ចំណេញរហូតដល់ ៧៨​,០០០ដុល្លារ ពីកម្មវិធី Orkide Flash Sales របស់ក្រុមហ៊ុនអ័រគីដេ

ដោយៈ សហសេវិក

ភ្នំពេញៈ ដូចដែលបានប្រកាសកាលពីសប្តាហ៍មុន ថាក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន នឹងរៀបចំកម្មវិធី ដែលពុំធ្លាប់មានពីមុនមក នោះគឺ Orkide Flash Sales ហើយកម្មវិធីនេះដែរឃើញថា​មានការគាំទ្រយ៉ាងច្រើន ពីសំណាក់អតិថិជនដែលអញ្ជើញ មកចូលរួមកម្មវិធិនៅការិយាល័យលក់ផ្ទាល់របស់គម្រោង។

កម្មវិធី Orkide Flash Sales នេះដែរមានការបើកលក់ផ្ទះ ប្រកបអាជីវកម្មប្រភេទ The Prestige ដែលជាម៉ូតផ្ទះអឺរ៉ុប បែបក្លាហ្សិក ​​ចំនួន២ប្រភេទគឺ The Prestige A ទំហំ 6m x 18m មាន៥បន្ទប់គេង និង ៦បន្ទប់ទឹក និង The Prestige C ដែលមានទំហំផ្ទះ 4.20m x 18m មាន៤បន្ទប់គេង និង ៥បន្ទប់ទឹក។

លក្ខណៈពិសេសនៃផ្ទះអាជីវកម្ម The Prestige ទាំង២ប្រភេទនេះដែរ គឺស្ថិតនៅលើផ្លូវរដ្ឋទំហំ ២០ម ដែលតភ្ជាប់ពីទីក្រុងរណបOCIC ទៅដល់គម្រោងគម្រោងអភិវឌ្ឍន៍របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែររួមមានពហុកីឡាដ្ឋានជាតិ មរតក តេជោ និងវិមានឈ្នះឈ្នះ សួនសត្វសាហ្វារី និងសួនទឹកហ្គាឌិនស៊ីធី ដែលជាទីតាំងដល់ល្អបំផុតសម្រាប់ការប្រកបរបរអាជីវកម្ម និងការរស់នៅ ដោយសារស្ថិតនៅអមសងសងទន្លេសាប និងទន្លេមេគង្គផ្ទាល់តែម្តង។

កម្មវិធី មានរយះពេលបីថ្ងៃ ចាប់​ពីថ្ងៃទី ២៦-២៧ និង២៨​ ខែវិច្ឆិកា ហើយក្រុមហ៊ុនក៏មានជាការប្រ៉ូម៉ូសិនពិសេស ពុំធ្លាប់មានពីមុនមក គឺអតិថិជននឹងទទួលបានការបញ្ចុះតម្លៃរហូតដល់១២% ជាមួយនឹងការចាប់រង្វាន់ផ្សេងៗ និងឱកាសទទួលបានទឹកប្រាក់ត្រឡប់មកវិញចាប់ពី ១ពាន់ដុល្លារ រហូតដល់ ដល់ការបញ្ចុះតម្លៃ ១%បន្ថែមទៀត សរុបជាទឹកប្រាក់លោក អ្នក អាចមានឱកាសចំណេញរហូតដល់៧៨,០០០ដុល្លារភ្លាមៗ ទាំងនេះពិតជាកម្មវិធី ដែលពុំធ្លាប់មានពីមុនមករបស់ក្រុមហ៊ុនអ័រគីដេ។

ដូច្នេះកុំអោយឱកាសដ៏វិសេសវិសាលនេះ កន្លងផុតទៅអោយសោះ​ សូមប្រញ៉ាប់មកសាកសួរព័ត៌មាន និងចូលរួមកម្មវិធីរបស់យើង នៅការិយាល័យលក់ដល់មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦អា ពីស្ពានជ្រោយចង្វារ៧គ.ម រួចបត់ឆ្វេងតាមស្តុបអ័រគីដេ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 093 73 3333 – 095 277 ​277 – 085 388 388 –  076 879 9999 និងគេហទំព័រហ្វេសប៊ុកផេក https://www.facebook.com/orkide.development​​

អបអរសាទរៈលោកស្រីឆាយ ស៊ីវលីនបានជាប់ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសំរាប់អាណត្តិទី៩

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រីឆាយ ស៊ីវលីន អាណត្តិទី៨ ត្រូវបានសម្រេចតែងតាំងជាប្រធានសមាគមនេះ សម្រាប់អាណត្តិទី៩ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ខាងមុខ។

លោកហូ វណ្ឌី ប្រធានគណកម្មការរៀបចំ ការបោះឆ្នោតរបស់សមាគម CATA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរាត្រីថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា គណកម្មការរៀបចំការបោះឆ្នោតសមាគម បានសម្រេចជាឯកច្ឆ័នតែងតាំងលោកស្រីឆាយ ស៊ីវលីនជាប្រធានសមាគមនេះសម្រាប់អាណត្តិថ្មីខាងមុខនេះ។

លោកបន្តថា “ការសម្រេចជាឯកច្ឆ័ននេះ ដោយសារអ្នកឈរឈ្មោះបោះឆ្នោតម្នាក់ទៀតបានសម្រេចបោះបង់ការឈរឈ្មោះ ហេតុនេះដំណែងប្រធានជាស្វ័យប្រវត្តិបានទៅលើលោកស្រីឆាយ ស៊ីវលីន”។

លោកហូ វណ្ឌីបានបន្តថា នៅថ្ងៃទី២៦ វិច្ឆិកានេះ នឹងមានការប្រកាសពីសមាសភាព និងប្រធានសមាគមថ្មី និងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដែលធ្វើឡើងដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារម៉ារីយ៉ុត (លើផ្លូវត្រសក់ផ្អែម កែវផ្លូវសម្តេចប៉ាន)ដែលមានទីតាំងនៅសង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ការវិនិយោគអចលនទ្រព្យនៅកម្ពុជាភាគច្រើនធ្វើឡើងទៅតាមជំនោរទីផ្សារ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានកំណើនឡើងខ្ពស់ បើធៀបនឹងរយៈពេលកន្លងមក ហើយក៏មានអ្នកជំនួញអ្នកវិនិយោគក្នុងស្រុកជាច្រើន បានងាកទោរកវិស័យអចលនទ្រព្យដើម្បីជារបរបន្ថែមក្នុងការរកប្រាក់ចំណេញរបស់ខ្លួន។

ប៉ុន្តែការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហាក់មិនបានផ្ដោតខ្លាំងទៅលើតម្រូវការជាមូលដ្ឋាននោះទេ ។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុនិងជាអ្នកវិនិយោគអចលនទ្រព្យមួយនៅកម្ពុជាបានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍កាលពីពែលថ្មីៗនេះឱ្យដឹងថា យើងឃើញមួយរយៈចុងក្រោយនេះ អ្នកចូលរួមវិនិយោគក្នុងវិស័យអចលនទ្រព្យ ពិតជាមានច្រើនមែន ប៉ុន្តែពួកគាត់ មិនបានផ្ដោតទៅលើតម្រូវការជាមូលដ្ឋានទេ គឺធ្វើឡើងទៅតាមជំនោរទីផ្សារ។

លោកបន្តថា “ការវិនិយោគដោយធ្វើឡើងតាមជំនោរទីផ្សារនេះ មានន័យថាការធ្វើឡើងដោយតាមគ្នា ដោយឃើញគេរកស៊ីយ៉ាងម៉េចបានក៏ធ្វើតាមគេដែរ ទាំងដែលខ្លួនមិនទាន់មានបទពិសោធន៍ ចំណេះដឹងទៅលើវិស័យនោះទាល់តែសោះ”។ លោកបន្តថា “មួយចំនួនធំអ្នកដែលវិនិយោគលើដីធ្លី មិនមានគោលបំណងច្បាស់លាស់នោះទេ ដោយមិនដឹងថាតើត្រូវវិនិយោគដើម្បីអ្វី  វិនិយោគទៅលើផ្នែកណាមួយជាដើម”។

លោកង៉ែត ជូឱ្យដឹងថា ការវិនិយោគនៅកម្ពុជាលើវិស័យអចលនទ្រព្យ មិនបានផ្ដោតទៅលើតម្រូវការជាក់ស្ដែង ដូចបណ្ដាប្រទេសមួយចំនួននោះទេ ដោយការវិនិយោគអចលនទ្រព្យនៅកម្ពុជានាពេលនេះ គឺអាស្រ័យលើឥរិយាបថរបស់ប្រជាពលរដ្ឋកម្ពុជា។

ចំណែកលោកសំ សុខនឿនប្រធានសមាគអចលនទ្រព្យសកលក៏បានលើកឡើងកាលពីពេលកន្លងមកថា ការអភិវឌ្ឍអចលនទ្រព្យនៅកម្ពុជា ផ្នែកខ្លះហាក់លើសពីតម្រូវការជាក់ស្ដែងទៅហើយ ដូចជាការអភិវឌ្ឍលំនៅឋានបច្ចុប្បន្ននេះ មើលទៅគឺដូចជាលើសអ្វីដែលប្រជាពលរដ្ឋមានលទ្ធភាព ក្នុងការទិញ ហើយជាក់ស្ដែងផ្ទះនៅតាមបុរីមួយចំនួនក៏មានតែផ្ទះតែមិនមានមនុស្សរស់នៅដែរ ។

កាលពីមួយរយៈមុននេះ ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍ លើការទិញដីឡូត៏ ដោយបង់រំលស់ជាប្រចាំខែ  ។ កាលនោះ អ្នកអភិវឌ្ឍន៍ដីឡូត៏ជាច្រើនមើលឃើញថាមានអ្នកទិញច្រើន ក៏នាំគ្នាទៅអភិវឌ្ឍន៍ជាដីឡូត៏ ទាំងអ្នកធ្វើការក្នុងវិស័យផ្សេងៗ ក៏ទៅចូលរួមក្នុងការអភិវឌ្ឍដីឡូត៏សម្រាប់លក់ដែរ៕

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃជិត ២០០០លានដុល្លារអាមេរិក សម្រេចបានជិត៧០ភាគរយហើយ

ដោយ: ម៉ាលីស

ភ្នំពេញៈ គិតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបានលទ្ធផល៦៩,៩៣ភាគរយ ដោយដំណើរការសាងសង់លឿនជាងផែនការ និងរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងងា លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយការបង់ប្រាក់។

លោកបញ្ជាក់ថា “បើសិនជាការចរចាទទួលបានការឯកភាព ពីភាគីវិនិយោគចិន គឺផ្លូវនេះ នឹងអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋ បើកបរសាកល្បងបាននៅចុងឆ្នាំ២០២២ ពោលគឺនៅពេលសំណង់ផ្លូវថ្នល់នេះរួចរាល់ជាស្ថាពរ”។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថា ការស្ថាបនាផ្លូវនេះ បាននិងកំពុងក្រាល ស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ដោយការក្រាលដល់ស្រទាប់នេះ ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាង។

តាមផែនការ ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ នឹងចប់រួចរាល់ជាស្ថា​ពរនៅខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ២.០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ប្រមាណ១៥០លានដុល្លារ។

គម្រោងផ្លូវល្បឿនលឿននៅកម្ពុជា ជាលើកដំបូងនេះ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ២៤,៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ(AC)កម្រាស់ ១០សង់ទីម៉ែត្រ ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕

តើអចលនទ្រព្យណាខ្លះដែលត្រូវជាប់ពន្ធ ណាខ្លះត្រូវបានលើកលែងពន្ធ? និងពន្ឋត្រូវបានគណនាដោយរបៀបណា?

ដោយៈ សុផារី

ភ្នំពេញៈ ពន្ធអចលនទ្រព្យ គឺជាពន្ធដែលប្រមូលចំពោះអចលនទ្រព្យ ដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង ខេត្តនៃព្រះរាជាណាចក្រកម្ពុជា។

ពន្ធនេះជាប្រភេទពន្ធផ្ទាល់ ដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលជាកម្មសិទ្ធករ ឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយមកចុះបញ្ជីអចលនទ្រព្យ និងធ្វើការប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុត ត្រឹមថ្ងៃទី៣០ ខែកញ្ញាជារៀងរាល់ឆ្នាំ។

អចលនទ្រព្យ ដែលជាប់ពន្ធសំដៅលើអចលនទ្រព្យជា ដី (ដែលមាន ឬគ្មានអគារ), លំនៅដ្ឋាន, អគារ ឬសំណង់ផ្សេងៗដែលនៅលើដីរួមមាន សណ្ឋាគារ ផ្ទះល្វែង ការិយាល័យ ខុនដូ រោងចក្រ ឃ្លាំងទំនិញ អគារឧស្សាហកម្ម និងចំណតរថយន្ត។

ប្រភេទអចលនទ្រព្យដូចដែលបានរៀបរាប់នេះ មានតម្លៃលើសពី១០០លានរៀល ($២៥ ០០០)។ អចលនទ្រព្យទាំងនេះ ត្រូវបានចាត់ទុកជាអចលនទ្រព្យជាប់កាត្វកិច្ចបង់ពន្ធ។ យោងទៅតាមច្បាប់ស្ដីពីពន្ធចលនទ្រព្យកម្ពុជា ឆ្នាំ២០១០ មាត្រា១៣ ដោយមូលដ្ឋានគិតពន្ធ មានដូចខាងក្រោម៖

១. ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា០,១%នៃមូលដ្ឋានគិតពន្ធ។

២. មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឱ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០៛។

៣. តម្លៃអចលនទ្រព្យត្រូវកំណត់ ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ទៅតាមអាយុកាលសំណង់និងប្រភេទ នៃសំណង់ដោយយោងតាមតម្លៃទីផ្សារ។

ចំណែកប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ ត្រូវបានគណនាដោយរូបមន្តដូចខាងក្រោម៖

ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០,១%

ចំណែកករណីពិសេស ចំពោះការលើកលែងពន្ធ មានដូចជា អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មការទូត អគ្គកុងស៊ុលបរទេស អង្គការអន្តរជាតិ ទីភ្នាក់ងារសហប្រតិបត្តិការបចេ្ចកទេសបរទេស ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អចលនទ្រព្យដែលសាងសង់លើដីធ្លីកសិកម្ម ដែលបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្មភាពកសិកម្មអចលនទ្រព្យរងគ្រោះដោយករណីប្រធានសក្តិ ផ្ទះ អគារ និងសំណង់ដែលកំពុងត្រូវបានសាងសង់តិចជាង៨០% និងមិនទាន់បានប្រើប្រាស់ នង អចលនទ្រព្យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕

ទីក្រុងរណបទំហំ ៤៥ហិកតា តម្លៃ១០០លានដុល្លារនៅក្រុងតាខ្មៅមានការវិវត្តន៍យឺតជាងការគ្រោងទុក

ដោយៈ សុធារី

ភ្នំពេញៈ ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានធ្វើឱ្យដំណើរការសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ដែលមានទុនវិនិយោគប្រមាណ ១០០លានដុល្លារ របស់ក្រុមហ៊ុន Worldbridge Homes Co., Ltd នៅក្រុងតាខ្មៅ យឺតជាងការគ្រោងទុក។

ប៉ុន្តែនៅពេលបច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសម្រុកសាងសង់ ដើម្បីអាចបញ្ចប់តាមផែនការនាដំណាច់ឆ្នាំ ២០២១ នេះ។

ទីក្រុងរណបសិរីមង្គល ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យដំបូងគេនៅកម្ពុជា ដែលបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅដើមឆ្នាំ២០១៨ លើផ្ទៃដី៤៥ហិកតា ដោយមានខ្នងផ្ទះសរុប២៤៥៧។

គម្រោងនេះស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ (ស្ពានព្រះមុនីវង្ស)។ Worldbridge Home Co., Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Worldbridge Group ដែលកំពុងអភិវឌ្ឍន៍គម្រោងធំៗនៅក្នុងរាជធានីភ្នំពេញមានដូចជា The Bridge និង The Peak។

ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Worldbridge Home Co., Ltd លោក យក់ សុធីរិទ្ធ បានមានប្រសាសន៍ នៅថ្ងៃទី ២៤ ខែវិច្ឆិកាកន្លងមកថា គម្រោងទីក្រុងរណបសិរីមង្គល បាននិងកំពុងពន្លឿនការសាងសង់ ដើម្បីធ្វើឱ្យការគម្រោងទាំងមូល អាចបញ្ចប់នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈវិបត្តិនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានបង្ខំឱ្យមានការរឹតត្បិតការធ្វើដំណើរ និងការបិទសេដ្ឋកិច្ចមួយចំនួនបានធ្វើឱ្យប៉ះពាល់ ដល់ដំណើរការសាងសង់មួយរយៈ។

លោកថ្លែងថា “អំឡុងការផ្ទុះរាលដាលជំងឺកូវីដ ១៩ ខ្លាំងវាបានធ្វើឱ្យការសាងសង់នៅផ្នែកខ្លះមិនដំណើរការមួយរយៈ ហេតុនេះយើងកំពុងខិតខំបង្កើនល្បឿងសាងសង់ឡើងវិញនៅពេលនេះ”។

លោកឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី រៀលធី បានលើកឡើងថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ មិនត្រឹមតែទទួលបានការចាប់អារ​ម្មណ៍ច្រើនពីអ្នកមានប្រាក់ចំណូលទាប និងមធ្យមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមជាមួយរដ្ឋាភិបាល ក្នុងការបង្កើនលទ្ធភាពឱ្យប្រជាជន មានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ។ ការអភិវឌ្ឍគម្រោងបែបនេះ នឹងកាន់តែងាយទទួលជោគជ័យ ប្រសិនបើស្ថិតនៅទីតាំងសមស្របមានតម្លៃសមរម្យ និងជាពិសេសមានវិធីសាស្ត្របង់ប្រាក់ងាយស្រួល។

លោកនិយាយថា “សម្រាប់គម្រោងនេះ ខ្ញុំអាចនិយាយថា វាស្ថិតនៅទីតាំងសមរម្យ និងទទួលជោគជ័យមួយចំនួនរួចហើយ ដោយមានអតិថិជនខ្លះបានចូលទៅរស់នៅហើយ”។ លោកក៏បន្ថែមទៀតថា “ប្រសិនបើមានក្រុមហ៊ុនវិនិយោគ លើគម្រោងបែបនេះកាន់តែច្រើន គឺជាការល្អ ព្រោះវាអាចផ្តល់នូវជម្រើសកាន់តែច្រើន សម្រាប់ប្រជាជនថ្នាក់កណ្តាល ក្នុងការស្វែងរកទីតាំងដែលងាយស្រួលសម្រាប់ពួកគេ ក្នុងការធ្វើដំណើរទៅធ្វើការ ឬរៀនសូត្រ”។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គិតត្រឹមចុងឆ្នាំ២០២០ នៅកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន តម្លៃសមរម្យចំនួន៥ ដែលស្មើនឹងបន្ទប់ស្នាក់នៅសរុប៨ ៣៣១ខ្នងផ្ទះ និងចំនួន៧ ២៥៦ យូនីតខុនដូ។

កាលពីឆ្នាំ ២០១៤ ប្រទេសកម្ពុជាបានអនុម័ត គោលនយោបាយលំនៅឋានថ្នាក់ជាតិ ដើម្បីជំរុញការអភិវឌ្ឍលំនៅឋាន ឱ្យបានកាន់តែច្រើនជូនប្រជាពលរដ្ឋ។ បើយោងតាមគោលនយោបាយនេះ កម្ពុជានឹងត្រូវការផ្ទះបន្ថែមប្រមាណ៥ម៉ឺនខ្នង ក្នុង១ឆ្នាំៗរហូតដល់ឆ្នាំ២០៣០។

យោងតាមទិន្នន័យនិន្នាការសេដ្ឋកិច្ច-សង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ចាប់ពីខែមករា-ខែសីហា ឆ្នាំ២០២១ គម្រោងសាងសង់ ដែលបានទទួលការអនុញ្ញាតឱ្យសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានចំនួន២ ៩០១ គម្រោង ធ្លាក់ចុះ ៤៤៩គម្រោង។ ចំណែកទុនវិនិយោគមានតម្លៃ៣៨៤៣ លានដុល្លារ ធ្លាក់ចុះ២៤,៤ ភាគរយ៕

សិក្សាពីចំណុចសំខាន់ៗទាំងនេះ ដើម្បីដឹងពីគុណសម្បត្តិនិងគុណវិបត្តិនៃការរស់នៅខុនដូ

ដោយ: ម៉ាលីស

ភ្នំពេញៈ ជាការពិតណាស់ចំនង់ចំណូលចិត្ត នៃការរស់នៅរបស់មនុស្សយើង មានលក្ខណៈខុសៗពីគ្នា ឯការសាងសង់លំនៅស្ថានក៏មានប្រភេទខុសៗគ្នា ដើម្បីបំពេញតំរូវការខុសៗគ្នាទាំងនោះ ហើយគ្រប់ប្រភេទលំនៅស្ថានទាំងអស់ តែងមានគុណសម្បតិ្តនិងគុណវិបត្តិរៀងៗខ្លួន។

ដូចនេះយើងសូមណែនាំពីគុណសម្បត្តិ និងគុណវិបត្តិនៃការរស់នៅលំនៅស្ថានជាលក្ខណៈខុនដូរវិញម្តង។

យោងតាម លោក អ៊ួន សារ៉ាត់ ក្នុងសៀវភៅ “ភាពវៃឆ្លាតក្នុងរឿងអចលនទ្រព្យ” បានរៀបរប់អោយដឹងថា គុណសម្បត្តិនិងគុណវិបត្តិរបស់ខុនដូរ មានដូចជា៖

១ គុណសម្បត្តិ

-មិនមានការរំខានពីអ្នកជិតខាង

-អាទទួលបានខ្យល់អាកាសល្អបរិសុទ្ធ

-អាចទស្សនាទស្សនីយភាពនៃទីក្រុងបាន

-បរទេសមានសិទ្ធិទិញខុនដូ ខណៈពេលច្បាប់ទិញដីមិនទាន់មាន

-ងាយស្រួលបំផុតសម្រាប់អ្នកដែលធ្វើការ និងរកមធ្យោបាយធ្វើដំណើរ

-អ្នកមិនចាំបាច់មានរថយន្តក៏បាន ដោយវាអាចជាជំរើសមួយដ៏ពេញនិយម និងចំណាយតិចផងដែរ។

-មានសេវានៅនឹងកន្លែងផ្ទាល់ដូចជាស្ប៉ា អាងហែលទឹក កន្លែងហាត់ប្រាណ នៅហាងកាហ្វេផងដែរ ព្រមទាំងផ្ដល់នូវការរស់នៅពិសេសខុសគេ បើប្រៀបធៀបទៅនឹងបណ្ដាផ្ទះដែលមានសេវារបៀបនេះ ដូចជាវីឡាឬឬផ្ទះដាច់ពីគេ។

២ ចំណុចអវិជ្ជមាន

-គ្មានប្លង់ដី

-អាគារខូចខាតចាស់ទ្រុឌទ្រោម ឬត្រូវសង់ថ្មីត្រូវធ្វើយ៉ាងណា? បបួលគេសង់ទាំងអស់គ្នាតើគេព្រមទេ? តើយើងមានសិទ្ធិសង់ថ្មីដែរឬទេ?។

-ពេលមានអគ្គីភ័យនៅជាន់លើ តើធ្វើយ៉ាងណា?

-មិនសូវមានការនិយមច្រើនដូចផ្ទះជាប់ដី

-ត្រូវបង់សេវាថែទាំនិងគ្រប់គ្រងជាប្រចាំ

-ប្រសិនបើអ្នកជាមនុស្សខ្លាចកម្ពស់ សូមចៀសវាងផ្ទះប្រភេទនេះ

-ប្រសិនបើអ្នកចូលចិត្តដាំសួនច្បារ សូមជៀសវាងផ្ទះប្រភេទនេះ៕

ក្រុមហ៊ុនអាមេរិកកាន់តែច្រើនបង្ហាញសុទិដ្ឋិនិយម និងប្រកាសផែនការពង្រីកអាជីវកម្មនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ក្រុមហ៊ុនអាមេរិក កាន់តែច្រើនបានប្រកាសផែនការ ពង្រីកអាជីវកម្មរបស់ខ្លួន និងចាក់បញ្ចូលទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលរួមចំណែកជួយជំរុញសន្ទុះងើបឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា។

ដំណឹងដ៏គួរឱ្យសាទរនេះ គឺជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូត Michael Michalak ដែលជាអនុប្រធាន និងជានាយកគ្រប់គ្រងថ្នាក់តំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នៅក្នុងកិច្ចប្រជុំតាម Video Conference ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួម ពីតំណាងស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនអន្តរជាតិល្បីៗជាច្រើន រួមមាន ក្រុមហ៊ុន ConocoPhillips ក្រុមហ៊ុន FordMotor ក្រុមហ៊ុន Amazon ក្រុមហ៊ុន Walmart ក្រុមហ៊ុន Pernod Ricard ក្រុមហ៊ុន Visa និងក្រុមហ៊ុន Jhpiego ជាដើមផងដែរ។

ក្រសួងពាណិជ្ជកម្មបានលើកឡើងថា “បណ្ដាក្រុមហ៊ុនអាមេរិក បានបង្ហាញសុទិដ្ឋិ​និយមចំពោះការបន្តវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា ជាពិសេសនៅក្នុងការគាំទ្រដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា អំឡុងសម័យកូវីដ-១៩”។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់៥,៥ពាន់លានដុល្លារ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២១ នេះ ដោយទទួលបានកំណើន២៨,៤%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០៕

លោកច្រឹក សុខនីមៈ ពេលសាធារណជនទំនុកចិត្តលើគុណភាពសេវាកម្មវាយតម្លៃអចលនទ្រព្យ អ្នកអាជីពនេះនឹងដើរតួមាទីយ៉ាងសំខាន់

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ាន លោកច្រឹក សុខនីមបានមានប្រសាសន៍ថា នៅពេលដែលសាធារណជនកាន់តែមានទំនុកចិត្ត លើគុណភាពសេវាកម្មវាយតម្លៃ អ្នកអាជីពក្នុងវិស័យនេះ នឹងដើរតួមាទីយ៉ាងសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យក្នុងស្រុក និងតំបន់។

លោកបានមានប្រសាសន៍ ក្នុងពិធីបើកសមាជសមាគមអ្នកវាយតម្លៃអចលនទ្រព្យអាស៊ានលើកទី២៣ ដែលកម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា នៅពេលដែលសេវាកម្មវាយតម្លៃទទួលបានការគាំទ្រ និងទំនុកចិត្តពីសាធារណៈជនតម្រូវការលើសេវាកម្ម ដែលមានគុណភាពនឹងកើនឡើង។

លោកច្រឹក សុខនីមបន្តថា សមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃអាស៊ាន មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងតួអង្គសំខាន់ៗ សម្រាប់ផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធនឹងទីផ្សារអចលនវត្ថុ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃអចលនវត្ថុ ក្នុងតំបន់អាស៊ាន ក្នុងបរិការណ៍នៃការឆ្លងរាលដាល ជំងឺកូវីដ-១៩ ពិសេសចូលរួមចំណែកដល់ការរក្សានិរន្តភាព នៃសកម្មភាពទីផ្សារអចលនវត្ថុ នៅក្នុងតំបន់។

លោកបានបង្ហាញសុទិដ្ឋិនិយមថា ប្រធានបទនៃការពិភាក្សាថ្ងៃនេះ មានសារៈសំខាន់សម្រាប់សមាជ ដែលកំពុងផ្តល់សេវាកម្មវាយតម្លៃ និងចែករំលែកបទពិសោធន៍កាលពីឆ្នាំមុន។ ជាមួយគ្នានេះ សមាជនឹងវាយតម្លៃលើបញ្ហាប្រឈម និងឱកាសនាពេលបច្ចុប្បន្ន ដើម្បីស្វែងរកវិធានការថ្មីៗ ដើម្បីធ្វើឱ្យល្អប្រសើរក្នុងការផ្តល់សេវាកម្ម ក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសនីមួយៗ និងក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ចំណែកលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគាំទ្រ និងលើកទឹកចិត្ត ឱ្យមានការរៀបចំសមាជនសមាគមអ្នក វាយតម្លៃអាស៊ាន នៅឆ្នាំក្រោយៗទៀត ដោយឈរលើមូលដ្ឋាន នៃការពង្រឹងកិច្ចសហប្រតិបត្តិការការសិក្សាស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក សំដៅពង្រឹងគុណ ភាព និង លើកកម្ពស់វិជ្ជាជីវៈនេះ ឱ្យកាន់តែទទួលបាននូវជំនឿទុកចិត្តពីសាធារណជនបន្ថែមទៀត ដើម្បីទទួលបាននូវកិត្យានុភាព និងធានាបាននូវការប្រកួតប្រជែងជាមួយបណ្តាដៃគូ ដែលប្រកបធុរកិច្ចដូចគ្នានៅក្នុងតំបន់ ។

លោកបន្តថា នៅពេលដែលសាធារណជន កាន់តែមានជំនឿទុកចិត្តចំពោះគុណភាពនៃការផ្តល់សេវាកម្មរបស់អ្នក វាយតម្លៃអចលនវត្ថុ គឺមានន័យថា អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យនេះនឹងមានតួនាទីកាន់ត សំខាន់នៅក្នុងទីផ្សារអចលនវត្ថុ ទាំងនៅក្នុងប្រទេសរបស់ខ្លួន និងទាំងនៅក្នុងតំបន់អាស៊ានទាំងមូល ហើយការប្រើប្រាស់សេវាកម្មវាយតម្លៃក៏កាន់តែមានការរីកចម្រើនឡើងថែមទៀត៕

រដ្ឋាភិបាលចាប់ផ្តើមលើកកំពស់ចលនាភូមិ១ ផលិតផល១នៅតាមបណ្តាខេត្តចំនូន១០

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈចលនាជម្រុញភូមិ១ ផលិតផល១បាននិងកំពុងសហការជាមួយវិស័យឯកជន ក្នុងការលើកស្ទួយការនាំចេញផលិតផលជាតិ ទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា២០២១កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា លើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញ ចលនាភូមិមួយផលិតផលមួយ ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងអនុវត្តសាកល្បងនៅខេត្តចំនួន១០ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ ដោយមានការជួយសម្របសម្រួល ពីសមាគមពាណិជ្ជករដឹកជញ្ជូន និងបុត្រសម្ព័ន្ធ Super App ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ក្នុងបរិបទការងារជំរុញចលនាភូមិមួយផលិតផលមួយ។

លោកជា សំណាង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

កិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ដើម្បីវេចខ្ចប់និងដឹកជញ្ជូន បំពេញសេចក្តីត្រូវការ របស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន ចំពោះផលិតករភូមិមួយផលិតផលមួយ។

ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្តផលិតករ ដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញ ដោយមានការសម្រួល ក្នុងការដឹកជញ្ជូនទំនិញ ដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ជូនថ្លៃសេវាដឹកជញ្ជូន ពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយទូទាំងប្រទេស ។

លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានលើកឡើងដែរថា ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោក នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិត​ផលមួយ និងអនុវត្តសកម្មភាពមួយចំនួន ក្នុងជំហានទីមួយរយៈពេល២៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខា ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ជើរ និងដឹកជញ្ជូនផលិតផលបញ្ជើរមកក្រុមហ៊ុន។
លោកបន្តថា “ក្រុមហ៊ុនមានសាខាទូទាំង២៥រាជធានី/ខេត្ត និងតាមបណ្តា ​ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិត​ផលខ្មែរ”៕