ដោយៈគង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា និងមេដឹកនាំនឌសហភាពអារ៉ាប់រួមគ្រោងចចារបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនាពេលខាងមុខ ដើម្បីបង្កើនលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគ។
ក្នុងឱកាសចូលរួមពិធីប្រារព្ធទិវាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២០ នៅទីក្រុងឌុយបៃ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំទ្វេភាគី ជាមួយភាគីសហភាពអារ៉ាប់រួម ដែលដឹកនាំដោយលោកបណ្ឌិតថានីប៊ីន អាម៉េដ អាល់ហ៊្សេរយូឌី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ នៃសហភាពអារ៉ាប់រួម ដើម្បីពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងជំរុញលើឱកាសវិនិយោគរវាងប្រទេសទាំងពីរ។
នៅក្រោយចប់កិច្ចប្រជុំ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា នៅក្នុងជំនួបនាឱកាសនោះ ភាគីសហភាពអារ៉ាប់រួម បានជម្រាបជូនកម្ពុជា អំពីស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍របស់សហភាពអារ៉ាប់រួម ព្រមទាំងបានស្នើឱ្យភាគីកម្ពុជាជួយផ្តល់ព័ត៌មានអំពី សក្ដានុពលវិនិយោគនៅកម្ពុជា និងសិក្សាបន្ថែមអំពីលទ្ធភាពវិនិយោគរួមគ្នានាពេលអនាគត។
ជាពិសេសចង់ឱ្យមានក្រុមការងារមួយ ដើម្បីសិក្សា និងពិនិត្យលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ដូចដែ លសហភាពអារ៉ាប់រួម បានធ្វើជាមួយប្រទេសឥណ្ឌា និងបណ្តាប្រទេសអាស៊ានមួយចំនួនកន្លងមក ក្នុងគោលបំណងបង្កើនសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមមួយកម្រិតទៀត។
លោកប៉ាន សូរស័ក្តិបានលើកឡើងក្នុងឱកាសនោះថា កម្ពុជាមានធនធានធម្មជាតិ អំណោយផលជាច្រើន រួមមាន កសិផលរាប់ពាន់មុខ និងមានវិស័យសក្តានុពលជាច្រើន ដែលកំពុងអភិវឌ្ឍ ដូចជា វិស័យទេសចរណ៍តំបន់ឆ្នេរសមុទ្រ វិស័យវប្បធម៌តំបន់ប្រាសាទបុរាណ ជាពិសេសប្រាសាទអង្គរវត្ត វិស័យដឹកជញ្ជូនមានព្រលានយន្តហោះ កំពង់ផែ ផ្លូវថ្នល់ សំណង់អគារ។ល។ ដែលសហភាពអារ៉ាប់រួម អាចមកធ្វើការវិនិយោគនៅកម្ពុជាបាន។
លោកបានបន្តថា កម្ពុជា ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងកូរ៉េ ហើយក៏កំពុងបន្តចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូសំខាន់ៗផ្សេងទៀត ដូចជា ជាមួយប្រទេសជប៉ុន ឥណ្ឌា ម៉ុងហ្គោលី កាណាដា អង់គ្លេស ដើម្បីធ្វើពិពិធកម្មទីផ្សារ និងជំរុញការនាំចេញ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
លោកក៏បានឯកភាពជាមួយ ភាគីសហភាពអារ៉ាប់រួម ចំពោះការបង្កើតក្រុមការងារមួយ ដើម្បីសិក្សាអំពីលទ្ធភាព ក្នុងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះផងដែរ។
នៅកិច្ចបញ្ចប់ប្រជុំ ភាគីទាំងពីរ បានឯកភាពគ្នាថា នឹងអញ្ជើញគណៈប្រតិភូមកធ្វើទស្សនកិច្ចផ្លូវការ នៅប្រទេសរៀងៗខ្លួន ដើម្បីសិក្សាបន្ថែមអំពីឱកាសវិនិយោគរួមគ្នា លើវិស័យសក្តានុពលនានា និងជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរនាថ្ងៃអនាគត៕