ស្វែងយល់ពីការតភា្ជប់គ្នានៃលំហស្ថាបត្យកម្ម តើវាមានសារៈសំខាន់បែបណា?

ដោយៈជេស៊ីកា

ភ្នំពេញៈ សា្ថបត្យកម្ម គឺជាបណ្តុំគ្នានៃលំហជាច្រើន ដែលតភ្ជាប់គ្នាតាមសិល្ប៏វិធីរបស់អ្នកសិក្សាគំរោង។ ការតភ្ជាប់គ្នាតាមវិធីសាស្ត្រ និងមានភាពរលូន បង្កើតបានជារបាយនៃលំហ ដែលមានមុខងារទៅតាមលក្ខខណ្ឌរបស់វា ហើយលំហទាំងនោះនឹងក្លាយជា៖

• ទិដ្ឋភាព
• សោភណ្ឌភាព
• ការបង្កើតគំនិតបង្កប់នៅក្នុងការរៀបចំ (Concept) ដែលអាចហៅបានថារចនាបថស្ថាបត្យកម្ម។
រចនាបថនេះ មិនសំដៅសំខាន់ទៅលើការ ការតុបតែងលំអស្ថាបត្យកម្ម ដូចជា បង្អួច ទ្វារ និង គ្រឿងលំអផ្សេងៗ ទៀតនោះទេ ប៉ុន្តែកត្តាសំខាន់ទីមួយ គឺគំនិតបង្កើតឡើងដែលមានការរៀបចំ ផ្សំផ្គុំលំហនានាបញ្ចូលគ្នា ហើយលក្ខណះបែបនេះអាចធ្វើការបកស្រាយបានដោយអ្នកឯកទេសស្ថាបត្យកម្មតែមួយគត់។

ការតភ្ជាប់គ្នានៃលំហមានច្រើនសណ្ឋាន ដែលរួមមានទិដ្ឋភាពសំខាន់ៗដូចជា
• លំហក្នុងលំហៈ ជាការតភ្ជាប់គ្នាដោយលំហធំក្តោបលំហតូច មានពេលខ្លះលំហតូចក៏អាចក្តោបលំហធំបានដែរ។
• ការស្រេះចូលគ្នាៈជាការរលាយចូលគ្នានៃលំហពីរ ដែលមានផ្ទៃភាគខ្លះត្រួតស៊ីគ្នា បង្កើតបានជាលំហរួមមួយ។

• លំហភ្ជាប់គ្នាៈ ជាទូទៅយើងជួបប្រទះលំហ ប្រភេទនេះ ដោយសារតែភាពងាយស្រួលនៅក្នុងការមើលឃើញ ហើយបានកំណត់ នូវរូបរាងរបស់លំហទាំងនេះ និងមានតម្រូវការជាក់លាក់។

• លំហតភ្ជាប់គ្នាដោយលំហមួយៈ ជាការតភ្ជាប់គ្នាររវាងលំហ ពីរដែលនៅដាច់ពីគ្នា អោយមើលឃើញលំហ នោះកាន់តែមានភាពធំទូលាយឡើង៕

ដំណឹងល្អៈ អាជ្ញាធរកម្ពុជា ថៃត្រៀមបើកច្រកព្រំដែនឡើងវិញឆាប់ៗនេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អាជ្ញាធរកម្ពុជា និងភាគីថៃ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា កន្លងមកនេះ បានប្រជុំពិភាក្សាត្រៀមបើកច្រកព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែននានា នាពេលឆាប់ៗខាងមុខនេះ។

កិច្ចប្រជុំនេះ ចូលរួមដោយអភិបាលខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី អភិបាលខេត្តបាត់ដំបង លោកសុខ លូ និងអភិបាលខេត្តស្រះកែវ នៃប្រទេសថៃឯកឧត្តម បរិនបញ្ញា ភោធិសាធ។

ភាគីទាំង២ មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទ បើកច្បាស់លាស់នោះទេ តែបញ្ជាក់ថាច្រកដែលនឹងត្រូវបើករួមមាន ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ច្រកម៉ាឡៃ និងច្រកបឹងត្រកួន ដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យ ក៏ដូចជា ច្រកទ្វារអន្តរជាតិគីឡូ១៣ នៅស្រុកសំពៅលូន ដែលស្ថិតក្នុងខេត្តបាត់ដំបងផងដែរ។

លើសពីនេះ ភាគីកម្ពុជាក៏បានស្នើសុំឱ្យពលរដ្ឋចេញ-ចូលទៅធ្វើការ ព្រឹកវិលល្ងាច១ថ្ងៃ ៣០០០នាក់ និងអ្នកអូសរទេះ១ថ្ងៃ ៣០០ជើង តែត្រូវអនុវត្តតាមវិធានសុខាភិបាល។ សម្រាប់ពលករដែលមានប័ណ្ណឆ្លងព្រំដែន អាចចូលបាន៣ខែ សម្រាប់ការកសិកម្មតាមបន្ទាត់ព្រំដែន។

អាជ្ញាធរខត្តជាប់ព្រំដែនកម្ពុជារបស់ប្រទេសថៃ បានទទួលយកសំណើ ដើម្បីទៅរាយការណ៍ជូនរដ្ឋាភិបាលខ្លួន មុនចេញជាគោលការណ៍ឯកភាព៕

សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាពិភាក្សាការងារជាមួយរដ្ឋាករទឹកស្វយ័តដើម្បីស្វែងរកដំណោះស្រាយបញ្ហាទឹកស្អាត

ដោយៈសុផារី

ភ្នំពេញៈ អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានដឹកនាំសមាជិក-សមាជិកា រៀបចំប្រជុំសំណេះសំណាល និងពិភាក្សាការងារជាមួយរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដឹកនាំដោយលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ដែលមានក្រុមហ៊ុន​អភិវឌ្ឍលំនៅឋាន ជាសមាជិករបស់សមាគមជាង៥០ក្រុមហ៊ុន និងមន្ដ្រីជំនាញបច្ចេ​កទេសរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

អង្គប្រជុំបានពិភាក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈមនានា និងបានរកដំណោះស្រាយរួមគ្នា ដើម្បីបន្ដជំរុញដំណើរការអភិវឌ្ឍន៍វិស័យសំណង់ បុរី លំនៅឋាន និងខុនដូ ដែលមានកំណើនតម្រូវការខ្ពស់ លើការប្រើប្រាស់បណ្ដាញទឹកស្អាតពេលបច្ចុប្បន្ន។

ជាលទ្ធផលអង្គប្រជុំបានសម្រេច លទ្ធផលចំនួន៣ចំណុចដូចជា ទី១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធ្វើបទបង្ហាញស្ដីពី “ស្ថានភាពផ្គត់ផ្គង់ទឹកបច្ចុប្បន្ន និងផែនការអភិវឌ្ឍបណ្ដាញទឹកស្អាតដល់ឆ្នាំ២០៣២”។ ទី២ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពបង្កើតយន្ដការកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវិស័យឯកជន និងស្ថាប័នរដ្ឋ ក្នុងការបន្ដលើកកម្ពស់ខ្ពស់ការផ្គត់ផ្គង់សេវាទឹកស្អាតតាមបណ្ដាលគម្រោងអភិវឌ្ឍន៍សំណង់នីមួយៗ។

ទី៣ ការបង្ហាញពីបញ្ហាប្រឈមនានារបស់គម្រោងអភិវឌ្ឍន៍សំណង់ តាមបណ្ដាលជាយក្រុងភ្នំពេញ ដោយរៀបចំសិក្សាបន្ថែមពន្លឿនយន្ដការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ៕

ប្រធាន CVEA ឆ្នាំ២០២២ វិស័យអចលនទ្រព្យនឹងមានវឌ្ឍនភាពល្អប្រសើរជាពិសេសដីធ្លីនិងសំណង់

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានមានប្រសាសន៍ក្រោយសមាជលើកទី២៣ កាលពីពេលថ្មីៗនេះឱ្យដឹងថា ចាប់ពីឆ្នាំ២០២ខាងមុខ វិស័យអចលនទ្រព្យកម្ពុជានឹងកាន់តែប្រសើរឡើង ជាពិសេសផ្នែកដីធ្លី និងសំណង់។

លោកអះអាងបែបនេះ ដោយសារលោកមើលឃើញថា វិស័យទេសចេណ៍នឹងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន ។

លោកបន្តថា លោកមើលឃើញថាសក្កានុពល នៃការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា បើធៀបនឹងបណ្តាប្រទេស នៃតំបន់អាស៊ានប្រទេសកម្ពុជា នៅតែមានឱកាសទទួលបានប្រាក់ចំណេញខ្ពស់ ព្រោះថាតម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត បើធៀបនឹងប្រទេសផ្សេងៗទៀត គឺនៅតម្រិតធូរថ្លៃល្អ ជាក់ស្តែង ១ម៉ែត្រការ៉េនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នៅកណ្តាលទីក្រុងភាគច្រើនតម្លៃ៥ពាន់ដុល្លារទៅ ៨ពាន់ដុល្លារអាមេរិកក្នុងមួយម៉ែត្រ ប៉ុន្តែបើនៅហាណូយ ឬបាងកក ភាគច្រើនមានតម្លៃជាង១ម៉ឺនដុល្លារអាមេរិករួចទៅហើយ។

លោកបន្តថា “បើសិនជាតម្លៃទាំងអស់នេះ នឹងកើនឡើងនៅកម្ពុជាយើង ដូច្នេះវិស័យអចលនទ្រព្យមានឱកាសចំណេញខ្ពស់នាថ្ងៃអនាគត”។

លោកច្រឹក សុខនីមបានបន្ថែមថា វិនិយោគិនមួយចំនួន ដែលចូលរួមក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន មានចំណាប់អារម្មណ៍ទៅលើវិស័យអចលនទ្រព្យនៅកម្ពុជា។ លោកថា វិស័យអចលនទ្រព្យគឺជាគន្លឹះដ៏សំខាន់ ដើម្បីអាចឲ្យបណ្តាប្រទេសសមាជិកទាំងអស់ ទទួលបាននូវការគាំទ្រ ពិសេសពង្រីកសក្តានុពលក្នុងការវិនិយោគវិស័យនេះ។

អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជា ជាច្រើននាក់ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះការវិលត្រលប់របស់វិនិយោគិនបរទេស មកកាន់ទឹកដីប្រទេសកម្ពុជា ស្វែងរកការវិនិយោគឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញចាប់ពីដើមខែវិច្ឆិកា២០២១កន្លងទៅនេះ៕

ខេត្តសៀមរាប ត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ នៅចុងឆ្នាំ២០២១ដើម្បីជំរុញកំណើនភ្ញៀវទេសចរ

ដោយ: ម៉ាលីស

សៀមរាបៈ ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបកាលពីថ្ងៃទី២៦ វិច្ឆិកាកន្លងមកនេះបានឲ្យដឹងថា ព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប នឹងរៀបចំនៅក្នុងខែធ្នូខាងមុខនេះ រួមមាន ព្រឹត្តិការណ៍អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោល សៀមរាបថ្មី២០២១ និងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦។

លោកប្រធានមន្ទីរបន្ថែមថា តាមការណែនាំរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជំរុញ និងលើកទឹកចិត្តដល់បណ្ដាមន្ទីរ អង្គភាព និងក្រុមហ៊ុនឯកជន ចូលរួមបង្កើតព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ។ បន្ថែមពីលើ ការរៀបចំព្រឹត្តិការណ៍ក្នុងប្រទេស លោកបានបញ្ជាក់ផងដែរថា ភ្នាក់ងារទេសចរណ៍ជិត ៣០០ក្រុមហ៊ុន ក្នុងខេត្តសៀមរាប បាននឹងកំពុងទាក់ទងជាមួយដៃគូ របស់ពួកគេនៅបរទេស ដើម្បីផ្សព្វផ្សាយពីកញ្ចប់ទេសចរណ៍ ក៏ដូចជាសិក្សាពីព័ត៌មានលម្អិតផ្សេងៗជុំវិញវិធានសុខាភិបាលចំពោះភ្ញៀវអន្តរជាតិ ដែលទទួលបានវ៉ាក់សាំងពេញលេញ។

ប៉ុន្តែ ការរៀបចំដំណើរទស្សនកិច្ច សម្រាប់ភ្ញៀវអន្តរជាតិមកកម្ពុជា ត្រូវការកិច្ចសហការទៅវិញទៅមកទាំងក្នុង និងក្រៅប្រទេស ព្រមទាំងត្រូវការពេលវេលាច្រើន។

ទោះបីការរង់ចាំភ្ញៀវទេសចរ ពីក្រៅប្រទេសនៅមានឧបស័គ្គខ្លះៗ ប៉ុន្តែលោកប្រធានមន្ទីរទេសចរណ៍ខេត្ត នៅតែបង្ហាញគំនិតវិជ្ជមានថា ទេសចរផ្ទៃក្នុង គឺជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ចលនាទេសចរណ៍ក្នុងស្រុក ឱ្យមានសកម្មភាពឡើងវិញ។ ក្នុងនោះ ជនបរទេស ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ២០ម៉ឺននាក់ ក៏នឹងរួមចំណែកជួយជំរុញទេសចរណ៍ក្នុងស្រុកផងដែរ។

ជាក់ស្ដែង នៅក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុកកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមា ១៤ម៉ឺននាក់ ដែលជួយឱ្យសេវាកម្មទេសចរណ៍មួយចំនួន ក្នុងខេត្តបានបើកដំណើរការឡើងវិញ៕

សិក្សាពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុដោយទិញហ្រេ្វនឆាយ (Franchise)

ដោយ: ម៉ាលីស

ភ្នំពេញៈ សម្រាប់អ្នកទើបនឹងព្រលោកថ្មីៗក្នុងអាជីវកម្ម ការបង្កើតអាជីវកម្មថ្មី ទិញសិទ្ធិអាជីវកម្ម ឬយើងតែងនិយមថា ហ្រ្វេនឆាយ នោះក៏មានការពេញនិយមផងដែរក្នុងបរិបទរកស៊ីនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងនេះក្តី វាបានផ្ដល់នូវចំណុចល្អនិងមិនល្អ។

ក្នុងសៀវភៅ “វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានរៀបរាប់ពីគុណសម្បត្តិនិងគុណវិបត្តិ នៃការបើកក្រុមហ៊ុនអចលនវត្ថុបែបហ្រ្វេនឆាយ ដោយសង្ខេបដូចតទៅ

១ គុណសម្បត្តិ

-Master franchise ជួយផ្ដល់ជាយោបល់ និងជួយរៀបចំដំណើរការិយាល័យពីដំបូង ទាំងការជ្រើសរើសទីតាំង តុបតែងការិយាល័យ ការចុះបញ្ជីក្រុមហ៊ុនផ្ដល់ឯកសារចាំបាច់និងមានស្តង់ដារ នៃការប្រតិបត្តិនិងវគ្គបណ្ដុះបណ្ដាល ប្រព័ន្ធការងារណែនាំផងដែរ និងផ្ដល់ជាយុទ្ធសាស្ត្រផ្សេងៗ។

-កេរត្តិ៍ឈ្មោះជាសកលរបស់ Master Franchise ជួយជំរុញអាជីវកម្មថ្មីៗរបស់យើង មានការទទួលស្គាល់ និងទទួលបានទំនុកចិត្តយ៉ាងឆាប់រហ័ស ពីអតិថិជនហើយក៏មានភាពងាយស្រួល ក្នុងការជ្រើសរើសបុគ្គលិក មកបម្រើការងារផងដែរ។

-មានការជួយគាំទ្រ និងជួយផ្ដល់យោបល់ណែនាំបង្ហាញផ្លូវជាប្រចាំ នឹងរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលជាមួយគ្រូ ដែលមានបទពិសោធន៍អនុវត្តផ្ទាល់ ក្នុងវិស័យនេះជាច្រើននៅក្នុងស្រុកនិងមកពីបរទេស។ ជួយរៀបចំឲ្យមានទស្សនៈកិច្ចសិក្សា ទៅរៀនសូត្រពីប្រទេសទាំងនោះផងដែរ។

-មានបណ្ដាញធំទូលាយ មានមនុស្សច្រើនមានអំណាចក្នុងការចចារយកគម្រោងធំៗ ល្អជាមួយនឹងកុំបែកជើងសារខ្ពស់និងលក្ខខណ្ឌល្អបំផុត។

២ គុណវិបត្តិ

-ចំណាយដើមទុនច្រើនសំរាប់ទិញហ្រ្វេនឆាយ និងរៀបចំការិយាល័យតាមស្តង់ដារហើយតម្រូវឲ្យបង់ប្រាក់ ហ្រ្វេនឆាយប្រចាំខែ អាចតាមចំនួនកំណត់មួយ ឬគិតជាភាគរយលើប្រាក់ចំណូល។ ការរៀបចំការិយាល័យ និងជ្រើសរើសទីតាំងត្រូវបានគេកំណត់ មិនអាចមានសិទ្ធិជ្រើសរើសរៀបចំការិយាល័យ តាមលទ្ធភាពដែលខ្លួនមាន ឬទីតាំងដែ​លខ្លួនចង់បាននោះឡើយ។

-យើងមិនមែនជាម្ចាស់នៃស្លាកយីហោដោយខ្លួនឯង ជួយកសាងកេរ្តិ៍ឈ្មោះឲ្យគេបន្ថែម យើងអាចចំណេញលុយតែមិនសល់យីហោផ្ទាល់ខ្លួនទេ។

-យើងមិនមែនជាម្ចាស់អាជីវកម្មដោយខ្លួនឯង ដែលមានសិទ្ធិសំរេចអ្វីៗគ្រប់យ៉ាងទេ ការងារខ្លះយើងអាចសម្រេចបាន ការងារខ្លះទៅឆ្លងទៅ Master Franchise។

-Master Franchise លក់សិទ្ធិអាជីវកម្មកាន់តែច្រើន ចំណែកទីផ្សារយើងកាន់តែរួមតូច៕

Elon Musk គ្រោងបោះទុនវិនិយោគបន្ថែមរាប់រយលានដុល្លារ ដើម្បីពង្រីកសមត្ថភាពផលិតកម្មនៅសៀងហៃ

ដោយៈសុខុម

សៀងហៃ: ក្រុមហ៊ុន Tesla គ្រោងបោះទុនវិនិយោគរហូតដល់១,២ពាន់លានយ័ន (១៨៨លានដុល្លាអាមេរិក) ដើម្បីពង្រីកសមត្ថភាពផលិតកម្ម នៅរោងចក្ររបស់ខ្លួនក្នុងក្រុងសៀងហៃ ដែលនឹងផ្ដល់ឱកាសការងារ ដល់មនុស្ស៤.០០០នាក់បន្ថែមទៀត។ នេះបើតាមកាសែតចិន Beijing Daily ចុះផ្សាយនៅថ្ងៃសុក្រ ទី២៦ វិច្ឆិកា នេះ។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីការឆ្លើយបំភ្លឺជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក របស់កំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក Elon Musk នេះមិនបានឆ្លើយតបនោះឡើយ។

ឯកសារដែលទីភ្នាក់ងារព័ត៌មាន Reuters ទទួលបានបង្ហាញថា ការពង្រីកសមត្ថភាពនេះនឹងផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុន Tesla បន្ថែមបុគ្គលិកចំនួន ៤.០០០នាក់ ដែលធ្វើ ឱ្យចំនួនបុគ្គលិកសរុបធ្វើការនៅរោងចក្រនេះ កើនឡើងដល់ ១៩.០០០នាក់។

រោងចក្រនៅសៀងហៃ របស់ក្រុមហ៊ុនTesla ត្រូវបានរចនាឡើងដើម្បីផលិតរថយន្តឱ្យបានរហូត ដល់ ៥០០.០០០គ្រឿងក្នុងមួយឆ្នាំ ហើយបច្ចុប្បន្នរោងចក្រនេះមានសមត្ថភាពផលិតរថយន្ត Model3 និង Model Y ក្នុងអត្រា ៤៥០.០០០គ្រឿងក្នុងមួយឆ្នាំ។

ការលក់របស់ក្រុមហ៊ុននេះនៅប្រទេសចិន កំពុងកើនឡើងខ្ពស់ ទោះបីជារងសម្ពា​ធកាន់តែខ្លាំងឡើង ពីសំណាក់ក្រុមនិយ័តករ ក្រោយមានការប្ដឹងផ្ដល់ពីអ្នកប្រើប្រាស់ជុំវិញសុវត្ថិភាពផលិតផល និងការត្រួតពិនិត្យលើការប្រមូលទិន្នន័យរបស់ក្រុមហ៊ុននេះ។

កាលពីខែមុន ក្រុមហ៊ុន Tesla និយាយថា ខ្លួនបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវមួយ និងមជ្ឈមណ្ឌលទិន្នន័យ ដាច់ដោយឡែកមួយនៅក្រុងសៀងហៃ ដើម្បីរក្សាទុកទិន្នន័យនៅតាមមូលដ្ឋានដែលខ្លួនឈរជើង៕ Reuters៕

តើផ្លូវជាតិមួយណាដែលមានសារៈសំខាន់ជាងគេនិងវែងជាងគេនៅកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានអភិវឌ្ឍន៍ និងសាងសង់ផ្លូវជាច្រើនខ្សែចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនិងចេញពីបណ្ដាខេត្ត ទៅបណ្ដាខេត្តផ្សេងទៀត ក្នុងនោះផ្លូវជាតិសំខាន់ៗជាច្រើន ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំពុងជួសជុលនិងលើកកម្ពស់ជាថ្មី។

ថ្ងៃនេះ គេហទំព័រ Property Area នឹងលើកយកផ្លូវជាតិ ដែលវែងនិងមានសារសំខាន់ជាងគេក្នុងប្រទេសកម្ពុជា។

តាមពិតទៅផ្លូវជាតិ ដែលរាជរដ្ឋាភិបាលបានសាងសង់ សុទ្ធតែមានសារសំខាន់ក្នុងការតភ្ជាប់ សម្រាប់ដឹកកសិផលរបស់កសិករ និងសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរផងដែរ ប៉ុន្តែយើងក្រលេកទៅមើលផ្លូវជាតិលេខ៥ គឺជាផ្លូវដែលមានប្រវែងវែងជាងគេក្នុងប្រទេ សកម្ពុជា និងឆ្លងកាត់បណ្តាខេត្តជាច្រើនផងដែរ។

ផ្លូវជាតិលេខ៥តភ្ជាប់ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងទៅកាន់ខេត្តបន្ទាយមានជ័យ ។ ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាជួសជុលនិងលើកកម្ពស់ជាថ្មី ដើម្បីឱ្យកាន់តែងាយស្រួលក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ក្រុមអ្នកដឹកជញ្ជូនទំនិញផងផដែរ ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន  កន្លងមកក៏បានឱ្យផងដែរថា ផ្លូវជាតិលេខ៥ជាផ្លូវដែលតភ្ជាប់ពីប្រទេសចិន មកកម្ពុជានិងបន្តទៅប្រទេសវៀតណាម ដោយចេញពីចិន ឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ា ឆ្លងកាត់ប្រទេសថៃ មកដល់កម្ពុជា និងបន្តទៅប្រទេសវៀតណាម ដែលធ្វើឱ្យផ្លូវនេះគេហៅថាផ្លូវអាស៊ាន ហាយវេ ។

លោកបន្តថា “ផ្លូវជាតិលេខ៥គឺជាឆ្អឹងខ្នង ដ៏សំខាន់របស់ប្រទេសកម្ពុជា ដូច្នេះទើបបច្ចុប្បន្ននេះ ផ្លូវលេខ៥យើងបានអភិវឌ្ឍន៍ពី២គន្លងទៅ៤គន្លង ពីភ្នំពេញទៅព្រែកក្ដាម និងពង្រីកបន្ថែមទៀតពីព្រែកក្ដាមតទៅ”។

បើតាមរដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូនរូបនេះឱ្យដឹងថា ក្រៅពីផ្លូវលេខ៥មួយខ្សែនេះ កម្ពុជាក៏បាននិងកំពុងសាងសង់ជាថ្មី ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទំហំទឹកប្រាក់៥០០០លានដុល្លារអាមេរិក។

ជាមួយគ្នានេះ ក្រសួងក៏បាននិងកំពុងលើកកម្ពស់ផ្លូវជាងចំនួន៩ទៀត រួមមានផ្លូវជាងលេខ១ ពីភ្នំពេញស្វាយរៀងបាវិត ផ្លូវជាតិលេខ២ភ្នំពេញតាកែវ ផ្លូវជាតិលេខ៣ភ្នំពេ​ញកំពត ផ្លូវជាតិលេខ៤ ភ្នំពេញ ខេត្តព្រះសីហនុ ផ្លូវជាតិលេខ៦ ភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាមត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង  ផ្លូវជាតិលេខ៨ពីព្រែកតាមាក់ទៅក្រែក លេខ៩ ស្ទឹងត្រែង ព្រះវិហារនិងលេខ១០ តភ្ជាប់ស្រុកសំឡូត វាលវែង មុនឆ្ពោះទៅកាន់ខេត្តកោះកុង៕

ក្រុមហ៊ុនល្បីឈ្មោះមួយដាក់ជួលអាផាតមិនតូចៗទំហំ១០មែត្រការ៉េ ក្នុងតំលៃតិចជាង១ដុល្លារក្នុង១ខែ នៅទីក្រុងតូក្យូ

ដោយ: ម៉ាលីស

អន្តរជាតិៈ Ikea ដែលជាក្រុមហ៊ុនលក់រាយរបស់ប្រទេសស៊ុយអែត  កំពុងក្លាយជាម្ចាស់លំនៅឋាននៅជប៉ុន  ដែលអាផាតម៉ិនតូចៗរបស់ពួកគេ នឹងដាក់ជួលនៅទីក្រុងតូក្យូ​ក្នុងតម្លៃទាបជាង១ដុល្លារក្នុងមួយខែ។

អាផាតមិនទំហំ 10 ម៉ែត្រការ៉េ (107 ហ្វីតការ៉េ) មានទីតាំងនៅក្នុងសង្កាត់ Shinjuku ហើយនឹងត្រូវចំណាយត្រឹមតែ99 យ៉េន (0.86 ដុល្លារ) ក្នុងមួយខែ ដើម្បីជួល នេះបើយោងតាមព័ត៌មានលម្អិត ដែលចេញផ្សាយដោយ Ikea ក្នុងសប្តាហ៍នេះ។

មានតែមួយយូនីតប៉ុណ្ណោះ ហើយវាត្រូវបានបំពាក់ដោយគ្រឿងសង្ហារឹម និងគ្រឿ​ងបរិក្ខាររបស់ Ikea យ៉ាងពេញលេញ។  ក្រុមហ៊ុនកំពុងទទួលយកពាក្យសុំពីអ្នកជួលដែលមានសក្តានុពល ដែលត្រូវតែមានអាយុលើសពី20 ឆ្នាំ រហូតដល់ថ្ងៃទី3 ខែធ្នូ។

តំណាងក្រុមហ៊ុនIkea បាននិយាយថា អាផាតម៉ិន នឹងត្រូវបានជួលរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣។  អ្នកជួលនឹងត្រូវបង់វិក្កយបត្រប្រើប្រាស់ផ្ទាល់ខ្លួន។

១០ម៉ែត្រការ៉េមិនធំទេ ប៉ុន្តែIkea និយាយថា ពួកគេបានប្រឹងប្រែងធ្វើវាយ៉ាងលំបាក ដើម្បីអោយក្លាយជាកន្លែងរស់នៅមួយ ដែលអាចទទួលយកបាន។

តំណាងក្រុមហ៊ុនបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា “គន្លឹះមួយគឺត្រូវប្រើប្រាស់ចន្លោះ បញ្ឈរឱ្យបានល្អ។  ដោយការចាប់យកបន្ទប់ជា៣វិមាត្រ នេះជាលទ្ធភាពថ្មី ដែលទំហំមានដែនកំនត់”។

ទីក្រុងតូក្យូគឺជាទីក្រុងមួយ ស្ថិតក្នុងចំណោមទីក្រុង ដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ដែលជំរុញឱ្យមាននិន្នាការសម្រាប់អាផាតម៉ិនខ្នាតតូចៗ។  វាជាផ្ទះសម្រាប់មនុស្សជាង១៤លាននាក់ នេះបើយោងតាមរដ្ឋាភិបាលទីក្រុងតូក្យូ។

ក្រុមហ៊ុន Ikea កំពុងផ្សព្វផ្សាយផ្ទះដ៏តូចរបស់ខ្លួន ដោយមានជំនួយពីត្រីឆ្លាមមួយក្បាលឈ្មោះBlahaj ដែលបង្ហាញនៅក្នុងវីដេអូផ្សព្វផ្សាយជាបន្តបន្ទាប់ ដែលត្រូវបានផ្សព្វផ្សាយនៅលើ YouTube ។

តួអង្គ Blahaj បង្ហាញពីភ្នាក់ងារអចលនទ្រព្យ ដែលមានជំនាញក្នុងកន្លែងតូចៗ។  នៅក្នុងឈុតខ្លីៗ លោក Blahaj បង្ហាញពីចក្ខុវិស័យរបស់គាត់ សម្រាប់អាផាតមិនដ៏តូចនេះ ដោយមានជំនួយពីសមាជិកនៃក្រុមរចនាផ្ទៃខាងក្នុង Ikea ។

នេះមិនមែនជាលើកទីមួយទេដែល Ikea ដែលបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ៕ ប្រភព: CNN៕

ពិភពលោកកំពុងប្រឈមមុខនឹងមេរោគកូវីដថ្មី ដែលមានភាពសាហាវជាង Delta ទៅទៀត

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ បណ្តាប្រទេសនានាក្នុងពិភពលោក កំពុងប្រឈមមុខនឹងមេរោគកូវីដ១៩ថ្មី ដែលមានប្រភពពីទ្វីបអាហ្រ្វិក និងមានភាពសាហាវជាងមេរោគប្រភេទ DELTA ទៀតផង។

អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្នក្នុងដំណាក់កាលដំបូង ព្រមជាមួយការស្រាវជ្រាវបន្ថែមទៀត ដើ​ម្បីយល់ពីឥទ្ធិពល និងការវិវឌ្ឍនៃវីរុស COVID-19 បំប្លែងខ្លួនថ្មី ដែលមានលេខសម្គាល់ «B.1.1.529» ខណៈទីក្រុងហុងកុងរបស់ចិន បានក្លាយជាដែនដីដំបូងគេនៅទ្វីបអាស៊ី ដែលបានរកឃើញវត្តមានវីរុសថ្មីនេះ លើបុរសពីរនាក់ ដែលបានធ្វើដំណើរមកពីអាហ្វ្រិកខាងត្បូង។ នេះបើតាមការដកស្រង់ ចេញពីទីភ្នាក់ងារសារព័ត៌មាន Reuters និង AFP នារសៀលថ្ងៃសុក្រ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

ការអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយវេជ្ជបណ្ឌិតMaria Van Kerkhove ប្រធានក្រុមបច្ចេកទេសគ្រប់គ្រងជំងឺ COVID-19 របស់ WHO។

ក្នុងដំណាក់កាលនៃការប្រឈមមុខ នឹងវីរុសបំប្លែងខ្លួនថ្មី ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយនេះ លោកស្រីវេជ្ជបណ្ឌិតMaria Van Kerkhove នៅតែបន្តណែនាំអំពីសារៈសំខាន់ នៃការធានាឲ្យបានការចាក់វ៉ាក់សាំងពេញលេញ។

ប្រទេសមួយចំនួនដែលបានស្វែងយល់ អំពីវីរុសបំប្លែងថ្មី B.1.1.529 ខាងលើនេះ ដូចជាចក្រភពអង់គ្លេស និងអ៊ីស្រាអែលជាដើម បានសម្រេចផ្អាកជើងហោះហើរ ជាមួយប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសបុតស្វាណា (Botswana) ព្រមទាំងប្រទេសចំនួន ៣ទៀត ដូចជា ប្រទេសណាមីបៀ (Namibia), ហ្ស៊ីមបាបវ៉េ (Zimbabwe), ប្រទេសឡេសូថូ (Lesotho) និងអេស្វាទីនី (Eswatini) រួចរាល់ហើយ ចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះតទៅ ខណៈប្រទេសអូស្ត្រាលីវិញក៏កំពុងគិតគូរ ក្នុងការធ្វើដូចគ្នានេះផងដែរ។

ដោយឡែកសម្រាប់ប្រទេសឥណ្ឌាវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចេញបញ្ជាឲ្យអាជ្ញាធរ តាមអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួន ដាក់ឧបករណ៍តាមដានសុខភាព ទៅលើអ្នកដំណើរមកពីប្រទេសទាំង៥ នៅតំបន់អាហ្វ្រិកខាងត្បូងខាងលើនេះផងដែរ ហើយការកែសម្រួលផ្នែកទិដ្ឋាការ ចំពោះប្រទេសទាំង៥នេះ កំពុងស្ថិតនៅក្នុងការត្រួតពិនិត្យ។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រ នៃចក្រភពអង់គ្លេសបានប្រកាសថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះវីរុស COVID-19 បំប្លែងខ្លួនថ្មី B.1.1.529 នេះ មានទ្រង់ (Spike Protein) ខុសគ្នាយ៉ាងខ្លាំងពីវីរុសដើម ដែលវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើង ដើម្បីប្រយុទ្ធប្រឆាំងនឹងវា។ ក្រុមមន្ត្រីអង់គ្លេសបានកំណត់ថា វីរុសនេះប្រហែលជាមានការបំប្លែងខ្លួន «ទ្វេដង» ដែលយើងបានឃើញនៅក្នុងវីរុសបំប្លែងខ្លួន Delta ហើយវាជាអ្វីដែល “អាក្រក់បំផុត” ព្រោះវ៉ាក់សាំងនានាបច្ចុប្បន្ននេះ ទំនងជាមិនមានប្រសិទ្ធភាពក្នុងការទប់ទល់វាឡើយ។

មេរោគCOVID-19 បំប្លែងខ្លួនថ្មី B.1.1.529 ត្រូវបានរកឃើញដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅក្នុងសប្តាហ៍នេះតែម្តង ហើយវាបានរីករាលដាល ទៅកាន់ប្រទេសចំនួន ០៤ ទៀតដែលនៅក្បែរខាងដូចខាងលើនេះ។ នៅប្រទេសអាហ្វ្រិកខាងត្បូងតែឯង វីរុសនេះ ត្រូវបានរកឃើញលើមនុស្សជាង១០០នាក់ហើយ ខណៈនៅប្រទេសបុតស្វាណាវិញ មានចំនួនតិចតួចនៅឡើយ។

ចំពោះអការៈរោគ ឬផលប៉ះពាល់ធ្ងន់ធ្ងរក្នុងកម្រិតណា ចំពោះសុខភាព នៅពេលមនុស្សឆ្លងវីរុសបំប្លែងខ្លួនថ្មីនេះ គឺមិនទាន់មានការបញ្ជាក់នៅឡើយទេ៕