន់ៗដូចជា
• លំហក្នុងលំហៈ ជាការតភ្ជាប់គ្នាដោយលំហធំក្តោបលំហតូច មានពេលខ្លះលំហតូចក៏អាចក្តោបលំហធំបានដែរ។
• ការស្រេះចូលគ្នាៈជាការរលាយចូលគ្នានៃលំហពីរ ដែលមានផ្ទៃភាគខ្លះត្រួតស៊ីគ្នា បង្កើតបានជាលំហរួមមួយ។

• លំហភ្ជាប់គ្នាៈ ជាទូទៅយើងជួបប្រទះលំហ ប្រភេទនេះ ដោយសារតែភាពងាយស្រួលនៅក្នុងការមើលឃើញ ហើយបានកំណត់ នូវរូបរាងរបស់លំហទាំងនេះ និងមានតម្រូវការជាក់លាក់។

• លំហតភ្ជាប់គ្នាដោយលំហមួយៈ ជាការតភ្ជាប់គ្នាររវាងលំហ ពីរដែលនៅដាច់ពីគ្នា អោយមើលឃើញលំហ នោះកាន់តែមានភាពធំទូលាយឡើង៕