រដ្ឋាភិបាលចាប់ផ្តើមលើកកំពស់ចលនាភូមិ១ ផលិតផល១នៅតាមបណ្តាខេត្តចំនូន១០

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈចលនាជម្រុញភូមិ១ ផលិតផល១បាននិងកំពុងសហការជាមួយវិស័យឯកជន ក្នុងការលើកស្ទួយការនាំចេញផលិតផលជាតិ ទៅកាន់ទីផ្សារអន្តរជាតិ។

កាលពីរសៀលថ្ងៃទី ២៥ វិច្ឆិកា២០២១កន្លងទៅនេះ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា លើកកម្ពស់ផលិតផលខ្មែរ ក្នុងក្របខណ្ឌការងារជំរុញ ចលនាភូមិមួយផលិតផលមួយ ដើម្បីស្វែងរកទីផ្សារលក់ផលិតផលខ្មែរ ទាំងក្នុងប្រទេស ក្រៅប្រទេស ដើម្បីរួមចំណែកធ្វើឱ្យមានកំណើនសេដ្ឋកិច្ច តាមរយៈលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ នឹងអនុវត្តសាកល្បងនៅខេត្តចំនួន១០ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប ឧត្តរមានជ័យ ក្រចេះ កំពង់ចាម ព្រៃវែង ស្វាយរៀង កំពត និងខេត្តតាកែវ ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងគណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយខេត្តនីមួយៗ និងកសិករ ផលិតករ ដោយមានការជួយសម្របសម្រួល ពីសមាគមពាណិជ្ជករដឹកជញ្ជូន និងបុត្រសម្ព័ន្ធ Super App ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ក្នុងបរិបទការងារជំរុញចលនាភូមិមួយផលិតផលមួយ។

លោកជា សំណាង អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយបានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃគំនិតផ្តួចផ្តើមនេះ គឺដើម្បីលើកកម្ពស់គុណភាពផលិតផលក្នុងស្រុក ទាំងសិប្បកម្ម កសិកម្ម និងសេវាកម្ម ក្នុងបរិបទភូមិមួយផលិតផលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។

កិច្ចព្រមព្រៀងនេះ ក៏ដើម្បីលើកម្ពស់ផលិតផលភូមិមួយផលិតផលមួយ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនដឹកជញ្ជូនវីរ:ប៊ុនថាំ ដើម្បីវេចខ្ចប់និងដឹកជញ្ជូន បំពេញសេចក្តីត្រូវការ របស់អតិថិជនទាន់ពេលវេលា និងកាត់បន្ថយថ្លៃសេវាដឹកជញ្ជូន ចំពោះផលិតករភូមិមួយផលិតផលមួយ។

ជាមួយគ្នានោះ ក៏ដើម្បីលើកទឹកចិត្តផលិតករ ដោយលក់ផ្ទាល់ទៅអតិថិជន តាមរយៈផ្សារអនឡាញ ដោយមានការសម្រួល ក្នុងការដឹកជញ្ជូនទំនិញ ដល់ដៃអ្នកប្រើប្រាស់ តាមរយៈក្រុនហ៊ុនវីរៈប៊ុនថាំជាដៃគូរ និងផ្តល់ជូនថ្លៃសេវាដឹកជញ្ជូន ពិសេសជូនដល់សមាជិកចលនាភូមិមួយផលិតមួយទាំងអស់ របស់គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតមួយទូទាំងប្រទេស ។

លោកសួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានលើកឡើងដែរថា ដើម្បីគាំទ្រការងារជំរុញចលនាភូមិមួយ ផលិតផលមួយ ក្រុមហ៊ុនដឹកជញ្ជូនរបស់លោក នឹងសហការជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយផលិត​ផលមួយ និងអនុវត្តសកម្មភាពមួយចំនួន ក្នុងជំហានទីមួយរយៈពេល២៤ខែ ចាប់ពីថ្ងៃចុះហត្ថលេខា ដើម្បីជួយបណ្តុះបណ្តាលផ្សព្វផ្សាយដល់កសិករ ផលិតករពីរបៀបវេចខ្ចប់ផលិតផល របៀបរក្សាគុណភាពផលិតផល ទុកដាក់ផលិតផលមុនបញ្ជើរ និងដឹកជញ្ជូនផលិតផលបញ្ជើរមកក្រុមហ៊ុន។
លោកបន្តថា “ក្រុមហ៊ុនមានសាខាទូទាំង២៥រាជធានី/ខេត្ត និងតាមបណ្តា ​ស្រុក/ខណ្ឌ និងឃុំ/សង្កាត់ផងដែរ ដើម្បីជួយស្វែងរកទីផ្សារលក់ផលិត​ផលខ្មែរ”៕

Chengdu ក្លាយជាទីក្រុងចិនទី១ ដែលប្រកាសបន្ធូរបន្ថយការរឹតបន្តឹងលើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ

ដោយៈសុខុម

ប៉េកាំងៈ ទីក្រុងឈឹងទូ (Chengdu) បានប្រកាសវិធានការបង្កលក្ខណៈកាន់តែងាយស្រួល សម្រាប់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ លក់អចលនទ្រព្យរបស់ខ្លួន ដែលធ្វើឱ្យវាក្លាយជាទីក្រុងទី១ របស់ប្រទេសចិន ដែលបានបន្ធូរបន្ថយការរឹតបន្តឹង លើវិស័យអចលនទ្រព្យដែលកំពុងជួបវិបត្តិ ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង ចាត់វិធានការក្ដៅដើម្បីរឹតបន្តឹងលើបំណុល។

យោងតាមកាសែត Bangkok Post ដែលបានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ វិច្ឆិកា ឱ្យដឹងថា ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអចលនទ្រព្យជាច្រើនបានធ្លាក់ចូល ក្នុងវិបត្តិហិរញ្ញវត្ថុក្នុងឆ្នាំ២០២០ បន្ទាប់ពីប្រទេសចិន ចាប់ផ្តើមដាក់ចេញវិធានការ ដើម្បីបញ្ឈប់ការទិញផ្ទះទុកលក់យកចំណេញ ដែលមិនមែនជាការទិញសម្រាប់រស់នៅពិតប្រាកដ។

ស្ថានភាពនេះ បានធ្វើឱ្យក្រុមហ៊ុនទាំងនោះ ជួបការលំបាកយ៉ាងខ្លាំង នៅក្នុងការបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ដោយសារលក់ផ្ទះក៏មិនចេញ ហើយស្នើឥណទានថ្មីដើម្បីដោះទាល់ក៏មិនបាន។

ទោះជាយ៉ាងណា កាលពីថ្ងៃពុធ ទី២៤ វិច្ឆិកា ទីក្រុងឈឹងទូ ដែលស្ថិតនៅភាគនិរតីបានប្រកាសថា ខ្លួននឹងពន្លឿនការអនុម័តសម្រាប់ការលក់ផ្ទះ និងឥណទានអចលនទ្រព្យ ហើយទន្ទឹមនេះ ក៏នឹងបន្ធូរបន្ថយការរឹតបន្តឹង លើការប្រើប្រាស់ប្រាក់ចំណូល ដែលបានពីការលក់មុនបញ្ចប់គម្រោង (Pre-sale) ផងដែរ។

ចំណាត់ការនេះ បានធ្វើឱ្យទីក្រុងដ៏សំខាន់នៃខេត្តស៊ីឈាន់ (Sichuan) មួយនេះក្លាយជាទីក្រុងទី១ ដែលចេញមុខដោះស្រាយបញ្ហានានា ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍កំពុងជួបប្រទះ ស្របពេលក្រុមមន្ត្រីទទួលរងសម្ពាធកាន់តែខ្លាំងឡើង ដែលទាមទារឱ្យពួកគេជួយគ្រប់គ្រងវិបត្តិនេះ ដែលអាចជះផលប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យអចលនទ្រព្យរបស់ប្រទេសចិនទាំងមូល។

រដ្ឋាភិបាលក្រុងប៉េកាំង បានបើកភ្លៀងខៀវថា ខ្លួនកំពុងតែបន្ធូរបន្ថយការរឹតបន្តឹងលើឧស្សាហកម្មអចលនទ្រព្យ ដោយកាលពីខែកញ្ញា ធនាគារកណ្តាលចិន បានណែនាំ ឱ្យមេៗហិរញ្ញវត្ថុ ជួយរដ្ឋាភិបាលថ្នាក់មូលដ្ឋាន នៅក្នុងការគាំទ្រទីផ្សារលំនៅដ្ឋាន ខណៈសេដ្ឋកិច្ចរបស់ប្រទេសចិន ទទួលបានសន្ទុះកំណើនយឺតបំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

វិបត្តិនេះ បានលេចចេញកាន់តែច្បាស់ នៅពេលផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Evergrande ដែលជំពាក់បំណុលគរដូចភ្នំ រហូតដល់ទៅ៣០០ពាន់លានដុល្លារ ហើយប្រឈមការក្ស័យធន។ ស្ថានភាពនេះ បានបង្កឱ្យមានការព្រួយបារម្ភថា វិបត្តិនេះនឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចចិន កាន់តែខ្លាំង ហើយអាចនឹងសាយភាយទូទាំងពិភពលោក។

រហូតមកទល់ពេលនេះ ក្រុមហ៊ុន Evergrande បានប្រឹងប្រែងដោះសងម្ចាស់បំណុលដោយជោគជ័យ ដើម្បីជៀសវាងការខកខាន ប៉ុន្តែបញ្ហាប្រឈមនានានៅតែមាន៕ Bangkok Post៕

រដ្ឋាភិបាលកំណត់បទបញ្ញត្តិថ្មីលើការសាងសង់សំណង់នានា

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញប្រកាសថ្មីមួយ តម្រូវឱ្យគម្រោងសំណង់នានា ត្រូវដាក់ប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ ឱ្យក្រុមការងារជំនាញរបស់ក្រសួងត្រួតពិនិត្យ និងបញ្ជាក់សិន ទើបអាចស្នើសុំលិខិតអនុញ្ញាតសាងសង់ ឬលិខិតអនុញ្ញាតផ្សេងទៀតបាន។

យោងតាមប្រកាសលេខ ១០៩ ដនស/ប្រ.ក/នី.ក ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២១របស់ក្រសួងបានឲ្យដឹងថា ការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់ គឺត្រូវធ្វើជាដាច់ខាត ចំពោះសំណង់គ្រប់ប្រភេទ ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ ពីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬ/និង រដ្ឋបាលរាជធានី ខេត្ត។

ប៉ុន្តែសំណង់សាសនា និងគម្រោងសំណង់ ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ពីរដ្ឋបាលថ្នាក់ក្រោមដូចជា ក្រុង ស្រុក ខណ្ឌ គឺមិនតម្រូវឱ្យមានការត្រួតពិនិត្យ និងបញ្ជាក់គម្រោងប្លង់នោះទេ តែអាចធ្វើឡើងបានដោយការស្ម័គ្រចិត្ត។

ការត្រួតពិនិត្យនិងបញ្ជាក់គម្រោងប្លង់ សំដៅដល់ការត្រួតពិនិត្យ ការវិភាគ ការផ្ទៀងផ្ទាត់ និងការបញ្ជាក់អំពីអនុលោមភាព តាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ សម្រាប់ការងារសាងសង់ សំណង់ថ្មី ការងារជួសជុល ការងារកែប្រែ ការងាររុះរើ ឬការប្ដូរមុខងារប្រើប្រាស់សំណង់។

យោងតាមប្រកាសថ្មីនេះ ម្ចាស់សំណង់ទាំងអស់ ត្រូវចុះកិច្ចសន្យា និងបង់សោ​ហ៊ុយ ជាមួយអ្នកត្រួតពិនិត្យ និងបញ្ជាក់សំណង់ដោយខ្លួនឯង ដើម្បីអនុវត្តការងារត្រួតពិនិ ត្យ និងបញ្ជាក់គម្រោងប្លង់របស់ខ្លួនផងដែរ៕

ភាពមិនប្រក្រតីញឹកញាប់របស់ធនាគារ ABA នឹងអាចប៉ះពាល់ដល់ទំនុកចិត្តអតិថិជន?

ដោយៈគង់ សូរិយា

ភ្នំពេញៈ បញ្ហាជាប់គាំង មិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA នៅថ្ងៃទី២៥ វិច្ឆិកាកនហលងមកនេះ អាចនឹងធ្វើឲ្យអតិថិជនបាត់បង់ទំនុកចិត្តឬយ៉ាងណា។

ជាមួយគ្នានឹងបញ្ហាស្រដៀងគ្នា ដែលកើតមានញឹកញាប់នេះ និងបញ្ហាដទៃទៀតដូចជា ការមិនឃើញមានលោតសញ្ញាទឹកប្រាក់ចេញ ចូល លើទូរស័ព្ទដៃ ពាក្យចចាម​អារ៉ាមពីការបាត់បង់ទឹកប្រាក់របស់អតិថិជន ការមិនអាច Short screen បានលើទូរស័ព្ទដៃមួយចំនួន ពិសេសការមិនមានសរសេរកាលបរច្ឆេទ លើបូទុកបញ្ចាក់ពីចំនួនទឹកប្រាក់ ដែលមានលើ App ទូរស័ព្ទដៃ ពិតជាកំពុងក្លាយជាបញ្ហាដែលធនាគារនេះ និងធនាគារដទៃទៀតគួរដោះស្រាយផងដែរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព៍រ Cambodiafinancialtimes.com ដែលជាគេហទំព័រឈានមុខគេលើព៌តមាន ទាក់ទងនឹងហិរញ្ញវត្ថុ និងសេដ្ឋកិច្ច លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា លោកបានលេចលឺព៌តមានតៗគ្នាជាច្រើន និយាយពីបញ្ហាដែលពួកគេជួបប្រទះ ក្នុងពេលពួកគេប្រើប្រាស់ App របស់ធនាគារនេះ ប៉ុន្តែពួកគេមិនងាយទទួលបានការបំភ្លឺ ពីថ្នាក់ដឹកនាំរបស់ធនាគារនេះទេ។

លោកបន្តថា “ការស្តាប់លឺគេនិយាយ១០០០ដង មិនស្មើនឹងជួបម្តងនោះទេ ដោ​យសារនៅក្នុងវីស័យសារគមនាគម តែងតែទាមទារការផ្ទៀងផ្ទាត់ព៌តមាន ដើម្បីទទួលបានភាពជាក់លាក់ និងអាចទុកចិត្តបាន”។ លោកបន្តថា “ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់បានជូបបទពិសោធន៍ជាក់ស្តែង គឺគណនីរបស់ខ្ញុំ មិនឃើញមានលោត notification ពេលទឹកប្រាក់ចូលឬផ្ទេរចេញឡើយ ទោះទៅជួបបុគ្គលិកធនាគារជាច្រើន សាខាឲ្យជួយដោះស្រាយក្តី”។

លោកយិន លាងគង់ បានបន្តថា ចំណុចសំខាន់មួយទៀត ដែលធនាគារនេះ និងធនាគារដទៃទៀតគួរដោះស្រាយ គឺការបង្ហាញពីកាលបរិច្ឆេទឲ្យបានច្បាស់លាស់នៅលើ​ប្រអប់បញ្ជាក់ពីចំនួនទឹកប្រាក់ដល់អតិថិជន ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងសុច្ចរិតភាពរបស់ធនាគារនិមួយៗផងដែរ។

លោកបន្តថា ធនាគារជាតិនៃកម្ពុជា ដែលដើរតួនាទីជាអាណាព្យាបាលរបស់គ្រឹះ​ស្ថានធនាគារ និងហិរញ្ញវត្ថុនានា គួរពិនិត្យលើបញ្ហានេះ ដើម្បីកុំឲ្យពលរដ្ឋដែលមិនសូវមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ បន្តជួបភាពរងគ្រោះ និងងាយរងគ្រោះបន្ថែមទៀត។

ជាមួយគ្នានេលោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ពេញមួយព្រឹកថ្ងៃទី២៥ ខែវិច្ឆិនេះ ធ្វើអតិថិជនជាអ្នកប្រើប្រាស់មួយចំនួន យល់ឃើញថាធនាគារមួយនេះ អាចនឹងមានបញ្ហាអ្វីមួយ។

លោកបន្តថា “ការជាប់គាំងនេះ ក៏បានធ្វើឲ្យប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ Mobile App នេះ មិនអាចធ្វើទៅបានផងដែរ”។លោកបន្តថា “ប្រតិបត្តិការមួយចំនួនមិនត្រូវបានធ្វើ បែរត្រឡប់មកសាច់ប្រាក់ ហើយអាចនឹងមានមនុស្សមួយចំនួនតូចខកខាន ដោយមិនបានប្រើប្រាស់សាច់ប្រាក់តាមខ្លួន”។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App របស់ធនាគារ ABA ពេញមួយព្រឹកកន្លងមកនេះ មានផលប៉ះពាល់តិចតួចបំផុតសម្រាប់សេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើន នៅតែមានទម្លាប់ដាក់សាច់ប្រាក់តាមខ្លួននៅឡើយ៕

សិក្សាលើកត្តាហានិភ័យចំនូន១០ ដែលអ្នកវិនិយោគអចលនទ្រព្យត្រូវប្រយ័ត្ន

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ ភាពធូរលុងនៃបទបញ្ញត្តិមួយចំនួន ក៏ដូចជា ស្តង់ដារអាជីវកម្មក្នុងវិស័យអចលនទ្រព្យនៅមិនទាន់មាន បានធ្វើឲ្យអ្នកទិញមិនបានដឹងថា ពួកគេកំពុងត្រូវបានគេបោកប្រាស់ ប៉ុន្តែវាយឺតពេលទៅហើយ នៅពេលដែលពួកគេបានដឹងថាខ្លួនកំពុងត្រូវបានគេបោកប្រាស់។

ហេតុនេះសូមសិក្សាលើមូលដ្ឋានសំខាន់ៗទាំង១១ចំណុចនេះ ដើម្បីបញ្ចៀសហានិភ័យពីការកើតមាន នៃការបោកប្រាស់នានា។

១ អចលនទ្រព្យមានប័ណ្ណកម្មសិទ្ធិចំនួនពីរ
ការកាន់កាប់អចលនទ្រព្យនៅកម្ពុជាអាចមានជាប្លង់រឹង និងប្លង់ទន់ អចលនទ្រព្យខ្លះអាចមានទាំងពីរ។ ការឆបោកនេះពាក់ព័ន្ធទៅនឹងម្ចាស់ ដែលលក់ផ្ទះទៅឲ្យអ្នកទិញពីរនាក់។ អ្នកទិញម្នាក់ទទួលបានប្លង់រឹងហើយ ម្នាក់ទៀតទទួលបានប្លង់ទន់។ អ្នកទិញដែលទទួលបានប្លង់ទន់ នឹងត្រូវបាត់បង់លំនៅដ្ឋាននោះ ដោយសារតែប្លង់ទន់គឺបានទទួលស្គាល់ត្រឹមតែពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។ រីឯប្លង់រឹងវិញគឺទទួលស្គាល់ពីថ្នាក់ជាតិ។ មានករណី នៃការចេញប្លង់ច្រើនលើកម្មសិទ្ធិតែមួយ ឬការថតចម្លង ហើយអ្នកលក់បានលក់នូវអចលនទ្រព្យដដែលទៅឲ្យមនុស្សជាច្រើន។

ករណីមួយទៀត ដែលអ្នកទិញត្រូវបានគេឆបោក ដោយមានការផ្តល់នូវប្លង់រឹងដូចគ្នាប៉ុន្តែករណីបែបនេះក៏មិនសូវកើតមានដែរ។

លោក អ្នកអាចជៀសវាងសេណារីយ៉ូនេះ ដោយធ្វើការស៊ើបអង្កេតជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងការិយាល័យសុរិយោដីក្នុងតំបន់ផ្ទាល់។ ត្រូវយកច្បាប់ចម្លងនៃប្លង់កម្មសិទ្ធិពីអ្នកលក់ និងត្រួតពិនិត្យជាមួយនឹងកំណត់ត្រាជាផ្លូវការ។

ចំណុចមួយទៀត គឺការពិនិត្យមើលថា តើអ្នកជិតខាងមានប្លង់រឹងឬក៏អត់ ប្រសិនបើពួកគេមាននោះគឺមានន័យថា រដ្ឋាភិបាលបានចេញប្លង់រឹង ជូនដល់តំបន់នោះរួចទៅហើយ។

២ ករណីវិវាទដីធ្លីលាក់កំបាំង
ការមានប្លង់ទន់ ឬប្លង់រ៉ឹងគឺស្ទើរតែមិនពាក់ព័ន្ធនឹងការឆបោកនេះទេ។ ការបោកប្រាស់នេះមានន័យថា ដីនោះជាប់ពាក់ព័ន្ធនឹងអចលនទ្រព្យ ដែលកំពុងមានវិវាទដីធ្លីជាដើម។ ការនិយាយជាមួយអ្នកជិតខាងជាធម្មតា នឹងអាចបង្ហាញរាល់បញ្ហាទាំងអស់ ប៉ុន្តែអ្នកគួរតែធ្វើការស្វែងរកប្លង់កាន់កាប់ តាមរយៈក្រុមប្រឹក្សាឃុំសង្កាត់ ឬមន្ត្រីក្រសួងដែនដីដោយគ្រាន់តែចង់ដឹងថា ដីនោះជាដីមានជម្លោះឫក៏អត់។

ភ្នាក់ងារអចលនទ្រព្យមួយ ដែលមានជំនាញវិជ្ជាជីវៈ ឬមេធាវីដែលមានបទពិសោធន៍ក្នុងការធ្វើការ នឹងធ្វើការងារនេះជំនួសអ្នកបាន។

៣ ប្រយ័ត្នចំពោះប្រាក់កក់របស់អ្នក
ការឆបោកនេះ ត្រូវបានធ្វើឡើងដោយម្ចាស់ក្លែងក្លាយ។  អ្នកទិញត្រូវបានស្នើរឲ្យបង់ប្រាក់កក់ ដើម្បីធានាលើអចលនទ្រព្យ។ បន្ទាប់ពីទទួលបានប្រាក់កក់ អ្នកលក់ក្លែងក្លាយបានគេចខ្លួនបាត់។  អ្នកអាចជ្រើសយកជម្រើស នៃការផ្ញើប្រាក់កក់ តាមរយៈភាគីទីបីដែលអាចទុកចិត្តបាន ឬដាក់ក្នុងគណនីធនាគារអន្តរការី និងរង់ចាំរហូតដល់អ្វីគ្រប់យ៉ាងត្រូវបានដោះស្រាយធ្វើបែបនេះ គឺជាការការពារខ្លួនអ្នកពីការឆបោក។

៤ ប្រយ័ត្នម្ចាស់ក្លែងក្លាយ
ការឆបោកនេះ ជាប់ពាក់ព័ន្ធនឹងនរណាម្នាក់ ដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យមួយ។ អចលនទ្រព្យទាំងនេះ គឺភាគច្រើនជាអចលនទ្រព្យនៅទំនេរ។ អ្វីដែលអ្នកអាចធ្វើបានគឺសាកសួរ ឬមាននរណាម្នាក់ទៅសួរអ្នកជិតខាង និងប្រធានភូមិអំពីអចលនទ្រព្យនោះ និងប្រវត្តិរបស់ម្ចាស់ដីនោះ។ បន្ទាប់មកពិនិត្យថាតើមានភាពខុសគ្នារវាងព័ត៌មានរបស់ពួកគេ និងព័ត៌មានរបស់អ្នកលក់យ៉ាងដូចម្តេច។

ជាថ្មីម្តងទៀតការត្រួតពិនិត្យលើប្លង់កម្មសិទ្ធិ ពិតជាមានសារៈសំខាន់ណា​ស់ ប្រ​សិនបើម្ចាស់ មិនអាចទទួលបានប្លង់កម្មសិទ្ធិ នោះគឺមានអ្វីមួយមិនប្រក្រតីជាមិនខាន។ ត្រូវទៅរកអាជ្ញាធរពាក់ព័ន្ធ និងស្វែងរកថា តើពួកគេគឺជាម្ចាស់ពិតប្រាកដឬមិនមែន មុនពេលដែលអ្នកប្រគល់ប្រាក់ឲ្យពួកគេ។

៥ ផ្ទះជួលរួចហើយ
មានករណីជាក់ស្តែងដែលបានកើតឡើង ដែលបានបង់ប្រាក់ជួលរយៈពេលវែង។ ក្នុងករណីនៃការជួលបែបនេះ គឺអាចត្រូវបានចុះបញ្ជី ជាផ្នែកមួយដាច់ដោយឡែកពីដី។ វាអាចមានបន្ទប់ដាក់លក់ ដែលប្រើប្រាស់ប្លង់ទន់នេះ គឺជាស្ថានភាពស្មុគស្មាញ និងគួរប្រុងប្រយ័ត្នជាទីបំផុត ការស្វែងរកប្លង់កម្មសិទ្ធិអាចបង្ហាញ ពីការពិតប្លង់រឹងគួរតែមានរាល់ព័ត៌មានលំអិតចាំបាច់ទាំងអស់។

ជាមួយគ្នានេះ លោក អ្នកគួរតែស្វែងរកជំនួយពីអាជ្ញាធរមូលដ្ឋាន ប្រសិនបើមានត្រឹមតែជាប្លង់ទន់។ ក្នុងការត្រួតពិនិត្យដំបូង ត្រូវចំណាំថាតើមានបន្ទប់នៅក្នុងផ្ទះ ដែលអ្នកលក់ពុំអាចបើកឲ្យមើលបានដែរឬទេ។ ប្រសិនបើពួកគេមានបំណងចង់លក់ផ្ទះពួកគេត្រូវតែមានឆន្ទៈក្នុងការបើកទ្វា ឬមានកូនសោរបើក បន្ទប់នោះមិន ខាន។

៦ ការខូចខាតមិនអាចមើលឃើញ
មូលហេតុមួយ ដែលគេលក់អចលនទ្រព្យរបស់ពួកគេ ក្នុងតម្លៃទាបគឺដោយសារតែមានការខូចខាត ដែលអ្នកនឹងមិនអាចមើលឃើញ។ ការខូចខាតមួយចំនួនពិតជាមិនអាចមើលឃើញ រហូតដល់បន្ទាប់ពីអ្នកបានទិញ និងចាប់ផ្តើមផ្លាស់ប្តូរមករស់នៅ ទើបដឹងអំពីការខូចខាតទាំងនោះ។

ជាការណែនាំ អ្នកគួរនាំអ្នកជំនាញមកជាមួយ ដើម្បីឲ្យជួយពិនិត្យមើលប្រព័ន្ធទឹក អគ្គិសនី និងភាពរឹងមាំនៃសំណង់នោះ មុនពេលអ្នកទិញលំនៅដ្ឋានណាមួយ។

៧ តំបន់មានទឹកជំនន់
មិនស្ថិតនៅតំបន់មានទឹកជំនន់ គឺជាចំណុចដ៏ពិសេសមួយ នៃអចលនទ្រព្យសម្រា​ប់លក់។ អ្នកលក់នឹងធ្វើការផ្សព្វផ្សាយថា តំបន់នោះគឺគ្មានទឹកជំនន់នោះទេបើទោះបីជាក្នុងតំបន់នោះមានទឹកជំនន់ក៏ដោយ។ ចំណុចនេះ អាចបង្ករឲ្យមានគ្រោះមហន្តរាយនៅពេល ដែលមានភ្លៀងធ្លាក់ច្រើននៅក្នុងតំបន់។ ចំណុចមួយដែលអ្នក អាចត្រួតពិនិត្យមើលថាតើតំបន់នេះ មានទឹកជំនន់ឫក៏អត់ អ្នកអាចសាកសួរអ្នកក្នុងតំបន់ ឫអ្នកជិតខាង កន្លែងនោះថា តើតំបន់នោះពិតជាមានទឹកជំនន់ ឬក៏អត់។

៨ ឆបោកដោយឲ្យបង់ប្រាក់មុនគម្រោង
នៅពេលដែលអ្នកអភិវឌ្ឍន៍ មិនពិតប្រាកដបានផ្សព្វផ្សាយគម្រោងថ្មី និងបានប្រមូ​លប្រាក់មុន ដែលពួកគេនិយាយថា ពួកគេនឹងប្រើប្រាស់ប្រាក់នេះ សម្រាប់ការសាងសង់តែបន្ទាប់មកពួកគេស្រាប់តែគេចខ្លួនបាត់។ ករណីនេះ អាចកើតមានចំពោះគម្រោងលំនៅដ្ឋាន ដែលជាប់ជាមួយដីគម្រោងបុរី គម្រោងដីឡូតិ៍ ឬក៏គម្រោងអភិវឌ្ឍន៍ខុនដូមួយចំនួន។

ដើម្បីជៀសវាងរាល់បញ្ហាទាំងនេះ អ្នកអាចធ្វើការពិនិត្យឲ្យបានម៉ត់ចត់ លើប្រវត្តិរបស់គម្រោងពីមុនៗ របស់អ្នកអភិវឌ្ឍន៍។ អ្នកអភិវឌ្ឍន៍ដែលទុកចិត្តបានជាធម្មតាបានបន្សល់ទុកកេរ្តិ៍ឈ្មោះល្អរួចទៅហើយ។ ចំណាំថានេះ មិនមែនមានន័យថាអ្នកអភិវឌ្ឍន៍ថ្មីគឺសុទ្ធតែជាអ្នកបោកប្រាស់ទាំងអស់នោះទេ។

អ្នកអាចព្យាយាមរកមើលអត្ថបទព័ត៌មានល្អៗ ដែលទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ពីការផ្សាយព័ត៌មានធំៗ និងអាចទុកចិត្តបាន។ អត្ថបទភាគច្រើនបានបង្ហាញពីសមិទ្ធិផលកន្លងមករបស់អ្នកអភិវឌ្ឍន៍ថា តើគម្រោងត្រូវបានគេអនុម័ត ព្រមព្រៀងឲ្យសាងសង់ឬក៏អត់។

សូមកត់សម្គាល់ពីប្រព័ន្ធផ្សព្វផ្សាយ ដែលមានភាពត្រឹមត្រូវដូចជា Propertyarea មិនគួរពឹងផ្អែកលើអ្វីតែម្ខាងៗទេ ដោយសារវាមិនអាចបង្ហាញ ពីភាពត្រឹមត្រូវទាំងស្រុងបានទេ។

អ្នកអាចផ្ទៀងផ្ទាត់ជាមួយក្រសួងពាក់ព័ន្ធផងដែរ ដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ថាតើមានការយល់ព្រមណាមួយ និងលិខិតបញ្ជាក់សម្រាប់អ្នកអភិវឌ្ឍន៍។ ពួកគេត្រូវតែទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុន សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។

ពួកគេត្រូវតែមានប្លង់រឹងមេលើដី ដែលពួកគេកំពុងអភិវឌ្ឍន៍ ត្រូវមានអាជ្ញាប័ណ្ណសម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេ នៃការអភិវឌ្ឍពេញលេញចាប់តំាងពីការចាប់ផ្តើមរហូតដល់បញ្ចប់ ហើយពួកគេត្រូវតែមានអាជ្ញាប័ណ្ណសាងសង់។ ប្រសិនបើការអភិវឌ្ឍន៍នេះ មិនបង្ហាញនូវឯកសារទាំងនេះច្បាស់លាស់អ្វីទេ។

នេះជាសញ្ញាមិនល្អសម្រាប់អ្នកទិញ។ ប្រសិនបើអ្នកមិនអាចទិញដោយទទួលបានប្លង់រឹង​ ឬប្លង់កាន់កាប់រួមគ្នាសម្រាប់យូនីត នៃអគារខ្ពស់ៗនេះ គឺជាសញ្ញានៃគ្រោះថ្នាក់មួយយ៉ាងច្បាស់លាស់។

៩ ការឆបោកដោយការពន្លើស
ការឆបោកនេះ គឺជាប់ទាក់ទងនឹងការប្រកាសទ្រព្យសម្បត្ដិ ដែលមានទំហំធំជាងការពិត ហើយបន្ទាប់មកចាប់ផ្តើមលក់ចេញ។ អ្នកលក់អាចនិយាយថា ផ្ទះរបស់ខ្លួនមានទំហំ ៦x១៦ម តាមការពិតទំហំត្រឹមតែ ៤x១០ ម ប៉ុណ្ណោះ។ ការទិញក្នុងលក្ខខណ្ឌនេះអាចធ្វើឲ្យផ្នែកមួយ នៃផ្ទះរបស់អ្នកត្រូវបានវាយកម្ទេចចោលនៅថ្ងៃអនាគត។ ពេលខ្លះម្ចាស់ដឹងពីបញ្ហានេះ ហើយពេលខ្លះទៀតពួកគេមិនបានដឹង អំពីបញ្ហានោះទេ ដូច្នេះនេះគឺមិនមែនជាការបោកប្រាស់ដោយចេតនារហូតនោះទេ។

ការត្រួតពិនិត្យមើលប្លង់កាន់កាប់ ជាមួយអាជ្ញាធរពាក់ព័ន្ធ សម្រាប់ទំហំទាំងនេះនឹងបញ្ជាក់ពីស្ថានភាពច្បាស់លាស់ នៃអចលនទ្រព្យ។ អចលនទ្រព្យ ដែលមានប្លង់រឹងប្រភេទ LMAP គឺមានព្រំដែនដែលបានកំណត់ និងប្រើប្រាស់ប្រព័ន្ធ GPS ក្នុងការត្រួតពិនិ ត្យ​។ ទាំងនេះជាប្លង់ដែលមានសុវត្ថិភាពបំផុត ហើយកាត់បន្ថយការចំណាយ។ ទោះជាយ៉ាងណាការចំណាយបន្ថែមទៀត នឹងធានាថាអ្នកបានទិញអ្វីដែលអ្នកចង់ទិញ។

១០ ការធ្វើការងារក្នុងពេលជាមួយគ្នា
ការឆបោកនេះគឺជាអង្គភាពពីរ ឬមនុស្សពីរនាក់ធ្វើការរួមគ្នា ដើម្បីបង្កើនតម្លៃអចលនទ្រព្យមួយ។ មនុស្សម្នាក់ទិញដី ដែលមិនទាន់មានការអភិវឌ្ឍន៍ និងមនុស្សទីពីរបានប្រកាសថា នឹងមានការអភិវឌ្ឍន៍ក្បែរនោះ។ ការអភិវឌ្ឍន៍នេះ ជាធម្មតាមិនបានបញ្ជាក់ពីទីតាំងជាក់លាក់ណាមួយទេ។ អ្នកទីមួយ បន្ទាប់មកក៏លក់ដី ដែលមិនទាន់មានការអភិវឌ្ឍន៍នោះក្នុងតម្លៃខ្ពស់ បន្ទាប់មកពួកគេទាំងពីរនាក់ បានចែកប្រាក់ចំណេញគ្នាជាក់ស្តែងគ្មានអ្វីត្រូវបានសាងសង់ និងអភិវឌ្ឍន៍អ្វីឡើយ។

ការជៀសវាងពីបញ្ហានេះ គឺមានភាពងាយស្រួល ជាងការបោកប្រាស់ផ្សេងទៀតដោយសារការអភិវឌ្ឍន៍ធំៗ ត្រូវទាមទារការអនុម័តពីក្រសួងជាច្រើន និងត្រូវបានអនុវត្តន៍ដោយក្រុមហ៊ុន ដែលមានបទពិសោធន៍ជោគជ័យ។ ជនបោកប្រាស់ជាធម្មតាពួកគេមិនមានការិយាល័យពិតប្រាកដណាមួយឡើយ។

និយាយដដែលៗ ពួកគេចាំបាច់ត្រូវតែមានបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍របស់ខ្លួន។ ពួកគេត្រូវតែមានប្លង់រឹងមេលើដី ដែលពួកគេកំពុងអភិវឌ្ឍន៍ត្រូវមានអាជ្ញាប័ណ្ណ សម្រាប់ការអភិវឌ្ឍន៍រួមទាំងផែនការមេ នៃការអភិវឌ្ឍពេញលេញចាប់តាំងពីការចាប់ផ្តើមរហូតដល់បញ្ចប់ ហើយពួកគេត្រូវតែតែមានអាជ្ញាប័ណ្ណសាងសង់ផងដែរ។ ប្រសិនបើការអភិវឌ្ឍនេះ មិនបង្ហាញនូវឯកសារទាំងនេះ ច្បាស់លាស់ទេវាជាសញ្ញាមិនល្អសម្រាប់អ្នកទិញនោះឡើយ៕

ដំណឹងល្អៈក្រុមហ៊ុន Singapore Airline នឹងភ្ជាប់ការហោះហើរត្រង់មកកាន់ក្រុងសៀមរាបនៅពាក់កណ្តាលខែធ្នូខាងមុខនេះ

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airline គ្រោងនឹងភ្ជាប់ជើងហោះហើរមកកាន់ក្រុងសៀមរាប នាពាក់កណ្តាលខែធ្នូខាងមុខនេះ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុនទេសចរណ៍ World Express &Tours លោកហូ វណ្ឌី បានមានប្រសាសន៍ឲ្យដឹង នាល្ងាចថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា ក្រុមហ៊ុនអាកាសចរណ៍នេះ បានដាក់សំណើរទៅកាន់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរួចហើយ ពីការភ្ជាប់ជើងហោះហើរនាពេលខាងមុខនេះ ខណៈបច្ចុ ប្ប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍៍ចំនួន៥ទៀត បានកំណត់ពេលវេលា និងខ្លះទៀតត្រៀម​ហោះហើរមកកម្ពុជារួចហើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ក្រុមហ៊ុនឬការីទេសចរណ៍នានាបានជូនដំណឹងពីការបើកចំហ ប្រទេសរបស់ប្រមុខរដ្ឋាភិបាលទៅកាន់អឺរ៉ុប និងបណ្តាប្រទេសដទៃទៀតរួចហើយ ប៉ុន្តែការកក់ជើងហោះហើរ ឬការត្រៀមមកទស្សនាកម្ពុជាមិនទាន់មានច្រើននៅឡើយទេ ព្រោះវាត្រូវការពេលវេលាខ្លះ”។ លោកបន្តថា “ភ្ញៀវមកពីបណ្តាអឺរ៉ុបមិនទាន់មានច្រើនទេ តែមកពីប្រទេសជិតខាងដូចជាថៃ និងប្រទេសមួយចំនួនទៀតបានចាប់ផ្តើមត្រៀមធ្វើដំណើរមកកាន់កម្ពុជាហើយ”។

លោកហូ វណ្ឌីបានបន្តថា ប្រសិនជារដ្ឋាភិបាលវៀតណាម បានភ្ជាប់ជើងហោះហើរមកកម្ពុជាតាមការស្នើសុំរបស់សម្តេចតេជោ ក្នុងឱកាសជួបឯកអគ្គរដ្ឋទូតវៀតណាមថ្មីក្នុង​សប្តាហ៍នេះ យើងរំពឹងទទួលបានភ្ញៀវទេសចរណ៍មកពីប្រទេសវៀតណាម ព្រោះប្រទេ​សនេះ មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ ពិសេសការចាប់ផ្តើមហោះហើរឡើងវិញ របស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Airline៕

លោកស្រីឆាយ ស៊ីវលីនបានជាប់ជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាសំរាប់អាណត្តិទី៩

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកស្រីឆាយ ស៊ីវលីនអាណត្តិទី៨ ត្រូវបានសម្រេចតែងតាំងជាប្រធានសមាគមនេះ សម្រាប់អាណត្តិទី៩ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ខាងមុខ។

លោកហូ វណ្ឌីប្រធានគណកម្មការរៀបចំ ការបោះឆ្នោតរបស់សមាគម CATA បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីរាត្រីថ្ងៃទី២៥ វិច្ឆិកាកន្លងមកថា គណកម្មការរៀបចំការបោះឆ្នោតសមាគម បានសម្រេចជាឯកច្ឆ័នតែងតាំងលោកស្រីឆាយ ស៊ីវលីនជាប្រធានសមាគមនេះសម្រាប់អាណត្តិថ្មីខាងមុខនេះ។

លោកបន្តថា “ការសម្រេចជាឯកច្ឆ័ននេះ ដោយសារអ្នកឈរឈ្មោះបោះឆ្នោតម្នាក់ទៀតបានសម្រេចបោះបង់ការឈរឈ្មោះ ហេតុនេះដំណែងប្រធានជាស្វ័យប្រវត្តិបានទៅលើលោកស្រីឆាយ ស៊ីវលីន”។

លោកហូ វណ្ឌីបានបន្តថា នៅថ្ងៃទី២៦ វិច្ឆិកានេះ នឹងមានការប្រកាសពីសមាសភាព និងប្រធានសមាគមថ្មី និងពិធីសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំដែលធ្វើឡើងដោយលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅសណ្ឋាគារម៉ារីយ៉ុត (លើផ្លូវត្រសក់ផ្អែម កែវផ្លូវសម្តេចប៉ាន)ដែលមានទីតាំងនៅសង្កាត់បឹងរាំង ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ក្រុមហ៊ុនប៉េង ហួតគ្រុប ទទួលបណ្ណសរសើរមេត្រីភាពបរិស្ថានលើកទី២ ពីក្រសួងបរិស្ថាន

ដោយៈសហការី

ភ្នំពេញៈ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទទួល “បណ្ណសរសើរមេត្រីភាពបរិស្ថាន” ពីក្រសួងបរិស្ថាន លើភាពឈានមុខគេក្នុងការអភិវឌ្ឍគម្រោងលំនៅឋានប្រណីត ជាមួយហេដ្ឋារចនាសម្ព័ន្ធ បៃតងលេចធ្លោជាងគេក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថានលើកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។ នេះជាលើកទី២ហើយដែលក្រុមហ៊ុន ប៉េង ហួត គ្រុប បានទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន និងការទទួលស្គាល់លើកិច្ចខិតខំប្រឹងប្រែង ចំពោះការចូលរួមរបស់ក្រុមហ៊ុនក្នុងការងារបរិស្ថាន។

ថ្លែងក្នុងកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថាន ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិករគំរូសម្រាប់ឆ្នាំ២០២១ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍លើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។

លោកបន្តថា “ការងារនេះ អាចសម្រេចបាន ដ៏រាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប”។លោកបន្តថា “ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេស​ចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតនូវមនសិការស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឲ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ទទួលបានជោគជ័យ”។

ជាមួយគ្នានេះលោកចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈជាន់ខ្ពស់ នៃក្រុមហ៊ុន ប៉េង ហួត គ្រុប បានលើកឡើងថា ក្រុមហ៊ុនមានកិត្តិយស និងសេចក្តីសោមនស្សយ៉ាងក្រៃលែងដែលទទួលបាននូវបណ្ណសរសើរមេត្រីភាពបរិស្ថាននេះជាលើទី២។ បរិស្ថានបៃតង និងការអភិវឌ្ឍរបស់ក្រុមហ៊ុន ត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ តាមចក្ខុវិស័យរបស់ស្ថាបនិក និងទិសដៅរបស់ក្រុមហ៊ុន។

សូមថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានរៀបចំឲ្យមានកម្មវិធីនេះលើក ព្រមទាំងជំរុញ ឲ្យមានការចូលរួមកាន់តែច្រើនពីប្រតិបត្តិករនានា និងបងប្អូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះក៏សូមថ្លែងអំណរគុណផងដែរ ដល់ថ្នាក់ដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោង និងអតិថិជនរបស់បុរីប៉េងហួតដែលបានចូលរួមដោយផ្ទាល់ និងដោយប្រយោល ជាមួយការគំាទ្រលើសកម្មភាព និងការងារបរិស្ថានរបស់ក្រុមហ៊ុនកន្លងមក។

ដើម្បីជំរុញការចូលរួមពីប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គល មកពីគ្រប់វិស័យ មិនថាវិស័យសាធារណៈ វិស័យឯកជន ឬគ្រឹះស្ថាននានា ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព ក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានរង្វាន់ និងលើកទឹកចិត្ត នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានជាសេនាធិការ បានរៀបចំកម្មវិធីលើកទឹកចិត្តមេត្រីភាពបរិស្ថានប្រចាំឆ្នាំ ដើម្បីផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់ប្រតិបត្តិករដែលបានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានបានល្អប្រសើរ។

នៅឆ្នាំ២០២១នេះ ប្រតិបត្តិករមេត្រីភាពបរិស្ថានឆ្នើមសរុបចំនួន២៣០ ដែលទទួ​លបានបណ្ណសរសើរមេត្រីភាពបរិស្ថាន មកពីចម្រុះវិស័យ រួមមានជាអាទិ៍៖ (ទី១)នីតិបុគ្គល ដូចជា ក្រុមហ៊ុនផលិតភេសជ្ជៈ ក្រុមហ៊ុនទូរស័ព្ទចល័ត ក្រុមហ៊ុនអចលនទ្រព្យ ធនាគារ ផលិតកម្ម រម្មណីយដ្ឋាន ភោជនីដ្ឋាន ឬគ្រឹះស្ថានសាធារណៈផ្សេងៗជាដើម និង(ទី២)រូបវន្តបុគ្គល៖ ដូចជា អ្នកថតរូប សិល្បៈករ តន្រ្តីករ ផលិតករ ឬបុគ្គលសាធារណៈផ្សេងៗទៀត។

កន្លងមកក្រុមហ៊ុនបានចូលរួមក្នុងសកម្មភាពជាច្រើនដូចជា ទិវាសម្អាតពិភពលោកនៅកម្ពុជា ទិវាបរិស្ថានជាតិ និងទិវាបរិស្ថានពិភពលោក សហការជាមួយក្រសួងបរិស្ថានចុះផ្សព្វផ្សាយអំពីការបែងចែក និងរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ឧបត្ថម្ភរថយន្តបោសសំរាម ដល់អាជ្ញាធរមូលដ្ឋានក្នុងការសម្អាតទីក្រុងភ្នំពេញ ចូលរួមកម្មវិធីប្រមូ​លសំណល់ប្លាស្ទិក នៅតាមបឹងទន្លេសាបនារដូវទឹកសម្រក ក៏ដូចជាបានចូលរួមរៀបចំកម្មវិធីដាំដើមឈើ។ល។៕

រដ្ឋសភាជាតិសម្រេចអនុម័តឱ្យរាជរដ្ឋាភិបាលចំណាយថវិកា៨៥០០លានដុល្លារសម្រាប់ឆ្នាំ២០២២

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ គម្រោងចំណាយប្រាក់ចំនួន៨,៥ពាន់លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវរដ្ឋសភាជាតិយល់ព្រមនិងសម្រេចអនុម័តជាឯកច្ឆន្ទរួចហើយ ។ នេះបើតាមលទ្ធភាពកិច្ចប្រជុំរបស់រដ្ឋសភានៅថ្ងៃទី២៥ វិច្ឆិកា២០២១នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាឱ្យដឹងថា អង្គរដ្ឋសភាចំនួន៩៩រូប នៅក្នុងសម័យប្រជុំពេញដឹក នាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា យល់ឃើញថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់ គ្រងឆ្នាំ២០២២របស់រាជរដ្ឋាភិបាល ក្នុងគម្រោងចំណាយដែលមានការកើនឡើង៨,៤ ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១នេះ គឺមានលក្ខណៈសមស្រប ទៅនឹងបរិការណ៍នាពេ​លបច្ចុប្បន្ន ដែលកម្ពុជាកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផង និងធ្វើការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ទៅលើគ្រប់វិស័យ នៃជំងឺរាតត្បាតសកលនេះផង។

ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ត្រូវបានរាជរដ្ឋាភិបាលស្នើក្នុងគម្រោងចំណាយចំនួន៣៤,៧ទ្រីលានរៀល ដែលត្រូវជា២៧,៩៥ភាគរយ នៃផលិតផលក្នុងស្រុកសរុប ដោយកើនឡើង៨,៤ភាគរយ បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ ជាមួយគ្នានេះរដ្ឋាភិបាលក៏បានកំណត់ទំហំ នៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត១.៦០០ លានSDR ឬត្រូវជាប្រមាណជា២.២០០ លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់លើការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើង វិញពីផលប៉ះពាល់នៃជំងឺកូវីដ១៩។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន ប្រសាសន៍ថា ថវិកាជាតិឆ្នាំ២០២២ ត្រូវបានរៀបចំ និងវិភាជសម្រាប់ការអនុវត្តន៍សកម្មភាពជាអាទិភាពដូចជា ការទប់ទល់នឹងការរាតត្បាត និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចឱ្យស្ទុះងើបឡើងវិញ ផ្តល់លទ្ធភាពឱ្យប្រជាជនទទួលបានប្រាក់ ចំណូលខ្ពស់ឡើងវិញនិងជំរុញ បង្កើនចំណូលថវិកាជាតិ ការបន្តអភិវឌ្ឍន៍ធន ធានមនុស្ស ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការបន្តអភិវឌ្ឍន៍និងបង្កើនតម្លៃ បន្ថែមនៃវិស័យកសិកម្ម។

ការកសាងប្រព័ន្ធគាំពារសង្គមរឹង មាំនិងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពនិងមានភាពឆ្លើយតបខ្ពស់ជាដើម។ ជាមួយគ្នានេះ ក៏ដើម្បីបន្តធានាបាននូវការបើកផ្តល់បៀវត្សរ៍ បស់មន្ត្រីរាជការឱ្យទាន់ពេលវេលា គឺ២ដងក្នុង១ខែ ដោយមិនមានការកាត់ប្រាក់បៀវត្សរបស់មន្ត្រីរាជការគ្រប់ប្រភេទ ខណៈកម្រិតប្រាក់បៀវត្សអប្បបរមាឆ្នាំ ២០២២សម្រាប់មន្ត្រីរាជការស៊ីវិល ត្រូវបានរក្សាជាង ១,១៧ម៉ឺនរៀល បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យ រក្សាស្មើនឹងប្រមាណ១លាន២៧ម៉ឺនរៀល និងបៀវត្សនគរបាលរក្សាទាបបំផុតចាប់ពី ១លាន១២ម៉ឺនរៀលឡើងទៅ៕

អាជ្ញាធរកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធំ៣ ដើម្បីលេចមុខមាត់នៅតំបន់ប្រាសាទសំបូរព្រៃគុកលើការអភិរក្សនិងអភិវឌ្ឍន៍

ដោយៈសុធារី

កំពង់ធំៈ អាជ្ញាធរជាតិសំបូរព្រៃគុក បាននិងកំពុងសាងសង់សមិទ្ធផលសំខាន់ៗនៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីបម្រើដល់ការអភិរក្ស និងការអភិវឌ្ឍ ក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធ ក្នុងបរិវេណអាជ្ញាធរជាតិព្រៃគុក អគារសិក្សានិងសមិទ្ធផលគាំទ្រមួយចំនួន ក្នុងសាកលវិទ្យាល័យតេជោសែនកំពង់ធំ និងផ្លូវវាងតំបន់ប្រាសាទសំបូរព្រៃគុក។

អាជ្ញាធរជាតិសំបូរព្រៃគុកបានឱ្យដឹងថា ហេដ្ឋារចនាសម្ពន្ធក្នុងបរិវេណអាជ្ញាធរជាតិសំបូរព្រៃគុក គឺមានការសាងសង់អគារស្នាក់ការ១ខ្នង របងព័ទ្ធជុំវិញ ដែលលាតសន្ធឹងលើផ្ទៃដីសរុប៥ហិកតា។ គម្រោងនេះ ត្រូវបានអនុវត្តការសាងសង់ដោយក្រុមហ៊ុន លី ឈួង សំណង់ អាហរ័ណនីហរ័ណ។

ចំណែកនៅអគារសាកលវិទ្យាល័យតេជោសែនកំពង់ធំ គឺមានការសាងសង់អគារ២ខ្នង កម្ពស់៣ជាន់ គឺអគារ A និងអគារ C មានរបងព័ទ្ធជុំវិញ មានស្រះទឹក អន្តេវាសិក   ដ្ឋាន (ទីសំណាក់របស់សិស្សា) និងហេដ្ឋារចនាសម្ពន្ធផ្សេងទៀត។ សំណង់ទាំងអស់នេះលាតសន្ធឹងលើផ្ទៃដីសរុប២០ហិកតា ដោយវគ្គទី១ អនុវត្តគម្រោងរយៈពេល២ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២២។ គម្រោងនេះក៏ត្រូវបានអនុវត្តការដោយក្រុមហ៊ុន លី ឈួង សំណង់ អាហរ័ណនីហរ័ណដែរ។

ដោយឡែក សម្រាប់ការសាងសង់ផ្លូវ វាងប្រាសាទសំបូរព្រៃគុកវិញ គឺមានប្រវែងសរុប ១៣.៤៩គីឡូម៉ែត្រ ទទឹង១១ម៉ែត ក្នុងនោះត្រូវចាក់កៅស៊ូប្រភេទ AC ចំនួន៩ម៉ែត្រ កម្រាស់៩ហ៊ុន ហើយមានស្ពាន លូ ដែលបានកំណត់រួចមកហើយ។

ការសាងសង់ផ្លូវវាងនេះ គឺចាប់ផ្ដើមចេញពីភូមិចំណារ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក មកដល់ភូមិត្រពាំងជ្រូកឃុំសំបូរ ស្រុកប្រាសាទសំបូរ ដើម្បីវាងតំបន់ប្រាសាទសំបូរព្រៃគុក កុំឱ្យរថយន្តធំៗដឹកទំនិញចេញចូលនៅក្នុងតំបន់ប្រាសាទ។ គម្រោងសាងសង់នេះ គឺអនុវត្តដោយអាជ្ញាធរជាតិសំបូរព្រៃគុក។ អាជ្ញាធរជាតិសំបូរព្រៃគុកបានបន្តថា គម្រោងសាងសង់ទាំង៣ខាងលើនេះ គឺប្រើប្រាស់ថវិកានៅថ្នាក់ក្រោមជាតិ។

ខណៈដែលក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនោះ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានចុះពិនិត្យវាយតម្លៃលើការសាងសង់ទាំង៣ទីតាំងសំខាន់ៗខាងលើនេះ។ ក្នុងការចុះត្រួតពិនិត្យនោះ លោកស្រីរដ្ឋមន្ត្រីបានដាស់តឿនឱ្យក្រុមការងារនៃអាជ្ញាធរជាតិសំបូរព្រៃគុក និងក្រុមហ៊ុនសាងសង់ត្រូវប្រកាន់ខ្ជាប់នូវគុណភាព ដោយអនុលោមរូបភាពទៅតាមកិច្ចសន្យា ដែលបានព្រមព្រៀងគ្នារួចហើយ។

លោកជំទាវភឿង សកុណា បានជំរុញឲ្យក្រុមការងារ ត្រូវឧស្សាហ៍ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដើម្បីរកឲ្យឃើញនូវគុណភាព សំដៅឱ្យការប្រើប្រាស់បានយូរអង្វែង និងសម្រាប់ក្មេងជំនាន់ក្រោយបានឃើញទាំងសំណង់អគារ ហេដ្ឋារចនាសម្ពន្ធ និងផ្លូវជាដើម៕